គុណសម្បត្តិ២១ប្រការរបស់អ្នកដឹកនាំ --សេចក្ដីសង្ខេប--

 


--ក្លាយជាបុគ្គលដែលអ្នកដទៃចង់ដើរតាម--

តើអ្នកធ្លាប់ស្រមៃអំពីអ្វី? នៅក្នុងក្ដីស្រមៃដ៏ធំធេងរបស់ តើអ្នកមើលឃើញខ្លួនឯងកំពុងធ្វើអ្វី?

ឥឡូវនេះ តើអ្វីជាគម្លាតរវាងអ្នកស្ថិតនៅពេលបច្ចុប្បន្ននិងក្ដីស្រមៃទៅមុខរបស់អ្នក? ចម្លើយ គឺភាពជាអ្នកដឹកនាំ។ “អ្វីគ្រប់យ៉ាងងើបឡើង ឬធ្លាក់ចុះដោយសារតែភាពជាអ្នកដឹកនាំ” គឺជាសំដីរបស់លោក John C. Maxwell។ លោកបានបន្តថា ការគ្រាន់តែដឹងអំពីភាពជាអ្នកដឹកនាំគឺមិនទាន់គ្រប់គ្រាន់ទេ ព្រោះថា ការយល់ និង ការប្រតិបត្តិផ្ទាល់អំពីភាពជាអ្នកដឹកនាំគឺជារឿងពីរផ្សេងគ្នា។ 

តើអ្វីទៅដែលធ្វើឱ្យមនុស្សទាំងឡាយចង់ដើរតាមអ្នកដឹកនាំ? គន្លឹះក្នុងការវិវត្តខ្លួនពីបុគ្គលម្នាក់ ដែលយល់អំពីភាពជាអ្នកដឹកនាំ ទៅជាបុគ្គលម្នាក់ដែលដឹកនាំមនុស្សដោយជោគជ័យក្នុងពិភពជាក់ស្ដែង គឺអត្តចរិត។ គុណសម្បត្តិនៃអត្តចរិតរបស់អ្នកបង្កឱ្យភាពជាអ្នកដឹកនាំរបស់អ្នកងើបខ្ពស់និងរស់រវើកឡើង។ បើគុណសម្បត្តិមិនល្អវានឹងក្លាយជាឧបសគ្គចម្បងនៃដំណើររបស់អ្នកទៅរកភាពជោគជ័យ។ 

លោក John C. Maxwell បានបង្ហាញគុណសម្បត្តិ២១ប្រការ ដែលគាត់បានរកឃើញក្នុងចំណោមអ្នកជោគជ័យធំធេងទាំងឡាយ ហើយគាត់បានពន្យល់ណែនាំអំពីបុគ្គលិកលក្ខណ:ទាំងនោះនៅក្នុងសៀវភៅគុណសម្បត្តិ២១ប្រការ ដែលមិនអាចខ្វះបានរបស់អ្នកដឹកនាំ ។

ភាពជាអ្នកដឹកនាំគឺកើតចេញពីក្នុងខ្លួន មិនមែនបានមកពីខាងក្រៅនោះទេ។ នៅពេលដែលអ្នកបានក្លាយខ្លួនជាអ្នកដឹកនាំ នៅខាងក្នុងខ្លួនអ្នក ហើយអ្នកនឹងផ្ដល់ពន្លឺចេញមកក្រៅឱ្យអ្នកដទៃចង់ដើរតាម។ ប្រសិនបើអ្នកអភិវឌ្ឍគុណសម្បត្តិទាំងនោះបាន អ្នកនឹងដឹងថាគ្មានអ្វីមួយអាចមករារាំងអ្នកមិនឱ្យសម្រចគោលដៅបានទេ។  នៅក្នុងសេចក្ដីសង្ខេបនេះ អ្នកនឹងបានរៀនអំពី ៖

  • ហេតុដែលបណ្ដាលឱ្យអ្នកដឹកនាំមានប្រសិទ្ធភាពដោយសារគាត់មានលក្ខណសម្បត្តិនៅក្នុងខ្លួន។

  • មាគ៌ាទៅរកកម្រិតខ្ពស់នៃភាពជាអ្នកដឹកនាំ តាមរយ:ការអភិវឌ្ឍគុណភាពអត្តចរិតចេញពីក្នុងទៅក្រៅ។

  • ការប្ដេជ្ញាចិត្តដ៏ពិតប្រាកដជំរុញចិត្តនិងទាញមនុស្សឱ្យដើរតាម។

  • របៀបនៃការចាប់ផ្ដើមនិងថែរក្សាដំណើរលូតលាស់ផ្ទាល់ខ្លួន។


មាតិកា

  • តើអ្នកមានលក្ខណសម្បត្តិក្នុងការក្លាយជាអ្នកដឹកនាំអស្ចារ្យហើយឬនៅ?

  • អត្តចរិត មន្តស្នេហ៍ ការប្ដេជ្ញាចិត្ត 

  • ការប្រាស្រ័យទាក់ទង សមត្ថភាព សេចក្ដីក្លាហាន 

  • ការត្រិះរិះពិចារណា ការផ្ដោតអារម្មណ៍ ចិត្តសប្បុរស

  • ការផ្ដួចផ្ដើមគំនិត ការស្ដាប់ ចំណូលចិត្ត

  • ឥរិយាបថវិជ្ជមាន ការដោះស្រាយបញ្ហា ទំនាក់ទំនង

  • ការទទួលខុសត្រូវ សុវត្ថិភាព វិន័យផ្ទាល់ខ្លួន

  • ការបម្រើ ឱ្យគេបង្រៀនបាន និងមានទស្សនវិស័យ

 

តើអ្នកមានគុណសម្បត្តិក្នុងការក្លាយជាអ្នកដឹកនាំអស្ចារ្យហើយឬនៅ?

តើអ្នកដឹងទេថា អ្នកមានលក្ខណសម្បត្តិទាក់ទាញមនុស្សឱ្យដើរតាម និងឈានទៅសម្រេចកិច្ចការធំៗហើយឬនៅ? ប្រសិន បើអ្នកចំណាយពេលឆ្លុះបញ្ចាំងខ្លួនឯងឱ្យស៊ីជម្រៅ តើអ្នកសម្លឹងឃើញគុណសម្បត្តិចម្បងៗ ដែលចាំបាច់ក្នុងការសម្រេចក្ដីស្រមៃដ៏ធំធេង ដែលអ្នកបានលាក់ទុកជាយូរមកហើយក្នុងខ្លួនអ្នកហើយឬនៅ? នេះជាសំណួរដែលយើងគ្រប់គ្នាត្រូវមានសេចក្ដីក្លាហានក្នុងការសួរខ្លួនឯង និងធ្វើការឆ្លើយដោយស្មោះត្រង់ បើយើងចង់សម្រេចសក្ដានុពលខ្ពស់បំផុតរបស់យើង។ 


១.​ អត្តចរិត

អ្នកដឹកនាំម្នាក់ដោះស្រាយស្ថានការណ៍ទាំងឡាយដែលកើតឡើងក្នុងជីវិតគេយ៉ាងម៉េច ប្រាប់យើងយ៉ាងច្រើនអំពីអត្តចរិត របស់គាត់។ វិបត្តិទាំងឡាយមិនរុញទៅកសាងអត្តចរិតទាំងស្រុងទេ ក៏ប៉ុន្តែ វានឹងបើកបង្ហាញអំពីអត្តចរិតបុគ្គលនោះ។ គ្រោះអាក្រក់ដូចជាផ្លូវបំបែកមួយ ដែលធ្វើឱ្យបុគ្គលម្នាក់ជ្រើសរើសផ្លូវមួយក្នុងចំណោមផ្លូវពីរ គឺការពង្រឹងអត្តចរិត ឬការចុះចាញ់។ រាល់ពេលដែលអ្នកដឹកនាំម្នាក់ជ្រើសរើសយកផ្លូវពង្រឹងអត្តចរិត គេនឹងក្លាយជាបុគ្គលដែលខ្លាំងជាងមុន បើទោះបីការជ្រើសរើសនោះផ្ដល់ផលអវិជ្ជមានក៏ដោយ។ ការអភិវឌ្ឍអត្តចរិតគឺជាចំណុចស្នូលនៃការអភិវឌ្ឍ មិនគ្រាន់តែសម្រាប់អ្នកដឹកនាំនោះទេ ប៉ុន្តែសម្រាប់មនុស្សទូទៅផងដែរ។ 

សួរខ្លួនឯងមើល តើពាក្យសម្ដីនិងសកម្មភាពរបស់អ្នកស្របគ្នាដែរឬទេ? នៅពេលដែលអ្នកនិយាយថា ខ្ញុំនឹងបញ្ចប់ការងារនេះឱ្យទាន់ពេល តើអ្នកពិតជាបានធ្វើវាដែរឬទេ? នៅពេលដែលអ្នកសន្យានឹងកូនអ្នកថា អ្នកនឹងនាំគេទៅមើលកុន ឬទៅលេងសួនច្បារ តើអ្នកបានប្រកាន់ពាក្យរបស់អ្នកដែរឬទេ?​ តើមនុស្សទាំងឡាយអាចទុកចិត្តអ្នកដែរឬទេ នៅពេលដែលអ្នកសន្យាជាមួយគេថាធ្វើអ្វីមួយ?

ដើម្បីធ្វើឱ្យអត្តចរិតរបស់អ្នកប្រសើរឡើង ចូរខំប្រតិបត្តិដូចតទៅ ៖

  • ស្វែងរកស្នាមប្រេះ

សូមចំណាយពេលវេលាស្វែងរកតំបន់ដែលអ្នកនិយាយកុហកបោកប្រាស់ កំណត់ទីតាំងដែលអ្នកធ្លាប់ដើរផ្លូវកាត់ បញ្ឆោតអ្នកផ្សេង ឬធ្វើឲ្យអ្នកដទៃខូចប្រយោជន៍។

  • ស្វែងរកចំណុចខ្សោយ

ចូរសម្លឹងមើលខ្លួនឯង តើអ្នកមានចំណុចខ្សោយណាមួយ ឬច្រើនទាក់ទងនឹងអត្តចរិតអ្នក ដែលវាច្រើនបង្ហាញជា បញ្ហាញឹកញាប់ឱ្យអ្នកប្រឈម។

  • ប្រឈមមុខនឹងបញ្ហា

ចំណុចផ្ដើមនៃការកែប្រែអត្តចរិត គឺនៅពេលដែលអ្នកហ៊ានទទួលយកនិងប្រឈមនូវចំណុចខ្សោយ ឬខ្វះខាត ទាំងឡាយ ហើយហ៊ានប្រឈមដោះស្រាយជាមួយផលវិបាកទាំងឡាយកើតចេញពីសកម្មភាពកែតម្រូវទាំងនោះ។

  • កសាងជាថ្មី

ឥឡូវនេះអ្នកបានដឹងនៅតំបន់នៃចំណុចខ្សោយទាំងឡាយ។ ចូរចាប់ផ្ដើមកសាងផែនការ ដើម្បីទប់ទល់កុំឱ្យអ្នក បង្កើតកំហុសដដែលឡើងវិញ។ 


២. មន្តស្នេហ៍

មនុស្សជា​ច្រើនគិតថាមន្តស្នេហ៍ជាលក្ខណសម្បត្តិមួយដែលអាថ៌កំបាំងស្ទើរតែមិនអាចកំណត់បាន។ គេគិតថា វាកើតឡើង មកពីធម្មជាតិផ្ដល់ឱ្យពីកំណើត។ តែវាមិនមែនជាការពិតទេ មន្តស្នេហ៍បើនិយាយឲ្យចំ វាជាសមត្ថភាពទាក់ទាញ មនុស្សឱ្យយកចិត្តទុកដាក់និងអ្នក។ ហើយវាដូចជាលក្ខណសម្បត្តិនៃអត្តចរិតដទៃទៀតដែរ។ វាជារឿងដែលអាចអភិវឌ្ឍ ឬកសាងក្នុងខ្លួនអ្នកបាន។ ផ្លូវមួយក្នុងការធ្វើឱ្យអ្នកជាមនុស្សមានមន្តស្នេហ៍ ឬដែលអាចទាក់ទាញទឹកចិត្តមនុស្សបាន គឺការឱ្យតម្លៃលើគេខ្ពស់។ រឿងដែលល្អប្រពៃសម្រាប់មនុស្សទាំងឡាយចង់បាន គឺការគោរពពីអ្នកចំពោះតម្លៃនិងសេចក្ដីថ្លៃថ្នូររបស់គេ។ ការណ៍នេះនឹងជួយគេឱ្យគិតថា គេជាមនុស្សមានតម្លៃ ហើយជាមួយនេះ វាក៏ជួយអ្នកផងដែរ។ ​នៅពេលអ្នកឱ្យតម្លៃអ្នកដទៃ លើកទឹកចិត្តអ្នកដទៃ ជួយគេឱ្យដល់សក្ដានុពល នោះគេនឹងគោរពស្រឡាញ់ចូលចិត្តអ្នក។ 

តើអ្នកវាយតម្លៃខ្លួនឯងបែបណាទាក់ទងនឹងមន្តស្នេហ៍របស់អ្នក? តើអ្នកដទៃចាប់អារម្មណ៍លើអ្នកដែរឬទេ? តើគេចូលចិត្តអ្នកដែរឬទេ? បើទេ! ប្រហែលជាអ្នកមានឧបសគ្គមួយចំនួនដូចជា មិនជឿជាក់លើខ្លួនឯង ឆាប់ឆេវឆាវ ចង់បានភាពល្អ ឥតខ្ចោះ និងចូលចិត្តសម្លឹងមើលឃើញចំណុចអាក្រក់។

ដើម្បីលើកកម្ពស់មន្តស្នេហ៍របស់អ្នក ចូរប្រតិបត្តិដូចតទៅ ៖

  • ផ្លាស់ប្ដូរការយកចិត្តទុកដាក់របស់អ្នក

ពេលនិយាយជាមួយអ្នកដទៃ ចូរពិនិត្យមើលថា តើការពិភាក្សាផ្ដោតលើរឿងអ្នកកម្រិតណា។ សូមស្វែងរកតុល្យភាព ហើយជំរុញការពិភាក្សាឱ្យផ្អៀងទៅរករឿងរបស់ដៃគូពិភាក្សារបស់អ្នកឱ្យបានច្រើន។

  • បង្កើតការចាប់អារម្មណ៍លើគេ

នៅពេលដែលអ្នកបានជួបនរណាម្នាក់ជាលើកដំបូង ចូរយកចិត្តទុកដាក់បង្កើតចំណាប់អារម្មណ៍ល្អលើគេ។ សម្លឹងមើលគេជាមួយភាពវិជ្ជមាន ហើយជាពិសេស ចាត់ទុកគេជាមនុស្សមានតម្លៃម្នាក់។

  • ចែករំលែក

សូមដាក់គោលដៅវែងឆ្ងាយក្នុងការចែករំលែកធនធានទៅអ្នកដទៃ។ សូមគិតអំពីការបន្ថែមតម្លៃដល់មនុស្សឱ្យបាន ៥នាក់ក្នុងឆ្នាំនេះ។ ផ្ដល់ធនធានផ្សេងៗ ដើម្បីជួយអ្នកដទៃឱ្យលូតលាស់ផ្នែកគំនិត ជំនាញ និងអត្តចរិត។ 


៣. ការប្ដេជ្ញាចិត្ត

បើអ្នកចង់ក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាព អ្នកត្រូវតែមានការប្ដេជ្ញាចិត្ត។ ការប្ដេជ្ញាដ៏ស្មោះត្រង់ជំរុញនិងទាក់ទាញ មនុស្សដទៃ។ មនុស្សទាំងឡាយនឹងមានជំនឿចិត្តលើអ្នក ដរាបណាអ្នកមានជំនឿចិត្តលើបុព្វហេតុរបស់អ្នក។ ដូចដែលច្បាប់នៃភាពជឿជាក់លើកឡើងអញ្ចឹង មនុស្សទាំងឡាយជឿជាក់លើអ្នកដឹកនាំ មុននឹងគេជឿជាក់លើ ទស្សនវិស័យរបស់គាត់។

ការប្ដេជ្ញាចិត្តចាប់ផ្ដើមពីក្នុងបេះដូងរបស់អ្នក។ ប្រសិនបើអ្នកចង់បង្កើតការផ្លាស់ប្ដូរសម្រាប់ជីវិតអ្នកដទៃ ក្នុងនាមជាអ្នក ដឹកនាំម្នាក់ ចូរសម្លឹងមើលក្នុងបេះដូងរបស់អ្នក តើអ្នកពិតជាមានការប្ដេជ្ញាចិត្តខ្ពស់មែនដែរឬទេ?​ រង្វាស់ពិតប្រាកដនៃការប្ដេជ្ញាចិត្តគឺការធ្វើសកម្មភាព។ នៅពេលមួយ មានតែការប្ដេជ្ញាចិត្តតែមួយមុខប៉ុណ្ណោះ ដែលអាចរុញអ្នកឱ្យបន្តដំណើរទៅមុខទៀតបាន ជាពិសេស នៅពេលស្ថានការណ៍ខ្មៅងងឹតអស់សង្ឃឹមមកដល់។

នៅពេលនិយាយអំពីការប្ដេជ្ញាចិត្ត វាមានបុគ្គលតែ៤ប្រភេទទេគឺ គេចចេញ ចាប់យក បោះបង់ តស៊ូប្រឈមនឹងបញ្ហា។ តើអ្នកជាបុគ្គលប្រភេទណា? តើអ្នកអាចទៅដល់គោលដៅរបស់អ្នកដែរឬទេ? តើមនុស្សដែលជឿលើអ្នក ត្រៀមខ្លួនដើរតាមអ្នកដែរឬទេ? ប្រសិនបើចម្លើយនៅលើសំណួរទាំងនេះអវិជ្ជមាន វាបង្ហាញថាអ្នកកំពុងមានបញ្ហាជាមួយការប្ដេជ្ញាចិត្តរបស់អ្នកហើយ។ 

ដើម្បីលើកកម្ពស់ការប្ដេជ្ញាចិត្តរបស់អ្នក​ ចូរធ្វើរឿងខាងក្រោមនេះ ៖

  • សូមវាស់វាមើល 

ពេលខ្លះយើងគិតថា យើងមានការប្ដេជ្ញាចិត្តលើរឿងអ្វីមួយ តែពិនិត្យមើលសកម្មភាពរបស់យើងបង្ហាញផ្សេង ទៅវិញ។ ចូរចំណាយពេល២ទៅ៣ម៉ោងឆ្លុះបញ្ចាំងមើល តើអ្នកចំណាយពេលលើរឿងអ្វីខ្លះ និងចំណាយធនធាន របស់អ្នកនៅកន្លែងណា? រឿងទាំងនេះជារង្វាស់ពិតប្រាកដនៃការប្ដេជ្ញាចិត្តរបស់អ្នក។ 

  • ដឹងថាអ្វីដែលអ្នកហ៊ានបូជាចំពោះ 

ប្រសិនដល់ពេលមួយអ្នកដឹងថា វាមានអ្វីមួយក្នុងជីវិតអ្នក ដែលអ្នកមិនអាចបញ្ឈប់វាបាន បើទោះបីជាមានអ្វីកើត ឡើងក៏ដោយ។ សូមគិតឱ្យបានច្បាស់លាស់ចំពោះរឿងនេះ ហើយសម្លឹងមើលថា តើសកម្មភាពរបស់អ្នកស្របនឹងរឿងដែលអ្នកត្រៀមបូជាដែរឬទេ?

  • ប្រើវិធីរបស់លោក អេឌីសុន

ប្រសិនបើការចាប់ផ្ដើមដំបូងឈានទៅរកការប្ដេជ្ញាចិត្តរបស់អ្នកនៅជាបញ្ហា សូមសាកល្បងប្រើវិធីរបស់លោក Thomas Edison។ នៅពេលដែលលោកមានគំនិតល្អណាមួយសម្រាប់របកគំហើញថ្មី លោក អេឌីសុន នឹងធ្វើសន្និសីទកាសែត ហើយប្រកាសប្រាប់គេឱ្យដឹង។ បន្ទាប់មកគាត់ក៏ចូលទៅក្នុងបន្ទប់ពីសោធន៍របស់គាត់ ហើយស្វែងរកគំនិតថ្មីនោះឱ្យឃើញ។ នៅពេលដែលអ្នកប្រកាសផែនការរបស់អ្នកឱ្យគេដឹងជាសាធារណ: វានឹងជំរុញអ្នកឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ជាងមុន ដើម្បីធ្វើរឿងអ្វីមួយ។​


៤. ការប្រាស្រ័យទាក់ទង

ជោគជ័យនៃជីវិតអាពាហ៍ពិពាហ៍ ការងារ និងការចងមិត្តរបស់អ្នកជាមួយអ្នកផ្សេង វាអាស្រ័យយ៉ាងខ្លាំងទៅលើសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងរបស់អ្នក។ មនុស្សទាំងឡាយនឹងមិនដើរតាមអ្នកទេ ប្រសិនបើគេមិនដឹងថាអ្នកចង់បានអ្វី ហើយអ្នកទៅណា។ អ្នកនឹងក្លាយជាអ្នកទំនាក់ទំនងក៏មានប្រសិទ្ធភាព ប្រសិនបើអ្នកចេះធ្វើឱ្យសាររបស់អ្នក ងាយយល់ ហើយយកចិត្តទុកដាក់ជាមួយមនុស្សដែលអ្នកកំពុងទាក់ទង។ នៅពេលដែលអ្នកធ្វើការប្រាស្រ័យទាក់ទង ចូរកុំភ្លេចថាគោលដៅចម្បងរបស់អ្នកគឺសកម្មភាព។ នៅពេលដែលអ្នកខំប្រឹងបញ្ជូលព័ត៌មានច្រើនពេក អ្នកកំពុងរំខានការ ប្រាស្រ័យទាក់ទងហើយ។ រាល់ពេលដែលអ្នកនិយាយទៅនរណាម្នាក់ សូមផ្ដល់នូវអ្វីមួយដែលធ្វើឱ្យគេមានអារម្មណ៍ អ្វីមួយដែលគេចងចាំអ្វីមួយដែលគេចង់ធ្វើសកម្មភាព។ 

ប្រសិនបើអ្នកដឹងក្នុងបេះដូងអ្នកថា ទស្សនវិស័យរបស់អ្នកល្អអស្ចារ្យណាស់ ក៏ប៉ុន្តែមនុស្សទាំងឡាយមិនទាន់ជឿជាក់ទេ ប្រហែលជាបញ្ហាប្រឈមគឺទាក់ទងនឹងសមត្ថភាពរបស់អ្នកក្នុងការប្រាស្រ័យទាក់ទងហើយមើលទៅ។

ដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងរបស់អ្នកប្រសើរឡើង សូមប្រតិបត្តិដូចតទៅនេះ ៖

  • ធ្វើឱ្យច្បាស់ដូចស្នូរជួង 

ចូរពិនិត្យមើលលិខិត សំបុត្រ ឬសារផ្សេងៗដែលអ្នកបានសរសេរ តើឃ្លាដែលអ្នកបានសរសេរវាខ្លីច្បាស់លាស់ ឬមួយវាក្រវេចក្រវៀនច្រើនគន្លាក់ពិបាកយល់? តើអ្នកអានអាចចាប់យកន័យដោយងាយស្រួលបាន​ ឬគេប្រើ វចនានុក្រមជាច្រើនដង។ តើអ្នកបានប្រើពាក្យពេចន៍ខ្ពស់ៗពិបាកយល់ ឬពាក្យពេចន៍ធម្មតាងាយយល់? សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ភាពងាយយល់និងភាពច្បាស់លាស់ជាមិត្តដ៏ល្អប្រសើររបស់អ្នក។

  • ផ្លាស់ប្ដូរការផ្ដោតអារម្មណ៍របស់អ្នក 

សូមចាប់អារម្មណ៍លើប្រធានបទ ឬសាច់រឿងពេលដែលអ្នកប្រាស្រ័យទាក់ទង។ តើអ្នកកំពុងនិយាយអំពីរឿងរបស់អ្នក ឬបញ្ហារបស់អ្នកកំពុងស្ដាប់? ប្រសិនបើអ្នកនិយាយនូវរឿងដែលមិនទាក់ទងនឹងគេ ចូរនឹកគិតដល់តម្រូវការ សំណួរ និងក្ដីប្រាថ្នារបស់អ្នកស្ដាប់។ បើអ្នកចាប់អារម្មណ៍ថា តើអ្នកកំពុងនិយាយ ជាមួយនរណា នៅទីណា អ្នកនឹងក្លាយជាអ្នកពូកែប្រាស្រ័យទាក់ទង។

  • ចូររស់នៅជាមួយសាររបស់អ្នក 

តើមានភាពឃ្លាតគ្នាដែរឬទេ រវាងអ្វីដែលអ្នកនិយាយនិងអ្វីដែលអ្នកធ្វើ? ចូរជួបជជែកជាមួយមនុស្សដែលអ្នក ទុកចិត្តមួយចំនួន ហើយសួរគាត់ថា តើអ្នកគោរពរស់នៅជាមួយគោលការណ៍ដែលអ្នកនិយាយដែរឬទេ? ចូរទទួលយកមតិយោបល់ ដោយកុំខំការពារ។ បើដឹងអំពីចំណុចខ្វះខាត ចូរខំប្រឹងប្រែងផ្លាស់ប្ដូររបៀបរស់នៅរបស់អ្នកឱ្យស្របនឹងសារ ដែលមានគោលការណ៍និងគោលដៅរបស់អ្នក។


៥. សមត្ថភាព 

យើងគ្រប់គ្នាតែងកោតសរសើរបុគ្គលទាំងឡាយដែលបង្ហាញសមត្ថភាពខ្ពស់ ដែលគាត់អាចជាជាងចម្លាក់ដ៏ចំណាន កីឡាករល្បីខ្នាតអន្តរជាតិ ឬអ្នកដឹកនាំជំនួញដ៏ជោគជ័យ។ ក៏ប៉ុន្តែ នៅក្នុងការពិត អ្នកមិនចាំបាច់ជា Michael Jordan ឬ Bill Gates ទើបបានក្លាយជាបុគ្គលមានសមត្ថភាពខ្ពស់នោះទេ។ បើអ្នកចង់មានសមត្ថភាព អ្នកត្រូវខំប្រឹងប្រតិបត្តិរាល់ថ្ងៃ យកចិត្តទុកដាក់កែលម្អជាប្រចាំ ខំប្រឹងធ្វើអ្វីមួយឱ្យល្អប្រណិត សម្រេចកិច្ចការឱ្យបានច្រើនជាងការរំពឹងទុក ហើយជួយជំរុញចិត្តអ្នកដទៃ។ 

នៅពេលដែលអ្នកធ្វើអ្វីមួយ តើអ្នកខំប្រឹងអស់ពីកម្លាំងចិត្ត យកចិត្តទុកដាក់ខ្ពស់បំផុតដែរឬទេ? ឬមួយអ្នកចូលចិត្តគិតថាវាល្មមៗបានហើយ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ នៅពេលដែលអ្នកគិតអំពីមនុស្សមានសមត្ថភាព អ្នកនឹងគិតឃើញដល់មនុស្ស៣ប្រភេទ មនុស្សដែលសម្លឹងមើលដឹងថាអ្វីនឹងកើតឡើង មនុស្សដែលអាចធ្វើឱ្យអ្វីមួយកើតឡើង និងមនុស្សដែលបង្កើតអ្វីមួយ ពីព្រោះដោយសារគាត់ដឹងអំពីភាពចាំបាច់។

ដើម្បីធ្វើឱ្យសមត្ថភាពរបស់អ្នកប្រសើរឡើង ចូរប្រតិបត្តិដូចតទៅ ៖

  • ភ្ជាប់ខ្លួនជាមួយការងារ 

ចូរពិនិត្យអារម្មណ៍និងស្មារតីរបស់អ្នក តើអ្នកកំពុងងាកចេញពីកិច្ចការចម្បងរបស់អ្នកដែរឬទេ? បើអ្នកដឹងថា អ្នកកំពុងងាកចេញ សូមចាប់ផ្ដើមភ្ជាប់ខ្លួនអ្នកនឹងកិច្ចការរបស់អ្នកឡើងវិញ។ ចូរកំណត់រកប្រភពនៃបញ្ហា ដែលធ្វើឱ្យអ្នកបែកអារម្មណ៍ ហើយរៀបផែនការដើម្បីដោះស្រាយ។

  • កំណត់និយាមឡើងវិញ

ប្រសិនបើអ្នកមិនអាចសម្រេចផលក្នុងកម្រិតខ្ពស់ជាទៀងទាត់ ចូរពិនិត្យនិយាម ឬស្ដង់ដាររបស់អ្នកឡើងវិញ។ តើអ្នកដាក់គោលការណ៍ទាបពេកឬយ៉ាងណា? តើអ្នកចូលចិត្តធ្វើអ្វីបែបកាត់ៗ ម៉ាៗយកតែស៊ងដែរឬទេ? ប្រសិនបើបែបនេះមែន សូមប្រញាប់ផ្លាស់ប្ដូរ ដោយបន្ថែមការរំពឹងទុកចំពោះខ្លួនឯងឱ្យខ្ពស់ច្រើនជាងមុន។

  • ស្វែងរករឿង៣ប្រការសម្រាប់ភាពប្រសើរឡើង

គ្មាននរណាមួយអាចធ្វើឱ្យខ្លួនឯងប្រសើរឡើង ដោយគ្មានក្តីប្រាថ្នាចំពោះរឿងនេះទេ។ ចូរស្វែងរករឿង៣ប្រការ ដើម្បីបង្កើនជំនាញឯកទេសរបស់អ្នក រួចហើយខំប្រឹងប្រតិបត្តិឱ្យបានល្អប្រសើរជាងមុន។


៦.​ សេចក្ដីក្លាហាន 

លោកស្រី Eleanor Roosevelt មានប្រសាសន៍ថា អ្នកទទួលបានភាពខ្លាំង សេចក្ដីក្លាហាន និងភាពជឿជាក់ តាមរយ:បទពិសោធន៍ទាំងឡាយ ដែលអ្នកបានយកឈ្នះលើសេចក្ដីភ័យខ្លាចរបស់អ្នក។ អ្នកអាចនិយាយទៅកាន់ខ្លួនឯងថា ខ្ញុំបានឆ្លងកាត់គ្រោះកាចនេះហើយ។ ខ្ញុំអាចប្រឈមមុខនឹងបញ្ហាផ្សេងៗទៀត ដែលចូលមកដល់ចំពោះមុខ។ អ្នកត្រូវហ៊ានធ្វើនូវរឿងទាំងឡាយដែលអ្នកគិតថា អ្នកមិនអាចធ្វើបាន។​

​សេចក្ដីក្លាហានគឺការឈរលើគោលការណ៍ មិនមែនរឿងអារម្មណ៍មួយភ្លែតៗនោះទេ។ ប្រសិនបើអ្នកមិនមានសមត្ថភាព ឈរលើគោលការណ៍ច្បាស់លាស់ និងមានជំនឿចិត្តធ្វើរឿងអ្វីមួយទេ អ្នកមិនអាចក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពទេ។ ការប្ដេជ្ញាចិត្តរបស់អ្នកដើម្បីលូតលាស់ទៅរកសក្ដានុពល ត្រូវតែធំជាងសេចក្ដីប្រាថ្នារបស់អ្នកដើម្បីបំពេញចិត្តអ្នកដទៃ។ 

អ្វីដែលអ្នកត្រូវដឹងគឺថា មនុស្សដែលមិនមានសេចក្ដីក្លាហានក្នុងការប្រថុយ និងមនុស្សដែលហ៊ានប្រថុយ គឺមានបទពិសោធន៍នៃសេចក្ដីភ័យខ្លាចដូចតែគ្នាទេក្នុងជីវិត។

ដើម្បីបង្កើតសេចក្ដីក្លាហានរបស់អ្នក ចូរប្រតិបត្តិដូចតទៅនេះ ៖

  • ប្រឈមមុខនឹងបញ្ហា 

ចូរចេញទៅក្រៅ ហើយធ្វើរឿងអ្វីមួយដើម្បីបង្កើតការលូតលាស់នៃសេចក្ដីក្លាហានរបស់អ្នក​ ដូចជា លោតឆ័ត្រយោង និយាយក្នុងចំណោមមហាជន ជិះស្គីលើទឹកកក។ល។

  • និយាយជាមួយបុគ្គលដែលអ្នកគេចមិនចង់ជួប

មនុស្សជាច្រើនចូលចិត្តគេចចេញ មិនហ៊ានប្រឈមមុខជាមួយបុគ្គលណាម្នាក់ក្នុងជីវិត អាចជាសហការីក្នុងកន្លែងធ្វើការ បងប្អូន ឬប្រធានរបស់គេ។ ប្រសិនបើមានរឿងបែបនេះចំពោះអ្នក ចូរទៅរកបុគ្គលនោះ ហើយនិយាយជាមួយគាត់ក្នុងសប្ដាហ៍នេះ។

  • បោះជំហានផ្លាស់ប្ដូរ 

ប្រហែលជាអ្នកធ្លាប់មានការភ័យខ្លាចក្នុងការផ្លាស់ប្ដូរអាជីពរបស់អ្នក។ ចូរពិចារណារឿងនេះឱ្យបានដិតដល់ល្អ។ ប្រសិនបើការផ្លាស់ប្ដូរជារឿងត្រឹមត្រូវ ចូរចាប់ផ្ដើមធ្វើវាទៅ។



៧. ការត្រិះរិះពិចារណា 

ការពិចារណាជាសមត្ថភាពក្នុងការស្វែងរកឫសគល់នៃបញ្ញា ហើយវាអាស្រ័យលើបញ្ញាញាណ ក៏ដូចជាការគិតមានហេតុ មានផល។ ការពិចារណាគឺជាគុណសម្បត្តិមិនអាចខ្វះបានសម្រាប់អ្នកដឹកនាំដែលមានក្ដីប្រាថ្នាខ្ពស់។

មនុស្សដែលខ្វះការពិចារណាកម្រនឹងស្ថិតនៅទីតាំងត្រឹមត្រូវជាមួយពេលវេលាសមស្របណាស់។ បើទោះបីជាអ្នកដឹកនាំ អស្ចារ្យមួយចំនួនមើលទៅដូចជាមានសំណាងសម្រាប់ក្រសែភ្នែកអ្នកសង្កេតមួយចំនួន ក៏ប៉ុន្តែ វាជារឿងពិតជាក់ស្ដែង ដែលអ្នកដឹកនាំទាំងនោះគឺជាអ្នកបង្កើតជោគវាសនាដោយខ្លួនឯង ដែលជាផលនៃការគិតពិចារណារបស់គេ ដែលគេចូលចិត្តប្រើបទពិសោធន៍និងដើរតាមបញ្ញាក្នុងសភាវគតិរបស់គេ។

តើអ្នកអាចមើឃើញឫសគល់នៃបញ្ហាលំបាកៗទាំងឡាយដោយពុំចាំបាច់មានព័ត៌មានដែរឬទេ? តើអ្នកជឿជាក់លើសភាវគតិដូចដែលអ្នកជឿលើការគិតនិងបទពិសោធន៍ដែរឬទេ?

ដើម្បីពង្រឹងការត្រិះរិះពិចារណា ចូរប្រតិបត្តិដូចតទៅនេះ ៖

  • វិភាគលើជោគជ័យអតីកាល 

ចូរក្រឡេកមើលបញ្ហាមួយចំនួនដែលអ្នកធ្លាប់ដោះស្រាយដោយជោគជ័យពីអតីតកាល។ តើអ្វីជាឫសគល់ចម្បង នៃបញ្ហានីមួយៗ? តើអ្វីដែលរុញអ្នកឱ្យជោគជ័យ? ប្រសិនបើអាចចាប់យកប្រភពនៃបញ្ហាបានច្បាស់លាស់ អ្នកប្រហែលជាអាចយកវាប្រើសម្រាប់ដោះស្រាយបញ្ហានាពេលអនាគតបាន។

  • រៀនដឹងថាអ្នកដទៃគិតយ៉ាងម៉េច

តើអ្នកដឹកនាំអស្ចារ្យណា ដែលអ្នកកោតសរសើរ?​ ការរៀនយល់ដឹងថា អ្នកដឹកនាំដែលចេះពិចារណាគិតយ៉ាងម៉េច ធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដែលចេះពិចារណាជាងមុន។ 

  • ស្ដាប់សំឡេងចេញពីក្នុងខ្លួនអ្នក 

ចូរសាកល្បងគិតត្រឡប់ទៅរកពេលដែលសំឡេងក្នុងខ្លួនអ្នក ឬសភាវគតិនិយាយប្រាប់អ្នក ហើយវាជាការត្រឹមត្រូវ។ តើអ្វីជាបទពិសោធន៍រួមនៃរឿងដែលកើតឡើង? ស្វែងរកគំរូ ឬលំនាំដែលអាចផ្ដល់ភាពស៊ីជម្រៅចូលទៅដឹងអំពីសមត្ថភាពនៃសភាវគតិរបស់អ្នក។ 

ការសម្រេចចិត្តមួយដែលកើតចេញពីការត្រិះរិះពិចារណាអាចនឹងផ្លាស់ប្ដូរដំណើរនៃជោគវាសនាអ្នកទាំងស្រុង។


៨. ការផ្ដោតអារម្មណ៍

តើអ្វីជាភាពចាំបាច់ក្នុងការផ្តោតអារម្មណ៍ ដើម្បីក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពម្នាក់? ចំណុចគន្លឹះគឺ កំណត់ អាទិភាពនិងការយកចិត្តទុកដាក់លើរឿងសំខាន់ៗចម្បងៗ។ អ្នកដឹកនាំម្នាក់ដែលដឹងអំពីអាទិភាពការងាររបស់ខ្លួន តែខ្វះការយកចិត្តទុកដាក់ ដឹងថាអ្វីត្រូវធ្វើ ប៉ុន្តែមិនផ្តោតអារម្មណ៍ នឹងមិនសម្រេចផលអ្វីឡើយ។ ប្រសិនបើគេមានការយកចិត្តទុកដាក់ តែមិនដឹងពីអាទិភាពការងារ គេបំពេញកិច្ចការបានច្រើន តែលទ្ធផលរបស់គេគឺមិនលូតទៅមុខទេ។ ក៏ប៉ុន្តែ បើគេស្រូបយកគុណសម្បត្តិទាំងពីរប្រការ គេមានសក្ដានុពលខ្ពស់ក្នុងការសម្រេចរឿងអស្ចារ្យទាំងឡាយ។ 

ដូច្នេះសំណួរដែលមានសារសំខាន់គឺថា តើអ្នកត្រូវប្រើប្រាស់ពេលវេលានិងថាមពលរបស់អ្នកយ៉ាងណា? សូមប្រើប្រាស់មាគ៌ាណែនាំខាងក្រោមដើម្បីជួយអ្នក ៖

  • ផ្ដោតអារម្មណ៍៧០ភាគរយលើភាពខ្លាំង 

អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ដែលសម្រេចសក្ដានុពលខ្ពស់ ចំណាយពេលច្រើនយកចិត្តទុកដាក់លើរឿង ដែលគាត់ពូកែនិងមានភាពបុិនប្រសប់ ជាជាងលើអ្វីដែលគាត់ធ្វើមិនបានល្អ។

  • ផ្តោតអារម្មណ៍២៥ភាគរយលើរឿងថ្មី 

ការលូតលាស់គឺស្មើនឹងការផ្លាស់ប្ដូរ។ បើអ្នកចង់ឱ្យខ្លួនប្រសើរឡើង អ្នកត្រូវខំប្រឹងផ្លាស់ប្ដូរធ្វើឱ្យខ្លួនប្រសើរឡើង។ 

  • ផ្ដោតអារម្មណ៍តែ៥ភាគរយលើចំណុចខ្សោយ 

គ្មានបុគ្គលណាមួយអាចបដិសេធទាំងស្រុងក្នុងការកែប្រែលើចំណុចខ្សោយរបស់ខ្លួនបានទេ។ តែចូរកុំចំណាយ ពេលនិងថាមពលច្រើនទៅលើរឿងនេះ។

តើអ្នកវាយតម្លៃខ្លួនឯងបែបណាទៅលើការផ្ដោតអារម្មណ៍របស់អ្នក? តើអ្នកឱ្យតម្លៃខ្ពស់ទៅលើរឿងតូចតាចរបស់អ្នកដែរឬទេ?

ដើម្បីធ្វើឱ្យប្រសើរឡើង លើការផ្ដោតអារម្មណ៍របស់អ្នក ចូរប្រតិបត្តិដូចតទៅនេះ ៖

  • ដូរទៅរកភាពខ្លាំង 

កំណត់រឿង៣ ឬ៤ប្រភេទដែលអ្នកបំពេញកិច្ចការបានល្អប្រសើរនៅក្នុងអាជីពការងាររបស់អ្នក។ ចូរកំណត់ផែនការក្នុងការផ្លាស់ប្ដូរដោយរុញខ្លួនអ្នកឱ្យចំណាយពេលនិងថាមពល៧០ភាគរយលើភាពខ្លាំងរបស់អ្នក។

  • រកជំនួយសម្រាប់ភាពខ្សោយរបស់អ្នក 

កំណត់ចំណុចខ្សោយរបស់អ្នកឱ្យបាន៣ ឬ៤មុខនៅក្នុងការងារអាជីពរបស់អ្នក រួចហើយផ្ដល់ការងារនោះ ឱ្យអ្នកដទៃជួយ។

  • បង្កើតជ្រុងមួយសម្រាប់ឡើងទៅលើ 

តើអ្វីដែលអ្នកត្រូវការចាំបាច់បំផុតក្នុងការធ្វើដំណើរឡើងភ្នំខ្ពស់តទៀតជាមួយភាពខ្លាំងរបស់អ្នក? សូមគិតពិចារណាឡើងវិញ តើអ្នកធ្វើរឿងនេះយ៉ាងម៉េច?


៩. ចិត្តសប្បុរស

គ្មានអ្វីដែលនិយាយទៅកាន់អ្នកដទៃឮជាងភាពសប្បុរសចេញពីអ្នកដឹកនាំម្នាក់ទេ។​ ភាពសប្បុរសពិតប្រាកដមិនមែន ជារឿងកើតឡើងម្ដងម្កាលទេ។​​ វាចេញពីបេះដូងហើយស្ថិតនៅជាប់រហូតជាមួយជីវិតរបស់អ្នកដឹកនាំ វាអាចជាការ បរិច្ចាគពេលវេលា លុយកាក់ ចំណេះដឹង និងទ្រព្យធនផ្សេងៗ។​ ចូរដាំបណ្ដុះគុណសម្បត្ដិសប្បុរសធម៌ នៅក្នុងជីវិតអ្នក ដោយដឹងគុណចំពោះអ្វីដែលអ្នកមាន។​ សូមកុំបណ្ដោយឱ្យក្ដីប្រាថ្នា​​ចង់បានគ្រប់គ្រងអ្នក ហើយខំប្រឹងប្រែង ប្រតិបត្ដិ​ទម្លាប់ផ្ដល់ឱ្យឱ្យមកសណ្ឋិតក្នុងខ្លួនអ្នក។​ 

តើអ្នកតែងតែស្វែងរកផ្លូវបន្ថែមតម្លៃដល់អ្នកដទៃដែរទេ?​ ហើយតើអ្នកផ្ដល់ពេលវេលាឱ្យទៅនរណា?​ កវីនិពន្ធ John Bunyan មានប្រសាសន៍ថា “អ្នកមិនបានរស់នៅសមស្របថ្ងៃនេះទេ ប្រសិនបើអ្នកមិនបានធ្វើអ្វីមួយសម្រាប់អ្នកផ្សេង ដែលមិនអាចសងត្រឡប់អ្វីសោះដល់អ្នក។” ប្រសិនបើអ្នកមិនបានផ្ដល់ឱ្យអ្វីខ្លះទៅអ្នកដទៃក្នុងជីវិតអ្នក អ្នកប្រហែលជាមិនមែនជាអ្នកដឹកនាំដែលមានសប្បុរសធម៌ទេ។​​ 

ដើម្បីបង្កើតនិងបង្កើនភាពសប្បុរស ចូរប្រតិបត្ដិដូចតទៅ ៖

  • ផ្ដល់អ្វីមួយដល់អ្នកដទៃ

អ្នកមានរបស់អ្វីមួយដែលមានតម្លៃ ហើយចូរអ្នកប្រគល់វាទៅឱ្យនរណាម្នាក់ ដែលអ្នកគិតថានឹងផ្ដល់ប្រយោជន៍ដល់គេ។​

  • ប្រើប្រាស់លុយអ្នកឱ្យបំពេញការងារ

ប្រើប្រាស់លុយរបស់អ្នក ដើម្បីអ្វីមួយដែលធ្វើឱ្យជីវិតអ្នកស្រស់បំព្រង។ ជីវិតស្រស់បំព្រងគឺ ជាជីវិតមួយជួយដល់អ្នកដទៃ។​

  • ស្វែងរកនរណាម្នាក់ដើម្បីបង្រៀន

នៅពេលអ្នកបានទៅដល់កម្រិតណាមួយនៃការដឹកនាំ របស់ដែលមានតម្លៃល្អប្រសើរមួយគឺ ការប្រគល់ខ្លួនអ្នកជួយ អ្នកដទៃ។


១០. ការផ្ដួចផ្ដើមគំនិត

អ្នកដឹកនាំត្រូវបង្ហាញការផ្ដួចផ្ដើមគំនិតដោយសម្លឹងរកឱកាស និងត្រៀមខ្លួនដើម្បីធ្វើសកម្មភាព។​ តើមានលក្ខណសម្បត្ដិអ្វីខ្លះ ដែលអ្នកដឹកនាំត្រូវមានក្នុងការបង្កើតសមិទ្ធផល? ខាងក្រោមនេះជាលក្ខណសម្បត្ដិ៤ប្រការ ៖

  • គាត់ដឹងនូវអ្វីដែលគាត់ប្រាថ្នា។

  • គាត់រុញខ្លួនគាត់ឱ្យធ្វើសកម្មភាព។​

  • គាត់ហ៊ានប្រថុយជាងមុន។​

  • គាត់ធ្វើកំហុសច្រើនជាងមុន។​

តើអ្នកតែងសម្លឹងរកមើលឱកាស ឬក៏រង់ចាំទុកឱ្យឱកាសរត់រកអ្នក។ តើអ្នកហ៊ានបោះជំហានទៅមុខដោយជឿជាក់ លើសភាវគតិល្អប្រពៃរបស់អ្នកដែរឬទេ?​ ឬមួយអ្នកនៅតែវិភាគគ្រប់ជ្រុងជ្រោយ ហើយមិនហានសម្រេចចិត្ដ?​ តើពេលណាជាពេលក្រោយគេ ដែលអ្នកបានផ្ដួចផ្ដើមធ្វើអ្វីមួយសំខាន់សម្រាប់ជីវិតអ្នក។ បើអ្នកមិនដែលបានរុញខ្លួនអ្នកឱ្យចេញពីតំបន់ងាយស្រួលមានសុវត្ថិភាព អ្នកគួរចាប់ផ្ដើមហក់ចេញជាមួយការផ្ដួចផ្ដើមគំនិតណាមួយ។ 

ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្ដួចផ្ដើមគំនិត ចូរប្រតិបត្ដិដូចតទៅ ៖

  • ផ្លាស់ប្ដូរគំនិតរបស់អ្នក

ប្រសិនបើអ្នកខ្វះការផ្ដួចផ្ដើមគំនិត សូមទទួលស្គាល់ថា នេះជាបញ្ហាខាងក្នុងខ្លួនអ្នក មិនមែនដោយសារអ្នកដទៃទេ។ ស្វែងរកប្រភពនៃភាពស្ទាក់ស្ទើរក្នុងខ្លួនអ្នក ហើយព្យាយាមដោះស្រាយ។ 

  • សូមកុំរង់ចាំឱកាសរត់រកអ្នក

ពិនិត្យមើលបញ្ជីស្ដុកទ្រព្យធន ភាពខ្លាំងបុិនប្រសប់ និងធនធានទាំងឡាយរបស់អ្នក។ ការធ្វើបែបនេះ នឹងផ្ដល់គំនិតអ្នកឱ្យដឹងពីសក្តានុពលរបស់អ្នក។ តទៅនេះ សូមចាប់ផ្ដើមសម្លឹងមើលឱកាសជារៀងរាល់ថ្ងៃ។ តើអ្នកមើលឃើញតម្រូវការនៅកន្លែងណា? តើនរណាកំពុងស្វែងរកជំនាញដែលអ្នកមាន? 

  • បោះជំហានទៅមុខទៀត

ចាប់យកឱកាសដែលអ្នកបានជួប ហើយខំប្រឹងធ្វើដំណើរឱ្យបានកាន់តែឆ្ងាយ តាមដែលអាចធ្វើបាន។ សូមកុំឈប់ រហូតដល់អ្នកខំប្រឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យលទ្ធផលកើតឡើង។ 


១១. ការស្ដាប់

លោក Peter Drucker បិតាមុខវិជ្ជាការគ្រប់គ្រងរបស់អាមេរិក​បានសន្និដ្ឋានថា ៦០%នៃបញ្ហាគ្រប់គ្រងកើតចេញពីការយល់ខុសក្នុងការប្រាស្រ័យទាក់ទង គឺកើតចេញពីការមិនចេះស្ដាប់ឱ្យបានល្អ។ មានសំឡេងជាច្រើនបន្លឺឡើង ដើម្បីឱ្យអ្នកយកចិត្ដទុកដាក់ ប៉ុន្ដែសូមចងចាំថា អ្នកមានគោលបំណងចម្បង២ចំណុចក្នុងការស្ដាប់ ៖ គឺដើម្បីភ្ជាប់ ទំនាក់ទំនងល្អ និងដើម្បីរៀន។ 

តើអ្នកជាអ្នកចេះស្ដាប់ដ៏ល្អដែរឬទេ? តើពេលណាដែលអ្នកបានយកចិត្ដទុកស្ដាប់នរណាម្នាក់និយាយដោយពិតប្រាកដ? សូមកុំស្ដាប់ត្រឹមតែពាក្យ តែត្រូវយល់អំពីអារម្មណ៍ អត្ថន័យ និងសាច់រឿងស៊ីជម្រៅផង។​ 

ដើម្បីរៀនបង្កើនការស្ដាប់របស់អ្នក ចូរប្រតិបត្ដិដូចតទៅ ៖​

  • ប្ដូរកាលវិភាគរបស់អ្នក

តើអ្នកបានចំណាយពេលស្ដាប់អ្នកក្រោមបង្គាប់ អតិថិជន គូប្រជែង​ និងអ្នកផ្ដល់ដំបូន្មានបានល្អដែរទេ? បើអ្នកមិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការស្ដាប់មនុស្ស៤ប្រភេទរៀបរាប់ខាងលើបានជាប់លាប់ល្អទេ អ្នកត្រូវប្ដូរកាលវិភាគរបស់អ្នក ដោយត្រូវចំណាយពេលស្ដាប់ពួកគេឱ្យបានល្អ ដោយយកចិត្ដទុកដាក់ខ្ពស់។ 

  • ជួបមនុស្សដោយដឹងអំពីប្រវត្ដិរបស់គេ

គន្លឹះមួយដើម្បីក្លាយជាអ្នកស្ដាប់ដ៏ល្អ គឺការស្វែងយល់ដឹងអំពីប្រវត្តិរបស់មនុស្សដែលអ្នកត្រូវជួប។​ អ្នកត្រូវដឹងខ្លះៗ ថាគេជានរណា មានប្រវត្ដិបែបណា និងចំណាប់អារម្មណ៍លើអ្វី ដើម្បីអ្នកអាចភ្ជាប់ទំនាក់ទំនងបានល្អជាមួយគេ។ 

  • ស្ដាប់ដោយចេះផ្ទៀងផ្ទាត់

នៅពេលអ្នកជួបប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ អ្នកប្រាកដជាយកចិត្ដទុកដាក់លើខ្លឹមសារនៃកិច្ចសន្ទនានោះ ប៉ុន្ដែសូមកុំភ្លេចផ្ទៀងផ្ទាត់ជាមួយអារម្មណ៍របស់ដៃគូសន្ទនាផង។ តើខ្លឹមសារនៃសាច់រឿងនិង​អារម្មណ៍សុីគ្នាដែរឬទេ?

​ 

១២.​ ចំណូលចិត្ដ

តើអ្វីដែលអាចធ្វើឱ្យបុគ្គលម្នាក់មើលទៅហាក់ដូចជាធម្មតាសោះ តែអាចសម្រេចសមិទ្ធផលអស្ចារ្យ?​ ចម្លើយគឺ ចំណូលចិត្ដ។​ គ្មានអ្វីអាចមកជំនួសចំណូលចិត្ដនៅក្នុងជីវិតអ្នកដឹកនាំទេ។​ 

ចំណូលចិត្ដគឺជាជំហានដំបូងក្នុងការធ្វើដំណើរទៅសម្រេចគោលដៅ។ ក្ដីប្រាថ្នារបស់អ្នកជាអ្នកកំណត់ជោគវាសនារបស់អ្នក។ សូមគិតដល់អ្នកដឹកនាំអស្ចារ្យទាំងឡាយ ហើយអ្នកនឹងភ្ងាក់ផ្អើលអំពីចំណូល​ចិត្ដរបស់គាត់ ៖​​ មហាត្ម: គន្ធី មានចំណូលចិត្ដលើសិទ្ធិមនុស្ស Winston Churchill ​មានចំណូលចិត្ដលើសេរីភាព Martin Lutter King Jr. ​មានចំណូលចិត្ដលើភាពស្មើគ្នា Bill Gates​ មានចំណូលចិត្ដលើបច្ចេកវិទ្យា។​ បុគ្គលគ្រប់រូបដែលរស់នៅលើសពីភាពធម្មតាគឺតែងតែមានក្ដីប្រាថ្នាធំធេង។​​ 

ចំណូលចិត្ដជួយពង្រឹងអំណាចផ្លូវចិត្តរបស់អ្នក។ វាជាថាមពលជំរុញក្ដីប្រាថ្នា។ ប្រសិនបើអ្នកមានក្ដីប្រាថ្នាចង់បានអ្វីមួយខ្លាំងគ្រប់គ្រាន់ អ្នកនឹងរកឃើញកម្លាំងទឹកចិត្តដើម្បីសម្រេចវា។ ប្រសិនបើអ្នកដើរតាមចំណូលចិត្តរបស់អ្នក ជំនួសឱ្យការស្តាប់មតិយោបល់អ្នកដទៃ អ្នកនឹងក្លាយជាបុគ្គលដែលមានការប្ដេជ្ញាចិត្តខ្ពស់ និងបំពេញការងារប្រកបដោយប្រសិទ្ធភាព។ 

ដើម្បីបង្កើនចំណូលចិត្តរបស់អ្នក ចូរប្រតិបត្តិដូចតទៅ ៖ 

  • វាស់កំសួលចិត្ដអ្នក

តើអ្នកមានចំណូលចិត្តបែបណាចំពោះជីវិតនិងការងាររបស់អ្នក?​ តើចំណូលចិត្តនោះបង្ហាញប្រាប់អ្នកដែរទេ? អ្នកនឹងមិនមានចំណូលចិត្តខ្លាំងទេ រហូតទាល់តែអ្នកជឿថារឿងនោះធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងជីវិតអ្នក។ 

  • ត្រឡប់ទៅមើលក្ដីស្រឡាញ់ដំបូងរបស់អ្នក

ចូរគិតត្រឡប់ទៅវិញដល់ពេលវេលាដែលអ្នកចាប់ផ្ដើមអាជីពការងារដំបូង ឬមួយនឹកគិតដល់ពេលវេលាកាលអ្នក នៅជាកុមារ។ តើអ្វីទៅដែលអ្នកចំណាយពេលជាមួយរាប់ម៉ោងដោយមិនធុញទ្រាន់ទាល់តែសោះ។ 

សូមសាកល្បងធ្វើឡើងវិញនូវអ្វីដែលជាភាពរីករាយរបស់អ្នក។ រួចហើយវាយតម្លៃជីវិតអ្នកនិងអាជីពរបស់អ្នក ជាមួយនឹងពន្លឺនៃក្ដីស្រឡាញ់ដែលអ្នកធ្លាប់មាន។ 

  • ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលដែលមានចំណូលចិត្ដ

ចំណូលចិត្ដគឺងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ចូរចំណាយពេលជាមួយបុគ្គលដែលរស់នៅជាមួយចំណូលចិត្ដខ្ពស់ ដើម្បីឱ្យគេចម្លងភាពចូលចិត្ដ ភាពពេញចិត្ដចំពោះអ្វីមួយមកដល់អ្នក។

 

១៣.​ ឥរិយាបថវិជ្ជមាន

បើអ្នកមានក្ដីប្រាថ្នាចង់ក្លាយជាអ្នកដឹងនាំមានប្រសិទ្ធភាព ការកសាងឥរិយាបថវិជ្ជមានជារឿងសំខាន់ចាំបាច់។ វាមិនគ្រាន់តែកំណត់ភាពពេញចិត្ដរបស់អ្នកជាបុគ្គលម្នាក់ប៉ុណ្ណោះទេ តែវាមានឥទ្ធិពលខ្លាំងផងដែរ ទៅលើអ្នកដទៃដែលប្រាស្រ័យទាក់ទងជាមួយអ្នក។ 

ឥរិយាបថរបស់អ្នកគឺជាជម្រើសរបស់អ្នក។ មិនថាមានអ្វីកើតឡើងសម្រាប់អ្នកនៅថ្ងៃម្សិលមិញទេ ឥរិយាបថរបស់អ្នកគឺជាជម្រើសរបស់អ្នកថ្ងៃនេះ។​ ឥរិយាបថរបស់អ្នកកំណត់សកម្មភាពរបស់អ្នក។ អ្នកអាចធ្វើការជ្រើសរើសឥរិយាបថរបស់អ្នក ហើយអ្នកអាចផ្លាស់ប្ដូរវាបាន។ 

នៅពេលអ្នកជួបមនុស្សទាំងឡាយ តើអ្នកនិយាយប្រាប់ខ្លួនឯងថា គេកំពុងធ្វើឱ្យអ្នកអាប់ឱន? នៅពេលអ្នកជួបប្រឈម នឹងបទពិសោធន៍ថ្មីៗ តើសំឡេងក្នុងខ្លួនអ្នកប្រាប់អ្នកថា អ្នកនឹងបរាជ័យ? បើអ្នកជួបបញ្ហាបែបនេះ អ្នកកំពុងប្រឈមនឹងការមានឥរិយាបថមិនត្រឹមត្រូវហើយ។ 

ដើម្បីធ្វើឧិ្យឥរិយាបថរបស់អ្នកប្រសើរឡើង ចូរប្រតិបត្ដិដូចខាងក្រោម ៖ 

  • ផ្ដល់ចំណីត្រឹមត្រូវដល់ខ្លួនឯង

បើសិនជាអ្នកត្រូវបានគេបង្អត់ចំណីល្អៗ ចំណីវិជ្ជមានជាយូរមកហើយ អ្នកចាំបាច់ត្រូវផ្ដល់ចំណីដល់ខ្លួនអ្នកឱ្យបានជាប់លាប់ ដែលជាចំណីផ្តល់ការជំរុញចិត្ត និងពង្រឹងស្មារតីរបស់អ្នក។ 

  • សម្រេចគោលដៅរបស់អ្នកជារៀងរាល់ថ្ងៃ

សូមកំណត់គោលដៅតូចៗប្រចាំថ្ងៃ ដែលអ្នកអាចសម្រេចបាន។ លំនាំនៃការសម្រេចគោលដៅជាវិជ្ជមាននឹងជួយអ្នកបង្កើតលំនាំនៃការគិតវិជ្ជមាន។ 

  • សរសេរវានៅលើជញ្ជាំង

ជាផ្នែកមួយនៃការលើកទឹកចិត្ដខ្លួនឯង គេចូលចិត្ដដាក់បណ្ណសរសើរទាំងឡាយ ដែលគេទទួលបាន ឬសុភាសិត ជំរុញចិត្ត ឬសំបុត្រលើកទឹកចិត្ដនៅលើជញ្ជាំង ឬក្ដារខៀនដែលគេអាចមើលឃើញជាប្រចាំ។ ចូរស្វែងរកអ្វីមួយ ដែលជួយជំរុញទឹកចិត្តអ្នក។

 

១៤.​ ការដោះស្រាយបញ្ហា

មិនថាស្ថិតនៅក្នុងផ្នែកណា ឬកន្លែងណាទេ ជាអ្នកដឹកនាំម្នាក់ អ្នកនឹងប្រឈមនឹងបញ្ហា។ បញ្ហាជារឿងមិនអាចជៀសបាន ដោយមូលហេតុបីយ៉ាង ៖ ទី១) យើងរស់នៅក្នុងពិភពលោកមួយដែលភាពស្មុគស្មាញចេះតែកើនឡើង និងមានភាពចម្រុះ។ ទី២) យើងត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្ស និងទី៣) យើងមិនអាចគ្រប់គ្រងស្ថានការណ៍ទាំងឡាយ ដែលកើតឡើងចំពោះយើង។ អ្នកដឹកនាំដែលមានសមត្ថភាពដោះស្រាយបញ្ហាតែងតែស្វាគម៍បញ្ហាមកដល់ ដោយទទួលយកការពិត​ និងព្យាយាមដោះស្រាយម្ដងមួយៗ។ គេតែងសម្លឹងមើលរូបភាពធំក្នុងការឆ្លើយតប ហើយមិនបោះបង់គោលដៅចម្បងទេ នៅពេលគេជួបឧបសគ្គម្ដងៗ។ 

ដើម្បីពង្រឹងសមត្ថភាពដោះស្រាយបញ្ហា ចូរខំប្រឹងប្រតិបត្តិដូចតទៅ ៖ 

  • សម្លឹងរកមើលបញ្ហា

ប្រសិនបើអ្នកធ្លាប់បញ្ជៀសបញ្ហា ចូរចាប់ផ្ដើមសម្លឹងរកមើលវា។ អ្នកអាចធ្វើឱ្យខ្លួនអ្នកប្រសើរឡើងតាមរយៈតែការមានបទពិសោធន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយប៉ុណ្ណោះ។ 

  • បង្កើតវិធីសាស្រ្ត

មនុស្សមួយចំនួនជួបប្រទះនឹងការលំបាកក្នុងការដោះស្រាយបញ្ហា ពីព្រោះគេមិនដឹងអំពីវិធីដោះស្រាយយ៉ាងម៉េច។ សូមសាកល្បងប្រើវិធី TEACH ដូចតទៅ៖

  • ពេលវេលា (Time) : ចំណាយពេលដើម្បីស្វែងយល់អំពីបញ្ហាពិតប្រាកដ។ 

  • ឱ្យគេដឹងឮ (Exposure) : ឱ្យអ្នកដទៃដឹង និងស្វែងយល់ថា តើគេដោះស្រាយបែបណា។​ 

  • ជំនួយ (Assistance) : តើក្រុមការងារអ្នកបានសិក្សាគ្រប់ជ្រុងដែរទេ ដើម្បីរកជំនួយ។​ 

  • បង្កើតគំនិត​ (Creativity): ពិភាក្សាតាមរយៈព្យុះគំនិត អំពីដំណោះស្រាយផ្សេងៗ។ 

  • ប្រតិបត្តិ​ (Hit it ) : ចាប់យកដំណោះស្រាយប្រសើរមួយហើយប្រតិបត្តិទៅ។ 

  • រកមនុស្សនៅក្បែរខ្លួនដែលចេះដោះស្រាយបញ្ហា 

ប្រសិនបើអ្នកមិនមែនជាមនុស្សពូកែដោះស្រាយបញ្ហា ចូរស្វែងរកអ្នកពូកែដោះស្រាយបញ្ហាមកចូលក្នុងក្រុម ការងារ។ គេនឹងជួយបំពេញចំណុះខ្វះខាតរបស់អ្នក​ ហើយអ្នកអាចរៀនពីគេបាន។

 

១៥. ទំនាក់ទំនង

សមត្ថភាពក្នុងការធ្វើការជាមួយមនុស្ស និងបង្កើតទំនាក់ទំនងល្អ គឺជាអ្វីដែលមិនអាចខ្វះបានសម្រាប់ការដឹកនាំប្រកបដោយប្រសិទ្ធភាព។ ជាទូទៅ មនុស្សចូលចិត្តដើរតាមជាមួយបុគ្គលណាដែលគេមានទំនាក់ទងល្អជាមួយ។ វាអាចមានបុគ្គលខ្លះមានជំនាញល្អក្នុងការធ្វើការជាមួយមនុស្ស តែមិនអាចក្លាយជាអ្នកដឹងនាំល្អ ក៏ប៉ុន្ដែ គ្មានអ្នកដឹងនាំល្អណាដែលពុំមានសមត្ថភាពធ្វើការជាមួយមនុស្សទេ។ សូមកុំមើលស្រាលទៅលើឥទ្ធិពលនៃការកសាងទំនាក់ទំនងឱ្យសោះ។ បើជំនាញនៃទំនាក់ទំនងរបស់អ្នកខ្សោយ​ ភាពជាអ្នកដឹងនាំរបស់អ្នកនឹងងាយរងគ្រោះ។ 

ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់អ្នក ចូរប្រតិបត្តិដូចខាងក្រោម ៖ 

  • បង្កើនផ្លូវចិត្ដរបស់អ្នក

ប្រសិនបើសមត្ថភាពរបស់អ្នកក្នុងការយល់អំពីមនុស្សត្រូវការធ្វើឱ្យប្រសើរឡើង សូមចាប់ផ្ដើមស្វែងរកនិងអាន សៀវភៅទាក់ទងនឹងប្រធានបទនេះ រួចហើយចំណាយពេលរៀនសង្កេតមើលមនុស្ស និងប្រាស្រ័យទាក់ទងជាមួយនឹងគេ ដោយប្រើវិធីដែលអ្នកបានរៀនពីសៀវភៅទាំងនោះ។ 

  • ពង្រីកបេះដូងជួយរបស់អ្នក

ចូរធ្វើបញ្ជីនៃរឿងតូចៗទាំងឡាយដែលអ្នកអាចធ្វើបាន ដើម្បីបង្កើនតម្លៃដល់មិត្ដភក្ដិ និងសហការីរបស់អ្នក។ រួចហើយសាកល្បងធ្វើវាម្ដងមួយៗ ជារៀងរាល់ថ្ងៃ។ សូមកុំរង់ចាំរហូតដល់អ្នកមានអារម្មណ៍ថាអ្នកចូលចិត្ត ទើបបានធ្វើរឿងទាំងនេះ។ 

  • កែប្រែទំនាក់ទំនងដែលមិនល្អ

ចូរគិតដល់ទំនាក់ទំនងយូរឆ្នាំដែលដែលមានតម្លៃសម្រាប់អ្នក ហើយបានរលាយបាត់ទៅ។ ចូរធ្វើនូវអ្វីដែលអាចធ្វើបាន ដើម្បីកែលម្អឡើងវិញ។

 

១៦. ការទទួលខុសត្រូវ

អ្នកដឹកនាំល្អមិនដែលចាប់យកសោះឡើយនូវស្មារតីជាជនរងគ្រោះ។ គេទទួលស្គាល់ថា គេជានរណា និងស្ថិតនៅទីណា ហើយតែងមានការទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់គេ​ ដោយមិនបន្ទោសឪពុកម្ដាយ ដៃគូជីវិត បងប្អូន កូនៗ រដ្ឋាភិបាល អ្នកគ្រប់គ្រង ឬសហការីទេ។​ គេតែងប្រឈមនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើងក្នុងជីវិត ហើយព្យាយាមដោះស្រាយ ដោយដឹងថា គេមានឱកាសដឹកនាំក្រុម ដោយសារគេអាចដោះស្រាយបញ្ហា និងធ្វើដំណើរទៅមុខបាន។  

បុគ្គលដែលចេះទទួលខុសត្រូវតែងបំពេញកិច្ចការបានសម្រេច។ គេមានការប្ដេជ្ញាចិត្តបំពេញកិច្ចការតាមភាពចាំបាច់របស់អង្គការ ឬអង្គភាពដែលគេបម្រើ។ ប្រសិនបើអ្នកចង់ដឹកនាំ អ្នកត្រូវទទួលយកស្មារតីទទួលខុសត្រូវក្នុងការសម្រេចការងារ។ 

ដើម្បីពង្រឹងការទទួលខុសត្រូវរបស់អ្នក ចូរប្រតិបត្តិដូចតទៅ ៖ 

  • ស៊ូទ្រាំទៅមុខ

ពេលខ្លះការខ្វះសមត្ថភាពសម្រេចលទ្ធផលនៅពេលមានស្ថានការណ៍លំបាក អាចដោយសារបញ្ហាខ្វះភាពស៊ូទ្រាំ។ ពេលក្រោយ នៅពេលអ្នកស្ថិតក្នុងស្ថានការណ៍មួយ ដែលអ្នកមិនអាចសម្រេចកិច្ចការទាន់ពេលវេលា បរាជ័យក្នុងធុរកិច្ច ឬមិនអាចរៀបចំកម្មវិធីដូចការគ្រោងទុក សូមឈប់បន្ដិច ហើយគិតពិចារណាមើល តើត្រូវសម្រេចកិច្ចការនោះយ៉ាងម៉េច។ សូមពិចារណាលើទម្លាប់ពីមុន ហើយសាកល្បងផ្ដួចផ្ដើមគំនិតថ្មី ដោយមិនបោះបង់គោលដៅដែលបានកំណត់ទុក។ ការនេះនឹងនាំឱ្យអ្នកបង្កើនការទទួលខុសត្រូវល្អក្នុងជីវិត។ 

  • ទទួលស្គាល់ភាពខ្វះខាត

ប្រសិនបើអ្នកមានបញ្ហាសម្រេចកិច្ចការមិនបានល្អប្រសើរ ប្រហែលជាដោយសារអ្នកបានដាក់និយាម​ (ស្ដង់ដារ) ទាបពេក។ សូមស្វែងរកកន្លែងនៃចំណុចមិនល្អរបស់អ្នក រួចហើយធ្វើការកែតម្រូវ ដោយកំណត់និយាមឱ្យបានខ្ពស់ជាងមុន។ 

  • ស្វែងរកឧបករណ៍ប្រសើរជាងមុន

នៅពេលដែលអ្នកដឹងច្បាស់ថា អ្នកបានដាក់និយាមខ្ពស់ហើយ ឥរិយាបថរបស់អ្នកក៏ល្អសមរម្យ ហើយអ្នកខំប្រឹងបំពេញការងារអស់ពីកម្លាំងកាយចិត្ដ ក៏ប៉ុន្ដែ អ្នកមិនអាចសម្រេចលទ្ធផលដូចការរំពឹងទុក ដូច្នេះអ្នកគួរគិតពីការស្វែងរកឧបករណ៍ដែលល្អប្រសើរជាងមុន។ លើកកម្ពស់ជំនាញរបស់អ្នកតាមរយ: ចូលរួមវគ្គបណ្ដុះបណ្ដាល អានសៀវភៅ ឬស្ដាប់ការសំឡេងជាមេរៀនផ្សេងៗ។ ស្វែងរកគ្រូបង្វឹកល្អៗ។ ចូរធ្វើអ្វីៗដែលចាំបាច់ ដើម្បីធ្វើឱ្យខ្លួនអ្នកប្រសើរឡើង។ 


១៧. សុវត្ថិភាព

អ្នកដឹកនាំដែលមានអារម្មណ៍ខ្វះសុវត្ថិភាព ពុំជឿជាក់ខ្លួនឯង គឺគ្រោះថ្នាក់ណាស់ សម្រាប់ខ្លួនគាត់ សម្រាប់អ្នកដើរតាម និងសម្រាប់អង្គការទាំងមូលដែលគាត់ដឹកនាំ ពីព្រោះឈរនៅទីតាំងដឹកនាំ វានឹងបង្ហាញឱ្យឃើញផលជះនៃភាពខ្វះខាត សុវត្ថិភាព។ អ្នកដឹកនាំដែលមិនជឿជាក់ខ្លួនឯងមានលក្ខណៈរួមមួយចំនួនដូចតទៅ៖ គាត់មិនផ្ដល់សុវត្ថិភាពដល់ អ្នកដទៃ។ គាត់ចូលចិត្តទាញប្រយោជន៍ពីមនុស្សច្រើនជាងគាត់ផ្ដល់ឱ្យគេ។ គាត់តែងរាំងខ្ទប់សមត្ថភាពមនុស្សល្អៗ និងរាំងខ្ទប់សមត្ថភាពស្ថាប័នទាំងមូល។ 

ផ្ទុយទៅវិញ អ្នកដឹកនាំដែលមានសុវត្ថិភាពតែងជឿជាក់លើអ្នកដទៃ ពីព្រោះគាត់ជឿជាក់លើខ្លួនឯង។ គាត់មិនក្រអឺតក្រទម គាត់ដឹងអំពីភាពខ្លាំង និងចំណុចខ្សោយខ្លួនឯង ហើយគាត់គោរពខ្លួនឯង។ នៅពេលដែលបុគ្គលិករបស់គាត់បំពេញការងារបានល្អ គាត់មិនមានអារម្មណ៍ភ័យខ្លាចនិងច្រណែនសោះឡើយ។  គាត់ស្វែងរកនិង រើសមនុស្សល្អៗ ដែលមានសមត្ថភាពឱ្យមកធ្វើការជាមួយគ្នា រួចហើយពង្រឹងសមត្ថភាពពួកគេបន្ថែម ដើម្បីឱ្យសម្រេច កិច្ចការបានកាន់តែច្រើន។ ហើយនៅពេលក្រុមការងាររបស់គាត់ជោគជ័យ គឺជាក្ដីរីករាយរបស់គាត់យ៉ាងខ្លាំង។ សូមកុំបណ្ដោយឱ្យអារម្មណ៍ខ្វះសុវត្ថិភាពរារាំងអ្នកក្នុងការសម្រេចសក្ដានុពលរបស់អ្នក។ 

ដើម្បីពង្រឹងសុវត្ថិភាព និងភាពជឿជាក់របស់អ្នក ចូរប្រតិបត្ដិដូចតទៅ ៖ 

  • ដឹងអំពីខ្លួនឯង

ប្រសិនបើអ្នកជាប្រភេទបុគ្គលដែលខ្វះសមត្ថភាព ដោយដឹងអំពីខ្លួនឯងពីកំណើតមក ចូរខំប្រឹងចំណាយពេល ដើម្បីស្វែងយល់អំពីខ្លួនឯង ភាពខ្លាំង ភាពខ្សោយ ជាមនុស្សអត់ធ្មត់ ឬឆេវឆាវ។ល។​​ សូមសួរមនុស្ស ដែលស្គាល់អ្នកច្បាស់ ហើយឱ្យគេជួយប្រាប់អ្នកអំពីភាពខ្លាំងរបស់អ្នក៣ជំនាញ និងចំណុចខ្សោយរបស់អ្នក ៣ប្រការ រួចហើយអ្នកត្រូវចំណាយពេលឆ្លុះបញ្ចាំងខ្លួនឯងលើរឿងទាំងនេះ។ 

  • ផ្ដល់គុណសម្បត្តិដល់អ្នកដទៃ

ប្រសិនបើអ្នកទទួលជំនួយពីអ្នកដទៃ អ្នកត្រូវទទួលស្គាល់ការរួមចំណែករបស់គេ។ ការធ្វើបែបនេះ អ្នកនឹងជួយ ពង្រឹងអាជីពរបស់គេ លើកស្ទួយកម្លាំងចិត្ដរបស់គេ និងជួយឱ្យស្ថាប័នទាំងមូលប្រសើរឡើង។ 

  • ស្វែងរកជំនួយ

ប្រសិនបើអ្នកមិនអាចយកឈ្នះលើអារម្មណ៍ខ្វះសុវត្ថិភាពដោយខ្លួនឯង ចូរស្វែងរកជំនួយដោយឈ្លាសវៃ។ ស្វែងយល់អំពីឫសគល់នៃបញ្ហា និងរកដំណោះស្រាយឱ្យបានល្អសមរម្យ ពីព្រោះវាមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់អ្នកទេ តែសម្រាប់បុគ្គលិករបស់អ្នកផងដែរ។

 

១៨. វិន័យផ្ទាល់ខ្លួន

គ្មានបុគ្គលណាមួយអាចសម្រេចជោគជ័យជាបន្ដបន្ទាប់ដោយខ្វះវិន័យផ្ទាល់ខ្លួនឡើយ។ វាជាកត្តាកំណត់ដែលជួយឱ្យបុគ្គលម្នាក់ឡើងទៅលើខ្ពស់បាន ហើយជាកត្តាគន្លឹះធ្វើឱ្យភាពជាអ្នកដឹកនាំរបស់គេមានភាពស្ថិតស្ថេរទៅមុនបានល្អ។ ប្រសិនបើអ្នកអាចកំណត់បានថា អ្វីជាអាទិភាពសំខាន់ចម្បងចាំបាច់ ហើយប្រតិបត្តិតាមនោះ នោះអ្នកកំពុងប្រកាន់យកវិន័យផ្ទាល់ខ្លួនបានល្អហើយ។ ការចេះគោរពតាមអាទិភាពនៃកិច្ចការ ឬករណីកិច្ចក្នុងជីវិត គឺជាខ្លឹមសារសំខាន់នៃវិន័យផ្ទាល់ខ្លួន។ 

វិន័យផ្ទាល់ខ្លួនមិនមែនជារឿងកើតឡើងម្ដងម្កាលទេ។ វាត្រូវក្លាយជារបៀបរស់នៅក្នុងជីវិតអ្នក។ ដើម្បីអភិវឌ្ឍរបៀបរស់នៅដែលមានវិន័យ កិច្ចការចម្បងមួយរបស់អ្នក គឺត្រូវប្រឈមនឹងកិច្ចខំប្រឹងប្រែងលុបបំបាត់ចោលនូវនិន្នាការគេចវេះ ឬរកលេសមិនទទួលខុសត្រូវ។ នៅពេលអ្នកត្រូវប្រឈមនឹងកិច្ចការដែលត្រូវបំពេញជាចាំបាច់ ហើយអ្នកគិតរកលេសគេចចេញ ដោយសម្លឹងរកកិច្ចការងារងាយស្រួល ជាជាងចាប់យកការលំបាក ចូរផ្លាស់ប្ដូរការគិតរបស់អ្នក ហើយទទួលយកការលំបាក ខិតខំបំពេញកិច្ចការដែលចាំបាច់ត្រូវធ្វើ។ ចូរព្យាយាមរាប់អំពីអត្ថប្រយោជន៍ក្នុងការ បំពេញកិច្ចការដែលចាំបាច់ ហើយខំប្រឹងជម្នះធ្វើវាឱ្យបាន។ 

ប្រសិនបើអ្នកដឹងថា អ្នកមានភាពបុិនប្រសប់ ហើយអ្នកបានធ្វើសកម្មភាពជាច្រើន ប៉ុន្ដៃទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ ប្រហែលជាបញ្ហាចម្បងបណ្ដាលមកពីភាពខ្វះខាតវិន័យផ្ទាល់ខ្លួនហើយ។ 

ដើម្បីពង្រឹងវិន័យផ្ទាល់ខ្លួន ចូរប្រតិបត្ដិដូចតទៅ ៖ 

  • កំណត់អាទិភាពរបស់អ្នក

សូមគិតស្វែងរក២ឬ៣ផ្នែកក្នុងជីវិតរបស់អ្នក ដែលមានសារសំខាន់ខ្លាំងសម្រាប់អ្នក រួចហើយកសាងវិន័យ ដើម្បីការរីកលូតលាស់ក្នុងផ្នែកទាំងនោះ។ 

  • ធ្វើកំណត់ត្រាអំពីហេតុផលចម្បង

ចូរកត់ត្រាទុកនូវអត្ថប្រយោជន៍ទាំងឡាយ ចេញពីការប្រតិបត្តិវិន័យផ្ទាល់ខ្លួន។ យកកំណត់ត្រានោះទុកនៅកន្លែង ណាដែលអ្នកអាចមើលឃើញរាល់ថ្ងៃ។ នៅថ្ងៃណាមួយ ដែលអ្នកមិនចង់ប្រតិបត្តិវិន័យ ចូរអានកំណត់ត្រានោះឡើងវិញ។ 

  • បោះចោលរាល់លេសទាំងឡាយ

ចូរសរសេរនូវមូលហេតុទាំងឡាយដែលធ្វើឱ្យអ្នកមិនចង់កសាងវិន័យផា្ទល់ខ្លួន។ ហើយបើទោះបីអ្នករកឃើញ ហេតុផលណាមួយសមរម្យក៏ដោយ ចូរប្រឹងជម្នះធ្វើវាឱ្យបាន។ ចូរកុំបណ្ដោយខ្លួនអ្នកឱ្យហេតុផល ឬលេសណាមួយជំរុញអ្នកឱ្យលះបង់ការកសាងវិន័យផ្ទាល់ខ្លួន។ 


១៩. ការបម្រើ

ការបម្រើមិនមែនជារឿងឋាន:តួនាទី ឬជំនាញអ្វីទេ។ វាគឺជារឿងឥរិយាបថ។ អ្នកប្រហែលជាធ្លាប់ជួបមនុស្ស ដែលមានតួនាទីបម្រើ ប៉ុន្ដែមានឥរិយាបថអន់ថយទាក់ទងនឹងការបម្រើ ជាឧទាហរណ៍ មន្រ្ដីរាជការដែលមានតួនាទី ផ្ដល់សេវាសាធារណៈ តែមានសម្ដីគំរោះគំរើយ អ្នករត់តុក្នុងភោជនីយដ្ឋានដែលគ្មានភាពទន់ភ្លន់រស់រាយជាមួយភ្ងៀវ ឬក៏អ្នកលក់ទំនិញដែលនៅនិយាយទូរស័ព្ទជាមួយមិត្ដភក្តិ ដោយធ្វើមិនដឹងមិនឮជាមួយភ្ញៀវដែរចង់សួរ។ ដូចដែលអ្នកធ្លាប់ មានអារម្មណ៍ឃើញបុគ្គលិកម្នាក់មិនចង់ជួយអ្នកដទៃ អ្នកក៏អាចចាប់អារម្មណ៍សង្កេតមើលថា តើអ្នកដឹកនាំម្នាក់នោះមានបេះដូងក្នុងការបម្រើដែរទេ។ សេចក្ដីពិតមួយគឺថា អ្នកដឹកនាំល្អប្រសើរតែងមានចេតនាចង់បម្រើអ្នកដទៃ ជាងបម្រើខ្លួនឯង។ សញ្ញាបង្ហាញដំបូងអំពីការបម្រើគឺទឹកចិត្ដផ្ដល់ឱកាស ផ្ដល់លទ្ធភាព ផ្ដល់ប្រយោជន៍ឱ្យអ្នកដទៃជាមុន មុននឹងយកចិត្តទុកដាក់គិតពីខ្លួនឯង។ 

តើបេះដូងរបស់អ្នកស្ថិតនៅទីណា នៅពេលដែលឱកាសនៃការបម្រើអ្នកដទៃមកដល់ចំពោះមុខ? តើអ្នកត្រូវបានជំរុញចិត្ត ជាមួយស្មារតីបម្រើអ្នកដទៃដែរទេ?​ 

ដើម្បីពង្រឹងស្មារតីបម្រើរបស់អ្នក ចូរប្រតិបត្តិដូចតទៅ ៖ 

  • ធ្វើរឿងតូចៗ

ស្វែងរករឿងតូចៗ ដើម្បីប្រតិបត្តិក្នុងការផ្តល់ការយកចិត្តទុកដាក់របស់អ្នកបម្រើអ្នកដទៃ។ 

  • រៀនដើរយឺតៗជាមួយមនុស្សទាំងឡាយ

នៅពេលដែលអ្នកចូលរួមកម្មវិធីអ្វីមួយ សូមដាក់គោលដៅរបស់អ្នកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ដោយព្យាយាមស្វែងយល់អំពីគេឱ្យបានច្រើន ដោយដឹងអំពីតម្រូវការ ការចង់បាន និងក្ដីប្រាថ្នារបស់គេ។ 

  • ជំរុញឱ្យមានសកម្មភាព

ប្រសិនបើឥរិយាបថនៃការបម្រើវាពុំទាន់មានក្នុងជីវិតអ្នក សូមស្វែងរកវិធីផ្លាស់ប្ដូរឱ្យបានលឿន ដោយចាប់ផ្ដើម ធ្វើសកម្មភាពបម្រើអ្នកដទៃ។ សូមស្វែងរកការងារស្ម័គ្រចិត្តបម្រើនៅតាមព្រះវិហារ សមាគមន៍ផ្សេងៗ ឬ អង្គការស្ម័គ្រចិត្តទាំងឡាយ។

 

២០. ឱ្យគេបង្រៀនបាន

បញ្ហាប្រឈមដ៏ចម្បងមួយរបស់អ្នកដឹកនាំ គឺការពេញចិត្តនឹងស្ថានការបច្ចុប្បន្ន ហើយមិនចង់រៀនសូត្របន្ថែម។ ជាពិសេស នៅពេលអ្នកដឹកនាំម្នាក់ទទួលជោគជ័យនិងមានឥទ្ធិពលខ្លាំងល្មមគួរសម ហើយទទួលបានការគោរពក្នុងកម្រិតមួយផង។ សំណួរមួយក្នុងខ្លួនគាត់គឺថា ហេតុអ្វីក៏គាត់ចាំបាច់ត្រូវការរៀនពីអ្នកដទៃទៀត? ចម្លើយគឺថា ការលូតលាស់បន្ត របស់អ្នកនឹងកំណត់ថា តើអ្នកទាក់ទាញមនុស្សកម្រិតណានិងប្រភេទណា ហើយការទាក់ទាញរបស់អ្នកនឹងកំណត់ កម្រិតជោគជ័យនៃស្ថាប័ន សហគ្រាស ឬអង្គការដែលអ្នកដឹកនាំ។ 

បើអ្នកចង់ឱ្យស្ថាប័នរបស់អ្នកលូតលាស់បន្ដ អ្នកត្រូវជាអ្នកដឹកនាំដែលឱ្យគេបង្រៀនបាន។​ មនុស្សមួយចំនួនមានការយល់ច្រឡំថា​ នៅពេលគេសម្រេចគោលដៅធំមួយណាហើយ គេមិនចាំបាច់ខំប្រឹងរៀនដើម្បីលូតលាស់ទៀតទេ។ វាអាចនឹងកើតឡើងចំពោះរឿងជាច្រើន ដូចជាទទួលសញ្ញាប័ត្របានខ្ពស់មួយ សម្រេចឋាន:តួនាទីខ្ពស់មួយ ទទួលបានពានរង្វាន់អ្វីមួយ ឬសម្រេចគោលដៅហិរញ្ញវត្ថុណាមួយ។ ក៏ប៉ុន្ដែ អ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាព មិនគិតដូច្នេះទេ។​ ថ្ងៃណាដែលគេបញ្ឈប់ការរៀនសូត្រ គឺជាថ្ងៃដែលគេបោះបង់សក្ដានុពលខ្ពស់បំផុតរបស់គេ ហើយជាមួយនេះ សក្ដានុពលរបស់ស្ថាប័នក៏ត្រូវបញ្ឈប់ដែរ។ 

ប្រសិនបើអ្នកមិនទាន់ទៅដល់ទីតាំងដែលអ្នកប្រាថ្នាក្នុងជីវិតនៅពេលនេះ បញ្ហាប្រឈមមួយប្រហែលជាមកពីអ្នកជាបុគ្គល ដែលគេបង្រៀនមិនបាន។ 

ដើម្បីក្លាយជាបុគ្គលឱ្យគេបង្រៀនបាន ចូរប្រតិបត្តិដូចតទៅ ៖ 

  • សង្កេតមើលតើអ្នកប្រតិកម្មនិងកំហុសឆ្គងយ៉ាងម៉េច

តើអ្នកទទួលស្គាល់កំហុសឆ្គងរបស់អ្នកដែរឬទេ? តើអ្នកធ្លាប់សូមទោសចំពោះកំហុសឆ្គងដែរឬទេ? ឬមួយអ្នកតែង ការពារខ្លួនឯងនៅពេលប្រព្រឹត្ដខុស? ប្រសិនបើអ្នកប្រព្រឹត្តមិនល្អ ឬមិនដែលមានកំហុសទាល់តែសោះ អ្នកត្រូវធ្វើការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សដែលគេបង្រៀនបាន។ 

  • សាកល្បងធ្វើរឿងថ្មី

ចូរស្វែងរកផ្លូវធ្វើអ្វីមួយថ្មី ផ្សេងពីមុនដែលអាចពង្រឹងស្មារតី បង្កើនផ្លូវចិត្ត ឬពង្រឹងកាយសម្បទារបស់អ្នកឱ្យខ្លាំងជាងមុន។ 

  • រៀនក្នុងតំបន់ខ្លាំងរបស់អ្នក

ចូរបន្ដរៀននៅក្នុងផ្នែក ឬតំបន់ណាដែលអ្នកបានក្លាយជាអ្នកជំនាញរួចហើយ។ វាជួយការពារអ្នកកុំឱ្យក្លាយជា បុគ្គលដែលចេះអស់ហើយ មិនត្រូវការរៀនបន្ថែមទៀត។

 

២១. ទស្សនវិស័យ

ទស្សនវិស័យគឺជាអ្វីគ្រប់យ៉ាងសម្រាប់អ្នកដឹកនាំម្នាក់។ វាជាអ្វីមួយដែលមិនអាចខ្វះបានសោះឡើយ។ ហេតុអ្វី? ពីព្រោះទស្សនវិស័យនឹងនាំមុខអ្នកដឹកនាំ។ វាបង្ហាញអំពីទិសដៅ។ វាបញ្ឆេះថាមពលនៅក្នុងខ្លួន ហើយជំរុញឱ្យអ្នកដឹកនាំ ធ្វើដំណើរទៅមុខ។ វាក៏ជាពន្លឺផងដែរ ដែលជួយបំភ្លឺផ្លូវដល់អ្នកដើរតាមអ្នកដឹកនាំនោះ។ 

សូមបង្ហាញប្រាប់ខ្ញុំអំពីអ្នកដឹកនាំណាម្នាក់ដែលគ្មានទស្សនវិស័យ ខ្ញុំនឹងប្រាប់អ្នកអំពីអ្នកដឹកនាំដែលមិនអាចទៅណាឆ្ងាយឡើយ។ អ្នកដឹកនាំនោះអាចដើរក្នុងរង្វង់តូចមួយ ហើយមិនទៅណាឆ្ងាយពីរង្វង់នោះទេ។

បើសិនជាអ្នកសម្លឹងចូលមើលក្នុងបេះដូងនិងស្មារតីរបស់អ្នកអំពីទស្សនវិស័យណាមួយ តើអ្នកមើលឃើញអ្វី?​ 

ដើម្បីធ្វើឱ្យទស្សនវិស័យរបស់អ្នករីកលូតលាស់ ចូរប្រតិបត្តិដូចតទៅ ៖ 

  • វាស់ខ្លួនឯង

និយាយទៅកាន់ដៃគូជីវិតរបស់អ្នក មិត្ដជិតស្និទ្ធ ឬសហការីដែលទុកចិត្តបំផុត រួចហើយសួរគេថា តើគេគិតអំពីទស្សនវិស័យរបស់អ្នកយ៉ាងណា។ ប្រសិនបើគេអាចបង្ហាញច្បាស់អំពីទស្សនវិស័យរបស់អ្នក នោះអ្នកកំពុងរស់នៅជាមួយទស្សនវិស័យដ៏ច្បាស់និងមុតមាំហើយ។ 

  • សរសេរវាទុក

ប្រសិនបើអ្នកធ្លាប់គិតអំពីទស្សនវិស័យរបស់អ្នក ប៉ុន្ដែមិនធ្លាប់បានសរសេរកត់ត្រាទុក ចូរចំណាយពេលធ្វើរឿងនេះ។ ពេលអ្នកកត់ត្រាទុកហើយ សូមវាយតម្លៃមើល តើវាមានអត្ថន័យនិងតម្លៃសម្រាប់ជីវិតអ្នកដែរទេ។ រួចហើយ ចូរខំប្រឹងធ្វើដំណើរទៅរកវា ជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលអ្នកមាននិងអាចធ្វើបាន។ 

  • ពិនិត្យបេះដូងរបស់អ្នក

ប្រសិនបើអ្នកមិនដែលបានធ្វើការងារច្រើនអំពីការបង្កើតទស្សនវិស័យ ចូរចំណាយពេល២ឬ៣​សប្ដាហ៍ ឬខែ ដោយរិះគិតអំពីរឿងនេះ។ សូមពិនិត្យមើល តើអ្វីខ្លះមានផលប៉ះពាល់លើអ្នកដល់កម្រិតបេះដូង? តើអ្វីអាចធ្វើឱ្យអ្នកស្រក់ទឹកភ្នែក? តើអ្វីដែលជំរុញអ្នកឱ្យមានក្ដីស្រមៃ? តើអ្វីដែលអ្នកចង់ឃើញឱ្យមានការផ្លាស់ប្ដូរក្នុងសង្គម ឬក្នុងពិភពលោកដែលអ្នករស់នៅ? អ្វីដែលមិនទាន់កើតឡើង តែអាចទៅរួច? 


សេចក្ដីសន្និដ្ឋាន និងដំបូន្មាន

ចូរខំប្រឹងលូតលាស់បន្ដជាអ្នកដឹកនាំម្នាក់។ ចូរខំប្រឹងយកចិត្ដទុកដាក់រៀបកម្មវិធីឱ្យបានទៀងទាត់ ដោយអ្នកចំណាយពេលអានសៀវភៅ ស្ដាប់សារសំឡេងសម្រាប់រៀនសូត្រ ចូលរួមសិក្ខាសាលា​ដែលអាចជំរុញអ្នក ឱ្យលូតលាស់ជាងមុន។ ស្វែងរកអ្នកដឹកនាំ ណាដែលអាចជួយផ្ដល់ប្រឹក្សាដល់អ្នក។ ផ្លូវតែមួយគត់ដែលធ្វើឱ្យអ្នកក្លាយជា អ្នកដឹកនាំដែលគេចង់ដើរតាម គឺការបន្ដលូតលាស់ និងរៀនសូត្រអំពីភាពជាអ្នកដឹកនាំ៕ 

=== ^^^ ===


---

ប្រែសម្រួលដោយ សាម អុីន -- សីហា ២០២០ -- ក្នុងកិច្ចសហការជាមួយ ក្លឹបអ្នកអានគ្មានព្រំដែន

---

-- អត្ថបទដើម John C. Maxwell (2010): The 21 indispensable qualities of a leader.


-- អត្ថបទទាក់ទង

១. អ្នកដឹកនាំ៣៦០ដឺក្រេ

២. បុគ្គលិកលក្ខណៈ៧ប្រការរបស់អ្នកដឹកនាំដ៏ល្អប្រពៃ

៣. ចិត្តគំនិត៥ប្រការរបស់បុគ្គលជោគជ័យធំធេង

Comments