ភាពជាអ្នកដឹកនាំ របស់ សម្តេចតេជោ

 

“ប្រសិនបើខ្ញុំស្លាប់ ក៏ស្លាប់តែខ្ញុំ ប៉ុន្តែ ប្រសិនបើបានមកវិញ គឺបានផែនដីទាំងមូល។” -- សម្តេច ហ៊ុន សែន

>> សេចក្តីផ្តើម ​
នៅពេលគេនិយាយអំពីការកសាងសិង្ហបុរីដ៏អស្ចារ្យ គេនឹកដល់ឈ្មោះបិតាស្ថាបនិក លី ក្វាន់យ៉ូ។ ពេលគេនិយាយអំពីការរៀបចំប្រទេសម៉ាឡេស៊ីសម័យទំនើបឱ្យរីកចម្រើនជឿនលឿន គេនឹកដល់អតីតនាយករដ្ឋមន្រ្តី ម៉ូហាត់ធា ម៉ូហាម៉ាត់។ ពេលគេនិយាយអំពីការពន្លត់សង្រ្គាម និងការកសាងសន្តិភាពនៅកម្ពុជា គេនឹកដល់ឈ្មោះវីរជននយោបាយឆ្នើមមួយរូប គឺ សម្តេចតេជោ ហ៊ុន សែន។ តើ សម្តេចតេជោ មានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំចម្បងៗអ្វីខ្លះ ទើបលោកអាចដឹកនាំបំពេញកាតព្វកិច្ច ដ៏សែនលំបាក និងស្មុគស្មាញនេះបានដោយជោគជ័យ បន្សល់ទុកជាមរតកដ៏មានតម្លៃទុកជូនដល់អ្នកជំនាន់ក្រោយ?

នៅវេលាយប់អាធ្រាត ថ្ងៃពេញបូណ៌មី ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ១៩៥២ ទារកដ៏ថ្លោសម្នាក់បានចាប់កំណើតឡើងនៅភូមិពាមកោះស្នា​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងត្រកូលកសិករមធ្យមមួយ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។ ធំពេញវ័យឡើង យុវជន ហ៊ុន សែន ចាប់ផ្តើមមានចំណាប់អារម្មណ៍រឿងប្រទេសជាតិ និងនយោបាយ។ ព្រឹត្តិការណ៍នយោបាយជាច្រើនបានកើតឡើងនៅកម្ពុជា មានដូចជា ការឆាបឆេះសង្រ្គាមវៀតណាមចូលមកទឹកដីកម្ពុជា នៅចុងទសវត្សរ៍១៩៦០ ព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ទម្លាក់ សម្តេច នរោត្តម សីហនុ ពីអំណាច ការចូលកាន់កាប់ក្រុងភ្នំពេញរបស់ពួកខ្មែរក្រហម នៅថ្ងៃ ១៧ មេសា ១៩៧៥ ជាមួយនយោបាយកាប់សម្លាប់ប្រជាជនឯងប្រមាណ៣លាននាក់ ការបង្កើតរណសិរ្ស ២ធ្នូ ១៩៧៨ និងការរំដោះទីក្រុងភ្នំពេញពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានរុញច្រានយុវជន ហ៊ុន សែន ឱ្យក្លាយខ្លួនជាអ្នកនយោបាយជាន់ខ្ពស់ ដឹកនាំប្រទេសជាតិ និងក្រោយមកជាអ្នកកំណត់ជោគវាសនារបស់កម្ពុជា ដោយបានដោះស្រាយវិបត្តិនយោបាយដ៏ជ្រាលជ្រៅ ដែលអ្នកនយោបាយជំនាន់មុន ប្រទេសជិតខាង និងប្រទេសមហាអំណាច ជាអ្នកបង្កើត។

ដើម្បីស្វែងយល់អំពីតួនាទីដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន​ សែន ចំពោះការកំណត់ជោគវាសនារបស់កម្ពុជា ចូរអ្នកក្រឡេកមើលស្ថានការណ៍នៅប្រទេសអ៊ីរ៉ាក់ ប្រទេសស៊ីរី ប្រទេសហៃទី ឬប្រទេសយេម៉ែន បច្ចុប្បន្ន ដែលសង្រ្គាមស៊ីវិលបានឆាបឆេះជាច្រើនឆ្នាំមកហើយ ហើយនៅមិនទាន់អាចពន្លត់បាននៅឡើយ។ ការបង្រួបបង្រួមផ្សះផ្សាជាតិ ក្រោយការបែកបាក់ និងកើតមានសង្រ្គាមស៊ីវិល គឺជាកិច្ចការដ៏សែនលំបាក និងស្មុគស្មាញ។​ នៅកម្ពុជា ការបែកបាក់ជាតិ និងសង្រ្គាមស៊ីវិលបានកើតឡើងតាំងពីឆ្នាំ១៩៧០ ហើយអាចពន្លត់វិញបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ដែលជារឿងអស្ចារ្យមួយ សម្រាប់ប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិ។ ហើយអ្នកដឹកនាំនយោបាយ ដែលដើរតួនាទីចម្បង ​និងសកម្មជាងគេនៅក្នុងការធ្វើរឿងនេះ គឺសម្តេចតេជោ ហ៊ុន សែន។ តើលោកមានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំអ្វីខ្លះ ទើបអាចសម្រេចកាពត្វកិច្ចដ៏ថ្លៃថ្លានេះជូនប្រទេសជាតិ និងប្រជាជនបាន។

ខាងក្រោមនេះជាការកត់សម្គាល់អំពី ភាពជាអ្នកដឹកនាំ របស់​ សម្តេចតេជោ ហ៊ុន សែន តាមរយៈនៃការសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្រ្ត បទពិសោធន៍រស់នៅ​ រៀនសូត្រ និងធ្វើការងារសង្គម ព្រមទាំងការងារចូលរួមក្នុងវិស័យនយោបាយផ្ទាល់របស់ខ្ញុំ នៅក្នុងសង្គមមួយ ដែលសម្តេចជាអ្នកដឹកនាំប្រមាណ៤០ឆ្នាំ និងមានឱកាសបានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយសម្តេចតេជោ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ទាញយកឯកសារ download ជា​ PDF file

១. ប្រសិនបើខ្ញុំស្លាប់ ក៏ស្លាប់តែខ្ញុំ ប្រសិនបើបានមកវិញ គឺបានផែនដីទាំងមូល

“បើអ្នកចង់សម្រេចជោគជ័យតូចបង្គួរ អ្នកត្រូវលះបង់ខ្លះ។ បើអ្នកចង់សម្រេចជោគជ័យធំធេង អ្នកត្រូវហ៊ានលះបង់ខ្ពស់។” -- James Allen

ប្រទេសកម្ពុជា ដែលបានភ្លក់រសជាតិសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ ជាមួយការអភិវឌ្ឍបានប្រមាណជា ១៥ឆ្នាំ ក្រោយកិច្ចព្រមព្រៀងហ្សឺណែវឆ្នាំ១៩៥៤ បានចាប់ផ្តើមធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនិងនយោបាយ នៅចុងទសវត្សរ៍១៩៦០ បន្ទាប់ពីមានការឆាបឆេះនៃសង្រ្គាមវៀតណាមរាលដាលចូលមកដល់ទឹកដីកម្ពុជា និងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើដីខ្មែរ បង្កឱ្យមានព្រឹត្តការណ៍រដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ទម្លាក់ សម្តេច នរោត្តម សីហនុ ពីអំណាច [៤]។

ទើបតែមានអាយុ១៨ឆ្នាំ យុវជន ហ៊ុន​ សែន បានសម្រេចចិត្តរត់ចូលព្រៃម៉ាគី (ព្រៃជ្រៅ ឬព្រៃតស៊ូ) នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ តបតាមការអំពាវនាវរបស់ សម្តេច នរោត្តម សីហនុ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០។ ទឹកចិត្តស្នេហាជាតិពុះកញ្ជ្រោល តែមិនទាន់មានការយល់ដឹងច្រើន បានរុញឱ្យយុវជនឈាមរាវ ហ៊ុន សែន ជាប់ក្នុងអន្ទាក់របស់ពួកខ្មែរក្រហមដោយមិនដឹងខ្លួន ជាមួយនឹងយុវជន យុវនារីខ្មែររាប់ម៉ឺននាក់ទៀត។ ដោយសារតែភាពឈ្លាសវៃ និងក្លាហានជាងគេ ក្នុងចំណោមយុទ្ធជនទាំងអស់ លោក ហ៊ុន​ សែន ត្រូវបានតែងតាំងជាមេបញ្ជាការកងអនុសេនាតូច ដែលមានយុទ្ធជនក្រោមបញ្ជាចំនួន៣៦នាក់ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនវិជ្ជាយោធាក្នុងរយៈពេល២សប្តាហ៍រួចមក [១​]។

រូបភាពទី១ ៖ មេបញ្ជាការកងអនុសេនាតូច ហ៊ុន សែន ក្នុងកំឡុងដើមទសវត្សរ៍១៩៧០

ស្ថានការណ៍នយោបាយនិងយោធាក្នុងតំបន់ឥណ្ឌូចិន និងនៅកម្ពុជា បានផ្តល់ឱកាសនិងជួយឱ្យពួកខ្មែរក្រហម ឈ្នះសង្រ្គាម ចូលកាន់កាប់ទីក្រុងភ្នំពេញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មួយថ្ងៃមុនកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅឯសមរភូមិប្រយុទ្ធផ្តាច់ព្រ័តទន្លេបិទ នៅខេត្តកំពង់ចាមឯណោះវិញ មេបញ្ជាការ ហ៊ុន​ សែន បានទទួលរងរបួសពិការភ្នែកខាងឆ្វេង ធ្វើឱ្យលោកបាត់បង់ក្តីសង្ឃឹមក្នុងការក្លាយខ្លួនជាអ្នកបើកបរយន្តហោះ នៅក្រោយពេលដែលសង្រ្គាមបានបញ្ចប់ [១​&៣]។ ក្រោយទទួលបានសិទ្ធិអំណាចដឹកនាំ និងគ្រប់គ្រងប្រទេស ពួកមេដឹកនាំខ្មែរក្រហមបានអនុវត្តនយោបាយខុសឆ្គងបែបកុម្មុយនីស្តជ្រុលនិយម ជាមួយការកសាងផែនការសេដ្ឋកិច្ចសង្គម ដែលខ្វះភាពប្រាកដនិយម និងមានភាពភ័យខ្លាចជ្រុលអំពីការបះបោរផ្ទៃក្នុង​ និងអំពីវៀតណាម។ នយោបាយល្ងង់ខ្លៅ និងឆ្កួតលីលារបស់មេដឹកនាំខ្មែរក្រហម បង្កឱ្យមានការបំផ្លិចបំផ្លាញសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ការអត់ឃ្លាននិងគ្រោះទុរភិក្សទូទាំងប្រទេស និងការសម្លាប់រង្គាល ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣លាននាក់ស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលគ្រប់គ្រងតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

 

រួបភាពទី២ ៖ ការចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ពួកខ្មែរក្រហម នាថ្ងៃ ១៧ មេសា ១៩៧៥

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ វេលាម៉ោង៩យប់ មេបញ្ជាការ ហ៊ុន សែន បានសម្រេចភៀសខ្លួនទៅប្រទេសវៀតណាម ជាមួយយុទ្ធមិត្តទុកចិត្តបំផុតចំនួន៤នាក់ ដើម្បីស្វែងរកជំនួយមកសង្រ្គោះជាតិខ្មែរ។ មានមូលហេតុរួមផ្សំជាច្រើន ដែលជំរុញឱ្យលោកមេបញ្ជាការសម្រេចចិត្តចាកចោលភរិយា ដែលកំពុងមានផ្ទៃពោះ៥ខែ ជាមួយក្តីឈឺចាប់ និងភាពមិនច្បាស់លាស់អំពីអនាគតនៃការភៀសខ្លួន។ មូលហេតុទាំងនោះរួមមាន ការយល់ដឹងកាន់តែច្បាស់អំពីកំហុសឆ្គងនយោបាយដឹកនាំប្រទេស របស់មេដឹកនាំខ្មែរក្រហម ដែលបានបង្កមហន្តរាយកាន់តែធ្ងន់ធ្ងរមកលើប្រជាជនឯង ការបោសសម្អាតផ្ទៃក្នុង និងការកៀបសង្កត់ជិះជាន់របស់មេបញ្ជាការរបស់លោក [២]។

រូបភាព​ទី៣ ៖ ការសម្រេចចិត្តភៀសខ្លួនរបស់ សមមិត្ត ហ៊ុន សែន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ​      

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ពីរបបសាហាវឃោរឃៅ ប៉ុល ពត ដោយកងទ័ពវៀតណាម រួមនិងកងទ័ពរណសិរ្ស ២ធ្នូ លោក ហ៊ុន សែន ត្រូវបានទទួលតួនាទីជាអ្នកដឹកនាំនយោបាយជាន់ខ្ពស់កម្ពុជា ដំបូងជារដ្ឋមន្រ្តីការបរទេស ក្នុងអាយុទើបតែ ២៧ឆ្នាំ និងក្រោយមកជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី (នាយករដ្ឋមន្រ្តី) ក្នុងអាយុ ៣២ឆ្នាំ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។ ជាអ្នកដឹកនាំរដ្ឋាភិបាលវ័យក្មេង លោកតែងព្យាយាមរៀនសូត្រស្វែងយល់អំពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ដើម្បីដឹកនាំ និងបម្រើប្រទេសជាតិ និងប្រជាជនឱ្យបានល្អ។ លោកបានធ្វើដំណើរជាញឹកញយទៅកាន់ទីជនបទ ដោយធ្វើដំណើរតាមម៉ូតូ​ ទៅកាន់ភូមិដាច់ស្រយាលនានា ហើយមិនប្រកាសឱ្យដឹងជាមុន ស្តាប់មនុស្សសាមញ្ញនៅជនបទនិយាយអំពីអ្វី ដែលពួកគេត្រូវការ និងអ្វីដែលពួកគេមិនពេញចិត្ត [១]។ ការយល់ដឹងអំពីស្ថានភាពពិតជាក់ស្តែង បានជំរុញឱ្យអ្នកដឹកនាំវ័យក្មេង ហ៊ានធ្វើសេចក្តីសម្រេចចិត្តកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចសង្គមនិយម ដែលឈរលើរបៀបផលិតកសិកម្មតាមផែនការ និងសមូហភាពនិយម ដែលផ្តល់ផលទាប និងប្រជាជនខ្មែរមិនចូលចិត្ត។ ការកែទម្រង់ទៅរកទិសទីផ្សារសេរី និងកម្មសិទ្ធិឯកជន​ នៅពាក់កណ្តាលទសវត្សរ៍១៩៨០ នៅពេលដែលវៀតណាមមិនទាន់កែទម្រង់នៅឡើយ [១] អាចប្រឈមនឹងហានិភ័យខ្ពស់ នៃការយល់ច្រឡំពីវៀតណាម និងសមាជិកផ្សេងទៀតនៅផ្ទៃក្នុងគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលអាចឱ្យលោកបាត់បង់តួនាទីជាអ្នកដឹកនាំរដ្ឋាភិបាល​​ និងក្នុងបក្ស។ ក៏ប៉ុន្តែ ទឹកចិត្តចង់បម្រើ និងការយល់ដឹងច្បាស់អំពីតថភាពជាក់ស្តែង បានជំរុញឱ្យលោកត្រូវតែធ្វើការកែទម្រង់ ដោយមិនរាថយសោះឡើយ។

ជាមួយនោះផងដែរ លោកប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីវ័យក្មេង និងឈ្លាសវៃ សម្លឹងឃើញអំពីភាពចាំបាច់នៃការកែទម្រង់នយោបាយ ដោយផ្តួចផ្តើមគំនិតចរចាជាមួយ សម្តេច នរោត្តម សីហនុ ដើម្បីឈានទៅដោះស្រាយវិបត្តិនយោបាយ និងបញ្ចប់សង្រ្គាមនៅកម្ពុជា បើទោះបីផ្ទៃក្នុងគណបក្សនៅសម្លឹងឃើញ សម្តេច នរោត្តម សីហនុ ជាសត្រូវរបស់បដិវត្តន៍និងសង្គម ហើយសមាជិកមួយចំនួនជំទាស់នឹងការចរចាក៏ដោយ [១]។ ការលើកគំនិតចរចាជាមួយ សម្តេច នរោត្តម សីហនុ អាចបង្កើតការយល់ច្រឡំ និងការបាត់ទំនុកចិត្តពីផ្ទៃក្នុងបក្ស បង្កជាហានិភ័យខ្ពស់ដល់ការបាត់ឋានៈតួនាទីជាអ្នកដឹកនាំក្នុងបក្សនិងរដ្ឋ។ ក៏ប៉ុន្តែ លោកនៅតែជំនះធ្វើរឿងនេះ ពីព្រោះលោកយល់ថា ជារឿងត្រឹមត្រូវ និងត្រូវធ្វើជាចាំបាច់។ ជាមួយនឹងការខំប្រឹងប្រែងសម្របសម្រួល ដោយមានទស្សនវិស័យច្បាស់លាស់អំពីការបង្រួបបង្រួមជាតិនិងសន្តិភាព និងដឹងអំពីតួនាទីរបស់ សម្តេច នរោត្តម សីហនុ នៅក្នុងនយោបាយកម្ពុជាទៅអនាគត អ្នកដឹកនាំនយោបាយវ័យក្មេងជំនាន់ថ្មី គឺលោក ហ៊ុន សែន បានជួបពិភាក្សាជាមួយ អ្នកដឹកនាំនយោបាយដ៏មានប្រជាប្រិយភាពក្នុងចំណោមមហាជនខ្មែរជំនាន់មុន គឺ សម្តេច នរោត្តម សីហនុ ជាលើកដំបូង ចាប់ពីថ្ងៃទី២ដល់៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺន័រ ប្រទេសបារាំង។ នៅក្នុងដំណើរការចរចា លោក ហ៊ុន សែន មានគោលការណ៍ និងគោលបំណងច្បាស់លាស់មួយ គឺទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីព្រោះលោកដឹងច្បាស់អំពីគ្រោះភ័យ​ និងមហន្តរាយកម្រិតជាតិ បើពួកខ្មែរក្រហមមានឱកាសមកកាន់អំណាចវិញ។ មិនថាចរចា ជាមួយភាគីខ្មែរ ឬបរទេស លោកប្រកាន់ជំហរនេះយ៉ាងមុតមាំ និងរិះរកវិធីពន្យល់ បញ្ចុះបញ្ចូល ដើម្បីឱ្យគេយល់ និងទទួលយកនូវជំហរនេះ។

តបតាមសំណើដ៏ចម្លែករបស់លោកមេទ័ពថៃ​ ឆៈវៈលីត​ យុងឆៃយុទ្ធ​ ដែលស្នើឱ្យលោក ហ៊ុន សែន ទៅជួបថ្នាក់ដឹកនាំថៃតាមផ្លូវគោក​ តាមច្រកអូរជ្រៅ​ ប៉ោយប៉ែត​ ផ្នែកខាងកម្ពុជា​ និង​ខេត្តអារញ្ញប្រាថេត ផ្នែកខាងថៃ​ នៅក្នុងឆ្នាំ១៩៨៩ ដែលសង្រ្គាមស៊ីវិលកំពុងឆាបឆេះសន្ធោរសន្ធៅនៅឡើយ​ ជាពិសេស​ នៅតាមព្រំដែនថៃ ដែលមានកងទ័ពខ្មែរក្រហម និងត្រីភាគីជាច្រើនកំពុងឈរជើង។ ថ្នាក់ដឹកនាំថៃ មានចេតនាចង់បញ្ចប់សង្រ្គាមនៅកម្ពុជា​ ដើម្បីពង្រីកទីផ្សារផលិតផលថៃមកឥណ្ឌូចិន ហើយគេចង់ស្ទាបស្ទង់មើល​ តើអ្នកដឹកនាំណាមួយ​ នៃភាគីជម្រោះកម្ពុជា មានសមត្ថភាព​ និងសេចក្ក្តីក្លាហាន ដែលនឹងក្លាយជាអ្នកដឹកនាំកម្ពុជាទៅអនាគត​ ដែលគេត្រូវជួយ និងធ្វើការជាមួយ។ បានដឹងអំពីសំណើនេះ តាមរយៈលោក សាយ ភូថង និងលោក ទា បាញ់ លោកប្រធានក្រុមប្រឹក្សា​រដ្ឋមន្រ្តី​​ ហ៊ុន សែន ឆ្លើយតបឯកភាពភ្លាមៗ ដោយមិនរារែក និងមិនសួរនាំច្រើនទេ ដោយសារលោកដឹងអំពីចេតនា​ នៃសំណើដ៏ចម្លែកនេះ។ ការដែលលោកអាចចូលទៅជួបមេដឹកនាំថៃ តាមផ្លូវគោក នឹងប្រកាសប្រាប់ថៃ និងពិភពលោកថា តើនរណាជាអ្នកគ្រប់គ្រងស្ថានការណ៍សង្រ្គាមនៅកម្ពុជា។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៩ លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមួយទៅថៃ តាមអូរជ្រៅ​ ប៉ោយប៉ែត ដោយជោគជ័យ ហើយត្រូវបានទទួលស្វាគមន៍ដោយឧត្តមសេនីយ៍ ផាត អាគីនីបុត្រ អគ្គមេបញ្ជាការរងកងទ័ពភូមិន្ទថៃ នៅផ្ទះសំណាក់កងទ័ព ខេត្តអារញ្ញប្រាថេត ហើយពិសារអាហារថ្ងៃត្រង់នៅទីនោះ​ មុននឹងជិះឧទ្ធម្ភាគចក្រទៅជួបលោកមេទ័ព ឆៈវៈលីត​ និងលោកនាយករដ្ឋមន្រ្តីថៃ ឆាទិឆៃ ឈុនហាវ៉ាន់ នៅទីក្រុងបាងកក​ [២]។ ការសម្រេចចិត្តធ្វើដំណើរតាមផ្លូវគោកទៅថៃនាពេលនោះ មិនមែនជារឿងលេងសើចទេ គឺជាការប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិត។

រូបភាពទី៤ ៖ ការធ្វើដំណើរទៅថៃ តាមដីគោក នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៩

នៅក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមកម្លាំងយោធារបស់ខ្មែរក្រហម ជាមួយរាជរដ្ឋាភិបាល ឈានទៅពន្លត់សង្រ្គាមស៊ីវិលទាំងស្រុង និងកសាងសន្តិភាពពេញលេញនៅកម្ពុជា នៅកំឡុងខែធ្នូ ឆ្នាំ១៩៩៦ សម្តេច ហ៊ុន សែន បានធ្វើដំណើរទៅតំបន់អតីតខ្មែរក្រហមកាន់កាប់ ដែលបានផ្តាច់ខ្លួន ដូចជា ស្រុកសំឡូត និងស្រុកសំពៅលូន ហើយពេលត្រលប់មកវិញ ម្តាយ និងម្តាយធំរបស់លោក បានឃើញសកម្មភាពក្នុងទូរទស្សន៍ ដែលលោកអញ្ជើញទៅ តំបន់តាកែនកោះស្លា ប៉ៃលិន ភ្នំព្រឹក ម៉ាឡៃ រហូតដល់សំឡូត និងសំពៅលូន ហើយគាត់ទាំង២នាក់ បានចូលទៅក្នុងបន្ទប់សម្តេច ជាមួយក្តីព្រួយបារម្ភខ្លាំង និងប្រាប់ថា “ឯងចូលទៅក្នុងតំបន់របស់គេ​ តើមិនខ្លាចគេបាញ់សម្លាប់ទេអី?”។ ពេលនោះសម្តេច ហ៊ុន សែន បានឆ្លើយទាំងញញឹមថា “ម៉ែ! ប្រសិនបើខ្ញុំស្លាប់ ក៏ស្លាប់តែខ្ញុំ និងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើបានមកវិញ គឺបានផែនដីទាំងមូលតែម្តង។”​ [១]

រូបភាពទី៥ ៖ សម្តេច ហ៊ុន សែន ទៅតំបន់ខ្មែរក្រហមផ្តាច់ខ្លួននៅប៉ៃលិន នៅចុងឆ្នាំ១៩៩៦

ប្រវត្តិព្រឹត្តិការណ៍សំខាន់ៗ ដែលបានរៀបរាប់ខាងលើបញ្ជាក់ថា សម្តេច ហ៊ុន សែន មានទឹកចិត្តស្នេហាជាតិ និងប្រជាជនខ្ពស់ ហើយត្រៀមខ្លួនលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ដើម្បីសង្រ្គោះជាតិ និងជីវិតប្រជាជន ទប់ស្កាត់ការវិលត្រលប់នៃរបប ប៉ុល ពត ដើម្បីបង្រួបបង្រួមជាតិ កសាងសន្តិភាព និង ថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ដោយមិនរុញរា និងខ្លាចរអាសោះឡើយ។ ទឹកចិត្តស្នេហាជាតិ​និងប្រជាជនខ្ពស់នេះហើយ ដែលជំរុញសេចក្តីក្លាហាន និងទឹកចិត្តលះបង់របស់លោក ដែលធ្វើឱ្យសហការី និងប្រជាពលរដ្ឋគោរពស្រឡាញ់ ទុកចិត្ត គាំទ្រ និងចង់ដើរតាម។ សម្តេច ហ៊ុន សែន ជាអ្នកដឹកនាំ ដែលមានការលះបង់ដល់កម្រិត សុខចិត្តស្លាប់ខ្លួន ដើម្បីជាតិរស់  

ក្រៅពីមានទឹកចិត្តលះបង់ខ្ពស់ចំពោះប្រទេសជាតិ តើ សម្តេចតេជោ មានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំអ្វីទៀត ទើបលោកអាចពន្លត់សង្រ្គាមបាន?

២. សម្លឹងឃើញសន្តិភាពក្នុងពេលសង្រ្គាម

“អនាគតនឹងត្រូវចាត់ចែងដោយអ្នកដែលមានជំនឿជាក់លើក្តីស្រមៃរបស់ខ្លួន។”​ -- Eleanor Roosevelt
យោងតាមលោក John C. Maxwell អ្នកឯកទេសអំពីភាពជាអ្នកដឹកនាំ គុណភាពចម្បងមួយរបស់អ្នកដឹកនាំ គឺការចេះសម្លឹងមើលទៅមុខ នូវរឿងរ៉ាវទាំងឡាយ ដែលគាត់ប្រាថ្នា ដែលគាត់ស្រមៃ និងមានឥទ្ធិពលបង្កើតវាបាន ដែលអ្នកដទៃមើលមិនឃើញ។ នេះគឺជាគុណសម្បត្តិរបស់បុគ្គល ដែលមានទស្សនវិស័យវែងឆ្ងាយ។ នៅក្នុងដំណើរការលូតលាស់ ក្លាយជាអ្នកដឹកនាំប្រទេស សម្តេចតេជោ បានកសាងគុណសម្បត្តិនេះនៅក្នុងខ្លួន។

នៅដើមឆ្នាំ១៩៨៧ ក្រោយពីឡើងកាន់តួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី​ (នាយករដ្ឋមន្រ្តី) បានប្រមាណ២ឆ្នាំ លោក ហ៊ុន សែន បានសម្លឹងឃើញអំពីភាពចាំបាច់ក្នុងការចរចាជាមួយ សម្តេច នរោត្តម សីហនុ ដើម្បីឈានទៅដោះស្រាយវិបត្តិនយោបាយ និងពន្លត់សង្រ្គាមនៅកម្ពុជា នៅពេលដែលសង្រ្គាមកំពុងឆាបឆេះយ៉ាងខ្លាំងនៅក្នុងប្រទេស។ លោកបានធ្វើការស្ទាបស្ទង់មតិផ្ទៃក្នុងជាមួយកម្មាភិបាលដឹកនាំបក្សនិងរដ្ឋ អំពីលទ្ធភាពចរចាជាមួយ សម្តេច នរោត្តម សីហនុ។ ពេលនោះ ទាំងលោក គង់ គាំ ជារដ្ឋមន្រ្តីការបរទេស និងលោក កុយ ប៊ុនថា ជារដ្ឋមន្រ្តីការពារជាតិ បានជំទាស់ ដោយលើកឡើងថា “បើសិនជាមានការចរចា វាស្មើនឹងការបំផ្លាញសមិទ្ធផលបដិវត្តន៍” ហើយសមាជិកការិយាល័នយោបាយមួយចំនួនក៏មិនយល់ទាល់តែសោះថា ហេតុអ្វីត្រូវធ្វើការចរចាសម្របសម្រួលជាមួយ សម្តេច នរោត្តម សីហនុ និងភាគីខ្មែរផ្សេងទៀត [១]។ អ្នកដឹកនាំវ័យក្មេងត្រូវចំណាយពេលវេលាធ្វើការពន្យល់ និងបញ្ចុះបញ្ចូលផ្ទៃក្នុងអំពីសារសំខាន់ និងភាពចាំបាច់នៃការចរចា សម្រាប់កសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាមួយនឹងទស្សនវិស័យច្បាស់លាស់ ការខំប្រឹងប្រែង និងភាពឈ្លាសវៃរបស់លោក ហ៊ុន​ សែន ជំនួបលើកទី១ រវាងអ្នកនយោបាយខ្មែរជំនាន់ថ្មី គឺ លោក ហ៊ុន សែន និងអ្នកដឹកនាំនយោបាយជើងចាស់ជំនាន់មុន គឺ សម្តេច នរោត្តម សីហនុ បានកើតឡើងនៅថ្ងៃទី២ដល់៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺន័រ ប្រទេសបារាំង ដែលជាការត្រួសត្រាយផ្លូវឈានឆ្ពោះទៅកសាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

រូបភាពទី៦ ៖ ជំនួបលើកដំបូង រវាង លោក ហ៊ុន សែន និង​ សម្តេច នរោត្តម សីហនុ នៅប្រទេសបារាំង ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧

ចាប់ពីឆ្នាំ១៩៨៥ លោកប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ហ៊ុន សែន បានសម្លឹងឃើញពីភាពចំបាច់​ និងចាប់ផ្តើមកែទម្រង់សេដ្ឋកិច្ច ដែលមានចរិតសង្គមនិយម ដោយឈរលើគោលការណ៍រដ្ឋជាអ្នកកំណត់ផែនការ និងធ្វើផលិតកម្ម ឬបង្កបង្កើនផលបែបសមូហភាពនិយម ដែលរោងចក្រ សហគ្រាស និងដីស្រែចម្ការជាកម្មសិទ្ធិរបស់រដ្ឋ ហើយមនុស្សធ្វើការបែបជាក្រុមសាមគ្គី។ តាមរយៈការចុះមូលដ្ឋាន លោក ហ៊ុន សែន បានដឹងថា របៀបធ្វើសេដ្ឋកិច្ចនិងផលិតកម្មបែបនេះ មិនរីកចម្រើន ផ្តល់ផលទាប និងខុសពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ​ [១]។ នៅក្នុងកម្មវិធីសេដ្ឋកិច្ច-សង្គមកិច្ច៥ឆ្នាំលើកទី១ (១៩៨៦-១៩៩០) លោកបានចាប់ផ្តើមឱ្យមានការបង្កើតសេដ្ឋកិច្ចរដ្ឋចម្រុះឯកជន ហើយបង្កលក្ខណៈឱ្យអ្នកមានទុន និងសម្ភារៈបច្ចេកទេសមានលទ្ធភាពរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិ ដែលជាការកែទម្រង់មួយសំដៅទៅទិសទីផ្សារសេរី និងកម្មសិទ្ធិឯកជន នៅពេលដែលប្រទេសវៀតណាម និងសហភាពសូវៀតមិនទាន់ធ្វើការកែទម្រង់នៅឡើយ។ ដោយឡែក មានកម្មាភិបាលបក្ស និងរដ្ឋមួយចំនួនបានសំដែងការមិនពេញចិត្តចំពោះសមាសភាពសេដ្ឋកិច្ចឯកជន ដែលទាមទារឱ្យលោកត្រូវយកចិត្តទុកដាក់ពន្យល់ និងពង្រឹងជួរកម្មាភិបាល បក្ខជន និងអង្គការបក្ស [១]។ ការនេះបានឆ្លុះបញ្ចាំងអំពីទស្សនវិស័យរបស់អ្នកដឹកនាំវ័យក្មេង ដែលបានសម្លឹងឃើញសេដ្ឋកិច្ចទីផ្សារសេរី ជាដំណោះស្រាយសម្រាប់ការស្តារ និងកសាងសេដ្ឋកិច្ចកម្ពុជា នៅពេលដែលមនុស្សមួយចំនួនធំនៅផ្ទៃក្នុងបក្ស និងរដ្ឋ នៅមើលឃើញកម្មសិទ្ធិឯកជន​ ពាណិជ្ជកម្មសេរី​ និងអ្នកបោះទុនរកស៊ី ជាសត្រូវរបស់បដិវត្តន៍។ ក្រៅពីមានទស្សនវិស័យសម្លឹងឃើញភាពចាំបាច់ក្នុងការធ្វើការកែទម្រង់សេដ្ឋ្កកិច្ច លោក ហ៊ុន សែន ក៏មានសេចក្តីក្លាហានខ្ពស់ ក្នុងការដឹកនាំការកែទម្រង់ បើទោះបីប្រឈមគ្រោះថ្នាក់នឹងការយល់ខុសពីផ្ទៃក្នុងបក្ស និងពីវៀតណាម ដែលអាចធ្វើឱ្យលោកបាត់បង់តួនាទីក្នុងបក្សនិងរដ្ឋក៏ដោយ។

ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី១ នៅឆ្នាំ១៩៩៣ សម្តេច ហ៊ុន សែន​ បានសម្លឹងឃើញឱកាស និងលទ្ធភាព ក្នុងការបន្សាបឥទ្ធិពល និងឈានទៅរំលាយរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមខ្មែរក្រហម ដើម្បីកសាងសន្តិភាពពេញផ្ទៃប្រទេស ពីព្រោះខ្មែរក្រហមបានធ្វើពហិកាមិនចូលរួមបោះឆ្នោត ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលហៅកាត់ថា​ UNTAC ដែលដើរផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ សូមបញ្ជាក់ថា ពេលនោះខ្មែរក្រហមនៅកាន់កាប់តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា មានដូចជា តំបន់ឳរ៉ាល់ (ខេត្តកំពង់ស្ពឺ) តំបន់តាកែនកោះស្លា និងភ្នំវល្លិ៍ (ខេត្តកំពត) និងតំបន់មួយចំនួនទៀតក្នុងខេត្តតាកែវ ពោធិ៍សាត់ និងបាត់ដំបង [១] និងបានធ្វើសង្រ្គាមឆ្មក់ជាញឹកញាប់ ចាប់ប្រជាពលរដ្ឋនិងជនបរទេសជាចំណាប់ខ្មាំង បង្ករអស្ថិរភាពសង្គម។ នៅក្នុងបទសម្ភាសមួយនាខែមិថុនា ឆ្នាំ១៩៩៤ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា “រឿងខ្មែរក្រហមទាក់ទិនដល់បញ្ហានយោបាយនិងច្បាប់ បើយើងចង់ឱ្យរស់គឺរស់ បើយើងចង់ឱ្យងាប់គឺងាប់…[១]។” សម្តេច ហ៊ុន សែន បានផ្តួចផ្តើមគំនិតរៀបចំច្បាប់ដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់ ដែលអនុម័តដោយរដ្ឋសភាជាតិនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៤ និងបានរៀបចំយុទ្ធសាស្រ្តបំបែកកម្លាំងទ័ពរបស់ខ្មែរក្រហម ឱ្យផ្តាច់ខ្លួនមកចូលរួមជាមួយរាជរដ្ឋាភិបាល។ យុទ្ធសាស្រ្តនេះ ដែលក្រោយមកគេស្គាល់ថា ជាយុទ្ធសាស្រ្ត ឈ្នះឈ្នះ បានពន្លត់សង្រ្គាមទាំងស្រុងនៅកម្ពុជានៅចុងឆ្នាំ១៩៩៨ ជាមួយនឹងព្រឹត្តិការណ៍ នៃការចូលជួបសំដែងការគួរសមរបស់អតីតមេដឹកនាំខ្មែរក្រហមក្បាលរឹង៣រូប គឺ លោក ខៀវ សំផន លោក នួន ជា និងលោក អៀង សារី នៅគេហដ្ឋានរបស់សម្តេច ហ៊ុន សែន​​ នាទីក្រុងតាខ្មៅ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ [១]។

រូបភាពទី៧ ៖ មេដឹកនាំខ្មែរក្រហមចូលជួប សម្តេច ហ៊ុន សែន នៅភូមិគ្រឹះក្រុងតាខ្មៅ ថ្ងៃទី២៩ ខែធ្នូ ១៩៩៨

នៅក្នុងដំណើរបំពេញបេសកកម្មកសាងសន្តិភាព មានរឿងរ៉ាវ និងបញ្ហាប្រឈមធំៗជាច្រើន ដែលទាមទារឱ្យ សម្តេច ហ៊ុន សែន ត្រូវធ្វើការសម្រេចចិត្តរឿងធំៗ ដែលលំបាកនិងស្មុគស្មាញ។ តើ សម្តេចតេជោ ជាបុគ្គលប្រភេទណា ក្នុងការសម្រេចចិត្តរឿងធំៗ ដែលទាក់ទងនឹងអាយុជីវិតរបស់ប្រទេសជាតិ?

៣. កាត់ចិត្តមិនដាច់ធ្វើស្តេចមិនបាន

“គ្មានអ្វីដែលលំបាកជាង ហើយមានតម្លៃជាង ការហ៊ានធ្វើសេចក្តីសម្រេចចិត្តទេ។”​ -- Napoleon Bonaparte

កាត់ចិត្តមិនដាច់ធ្វើស្តេចមិនបាន ជាសុភាសិតខ្មែរ ដែលចង់សំដៅលើការសម្រេចចិត្តរបស់អ្នកដឹកនាំប្រទេស ដែលត្រូវធ្វើការសម្រេចចិត្តលើរឿងធំៗ ដែលអាចមានផលប៉ះពាល់ដល់អាយុជីវិតមួយចំនួន តែអាចសង្រ្គោះនគរចេញពីមហន្តរាយបាន។ សុភាសិតនេះចង់សំដៅថា បើអ្នកមិនហ៊ានធ្វើសេចក្តីសម្រេចចិត្តលើរឿងធំៗ បែបនេះទេ អ្នកមិនអាចធ្វើជាស្តេច ឬជាអ្នកដឹកនាំប្រទេសបានឡើយ។

ខ្ញុំធ្លាប់ទស្សនារឿងកុនអាមេរិកាំង (កុនហូលីវូដ) មួយ ដែលនៅក្នុងឈុតមួយ កើតមានព្រឹត្ត្តិការណ៍ឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយ នៅក្នុងភូមិដាច់ឆ្ងាយមួយ ក្នុងប្រទេសអាមេរិក ដែលមានប្រជាជនរស់នៅប្រមាណ៥០០នាក់។ ក្រុមអ្នកវិទ្យាសាស្រ្ត ដែលមានជំនាញខាងជំងឺឆ្លងអាមេរិកបានដឹងអំពីជំងឺឆ្លងដ៏កាចសាហាវនេះ ហើយបានផ្តល់យោបល់ទៅប្រធានាធិបតីសហរដ្ឋអាមេរិកថា “លោកប្រធានាធិបតី! អ្នកត្រូវធ្វើការសម្រេចចិត្តដ៏សែនលំបាកមួយ គឺត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ ជាបន្ទាប់។ បើមិនដូច្នេះទេ ពលរដ្ឋអាមេរិករាប់លាននាក់ នឹងត្រូវស្លាប់ដោយសារការឆ្លងរាលដាលនៃជំងឺនេះ។ អ្នកត្រូវបញ្ជាទៅយោធាអាមេរិកឱ្យទម្លាក់គ្រាប់បែក កម្ទេចភូមិនោះទាំងមូលចោល ដើម្បីសង្រ្គោះជីវិតពលរដ្ឋអាមេរិករាប់លាននាក់។ លោកប្រធានាធិបតី! អ្នកមានពេលតែ ២៤ម៉ោងប៉ុណ្ណោះ ក្នុងការធ្វើសេចក្តីសម្រេចចិត្តនេះ។”

កាន់តួនាទីជាអ្នកដឹកនាំប្រទេស​ អ្នកត្រូវប្រឈមនឹងការសម្រេចចិត្តស្រដៀងៗនឹងប្រធានាធិបតីអាមេរិក ដូចរៀបរាប់ខាងលើ ជាញឹកញាប់ មានរឿងខ្លះប៉ះពាល់ដល់អាយុជីវិតមនុស្សមួយចំនួន រឿងខ្លះប៉ះពាល់ដល់សិទ្ធិដីធ្លី សិទ្ធិបញ្ចេញមតិ ឬសិទ្ធិតវ៉ាមួយចំនួន ដើម្បីសង្រ្គោះរឿងធំ រឿងសន្តិសុខជាតិ រឿងរក្សាស្ថិរភាពនយោបាយ រឿងជំរុញកំណើនសេដ្ឋកិច្ច រឿងរក្សាការពារធនធានធម្មជាតិ។ល។

នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន លើកទី៤៤ នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បាកលើកឡើងថា លោកសុខចិត្តធ្វើការសម្រេចចិត្ត ដែលអាចប៉ះពាល់អាយុជីវិតមនុស្ស ២០០ ទៅ ៣០០នាក់ ដើម្បីសង្រ្គោះជីវិតមនុស្សរាប់លាននាក់។ សម្តេច បានធ្លាប់លើករឿងនេះម្តងម្កាលដែរ នៅតាមវេទិកាសំណេះសំណាលមួយចំនួន ដើម្បីផ្ញើរសារជូនក្រុមជ្រុលនិយម ដែលមានចេតនាអាក្រក់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល តាមមធ្យោបាយហិង្សាខុសច្បាប់ បែបបដិវត្តន៍ពណ៌ ដោយប្រើកម្លាំងមហាជន តាមបែបបាតុកម្មហិង្សាផ្សេងៗ។

សម្តេច ហ៊ុន សែន ក៏ធ្លាប់ធ្វើការសម្រេចចិត្តដ៏លំបាកមួយ នៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធកណ្តាលក្រុងភ្នំពេញ នាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដែលប៉ះពាល់អាយុជីវិតមនុស្សប្រមាណជាង ១០០នាក់ ដើម្បីបញ្ចៀសការផ្ទុះអាវុធទ្រង់ទ្រាយធំនៅថ្ងៃក្រោយ ដែលអាចឈានទៅបង្កជាសង្រ្គាមស៊ីវិល ប៉ះពាល់ដល់ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់​ [១]។ លោកក៏ធ្លាប់សម្រេចចិត្តយកជីវិតខ្លួនឯងទៅប្រថុយ ដើម្បីបុព្វហេតុធំធេង ដូចជាការបន្សាបឥទ្ធិពលរបស់ខ្មែរក្រហម ការបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពជូនជាតិមាតុភូមិ។ ការសម្រចចិត្តទាំងនោះមានដូចជា ការសម្រេចឆ្លងដែនតាមផ្លូវគោក កាត់តាមតំបន់សមរភូមិប្រយុទ្ធ អូរជ្រៅ ប៉ោយប៉ែត ឆ្លងទៅខេត្តអារញ្ញប្រាថេត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៩ ដើម្បីជួបពិភាក្សាជាមួយអ្នកដឹកនាំថៃ ការសម្រេចចិត្តធ្វើដំណើរទៅតំបន់ផ្តាច់ខ្លួនរបស់អតីតកងទ័ពខ្មែរក្រហម ដូចជា តំបន់ឳរ៉ាល់ ប៉ៃលិន ភ្នំព្រឹក ម៉ាឡៃ ឬសំឡូត ដែលការសម្រេចនេះសុទ្ធតែប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងទៀតផង។

រូបភាពទី៨ ៖ សម្តេច ហ៊ុន សែន ទៅតំបន់ផ្តាច់ខ្លួនរបស់ខ្មែរក្រហមនៅឳរ៉ាល់ ១២ មីនា ឆ្នាំ១៩៩៦

នៅក្នុងដំណើរឈានឆ្ពោះទៅរកការបង្រួបបង្រួមជាតិ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានជោគជ័យធំធេងបំផុតក្នុងការបង្រួបបង្រួមកម្លាំងនយោបាយ ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ តើ សម្តេចតេជោ ជាអ្នកដឹកនាំមានទឹកចិត្តបែបណា ទើបអាចបង្រួបបង្រួមកម្លាំងនយោបាយបានជោគជ័យធំធេងបែបនេះ?

៤. ទឹកចិត្តមហាសមុទ្រ

មហាសមុទ្រមានវិសាលភាពធំទូលាយ ហើយអាចទទួលយកទឹកពីប្រភពផ្សេងៗ​ មកបញ្ចូលទៅក្នុង​ បំពេញបន្ថែម និងឱ្យក្លាយជាចំណែកនៃមហាសមុទ្រ​ ហើយគុណភាពមហាសមុទ្រនៅរក្សាបានល្អដដែល​។​ នៅក្នុងវិស័យនយោបាយ​ អ្នកដឹកនាំដែលមានទឹកចិត្តដូចមហាសមុទ្រ គឺជាបុគ្គលដែលមានគុណសម្បត្តិវិសេសវិសាល​ ដែលអាចបង្រួបបង្រួមកម្លាំង​នយោបាយ​ និងឈានទៅបង្រួបបង្រួមជាតិបានជោគជ័យ។ គុណសម្បត្តិនេះមានសារសំខាន់​ និងភាពចាំបាច់ខ្លាំងសម្រាប់ប្រទេសដែលត្រូវបានទទួលរងនូវការបែកបាក់ជាតិ​ និងមានសង្រ្គាមស៊ីវិលបង្ហូរឈាមគ្នា​ ដូចករណីប្រទេសកម្ពុជា​ ក្នុងកំឡុងទសវត្សរ៍១៩៧០, ១៩៨០​ និង ១៩៩០។

ប្រទេសកម្ពុជាចាប់ផ្តើមប្រេះស្រាំជាតិធ្ងន់ធ្ងរ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម​ សីហនុ ពីអំណាច នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាម ដែលឆាបឆេះចេញពីសង្រ្គាមវៀតណាមជាមួយសហរដ្ឋអាមេរិក ហើយបានរុញឱ្យពួកខ្មែរក្រហម​ឈានទៅគ្រប់គ្រងអំណាចរដ្ឋ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពួកខ្មែរក្រហមបានអនុវត្តនយោបាយកុម្មុយនីស្តជ្រុលនិយម ជាមួយសេចក្តីស្អប់ខ្ពើមគុំកួននឹងសង្គមចាស់ មានសេចក្តីភ័យខ្លាចជ្រុលអំពីវៀតណាម និងពីការប៉ះបោរផ្ទៃក្នុង និងបានអនុវត្តផែនការអភិវឌ្ឍជាតិមួយ ដែលមិនយល់មិនស្គាល់អំពីស្ថានភាពជាក់ស្តែង និងមានមហិច្ឆតាបែបល្ងង់ខ្លៅ។​ ទង្វើដឹកនាំនិងគ្រប់គ្រងរបស់ពួកខ្មែរក្រហមបានធ្វើឱ្យប្រជាជនស្លូតត្រង់ស្លាប់ ប្រមាណ៣លាននាក់ និងសមិទ្ធផលប្រទេសជាតិពីសង្គមមុនត្រូវបានបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ពីពួកខ្មែរក្រហម សង្រ្គាមស៊ីសាច់ហុតឈាមនៅបន្តរវាងភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា​ ដែលជួយគាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយក្រុមតស៊ូត្រីភាគី ដែលរួមមានកម្លាំងគាំទ្រ សម្តេច នរោត្តម សីហនុ កម្លាំងគាំទ្រ លោកតា សឺន សាន និងកម្លាំងយោធាខ្មែរក្រហម​ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តលើកទី១ នៅឆ្នាំ១៩៩៣​ និងការបង្កើតសភាជាតិ និងរដ្ឋធម្មនុញ្ញ បែបប្រជាធិបតេយ្យ ដែលឧបត្ថម្ភគាំទ្រដោយអង្គការសហប្រជាជាតិ​ (UN) និងសហគមន៍អន្តរជាតិ ក៏ស្ថានការណ៍នយោបាយនៅផុយស្រួយ​ និងគ្រោះថ្នាក់ ដោយសារក្រុមខ្មែរក្រហមបានពហិកាមិនចូលរួមការបោះឆ្នោត ហើយបន្តធ្វើវិទ្ធង្សនាពីក្នុងព្រៃ និងក្រុមភាគី២ផ្សេងទៀត គឺក្រុមហ្វ៊ុនស៊ិនប៉ិច និងក្រុមលោកតា សឺន សាន បានចូលរួមបោះឆ្នោត បង្កើតរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាល តែមិនទុកចិត្តគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាដៃគូក្នុងរាជរដ្ឋាភិបាលចម្រុះ។ ការនេះធ្វើឱ្យគោលបំណងនិងផែនការកសាងសន្តិភាព និងបង្រួបបង្រួមជាតិ ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចសម្រេចបាន ហើយហានិភ័យនៃការបែកបាក់ជាតិធ្ងន់ធ្ងរជាថ្មី និងឈានទៅមានសង្រ្គាមស៊ីវិលយូរអង្វែង ដែលមិនអាចដោះស្រាយបាន មានកម្រិតខ្ពស់។

តែជាសំណាងល្អ សម្រាប់ជាតិខ្មែរ ដែលមានអ្នកដឹកនាំនយោបាយម្នាក់ គឺ សម្តេចតេជោ ហ៊ុន​ សែន ដែលមានទស្សនវិស័យសម្លឹងឃើញសន្តិភាព ឈ្លាសវៃយល់ដឹងអំពីស្ថានភាពជាក់ស្តែង និងមានទឹកចិត្តដូចមហាសមុទ្រ ដែលអាចបង្រួបបង្រួមកម្លាំងនយោបាយ ឈានទៅកសាងសន្តិភាពពេញលេញលើផ្ទៃប្រទេសបាន។ លោកបានចាប់ផ្តើមអូសទាញកម្លាំងយោធាខ្មែរក្រហម ចាប់ពីពាក់កណ្តាលទសវត្សរ៍១៩៩០ ឱ្យផ្តាច់ខ្លួនពីអ្នកដឹកនាំខ្មែរក្រហម មកចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយសិល្បៈប្រាស្រ័យទាក់ទងដ៏ប៉ិនប្រសប់ជាមួយមេទ័ពខ្មែរក្រហមប្រចាំតំបន់ ដូចជា លោក កែវ ពង្ស នៅតំបន់ភ្នំឱរ៉ាល់ លោក អ៉ី ឈាន នៅតំបន់ប៉ៃលិន និង លោក សុខ ភាព នៅតំបន់ម៉ាឡៃ ជាដើម និងជាមួយទឹកចិត្តបើកទូលាយបែបមហាសមុទ្រនៃនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យមេទ័ពខ្មែរក្រហមមានទំនុកចិត្ត ស្ម័គ្រដាក់អាវុធចុះ និងមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាល ដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ។

សម្តេច ហ៊ុន សែន ក៏មានគោលបំណង និងទឹកចិត្តបើកទូលាយ ទទួលយកធនធានមនុស្សពីប្រភពផ្សេងៗ ដូចជាធនធានមនុស្សមកពីគណបក្សហ្វ៊ុនសុិនប៉ិច និងគណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា របស់ លោកតា សឺន សាន ដែលមិនពេញចិត្តនឹងការដឹកនាំនៅក្នុងគណបក្សរបស់ខ្លួន ហើយមានទឹកចិត្តចង់មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជួយកសាងនិងអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះមានដូចជា មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច គឺ ឯ.ឧ ស៊ុន ចាន់ថុល (ឧបនាយករដ្ឋមន្រ្តី) លោកជំទាវ អ៉ឹង កន្ថាផាវី (រដ្ឋមន្រ្តីក្រសួងកិច្ចការនារី) ឯ.ឧ គង់ វិបុល (អគ្គនាយកពន្ធដារ) ឯ.ឧ សុខ ចិន្តាសោភា (ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស) និង មកពីគណបក្សលោកតា សឺន សាន គឺ ឯ.ឧ អ៊ាង ម៉ូលី (ទេសរដ្ឋមន្រ្តី) ជាដើម។ សម្តេចតេជោ បានផ្តល់ឱកាសឱ្យអ្នកមកចូលរួមជាមួយគណបក្សប្រជាជន ដែលមានសេចក្តីស្មោះត្រង់ ហើយមានសមត្ថភាព ទទួលឋានៈតួនាទីនិងការទទួលខុសត្រូវសមស្រប ដោយមិនប្រកាន់អំពីអតីតកាលឡើយ គឺបើកចំហឱ្យកូនខ្មែរគ្រប់រូប ដែលមានទឹកចិត្តស្នេហាជាតិ មានសមត្ថភាព និងចង់ចូលរួមកសាងអភិវឌ្ឍជាតិ តាមរយៈគណបក្សប្រជាជន។

ក្រោយពីសម្រេចចាកចេញពីការបម្រើការងារក្នុងអង្គការសង្គមស៊ីវិល លោក​ បណ្ឌិត យ៉ង សាំងកុមារ រូបខ្ញុំ សាម អ៉ីន និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀត និងដោយមានការជំរុញទឹកចិត្តពីលោក បណ្ឌិត កែម ឡី ផង យើងបានសម្រេចចិត្តចូលរួមក្នុងវិស័យនយោបាយ ដោយបានបង្កើត គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ (GDP) ជាផ្លូវការ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ក្នុងគោលបំណងរួមចំណែកលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការពង្រឹងអភិបាលកិច្ចល្អនៅកម្ពុជា។ ប៉ុន្តែ ដំណើរការរបស់យើងជួបប្រទះនឹងឧបសគ្គច្រើន ជាពិសេស ការលាបពណ៌ពីក្រុមជ្រុលនិយម កង្វះខាតថវិកា និងពុំមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចការងារទំនាក់ទំនងសាធារណៈ ហើយជាលទ្ធផល ពុំអាចទាក់ទាញការគាំទ្រពីមហាជនបានច្រើន ជាពិសេស ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីមានការឆ្លុះបញ្ចាំង និងវាយតម្លៃលើលទ្ធផលបោះឆ្នោត និងស្ថានការណ៍នយោបាយ រួមផ្សំនឹងបញ្ហាផ្ទាល់ខ្លួនមួយចំនួន លោក បណ្ឌិត យ៉ង សាំងកុមារ​ បានសម្រេច ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន នៅខែវិច្ឆិកា ឆ្នាំ២០២២ និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាល។ សម្តេចតេជោ បានផ្តល់ឱកាសឱ្យលោកបណ្ឌិត យ៉ង សាំងកុមារ ចូលជួបសម្តែងការគួរសម និងបង្ហាញអំពីគំនិតចង់ចូលរួមជួយលើកស្ទួយវិស័យកសិកម្ម។ សម្តេចបានទទួលយកគំនិតក្នុងការដាក់ពង្រាយអ្នកជំនាញកសិកម្មតាមឃុំ របស់លោកបណ្ឌិត យ៉ង សាំងកុមារ ដើម្បីលើកស្ទួយវិស័យកសិកម្ម និងជួយដល់កសិករ និងតែងតាំងលោក បណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដើម្បីជួយលើកិច្ចការងារនេះ។ បន្ថែមពីនេះ សម្តេចតេជោ បានដាក់គោលគំនិតនេះ ជាកម្មវិធីនយោបាយរបស់គណបក្សប្រជាជន សម្រាប់ការបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបានក្លាយជាកម្មវិធីនយោបាយមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។


រូបភាពទី៩ ៖ លោក បណ្ឌិត យ៉ង សាំងកុមារ ចូលជួបសំដែងការគួរសម ជាមួយ សម្តេចតេជោ នៅគេហដ្ឋានក្រុងតាខ្មៅ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២

ក្រោយពីបានសង្កេតមើលអំពីការចូលរួមរបស់លោក បណ្ឌិត យ៉ង សាំងកុមារ បានប្រមាណជា៤ខែ និងសួរបេះដូងខ្លួនឯងជាច្រើនដង ខ្ញុំក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ហើយមានចេតនាចង់បម្រើការងារក្នុងក្រសួងបរិស្ថាន ដែលទាក់ទងនឹងជំនាញព្រៃឈើ ដែលខ្ញុំធ្លាប់សិក្សានៅប្រទេសអាល្លឺម៉ង់។ ដោយមានការជួយសម្របសម្រួល ពី ប្អូន ឡឹក សុធារ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធ្លាប់ធ្វើការនៅ GDP ជាមួយគ្នា និងបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្នុងពេលជាមួយ លោកបណ្ឌិត យ៉ង សាំងកុមារ ខ្ញុំមានឱកាសទំនាក់ទំនងផ្ទាល់ទៅសម្តេចតេជោ តាមប្រព័ន្ធតេលេក្រាម នៅល្ងាចថ្ងៃទី២ មេសា ឆ្នាំ២០២៣ ហើយបានជម្រាបសម្តេចអំពីការសម្រេចចិត្ត​ និងចេតនាចង់ចូលរួមបម្រើក្នុងក្រសួងបរិស្ថានរបស់ខ្ញុំ។ សម្តេចបានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ ហើយបានប្រកាសនៅក្នុងប្រព័ន្ធតេលេក្រាមរបស់លោកថា លោកនឹងតែងតាំងខ្ញុំជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី២ មេសា​ នោះ។ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងកត់សម្គាល់ នៅក្នុងការប្រាស័យទាក់ទងផ្ទាល់ជាមួយ សម្តេចតេជោ ជាលើកដំបូង គឺលោកមានភាពសាមញ្ញធម្មតា ដោយមិនប្រកាន់ឋានៈតួនាទីខ្ពស់ទាប ធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងមានទំនុកចិត្ត ហើយរបៀបធ្វើការរបស់លោក គឺលឿនរហ័សមែនទែន។

សម្តេចតេជោ ក៏មានទឹកចិត្តអត់ឱនសណ្តោសប្រណីចំពោះសកម្មជនគណបក្សប្រឆាំង ជាច្រើន ដែលធ្លាប់ប្រព្រឹត្តអំពើមិនគប្បីចំពោះលោក ដូចជាជាការជេរប្រមាថតាមបណ្តាញសង្គម ការលាបពណ៌សម្តេចផ្សេងៗ ហើយបានដឹងកំហុស និងសារភាពសូមការអភ័យ។ សម្តេចតេជោ បានលើកលែងទោស ហើយផ្តល់ឋានៈតួនាទី តាមសមត្ថភាពសមរម្យជាក់ស្តែងទៀតផង។ សម្រាប់ការយល់ឃើញរបស់ខ្ញុំ ទឹកចិត្តអត់ឱនបែបនេះកើតមានដោយកម្រ សម្រាប់ថ្នាក់ដឹកនាំកំពូល ដែលទទួលរងការប្រមាថធ្ងន់ធ្ងរបែបនេះ។ ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន មានគុណសម្បត្តិដ៏ល្អប្រពៃនេះ នៅក្នុងខ្លួន ដែលធ្វើឱ្យលោកអាចបង្រួបបង្រួមកម្លាំងនយោបាយ បង្រួបបង្រួមជាតិ និងកសាងសន្តិភាពពេញផ្ទៃប្រទេសបានដោយជោគជ័យ។

ក្រៅពីមានទឹកចិត្តមហាសមុទ្រ ដែលអាចបង្រួបបង្រួមកម្លាំងជាតិយ៉ាងធំធេង សម្តេចតេជោ ជាអ្នកដឹកនាំ ដែលយល់ដឹង វាយតម្លៃ និងក្តាប់សភាពការណ៍នយោបាយ សង្គម និងសេដ្ឋកិច្ច បានយ៉ាងល្អប្រសើរ។ ហេតុអ្វីក៏ដូច្នេះ?

៥. រៀនគ្មានថ្ងៃចប់​ 

“ការរៀនសូត្រគឺជារឿងតែមួយគត់ ដែលមិនធ្វើឱ្យចិត្តអស់កម្លាំង ភ័យខ្លាច និងសោកស្តាយ។”​ -- Leonardo da Vinci

លោក ​Albert Einstein អ្នករូបវិទ្យា​ដ៏ល្បីល្បាយរបស់ពិភពលោក ហើយត្រូវបានគេចាត់ទុកថា ជាបិតាខួរក្បាលក្នុងសតវត្សរ៍ទី២០ ធ្លាប់មានប្រសាសន៍ថា​ “បើអ្នកឈប់រៀន គឺអ្នកបានស្លាប់ហើយ។”

កាលនៅពីកុមារភាព បូណាល់ (ឈ្មោះសម្តេចតេជោ ហ៊ុន សែន កាលនៅពីកុមារ) គឺជាក្មេងឆ្លាតជាងគេក្នុងចំណោមបងប្អូនបង្កើត​ និងអ្នកនៅក្នុងភូមិ។ កុមារបូណាល់ពូកែទ្រឹស្តីតាំងពីក្មេង ហើយរាល់ការពន្យល់បង្ហាញអំណះអំណាងអ្វីមួយ គ្មានអ្នកណានិយាយឈ្នះ​ទេ និងពេលនិយាយម្តងៗ​ ចូលចិត្តឆ្ការដៃឆ្ការជើង​ និងប្រើសំឡេងឮខ្លាំងៗ ដែលបង្ហាញអំពីគុណសម្បត្តិមួយនៃភាពជាអ្នកដឹកនាំពីកំណើត។ នៅពេលធំឡើងបានអាយុ១៣ឆ្នាំ កុមារបូណាល់ បានមកបន្តការសិក្សានៅវិទ្យាល័យឥន្រ្ទទេវី នៅទីក្រុងភ្នំពេញ ដោយស្នាក់នៅវត្តនាគវ័ន ជាមួយព្រះគ្រូចៅអធិការ ព្រះនាមថា លោកតាច្រែង។ ក៏ប៉ុន្តែ ដោយសារស្រុកមានសង្រ្គាម និងសង្គមមានភាពវឹកវរ​ចលាចលផង យុវជន ហ៊ុន សែន បានសម្រេចបោះបង់ការសិក្សា មុនពេលបញ្ចប់មធ្យមសិក្សា (បាក់ឌុប) បន្ទាប់ពីបងប្រុសជីទូតមួយរបស់លោកត្រូវបានអាជ្ញាធរ លន់ នល់ ចាប់ខ្លួន ដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយខ្មែរក្រហម ហើយលោកក៏សម្រេចចិត្តវិលត្រលប់ទៅស្រុកកំណើតវិញ។ ក្រោយមកបន្តិច ទើបតែមានអាយុជិត១៨ឆ្នាំ លោក​ ហ៊ុន សែន បានសម្រេចរត់ចូលព្រៃម៉ាគី ជាមួយមិត្តភក្តិមួយចំនួន នៅស្រុកមេមត់ ខេត្តកំពង់ចាម នាថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ តបតាមការអំពាវនាវរបស់ សម្តេច​ នរោត្តម សីហនុ។ [៣]​ ​ ​

បើទោះបីមិនមានឱកាសបានរៀនសូត្រជ្រៅជ្រះនៅតាមសាលា​និងសាកលវិទ្យាល័យផ្លូវការក៏ដោយ ក៏សម្តេចតេជោ មិនឈប់រៀនដែរ។ លោកតែងរៀនសូត្រជានិច្ចជាមួយនឹងការងារជាក់ស្តែង។ លោកអានសៀវភៅ លោកស្តាប់គំនិតអ្នកចេះដឹង ហើយចែករំលែកការយល់ឃើញរបស់លោក។ នៅក្នុងជំនួបសំដែងការគួរសម និងអរគុណផ្ទាល់ដល់សម្តេចតេជោ នារសៀលថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ ខ្ញុំមានឱកាសដ៏កម្រ បានជួបពិភាក្សាផ្ទាល់មុខជាមួយសម្តេចតេជោ ហ៊ុន សែន។ នៅក្នុងពេលនៃជំនួប សម្តេច បានមានប្រសាសន៍បែបចែករំលែកនូវរឿងរ៉ាវជាច្រើនទាក់ទងនឹងការងារដឹកនាំរដ្ឋ ដើម្បីឱ្យពេលវេលានៃជំនួបមានភាពរស់រវើក។ នៅក្នុងជំនួបនោះ ខ្ញុំក៏បានត្រៀម និងលើកឡើង ពេលឱកាសមកដល់ នូវរឿងរ៉ាវទាក់ទងនិងកិច្ចការងារបរិស្ថាន ដូចជាការដាំដើមឈើតាមទីសាធារណៈ និង ជាពិសេស ការស្នើសុំសម្តេចជួយរក្សាបឹងធម្មជាតិ នៅក្នុងទីក្រុង ដូចជា បឹងតាមោក ជាដើម ពីព្រោះ វាមានតួនាទីជួយស្តុកទឹកពេលភ្លៀងធំ ផ្តល់សោភ័ណភាពទីក្រុង និងជាកន្លែងកំសាន្តសម្រាប់ជួយលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ អ្វីដែលខ្ញុំកត់សម្គាល់ សម្តេច បានស្តាប់ដោយយកចិត្តទុកដាក់ នៅពេលខ្ញុំនិយាយ និងឆ្លើយតបវិញដោយសមគួរ នូវហេតុផលត្រូវលុបបឹងមួយចំនួននៅភ្នំពេញ។ ក្រោយជំនួប ខ្ញុំឆ្លុះបញ្ចាំងអំពីជំនួបនេះឡើងវិញ ហើយសន្និដ្ឋានថា សម្តេច មិនត្រឹមតែពូកែនិយាយពន្យល់ និងបញ្ចុះបញ្ចូលដៃគូសន្ទនាទេ តែក៏ពូកែស្តាប់ផងដែរ ដែលនេះគឺជាគុណសម្បត្តិដ៏ល្អប្រពៃមួយរបស់អ្នកដឹកនាំ ក្នុងការរៀនសូត្រនិងស្វែងយល់នូវរឿងរ៉ាវសំខាន់ៗទាំងឡាយ។

កាលឡើងកាន់ជាប្រមុខរដ្ឋាភិបាល ចាប់ពីដើមឆ្នាំ១៩៨៥ លោកចូលចិត្តចុះទៅមើល និងរៀនសូត្រអំពីស្ថានភាពផ្ទាល់នៅមូលដ្ឋាន ដោយជិះម៉ូតូទៅដល់ភូមិជនបទដាច់ស្រយាល ដើម្បីស្វែងយល់ថា តើគោលនយោបាយដែលបានដាក់ចេញពីមជ្ឈឹមទៅ យកទៅអនុវត្តនៅមូលដ្ឋាន ត្រឹមត្រូវ​ សមស្របដែរឬទេ។ ការរៀនសូត្រអំពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ជួយឱ្យលោកសម្រេចកែទម្រង់សេដ្ឋកិច្ចជាបណ្តើរៗ ពីបែបផែនការនិងសមូហភាពនិយម ឈានឆ្ពោះទៅទិសទីផ្សារ កម្មសិទ្ធិឯកជន និងពាណិជ្ជកម្មសេរី ចាប់ពីឆ្នាំ១៩៨៦ ដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់សង្គម និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

រូបភាពទី១០ ៖ សម្តេច ហ៊ុន សែន ចុះមូលដ្ឋាន សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងភាពសាមញ្ញធម្មតា

នៅក្នុងកិច្ចសំណេះសំណាលមួយ ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣ សម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា លោកធុញទ្រាន់នឹងអ្នកការទូតបស្ចិមប្រទេសម្នាក់ ដែលចង់មកប្រដៅលោក ឱ្យចេះទទួលស្គាល់ការផ្លាស់ប្តូរនៅក្នុងសង្គមខ្មែរ ដោយលោកឆ្លើយបកទៅវិញថា “លោកឯងកំពុងតែនិយាយជាមួយសាស្រ្តាចារ្យម្នាក់ ដែលយល់ដឹងយ៉ាងច្បាស់អំពីដំណើរការវិវត្តផ្លាស់ប្តូរនៅក្នុងសង្គមខ្មែរតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន។” ហើយលោកបន្ថែមថា “ប្រសិនបើខ្ញុំមិនបានរៀនយល់ដឹងអំពីដំណើរការផ្លាស់ប្តូរនៅក្នុងសង្គមខ្មែរទេ ខ្ញុំមិនអាចកាន់អំណាចជាប់មកដល់ពេលនេះទេ។”

ប្រសិនបើអ្នកតាមស្តាប់កិច្ចសំណេះសំណាលរបស់ សម្តេចតេជោ ជាច្រើន អ្នកនឹងដឹងថា លោកជាបុគ្គលដែលតែងព្យាយាមរៀនសូត្រស្វែងយល់ជាប់ជានិច្ច ពីប្រភពផ្សេងៗ អំពីរឿងរ៉ាវសំខាន់ៗជាច្រើន តាំងពីរឿងប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ រហូតដល់រឿងរ៉ាវកើតឡើងក្នុងបណ្តាញសង្គម ដែលមានសារប្រយោជន៍សម្រាប់កិច្ចការងារដឹកនាំរដ្ឋ។

ក្រៅពីការរៀនសូត្រជាប្រចាំ សម្តេចតេជោ ក៏ជាអ្នកដឹកនាំដែលចូលចិត្ត និងឱ្យតម្លៃអ្នកចេះដឹង ហើយចេះជ្រើសរើសអ្នកចេះដឹងឱ្យមកធ្វើការជាមួយគាត់។ បើអ្នកក្រឡេកមើលថយក្រោយ ទៅរកពេលវេលាក្នុងទសវត្សរ៍១៩៨០ អ្នកនឹងសម្គាល់ឃើញបញ្ញវន្តជាច្រើន ដែលមិនមែនជាជនបដិវត្តន៍តស៊ូកាលសម័យមុនឆ្នាំ១៩៧៩ ត្រូវបានរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីវ័យក្មេង ហ៊ុន សែន ជ្រើសរើសយកមកបម្រើការងារនៅក្នុងរដ្ឋាភិបាលជាមួយ ដែលក្នុងនោះមានដូចជា លោក សុខ អាន លោក ចម ប្រសិទ្ធ លោក ឌិត មន្ទីរ លោក ខៀវ កញ្ញារិទ្ធ ជាដើម។ ក្រោយមកទៀត ក៏សម្តេចតេជោ បានផ្តល់ឱកាសដល់អ្នកចេះដឹងឱ្យចូលបម្រើក្នុងរាជរដ្ឋាភិបាល បើទោះបីមានអតីតភាពនៅក្នុងគណបក្សប្រឆាំងក៏ដោយ ក្នុងនោះមានដូចជា ឯកឧត្តម គាត ឈន់ ឯកឧត្តម ស៊ុន ចាន់ថុល លោកជំទាវ អុឹង កន្ថាផាវី ឯកឧត្តម សុខ ចិន្តាសោភា ឯកឧត្តម គង់ វិបុល និងលោកបណ្ឌិត យ៉ង សាំងកុមារ ជាដើម។

បើអ្នកស្តាប់សំឡេងខ្លីៗរបស់ សម្តេច ហ៊ុន​ សែន ធ្វើសង្កថាប្រតិកម្មតបទៅនឹងមតិរិះគន់របស់ក្រុមប្រឆាំង ដោយខឹងសម្បា អ្នកអាចគិតថា លោកជាមនុស្សចូលចិត្តសម្លុតគំរាមកំហែង គួរឱ្យខ្លាចរអារ។ ក៏ប៉ុន្តែ នៅក្បែរលោកបែរជាអ្នកសម្លឹងឃើញមនុស្សមានសមត្ថភាព និងគុណធម៌ជាច្រើនធ្វើការបម្រើលោកដោយពេញចិត្តទៅវិញ។ តើ សម្តេចតេជោ មានមន្តស្នេហ៍អ្វីទៅ?  

៦. ជួបហើយជាប់ចិត្ត

“អ្នកដឹកនាំទាក់ទាញបេះដូងយើងជាមុន មុននឹងគាត់សុំយើងឱ្យធ្វើអ្វីមួយ។” -- John C. Maxwell

ជួបហើយជាប់ចិត្ត​ចង់សំដៅលើទេពកោសល្យរបស់អ្នកដឹកនាំក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស។ វាជាគុណសម្បត្តិមួយរបស់អ្នកដឹកនាំ ដែលហាក់មានមន្តស្នេហ៍ធ្វើឱ្យមនុស្ស ដែលគាត់ប្រាស្រ័យទាក់ទង មានចិត្តគោរព ស្រឡាញ់ និងចូលចិត្តអ្នកដឹកនាំនោះ ដោយសារតែគាត់ចេះផ្តល់តម្លៃ និងការគោរពដល់មនុស្ស ដែលគាត់ប្រាស្រ័យទាក់ទង។

កាលពីនៅបម្រើការងារក្នុងអង្គការក្រៅរដ្ឋាភិបាល តាំងពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០១៤ ម្តងម្កាល ខ្ញុំបានស្តាប់សារសម្លេងខ្លីៗ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមប្រព័ន្ធសារព័ត៌មាន ជាពិសេស សារព័ត៌មានមាននិន្នាការប្រឆាំង ដែលគេកាត់យកតែខ្លឹមសារខ្លះៗ នៃកិច្ចសំណេះសំណាលរបស់ លោកនាយករដ្ឋមន្រ្តី ជាមួយមហាជន ក្នុងកម្មវិធីផ្សេងៗ ដែលខ្លឹមសារទាំងនោះ ភាគច្រើន ផ្តោតលើការប្រតិកម្មបែបខឹងសម្បារបស់លោក តបទៅនឹងការរិះគន់របស់ក្រុមប្រឆាំង។ នៅពេលបានស្តាប់ម្តងៗ ខ្ញុំបានវាយតម្លៃថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបុគ្គលចូលចិត្តសម្លុតគំរាម គួរឱ្យខ្លាចរអារ និងមិនគួរឱ្យចង់នៅក្បែរធ្វើការជាមួយទេ។ ប៉ុន្តែ ជាមួយនោះ ខ្ញុំក៏មានចម្ងល់មួយចំនួនថា បើលោកមានអត្តចរិតបែបនេះ ហេតុអ្វីក៏មានអ្នកមានសមត្ថភាព និងមានគុណធម៌ជាច្រើនបែរជាសុខចិត្តនៅធ្វើការជាមួយ និងបម្រើលោកទៅវិញ។

ក្រោយការចូលប្រលូកក្នុងវិស័យនយោបាយចាប់តាំងពីចុងឆ្នាំ២០១៤ មក ខ្ញុំក៏ចាប់ផ្តើមស្វែងយល់អំពីអ្នកដឹកនាំនយោបាយសំខាន់ៗនៅកម្ពុជា រួមទាំងអ្នកដឹកនាំនយោបាយក្នុងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។ ការសិក្សាស្វែងយល់របស់ខ្ញុំ ធ្វើឱ្យខ្ញុំផ្លាស់ប្តូរការយល់ឃើញពីមុនទៅលើអ្នកដឹកនាំនយោបាយខ្មែរ ជាពិសេស​ ចំពោះលោក សម រង្ស៉ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កាលពីមុនចូលប្រលូកក្នុងវិស័យនយោបាយ (មុនឆ្នាំ២០១៤) ជាពិសេស នៅជាយុវជនឈាមរាវ និងពុំមានការយល់ដឹងច្រើនអំពីនយោបាយ ខ្ញុំបានចាត់ទុកលោក សម រង្ស៉ី ដូចជាវីរៈបុរសដ៏អស្ចារ្យម្នាក់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រោយពីការប្រលូកក្នុងវិស័យនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបានភ្លក់រសជាតិនិងស្គាល់នយោបាយជ្រុលនិយម និងលាបពណ៌របស់គាត់ និងក្រុមគាត់ ខ្ញុំបានផ្លាស់ប្តូរការយល់ឃើញរបស់ខ្ញុំចំពោះគាត់ទាំងស្រុង។ ខ្ញុំបានសង្កេតឃើញ លោក សម រង្ស៉ី ជាអ្នកដឹកនាំនយោបាយដែលគ្មានគោលការណ៍ គ្មានទស្សនវិស័យវែងឆ្ងាយ ចូលចិត្តលាបពណ៌អ្ន្កកដទៃដែលមិនគាំទ្រខ្លួន និងចូលចិត្តនិយាយកុហកដើម្បីលើកតម្កើងប្រជាប្រិយភាពរបស់ខ្លួន។

បន្ទាប់ពីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ប្រចាំនៅរាជធានីភ្នំពេញ ហើយទទួលបានលទ្ធផលគួរឱ្យខកចិត្តយ៉ាងខ្លាំង ខ្ញុំក៏ចាប់ផ្តើមរៀនសូត្រស្វែងយល់ឱ្យស៊ីជម្រៅ តាមរយៈការអានសៀវភៅ និងស្តាប់ YouTube អំពីដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនៅប្រទេសផ្សេងៗ រួមទាំងនៅប្រទេសអង់គ្លេស ប្រទេសអាមេរិក និងភាពបរាជ័យនៃការខំប្រឹងកសាងលទ្ធិប្រជាធិបតេយ្យ បែបបង្ខំនៅប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៉ីរ៉ាក់ ជាដើម។ ការរៀនសូត្រទាំងនេះបានជួយខ្ញុំឱ្យធ្វើការសន្និដ្ឋានថា ការកសាងលទ្ធិប្រជាធិបតេយ្យបែបចាស់ទុំ រស់រវើក និងស៉ីវិល័យ នៅកម្ពុជា ដែលខ្ញុំចង់បាន ត្រូវការរយៈពេលវែង និងត្រូវការកត្តាច្រើនកើតឡើងផ្គុំគ្នា ជាពិសេស ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការកកើតវណ្ណៈកណ្តាល ដែលត្រូវចេញពីការកសាងរដ្ឋមួយឱ្យរឹងមាំសិន និងមានការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនជាមុន។ ជាមួយនេះផងដែរ ខ្ញុំក៏ចាប់ផ្តើមយល់ដឹងអំពីហានិភ័យខ្ពស់នៃការកកើតភាពវឹកវរ ចលាចលសង្គម ការបង្ហូរឈាម និងឈានទៅមានសង្រ្គាមស៉ីវិលឡើងវិញ ចំពោះប្រទេសដែលទើបងើបចេញពីការបែកបាក់ជាតិ និងសង្រ្គាមរុាំរ៉ៃ ដូចជាប្រទេសកម្ពុជាយើង។ ខ្ញុំចាប់ផ្តើមយល់អំពីតម្លៃសន្តិភាព និងអាទិភាពចម្បងនៃការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ហើយក៏បានឱ្យតម្លៃ និងកោតសរសើរស្នាដៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកសាងសន្តិភាព និងថែរក្សាស្ថិរភាពសង្គម នៅក្នុងចិត្តរបស់ខ្ញុំតែម្នាក់ឯង។ ជាមួយនេះ ជាបណ្តើរៗ ខ្ញុំក៏ចាប់ផ្តើមបាត់បង់បុព្វហេតុ និងក្តីសង្ឃឹមនៃការតស៊ូរបស់ខ្ញុំជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយចេះតែសួរខ្លួនឯងថា តើខ្ញុំគួរធ្វើអ្វីវិញ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ខ្ញុំបានគិតអំពីជម្រើសផ្សេងៗ ដែលក្នុងនោះរួមមាន ១) បន្តការតស៊ូនៅជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាមួយភាពធុញទ្រាន់មិនអាចធ្វើអ្វីបានច្រើន និងគ្មានលទ្ធផល ២) បកទៅបម្រើការងារក្នុងអង្គការ NGO វិញ ដែលមានប្រាក់ខែច្រើនសមរម្យ តែលែងមានចំណង់ ៣) ចូលរួមបម្រើរាជរដ្ឋាភិបាល ឬក៏ ៤) ចូលនិវត្តន៍តែម្តង។ បើទោះបីជាបាត់បង់បុព្វហេតុ និងក្តីសង្ឃឹមក៏ដោយ ក៏ខ្ញុំនៅមានភាពស្ទាក់ស្ទើរច្រើន ក្នុងការធ្វើក្តីសម្រេចចិត្ត ដោយសារតែចេះតែនឹកឃើញដល់ក្រុមការងារ GDP ដែលធ្លាប់តស៊ូជាមួយគ្នា និងអ្នកគាំទ្រការតស៊ូរបស់ខ្ញុំកន្លងមក។ បន្ទាប់ពីសង្កេតឃើញការចូលរួមសកម្ម និងមានប្រយោជន៍ក្នុងរាជរដ្ឋាភិបាលរបស់ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រមាណ៤ខែកន្លងមក ខ្ញុំបានគិតថា ខ្ញុំត្រូវមានការសម្រេចចិត្តដ៏ច្បាស់លាស់មួយ មិនអាចស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់បែបនេះយូរទេ។ ខ្ញុំក៏សម្រេចចូលរួមជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ តាមប្រព័ន្ធតេលេក្រាម។ ក្រោយមកជាង ២ខែ ខ្ញុំត្រូវបានទទួលការអនុញ្ញាតិពី សម្តេចតេជោ ឱ្យចូលជួបសំដែងការគួរសម និងថ្លែងអំណរគុណផ្ទាល់នៅគេហដ្ឋានរបស់សម្តេចនៅទីក្រុងតាខ្មៅ នារសៀលថ្ងៃច័ន្ទទី១២ ខែមិថុនា ឆ្នាំ២០២៣។ ខាងក្រោមនេះជា​ការសង្កេត និងកត់សម្គាល់ចេញពីបេះដូងរបស់ខ្ញុំ ក្រោយជំនួបជាមួយសម្តេចតេជោ ហើយខ្ញុំបានសរសេរនៅក្នុងបណ្តាញសង្គម Facebook ៖

“សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកកាន់តួនាទីកំពូលក្នុងស្ថាប័ននីតិប្រតិបត្តិរបស់ប្រទេសជាតិ។ លោកជាអ្នកដឹកនាំនយោបាយ ដែលកំពុងមានឥទ្ធិពលខ្លាំងបំផុតនៅកម្ពុជា។

អ្នកត្រូវបានអនុញ្ញាតិឱ្យចូលជួបសំដែងការគួរសមនៅក្នុងគេហដ្ឋានរបស់សម្តេច។ ពេលទៅដល់បន្ទប់រង់ចាំបានបន្តិច សម្តេចដើរចេញមកទទួលអ្នកដល់បន្ទប់រង់ចាំ ហើយចាប់ដៃស្វាគមន៍អ្នក ដោយកក់ក្តៅនិងរាក់ទាក់។

នៅក្នុងកិច្ចសន្ទនាជាង២ម៉ោង សម្តេច បានចែករំលែកអំពីបទពិសោធន៍ការងារដឹកនាំរដ្ឋជាក់ស្តែង ជាការបង្រៀនដល់អ្នក។ នៅពេលអ្នកមានមតិយោបល់អ្វីមួយ សម្តេច ស្តាប់អ្នកដោយយកចិត្តទុកដាក់ និងឆ្លើយតបជាមួយអ្នកវិញដោយសមគួរ។
នៅពេលកិច្ចសន្ទនាបានចប់ សម្តេច ជូនដំណើរអ្នកមកដល់ក្លោងទ្វារផ្ទះ ហើយចាប់ដៃ ឬចាប់ស្មា ទទួលយកការជំរាបលារបស់អ្នក។
កាយវិការ និងភាពជាអ្នកដឹកនាំទាំងនេះបានដិតជាប់ក្នុងបេះដូងរបស់ខ្ញុំ!!”

រូបភាពទី១១ ៖ ការជួបសម្តែងការគួរសម ជាមួយ សម្តេចតេជោ នាថ្ងៃទី១២ ខែមិថុនា ២០២៣

ក្រោយជួបសម្តេច ខ្ញុំលែងឆ្ងល់ថា ហេតុអ្វីក៏មនុស្សមានសមត្ថភាព និងគុណធម៌ជាច្រើនស្ម័គ្រធ្វើការជាមួយ សម្តេចតេជោ ហើយធ្វើការជាមួយភាពពេញចិត្ត ពីព្រោះសម្តេចចេះស្តាប់ និងឱ្យតម្លៃអ្នកចេះដឹង​ គោរពពាក្យសន្យា មានគោលការណ៍ និងទស្សនវិស័យច្បាស់លាស់ និងមានទេពកោសល្យខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស ធ្វើឱ្យមនុស្សដែលបានជួបជជែកជាមួយលោកហើយ ជាប់ចិត្តចង់ធ្វើការបម្រើលោក។

ក្រោយការដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់នៅ​ឆ្នាំ​១៩៩៤ កម្លាំងទ័ពខ្មែរក្រហមត្រូវទទួលរងការអូសទាញពី និន្នាការផ្សេងៗ។ មេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ដូចជា ប៉ុល ពត នួន ជា តាម៉ុក ជាដើម ខំប្រឹងទប់កម្លាំងយោធាខ្មែរក្រហមឱ្យនៅស្មោះត្រង់នឹងខ្លួន។ ខាងគណបក្សហ្វ៊ុនស៊ិនប៉ិច ​ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណរិទ្ធ ក៏ខំប្រឹងអូសទាញកម្លាំងយោធាខ្មែរក្រហមឱ្យមកចូលរួម ជាមួយកម្លាំងខ្លួន ដើម្បីបង្កើនតុល្យភាពតទល់ជាមួយកម្លាំង ដែលស្មោះត្រង់នឹងគណបក្សប្រជាជន។ គណបក្សប្រជាជនក៏មាននយោបាយអូសទាញកម្លាំងយោធារបស់ខ្មែរក្រហម ដើម្បីធ្វើឱ្យឥទ្ធិពលយោធារបស់ខ្មែរក្រហមកាន់តែចុះខ្សោយ ទប់ស្កាត់បានទាំងស្រុងនូវការនូវការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឈានទៅបញ្ចប់សង្រ្គាមស៊ីវិល។ [១]

ស្ថានការណ៍ប្រទាញប្រទង់យកកម្លាំងយោធាខ្មែរក្រហមចាប់ផ្តើមមានការផ្លាស់ប្តូរខ្លាំង និងផ្អៀងមកខាងគណបក្សប្រជាជន ក្រោយជំនួបរវាងសម្តេច ហ៊ុន សែន​ ជាមួយលោក កែវ ពង្ស មេទ័ពខ្មែរក្រហមនៅតំបន់ភ្នំឱរ៉ាល់ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅផ្ទះទឹកក្នុងបរិវេណគេហដ្ឋានសម្តេចនៅក្រុងតាខ្មៅ [២]។ ដោយសារតែទេពកោសល្យខ្ពស់ក្នុងការប្រាស្រ័យទាក់ទង​ និងការពន្យល់របស់សម្តេច​ ហ៊ុន​ សែន​ អំពីគោលនយោបាយឈ្នះឈ្នះ លោក កែវ ពង្ស បានសម្រេចចិត្តដោយក្តីជឿជាក់ ចូលរួមរស់ជាមួយរាជរដ្ឋាភិបាល និងជួយសម្តេចតេជោ ក្នុងការអូសទាញកម្លាំងខ្មែរក្រហមផ្សេងទៀត។

ជំនួបលើកទី១ រវាងលោកប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ហ៊ុន​ សែន តំណាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម្តេច​ នរោត្តម សីហនុ ជាប្រធានរដ្ឋាភិបាលចម្រុះត្រីភាគី ដែលកើតឡើងនៅថ្ងៃទី២​-៤ ខែធ្នូ ឆ្នាំ១៩៨៧​ នៅប្រទេសបារាំង បានទម្លាយភាពទ័លច្រកជាច្រើន និងបើកផ្លូវសម្រាប់ការចរចាក្រោយៗទៀត ដែលលទ្ធផលចម្បងគឺ ការស្រុះស្រួលគ្នាសម្រេចថា បញ្ហាកម្ពុជាត្រូវតែដោះស្រាយដោយការចរចា និងដោយប្រជាជនកម្ពុជាខ្លួនឯងផ្ទាល់​ [១]។ ភាពឈ្លាសវៃនិងប៉ិនប្រសប់នៃសិល្បៈក្នុងការប្រាស្រ័យទាក់ទង និងយុទ្ធសាស្រ្តចរចារបស់លោក ហ៊ុន សែន បានទាក់ទាញទំនុកចិត្តពី សម្តេច នរោត្តម សីហនុ និងបានធ្វើឱ្យ សម្តេច នរោត្តម សីហនុ ដើរចាកចេញពីពួកខ្មែរក្រហម ក្នុងរដ្ឋាភិបាលចម្រុះត្រីភាគី ជាបណ្តើរៗ ដែលរឿងនេះមានសារសំខាន់ជាយុទ្ធសាស្រ្ត ក្នុងការធ្វើឱ្យពួកខ្មែរក្រហមចុះខ្សោយក្នុងផ្លូវនយោបាយ និងទាក់ទាញសហគមន៍អន្តរជាតិ ជាពិសេស ក្រុមប្រទេសលោកខាងលិច ឱ្យចាប់អារម្មណ៍និងផ្តល់តម្លៃមកលើភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកប្តូរឈ្មោះជារដ្ឋកម្ពុជា ពីព្រោះ សម្តេច នរោត្តម សីហនុ នៅមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមហាជនខ្មែរ និងមានការទទួលស្គាល់ច្រើនពីសហគមន៍អន្តរជាតិ។ ទំនាក់ទំនងរវាង ឯកឧត្តម ហ៊ុន សែន និង សម្តេច នរោត្តម សីហនុ កាន់តែមានទំនុកចិត្តលើគ្នា និងមានភាពស្និទ្ធស្នាលខ្លាំងឡើង រហូតដល់ក្លាយជា កូនធម៌ និងឪពុកធម៌ ដែលទំនាក់ទំនង និងទំនុកចិត្តនេះ មានសារប្រយោជន៍យ៉ាងខ្លាំង សម្រាប់ការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ជាពិសេស ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងការដោះស្រាយវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តលើកទី១ នៅឆ្នាំ១៩៩៣។ ការប្រាស្រ័យទាក់ទងដ៏ល្អ និងការកសាងទំនុកចិត្តរបស់ ឯកឧត្តម ហ៊ុន សែន ចំពោះសម្តេច នរោត្តម សីហនុ បាននាំឱ្យ សម្តេច នរោត្តម សីហនុ សម្រេចចិត្តវិលត្រលប់ចូលមាតុភូមិកម្ពុជាវិញ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ អមដំណើរដោយ ឯកឧត្តម ហ៊ុន សែន ជាមួយនឹងការស្វាគមន៍ដោយក្តីសប្បាយរីករាយពីប្រជារាស្រ្តខ្មែរ។

រូបភាពទី១២ ៖ ការវិលត្រលប់ចូលស្រុកខ្មែរវិញរបស់ សម្តេច នរោត្តម សីហនុ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១

ជាមួយនឹងសិល្បៈខ្ពស់ក្នុងការប្រាស្រ័យទាក់ទង លោកប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីវ័យក្មេង ហ៊ុន សែន ក៏មានយុទ្ធសាស្រ្តខ្ពស់ក្នុងការចរចាផងដែរ។ សម្តេច ហ៊ុន សែន ធ្លាប់បានរម្លឹកឡើងវិញអំពីការចរចា ឈានទៅសម្រេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាក់ទងនឹងការដោះស្រាយរឿងរំសាយកងទ័ព ដែលជាបញ្ហាស្មុគស្មាញមួយ។ លោកបានលើកឡើងអំពីវិធីសាស្រ្តមួយ ដែលមានន័យថា “នំរបស់ ហ៊ុន សែន ផលិត ត្រូវផ្ញើរមកឱ្យ ហ៊ុន សែន ទទួលទានវិញ តាមរយៈអ្នកដទៃ។” ពោលឱ្យចំគឺសំណើរំសាយកងទ័ពចំនួន ៧០%។ លោកបានលើកគំនិតនេះជូនទៅលោក Jean-David Levitte, តំណាងប្រទេសបារាំង ជាសហប្រធានសន្និសីទអន្តរជាតិក្រុងប៉ារីស ក្នុងជំនួបស្រស់ស្រូបអាហារសម្ងាត់មួយ ដោយលោកដឹងថា បើលោកលើកគំនិតនេះដោយខ្លួនឯង ពួកខ្មែរក្រហមនឹងបដិសេធ។ ដូច្នេះ ទុកឱ្យអ្នកផ្សេងជាអ្នកលើក ហើយលោកនឹងផ្តល់ការគាំទ្រ ក្នុងពេលចរចា។ [១]

នៅក្នុងដំណើរការចរចា និងការប្រាស្រ័យទាក់ទងជាមួយតួអង្គផ្សេងៗ ទាំងខាងភាគីខ្មែរ និងបរទេស ក្នុងចុងទសវត្សរ៍១៩៨០ ​ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីវ័យក្មេង ហ៊ុន សែន មានភាពតស៊ូម៉ឺងម៉ាត់ និងធ្វើសម្បទានសម្របសម្រួលទន់ភ្លន់ផង តែលោកប្រកាន់ខ្ជាប់គោលការណ៍ចម្បង២ប្រការ គឺ ១) រក្សាយ៉ាងរឹងមាំនូវសមិទ្ធផលសង្គមជាតិ និង ២) ទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបឃោរឃៅ ព្រៃផ្សៃ របស់ពួក ប៉ុល ពត ជាមួយផែនការដកកងទ័ពវៀតណាមចេញពីកម្ពុជា។ [១]

សម្តេចតេជោ ក៏មានទេពកោសល្យខ្ពស់នៅក្នុងកិច្ចការងារទំនាក់ទំនងសាធារណៈ ជាពិសេស ការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ក៏ដូចជាការថ្លែងសង្កថា ផ្ញើរសារនយោបាយអ្វីមួយទៅសាធារណៈជន។ ពេលជួបជាមួយប្រជាពលរដ្ឋ កសិករ ឬបងប្អូនកម្មករ មិនថា នៅសម័យរដ្ឋកម្ពុជា ឬសម័យក្រោយមក លោកមានលក្ខណៈសាមញ្ញ រួសរាយ រាក់ទាក់ និងស្និទ្ធស្នាល។ នៅពេលចូលវត្តអារាម លោកអង្គុយស្តាប់លោកសង្ឃទេសនា ជាឧបាសកម្នាក់ដ៏សុភាពរាបសារ​ [១]។ នៅក្នុងកិច្ចសំណេះសំណាល ថ្លែងសង្កថា សម្តេចតេជោ ចេះលើកដាក់សំឡេង ចេះនិទានរឿងផ្សេងៗ ចេះប្រតិកម្មតបបែបខឹងសម្បាទៅលើមតិទិតៀនរបស់ក្រុមប្រឆាំង ដែលទាក់ទាញការចាប់អារម្មណ៍និង ការចូលចិត្តរបស់អ្នកស្តាប់។ ទេពកោសល្យទំនាក់ទំនងសាធារណៈទាំងនេះបានធ្វើឱ្យ សម្តេចតេជោ ក្លាយជាអ្នកដឹកនាំនយោបាយ គួរជាទីចាប់អារម្មណ៍ និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

រូបភាពទី១៣ ៖ សម្តេចតេជោ ហ៊ុន សែន ជួបជាមួយកសិករ និងកម្មករ       

ទាំងនេះសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំនយោបាយ ដែលមានទេពកោសល្យខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស ជាមួយសាធារណៈជន មានយុទ្ធសាស្រ្តខ្ពស់ក្នុងការចរចា ចេះបត់បែន សម្របសម្រួល ទន់ភ្លន់ តែតស៊ូម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាស់លាស់ ជាមួយទស្សនវិស័យសម្លឹងវែងឆ្ងាយ។

មនុស្សជាច្រើនបានគិតថា សម្តេច ហ៊ុន សែន នឹងមិនអាចលះបង់អំណាចជានាយករដ្ឋមន្រ្តីបានទេ។ លោកនឹងធ្វើជានាយករដ្ឋមន្រ្តី រហូតដល់លោកធ្វើលែងកើត។ ក៏ប៉ុន្តែ ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ២០២៣ សម្តេច ហ៊ុន សែន បានចេញសេចក្តីប្រកាសគួរឱ្យភ្ញាក់ផ្អើលមួយ គឺលោកឈប់ធ្វើជានាយករដ្ឋមន្រ្តីហើយ។ ហេតុអ្វីក៏ សម្តេចតេជោ ធ្វើការសម្រេចចិត្តបែបនេះ?    

៧. នរណាទៅក្រោយពី ហ៊ុន សែន 

អ្នកដឹកនាំ ដែលមានទស្សនវិស័យ តែងគិត និងរៀបចំផែនការបន្តវេន ជាពិសេស ជាមួយអ្នកដឹកនាំ ដែលត្រូវបន្តមរតករបស់គាត់ បន្ទាប់ពីគាត់កសាងមរតកដ៏ថ្លៃថ្លារួចហើយ។ -- John C. Maxwell

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងក្នុងមតិសំណេះសំណាលមួយថា នៅក្នុងជំនួបមួយរវាងមេដឹកនាំអាស៊ាន និងមេដឹកនាំជប៉ុន លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ដែលយល់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកសំណួរបែបលេងបន្លំមែនថា តើនរណាទៅក្រោយពី ហ៊ុន សែន? ហើយលោកក៏ឆ្លើយដោយខ្លួនឯងថា ក្រោយពី ហ៊ុន សែន មានតែ ហ៊ុន សែន។

នៅក្នុងការថ្លែងសន្ទរកថា​ ក្នុងពិធីគម្រប់ខួបទី៤៥ នៃថ្ងៃមហាជ័យជន្នះ៧មករា នាព្រឹកថ្ងៃទី៧ ខែមករា ២០២៤​ នៅទីធ្លាមុខសាលសន្និសីទកោះពេជ្រ ដែលខ្ញុំបានចូលរួមស្តាប់ដែរនោះ សម្តេចតេជោ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបង្វឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាច្រើនឆ្នាំមកហើយ ដើម្បីឱ្យត្រៀមខ្លួនទទួលយកតួនាទីដឹកនាំរាជរដ្ឋាភិបាល និងដឹកនាំប្រទេសជាតិ នាពេលអនាគត។ នេះជាការគិតគូរទុកមុនជាយូរមកហើយ។

នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ដែលខ្ញុំមានវត្តមាននៅទៅទីនោះដែរ សម្តេចតេជោ បានលើកឡើងថា ការជ្រើសរើស សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំរាជរដ្ឋាភិបាល មានការគិតគូរច្រើនណាស់ មិនមែនជារឿងលេងសើចទេ គិតទាំងអត្តចរិតបុគ្គល គិតទាំងភរិយា និងគិតទាំងក្រុមគ្រួសារខាងប្រព័ន្ធផង តើសាកសមនឹងក្លាយជានាយករដ្ឋមន្រ្តី ដែរទេ។

យោងតាមប្រសាសន៍របស់សម្តេចតេជោ ដែលរៀបរាប់ខាងលើ សបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានគិតគូររៀបចំផែនការបន្តវេនជាយូរមកហើយ។

ក្រោយបញ្ចប់ការរៀនសូត្រនៅវិទ្យាល័យក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៩៥ យុវជន ហ៊ុន ម៉ាណែត ក្នុងវ័យ១៨ឆ្នាំ បានចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ និងត្រូវបានបញ្ជូនឱ្យទៅរៀននៅសាលាយោធា West Point នៅសហរដ្ឋអាមេរិក ហើយបានបញ្ចប់ការសិក្សាផ្នែកយោធានៅទីនោះ ដោយជោគជ័យនៅឆ្នាំ១៩៩៩ ជាមួយនឹងសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច។ ក្រោយមក យុវជន ហ៊ុន ម៉ាណែត បានបន្តការសិក្សានៅ សាកលវិទ្យាល័យ New York នៅសហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រអនុបណ្ឌិត Master of Arts in economics នៅឆ្នាំ២០០២ និងបន្តទៅសិក្សានៅប្រទេសអង់គ្លេស នៅសាកលវិទ្យាល័យ Bristol ដោយបញ្ចប់សញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច​ នៅឆ្នាំ២០០៩។ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានបទពិសោធន៍យ៉ាងច្រើននៅក្នុងកិច្ចការងារយោធា ដោយធ្លាប់ទទួលតួនាទីជាច្រើន នៅក្នុងវិស័យយោធា រួមទាំងតួនាទីជាមេទ័ពជើងគោក និងអគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងកិច្ចការងារគណបក្ស ឯកឧត្តម ហ៊ុន ម៉ាណែត​ ក៏មានភាពសកម្មធ្វើការជាមួយក្រុមយុវជន រហូតក្លាយជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២០។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតដោយសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ឱ្យក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន ពីសម្តេចតេជោ ហ៊ុន សែន ជាផ្លូវការ [៧]។ 
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ ឯកឧត្តម ហ៊ុន ម៉ាណែត​ ឱ្យក្លាយជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយគណបក្សប្រជាជនបានឈ្នះភ្លូកទឹកភ្លូកដី នាពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយ​ សម្តេចតេជោ បានប្រកាសប្រាប់សាធារណជនថា លោកសម្រេចប្រគល់កាតព្វកិច្ចដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧នេះដល់អ្នកជំនាន់ថ្មី។

រូបភាពទី១៤ ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ពរជ័យដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី ក្រោយរដ្ឋសភាជាតិ បោះឆ្នោតផ្តល់ក្តីទុកចិត្ត នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣

បទពិសោធន៍ដឹកនាំគ្រប់គ្រងក្នុងវិស័យយោធា និងការស្គាល់ច្បាស់អំពីយុវជន​ មានសារសំខាន់ជាយុទ្ធសាស្រ្តក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពសង្គម ជាពិសេស សម្រាប់ប្រទេស ដែលងើបចេញពីការបែកបាក់ជាតិ និងសង្រ្គាមស៊ីវិល ដូចជាកម្ពុជា។ ហើយការសិក្សាជ្រៅជ្រះអំពីសេដ្ឋកិច្ចក៏មានសារប្រយោជន៍ខ្លាំង សម្រាប់ដឹកនាំប្រទេស ឈានឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង ថ្លៃថ្នូរ នាពេលអនាគត។ យុវជន​ ឧត្តមសេនីយ៍ និងឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបង្វឹកតាំងពីនៅជាយុវជន​ នៅក្នុងការរៀបចំផែនការបន្តវេនរបស់ សម្តេចតេជោ ឱ្យត្រៀមខ្លួនទទួលយកបេសកកម្មពិសិដ្ឋ គឺការថែរក្សាមរតកសន្តិភាព និងស្ថិរភាពនយោបាយ​ ដែល សម្តេចតេជោ បានបន្សល់ទុក ព្រមទាំងការអភិវឌ្ឍកម្ពុជាឱ្យរុងរឿង ថ្លៃថ្នូរ និងការកសាងកិត្យានុភាពជាតិខ្មែរឡើងវិញលើឆាកអន្តរជាតិ។

>> សេចក្តីបញ្ចប់

ការសិក្សាស្វែងយល់អំពីភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ បាននាំយើងឱ្យស្គាល់ផងដែរនូវស្នាដៃដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់ សម្តេច ហ៊ុន សែន ក្នុងការទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបឃោរឃៅ ព្រៃផ្សៃ ប្រល័យពូជសាសន៍ របស់ ប៉ុល ពត ការរំលាយអង្គការចាត់តាំងរបស់ពួកខ្មែរក្រហម ការកសាងសន្តិភាពពេញផ្ទៃប្រទេស ការបង្រួបបង្រួមជាតិ និងការរក្សាស្ថិរភាពនយោបាយ ដែលផ្តល់ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ​ ឈានឆ្ពោះទៅរកភាពរុងរឿង សម្បូរសប្បាយ ​និងថ្លៃថ្នូរ។ សន្តិភាពគឺជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនខ្មែរ ដែលចាំបាច់ត្រូវថែរក្សាឱ្យបានគង់វង្ស។

នៅក្នុងដំណើរជីវិត ដែលត្រូវទទួលយកបេសកកម្មដ៏ធំក្នុងការបម្រើជាតិមាតុភូមិក្នុងស្ថានការណ៍ដ៏សែនលំបាក និងបំពេញកាតព្វកិច្ចដ៏ស្មុគស្មាញ នៃការកសាងសន្តិភាព ចេញពីការបែកបាក់និងសង្រ្គាម៣០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានបណ្តុះ និងអភិវឌ្ឍគុណសម្បត្តិនៃភាពជាអ្នកដឹកនាំជាច្រើនប្រការ ដែលយើងជំនាន់នេះ ត្រូវយល់ដឹង និងចងក្រងទុកសម្រាប់ការរៀនសូត្រ។

ការសិក្សាស្វែងយល់អំពីភាពជាអ្នកដឹកនាំ របស់ សម្តេចតេជោ បានកត់ត្រាទុកនូវគុណសម្បត្តិចម្បងៗ ៧ប្រការ ដោយមានការដកស្រង់ពាក្យពេចន៍ខ្លី ខ្លឹម និងទាក់ទាញ ចេញពីខ្លឹមសារសំខាន់ៗនៃជំពូកនីមួយៗ ជាចំណងជើងនៃជំពូក ដែលមានន័យក្នុងភាពជាអ្នកដឹកនាំដូចតទៅ ៖

១. ប្រសិនបើខ្ញុំស្លាប់ ក៏ស្លាប់តែខ្ញុំ ប្រសិនបើបានមកវិញ គឺបានផែនដីទាំងមូល ចង់សំដៅលើអ្នកដឹកនាំ ដែលមានគុណសម្បត្តិក្នុងការហ៊ានលះបង់ខ្ពស់ ដើម្បីសម្រេចជោគជ័យធំធេង ឬដើម្បីបុព្វហេតុខ្ពង់ខ្ពស់ ហួសពីរឿងផ្ទាល់ខ្លួន ដូចជាដើម្បីសហគមន៍ ដើម្បីការពារព្រៃឈើ ឬដើម្បីជាតិមាតុភូមិ ដោយហ៊ានលះបង់ដល់ជីវិត ដើម្បីជាតិរស់ លះបង់ទ្រព្យធន ដើម្បីព្រៃឈើគង់វង្ស លះបង់ក្តីសុខ ដើម្បីសហគមន៍មិនបាត់បង់។ល។

២. សម្លឹងឃើញសន្តិភាពក្នុងពេលសង្រ្គាម សំដៅលើអ្នកដឹកនាំ ដែលមានទស្សនវិស័យវែងឆ្ងាយ ចេះសម្លឹងមើលទៅមុខនូវរឿងរ៉ាវទាំងឡាយ ដែលគាត់ប្រាថ្នាចង់ឃើញ ​ហើយមានឥទ្ធិពលបង្កើតឡើងបាន ដែលអ្នកដទៃ មើលមិនឃើញ ឬមើលមិនដល់។

៣. កាត់ចិត្តមិនដាច់ធ្វើស្តេចមិនបាន ចង់សំដៅលើគុណសម្បត្តិ ឬសមត្ថភាព របស់អ្នកដឹកនាំ ដែលហ៊ានធ្វើសេចក្តីសម្រេចចិត្តដ៏លំបាកៗ ក្នុងកាលវេលាចាំបាច់ ក្នុងការដោះស្រាយបញ្ហាធំចម្បង ហើយមានផលប៉ះពាល់ដល់បញ្ហាតូចមួយចំនួន ដូចជា ការសម្រេចធ្វើសង្រ្គាមតូច ដែលត្រូវប៉ះពាល់ដល់អាយុជីវិតមនុស្ស ២០០ ទៅ ៣០០នាក់ ដើម្បីបញ្ចៀសសង្រ្គាមធំ និងយូរអង្វែង ដែលអាចប៉ះពាល់ដល់អាយុជីវិតមនុស្សរាប់លាននាក់។

៤. ទឹកចិត្តមហាសមុទ្រ សំដៅលើគុណសម្បត្តិរបស់អ្នកដឹកនាំ ដែលមានទឹកចិត្តបើកទូលាយ បើកចំហ ទទួលយកធនធានមនុស្សពីគ្រប់ទិសទី មកបម្រើការងារដោយគ្មានការរើសអើង ព្រមទាំងមានទឹកចិត្តអត់ឱនអធ្យាស្រ័យចំពោះអ្នកដែលបានប្រព្រឹត្តកំហុស ហើយសូមការអភ័យ ដើម្បីការបង្រួបបង្រួមកម្លាំងនយោបាយ ឬការបង្រួបបង្រួមជាតិ។

៥. រៀនគ្មានថ្ងៃចប់ ចង់សំដៅលើអ្នកដឹកនាំ ដែលឱ្យតម្លៃដល់ការរៀនសូត្រ និងយកចិត្តទុកដាក់រៀនសូត្រជាប្រចាំ ដើម្បីក្រេបយកចំណេះដឹង​ និងក្តាប់បានស្ថានការណ៍វិវត្តប្រែប្រួលជាប្រចាំ ដើម្បីយកទៅដឹកនាំ និងដោះស្រាយបញ្ហាឱ្យសមស្រប និងមានប្រសិទ្ធភាព។ ជាមួយនេះផងដែរ ក៏សំដៅលើអ្នកដឹកនាំ ដែលមានទេពកោសល្យចេះផ្តល់តម្លៃ និងចេះប្រើអ្នកមានចំណេះដឹង ធ្វើឱ្យអ្នកចេះដឹងមានទឹកចិត្តចង់ដើរតាមនិងបម្រើខ្លួន។

៦. ជួបហើយជាប់ចិត្ត ចង់សំដៅលើអ្នកដឹកនាំ ដែលមានភាពប៉ិនប្រសប់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស ដែលមនុស្សបានជួបប្រាស្រ័យទាក់ទងជាមួយគាត់ហើយ មានទឹកចិត្តគោរព ស្រឡាញ់ និងចង់ធ្វើការបម្រើដោយស្ម័គ្រស្មោះ។ គុណសម្បត្តិនេះក៏សំដៅផងដែរដល់ទេពកោសល្យក្នុងការទំនាក់ទំនងជាមួយមហាជន ដែលធ្វើឱ្យមហាជនស្រឡាញ់ ចូលចិត្ត និងគាំទ្រ ដោយសារតែគាត់មានវោហារសព្ទពូកែ គួរឱ្យចង់ស្តាប់ និងទាក់ទាញ ហើយកាយវិការ និងឥរិយាបថរបស់គាត់ក្នុងការជួបប្រាស្រ័យជាមួយមហាជន មើលទៅសមរម្យ សមគួរ ចេះដាក់ខ្លួន គួរឱ្យគោរពស្រឡាញ់។

៧. នរណាទៅក្រោយពី ហ៊ុន សែន ចង់សំដៅលើអ្នកដឹកនាំ ដែលចេះគិតគូរវែងឆ្ងាយអំពីផែនការបន្តវេន និងចេះរៀបចំចាត់ចែងផែនការបន្តវេន នៅពេលគាត់កំពុងកាន់អំណាច កំពុងកសាងស្នាដៃ កំពុងកសាងមរតក ដើម្បីឱ្យអ្នកបន្តវេនចេះរក្សាស្ថិរភាព និរន្តភាព មរតក និងកសាងស្នាដៃ ឬមរតកបន្ថែមទៀត នៅពេលអត់ពីគាត់ទៅ។

គុណសម្បត្តិនៃភាពជាអ្នកដឹកនាំ៧ប្រការរបស់ សម្តេចតេជោ ដែលរៀបរាប់ក្នុងអត្ថបទខ្លីនេះ គឺជារឿងដែលយើងគ្រប់គ្នា ជាពិសេស យុវជន អាចរៀនសូត្រ និងកសាងនៅក្នុងខ្លួនយើងបាន ដើម្បីអភិវឌ្ឍខ្លួនយើងឱ្យក្លាយជាអ្នកដឹកនាំល្អ មានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើង។ គ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងមានក្តីសុខ រីកចម្រើន រុងរឿង និងថ្លៃថ្នូរបាន ទាល់តែយើងមានអ្នកដឹកនាំល្អ ដឹកនាំគ្រួសារ សហគមន៍ សហគ្រាស សមាគម អង្គការ ស្ថាប័ន និងរដ្ឋ។ ដូចប្រសាសន៍របស់អ្នកឯកទេសនៃភាពជាអ្នកដឹកនាំកម្រិតពិភពលោក លោក John C. Maxwell លើកឡើងថា “អ្វីៗគ្រប់យ៉ាង ងើបឡើង ឬធ្លាក់ចុះ ដោយសារតែភាពជាអ្នកដឹកនាំ។” ៕ ​

===^^^===   


-- រៀបរៀងដោយ សាម អុីន -- ខែមេសា ឆ្នាំ២០២៤

ឯកសារយោង ៖
[១]. កែវ បាភ្នំ (២០២៣) ៖   សម្តេចតេជោ ហ៊ុន សែន
        អ្នកគូសជោគវាសនាកម្ពុជា
[២]. ញ៉ែម បូរ៉ាដែន (២០២៣) ៖ កំណត់ហេតុសង្រ្គាម រឿងរ៉ាវសន្តិភាព
[៣]. នួន សុធិមន្ត (២០២៣) ៖ ហ៊ុន សែន
         អគ្គមហាបុរសខ្មែរ
[៤]. ឥន សុផល (២០២៣) ៖ កម្ពុជាក្នុងសង្រ្គាមវៀតណាម
        ប្រវត្តិសាស្រ្ត និងនយោបាយកម្ពុជា ១៩៥៣-១៩៧៩
[៥]. សាគូ សាម៉ុត (២០១៣) ៖ ប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ
[៦]. John C. Maxwell (2004): 21 Irrefutable Laws of Leadership
[៧]. https://en.wikipedia.org/wiki/Hun_Manet

Comments