វិធី ៤ប្រការដ៏មានអានុភាព ក្នុងការផ្លាស់ប្តូរទម្លាប់មិនល្អ

 


តើអារម្មណ៍ណាមួយដែលរុញមនុស្សឱ្យដើរចេញពីទីតាំងរស់នៅដោយធុញទ្រាន់​ និងគ្មានប្រសិទ្ធភាព?

គ្មាននរណាម្នាក់ ដែលយល់ច្រើនជាងខ្ញុំអំពីការលំបាកនៃការផ្លាស់ប្តូរទម្លាប់ចាស់មិនល្អ ចេញពីក្នុងខ្លួនទេ។ ប៉ុន្តែ ទម្លាប់ចាប់ផ្តើមផ្លាស់ប្តូរ នៅពេលយើងចាប់ផ្តើមផ្លាស់ប្តូររបៀបគិតរបស់យើង។

ភាគច្រើន យើងកម្រនឹងឆ្លងកាត់ការផ្លាស់ប្តូរ បែបស្ទើរស្លាប់ស្ទើររស់ណាស់។ ជាទូទៅ យើងច្រើនឆ្លងកាត់ការផ្លាស់ប្តូរដោយសន្សឹមៗ ដោយពេលខ្លះ យើងមិនដឹងខ្លួនផង។ យើងបានរុញខ្លួនឯងទៅលើគន្លងផ្លូវត្រឹមត្រូវ ដោយបង្កើតទម្លាប់ល្អៗមួយ ឬពីរសម្រាប់ជីវិតប្រចាំថ្ងៃ។

ប៉ុន្តែ អ្វីទៅដែលពិតជាធ្វើឱ្យយើងផ្លាស់ប្តូរ និងមានចំណាប់អារម្មណ៍លើការផ្លាស់ប្តូរ? តើអ្វីទៅដែលធ្វើឱ្យយើងដឹងទម្លាប់អាក្រក់ និងធ្វើសកម្មភាពផ្លាស់ប្តូរវាចេញ?

· ស្អប់ខ្ពើមនឹងខ្លួនឯង

· ធ្វើការសម្រេចចិត្តមួយ នៅពេលខ្នងយើងទៅដល់ជញ្ជាំង

· ក្តីប្រាថ្នា ដែលមិនអាចពន្លត់បាន

· ការតាំងចិត្តធ្វើឱ្យទាល់តែបាន។

អារម្មណ៍គឺជាថាមពលដ៍ខ្លាំងអស្ចារ្យនៅក្នុ្ងងខ្លួនយើង។ ស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ មនុស្សអាចធ្វើរឿងបែបវីរភាពខ្ពស់ ឬបែបព្រៃផ្សៃខ្លាំង។ បើយើងក្រលេកទៅមើលប្រវត្តិសាស្រ្ត សង្គមស៊ីវិល័យកកើតឡើងចេញពីការចាត់ចែងថាមពលនៃអារម្មណ៍មនុស្ស ក្នុងភាពឈ្លាសវៃ និងត្រឹមត្រូវ។ អារម្មណ៍ប្រៀបដូចជាសាំង ផ្តល់ថាមពល រីឯចិត្តប្រៀបដូចជាអ្នកបើកបរកាច់ចង្កូច ដែលធ្វើការរួមគ្នា រុញឱ្យនាវានៃសង្គមស៊ីវិល័យ ធ្វើដំណើរទៅមុខបាន។

នៅក្នុងអត្ថបទ “យុទ្ធសាស្រ្ត៧ប្រការសម្រាប់កសាងភាពមានបាន​ និងរីករាយ” លោក Jim Rohn បានពន្យល់អារម្មណ៍៤ប្រភេទ ដែលអាចរុញបង្កើតសកម្មភាពមិនគួរឱ្យជឿ។ នៅថ្ងៃដែលអ្នកចាត់ចែងអារម្មណ៍របស់អ្នក បង្កើតថាមពលឈានទៅសម្រេចក្តីប្រាថ្នារបស់អ្នក គឺជាថ្ងៃដែលអ្នកផ្លាស់ប្តូរជីវិតរបស់អ្នកហើយ។

១. សេចក្តីស្អប់ខ្ពើម

ជាទូទៅ យើងមិនចូលចិត្តប្រើពាក្យ​ ”ស្អប់ខ្ពើម” ដោយភ្ជាប់ជាមួយសកម្មភាពវិជ្ជមានទេ។ ក៏ប៉ុន្តែ បើយើងចេះចាត់ចែងតម្រង់ទិសបានល្អ សេចក្តីស្អប់ខ្ពើមអាចបង្កឱ្យមានការផ្លាស់ប្តូរជីវិតមនុស្សបាន។ បុគ្គល ដែលមានអាម្មណ៍ថា ត្រូវបានគេស្អប់ខ្ពើម អាចឈានដល់ចំណុច ដែលមិនអាចបកក្រោយដូចដើមវិញបាន។ គាត់អាចទៅដល់ចំណុចមួយនៃជីវិត ហើយនិយាយថា វាដូចជាគ្រប់គ្រាន់ឆ្អែតឆ្អន់ហើយ ចំពោះការប្រមាថមើលងាយទាំងឡាយ។ នៅអាយុ២៥ឆ្នាំ ខ្ញុំធ្លាប់និយាយប្រាប់ខ្លួនឯងថា “ខ្ញុំលែងចង់រស់នៅបែបនេះទៀតហើយ”។ ខ្ញុំធ្លាប់ធ្លាក់ខ្លួនដុនដាប។ ខ្ញុំធ្លាប់ត្រូវគេប្រមាថមើលងាយ​ ហើយខ្ញុំធ្លាប់រស់នៅដោយកុហកខ្លួនឯង។

ពិតប្រាកដហើយ អារម្មណ៍ដែលមានប្រយោជន៍ចេញពីភាពស្អប់ខ្ពើម​ កើតមានឡើង នៅពេលដែលបុគ្គលម្នាក់ ចាប់ផ្តើមនិយាយថា “វាល្មមគ្រប់គ្រាន់ហើយ រហូតមកដល់ពេលនេះ”។

អ្នកស្ថិតក្នុងស្ថានការណ៍មិនបង្កើតលទ្ធផលជាដុំកំភួនជាយូរមកហើយ។ អ្នកបន្តមានអារម្មណ៍ធុញថប់ ភ័យខ្លាច ឈឺចាប់ និងត្រូវគេមើលងាយ។ អ្នកក៏សម្រេចចិត្តលែងចង់ស្ថិតនៅក្នុងស្ថានភាពបែបនេះតទៅទៀត។ អ្នកអាចហៅថ្ងៃសម្រេចចិត្តនោះថាជា​ “ថ្ងៃល្មមគ្រប់គ្រាន់” ឬ “ថ្ងៃត្រូវផ្លាស់ប្តូរ” ឬ “ថ្ងៃលែងត្រលប់ក្រោយ” តាមចិត្តអ្នកចង់។ អ្នកអាចហៅថ្ងៃអ្វីក៏ដោយ ប៉ុន្តែ វាជាថ្ងៃដែលមានឥទ្ធិពលខ្លាំងលើជីវិតអ្នក។ វាមិនមានអ្វីខ្លាំងខ្លា ដែលរុញអ្នកឱ្យផ្លាស់ប្តូរជីវិតដូចសេចក្តីស្អប់ខ្ពើមទេ។

២. ការសម្រេចចិត្ត

មនុស្សភាគច្រើនហ៊ានធ្វើសេចក្តីសម្រេចចិត្តធំៗក្នុងជីវិត ទាល់តែត្រូវបានគេរុញខ្នងឱ្យទល់នឹងជញ្ជាំង។ ហើយនៅពេលដែលយើងឈានដល់ចំណុចនេះ យើងត្រូវដោះស្រាយជាមួយអារម្មណ៍ច្របូកច្របល់មានទំនាស់គ្នាមួយចំនួន ដែលកើតឡើងជាមួយការធ្វើសេចក្តីសម្រេចចិត្តនេះ។ យើងបានដើរដល់ផ្លូវបំបែកមួយ ដែលត្រូវសម្រេចរើសយកទិសដៅច្បាស់លាស់មួយ។​ ហើយផ្លូវបំបែកនោះ អាចមានផ្លូវ ២ ឬ ៣ ឬ ៤ទិស ដែលយើងត្រូវរើសផ្លូវមួយច្បាស់លាស់។ សូមកុំភ្ញាក់ផ្អើលអី ដែលការសម្រេចចិត្តនោះអាចធ្វើឱ្យក្រពះអ្នកដើរមិនសូវស្រួល ធ្វើឱ្យអ្នកភ្ញាក់ឡើងនៅកណ្តាលអាធ្រាត ឬក៏ធ្វើឱ្យអ្នកបើកញើស ពេលអាកាសធាតុត្រជាក់។

ការធ្វើសេចក្តីសម្រេចចិត្ត ដែលផ្លាស់ប្តូរជីវិត ប្រៀបដូចជាសង្រ្គាមស៊ីវិលមួយ​ ដែលកំពុងកើតឡើងក្នុងខ្លួនអីចឹង។​ កងទាហាននៃអារម្មណ៍ទាំងឡាយ ដែលកំពុងប្រទាញប្រទង់គ្នា ដោយមានហេតុផលរៀងៗខ្លួន កំពុងប្រយុទ្ធគ្នាយកឈ្នះចាញ់ នៅក្នុងចិត្តរបស់យើង។ ហើយការសម្រេចចិត្តដែលកើតឡើង អាចច្បាស់លាស់ ឬនៅស្រពិចស្រពិល អាចគិតវែងឆ្ងាយ ឬដោយគិតខ្លី វានឹងកំណត់ទិសដៅនៃសកម្មភាពរបស់យើង។ ខ្ញុំមិនមានអ្វីផ្សេងសម្រាប់ការចែករំលែកអំពីការធ្វើសេចក្តីសម្រេចចិត្តក្រៅពីរឿងនេះទេ។

បើទោះបីជាអ្នកធ្វើយ៉ាងណាក៏ដោយ ចូរកុំស្ថិតនៅត្រង់ចំណុចនៃផ្លូវបំបែក។ ចូរធ្វើការសម្រេចចិត្តឱ្យច្បាស់លាស់។ វាជាការប្រសើរជាង ក្នុងការធ្វើសេចក្តីសម្រេចចិត្តខុសមួយ ជាជាងការមិនហ៊ានធ្វើសេចក្តីចិត្តទាល់តែសោះ។ យើងគ្រប់គ្នាត្រូវតែប្រឈមនឹងអារម្មណ៍ច្របូកច្របល់ ហើយត្រូវជ្រើសយកអារម្មណ៍មួយ ឈានទៅធ្វើការសម្រេចចិត្ត។

៣. ក្តីប្រាថ្នា

តើគេអាចបង្កើតក្តីប្រាថ្នាយ៉ាងម៉េចទៅ? ខ្ញុំគិតថា ខ្ញុំមិនអាចឆ្លើយសំណួរនេះត្រង់ផ្ទាល់បានទេ​ ពីព្រោះវាមានផ្លូវជាច្រើន។ ប៉ុន្តែ​ ខ្ញុំដឹងរឿង២ចម្បងទាក់ទងនឹងក្តីប្រាថ្នា៖

១. វាកើតចេញពីខាងក្នុង មិនមែនមកពីខាងក្រៅទេ
២. វាអាចជំរុញពីកម្លាំងខាងក្រៅ។

មានរឿងជាច្រើន ដែលអាចជំរុញឱ្យបង្កើតសេចក្តីប្រាថ្នា។ វាជារឿងពេលវេលា​ ក៏ដូចជាការត្រៀមរៀបចំ។ វាអាចជាបទចម្រៀងមួយ ដែលមកអង្រួនបេះដូងយើង។ វាអាចជាការដាស់តឿន ក្នុងធម៌ទេសនាណាមួយ។ វាក៏អាចជារឿងកុនមួយ ដែលយើងទស្សនា ហើយជំរុញចិត្តយើង ឬក៏អាចជាការជជែកពិភាក្សាជាមួយមិត្តភក្តិ ឬការជជែកវែកញែកជាមួយសត្រូវ ឬការប៉ះនឹងបទពិសោធន៍ឈឺចាប់ណាមួយ។ វាក៏អាចជាអានសៀវភៅ ឬការអានអត្ថបទមួយ ដែលជំរុញយន្តការខាងក្នុងខ្លួនយើង ឱ្យយើងសម្រេចថា “ខ្ញុំចង់ធ្វើវាចាប់ពីឥឡូវនេះទៅ”។

ហេតុនេះហើយ ចូរស្វែងរកកន្លែងចុចបើក ដើម្បីបង្កើតក្តីប្រាថ្នាឡើង ហើយស្វាគមន៍វាមកក្នុងជីវិតរបស់អ្នក។ ចូរកុំបំផ្លាញឱកាសរបស់អ្នកក្នុងការចាប់យកបទពិសោធន៍ថ្មីៗនៅក្នុងជីវិត។ ទុកឱ្យរឿងថ្មី បទពិសោធន៍ថ្មី មកប៉ះនឹងជីវិតអ្នក។ បទពិសោធន៍មួយចំនួនអាចរុញឱ្យជីវិតអ្នកមានការផ្លាស់ប្តូរជារៀងរហូត។

៤. ការតាំងចិត្ត

ការតាំងចិត្តនិយាយថា “ខ្ញុំនឹងធ្វើ” ហើយពាក្យ២ម៉ាត់នេះមានឥទ្ធិពលខ្លាំងណាស់សម្រាប់យើងបំពេញការងារ។ លោក​ Benjamin Disraeli រដ្ឋបុរសអង់គ្លេសដ៏ខ្លាំងពូកែ ធ្លាប់មានប្រសាសន៍ថា​ “គ្មាននរណាម្នាក់អាចឃាត់ខាំងការតាំងចិត្តរបស់មនុស្សម្នាក់ ដែលហ៊ានដាក់ជីវិតរបស់ខ្លួន សម្រាប់គោលបំណងណាមួយនោះទេ”។ បើនិយាយក្នុងន័យម្យ៉ាងទៀត ប្រសិនបើនរណាម្នាក់តាំងចិត្តថា ត្រូវធ្វើឱ្យបាន ឬសុខចិត្តស្លាប់ នោះគ្មានអ្វីមករារាំងគេបានទេ។ អ្នកឡើងភ្នំដ៏ពូកែម្នាក់បាននិយាយថា “ខ្ញុំនឹងឡើងភ្នំដ៏ខ្ពស់នោះឱ្យដល់កំពូល។ មានគេប្រាប់ខ្ញុំថា ភ្នំនោះខ្ពស់ណាស់ វាចោទខ្លាំង វាមានថ្មស្រួចៗជាច្រើន វាលំបាកឡើងណាស់។ ក៏ប៉ុន្តែ វាជាភ្នំដែលខ្ញុំចង់ឡើង។ ខ្ញុំនឹងឡើងវាឱ្យបាន។ អ្នកនឹងឃើញខ្ញុំគ្រវីដៃពីលើកំពូលភ្នំមក ឬមួយអ្នកលែងឃើញខ្ញុំជារៀងរហូត ពីព្រោះបើខ្ញុំមិនទៅដល់កំពូលភ្នំទេ ខ្ញុំមិនត្រលប់ក្រោយឡើយ។” តើនរណាទៅអាចជំទាស់នឹងការសម្រេចចិត្តបែបនេះ?

នៅពេលជួបប្រទះនឹងការសម្រេចចិត្តដាច់ណាត់បែបនេះ​ ខ្ញុំអាចសម្លឹងឃើញថា ពេលវេលា ជោគវាសនា និងស្ថានការណ៍នឹងដង្ហោយហៅរកគ្នា ហើយសម្រេចថា យើងគួរអនុញ្ញាតឱ្យគេសម្រេចក្តីប្រាថ្នារបស់គេទៅ​ ពីព្រោះគេបានតាំងចិត្តថា “គេត្រូវទៅឱ្យដល់ ឬត្រូវស្លាប់តាមផ្លូវ”។

និយមន័យដ៏ត្រឹមត្រូវនៃពាក្យ “តាំងចិត្ត” ដែលខ្ញុំបានស្តាប់ គឺចេញពីក្មេងស្រីម្នាក់រៀននៅទីក្រុង​ Foster រដ្ឋកាលីហ្វ័រនីញ៉ា។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានបង្រៀនអំពីជោគជ័យវិទ្យា ទៅដល់ក្រុមសិស្សឆ្លាតពូកែមួយក្រុម នៅវិទ្យាល័យមួយ។ ខ្ញុំបានសួរថា “នរណាអាចប្រាប់ខ្ញុំបានថា តើការតាំងចិត្តមានន័យយ៉ាងម៉េច?” ដៃជាច្រើនបានលើកឡើង ហើយខ្ញុំទទួលបានចម្លើយល្អសមរម្យមួយចំនួន។ ប៉ុន្តែ ចម្លើយចុងក្រោយ គឺជាចម្លើយដែលខ្ញុំពេញចិត្តបំផុត។ ក្មេងស្រីដ៏ស្រគត់ស្រគំម្នាក់ អង្គុយនៅជួរខាងក្រោយនៃបន្ទប់ បានក្រោកឈរឡើង ជាមួយសំឡេងមួយៗ​ និងច្បាស់ៗ បន្លឺឡើងថា “ខ្ញុំគិតថា ការតាំងចិត្ត មានន័យថា យើងសន្យានឹងខ្លួនឯងថា​ យើងមិនបោះបង់សោះឡើយ។” នោះហើយជាចម្លើយ!​ ជាចម្លើយដែលខ្ញុំពេញចិត្តបំផុត គឺការសន្យានឹងខ្លួនឯងថា​ មិនបោះបង់ដាច់ខាត។

សូមពិចារណាបន្តិចមើល! តើកុមារតូចម្នាក់ត្រូវការពេលប៉ុន្មានទៅ ដើម្បីរៀនដើរបាន? តើអ្នកនឹងផ្តល់ពេលដល់កុមារតូចប៉ុន្មាន​ មុននឹងអ្នកនិយាយថា វាគ្រប់គ្រាន់ហើយ អ្នកមានឱកាសច្រើនដងហើយ។ អ្នកមិនអាចនិយាយបែបនេះបានទេ។ មែនទេ? ម្តាយគ្រប់រូបនឹងនិយាយថា “កូនរបស់ខ្ញុំនឹងបន្តសាកល្បងរហូតទាល់តែគេចេះដើរបានដោយខ្លួនឯង”។ យើងគ្រប់គ្នាសុទ្ធតែឆ្លងកាត់ដំណាក់កាលនេះ។

នេះជាមេរៀនដ៏សំខាន់មួយ សម្រាប់ជីវិតយើង។ ចូរសួរខ្លួនឯងថា “តើខ្ញុំត្រូវចំណាយពេលប៉ុន្មាន ដើម្បីឱ្យក្តីស្រមៃរបស់ខ្ញុំក្លាយជាការពិតបាន? ខ្ញុំសន្និដ្ឋានថា អ្នកនឹងឆ្លើយថា “វាត្រូវការពេលរហូតដល់សម្រេចវាបាន។”

=== ^^^ ===

> ប្រែសម្រួលដោយ សាម អ៊ីន​ -- តុលា ២០២៣

> ដកស្រង់ពីអត្ថបទ Jim Rohn (April 2019):The 4 powerful ways to change a bad habit.

>> អត្ថបទទាក់ទង ៖

១. ច្បាប់នៃភាពជាអ្នកដឹកនាំ​ ២១ប្រការ
២. ច្បាប់មាសនៃភាពជាអ្នកដឹកនាំ
៣. ភាពជាអ្នកដឹកនាំ​ ៥កម្រិត

Comments