ភាពជាអ្នកដឹកនាំ ៥កម្រិត


“ជំហានប្រកបដោយភាពជឿជាក់ដើម្បីទៅដល់សក្ដានុពលរបស់អ្នក”

ភាពជាអ្នកដឹកនាំពិតប្រាកដមិនមែនជារឿងទទួលបានឋាន:តួនាទីទេ។ ដោយការពិត នៅពេលគេប្រគល់​​តួនាទីមួយ​ដល់អ្នក វាគ្រាន់តែជាជំហានដំបូងនៃកម្រិតទាំង៥លំដាប់ដែលអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពទទួលបាន។ ដើម្បីក្លាយជាអ្នកដឹកនាំដែលនៅហួសពីពាក្យ “មេ” ដែលបុគ្គលដើរតាម ដោយសារគាត់មានឋាន:ខ្ពស់ជាង អ្នកត្រូវមានជំនាញនិងសមត្ថភាព ក្នុងការជំរុញទឹកចិត្តមនុស្ស។ ដើម្បីលូតលាស់ឱ្យបានលើស​ ពីតួនាទីរបស់អ្នក អ្នកត្រូវបង្កើតសមិទ្ធផល និងកសាងក្រុមការងារដើម្បីសម្រេចគោលដៅ។ អ្នកចាំបាច់ត្រូវជួយអ្នកដទៃក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេដើម្បីក្លាយជាអ្នកដឹកនាំក្នុងផ្លូវជីវិតរបស់គេ។ ហើយប្រសិនបើអ្នក មានជំនាញនិងការប្ដេជ្ញាចិត្ត អ្នកអាចបានទៅដល់ទីខ្ពស់ ទីដ៏ឧត្តុង្គឧត្តមនៃភាពជាអ្នកដឹកនាំ។ 

ភាពជាអ្នកដឹកនាំអាចកើតមានឡើងក្នុង៥កម្រិតគឺ ៖

១. ឋាន:តួនាទី

មនុស្សទាំងឡាយដើរតាមអ្នកដោយសារអ្នកមានឋាន: និងសិទ្ធិគ្រប់គ្រងគេ។

២. ការចូលចិត្ត

មនុស្សទាំងឡាយដើរតាមអ្នកពីព្រោះពួកគេចូលចិត្តអ្នក គេស្រឡាញ់គោរពអ្នក។

៣. សមិទ្ធផល

មនុស្សទាំងឡាយដើរតាមអ្នក ដោយសារគេឃើញស្នាដៃអ្នកបានកសាងសម្រាប់ស្ថាប័ន ឬក្រុមហ៊ុន។

៤. អភិវឌ្ឍន៍មនុស្ស

មនុស្សទាំងឡាយដើរតាមអ្នក ដោយសារអ្នកបានជួយគេឱ្យលូតលាស់។

៥. ភាពឧត្តុង្គឧត្តម

មនុស្សទាំងឡាយដើរតាមអ្នក ដោយសារគេឃើញបុគ្គលភាពរបស់អ្នកគួរឱ្យគោរព និងអ្នកជានិមិត្តរូបតំណាងឱ្យអ្វីមួយ។

តាមរយៈការប្រើភាសាសាមញ្ញ ការគិតបែបស៊ីជម្រៅ និងការផ្ដល់ជាឧទាហរណ៍ អ្នកជំនាញភាពអ្នកដឹកនាំកម្រិតអន្តរជាតិបានធ្វើការបរិយាយអំពីកម្រិតទាំង៥នៃភាពជាអ្នកដឹកនាំ។ ក្នុងភាពជាអ្នកដឹកនាំ ៥កម្រិត លោក John C. Maxwell បានបង្ហាញឱ្យឃើញច្បាស់នៃកម្រិតនីមួយៗ និងរបៀបឡើងពីកម្រិតមួយ ទៅកម្រិតមួយទៀត ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដែលមានឥទ្ធិពលជាងមុន គេគោរពកាន់តែច្រើន និងមានជោគជ័យកាន់តែធំធេង។

នៅក្នុងសេចក្ដីសង្ខេបនេះ អ្នកនឹងបានរៀនអំពី ៖
  • តើអ្នកបំពេញតួនាទីដូចម្ដេចក្នុងនាមជាអ្នកដឹកនាំ?
  • តើធ្វើយ៉ាងណាដើម្បីលើកកម្ពស់ប្រសិទ្ធភាពរបស់អ្នក និងធ្វើឱ្យប្រសើរការប្រតិបត្តិរបស់អ្នក?
  • តើធ្វើយ៉ាងណាដើម្បីពង្រឹងឥទ្ធិពលរបស់អ្នកឱ្យបានកាន់តែឆ្ងាយ និងកាន់តែវែង?
  • ផែនទីបង្ហាញផ្លូវមួយក្នុងការធ្វើដំណើរទៅរកទីកាន់តែខ្ពស់នៃភាពអ្នកដឹកនាំ។
---> លោកអ្នកអាចទាយយក ឯកសារជា PDF

អ្នកអាចកសាងផែនការពង្រឹងភាពជាអ្នកដឹកនាំសម្រាប់ជីវិតអ្នក

ចាប់តាំងពីខ្ញុំបង្រៀនអំពីភាពជាអ្នកដឹកនាំ មានមេរៀនមួយដែលគេស្នើសុំឱ្យបង្រៀនញឹកញាប់ជាងគេ រាប់តាំងពីសាលាយោធា West Point ដល់ក្រុមហ៊ុន Microsoft និងក្នុងប្រទេសជាច្រើនក្នុងពិភពលោកនេះ។ មេរៀននោះពន្យល់ថា “តើភាពជាអ្នកដឹកនាំមានដំណើរវិវដ្តបែបណា” ហើយវាផ្ដល់ជូនផែនទីបង្ហាញផ្លូវ ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកដឹកនាំយ៉ាងម៉េច។ វានិយាយបរិយាយអំពីភាពជាអ្នកដឹកនាំ ៥កម្រិត។
  • អ្នកអាចរៀនឧបករណ៍នៃភាពជាអ្នកដឹកនាំពិតជាក់ស្ដែង

ភាពជាអ្នកដឹកនាំ៥កម្រិតត្រូវបានយកទៅបង្រៀនដល់អ្នកដឹកនាំនៅក្នុងក្រុមហ៊ុនជាច្រើន តាំងពីក្រុមហ៊ុនតូចៗ រហូតដល់ក្រុមហ៊ុនខ្នាតអន្តរជាតិធំៗ ជាប់ចំណាត់ថ្នាក់ល្អទាំង១០០ក្រុមហ៊ុនតាមការវាយតម្លៃរបស់ Fortune។ វាក៏ត្រូវបានប្រើប្រាស់សម្រាប់ជួយអង្គការមនុស្សធម៌ជាច្រើន ដែលធ្វើការជាមួយបុគ្គលិកស្ម័គ្រចិត្ត។ ហើយគឺមេរៀននេះដែរ ដែលបានយកទៅបង្រៀននៅ ១២០ប្រទេសទូទាំងពិភពលោក។ រាល់ពេលដែលខ្ញុំ និយាយអំពីរឿងនេះ មនុស្សតែងតែលើកជាសំណួរ និងធ្វើការសង្កេតដោយខ្លួនឯង។ សំណួរនិងការសង្កេតបានជួយឱ្យមេរៀននេះកាន់តែមានភាពប្រសើរឡើង និងកាន់តែស៊ីជម្រៅថែមទៀត។ គោលគំនិត និងគោលការណ៍ត្រូវបានយកទៅសាកល្បង ហើយបញ្ជាក់ថាត្រឹមត្រូវ។ បន្ថែមពីនេះ វាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀត។
  • ភាពជាអ្នកដឹកនាំ៥កម្រិតផ្ដល់រូបភាពច្បាស់មួយអំពីភាពជាអ្នកដឹកនាំ

តើមនុស្សទាំងឡាយចាត់ចែងអំពីភាពជាអ្នកដឹកនាំក្នុងជីវិតគេយ៉ាងម៉េច?​ សម្រាប់អ្នកទាំងឡាយដែលពុំមានទេពកោសល្យពីធម្មជាតិ ភាពជាអ្នកដឹកនាំអាចជារឿងអាថ៌កំបាំងពិបាកយល់។ សម្រាប់គាត់ ការដឹកនាំមនុស្សប្រៀបដូចជាការចុះទៅទីងងឹតមួយ។ គាត់មានអារម្មណ៍ដឹងថាគាត់ចង់ទៅណា តែគាត់មិនអាចមើលឃើញទៅមុខ ហើយគាត់មិនដឹងថាបញ្ហាស្ថិតនៅទីណា ហើយទីណាមានជង្ហុក។ សម្រាប់មនុស្សជាច្រើន នៅក្នុងស្រទាប់បញ្ញវន្ត​ ភាពអ្នកដឹកនាំគ្រាន់តែជាទ្រឹស្ដី ជាសមីការសម្រាប់សិក្សាស្រាវជ្រាវ និងពិភាក្សាតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ភាពជាអ្នកដឹកនាំ ៥កម្រិត គឺជារឿងច្បាស់លាស់ជាក់ស្ដែងដែលគ្រប់គ្នាអាចរៀនបាន។
  • ភាពជាអ្នកដឹកនាំ៥កម្រិតចាត់ទុកការដឹកនាំជា “កិរិយាស័ព្ទ” មិនមែនជា “នាម” ទេ

ភាពជាអ្នកដឹកនាំគឺជាដំណើរប្រព្រឹត្ត មិនមែនជាទីតាំងនៃឋាន:តួនាទីទេ។ ភាពជាអ្នកដឹកនាំ គឺជារបៀបធ្វើការជាមួយមនុស្សដែលតែងតែមានការផ្លាស់ប្ដូរជានិច្ច។ មនុស្សទាំងឡាយមិននៅនឹងថ្កល់នោះទេ តែងតែមានការប្រែប្រួលជានិច្ច។ បញ្ហាប្រឈមនៃភាពជាអ្នកដឹកនាំ គឺបង្កើតឱ្យមានការផ្លាស់ប្ដូរ និងជួយបង្កឱ្យមានភាពលូតលាស់។ រឿងទាំងនេះត្រូវការសកម្មភាពចលនាទៅមុខ ដែលអ្នកនឹងមើលឃើញថា វាធ្វើដំណើរប្រព្រឹត្តពីមួយកម្រិតទៅមួយកម្រិតទៀត។
  • ភាពជាអ្នកដឹកនាំ៥កម្រិតបំបែកខ្លួនទៅជាជំហានៗដែលងាយយល់

ប្រធានបទអំពីភាពជាអ្នកដឹកនាំ អាចច្រើនហួសហេតុនិងច្របូកច្របល់។ តើភាពជាអ្នកដឹកនាំចាប់ផ្ដើមពីទីណា? តើអ្វីដែលយើងគួរធ្វើមុន? តើដំណើរការបែបណាដែលយើងគួរប្រើប្រាស់? តើយើងបង្កើតឥទ្ធិពលដល់អ្នកដទៃដូចម្ដេចបាន? តើយើងបង្កើតក្រុមការងារមួយប្រកបដោយប្រសិទ្ធភាពបែបណា? តើយើងជួយអ្នកដើរតាមឱ្យក្លាយជាអ្នកដឹកនាំយ៉ាងដូចម្ដេច? ភាពជាអ្នកដឹកនាំ ៥កម្រិតនឹងផ្ដល់ចម្លើយទៅសំណួរទាំងនេះ ដោយប្រើជំហានមួយៗ ងាយយល់។
  • ភាពជាអ្នកដឹកនាំ៥កម្រិតផ្ដល់ជូននូវផែនការជីវិតច្បាស់លាស់ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ

ភាពជាអ្នកដឹកនាំល្អមិនមែនជារឿងធ្វើឱ្យខ្លួនឯងចំណេញនោះទេ។ វាគឺជារឿងផ្ដល់អត្ថប្រយោជន៍ដល់ក្រុមទាំងមូល។ ភាពជាអ្នកដឹកនាំ ៥កម្រិតផ្ដល់ជូននូវជំហានច្បាស់លាស់សម្រាប់ភាពលូតលាស់នៃការដឹកនាំ។ សូមដឹកនាំសហការីរបស់អ្នកឱ្យបានល្អ និងជួយពួកគេឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព។ បន្ទាប់មកផ្លូវជីវិតជោគជ័យរបស់អ្នកនឹងត្រូវបានធានារួចរាល់ហើយ។
  • ភាពជាអ្នកដឹកនាំ៥កម្រិតបង្កើតភាពស៊ីចង្វាក់គ្នារវាងការប្រតិបត្តិគោលការណ៍ និងគុណតម្លៃនៃភាពជាអ្នកដឹកនាំ

នៅពេលដែលខ្ញុំអភិវឌ្ឍកម្រិតទាំង៥លំដាប់ ខ្ញុំចាប់ផ្ដើមដឹងថាកម្រិតនីមួយៗ គឺជាការប្រតិបត្តិជាក់ស្ដែង ដែលអាចយកទៅប្រើប្រាស់ដឹកនាំមនុស្សប្រកបដោយប្រសិទ្ធភាពបានកាន់តែប្រសើរឡើង។​ វេលាបានកន្លងផុតទៅ ដែលខ្ញុំបានប្រើប្រាស់ និងបង្រៀនកម្រិតទាំង៥លំដាប់ ខ្ញុំចាប់ផ្ដើមយល់ថា វាមិនត្រឹមតែជាការប្រតិបត្តិជាក់ស្ដែងនោះទេ តែវាជាគោលការណ៍ផងដែរ។​ វាមានភាពខុសគ្នារវាងក្រមប្រតិបត្តិនិងគោលការណ៍។ ក្រមប្រតិបត្តិជាសកម្មភាពដែលអាចដំណើរការក្នុងស្ថានភាពមួយ តែមិនអាចប្រើការបានក្នុងស្ថានភាពមួយទៀត។ ចំណែកឯគោលការណ៍វាមិនរើសស្ថានការណ៍ ទីកន្លែង ឬពេលវេលាទេ វាតែងតែដំណើរការជានិច្ច ដូចជាច្បាប់រូបវិទ្យាអ៊ីចឹង។ ជាឧទាហរណ៍ នៅពេលស្តេច Solomon និយាយថា “ចម្លើយដ៏ទន់ភ្លន់អាចបញ្ចៀសកំហឹងទាំងឡាយ ប៉ុន្តែពាក្យគ្រោតគ្រាត បង្កឱ្យកំហឹងផ្ទុះឡើងបាន”។ សុភាសិតរបស់គាត់នេះ វាជាគោលការណ៍ដែលត្រូវគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

គោលការណ៍ជារឿងសំខាន់ណាស់ ពីព្រោះវាមានតួនាទីដូចជាផែនទីអ៊ីចឹង វាជួយយើងឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ នៅពេលដែលយើងចាប់យកគោលការណ៍ ហើយបញ្ជូលវាក្នុងខ្លួនយើង វាក៏ក្លាយជាគុណតម្លៃរបស់យើង។ ភាពជាអ្នកដឹកនាំ ៥កម្រិតបង្កឥទ្ធិពលលើជីវិតខ្ញុំជារៀងរាល់ថ្ងៃ។

  1. កម្រិតទី១ ៖ ឋាន:តួនាទី


តាមប្រពៃណីទំនៀមទម្លាប់ ភាពជាអ្នកដឹកនាំចាប់ផ្ដើមជាមួយឋានៈតួនាទី។ មនុស្សម្នាក់បានចូលបម្រើយោធា ហើយគាត់ប្រឹងប្រែងហ្វឹកហាត់បំពេញការងារ ដើម្បីទទួលបានឋានន្តរសក្តិ។ បុគ្គលម្នាក់ទទួលបានការងារធ្វើ ហើយជាមួយនេះគេក៏ទទួលបានតួនាទីនិងការបរិយាយអំពីការងារ ដូចជាកម្មករ អ្នកលក់ អ្នកបម្រើភ្ញៀវ​ ស្មៀន គណនេយ្យករ ឬអ្នកគ្រប់គ្រង។ ឋានៈតួនាទីជាចំណុចចាប់ផ្ដើមសម្រាប់គ្រប់កម្រិតទាំងអស់នៃភាពជាអ្នកដឹកនាំ។ វាជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងភាពជាអ្នកដឹកនាំ។ ក៏ប៉ុន្តែ ឥទ្ធិពលពិតជាក់ស្ដែងនៃភាពជាអ្នកដឹកនាំត្រូវតែខំកសាងចេញពីគ្រឹះនេះ។

កាលពីជំនាន់សក្តិភូមិចាស់គំរឹល សង្គមទាំងមូលជឿថាភាពជាអ្នកដឹកនាំគឺពឹងអាស្រ័យទាំងស្រុងលើឋានៈតួនាទី ហើយការដឹកនាំប្រទេសត្រូវបានធ្វើឡើងតាមរយៈសន្តតិវង្ស គឺការផ្ទេរឋានៈតួនាទីនិងអំណាចពីឪពុកទៅកូន ពីកូនទៅចៅនៅក្នុងគ្រួសារតែមួយ។ កូនស្ដេចបានក្លាយជាព្រះមហាក្សត្រ ហើយការសម្រេចចិត្តរបស់គេ គឺជាច្បាប់សម្រាប់គ្រប់គ្រងប្រទេស បើទោះបីជាល្អឬអាក្រក់ក៏ដោយ។ នៅក្នុងប្រទេសឧស្សាហកម្មជឿនលឿនទាំងឡាយ រឿងបែបនេះបានក្លាយជារឿងអតីតកាលហើយ។ ពិតហើយ ប្រទេសមួយចំនួនដូចជាអង់គ្លេស នៅមានព្រះមហាក្សត្រ ឬមហាក្សត្រយានីនៅឡើយ ប៉ុន្តែអំណាចរបស់ក្សត្រគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ រីឯអំណាចពិតក្នុងការដឹកនាំប្រទេស គឺស្ថិតនៅក្នុងដៃនាយករដ្ឋមន្ត្រី ដែលជ្រើសរើសដោយប្រជាជន តាមរយៈសន្លឹកឆ្នោត។ សម័យបច្ចុប្បន្ន ឋានៈតួនាទីគ្រាន់តែផ្ដល់ជូនអ្នកនូវឱកាសតែប៉ុណ្ណោះ ប៉ុន្តែពុំមានឥទ្ធិពលអំណាចទេ។ ឱកាសនោះអាចជួយអ្នកឱ្យបង្កើតជាឥទ្ធិពល ឬអាចរុញអ្នកឱ្យធ្លាក់ចុះទាប អាស្រ័យនឹងភាពជាអ្នកដឹកនាំរបស់អ្នក។

វាពុំមានអ្វីខុសឆ្គងទេក្នុងការមានឋានៈតួនាទីដើម្បីចាប់ផ្ដើមដឹកនាំ។​ នៅពេលនរណាម្នាក់ទទួលបានឋានៈតួនាទីដឹកនាំមួយ គឺដោយសារតែអ្នកដឹកនាំខាងលើគាត់មើលឃើញទេពកោសល្យ និងសក្ដានុពលគាត់ហើយ។ ហើយជាមួយឋានៈនិងតួនាទីដែលគេប្រគល់ឱ្យ ក៏មកជាមួយនូវសិទ្ធិអំណាចក្នុងការដឹកនាំអ្នកដទៃដែរ។

ឋានៈតួនាទីជាចំណុចចាប់ផ្ដើមដ៏ល្អមួយសម្រាប់កសាងភាពជាអ្នកដឹកនាំ។ ក៏ប៉ុន្តែ វាក៏ដូចគ្នានឹងកម្រិតផ្សេងទៀតដែរ វាមានកាំជណ្ដើរចុះក្រោម និងឡើងទៅលើចេញពីចំណុចផ្ដើមនេះ។
  • កាំជណ្ដើរឡើងទៅលើនៃឋានៈតួនាទី

ក្នុងគ្រប់រដូវកាលនៃជីវិតផ្សេងៗ តែងមានផ្នែកវិជ្ជមាន និងអវិជ្ជមាន ហើយវាដូចគ្នាដែរសម្រាប់គ្រប់កម្រិតនៃភាពជាអ្នកដឹកនាំ។ ប្រសិនបើអ្នកនៅមានភាពក្មេងខ្ចីនៅឡើយសម្រាប់ភាពជាអ្នកដឹកនាំ ហើយអ្នកទទួលបានឋានៈតួនាទីមួយ វាមានរឿងជាច្រើនសម្រាប់អបអរសាទរ។ ខាងក្រោមនេះជាចំណុចសាទរទាំង៤ប្រការ។

១. ឋានៈតួនាទីដឹកនាំត្រូវបានប្រគល់ឱ្យនរណាម្នាក់ដោយសារគាត់មានសក្ដានុពលក្នុងការដឹកនាំ

ជាទូទៅ បុគ្គលម្នាក់ទទួលបានឋានៈតួនាទីដឹកនាំ ដោយសារអ្នកគ្រប់គ្រងខាងលើសម្រេចប្រគល់ឱ្យតួនាទីនោះ។ អ្នកមើលទៅឃើញបែបនេះ ប៉ុន្តែ ការណ៍នេះទាក់ទងនឹងរឿងមួយចំនួន។ រឿងនេះបញ្ជាក់ថា អ្នកគ្រប់គ្រងខាងលើ ដែលមានសិទ្ធិអំណាចតែងតាំង ជឿថាបុគ្គលម្នាក់នេះមានសក្ដានុពលក្លាយជាអ្នកដឹកនាំល្អ។ នេះជាដំណឹងល្អ ប្រសិនបើការដឹកនាំជារឿងថ្មីសម្រាប់អ្នក ហើយអ្នកត្រូវបានគេតែងតាំងឱ្យដឹកនាំសម្រាប់ការងារណាមួយ ចូររីករាយសាទរចំពោះខ្លួនឯងទៅ ពីព្រោះមានអ្នកគ្រប់គ្រងនៅខាងលើបានជឿទុកចិត្តលើអ្នក។ ប្រសិនបើអ្នកទទួលបានតួនាទីថ្មីណាមួយ ចូរស្វាគមន៍វាទៅ ពីព្រោះវាជា ជំហានដំបូងក្នុងដំណើរកសាងភាពជាអ្នកដឹកនាំរបស់អ្នកហើយ។ អ្នកទទួលបានកៅអីមួយអង្គុយក្នុងការចូលរួមសម្រេចកិច្ចការដឹកនាំក្នុងស្ថាប័ន ឬក្រុមហ៊ុនដែលអ្នកធ្វើការ។ អ្នកនឹងមានឱកាសបង្ហាញអំពីគំនិតរបស់អ្នក និងធ្វើការសម្រេចចិត្ត។ គោលដៅដំបូងរបស់អ្នកគឺត្រូវបង្ហាញប្រាប់អ្នកដឹកនាំ ខាងលើអ្នកនិងក្រុមការងារថា អ្នកពិតជាសក្តិសមនឹងទទួលបានឋានៈតួនាទីនេះមែន។

២.​ ឋានៈតួនាទីដឹកនាំមួយមានន័យថាសិទ្ធិអំណាចរបស់អ្នកត្រូវបានទទួលស្គាល់

នៅពេលដែលបុគ្គលម្នាក់ទទួលតួនាទីនិងឋានៈ កម្រិតនៃសិទ្ធិអំណាចមួយចំនួនបានមកជាមួយនេះ។ ជាទូទៅ នៅក្នុងដំណាក់កាលដំបូងសិទ្ធិអំណាចត្រូវបានផ្ដល់ឱ្យតិចតួចទេ ប៉ុន្តែនេះជារឿងធម្មតាទេ ពីព្រោះមុននឹងគេផ្ដល់ឱ្យអំណាចធំធេង អ្នកដឹកនាំនោះត្រូវបង្ហាញសិនថា តើគេអាចចាត់ចែងកិច្ចការតិចតួចនោះបានល្អសមរម្យដែរទេ។ ដូចដែលទស្សនាវដ្តី Infantryman លើកឡើងនៅឆ្នាំ ១៩៥៤ ថា “មនុស្សម្នាក់អាចក្លាយជាអ្នកដឹកនាំបាន បន្ទាប់ពីការតែងតាំង ដរាបណាគេទទួលបានការយល់ស្រប និងគោរពពីសហការីរបស់គេ”។

ជាអ្នកដឹកនាំថ្មីម្នាក់ អ្នកត្រូវប្រើប្រាស់សិទ្ធិអំណាចដែលគេប្រគល់ឱ្យឱ្យបានល្អ ក្នុងការជួយជ្រោមជ្រែង ក្រុមការងារ និងសហការីដែលអ្នកដឹកនាំ។ ចូរប្រឹងប្រែងបំពេញការងារជួយគេ ដើម្បីឱ្យក្រុមការងារ និងសហការីផ្ដល់សិទ្ធិអំណាចដល់អ្នកកាន់តែច្រើន។ ប្រសិនបើអ្នកធ្វើបានរឿងនេះ អ្នកមិនមែនទទួលបាន ត្រឹមឋានៈតួនាទីទេ អ្នកកំពុងតែកសាងភាពជាអ្នកដឹកនាំរបស់អ្នកហើយ។

៣. ការផ្ដល់ឋានៈតួនាទីមួយដូចជាការអញ្ជើញអ្នកឱ្យទៅចូលរួមវគ្គសិក្សាដើម្បីលូតលាស់ក្លាយជាអ្នកដឹកនាំ

វាមានទំនាក់ទំនងមួយដ៏ពិតប្រាកដរវាងការទទួលបានឋានៈតួនាទីដឹកនាំ និងកាតព្វកិច្ចត្រូវបំពេញចេញពីនេះ។ កាតព្វកិច្ចដ៏ចម្បងមួយគឺការចាប់ផ្តើមបំពេញសមត្ថភាពលូតលាស់បន្តជាអ្នកដឹកនាំ។ ខ្ញុំបានរៀនរឿងនេះតាំងពីវ័យនៅជាកុមារពីឪពុករបស់ខ្ញុំ ដែលគាត់ចូលចិត្តនិយាយថា “អ្នកណាដែលទទួលឋានៈតួនាទីកាន់តែធំ អ្នកនោះក៏មានកាតព្វកិច្ចត្រូវបំពេញកាន់តែច្រើនដែរ”។ ឪពុកខ្ញុំជឿថា យើងគ្រប់គ្នាទទួលបានអ្វីៗជាច្រើនក្នុងជីវិត ហើយយើងមានកាតព្វកិច្ចត្រូវប្រឹងរៀនសូត្រឱ្យលូតលាស់ល្អ ដើម្បីផ្ដល់អត្ថប្រយោជន៍ឱ្យបានកាន់តែច្រើនដល់អ្នកដទៃ។

ការធ្វើដំណើរទៅកសាងភាពជាអ្នកដឹកនាំ៥កម្រិត នឹងអាចទទួលបានជោគជ័យដរាបណាទាល់តែអ្នកប្ដេជ្ញាចិត្តអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។ ប្រសិនបើអ្នកជឿថា ទទួលបានឋានៈតួនាទី អ្នកក្លាយជាអ្នកដឹកនាំហើយ អ្នកនឹងជួបបញ្ហាប្រឈមធំក្នុងការក្លាយខ្លួនជាអ្នកដឹកនាំល្អ។

៤. ឋានៈតួនាទីមួយនឹងផ្ដល់ឱកាសដល់អ្នកដឹកនាំក្នុងការកំណត់ភាពជាអ្នកដឹកនាំរបស់ខ្លួន

សក្ដានុពលឡើងទៅលើសម្រាប់បុគ្គល ដែលទទួលបានការអញ្ជើញតាមរយៈការផ្ដល់ឱ្យនូវឋានៈតួនាទីមួយ​ គឺការទទួលបានឱកាសក្នុងការសម្រេចថា តើគេចង់ក្លាយជាអ្នកដឹកនាំប្រភេទណា? ឋានៈតួនាទីដែលគាត់ទទួលបាន អាចកំណត់ភាពជាអ្នកដឹកនាំតែសម្បកក្រៅនៅឡើយតែប៉ុណ្ណោះ។

នៅពេលអ្នកក្លាយជាអ្នកដឹកនាំដំបូង ទំព័រសៀវភៅសម្រាប់សរសេរអំពីភាពជាអ្នកដឹកនាំរបស់អ្នក នៅសស្អាតនៅឡើយ ហើយអ្នកមានឱកាសសរសេរបញ្ជូលនូវខ្លឹមសារអ្វីដែលអ្នកចង់ឃើញ។ តើអ្នកចង់ក្លាយជាអ្នកដឹកនាំប្រភេទណា? សូមកុំក្លាយជាប្រភេទបែបប្រតិកម្ម និងកុំបណ្ដោយឱ្យវាប្រព្រឹត្តទៅ ដោយឯកឯងទៅរកផ្លូវខុស។ ចូរពិចារណារឿងនេះឱ្យបានល្អ។ តើអ្នកចង់ក្លាយជាអ្នកដឹកនាំផ្ដាច់ការ ឬអ្នកដឹកនាំដែលចេះកសាងក្រុមការងារ? តើអ្នកចង់សង្កត់កអ្នកនៅខាងក្រោម ឬលើកគេឱ្យខ្ពស់? តើអ្នកចង់តែដាក់បញ្ជា ឬចូលចិត្តលើកជាសំណួរឈានទៅដោះស្រាយបញ្ហា? អ្នកអាចអភិវឌ្ឍទម្រង់ណាមួយដែលអ្នកចង់ ដែលស្របនឹងឧបនិស្ស័យរបស់អ្នក។

នៅពេលដែលអ្នកគិតអំពីផ្លូវក្នុងការកំណត់ភាពជាអ្នកដឹកនាំរបស់អ្នក ចូរយកចិត្តទុកដាក់អំពីទម្លាប់ និងប្រព័ន្ធដែលអ្នកនឹងប្រតិបត្តិជាបន្តបន្ទាប់។ តើអ្នកនឹងធ្វើអ្វីខ្លះជារៀងរាល់ថ្ងៃ នៅពេលដែលអ្នកទៅដល់កន្លែងធ្វើការងារ? តើអ្នកសម្លឹងមើលសហការីទាំងឡាយបែបណា? តើក្រមសីលធម៌ការងាររបស់អ្នកយ៉ាងណាដែរ? តើអ្នកផ្ដល់គំរូអ្វីដល់គេទាំងឡាយ? អ្វីៗទាំងអស់ដែលរៀបរាប់ខាងលើគឺជារឿង ដែលអ្នកអាចគ្រប់គ្រងបាន។ អ្នកមានឱកាសនិងលទ្ធភាពកំណត់រឿងទាំងនេះដោយខ្លួនឯងបាន។ បើអ្នកធ្វើដំណើរលើផ្លូវកសាងភាពជាអ្នកដឹកនាំកាន់តែឆាប់ អ្នកមានឱកាសកាន់តែច្រើនក្នុងការកសាងទម្លាប់ល្អៗកាន់តែលឿន។

រឿងសំខាន់គឺថា ការអញ្ជើញឱ្យដឹកនាំមនុស្ស គឺជាការអញ្ជើញឱ្យបង្កើតការផ្លាស់ប្ដូរ។ ភាពជាអ្នកដឹកនាំល្អ អាចផ្លាស់ប្ដូរជីវិតអ្នកដទៃបាន។ វាឈានទៅបង្កើតក្រុម វាឈានទៅកសាងស្ថាប័ន ហើយក៏បង្កើតឥទ្ធិពលដល់សហគមន៍។ វាក៏មានសក្ដានុពលក្នុងការបង្កផលជះដល់ពិភពលោកទំាងមូលដែរ។ ហើយចូរកុំភ្លេចថា ឋានៈតួនាទីគ្រាន់តែជាចំណុចផ្ដើមប៉ុណ្ណោះ។

  • កាំជណ្ដើរចុះក្រោមទាំង៥នៃឋានៈតួនាទី

ដោយសារឋានៈតួនាទីជាកម្រិតដឹកនាំទាបជាងគេ វាក៏មានផ្នែកអវិជ្ជមានជាច្រើនជាមួយនេះដែរ។ ខាងក្រោមនេះជាផ្នែកអវិជ្ជមាន៥ចំណុច ឬកាំជណ្ដើរចុះក្រោម៥ផ្នែកក្នុងភាពជាអ្នកដឹកនាំ។

១.​ ការមានឋានៈតួនាទីបង្កការយល់ច្រលំ

កាលណាអ្នកទទួលបានឋាន: ឬតួនាទី មនុស្សទាំងឡាយនឹងកំណត់បុគ្គលភាពរបស់អ្នកជាមួយនេះ។ យ៉ាងណាក៏ដោយ ឋានៈនិងតួនាទីច្រើនបង្កឱ្យមានយល់ច្រលំ។​​ ឋានៈតួនាទី ជាទូទៅ ច្រើនបង្កើតការសន្យា ច្រើនជាងការផ្ដល់ជូនការគាំទ្រពិតប្រាកដចំពោះក្រុមការងារ។

២. អ្នកដឹកនាំដែលពឹងអាស្រ័យលើឋានៈតួនាទីច្រើនវាយតម្លៃមនុស្សទាប

ជាលទ្ធផល ការិយាល័យ ឬក្រុមការងារ ឬអង្គភាពដែលដឹកនាំដោយបុគ្គលប្រភេទនេះ ច្រើនគ្របដណ្ដប់ដោយបរិយាកាសបាក់ទឹកចិត្ត។

៣. អ្នកដឹកនាំពឹងឋានៈតួនាទីចូលចិត្តលេងល្បែងនយោបាយ

នៅពេលអ្នកដឹកនាំឱ្យតម្លៃលើឋានៈតួនាទីជាជាងការកសាងឥទ្ធិពលលើអ្នកដទៃ បរិយាកាសក្នុងស្ថាប័ន ឬអង្គការច្រើនពោរពេញទៅដោយល្បែងនយោបាយមួលបង្កាច់ ប៉ែងជើងគ្នា។ អ្នកដឹកនាំបែបនេះ យកចិត្តទុកដាក់លើការតាមដានត្រួតពិនិត្យ ជាជាងការលើកទឹកចិត្ត និងផ្ដល់សិទ្ធិអំណាច។

៤. អ្នកដឹកនាំពឹងលើឋានៈតួនាទីឱ្យតម្លៃលើសិទ្ធិខ្ពស់ជាងជាការទទួលខុសត្រូវ

អ្នកដឹកនាំពឹងលើឋានៈតួនាទីទន្ទឹងរង់ចាំឱ្យអ្នកដទៃបម្រើខ្លួន ជាជាងយកចិត្តទុកដាក់បម្រើសហការី។ ការនេះមិនជួយពង្រឹងក្រុមការងារ ឬបង្កើតបរិយាកាសល្អនៅកន្លែងធ្វើការនោះទេ។

៥. មេដឹកនាំដែលពឹងលើឋានៈតួនាទីច្រើននៅឯកោ

នៅពេលដែលអ្នកស្ថិតនៅកំពូលតែឯង អ្នកនឹងមានអារម្មណ៍ឯកា។ ប្រសិនបើអ្នកមានអ្នកដទៃនៅជាមួយ អ្នកនឹងមិនជួបប្រទះអារម្មណ៍បែបនោះទេ ពីព្រោះអ្នកនឹងមានអ្នកជជែក និងរួមទទួលខុសត្រូវ ជាពិសេសពេលជួបព្យុះភ្លៀងម្ដងៗ។

  1. កម្រិតទី២ការចូលចិត្ត


ធ្វើការបម្លាស់ខ្លួនពីអ្នកដឹកនាំដែលពឹងលើឋាន:តួនាទីមកជាអ្នកដឹកនាំដែលគេចូលចិត្ត គឺជាជំហានដំបូង ពិតប្រាកដឈានទៅរកភាពជាអ្នកដឹកនាំល្អ។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ពីព្រោះភាពជាអ្នកដឹកនាំ គឺជាការបង្កើតឥទ្ធិពល ពុំមានអ្វីលើសនិងផ្សេងពីនេះនោះទេ។ អ្នកដឹកនាំដែលពឹងលើឋាន:តួនាទីច្រើនបង្ខំឱ្យគេធ្វើការដោយអាងលើឋាន:ខ្ពស់ជាង ហើយដោយរបៀបនេះគាត់ពិបាកបង្កើតឥទ្ធិពលលើគេណាស់។ នៅពេលដែលអ្នកក្រោមបង្គាប់ត្រូវបានបង្ខំឱ្យធ្វើអ្វីមួយ គេធ្វើតាម ដោយសារតែកត្តាបង្ខំ ដូចជា ការទទួលបានប្រាក់ខែ ភាពខ្លាចបាត់ការងារធ្វើ ចៀសវាងពាក្យស្ដីបន្ទាស ជាដើម ។ល។

ផ្ទុយទៅវិញ ប្រសិនបើអ្នកដឹកនាំអភិវឌ្ឍខ្លួនឈានដល់កម្រិតនៃភាពចូលចិត្ត អ្វីៗនឹងផ្លាស់ប្ដូរ។ សហការីនឹងខំប្រឹងប្រែងធ្វើឱ្យអស់លើសពីរឿងត្រឹមបំពេញតាមបទបញ្ជា។ គេចាប់ផ្ដើមដើរតាមអ្នកដឹកនាំ ដែលគេចូលចិត្ត។ ហេតុអ្វី? ពីព្រោះអ្នកដឹកនាំចាប់ផ្ដើមបង្កើតឥទ្ធិពលទៅលើសហការីជាមួយទំនាក់ទំនង មិនមែនគ្រាន់តែប្រើឋាន:តួនាទីបញ្ជានោះទេ។ ការបង្កើតទំនាក់ទំនងគឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ដឹកនាំ មនុស្សប្រកបដោយប្រសិទ្ធភាព។ វាក៏ចាប់ផ្ដើមបំបែករបាំងរចនាសម្ព័ន្ធអង្គការដែលខណ្ឌញែកមនុស្ស តាមរយ:មុខងារផ្សេងៗ ឬការិយាល័យ ឬនាយកដ្ឋានផ្សេងគ្នា។ រនាំងជាច្រើនធ្លាក់ចុះ ហើយទំនាក់ទំនង កាន់តែល្អស៊ីជម្រៅ ធ្វើឱ្យមូលដ្ឋានគ្រឹះកាន់តែរីកធំ និងរឹងមាំក្នុងការដឹកនាំបង្កើតឥទ្ធិពលលើអ្នកដទៃ។ ​

នៅពេលសហការីមានអារម្មណ៍ថា មានគេចូលចិត្ត មានគេយកចិត្តទុកដាក់ គេជាផ្នែកមួយនៃក្រុម គេត្រូវបានឱ្យតម្លៃនិងទុកចិត្ត គេក៏ចាប់ផ្ដើមធ្វើការដោយពេញចិត្តជាមួយអ្នកដទៃ និងសមាជិកនៅក្នុងក្រុម។ ហើយរឿងនេះនឹងធ្វើឱ្យបរិយាកាសការងារទាំងមូលផ្លាស់ប្ដូរ។ សុភាសិតបុរាណមួយនិយាយពិតជាត្រឹមត្រូវថា “មនុស្សនឹងដើរតាមអ្នកដឹកនាំដែលគេចូលចិត្តនៅជាមួយ”។

ឈានទៅសម្រេចកម្រិតទៅ២​ “គេចូលចិត្តអ្នកដឹកនាំ” គឺជាការវិវឌ្ឍន៍ដ៏សំខាន់នៅក្នុងភាពជាអ្នកដឹកនាំ ដោយសារតែនៅកម្រិតនេះ សហការីផ្ដល់ការទុកចិត្តនិងភាពចូលចិត្តឱ្យទៅអ្នកដឹកនាំក្នុងការនាំមុខពួកគេ។ បុគ្គលផ្លាស់ប្ដូរពីភាពស្ថិតនៅក្រោមបង្គាប់ ដោយសារតែឋាន:តួនាទី​ ទៅជាការចូលចិត្តដើរតាមអ្នកដឹកនាំ ជាលើកដំបូង ហើយនេះជាចលនាផ្លាស់ប្ដូរមួយ។ សូមចងចាំថា ភាពជាអ្នកដឹកនាំគឺមានន័យថា មនុស្សកំពុងធ្វើដំណើរទៅទីណាមួយ។ គេមិននៅស្ងៀមនឹងថ្កល់នោះទេ។ គ្មានការធ្វើដំណើរ គ្មានភាពជាអ្នកដឹកនាំទេ។
  • អាកប្បកិរិយាល្អប្រសើរនៅកម្រិតទី២

នៅពេលដែលអ្នកកំពុងស្ថិតនៅទីតាំងមួយដែលអ្នកត្រូវចាប់ផ្ដើមធ្វើការ ដើម្បីទទួលបានការចូលចិត្តពីសហការី តើអ្នកគួរធ្វើអ្វី? តើអ្នកអាចប្រើប្រាស់ឱកាសល្អបានយ៉ាងណា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនាក់ទំនងល្អ? ចូរប្រតិបត្តិដូចទៅនេះ ៖

១.​ ភ្ជាប់ទំនាក់ទំនងជាមួយខ្លួនឯងមុននឹងទំនាក់ទំនងជាមួយអ្នកដទៃ

អាថ៌កំបាំងមួយនៃការភ្ជាប់ទំនាក់ទំនង និងកសាងទំនាក់ទំនងជាមួយអ្នកដទៃ គឺការស្គាល់និងចូលចិត្តខ្លួនឯងជាមុន។ ខ្ញុំឱ្យឈ្មោះថា ជាគោលការណ៍ឆ្លុះកញ្ចក់ ដែលបញ្ជាក់ថា “មនុស្សដំបូងដែលយើងត្រូវស្គាល់ គឺខ្លួនឯង”។ កិច្ចការក្នុងការកសាងទំនាក់ទំនង គឺត្រូវចាប់ផ្ដើមដំបូងជាមួយខ្លួនយើង។

២. កសាងរបៀបដឹកនាំមួយដែលយកចិត្តទុកដាក់លើមនុស្ស

អ្នកដឹកនាំដែលមនុស្សពេញចិត្តដើរតាម មិនចូលចិត្តពឹងអាស្រ័យលើច្បាប់នីតិវិធីក្នុងការដឹកនាំមនុស្សទេ។ គេមិនអាស្រ័យលើប្រព័ន្ធ ឬរចនាសម្ព័ន្ធចាត់តាំងជាចម្បងទេ។ ហើយគេមិនប្រើរំពាត់ក្នុងការដឹកនាំមនុស្សទេ ពីព្រោះគេដឹងថាពេលណាមួយរំពាត់នឹងបាក់។ ជាជំនួស គេកសាងទំនាក់ទំនងល្អ ជាលក្ខណៈផ្ទាល់ខ្លួនជាមួយមនុស្សដែលគេធ្វើការជាមួយ។ គេស្ដាប់ គេរៀន ហើយគេដឹកនាំ។ គេយកចិត្តទុកដាក់កសាងទំនាក់ទំនង គេមិនគ្រាន់តែប្រើប្រាស់គោលការណ៍បើកទ្វារចំហទេ គេថែមទាំង ដឹងថាជាការល្អ បើទ្វារបើកទាំងសងខាង។ គេដើរទៅរកសហការី ហើយភ្ជាប់ការប្រាស្រ័យទាក់ទង។

៣. ប្រតិបត្តិច្បាប់មាស

នៅពេលដែលខ្ញុំជួបមនុស្ស ខ្ញុំតែងតែបង្រៀនអំពីច្បាប់មាសដែលចែងថា “ចូរប្រព្រឹត្តិចំពោះអ្នកដទៃ ដូចដែលអ្នកចង់ឱ្យគេប្រព្រឹត្តចំពោះអ្នក”។ វាជាការទូន្មានចម្បងដែលគេធ្លាប់ស្ដាប់ឮនៅគ្រប់វប្បធម៌ និងសាសនាក្នុងសកលលោកយើង។ វាជាមាគ៌ាដែលស្ដាប់ទៅងាយស្រួលតែស៊ីជម្រៅ និងមានឥទ្ធិពលវិជ្ជមានខ្លាំងសម្រាប់ការរស់នៅក្នុងសង្គមជាមួយគ្នា។ ប្រសិនបើអ្នកប្រតិបត្តិច្បាប់មាសនេះបាន មនុស្សគ្រប់គ្នាដែលជួបអ្នក នឹងទទួលអាម្មណ៍ថាគេមានតម្លៃ មានគេគោរពស្រឡាញ់ ហើយគេនឹងគោរពស្រឡាញ់ចូលចិត្តអ្នកវិញ។

៤. ក្លាយជាអ្នកជំរុញចិត្តចម្បងក្នុងក្រុមរបស់អ្នក

ជាច្រើនឆ្នាំមកហើយ ខ្ញុំមានទំនាក់ទំនងជាមិត្តភាពជាមួយក្រុមគ្រួសារ Cathy ដែលមានក្រុមហ៊ុន Chick-Fil-A។ ថ្ងៃមួយ ខ្ញុំពិសាអាហារពេលល្ងាចជាមួយលោក Truett Cathy ដែលជាស្ថាបនិករបស់ក្រុមហ៊ុន។ គាត់បានមានប្រសាសន៍ថា “តើអ្នកដឹងទេ តើខ្ញុំកំណត់មនុស្ស ដែលត្រូវការការជំរុញចិត្តដូចម្ដេច? នៅពេលដែលមនុស្សនៅមានដង្ហើម គេតែងត្រូវការ ការអង្អែលខ្នងស្រាលៗពីក្រោយជានិច្ច”។

៥. ចូរមានតុល្យភាពរវាងការយកចិត្តទុកដាក់និងការនិយាយត្រង់


ខ្ញុំជឿថាមនុស្សអាចផ្លាស់ប្ដូរឥរិយាបថ និងអាចកែប្រែសមត្ថភាពរបស់ខ្លួនបាន។ ដោយសារតែខ្ញុំជឿដូច្នេះ ទើបខ្ញុំនិយាយជាមួយបុគ្គលទាំងឡាយអំពីចំណុចខ្វះខាតរបស់គេ។ ប្រសិនបើអ្នកជាអ្នកដឹកនាំ ហើយចង់ជួយមនុស្ស អ្នកចាំបាច់ត្រូវមានឆន្ទ:ក្នុងការពិភាក្សាជាមួយភាពតានតឹង។ ការយកចិត្តទុកដាក់ ដោយពុំហ៊ាននិយាយត្រង់ នឹងបង្កើតទំនាក់ទំនងមួយដែលមិនដំណើរការល្អ។ ការនិយាយត្រង់ ដោយពុំមានការយកចិត្តទុកដាក់នឹងធ្វើឱ្យទំនាក់ទំនងឃ្លាតឆ្ងាយ។ ក៏ប៉ុន្តែ ការយកចិត្តទុកដាក់ភ្ជាប់ជាមួយការហ៊ាននិយាយត្រង់នឹងបង្កើតទំនាក់ទំនងដ៏ល្អប្រពៃមួយ។

  1. កម្រិតទី៣ ៖ ផលិតភាព


កម្រិតផលិតភាពគឺជាទីតាំងដែលភាពជាអ្នកដឹកនាំពិតប្រាកដងើបស្ទុះឡើង ហើយឈានទៅរករបត់មួយថ្មីទៀត។ ផលិតភាពបញ្ជាក់អំពីគុណភាព និងញែកអ្នកដឹកនាំពិតប្រាកដចេញពីបុគ្គលដែលគ្រាន់តែមានឋាន:តួនាទីដឹកនាំ។ អ្នកដឹកនាំល្អពិតប្រាកដតែងមានសមត្ថភាពបង្កើតអ្វីមួយ។ គេទទួលលទ្ធផល គេអាចបង្កើតផលជះសំខាន់ៗទៅលើអង្គការមួយ។​ គេមិនគ្រាន់តែផលិតផលិតផលក្នុងនាមជាបុគ្គលតែឯងទេ ប៉ុន្តែ គេក៏អាចជួយក្រុមទាំងមូលក្នុងការបង្កើតផលិតផលផងដែរ។ សមត្ថភាពអ្នកដឹកនាំនៅកម្រិតទី៣ នេះបង្កើតការជឿជាក់ ទំនុកចិត្ត ពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើង។ គ្មាននរណាម្នាក់អាចបោកបញ្ឆោតសមត្ថភាពកម្រិតទី៣បានទេ។ ឬមួយអ្នកផលិតលទ្ធផល ហើយបូកបន្ថែមលើអ្វីដែលមានស្រាប់ក្នុងស្ថាប័ន ឬអ្នកមិនបានបង្កើតអ្វីទេ។ លោក Thomas Watson ស្ថាបនិក IBM បាននិយាយថា “អ្នកដឹកនាំល្អគឺជាអ្នកចេះកំណត់កម្រិតផលិតភាពរបស់ខ្លួន ហើយតែងខំប្រឹងធ្វើឱ្យហួសពីនេះ”។ នេះគឺជាការបរិយាយក៏ល្អត្រឹមត្រូវសម្រាប់អ្នកដឹកនាំកម្រិតទី៣។ គេជាបុគ្គលដែលចេះលើកទឹកចិត្តខ្លួនឯង ហើយបង្កើតផលិតផល។ ជាលទ្ធផល គេជាអ្នកបង្កើតពេលវេលាល្អប្រសើរនិងបរិយាកាសការងារជោគជ័យ ដែលជំរុញឱ្យក្រុមទាំងមូលខ្លាំងនិងប្រសើរជាងមុន។

អត្ថប្រយោជន៍ផ្សេងទៀតនៃភាពជាអ្នកដឹកនាំក្នុងកម្រិតទី៣ គឺការទាក់ទាញមនុស្សដែលមានសមត្ថភាពខ្ពស់ៗ ផ្សេងទៀតឱ្យមកធ្វើការជាមួយ។ អ្នកពូកែផលិតលទ្ធផលល្អប្រសើរតែងតែទាក់ទាញអ្នកពូកែផលិតដទៃទៀត។ គេគោរពគ្នាទៅវិញទៅមក គេរីករាយក្នុងការសហការគ្នា។ គេធ្វើការបង្កើតសមិទ្ធផលជាមួយគ្នា។ ហើយអ្វីដែលសំខាន់ គេបង្កការលូតលាស់សម្រាប់អង្គការទាំងមូល។

អ្នកដឹកនាំអាចឈានទៅទទួលកម្រិតទី១ “មានឋានៈតួនាទី” ដោយមូលហេតុផ្សេងៗ មានច្រើនរាប់មិនអស់។ គេជាកូនអ្នកធំឬអ្នកមាន គេបង្ហាញការសន្យា គេមានទំនាក់ទំនងល្អ គេលេងល្បិចនយោបាយ គេមានអាយុច្រើន អង្គការមានបញ្ហាប្រឈម ។ល។ និង ។ល។ អ្នកអាចរៀបរាប់បន្ថែមទៀត។ ក៏ប៉ុន្តែ បុគ្គលដែលមាននិស្ស័យពីកំណើតចេះធ្វើការជាមួយមនុស្ស ឬខំប្រឹងរៀនអភិវឌ្ឍខ្លួននូវជំនាញធ្វើការជាមួយមនុស្ស ដែលអាចឈានទៅចាប់កម្រិតទី២ និងឡើងទៅលើបន្តទៀត មានមិនច្រើនណាស់ណាទេ។ ហើយមនុស្សភាគច្រើនមិនអាចឡើងបន្តទៅកម្រិតទី២ និងមួយចំនួនមិនអាចឈានបន្តពីកម្រិតទី២ ទៅកម្រិតទី៣ ដែលជាកម្រិតនៃការផលិតទិន្នផលឡើយ។ ហេតុអ្វី? គេមើលទៅដូចជាមិនអាចផលិតទិន្នផលសំខាន់ណាមួយបានសម្រាប់អង្គភាពឡើយ ហើយក្នុងករណីនេះ ជាទូទៅ គេច្រើនជាមនុស្សខ្វះវិន័យផ្ទាល់ខ្លួន ពុំមានក្រមប្រតិបត្តិការងារ មិនដឹងពីរបៀបចាត់ចែង ឬខ្វះជំនាញក្នុងការផលិតទិន្នផលការងារ។ យ៉ាងណាក៏ដោយ បើអ្នកប្រាថ្នាចង់ឡើងទៅខ្ពស់ក្នុងភាពជាអ្នកដឹកនាំ អ្នកចាំបាច់ត្រូវខំប្រឹងផលិតទិន្នផល។​ ពុំមានផ្លូវវាងណាផ្សេងពីនេះទេ។
  • ច្បាប់នៃភាពជាអ្នកដឹកនាំក្នុងកម្រិតផលិតភាព

ប្រសិនបើអ្នកចង់ប្រើប្រាស់ច្បាប់នៃភាពជាអ្នកដឹកនាំ ដើម្បីជួយអ្នកឱ្យលូតលាស់ទៅរកកម្រិតទី៣ ចូរចាប់អារម្មណ៍លើចំណុចដូចខាងក្រោម។

១. ច្បាប់នៃការគោរព 

ជាធម្មជាតិមនុស្សតែងដើរតាមបុគ្គលណាដែលខ្លាំងជាងខ្លួន។ នៅពេលអ្នកខំប្រឹងធ្វើការ ដើម្បីទទួលការជឿជាក់នៃទំនាក់ទំនងល្អក្នុងកម្រិតទី២ លទ្ធផលវិជ្ជមានគឺជាអ្វីដែលមើលមិនឃើញផ្ទាល់នឹងភ្នែកទេ ដូចជាសីលធម៌និងភាពស្មោះត្រង់។ ផ្ទុយទៅវិញ ​លទ្ធផលនៃភាពជាអ្នកដឹកនាំល្អគឺអាចមើលឃើញច្បាស់នៅកម្រិតទី៣។​ គេអាចមើលឃើញអង្គការមានដំណើរការល្អជាងមុន ទិន្នផលកើនឡើង និងប្រាក់ចំណេញច្រើនជាងមុន។ លទ្ធផលគឺថា គេមើលឃើញភាពខ្លាំងរបស់អ្នក និងយល់បានថា អ្នកក៏អាចធ្វើអ្វីបាន។​ ភាពជឿជាក់លើអ្នកត្រូវបានបង្កើតឡើង។ មនុស្សទាំងឡាយគោរពអ្នក ហើយគេដើរតាមអ្នកមិនគ្រាន់តែដោយសារអ្នកប្រព្រឹត្តគប្បីចំពោះគេទេ​ ប៉ុន្តែ ដោយសារគេឃើញអ្វី ដែលអ្នកបានធ្វើចំពោះក្រុមការងារ និងអង្គការ។

២.ច្បាប់ទំនាញ 

អ្នកជានរណា អ្នកនឹងទាក់ទាញមនុស្សបែបនោះ។ នៅពេលដែលអ្នកឈានដល់កម្រិតទី៣ ហើយបង្កើតក្រុមការងារមួយដែលផ្ដល់ទិន្នផលខ្ពស់ អ្នកចាប់ផ្ដើមទាក់ទាញអ្នកមានសមត្ថភាពពូកែផលិតដទៃទៀត។ រឿងដែលល្អប្រពៃចំពោះរឿងនេះគឺថា វាជួយអ្នកក្នុងការបង្កើតក្រុមការងារមួយកាន់តែខ្លាំងថែមទៀត។ បញ្ជូលបន្ថែមបុគ្គលដែលមានសមត្ថភាពផលិតខ្ពស់ទៅក្នុងក្រុម នឹងលើកកម្ពស់ស្ដង់ដារផលិតរបស់ក្រុម ហើយរុញឱ្យគ្រប់សមាជិកសកម្មជាងមុន។ បើទោះបីជាក្នុងក្រុមអាចមានសមាជិកមួយចំនួនមានសមត្ថភាពទាបក៏ដោយ ក៏នឹងមានមនុស្សដទៃឈររង់ចាំ ដើម្បីមកជំនួសកន្លែងរបស់សមាជិក ទន់ខ្សោយនោះដែរ។

៣. ច្បាប់នៃរូបភាព 

សហការីធ្វើតាមអ្វីដែលគេបានឃើញ។ អ្នកដឹកនាំតែងតែទទួលការកត់សម្គាល់មើលពីមនុស្សទាំងឡាយ ដែលគាត់ដឹកនាំ ជាពិសេស នៅពេលគាត់ដឹកនាំដោយដើរនៅជួរមុខ។ ជាលទ្ធផល រាល់សកម្មភាពរបស់គាត់ត្រូវបានគេសង្កេត។ បើអ្នកជាមនុស្សពូកែបង្កើតទិន្នផល នេះជារឿងល្អណាស់។ គ្មានអ្វីជំរុញទឹកចិត្តមនុស្សក្នុងផ្លូវវិជ្ជមានជាងការបានឃើញអ្នកដឹកនាំផ្ដល់គំរូល្អទេ។ នៅពេលគេបានឃើញលទ្ធផលជាក់ស្តែងចេញពីអ្នកដឹកនាំ គេដឹងថា គេក៏មានការទទួលខុសត្រូវក្នុងការបង្កើត លទ្ធផលដែរ។ ហើយនៅពេលសមាជិកគ្រប់គ្នាចង់បង្កើតលទ្ធផលល្អ ទិន្នផលខ្ពស់របស់ក្រុមទាំងមូលនឹងកកើតឡើង។

៤. ច្បាប់នៃជ័យជម្នះ 

អ្នកដឹកនាំតែងស្វែងរកផ្លូវសម្រាប់ក្រុមដើម្បីបង្កើតជ័យជម្នះ។ គាត់តែងតែខំប្រឹងធ្វើរឿងនេះ គឺគាត់ខំប្រឹងផលិត​។ ប្រសិនបើអ្នកជាអ្នកដឹកនាំម្នាក់ដែលយកចិត្តទុកដាក់ខំប្រឹងបង្កើតលទ្ធផលជាប្រចាំ អ្នកដទៃនឹងចង់ក្លាយជាសមាជិកក្នុងក្រុមរបស់អ្នក។ ការខំប្រឹងបង្កើតជោគជ័យនឹងធ្វើឱ្យការដឹកនាំរបស់អ្នកកាន់តែប្រសើរឡើង សមាជិកក្នុងក្រុមនឹងគោរពអ្នកកាន់តែខ្លាំង។

៥. ច្បាប់នៃកាលវេលាល្អ 

កាលវេលាល្អប្រពៃគឺជាមិត្តដ៏ល្អម្នាក់របស់អ្នកដឹកនាំ។ កម្រិតទី៣ជាទីតាំងដែលកាលវេលាល្អប្រសើរនឹងរត់តាមអ្នក។ ការបង្កើតលទ្ធផលល្អនឹងជំរុញទៅបង្កើតកាលវេលាល្អប្រសើរ ហើយកាលវេលាល្អប្រសើរ នឹងផ្ដល់ឱកាសឱ្យអ្នកបង្កើតលទ្ធផលកាន់តែអស្ចារ្យ។ ជាមួយនឹងកាលវេលាល្អប្រសើរ ​អង្គការមួយអាចយកឈ្នះបញ្ហាប្រឈមធំៗបាន ទប់ទល់នឹងទំនោរអវិជ្ជមាន ដើរឆ្លងបញ្ហាពីអតីតកាល យកឈ្នះលើ ភាពខកចិត្ត និងបញ្ហាលំបាកៗនៅខាងមុខ។

៦. ច្បាប់នៃអាទិភាព 

អ្នកដឹកនាំយល់ដឹងច្បាស់ថា សកម្មភាពមួយណាសំខាន់ និងមួយណាមិនសូវសំខាន់។ អ្នកដឹកនាំធ្វើរឿង ដែលត្រឹមត្រូវ តាមគន្លងសមស្រប ក្នុងកាលកាលវេលាល្អ ជាមួយហេតុផលពិតជាក់ស្តែង។ គាត់ដឹងថា ក្នុងអង្គការ ឬស្ថាប័នមួយ រឿងណាដែលគួរធ្វើ ហើយធ្វើមុន រឿងណាមិនគួរប្រញាប់ ហើយធ្វើក្រោយ។ គាត់រៀបចំផែនការអាទិភាពការងារ ហើយប្រតិបត្តិស្របនឹងហេតុផលនេះ។​

៧. ច្បាប់នៃការលះបង់ 

អ្នកដឹកនាំត្រូវហ៊ានលះបង់ដើម្បីឡើងខ្ពស់ទៅលើទៀត។ អ្នកផ្សាយវិទ្យុសំឡេង Paul Harvey មានចំណាប់អារម្មណ៍ថា​ “អ្នកនឹងដឹងថា អ្នកកំពុងស្ថិតនៅលើផ្លូវទៅរកភាពជោគជ័យ នៅពេលអ្នកសម្លឹងឃើញផ្លូវនោះឡើងលើភ្នំជានិច្ច”។ អ្នកត្រូវលះបង់បុព្វសិទ្ធិ និងធនធានមួយចំនួនដើម្បីរឿងទៅលើខ្ពស់ទៀត។ អ្នកដឹកនាំរៀនបោះបង់ចោលនូវអ្វីដែលមិនចាំបាច់ ដើម្បីបន្តឡើងភ្នំខ្ពស់ទៀត។

៨. ច្បាប់នៃភាពជឿជាក់ 

មនុស្សទាំងឡាយជឿលើអ្នកដឹកនាំជាងទស្សនវិស័យរបស់គាត់។ ភាពជឿជាក់កើតចេញពីទំនាក់ទំនង ដែលអ្នកកសាងជាមួយមនុស្សទាំងឡាយ និងសមិទ្ធផលដែលអ្នកបង្កើតឡើងនៅចំពោះមុខរបស់គេ។ គេចង់ដឹងថា តើអ្នកយកចិត្តទុកដាក់ចំពោះគេកម្រិតណា ហើយអាចផលិតអ្វីបានខ្លះ?

  1. កម្រិតទី៤ការអភិវឌ្ឍមនុស្ស


អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពដឹងថា អ្វីដែលបានជួយគាត់ឱ្យមកដល់កម្រិតដឹកនាំបច្ចុប្បន្ន នឹងមិនគ្រប់គ្រាន់ ក្នុងការរុញគាត់ឱ្យទៅដល់កម្រិតឡើងខ្ពស់ទៅលើទៀត។​ គាត់យល់ថា នៅពេលគាត់ចង់ក្លាយជាអ្នកដឹកនាំប្រសើរជាងមុន គាត់ចាំបាច់ត្រូវខំប្រឹងលូតលាស់និងផ្លាស់ប្ដូរទៅមុខ ហើយការរំកិលទៅរកកម្រិតទាំង៥ជាន់ នៃភាពជាអ្នកដឹកនាំទាមទារនូវការអភិវឌ្ឍបន្ថែមនៃការគិតពិចារណា និងការផ្លាស់ប្ដូរទៅមុខក្នុងភាពជាអ្នកដឹកនាំ។

នៅក្នុងកម្រិតទី៣ ការយកចិត្តទុកដាក់គឺសំដៅលើប្រសិទ្ធភាពផ្ទាល់ខ្លួននិងស្ថាប័ន។ សមត្ថភាពក្នុងការបង្កើតក្រុមការងារមួយដែលមានប្រសិទ្ធភាពខ្ពស់ ឬអង្គភាព ឬស្ថាប័នមួយបង្ហាញនូវកម្រិតនៃ ភាពជាអ្នកដឹកនាំខ្ពស់មួយ ដែលគេអាចមើលឃើញ។ ក៏ប៉ុន្តែ ដើម្បីឈានទៅចាប់កម្រិតខ្ពស់ថែមទៀត នៃភាពជាអ្នកដឹកនាំដែលអាចកសាងស្ថាប័ន ឬអង្គការ ឬក្រុមហ៊ុនឈានទៅមុខទៀតបាន អ្នកដឹកនាំត្រូវផ្លាស់ប្ដូរខ្លួនឯងពីអ្នកផលិតទិន្នផល ទៅជាអ្នកអភិវឌ្ឍមនុស្ស។ ហេតុអ្វី? ពីព្រោះធនធានមនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃជាងគេនៅក្នុងស្ថាប័ន។

អ្នកដឹកនាំនៅកម្រិតទី៤ វិនិយោគពេលវេលា ថាមពល លុយកាក់ និងគំនិតក្នុងការបណ្ដុះអ្នកដទៃ ឱ្យក្លាយជាអ្នកដឹកនាំ។ គាត់សម្លឹងមើលបុគ្គលគ្រប់រូប ហើយព្យាយាមចាប់យកសក្ដានុពលរុញឱ្យលូតលាស់ និងឱ្យក្លាយជាអ្នកដឹកនាំដោយមិនគិតពីរឿងឋាន:តួនាទី អាយុ ឬបទពិសោធន៍ទេ។​ គ្រប់បុគ្គលទាំងអស់សុទ្ធតែមានសក្ដានុពលជាបេក្ខជនសម្រាប់ការអភិវឌ្ឍខ្លួន។ ការប្រតិបត្តិនេះ ដែលកំណត់និងអភិវឌ្ឍមនុស្ស នឹងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងអង្គការ ហើយអាចទាញយកចំណុចល្អៗ នៅក្នុងខ្លួនបុគ្គល។ វានឹងក្លាយជាធាតុរុញបង្កើតចំណុចល្អៗរបស់ក្រុមទាំងមូល។ អភិវឌ្ឍបុគ្គលម្នាក់ឱ្យក្លាយជាអ្នកដឹកនាំបានជោគជ័យ វានឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍក្រុមទាំងមូលសម្រាប់ភាពជោគជ័យនៃស្ថាប័នទាំងមូល។
  • ទាញយកភាពល្អប្រសើរក្នុងក្រុមការងារ

នៅក្នុងសៀវភៅ “ជំនាញនៃការគ្រប់គ្រង” លោក Peter Drucker បានធ្វើការសង្កេតថា ការធ្វើសេចក្ដីសម្រេចជ្រើសរើសមនុស្សត្រូវ គឺជាមធ្យោបាយសំខាន់បំផុតក្នុងការគ្រប់គ្រងអង្គការឱ្យបានល្អ។ ការធ្វើសេចក្ដីសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងថា តើការគ្រប់គ្រងមានសមត្ថភាពបែបណា មានគុណតម្លៃអ្វីខ្លះ និងយកចិត្តទុកដាក់លើការងារខ្លាំងដែរឬទេ។ មិនថាអ្នកគ្រប់គ្រងប្រឹងលាក់បាំងការសម្រេចចិត្តរបស់គាត់ យ៉ាងណាទេ ការសម្រចចិត្តទាំងនោះ មិនអាចលាក់ទុកជាអាថ៌កំបាំងបានយូរឡើយ។ វាតែងលេចបង្ហាញឱ្យឃើញដោយជៀសពុំរួច។ អ្នកគ្រប់គ្រងដែលមិនប្រឹងប្រែងរើសមនុស្សឱ្យបានត្រឹមត្រូវល្អ នឹងទទួលហានិភ័យខ្ពស់ ក្នុងការទទួលយកទិន្នផលទាប។ គាត់ប្រឈមនឹងការបាត់បង់ការគោរពទៅលើអង្គការរបស់គាត់។

តើការផ្ដោតការយកចិត្តទុកដាក់លើមនុស្ស និងរឿងរើសមនុស្សបង្ហាញយ៉ាងណាទៅលើសកម្មភាព? អ្នកដឹកនាំដែលយកចិត្តទុកដាក់លើការអភិវឌ្ឍមនុស្ស នឹងងាកការផ្ដោតរបស់គាត់ចេញពីការផលិតទិន្នផល ទៅអភិវឌ្ឍមនុស្សឱ្យលូតលាស់ទៅរកសក្ដានុពលរបស់គេ។ គាត់ចំណាយពេលតែ២០%ទេលើការកសាង ទិន្នផលការងារ ដោយទុកពេល៨០%ក្នុងការជួយអភិវឌ្ឍនិងដឹកនាំមនុស្ស។

ការនេះគឺជារឿងដ៏លំបាកមួយសម្រាប់ការផ្លាស់ប្ដូរចំពោះអ្នកដឹកនាំ ដែលធ្លាប់តែយកចិត្តទុកដាក់បង្កើតទិន្នផល ដោយដៃមិនទំនេរ ប៉ុន្តែ ជាការផ្លាស់ប្ដូរមួយដែលចាំបាច់ធ្វើឱ្យអង្គការលូតលាស់បន្ថែម និងមានអនាគតវែងឆ្ងាយទៅមុខ។
  • ជំនឿដែលជួយឱ្យអ្នកដឹកនាំម្នាក់ឡើងទៅដល់កម្រិតទី៥

នៅពេលអ្នកបានឈានទៅដល់កម្រិតទី៤ អ្នកកំពុងដឹកនាំនៅកម្រិតដ៏ខ្ពស់មួយហើយ ខ្ពស់ជាង៩០% នៃអ្នកដឹកនាំទាំងអស់។ ប៉ុន្តែ នៅមានកម្រិតមួយខ្ពស់ទៀតដែលអ្នកអាចឈានទៅដល់។ មានអ្នកដឹកនាំតិចជាង១%ទេដែលអាចឈានទៅដល់កម្រិតនេះ។ ដើម្បីត្រៀមរៀបចំខ្លួនអ្នកឈានទៅដល់កម្រិត ចុងក្រោយនេះ ហើយខំប្រឹងដើម្បីទៅឱ្យដល់ អ្នកត្រូវចាប់យកជំនឿដូចតទៅនេះ។

១. គោលដៅខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំគឺអភិវឌ្ឍអ្នកដឹកនាំ មិនមែនទទួលបានអ្នកគាំទ្រច្រើន ឬធ្វើការបង្កើតទិន្នផលទេ

នៅពេលអ្នកជួយអ្នកដទៃឱ្យក្លាយជាអ្នកដឹកនាំ អ្នកផ្លាស់ប្ដូរជីវិតរបស់ពួកគេ។ អ្នកផ្លាស់ប្ដូររបៀបសម្លឹង មើលទៅពិភពលោករបស់គេ។ អ្នកផ្លាស់ប្ដូរសមត្ថភាពរបស់គេ អ្នកបង្កើតសក្ដានុពលរបស់គេ។​ អ្នកផ្លាស់ប្ដូររបៀបធ្វើការរបស់គេជាមួយអ្នកដទៃ។ នៅពេលគេក្លាយជាអ្នកដឹកនាំល្អ អ្នកមិនត្រឹមតែ ជួយគេឱ្យមានជីវិតល្អប្រសើរទេ ប៉ុន្តែ ក៏បង្កឥទ្ធិពលវិជ្ជមានដល់អ្នកដទៃដែលគេប្រាស្រ័យទាក់ទងដែរ។ ខ្ញុំជឿថានេះជាវិធីដែលអ្នកផ្លាស់ប្ដូរពិភពលោកឱ្យប្រសើរឡើង។

២.​ ដើម្បីអភិវឌ្ឍអ្នកដឹកនាំ អ្នកត្រូវបង្កើតនូវវប្បធម៌នៃភាពជាអ្នកដឹកនាំ

អ្នកមិនអាចឈានឡើងទៅដល់កម្រិតទី៥បានទេ បើអ្នកមិនបង្កើតវប្បធម៌នៃភាពជាអ្នកដឹកនាំ។ លោក Jim Blanchard បានធ្វើរឿងនេះនៅក្រុមហ៊ុន Synovus។ នៅក្នុងបទសម្ភាសន៍មួយជាមួយលោក George Barna លោក Blanchard បាននិយាយថា “ខ្ញុំគិតថារឿងដែលសំខាន់និងពិបាក គឺការបង្កើតវប្បធម៌មួយនៅក្នុងអង្គការ ដែលភាពជាអ្នកដឹកនាំត្រូវបានគេចាត់ទុកជារឿងសំខាន់ចម្បង។ វាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សធ្វើការនៅក្នុងក្រុមហ៊ុន ដែលធ្វើឱ្យគេដឹងថាក្រុមហ៊ុននេះយកចិត្តទុកដាក់លើការរីកលូតលាស់ទៅមុខ ហើយរឿងចម្បងក្នុងការលូតលាស់ គឺការយកចិត្តទុកដាក់លើអ្នកធ្វើការនៅក្នុងក្រុមហ៊ុន ដោយសារក្រុមហ៊ុនអាចលូតលាស់បានទាល់តែមានអ្នកធ្វើការទាំងអស់ ឬភាគច្រើន លូតលាស់ប្រសើរជាងមុន។ ដូច្នេះខ្ញុំគិតថា ការកសាងវប្បធម៌មួយដោយយល់ថា ការអភិវឌ្ឍអ្នកដឹកនាំ គឺជារឿងសំខាន់និងចម្បង គឺជាវប្បធម៌ដែលមានតម្លៃណាស់។”

៣. ការអភិវឌ្ឍអ្នកដឹកនាំគឺជាកាតព្វកិច្ចមួយជីវិត មិនគ្រាន់តែសម្រាប់អាជីពការងារនោះទេ

កម្រិតទី៤គឺការអភិវឌ្ឍមនុស្ស ចំណែកកម្រិតទី៥ អ្នកដឹកនាំបំពេញភារកិច្ចជាប់លាប់អភិវឌ្ឍអ្នកដឹកនាំបន្តទៀតក្នុងជីវិតគាត់ ហើយអ្នកដឹកនាំដែលគាត់កសាងអភិវឌ្ឍឡើងក៏អភិវឌ្ឍអ្នកដឹកនាំបន្តទៀត។ វាក្លាយជារបៀបរស់នៅរបស់គាត់ ដែលគាត់ប្រតិបត្តិនៅគ្រប់ពេល និងគ្រប់ទីកន្លែង មិនមែនគ្រាន់តែជាកម្មវិធី ឬកិច្ចការដែលគាត់បំពេញម្ដងម្កាលនោះទេ។ ការជួយណែនាំប្រៀនប្រដៅ គឺជាការងារជាប់លាប់ដែលអ្នកដឹកនាំខិតខំ ដើម្បីជួយបង្កើនតម្លៃដល់អ្នកដទៃ។

  1. កម្រិតទី៥ ៖ ភាពឧត្តុង្គឧត្តម


អ្នកដឹកនាំដែលឈានដល់កម្រិតទី៥ “ភាពឧត្តុង្គឧត្តម” គឺជារឿងកម្រមាន។​ ភាពជាអ្នកដឹកនាំនៅកម្រិតនេះ មិនគ្រាន់តែបង្ហាញពីការដឹកនាំមនុស្សបានល្អក្នុងកម្រិតទាំង៤ទេ តែក៏ទាមទារផងដែរនូវសមត្ថភាពជំនាញខ្ពស់ និងទេពកោសល្យពីធម្មជាតិមួយចំនួនផង។

វាត្រូវការការខំប្រឹងប្រែងក្នុងការអភិវឌ្ឍអ្នកដឹកនាំ ជួយគេឱ្យសម្រេចកម្រិតទី៤ ហើយនេះជាអ្វីដែលអ្នកដឹកនាំ នៅកម្រិតទី៥ប្រតិបត្តិ។​ បុគ្គលដែលឈានដល់កម្រិតទី៥ ធ្វើរឿងនេះបានល្អ និងក្នុងរយ:ពេលវែង រហូតដល់គាត់បន្សល់មរតកនៃភាពជាអ្នកដឹកនាំនៅក្នុងអង្គការ ក្រុមហ៊ុន ឬស្ថាប័នដែលគាត់បម្រើ។

អ្នកដឹកនាំឧត្តុង្គឧត្តមស្ថិតនៅខ្ពស់ផុតពីមនុស្សទាំងពួង។ គាត់តែងជំរុញចិត្តមនុស្ស និងពាំនាំភាពជោគជ័យ នៅកន្លែងដែលគាត់បានទៅ។ ភាពជាអ្នកដឹកនាំនៅកម្រិតនេះលើកតម្កើងអង្គការទាំងមូល និងបង្កើត បរិយាកាសមួយដែលផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នាក្នុងនោះ ហើយរួមចំណែកបង្កើតភាពជោគជ័យទាំងមូលរបស់ស្ថាប័ន។ អ្នកដឹកនាំនៅកម្រិតទី៥ បង្កឥទ្ធិពលយ៉ាងខ្លាំង ដែលរុញឱ្យអង្គការ ឬសហគ្រាស ដែលគាត់បម្រើមានការផ្លាស់ប្ដូរទៅមុខ។

អ្នកដឹកនាំដែលបានឈានដល់កម្រិតឧត្តុង្គឧត្តមនេះ ច្រើនកើតឡើងនៅដំណាក់កាលចុងក្រោយនៃមុខអាជីពរបស់គាត់។ ក៏ប៉ុន្តែ ដំណាក់កាលឧត្តុង្គឧត្តមមិនមែនជាកន្លែងអ្នកដឹកនាំឈប់សម្រាក ហើយក្រឡេកមើលក្រោយសម្លឹងឃើញភាពជោគជ័យរបស់គាត់ទេ។ វាគឺជាកន្លែងដែលគាត់យកចិត្តទុកដាក់ខំប្រឹងខ្លាំងថែមទៀត ដើម្បីបង្កើតឥទ្ធិពលដ៏ធំធេងក្នុងជីវិតរបស់គាត់។ ដូច្នេះហើយអ្នកដឹកនាំដែលឈានដល់កម្រិតទី៥នេះ តែងតែខិតខំធ្វើយ៉ាងខ្លាំងចំពោះពេលវេលានៅសល់ដែលគាត់មាន។

ជាមួយការដឹងគុណនិងភាពឱនលំទោន គាត់ខំប្រឹងប្រែងជួយអភិវឌ្ឍអ្នកដឹកនាំឱ្យបានកាន់តែច្រើនតាមដែរអាច ធ្វើទៅបាន ដោយប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន ហើយពង្រីកឥទ្ធិពលរបស់គាត់ ដើម្បីបង្កការផ្លាស់ប្ដូរជាវិជ្ជមាន មិនត្រឹមតែក្នុងអង្គការ ឬស្ថាប័នរបស់គាត់ទេ។
  • មាគ៌ាណែនាំក្នុងការជួយអ្នកឱ្យបានប្រសើរក្នុងកម្រិតទី៥

សូមប្រើគោលការណ៍ណែនាំដូចខាងក្រោម ដើម្បីជួយអ្នកឱ្យលូតលាស់ជាអ្នកដឹកនាំកម្រិតខ្ពស់ និងជួយអភិវឌ្ឍអ្នកដទៃឱ្យក្លាយជាអ្នកដឹកនាំកម្រិតទី៤។

១. សូមចេះឱនលំទោន និងឱ្យគេបង្រៀនបាន

គ្រោះថ្នាក់ធំបំផុតនៅក្នុងខ្លួនយើងក្នុងការធ្វើដំណើរទៅរកកម្រិតទី៥ គឺការមានគំនិតនិងជំនឿថា យើងបានទៅដល់គោលដៅហើយ ព្រមទាំងយើងមានចម្លើយគ្រប់យ៉ាង មិនចាំបាច់ត្រូវការរៀនទៀតទេ។

២. ថែរក្សាភាពខ្លាំងរបស់អ្នក

នៅពេលអ្នកបានធ្វើដំណើរទៅដល់កម្រិតខ្ពស់នៃភាពជាអ្នកដឹកនាំ អ្នកប្រាកដជាមានទេពកោសល្យខ្លាំង ពិសេសលើចំណុចមួយចំនួន ដែលជាតំបន់នៃភាពខ្លាំងរបស់អ្នកដែលធ្វើឱ្យអ្នកបានមកដល់ទីនេះ។ ចូរកំណត់ភាពខ្លាំងរបស់អ្នក ហើយសរសេរផែនការក្នុងការប្រើប្រាស់វាឱ្យអស់លទ្ធភាព សម្រាប់ពេលទៅខាងមុខ។

៣. បង្កើតរង្វង់ជុំវិញខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីទប់ជំហរបស់អ្នក

រាល់អ្នកដឹកនាំជោគជ័យទាំងឡាយតែងត្រូវការ រង្វង់នៃមនុស្សជំនិតដែលធ្វើការជាមួយគាត់ក្នុងការសម្រេច ទស្សនវិស័យជួយលើកទឹកចិត្តគាត់ពេលធ្វើដំណើរ ហើយជាពិសេសជួយទប់ជំហររបស់គាត់។

៤. ធ្វើតែនូវអ្វីដែលអ្នកអាចធ្វើបាន

វាមានរឿងមិនច្រើនទេ ដែលមានតែអ្នកដឹកនាំកំពូលអាចធ្វើបានសម្រាប់អង្គការ ឬស្ថាប័នរបស់គាត់។ តើរឿងទាំងនោះសម្រាប់អ្នកគឺជាអ្វី? សូមឱ្យប្រាកដថាអ្នកចាត់ទុករឿងទាំងនោះ ជាអាទិភាពចម្បងរបស់អ្នក។

៥. បង្កើតបរិស្ថានមួយដែលយកចិត្តទុកដាក់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ

កត្តាដ៏សំខាន់ចម្បងមួយក្នុងការអភិវឌ្ឍស្ថាប័ន ដើម្បីប្រតិបត្តិភាពជាអ្នកដឹកនាំនៅកម្រិតទី៥ គឺការកសាង និងថែរក្សាបរិស្ថានមួយដែលអ្នកដឹកនាំត្រូវបានអភិវឌ្ឍជាទៀងទាត់។

៦. បង្កើតបន្ទប់នៅទីខ្ពស់

បើអ្នកមិនបង្កើតបន្ទប់នៅទីខ្ពស់សម្រាប់អ្នកដឹកនាំកំពុងអភិវឌ្ឍខ្លួនទេ អ្នកនឹងចំណាយថាមពលជាច្រើន ដោយមិនបានផល ពីព្រោះអ្នកនឹងចាប់ផ្ដើមបាត់បង់ទេពកោសល្យខ្ពស់ៗជាបន្តបន្ទាប់។

៧. អភិវឌ្ឍអ្នកដឹកនាំថ្នាក់កំពូលរបស់អ្នក

នរណាម្នាក់ដែលមានសក្ដានុពលក្នុងការដឹកនាំល្អដូចអ្នក ឬមួយល្អជាងអ្នក គួរស្ថិតនៅចំណុចផ្ដោតនៃការផ្ដល់ដំបូន្មានមួយទល់មួយជាមួយអ្នក។

៨. សូមរៀបផែនការបន្តវេនរបស់អ្នក

ប្រសិនបើអ្នកបានអភិវឌ្ឍអ្នកដឹកនាំនៅកម្រិតទី៤បានច្រើនហើយ សូមចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើបុគ្គលមួយចំនួនតូចដែលមានសក្ដានុពលអាចជំនួសអ្នក។ ប្រសិនបើអ្នកមិនទាន់បានអភិវឌ្ឍអ្នកដឹកនាំ ដែលត្រៀមជំនួសអ្នកទេ សូមចាប់ផ្ដើមពីពេលនេះទៅ។

៩. រៀបផែនការបន្សល់មរតក 

មានការទិទានថាលោក Alfred Nobel បានអានព័ត៌មានអំពីមរណភាពរបស់គាត់ ដែលបានចេញផ្សាយដោយខុសឆ្គងនៅក្នុងការសែតមួយ ហើយការនេះបានជំរុញឱ្យគាត់ផ្លាស់ប្ដូរការផ្ដោតពីការបន្តផលិតគ្រឿងផ្ទុះ ទៅជាការផ្ដល់រង្វាន់ដល់អ្នកវិទ្យាសាស្ត្រ និងរដ្ឋបុរសដែលខំប្រឹងធ្វើការ ដើម្បីបុព្វហេតុសន្ដិភាពនិងការអភិវឌ្ឍ។

១០. ប្រើប្រាស់ភាពជោគជ័យនៃការដឹកនាំរបស់អ្នកជាវេទិកាមួយ 

ដើម្បីបង្កើតឥទ្ធិពលកាន់តែធំ តើអ្នកមានឱកាសអ្វី ដើម្បីចូលរួមបង្កើតផលជះដែលធំជាងរឿងផ្ទាល់ខ្លួនរបស់អ្នក? ចូរចំណាយពេលគិតរឿងនេះបន្តិច រួចហើយប្រើប្រាស់សមត្ថភាពរបស់អ្នក ដើម្បីជាប្រយោជន៍ដល់អ្នកទាំងឡាយដែលនៅហួសពីរង្វង់ដែនឥទ្ធិពលរបស់អ្នក។

គំរូនៃអ្នកដឹកនាំកម្រិតទី៥ គ្រូបង្វឹក John Wooden 


ការកោតសរសើរចំពោះលោកគ្រូ John Wooden ចាប់ផ្ដើមតាំងពីខ្ញុំនៅជាកុមារមកម៉្លេះ។ អ្នកដឹងទេ! បាល់បោះគឺជាក្ដីស្រឡាញ់ចម្បងទី១ របស់ខ្ញុំសម្រាប់កីឡា។ ខ្ញុំមិនភ្លេចសោះឡើយ នៅថ្ងៃមួយ ដែលកាលនោះខ្ញុំរៀនថ្នាក់ទី៤ ហើយខ្ញុំបានចូលរួមប្រកួតកីឡាជាមួយក្រុមបាល់បោះថ្នាក់វិទ្យាល័យ។ កាលនោះទាក់ទាញអារម្មណ៍ខ្ញុំយ៉ាងខ្លាំង។ ឆ្នាំក្រោយមកទៀត ខ្ញុំបានលេងបាល់បោះស្ទើររាល់ថ្ងៃ។ ខ្ញុំបានស្គាល់លោកគ្រូ Wooden ។ តើនរណាដែលមិនស្គាល់គាត់ទៅ! ក្នុងរយៈពេលគាត់បង្វឹកក្រុមកីឡា UCLA លោកគ្រូ Wooden ដឹកនាំក្រុមឈ្នះ ៦២០ដង ក្នុងការប្រកួត ២៧រដូវកាល។ ក្រុមកីឡាគាត់ឈ្នះពានរង្វាន់ NCAA ចំនួន ១០ដង ក្នុងរដូវកាលប្រកួត ១២ដងចុងក្រោយ ហើយឈ្នះជាប់គ្នា ៧ដង ក្នុងចន្លោះឆ្នាំ១៩៦៧ ដល់ ១៩៧៣។ ក្នុងពេលមួយ ក្រុមកីឡាគាត់ឈ្នះ ដោយជាប់កំណត់ត្រាឈ្នះជាប់គ្នា ៨៨ប្រកួត។ ក្រុមកីឡាគាត់ធ្លាប់បានសម្រេចរដូវប្រកួតមួយជាមួយពិន្ទុ ៣០ ទល់ ០ ដ៏ល្អប្រសើរ។ ក្រុមកីឡាឆ្នើមរបស់លោក Wooden ធ្លាប់ឈ្នះការប្រកួត ៣៨ដង ជាប់គ្នាក្នុងការប្រកួតយកពាន NCAA និងជាប់កំណត់ត្រាការប្រកួតនៅផ្ទះខ្លួនឯងដោយឈ្នះ ៩៨ ប្រកួតក្នុងពហុកីឡដ្ឋាន Pauley Pavilion ។ លោក John Wooden ជាប់ឈ្នោះជាគ្រូបង្វឹក ប្រចាំឆ្នាំរបស់ NCAA នៅឆ្នាំ១៩៦៤, ១៩៦៧, ១៩៦៩ ,១៩៧០, ១៩៧១, ១៩៧២ និង ១៩៧៣។ នៅឆ្នាំ១៩៦៧ គាត់ទទួលពានរង្វាន់ និងជាប់ឈ្នោះជាគ្រូបង្វឹកប្រចាំឆ្នាំរបស់ស្ថាប័ន Henry Iba Award USBWA។

ខ្ញុំមានសំណាងមួយ ដោយមានឱកាសបានជួបជាមួយលោកគ្រូ Wooden។ ហើយខ្ញុំមានសំណាងថែមទៀត ដោយរយៈពេល៧ឆ្នាំបន្ទាប់ ខ្ញុំមានឱកាសបានជួបពិភាក្សា និងរៀនសូត្រពីគាត់ជាច្រើនដង។ កាលពីមុន គាត់ធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងពីចម្ងាយ ហើយពេលមកជិត ខ្ញុំមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើគាត់។ ដោយការពិត នៅពេលខ្ញុំបង្រៀនអំពីភាពជាអ្នកដឹកនាំ៥កម្រិត ខ្ញុំត្រូវបានស្នើឱ្យផ្ដល់ជាឧទាហរណ៍អំពីបុគ្គលទាំងនោះ។ លោកគ្រូ John Wooden គឺជាបុគ្គលដែលខ្ញុំតែង លើកយកមកនិយាយជាញឹកញាប់ ពីព្រោះខ្ញុំគិតថា តាមរយៈការសិក្សាអំពីជីវិតរបស់គាត់ គេអាចរៀនសូត្រអំពីមេរៀននៃភាពជាអ្នកដឹកនាំដ៏វិសេសវិសាល។ តទៅនេះ គឺជាមេរៀនដកស្រង់ចេញពីជីវិតរបស់គាត់ ដែលផ្ដល់គំរូនូវភាពជាអ្នកដឹកនាំកម្រិតទី៥។
  • កម្រិតទី១៖ ឋានៈតួនាទី

មនុស្សទាំងឡាយដើរតាមអ្នក ដោយសារអ្នកមានអំណាចនៃឋានៈតួនាទី។ លោកគ្រូ Wooden បង្វឹកបាល់បោះក្នុងរយៈពេល៣០ឆ្នាំ។ ដូចអ្នកដឹកនាំដទៃទៀតដែរ គាត់ចាប់ផ្ដើមដោយទទួលបាន ឋានៈជាគ្រូបង្វឹកនិងមានឱកាសបង្ហាញស្នាដៃរបស់គាត់។ ម្តងម្កាល គាត់ក៏ចាំបាច់ប្រើប្រាស់អំណាចនៃឋានៈតួនាទីដែរ ប៉ុន្ដែ គាត់ប្រើវាដោយតាមរបៀបត្រជាក់។ ជាឧទាហរណ៍ ពេលវេលានៃការហ្វឹកហាត់ មិនជាយូរណាស់ណាទេ ប៉ុន្ដែគាត់តែងតែទាមទារឱ្យកីឡាករទាំងអស់ផ្ដោតអារម្មណ៍ឱ្យពេញលេញ រាល់ពេលដែលគាត់ធ្វើការហ្វឹកហាត់។ បើកីឡាករណាមិនផ្ដោតអារម្មណ៍យកចិត្តទុកដាក់ គាត់បណ្ដេញគេចេញភ្លាម។
  • កម្រិតទី២៖ ការចូលចិត្ត

មនុស្សទាំងឡាយដើរតាមអ្នកពីព្រោះគេចូលចិត្តអ្នក។ ក្នុងរយៈពេលនៃការបង្វឹករបស់គាត់ ទំនាក់ទំនងរបស់លោកគ្រូ John Wooden ជាមួយកីឡាករទាំងអស់គឺមានលក្ខណៈពិសេសជិតស្និទ្ធ។ ហើយបន្ទាប់ពីចប់អាជីពជាគ្រូបង្វឹក គាត់នៅតែបន្តមានទំនាក់ទំនងជាប់លាប់ជាមួយកីឡាករ ដែលគាត់ធ្លាប់ធ្វើការជាមួយ។ ជាច្រើនដងគាត់បានរំឭកខ្ញុំថា៖ ជាអ្នកដឹកនាំម្នាក់ បើអ្នកស្ដាប់គេ គេនឹងត្រងត្រាប់ស្ដាប់អ្នកវិញ។ គាត់យល់ដឹងច្បាស់ថា អ្នកដឹកនាំត្រូវចេះស្ដាប់ ប្រឹងរៀន បន្ទាប់មកទើបអាចដឹកនាំគេបានល្អ។
  • កម្រិតទី៣៖ ផលិតភាព

មនុស្សទាំងឡាយដើរតាមអ្នក ដោយសារតែគេឃើញអ្នកបានបង្កើតសមិទ្ធផលចំពោះអង្គការ ក្រុមហ៊ុន ឬស្ថាប័ន។ លោកគ្រូ Wooden បានផ្លាស់ប្ដូរមុខមាត់ក្រុមកីឡា UCLA នៅរដូវកាលទីមួយ ដែលគាត់ចូលមកកាន់កាប់។ មុនពេលគាត់ចូលមកចាត់ចែងនិងបង្វឹក ក្រុមកីឡាបាល់បោះនេះបានជួបនូវការបរាជ័យ។ នៅឆ្នាំទីមួយដែលគាត់បានក្លាយជាគ្រូបង្វឹក UCLA ក្រុមកីឡាឈ្នះការប្រកួតជើងឯក The Pacific Coast Conference (PCC) ជាមួយពិន្ទុជាប់កំណត់ត្រា ២២ ទល់ ៧។ វាជាការឈ្នះច្រើនបំផុតក្នុងរដូវប្រកួតចាប់តាំងពីការចាប់កំណើតនៃក្រុម UCLA នៅឆ្នាំ១៩១៩។
  • កម្រិតទី៤៖ ការអភិវឌ្ឍមនុស្ស

មនុស្សទាំងឡាយដើរតាមអ្នក ដោយសារអ្នកបានជួយអភិវឌ្ឍគេ។ លោកគ្រូ John Wooden បានមានប្រសាសន៍ថា ជោគជ័យគឺជាសន្តិភាពផ្លូវចិត្តដែលជាលទ្ធផលនៃការពេញចិត្តនឹងខ្លួនឯង ដោយដឹងថា អ្នកបានខំប្រឹងក្លាយជាបុគ្គលល្អបំផុតដែលអ្នកអាចទៅរួច។ នេះជាអ្វីៗដែលអ្នកស្ថិតនៅកម្រិតទី៤ ប្រាថ្នាចង់បានសម្រាប់ខ្លួនគាត់និងអ្នកដែលគាត់ដឹកនាំ គឺការនាំទៅឱ្យដល់សក្ដានុពលរបស់ខ្លួន។
  • កម្រិតទី៥៖ ភាពឧត្ដុង្គឧត្ដម

មនុស្សទាំងឡាយដើរតាមអ្នកដោយសារ គេឃើញអ្នកជាបុគ្គលបែបណា ហើយអ្នកតំណាងឱ្យអ្វីមួយ។ ជាញឹកញាប់ គេមិនទាន់រកឃើញអ្នកដឹកនាំដែលអស្ចារ្យទេ រហូតទាល់តែគាត់បានបាត់បង់ជីវិតទៅ។ គេទៅចូលរួមបុណ្យសព ឬពិធីរំឭកគុណ ហើយមនុស្សគ្រប់គ្នា ក៏ភ្ញាក់ផ្អើលដោយឃើញមនុស្សជាច្រើនបានទទួលរងឥទ្ធិពលពីអ្នកដឹកនាំនេះ។ ក្នុងករណីលោកគ្រូ John Wooden សឹងមិនចាំបាច់រង់ចាំដល់ពេលនោះទេ។ កីឡាករក្នុងក្រុមចន្លោះពេល៤ទសវត្សរ៍ បានទទួលនូវអត្ថប្រយោជន៍ពីភាពជាអ្នកដឹកនាំរបស់គាត់ ហើយកីឡាករជាច្រើនបានក្លាយជាគ្រូបង្វឹក និងបង្កើតជោគជ័យធំធេងបន្តទៀត។ ជាមួយនោះដែរ ក៏មានទស្សនិកជនរាប់លាននាក់ ដែលបានទស្សនា និងកោតសរសើរលោកគ្រូដឹកនាំក្រុមទៅកាន់ភាពជោគជ័យនៅរដូវកាលប្រកួតនីមួយៗ។ គាត់ជាបុគ្គលឈ្លាសវៃ ស្មោះត្រង់ ប្រកាន់គោលការណ៍ មានវិន័យ ទន់ភ្លន់ ចេះលេងសើច ក្លាហាន និងជឿជាក់។ លោកគ្រូ John Wooden គឺជាអ្នកដឹកនាំកម្រិតទី៥។ ដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរ យើងត្រូវការបុគ្គលដូចគាត់ជាច្រើនទៀត៕

=== ^^^ ===


---
ប្រែសម្រួលដោយ សាម អុីន -- មីនា ២០២១ ក្នុងកិច្ចសហការជាមួយក្លឹបអ្នកអានគ្មានព្រំដែន
---
-- អត្ថបទដើម John C. Maxwell (2012): The 5 levels of leaderdhip.

-- អត្ថបទទាក់ទង

១) គុណសម្បត្តិ២១ប្រការរបស់អ្នកដឹកនាំ

២) អ្នកដឹកនាំ ៣៦០ដឺក្រេ


Comments

Sam Inn said…
ខ្ញុំរីករាយស្វាគមន៍មតិយោបល់អស់លោក លោកស្រី។