ច្បាប់មាសនៃភាពជាអ្នកដឹកនាំ

 


== ​​​​​​​មេរៀនដែលខ្ញុំបានរៀនចេញពីបទពិសោធន៍នៃការដឹកនាំក្នុងជីវិត ==


សេចក្តីសង្ខេបខ្លី

ភាពជាអ្នកដឹកនាំល្អតែងបង្កើតការផ្លាស់ប្តូរ។ វាអាចធ្វើឱ្យអង្គការ ឬស្ថាប័នផ្លាស់ប្តូរ ឬឈានបង្កផលជះជាវិជ្ជមាន ដល់ជីវិតមនុស្សរាប់ពាន់នាក់។ ភាពជាអ្នកដឹកនាំមិនងាយស្រួលរៀនទេ ក៏ប៉ុន្តែ ហេតុអ្វីបានជាវាមានតម្លៃដើម្បីប្រឹងរៀន? ពីព្រោះក្លាយជាអ្នកដឹកនាំប្រសើរជាងមុនវានឹងផ្តល់ភោគផលច្រើន ប៉ុន្តែវាក៏ទាមទារការប្រឹងប្រែងខ្លាំងដែរ។ ភាពជាអ្នកដឹកនាំត្រូវការឱ្យបុគ្គលម្នាក់លះបង់ច្រើន។ វាទាមទារច្រើន និងក៏ផ្តល់ផលល្អច្រើនដែរ។ អ្នករៀន និងប្រតិបត្តិភាពជាអ្នកដឹកនាំបានកាន់តែច្រើន នឹងបង្កការផ្លាស់ប្តូរដល់ជីវិតអ្នកដទៃបានកាន់តែខ្លាំង។

ជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំជាច្រើន បណ្ឌិត John C. Maxwell បានសន្យានឹងខ្លួនឯងថា គាត់នឹងសរសេរសៀវភៅនេះ ពេលគាត់ឆ្លងកាត់ទទួលបទពិសោធន៍ដល់អាយុ៦០ឆ្នាំ។ ហើយឥឡូវនេះ ពេលវេលាបានមកដល់ហើយ ។ លោក Maxwell ផ្តល់មេរៀនដ៏មានតម្លៃដែលគាត់បានរកឃើញក្នុងរយៈកាល ៤០ឆ្នាំនៃការងារដឹកនាំរបស់គាត់។ មេរៀនដែលគាត់ចំណាយពេលជិតមួយជីវិតក្នុងការជីកគាស់រក ហើយចែករំលែកនេះ គឺជាបទពិសោធន៍ជាក់ស្តែង និងបកស្រាយងាយយល់ ហើយច្បាប់មាសដ៏មានតម្លៃនេះអាចបង្ក ឱ្យមានឥទ្ធិពលល្អប្រសើរសម្រាប់ផ្លាស់ប្តូររបៀបដឹកនាំ និងយុទ្ធសាស្រ្តដឹកនាំរបស់អ្នក។​ ច្បាប់មាសនៃភាពជាអ្នកដឹកនាំគឺសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងដឹកនាំឬមានក្តីប្រាថ្នាចង់ដឹកនាំ។ វាផ្តល់ជូននូវភាពល្អប្រសើរក្នុងចំណោមភាពល្អទាំងឡាយនៃមេរៀនអំពីភាពជាអ្នកដឹកនាំ​ និងគតិបណ្ឌិតពិតជាក់ស្តែង ដែលអ្នកជំនាញ Maxwell អាចផ្តល់ជូន។ ជាមួយនឹងរបៀបរបស់គាត់ លោក Maxwell បានបង្ហាញដល់អ្នកអាន ដូចជាគ្រូបង្វឹកម្នាក់ដែលគេមានអារម្មណ៍ថា ដូចជាទទួលបានការបង្រៀនទល់មុខគ្រូមួយទល់នឹងមួយអ៊ីចឹង។ ប្រសិនបើអ្នកជាអ្នកដឹកនាំជោគជ័យខ្លះហើយ មេរៀនរបស់លោក Maxwell នឹងជួយក្រើនរំឭកអ្នកបន្ថែម ហើយផ្តល់មាគ៌ាណែនាំជួយអ្នកក្នុងការបណ្តុះអ្នកដឹកនាំផ្សេងទៀតឱ្យបានជោគជ័យ ដើម្បីបង្កការផ្លាស់ប្តូរដល់ខ្លួនគេ និងស្ថាប័នដែលគេបម្រើ។

ក្នុងសេចក្តីសង្ខេបនេះអ្នកនឹងបានរៀន៖
  • ដឹងថាបុគ្គលដែលពិបាកដឹកនាំបំផុតគឺជាខ្លួនអ្នក។
  • ហេតុអ្វីបានជាអ្នកមិនគួរបញ្ជូនសត្វទាទៅរៀននៅសាលាឥន្រ្ទី។
  • តើគេអាចសម្គាល់ដឹងអ្នកដឹកនាំយ៉ាងម៉េចក្នុងគ្រាលំបាក។
  • ហេតុអ្វីបានជាអ្នកដឹកនាំដ៏ល្អប្រសើរគឺជាអ្នកពូកែស្តាប់។
  • ហេតុអ្វីបានជាអាថ៌កំបាំងនៃការប្រជុំជោគជ័យ គឺកិច្ចប្រជុំមុនការប្រជុំ។
  • តើអាចបង្កើតមរតកមានតម្លៃបន្សល់ទុកបែបណា។
​​ខ្លឹមសារចម្បង៖
  • ប្រសិនបើអ្នកនៅឯកាតែឯងនៅទីខ្ពស់បំផុត អ្នកធ្វើអ្វីមួយមិនត្រឹមត្រូវហើយ។
  • កាលវេលាលំបាកកំណត់ភាពជាអ្នកដឹកនាំរបស់អ្នក។
  • អ្នកដឹកនាំល្អប្រសើរគឺជាអ្នកពូកែស្តាប់។
  • ការទទួលខុសត្រូវចម្បងរបស់អ្នកដឹកនាំគឺការស្វែងការពិតជាក់ស្តែង។
  • កំហុសធំរបស់អ្នកមិនមែនការលើកសំណួរថា តើកំហុសណាដែលអ្នកបានធ្វើ។
  • មនុស្សចាកចេញពីមនុស្ស មិនមែនចាកចេញពីស្ថាប័ន ឬក្រុមហ៊ុនទេ។

===> ទាញយកឯកសារជា PDF

  • ប្រសិនបើអ្នកឯកាតែឯងនៅទីខ្ពស់បំផុត អ្នកធ្វើអ្វីមួយមិនត្រឹមត្រូវហើយ​​ 

​​

មានមនុស្សជាច្រើនក្នុងលោកយើងនេះ ដែលចង់ផ្តល់ដំបូន្មានទៅលើរឿងទាំងឡាយដែលគេពុំមានបទពិសោធន៍ សោះឡើយ។ គេដូចជាក្រុមហ៊ុនទេសចរណ៍ដ៏អាក្រក់អ៊ីចឹង៖ គេលក់សំបុត្រដំណើរកំសាន្តទេសចរណ៍យ៉ាងថ្លៃ ក្រៃលែងរួចហើយនិយាយថា “ខ្ញុំសង្ឃឹមថាអ្នកនឹងមានដំណើរកំសាន្តដ៏រីករាយ។” រួចហើយគេក៏លែងជួបមុខភ្ញៀវ តទៅទៀត ផ្ទុយទៅវិញអ្នកដឹកនាំល្អប្រសើរ ដូចជាមគ្គទេសក៍ទេសចរណ៍អ៊ីចឹង។ គេស្គាល់អំពីតំបន់ទេសចរណ៍ ពីព្រោះគេធ្លាប់បានធ្វើដំណើរពីពេលមុន ហើយគេធ្វើនូវអ្វីដែលអាចធ្វើបាន ដើម្បីឱ្យដំណើរកំសាន្តប្រព្រឹត្តទៅដោយរីករាយ និងជោគជ័យសម្រាប់គ្រប់គ្នា។

ភាពជឿជាក់របស់អ្នកដឹកនាំម្នាក់ចាប់ផ្តើមជាមួយនឹងភាពជោគជ័យផ្ទាល់ខ្លួន។ ហើយវាបញ្ចប់ជាមួយការជួយអ្នក ដទៃឱ្យសម្រេចជោគជ័យផ្ទាល់ខ្លួន។ ដើម្បីទទួលបានការជឿជាក់ អ្នកត្រូវបង្ហាញឱ្យបានជាប់លាប់នូវរឿង ៣ប្រការ៖

  1. ផ្តួចផ្តើម ៖ អ្នកត្រូវក្រោកឡើង ហើយដើរទៅមុខ។

  2. លះបង់ ៖ អ្នកត្រូវលះបង់ ដើម្បីឡើងទៅលើបន្តទៀត។

  3. លូតលាស់ ៖ អ្នកត្រូវលូតលាស់បន្ត ដើម្បីឡើងទៅខ្ពស់ទៀតបាន។


  • ភាគច្រើននៃពេលវេលារបស់អ្នកដឹកនាំមិនស្ថិតនៅទីខ្ពស់បំផុតទេ


អ្នកដឹកនាំកម្រនៅនឹងមួយកន្លែងណាស់។ គាត់តែងតែមានចលនាជានិច្ច។ ពេលខ្លះគាត់ត្រូវចុះពីលើភ្នំដើម្បី ស្វែងរកអ្នកដឹកនាំដែលមានសក្តានុពលថ្មី។ ពេលខ្លះទៀត គាត់ត្រូវខំប្រឹងឡើងលើភ្នំជាមួយក្រុមមនុស្សមួយចំនួន។ អ្នកដឹកនាំដែលល្អប្រសើរចំណាយពេលជាមួយអ្នកដឹកនាំមានសក្តានុពល ដើម្បីជួយគេឱ្យលូតលាស់បន្ត។

បើអ្នកដឹងថា អ្នកស្ថិតនៅឆ្ងាយពីមនុស្សរបស់អ្នក អ្នកចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ។ ពិតប្រាកដហើយវាតែងមានហានិភ័យ ក៏ប៉ុន្តែ បើអ្នកចង់ក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់ វាគ្មានជម្រើសផ្សេងទៀតទេ។ តទៅនេះជាអ្វីៗដែលអ្នកត្រូវចាប់ផ្តើម៖
  1. បញ្ឈប់ការគិតអំពីឋានៈតួនាទី  
ប្រសិនជាអ្នកស្ថិតក្នុងឋានៈតួនាទីជាអ្នកដឹកនាំ សូមកុំពឹងអាស្រ័យលើឋានៈរបស់អ្នកដើម្បីបង្ខំគេឱ្យដើរ តាមអ្នក។ ចូរបង្កើតទំនាក់ទំនងល្អ។ ចូរយកឈ្នះបេះដូងរបស់គេ។
  1. ទទួលស្គាល់ចំណុចខ្សោយនៃជោគជ័យ និងបរាជ័យ  

ភាពដាច់ខាត​ ឬជ្រុលនិយមនៅក្នុងគំនិតអាចបង្កើតការខណ្ឌញែកពីអ្នកដទៃ ដែលការនេះហុចផលមិនល្អ។
  1. ត្រូវយល់ថា អ្នកកំពុងធ្វើការជាមួយមនុស្ស 

អ្នកដឹកនាំល្អប្រសើរដឹងថា ការដឹកនាំមនុស្សត្រូវការសេចក្តីស្រឡាញ់។
  1. ជឿជាក់លើច្បាប់នៃភាពសំខាន់ 

“មនុសម្នាក់ជាចំនួនតិចណាស់ក្នុងការសម្រេចកិច្ចការធំធេងទាំងឡាយ។” គ្មានសមិទ្ធផលដែលមានតម្លៃខ្លាំងណាមួយត្រូវបានសម្រេចឡើងដោយមនុស្សម្នាក់ធ្វើការតែ​​ឯងទេ។ ប្រសិនបើអ្នកជាអ្នកដឹកនាំម្នាក់ ហើយអ្នកមានអារម្មណ៍ថានៅឯកាតែ​ឯង អ្នកពិតជាធ្វើអ្វីមួយមិនត្រឹមត្រូវហើយ។ ភាពឯកាស្ថិតនៅលើផ្លូវនៃភាពជាអ្នកដឹកនាំគឺជាជម្រើសរបស់អ្នក។ ចូរជ្រើសយកការធ្វើដំណើរជាមួយក្រុមការងារ កុំដើរតែឯង។
  • បុគ្គលដែលលំបាកដឹកនាំបំផុតគឺជាខ្លួនអ្នក 

ដើម្បីទទួលបានជោគជ័យលើការប្រឹងប្រែងអ្វីមួយ យើងត្រូវតែរៀនពីរបៀបយកឈ្នះលើខ្លួនឯងជាមុន។ វាជាការពិត មិនមែនសម្រាប់អ្នកដឹកនាំទេ តែចំពោះមនុស្សទូទៅផងដែរ។ ខាងក្រោមនេះជាគន្លឹះ៤ជំហាន ដើម្បីជួយអ្នកធ្វើរឿងនេះ៖
1. រៀនក្នុងការដើរតាម 
អ្នកដឹកនាំដែលក្រអឺតក្រទមកម្រនឹងមានប្រសិទ្ធភាពណាស់ក្នុងរយៈពេលវែង។ គេដើរចេញឆ្ងាយពីអ្នកខាងក្រោម សហការីមានឋានៈស្មើគ្នា និងអ្នកដឹកនាំនៅខាងលើ។ ចូររៀនដាក់ខ្លួនដើរតាមការដឹកនាំរបស់នរណាម្នាក់ ហើយ ដើរតាមគេឱ្យបានល្អ។ ការណ៍នេះធ្វើឱ្យអ្នកមានភាពឱនលំទោនជាងមុន និងមានប្រសិទ្ធភាពជាងមុន ក្នុងការដឹកនាំនៅពេលក្រោយ។
2. កសាងវិន័យផ្ទាល់ខ្លួន
ដើម្បីធ្វើការសម្រេចចិត្តត្រូវជាប្រចាំ ដើម្បីធ្វើសកម្មភាពត្រឹមត្រូវនៅពេលចាំបាច់ និងដើម្បីបញ្ចៀសខ្លួនអ្នកក្នុងការធ្វើសកម្មភាពខុសឆ្គង វាទាមទារនូវការកសាងអត្តចរិត និងវិន័យផ្ទាល់ខ្លួន។ បើមិនប្រឹងដូច្នេះទេ អ្នកនឹងបាត់បង់លើការចេះគ្រប់គ្រងខ្លួនឯង។ អ្នកអាចនឹងធ្វើរឿងគួរឱ្យសោកស្តាយនៅពេលក្រោយ អ្នកអាចបាត់បង់ឱកាសដែលមកដល់ ឬក៏អាចធ្លាក់ក្នុងការជំពាក់ប្រាក់មិនអាចសងបាន។
3. ប្រតិបត្តិការចេះអត់ទ្រាំ
អ្នកដឹកនាំចាំបាច់ត្រូវចងចាំថា មិនត្រូវឆ្លងទៅបន្ទាត់នៃទីចុងក្រោយតែម្នាក់ឯងទេ អ្នកត្រូវនាំមនុស្សដែលនៅជាមួយអ្នកទៅជាមួយឆ្លងបន្ទាត់ចុងក្រោយនោះផង។ ចំពោះហេតុផលនេះ អ្នកដឹកនាំត្រូវចេះបង្អន់ល្បឿន នៅភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងារ និងជួយអ្នកដទៃឱ្យសម្រេចគោលដៅនិងលូតលាស់ទៅមុខ។ អ្នកមិនអាចធ្វើរឿងនេះបានទេ បើអ្នកដើរទៅមុខលឿនពេកតែម្នាក់ឯង ហើយស្ថិតនៅឆ្ងាយពីក្រុមការងារ។
4. ចាប់យកការទទួលខុសត្រូវ
ចេតនាក្នុងការស្វែងរក និងទទួលយកមតិយោបល់ គឺជាសូចនាករដ៏សំខាន់មួយនៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ បើអ្នកស្វែងរកយោបល់គំនិត ឬដំបូន្មានឱ្យបានលឿន មុននឹងអ្នកសម្រេចធ្វើសកម្មភាព អ្នកនឹងកម្រដើរលើផ្លូវខុសណាស់។ ភាគច្រើននៃសកម្មភាពខុសឆ្គង កើតចេញពីការមិនទទួលខុសត្រូវ ក្នុងការស្វែងរកយោបល់ឱ្យបានលឿន និងល្អគ្រប់គ្រាន់។

ដឹកនាំខ្លួនឯងឱ្យបានល្អមានន័យថាអ្នកចាប់ខ្លួន​​​​ឯងឱ្យមានការទទួលខុសត្រូវខ្ពស់ជា​ងអ្នកដទៃ។ ហេតុអ្វី? ពីព្រោះអ្នកមិនគ្រាន់តែទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នកទេ តែក៏ទទួលខុសត្រូវផងដែរ ដល់សកម្មភាពមនុស្សទាំងឡាយដែលអ្នកដឹកនាំ។

ភាពជាអ្នកដឹកនាំគឺជាការបង្កើតភាពជឿជាក់ មិនមែនជាសិទ្ធិគេប្រគល់ជូនទេ។ ដោយហេតុនេះហើយ យើងត្រូវជួសជុលភាពខុសឆ្គងរបស់យើងជាមុន ជាជាងទុកឱ្យអ្នកដទៃធ្វើរឿងនេះមុនយើង។ យើងចាំបាច់ត្រូវស្វែងរកជានិច្ច ក្នុងការធ្វើរឿងដែលត្រឹមត្រូវ មិនថាយើងឡើងខ្ពស់ ឬមានអំណាចខ្លាំងបែបណាទេ។

  • កាលវេលាលំបាកកំណត់ភាពជាអ្នកដឹកនាំរបស់អ្នក

តើអ្វីទៅនឹងកំណត់ថា អ្នកបន្តដំណើរទៅមុខដោយជោគជ័យនៅពេលដែលអ្នកប្រឈមនឹងបញ្ហា? កត្តាចម្បងគឺថា តើអ្នកដោះស្រាយបញ្ហាប្រឈមធំៗក្នុងពេលណាមួយនៃជីវិតអ្នកយ៉ាងដូចម្តេច។ កាលវេលានេះនឹងកំណត់ថា អ្នកជាបុគ្គលបែបណា និងជាអ្នកដឹកនាំដូចម្តេច។ ការសម្រេចចិត្ត ដែលយើងជ្រើសរើសក្នុងកាលវេលាលំបាកខ្លាំងជួយឱ្យយើងផ្លាស់ប្តូរ និងប្រាប់អ្នកដទៃថាយើងជានរណា។ ខាងក្រោមបង្ហាញថាហេតុអ្វី កាលវេលាលំបាកវាសំខាន់សម្រាប់ជីវិតយើង៖
  • កាលវេលាលំបាកបង្ហាញប្រាប់យើងថាយើងជានរណា 
កាលវេលាលំបាកកើតឡើងពីព្រោះវាផ្តល់ឱកាសឱ្យយើងក្រោកឈរឡើង ហើយបង្ហាញថា តើ យើងខុសពីអ្នកផងទាំងពួងយ៉ាងម៉េច ហើយសម្រេចចាប់យកឱកាសបែបណា ឬមួយយើងនៅអង្គុយទួញសោកដូចអ្នកផងទាំងឡាយ ហើយរង់ចាំឱ្យបញ្ហាកន្លងហួសទៅ។
  • កាលវេលាលំបាកប្រកាសប្រាប់គេថាយើងជានរណា 
កាលវេលាលំបាកដូចជាការបញ្ចាំងភ្លើងមកលើយើង។ យើងពុំមានពេលគ្រប់គា្រន់ដើម្បីយកអ្វីមកបាំងទង្វើរបស់យើងបានឡើយ។ អ្វីដែលមាននៅជាប់នឹងខ្លួនយើង នឹងត្រូវបើកបង្ហាញប្រកាសប្រាប់អ្នកដទៃ។ អត្តចរិតរបស់យើងមិនត្រូវបានកសាងក្នុងពេលនោះទេ ប៉ុន្តែនឹងត្រូវបើកបង្ហាញឡើងនៅពេលនោះ។

  • កាលវេលាលំបាកនឹងកំណត់ថា យើងនឹងក្លាយជាបុគ្គលបែបណា 
វាគឺជាចំណុចរបត់ក្នុងជីវិតរបស់យើង។ វាផ្តល់ឱកាសឱ្យយើង ក្នុងការបត់ផ្លាស់ប្តូរទិសដៅ និងស្វែងរកគោលដៅថ្មី។ វាបង្ហាញជម្រើស និងឱកាសផ្សេងៗ។ នៅក្នុងកាលវេលានេះ អ្នកត្រូវធ្វើការសម្រេចជ្រើសរើស។ ហើយជម្រើសរបស់អ្នកនឹងកំណត់ជីវិតរបស់អ្នកទៅមុខ។ ក្រោយកាលវេលាលំបាក អ្នកនឹងក្លាយជាមនុស្សថ្មី ហើយលែងដូចមុនទៀតហើយ។

=> កំណត់កាលវេលាលំបាករបស់អ្នក 

អ្នកដឹកនាំក្លាយជាបុគ្គលប្រសើរជាងមុន នៅពេលគេមានបទពិសោធន៍ជាមួយកាលវេលាលំបាក ហើយឆ្លើយតបដោយត្រឹមត្រូវ។ រាល់ពេលដែលគេប្រឈមនឹងការលំបាកដោយជោគជ័យ មនុស្សដែលដើរតាមគេក៏ទទួលបានអត្ថប្រយោជន៍ផងដែរ។ អ្នកអាចជ្រើសរើសក្នុងការឆ្លើយតបទៅនឹងវេលាលំបាក នៅពេលវាមកដល់ហើយអ្នកក៏អាចបោះជំហានត្រៀមរៀ​បចំសម្រាប់វាផងដែរ។ តទៅនេះគឺជាការត្រៀមរៀបចំសម្រាប់កាលវេលាលំបាក៖
  1. ឆ្លុះបញ្ចាំងទៅលើកាលវេលាលំបាកដែលកើតពេលមុន 
ដើម្បីអាចសន្និដ្ឋានថា តើអ្នកនឹងដោះស្រាយកាលវេលាលំបាកយ៉ាងណានៅពេលអនាគត ចូរក្រឡេកមើលរឿងដែលធ្លាប់កើតឡើងពីអតីតកាល។
  1. ត្រៀមរៀបចំសម្រាប់កាលវេលាលំបាកនៅពេលអនាគត 

សូមធ្វើការសម្រេចលើរឿងចម្បងៗមុនពេលវិបត្តិ ឬកាលវេលាលំបាកខ្លាំងមកដល់។
  1. សូមប្រើប្រាស់កាលវេលាលំបាកឱ្យបានប្រសើរបំផុតនៅពេលបច្ចុបន្ន 

ជាមួយនឹងឱកាសក៏មានហានិភ័យមកជាមួយដែរ។ ក៏ប៉ុន្តែ ចូរកុំភ័យខ្លាចក្នុងការចាប់យកឱកាស។ គឺកាលវេលាដ៏លំបាកដែលមានហានិភ័យខ្ពស់នេះហើយ ដែលអ្នកដឹកនាំអស្ចារ្យតែងងើបផុសឡើង។


  •  នៅពេលដែលអ្នកត្រូវបានគេទាត់គូទពីក្រោយ អ្នកដឹងថាអ្នកកំពុងស្ថិតនៅជួរមុខហើយ

តម្លៃមួយដែលអ្នកដឹកនាំត្រូវបង់គឺការទិតៀន។ នៅពេលមហាជនទស្សនាការប្រណាំង តើពួកគេនឹងផ្តោតការយកចិត្តទុកដាក់នៅទីណា? គឺទៅលើអ្នករត់ប្រណាំងនៅជួរមុខ! មែនទេ? មានមនុស្សតិចតួចប៉ុណ្ណោះដែលយកចិត្តទុកដាក់លើអ្នករត់ដែលស្ថិតនៅជួរក្រោយៗ។ អ្នករត់ប្រណាំងដែលមើលទៅលែងមានឱកាសឈ្នះហើយនឹងត្រូវបានគេលែងខ្វល់ ឬយកចិត្តទុកដាក់។ ប៉ុន្តែបើអ្នកស្ថិតនៅជួរមុខ ហើយរត់នៅខាងមុខគេទៀត អ្វីៗគ្រប់យ៉ាងដែលអ្នកកំពុងធ្វើទាក់ទាញចំណាប់អារម្មណ៍។

បើអ្នកចង់ក្លាយជាអ្នកដឹកនាំម្នាក់ អ្នកត្រូវតែប្រឈមនឹងការទិតៀន ពីព្រោះថាបើអ្នកជោគជ័យ អ្នកនឹងត្រូវគេទិតៀន។ មានមនុស្សមួយចំនួននឹងមិនសប្បាយចិត្តជាមួយភាពជោគជ័យរបស់អ្នក។

  • របៀបប្រឈមដោះស្រាយនឹងការទិតៀន 

អ្នកដឹកនាំទាំងអស់ត្រូវជួបប្រទះ និងប្រឈមជាមួយភាពអវិជ្ជមាន និងការទិតៀនមិនថាគាត់មានឋានៈណា ឬមានជំនាញអ្វីទេ ហើយជារឿងសំខាន់ចម្បងដែលគាត់ត្រូវរៀនដោះស្រាយជាមួយការទិតៀនក្នុងផ្លូវស្ថាបនា
តទៅនេះជាដំណើការ ៤ជំហាន ដែលជួយអ្នកដឹកនាំក្នុងការដោះស្រាយជាមួយការទិតៀន៖

  1. ស្គាល់ខ្លួនឯង 

នេះជាការប្រឈមនឹងការពិតមួយ។ ជាញឹកញាប់ នៅពេលអ្នកដឹកនាំម្នាក់ត្រូវបានទទួលរងការទិតៀន វាជាទីតាំងនៃឋានៈតួនាទីដឹកនាំដែលបង្កឱ្យមានការទិតៀន មិនមែនជាបញ្ហាបុគ្គលទេ។ អ្នកចាំបាច់ត្រូវញែករឿងទាំងពីរនេះឱ្យដាច់ពីគ្នា ហើយអ្នកអាចធ្វើវាបាននៅពេលដែលអ្នកស្គាល់ខ្លួនឯងច្បាស់។ ប្រសិនបើការទិតៀននេះសំដៅទៅលើឋានៈតួនាទីរបស់អ្នក ចូរកុំយកវាជារឿងបុគ្គល។
  1. ផ្លាស់ប្ដូរខ្លួនអ្នក

នេះជាបញ្ហាទទួលខុសត្រូវមួយរបស់អ្នក។ មនុស្សអាចផ្លាស់ប្តូរទៅរកភាពប្រសើរឡើង​ ដរាបណាគេបើកចំហសម្រាប់ការរៀនសូត្របន្ថែម។ ដោយសារមូលហេតុនេះ ចូរព្យាយាមរក្សាឥរិយាបថត្រឹមត្រូវ ដោយកុំខំការពារខ្លួនពេក ហើយស្វែងរកសេចក្តីពិត និងព្យាយាមផ្លាស់ប្តូររឿងដែលចាំបាច់ត្រូវធ្វើ ខំដើរឡើងភ្នំខ្ពស់
ទៀត។ ប្រសិនបើអ្នកធ្វើរឿងទាំងនេះ វានឹងផ្តល់ឱកាសល្អប្រសើរមួយដែលអ្នកអាចរៀនរឿងជាច្រើនអំពីខ្លួនអ្នក អភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំប្រសើរជាងមុន និងបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ។
  1. ទទួលស្គាល់ខ្លួនឯង

នេះជាបញ្ហានៃភាពចាស់ទុំមួយ។ ប្រសិនបើអ្នកខ្វល់អំពីអ្នកផ្សេងៗគិតយ៉ាងម៉េចចំពោះអ្នក បានន័យថាអ្នកជឿលើយោបល់អ្នកដទៃជាងគិតលើគំនិតខ្លួនឯងហើយ។ គ្រូបង្វឹកនិងជាអ្នកដឹកនាំ Judith Hardwick មានប្រសាសន៍ថា "ភាពជឿជាក់ពិតប្រាកដ គឺកើតចេញពីការស្គាល់ និងទទួលស្គាល់ខ្លួនឯង គឺដឹងអំពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ជាជាងការពឹងអាស្រ័យលើមតិយោបល់របស់អ្នកដទៃ"។
  1. កុំឱ្យគេយកចិត្តទុកដាក់លើខ្លួន

នេះជាបញ្ហាមួយនៃភាពជឿជាក់។ មនុស្សដែលមានភាពជឿជាក់ មិនរំពឹងឱ្យគេយកចិត្តទុកដាក់លើខ្លួនទេ តែគេយកចិត្តទុកដាក់លើអ្នកដទៃ។ ជាអ្នកដឹកនាំ យើងត្រូវយកចិត្តទុកដាក់លើការទទួលខុសត្រូវរបស់យើង ហើយជារឿងមិនល្អទេ ដែលយើងឱ្យគេយកចិត្តទុកដាក់មកលើយើងខ្លាំងពេក។

--->

អ្នកមិនចាំបាច់ធ្វើការទេ ក្នុងជីវិតរបស់អ្នក! 

លោក Thomas Edison ធ្លាប់និយាយថា “ខ្ញុំមិនដែលធ្វើការមួយថ្ងៃណាឡើយ នៅក្នុងជីវិតរបស់ខ្ញុំ។” អ្វីៗទាំងអស់ដូចជាល្បែងកំសាន្តអញ្ចឹង!

ដើរតាមភាពពេញចិត្តរបស់អ្នក គឺជាគន្លឹះក្នុងការរកឱ្យឃើញសក្តានុពលរបស់អ្នក។ អ្នកមិនអាចសម្រេចសក្តានុពលរបស់អ្នកបានទេ បើអ្នកមិនដើរតាមភាពពេញចិត្តរបស់អ្នក។

ភាពពេញចិត្តជាទ្រព្យធនមានតម្លៃណាស់សម្រាប់គ្រប់បុគ្គលទាំងអស់ ហើយជាពិសេសសម្រាប់អ្នកដឹកនាំ វាជួយយើងឱ្យបន្តធ្វើទៀត ក្នុងពេលដែលអ្នកផ្សេងបោះបង់ចោល។ វាដូចជាជំងឺឆ្លងអ៊ីចឹង​ ហើយមានឥទ្ធិពលឱ្យអ្នកដទៃដើរតាមយើង។ វាជួយរុញយើងក្នុងកាលវេលាលំបាក និងផ្តល់ថាមពលមិននឹកស្មានដល់ ដល់យើងបន្ថែម។ ភាពពេញចិត្តគឺជាគ្រឿងជំរុញឱ្យមានការផ្លាស់ប្តូរ។ វាធ្វើឱ្យខុសគ្នារវាងបុគ្គលអស្ចារ្យ និងបុគ្គលធម្មតា។

ការងារដ៏ប្រសើរបំផុតគឺជាអ្វីមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនច្បាស់លាស់រវាងថា តើវាជាការងារ ឬជាល្បែងកំសាន្ត។

<---

  • អ្នកដឹកនាំដែលល្អប្រសើរគឺជាអ្នកដែលពូកែស្ដាប់

អត្ថប្រយោជន៍ជាវិជ្ជមានក្នុងការក្លាយខ្លួនជាអ្នកស្ដាប់ដ៏ល្អ គឺវាមានច្រើនជាងអ្វីដែលយើងធ្លាប់គិត។ តទៅនេះគឺជាគតិមួយចំនួនដែលជាផលជះដ៏ល្អចេញពីការស្ដាប់ដែលជាប់ទាក់ទងនឹងភាពជាអ្នកដឹកនាំ៖
  1. យល់ដឹងអំពីគេជាមុនសិន មុននឹងឈានទៅដឹកនាំគេ

ភាពជាអ្នកដឹកនាំមានប្រភពចេញពីការយល់ដឹង។ តម្លៃនៃការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ គឺគាត់ត្រូវយល់ដឹងអំពីទឹកចិត្តមនុស្សដែលគាត់ដឹកនាំដល់បេះដូងរបស់គេ។
  1. ការស្ដាប់គឺជាផ្លូវដ៏ល្អមួយក្នុងការរៀន

វាមិនមែនជារឿងចៃដន្យទេ ដែលយើងមានមាត់មួយនិងភ្នែកពីរ។ នៅពេលយើងបដិសេធមិនចង់ស្ដាប់ យើងបោះបង់ចោលសក្តានុពលដ៏ធំធេងក្នុងការរៀនសូត្រ។
  1. ការស្ដាប់អាចទប់បញ្ហាកុំឱ្យរីកធំ

អ្នកដឹកនាំល្អក៏ចេះយកចិត្តទុកដាក់លើរឿងតូចៗផងដែរ។ គាត់យកចិត្តទុកដាក់លើរឿងណា ដែលសតិរបស់គាត់ប្រាប់ថាសំខាន់។ ហើយគាត់ក៏យកចិត្តទុកដាក់លើរឿងទាំងឡាយ ដែលមិនបាននិយាយចេញមក។ ដើម្បីក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាព អ្នកចាំបាច់លើកទឹកចិត្តឱ្យអ្នកដទៃនិយាយប្រាប់នូវអ្វីដែលអ្នកត្រូវដឹង មិនមែននូវអ្វីដែលអ្នកចង់ឮទេ។
  1. ការស្ដាប់បង្កើតទំនុកចិត្ត

លោក David Burns ជាវេជ្ជបណ្ឌិត និងជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្របានលើកឡើងថា៖ “អ្វីដែលមនុស្សប្រាថ្នាចង់បានច្រើនជាងគេក្នុងជីវិតប្រចាំថ្ងៃគឺ ការចង់ឱ្យគេស្តាប់ខ្លួន គោរពខ្លួន និងយល់អំពីខ្លួន។” ក្នុងខណៈពេលដែលមនុស្សយល់ថាខ្លួនត្រូវបានគេយល់ចិត្ត គេក៏ចាប់ផ្ដើមមានកម្លាំងចិត្តក្នុងការស្វែងយល់ និងចង់ស្ដាប់យោបល់របស់អ្នកវិញដែរ។
  1. ការស្ដាប់ជួយឱ្យអង្គភាពមួយមានភាពប្រសើរឡើង

គ្រឹះសំខាន់គឺថា នៅពេលអ្នកដឹកនាំអង្គភាពមួយចេះស្ដាប់បានល្អ អង្គភាពនោះនឹងវិវឌ្ឍប្រសើរឡើង។ គ្មាននរណាមួយដែលបានឡើងទៅទីខ្ពស់ ហើយនាំអង្គការរបស់គាត់ឱ្យឡើងខ្ពស់ដែរ ដោយគ្មានគុណសម្បត្តិជាអ្នកស្ដាប់ដ៏ល្អទេ។


  • ចូរដើរចូលទៅក្នុងតំបន់របស់អ្នក ហើយស្ថិតនៅទីនោះ

មិនថាអ្នកកំពុងចាប់ផ្ដើម ឬស្ថិតនៅទីខ្ពស់ក្នុងការងារអាជីពរបស់អ្នក កាលណាអ្នកធ្វើការកាន់តែច្រើននៅក្នុងតំបន់នៃភាពខ្លាំងរបស់អ្នក ភាពជោគជ័យរបស់អ្នកក៏កាន់តែរីកធំផងដែរ។

ជោគជ័យគឺការដឹងនូវគោលបំណងនៃជីវិត ប្រឹងលូតលាស់ទៅរកសក្តានុពលខ្ពស់បំផុតរបស់អ្នក និងសាបព្រោះគ្រាប់ពូជដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នកដទៃ។ ប្រសិនបើអ្នកអាចធ្វើរឿងទាំងបីប្រការនេះបាន នោះគឺអ្នកទទួលភាពជោគជ័យហើយ។ យ៉ាងណាក៏ដោយ រឿងបីប្រការនេះនឹងមិនអាចទៅរួចទេ បើអ្នករកមិនឃើញនិងមិនស្ថិតនៅក្នុងតំបន់ខ្លាំងរបស់អ្នក។

អ្នកនឹងមិនក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពជាស្វ័យប្រវត្តិទេ។ អ្នកត្រូវតែមានចេតនាពិតប្រាកដមួយ ហើយអ្នកត្រូវធ្វើការក្នុងតំបន់ខ្លាំងរបស់អ្នក។ វាមិនអាចមានបុព្វហេតុជីវិតណាមួយ ដែលទាមទារឱ្យអ្នកធ្វើអ្វីដែលខុសពីទេពកោសល្យពីធម្មជាតិទេ។ អ្នកនឹងរកឃើញបុព្វហេតុជីវិត នៅពេលដែលអ្នកស្ថិតនៅជាមួយភាពខ្លាំងរបស់អ្នក។

ដូចគ្នាដែរ អ្នកមិនអាចលូតលាស់ទៅរកសក្ដានុពលខ្ពស់បំផុត បើអ្នកបន្តធ្វើការក្នុងតំបន់ ដែលមិនមែនជាភាពខ្លាំងរបស់អ្នក។ ភាពប្រសើរឡើងតែងជាប់ទាក់ទងទៅនឹងសមត្ថភាពជានិច្ច។ សមត្ថភាពនៃទេពកោសល្យពីធម្មជាតិរីកកាន់តែធំ សក្ដានុពលនៃភាពប្រសើរឡើងក៏លូតកាន់តែខ្ពស់ដែរ។

  • ស្វែងរកតំបន់ខ្លាំងរបស់អ្នក

ប្រសិនបើអ្នកមើលឃើញអ្នកដទៃមានទេពកោសល្យពិសេសផ្នែកណា ហើយអ្នកមើលមិនឃើញភាពខ្លាំងខ្លួនឯង អ្នកកំពុងមានបញ្ហាលំបាកក្នុងការស្វែងរកភាពខ្លាំងរបស់អ្នកហើយ។ អ្នកចាំបាច់ត្រូវស្វែងរកតំបន់ខ្លាំងរបស់ខ្លួន ហើយខំប្រឹងអភិវឌ្ឍខ្លួនអ្នកឱ្យក្លាយជាបុគ្គលខ្លាំងក្នុងតំបន់នោះ។ តទៅនេះជាការបង្ហាញផ្លូវមួយចំនួនដើម្បីជួយអ្នក៖
  1. សួរខ្លួនឯងតើខ្ញុំពូកែលើអ្វី?

បុគ្គលដែលបានទៅដល់សក្តានុពលខ្ពស់ ចំណាយពេលតិចតួចប៉ុណ្ណោះក្នុងការសួរខ្លួនឯងថា៖ “តើខ្ញុំធ្វើត្រូវដែរឬទេ?” ហើយចំណាយពេលច្រើនទៅលើសំណួរថា "តើខ្ញុំមានភាពខ្លាំងលើរឿងអ្វី?" សំណួរទី1 គឺជាសំណួរផ្នែកសីលធម៌ ហើយសំណួរទី2 គឺសំណួរទាក់ទងនឹងទេពកោសល្យ។
  1. សូមឱ្យច្បាស់លាស់

បើអ្នកដឹងកាន់តែច្បាស់អំពីតំបន់ខ្លាំងរបស់អ្នក អ្នកនឹងមានឱកាសកាន់តែប្រសើរដើរទៅដល់ចំណុចកំពូលរបស់អ្នក។
  1. ស្ដាប់មើលតើគេកោតសរសើរអ្នកលើអ្វី

ប្រសិនបើអ្នកដទៃកោតសរសើរលើអ្នកជាបន្តបន្ទាប់លើផ្នែក ឬតំបន់ពិសេសណាមួយ អ្នកគួរចាប់ផ្ដើមអភិវឌ្ឍខ្លួនអ្នកលើផ្នែកនោះឱ្យកាន់តែខ្លាំង។
  1. ពិនិត្យមើលលើការប្រកួតប្រជែង

ប្រសិនបើអ្នកពុំមានទេពកោសល្យធ្វើរឿងណាមួយអាចឈ្នះក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃផងទេ អ្នកត្រូវប្ដូរតំបន់នៃការងាររបស់អ្នក។

ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព អ្នកចាំបាច់ត្រូវរៀនជួយអភិវឌ្ឍមនុស្សក្នុងតំបន់ខ្លាំងរបស់គេ។ ដើម្បីធ្វើរឿងនេះបាន ចូរប្រតិបត្តិដូចតទៅ៖
  • ស្គាល់ និងដឹងអំពីមនុស្សក្នុងក្រុមការងាររបស់អ្នក។
  • ទំនាក់ទំនងជាមួយបុគ្គលនីមួយៗ ដើម្បីជួយឱ្យគេធ្វើការស៊ីសង្វាក់ក្នុងក្រុម។
  • យកចិត្តទុកដាក់ឱ្យគេសហការគ្នា ជាជាងប្រជែងគ្នាក្នុងក្រុម។
  • ក្រុមការងារចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីប្រយោជន៍រួម មិនមែនប្រជែងគ្នាដើម្បីប្រយោជន៍បុគ្គលទេ។
  • ការទទួលខុសត្រូវចម្បងរបស់អ្នកដឹកនាំគឺការស្វែងរកការពិត

រណ្ដៅដ៏ជ្រៅមួយដែលអាចបញ្ឈប់អ្នកដឹកនាំដែលមានសក្ដានុពលគឺ មានក្តីប្រាថ្នាតែនៅលើទស្សនវិស័យ តែមិនយកចិត្តទុកដាក់ប្រឈមនឹងការពិតជាក់ស្ដែង។ អ្នកដឹកនាំដែលជោគជ័យ គឺមានទស្សនវិស័យ និងកំណត់ដឹងអំពីការពិតជាក់ស្ដែងផង។ ការពិតជាក់ស្ដែងគឺជាគ្រឹះសម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន។ បើអ្នកមិនប្រឈមនឹងការពិតជាក់ស្ដែង អ្នកនឹងមិនអាចធ្វើការផ្លាស់ប្ដូរបានទេ។

ប្រសិនបើអ្នកជាមនុស្សសុទិដ្ឋិនិយម ហើយអ្នកមានចរិតធម្មជាតិជំរុញទឹកចិត្តអ្នកដទៃ អ្នកចាំបាច់ត្រូវសម្លឹងរកមើលការពិតជាក់ស្ដែង ហើយឈរជាមួយនឹងស្ថានការណ៍ពិតនោះ។ ចូរយកចិត្តទុកដាក់សម្លឹងរកមើលការពិតជាក់ស្ដែងដូចតទៅ៖
  • ស្ថានការណ៍៖ ជាញឹកញាប់វាអាក្រក់ជាងការគិតរបស់អ្នក។

  • ដំណើរការ៖ ជាទូទៅវាត្រូវការពេលវេលាច្រើនជាងការគិតរបស់អ្នក។

  • ការបង់ថ្លៃ៖ វាតែងទាមទារការបង់ថ្លៃខ្ពស់ជាងការគិតរបស់អ្នក។

ប្រសិនបើអ្នកខ្វះចន្លោះសម្លឹងមើលការពិតថ្ងៃនេះ អ្នកអាចនឹងបាត់បង់ជំនឿជាក់ពីអ្នកដទៃថ្ងៃស្អែក។

  • រៀនចាប់យកការគិតជាមួយភាពពិតជាក់ស្ដែង

សមត្ថភាពក្នុងការស្វែងរកការពិតជាក់ស្ដែងជាអ្នកដឹកនាំម្នាក់មានន័យថា ជាការចាប់យកការគិតបែបជាក់ស្ដែង ដែលអ្នកអាចមើលឃើញអំពីផលវិបាកនៃសកម្មភាពរបស់អ្នកបានវែងឆ្ងាយ ហើយច្បាស់លាស់ជាងមនុស្ស ដែលនៅជុំវិញអ្នក។ តទៅនេះ ជាការប្រតិបត្តិបួនប្រការដែលផ្ដល់មាគ៌ាដល់អ្នកដឹកនាំ៖
  1. ទទួលស្គាល់ចំណុចខ្សោយរបស់អ្នក

អ្នកមិនអាចស្វែងរករកឃើញសេចក្តីពិតទេ បើអ្នកមិនហ៊ានប្រឈមនឹងសេចក្តីពិត។
  1. ចាប់យកភាពផ្សេងគ្នា

អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពមានសមាជិកក្រុមការងារ ដែលមានជំនាញផ្សេងគ្នា ហើយចេះបំពេញគ្នាទៅវិញទៅមក។
  1. សួររកយោបល់ពិតពីអ្នកដទៃ

ផ្លូវតែមួយគត់ដែលអ្នកដឹកនាំអាចទទួលបានការផ្ដល់យោបល់ពិតអំពីខ្លួន គឺការសួររកសេចក្តីពិតនោះ ហើយប្រព្រឹត្តល្អចំពោះអ្នកផ្ដល់យោបល់ពិតអំពីចំណុចខ្វះខាតរបស់ខ្លួន។
  1. អញ្ជើញអ្នកខាងក្រៅឱ្យជួយពិនិត្យ

អ្នកដឹកនាំមួយចំនួនចំណាយលុយរកអ្នកឯកទេសខាងក្រៅ ដើម្បីឱ្យជួយសង្កេត និងប្រាប់គាត់អំពីអ្វីដែលភ្នែកខាងក្រៅមើលឃើញ។


  • បើអ្នកចង់ដឹងអំពីទង្វើរបស់អ្នកដឹកនាំ ចូរសម្លឹងមើលសហការីរបស់គាត់

អ្នកដឹកនាំតែងបង្កភាពប្រសើរឡើង ឬធ្វើឱ្យរឿងប្រសើរជាងមុនសម្រាប់មនុស្សដែលដើរតាមគាត់។ ប្រសិនបើអ្នកមានអ្នកដឹកនាំល្អម្នាក់ ក្រុមការងារនឹងមានភាពប្រសើរជាងមុន អង្គការ ស្ថាប័នលូតលាស់ទៅមុខ អង្គភាព ឬនាយកដ្ឋានមានភាពស្រស់បំព្រង។ ក៏ប៉ុន្តែ នៅពេលអ្នកមានអ្នកដឹកនាំមិនល្អម្នាក់ អ្នកទាំងឡាយដែលទទួលឥទ្ធិពលពីគាត់ នឹងស្គាល់ពេលវេលាដ៏តានតឹង។ ភាពជាអ្នកដឹកនាំធ្វើឱ្យការខំប្រឹងប្រែងទាំងឡាយកាន់តែប្រសើរ ឬកាន់តែអាក្រក់ឡើង។ អ្នកដឹកនាំដ៏ល្អប្រពៃ តែងមានចេតនាខ្ពស់ក្នុងការអភិវឌ្ឍសហការីរបស់គាត់។ បើទោះបីជាល្អ ឬអាក្រក់ក៏ដោយ អ្នកដឹកនាំតែងបង្កផលជះដល់អ្នកដើរតាម។ ហើយបើអ្នកចង់ដឹងថា តើអ្នកដឹកនាំម្នាក់មានជោគជ័យ និងមានប្រសិទ្ធភាព សូមកុំមើល ឬស្តាប់សំដីរបស់គាត់ សូមក្រឡេកមើលទៅមនុស្សដែលធ្វើការជាមួយគាត់។
  • វិភាគទៅលើភាពជាអ្នកដឹកនាំ

ប្រសិនបើអ្នកចង់ដឹង តើអ្នកជាបុគ្គលបែបណា ក្នុងនាមជាអ្នកដឹកនាំ ឬមួយអ្នកចង់វិភាគអំពីភាពជាអ្នកដឹកនាំរបស់នរណាម្នាក់ក្នុងស្ថាប័នមួយ ចូរលើកសំណួរទាំងបួនប្រភេទខាងក្រោមនេះ៖
  1. ៖ តើមានមនុស្សដើរតាមដែរទេ?

ប្រសិនបើនរណាម្នាក់មានឋានៈតួនាទីជាអ្នកដឹកនាំតែគ្មានអ្នកដើរតាមនោះ មានន័យថាបុគ្គលនោះមានឋានៈ ប៉ុន្តែមិនមែនជាអ្នកដឹកនាំទេ។ វាមិនដែលមានអ្នកដឹកនាំណាដែលគ្មានអ្នកដើរតាមទេ។ រាល់ពេលដែលអ្នកដឹកនាំម្នាក់ធ្វើដំណើរលើទិសដៅត្រឹមត្រូវ និងមានបុព្វហេតុពិតប្រាកដ ទំនាក់ទំនងក្នុងក្រុមមានភាពប្រសើរឡើង ហើយក្រុមការងារលូតលាស់ទៅមុខល្អ ។
  1. ៖ តើមនុស្សមានការផ្លាស់ប្ដូរដែរទេ?

មនុស្សជុំវិញអ្នកអាចឈានទៅរកភាពប្រសើរឡើងទាល់តែគេមានការផ្លាស់ប្ដូរ។ មនុស្សកម្រនឹងផ្លាស់ប្ដូរណាស់ ទាល់តែមានអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនៅចាំជួយជំរុញឱ្យមានការផ្លាស់ប្ដូរ។
  1. ៖ តើមនុស្សមានការលូតលាស់ដែរទេ?

អ្នកដឹកនាំល្អប្រសើរជួយសមាជិកក្រុមលើសពីការងារអាជីព គាត់ជួយសម្រាប់ការលូតលាស់ជីវិតតែម្ដង។ គាត់ជួយឱ្យសហការីជាមនុស្សប្រសើរជាងមុន មិនមែនគ្រាន់តែជាបុគ្គលិកល្អជាងមុនទេ។ ហើយរឿងនេះវាមានឥទ្ធិពលធំធេងណាស់ពីព្រោះថា ការជួយមនុស្សឱ្យលូតលាស់វានឹងធ្វើឱ្យអង្គការ ឬស្ថាប័នលូតលាស់ផងដែរ។
  1. ៖ តើមនុស្សទទួលជោគជ័យដែរទេ? 

ចំណុចស្នូលនៃភាពជាអ្នកដឹកនាំគឺ ការបង្កើតសមិទ្ធផល។ អ្នកដឹកនាំអាចនឹងធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ ពេលគាត់ជោគជ័យ ប៉ុន្តែគាត់បង្កឥទ្ធិពលដល់អ្នកដទៃ ពេលអ្នកដើរតាមគាត់ជោគជ័យ។ លោក Peter Drucker បានធ្វើការសង្កេតថា៖ “ភាពជាអ្នកដឹកនាំគឺ ការជួយលើកកម្ពស់ទស្សនវិស័យរបស់មនុស្សឱ្យមានស្តង់ដារខ្ពស់ជាងមុន និងកសាងបុគ្គលភាពរបស់មនុស្ស ឱ្យនៅហួសពីកម្រិតធម្មតារបស់គេ។”


  • កុំបញ្ជូនទារបស់អ្នកទៅសាលាឥន្ទ្រី

នេះជាហេតុផល 6ប្រការ ដែលអ្នកមិនគួរសាកល្បងប្រែក្លាយសត្វទាឱ្យទៅជាឥន្ទ្រី៖
  1. បើអ្នកបញ្ជូនសត្វទាទៅសាលាឥន្ទ្រី អ្នកនឹងធ្វើឱ្យទាខកចិត្តមួម៉ៅ

ភាពជាអ្នកដឹកនាំគឺ ការដាក់មនុស្សឱ្យត្រូវនឹងកន្លែង ទើបគេអាចជោគជ័យបាន។ ជាអ្នកដឹកនាំម្នាក់ អ្នកត្រូវស្គាល់ និងផ្ដល់តម្លៃឱ្យមនុស្ស ឱ្យស្របនឹងខ្លួនគេ ហើយឱ្យគេបំពេញការងារត្រូវនឹងភាពខ្លាំងរបស់គេ។ វាពុំមានបញ្ហាខុសឆ្គងអ្វីទេជាមួយធម្មជាតិរបស់ទា។ ក៏ប៉ុន្តែ ចូរកុំសូម ឬរំពឹងឱ្យទារកចំណីពីលើវេហា ពីព្រោះធម្មជាតិរបស់ទាមិនអាចធ្វើអ៊ីចឹងបានទេ។
  1. បើអ្នកបញ្ជូនទាទៅសាលាឥន្ទ្រី អ្នកនឹងធ្វើឱ្យឥន្ទ្រីខកចិត្តក្ដៅក្រហាយ

សត្វឥន្ទ្រីមិនចង់រស់ក្នុងក្រោល ឬហែលលេងក្នុងស្រះទឹកទេ។ មនុស្សដែលមានទម្លាប់ធ្វើចលនាលឿន ឬហើរខ្ពស់នឹងខកចិត្តជាមួយនឹងមនុស្សដែលទប់គេមិនឱ្យធ្វើរឿងទាំងនេះ។
  1. បើអ្នកបញ្ជូនទាទៅសាលាឥន្រ្ទី អ្នកនឹងខកចិត្តខ្លួនឯង

ក្នុងនាមជាអ្នកដឹកនាំម្នាក់ កិច្ចការរបស់អ្នកគឺជួយទាឱ្យក្លាយជាទាប្រសើរជាងមុន គឹដាក់មនុស្សឱ្យត្រូវនឹងទីតាំងរបស់គេ ហើយជួយគេឱ្យទៅដល់សក្តានុពលខ្ពស់បំផុត។ អ្នកមិនអាចទាមទារឱ្យនរណាមួយលូតលាស់នៅក្នុងផ្នែកដែលគេគ្មានទេពកោសល្យពីធម្មជាតិទេ។ ទេពកោសល្យពីធម្មជាតិមិនមែនជាជម្រើសដែលយើងអាចជ្រើសរើសយកបានទេ វាជាអំណោយមកជាមួយកំណើត។
វាជារឿងសំខាន់ណាស់សម្រាប់អ្នកដឹកនាំក្នុងការរើសមនុស្សល្អមកបម្រើក្នុងអង្គការ ស្ថាប័ន ឬក្រុមហ៊ុន ហើយដាក់គេឱ្យត្រូវកន្លែង។ មានរឿងតិចតួចប៉ុណ្ណោះដែលអ្នកដឹកនាំធ្វើដែលវាសំខាន់ជាងរឿងនេះ។

--->

  • បង្វឹកចិត្តរបស់អ្នកឱ្យយកចិត្តទុកដាក់លើរឿងចម្បង

ខាងក្រោមនេះជាការសម្រេច៥ប្រការ ដែលអ្នកដឹកនាំអាចធ្វើ ដើម្បីក្លាយខ្លួនជាបុគ្គលដែលចេះផ្តោតអារម្មណ៍ និងមានប្រសិទ្ធភាពខ្ពស់៖

  1. សម្រេចថាអ្នកមិនចេះដឹងគ្រប់យ៉ាងទេ

អ្នកដឹកនាំជោគជ័យមិនមែនជាមនុស្សដែលចេះដឹងគ្រប់រឿងទេ។ ប៉ុន្តែ គាត់ដឹងថានរណាដឹងរឿងអ្វី។ ប្រសិនបើអ្នកជាអ្នកដឹកនាំ ហើយអ្នកពុំមានជំនួយការល្អ អ្នកនឹងប្រឈមនឹងការលំបាកហើយ។ ប្រសិនបើអ្នកមានមនុស្សជួយដែលល្អសមស្របនឹងទីតាំងរបស់គេ អ្នកអាចផ្ដោតអារម្មណ៍របស់អ្នកលើរឿងសំខាន់ចម្បង ហើយទុកឱ្យជំនួយការរបស់អ្នកធ្វើរឿងផ្សេងទៀត។
  1. សម្រេចថា អ្នកមិនមែនជាអ្នកចេះដឹងចម្បងមុនគេទេ 

ប្រសិនបើបញ្ហាទាំងឡាយត្រូវបានចែករំលែកជាមួយអ្នកដឹកនាំជួរមុខ នោះដំណោះស្រាយនឹងត្រូវបានរក
ឃើញ។ ជាធម្មតា បុគ្គលិកស្ថិតនៅជួរមុខគឺច្រើនជាអ្នកផ្ដល់ដំណោះស្រាយដ៏ល្អប្រសើរជាងគេ។
  1. សម្រេចថាឱ្យនរណាម្នាក់អាចតំណាងអ្នកបាន

ការសម្រេចឱ្យនរណាម្នាក់អាចតំណាងអ្នកបាន ទាមទារពេលវេលានិងទំនុកចិត្ត។ ការទុកចិត្តនេះមិនគួរងាយស្រួលផ្ដល់ឱ្យគេពេកទេ។ អ្នកចាំបាច់ត្រូវស្គាល់មនុស្សដែលអ្នកចង់ផ្ដល់ទំនុកចិត្ត ហើយអ្នកសមនឹងផ្ដល់ឱ្យ នៅពេលគេបង្ហាញសមិទ្ធផលជាក់ស្ដែង។ នៅពេលអ្នកឈានដល់កម្រិតមួយនៃការទុកចិត្តជាមួយមនុស្សដែលអ្នកធ្វើការជាមួយ ការងារជាច្រើននឹងត្រូវកាត់បន្ថយជាមួយអ្នក ហើយអ្នកនឹងមានពេលផ្ដោតការយកចិត្តទុកដាក់លើរឿងសំខាន់ចម្បង។
  1. សម្រេចថាអ្នកនៅជាមួយភាពខ្លាំងរបស់អ្នក ដោយមិនធ្វើការជាមួយភាពខ្សោយរបស់អ្នកទេ

ចូរខំប្រឹងស្ថិតនៅជាមួយភាពខ្លាំងរបស់អ្នក។ នៅក្នុងតំបន់នៃភាពខ្លាំង អ្នកនឹងទទួលលទ្ធផលល្អប្រសើរ ពីព្រោះអ្នកអាចផ្តោតអារម្មណ៍បាន។
  1. សម្រេចថាអ្នកជាអ្នកកំណត់ពេលវេលា និងការយកចិត្តទុកដាក់របស់អ្នក

ចូរគ្រប់គ្រងប្រតិទិនរបស់អ្នក។ អ្នកមិនអាចសម្រេចបំណងរបស់អ្នកទេ នៅពេលដែលអ្នកយកចិត្តទុកដាក់ធ្វើការសម្រេចបំណងរបស់អ្នកដទៃ។ ប្រសិនបើអ្នកមិនគ្រប់គ្រងពេលវេលារបស់អ្នក អ្នកដទៃនឹងធ្វើរឿងនេះជំនួសអ្នក។

<---

  • កំហុសធំបំផុតរបស់អ្នកមិនមែនជាការចោទសួរថា តើអ្នកធ្វើកំហុសអ្វីទេ

មនុស្សគ្រាប់គ្នាតែងប្រព្រឹត្តកំហុសឆ្គង កំហុសធំ ឬតូច។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំង ចូរធ្វើកំហុសកាន់តែធំ។ ប្រសិនបើអ្នកចង់បង្កការខូចខាតកាន់តែខ្លាំង ចូរបដិសេធកុំទទួលស្គាល់កំហុសរបស់ខ្លួន។ ការណ៍នេះនឹងទប់អ្នកមិនឱ្យអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំល្អបានទេ។ កាលណានិយាយអំពីជោគជ័យ គេមិននិយាយអំពីចំនួននៃកំហុសដែលអ្នកបានធ្វើទេ គេនិយាយអំពីចំនួននៃដងនៃកំហុសដដែលៗ ដែលអ្នកបានធ្វើ។ ប្រសិនបើអ្នកចង់រៀនអំពីបរាជ័យឱ្យជោគជ័យ ហើយចេះចាត់ចែងកំហុសរបស់អ្នកឱ្យមានផលប្រយោជន៍ធំធេង អ្នកត្រូវប្រតិបត្តិរឿងទាំង ៥ប្រការដូចតទៅនេះ៖
  1. ទទួលស្គាល់នូវកំហុសឆ្គង និងភាពខ្សោយរបស់អ្នក

ជំហានដំបូងក្នុងការទទួលយកកំហុស និងរៀនអំពីកំហុសឆ្គងដែលអ្នកបានធ្វើ គឺការសម្លឹងមើលខ្លួនឯង ដោយទៀងត្រង់ និងទទួលស្គាល់ភាពខ្សោយរបស់អ្នក។ អ្នកមិនអាចធ្វើឱ្យប្រសើរឡើងក្នុងនាមជាអ្នកដឹកនាំម្នាក់ ប្រសិនបើអ្នករវល់ខំប្រឹងចាត់ទុកខ្លួនឯងជាមនុស្សល្អឥតខ្ចោះ។
  1. ទទួលយកកំហុសជាការបង់ថ្លៃសម្រាប់ភាពលូតលាស់

គ្មានអ្វីល្អឥតខ្ចោះទេក្នុងជីវិត ហើយរឿងនេះរួមទាំងអ្នកផងដែរ។ បើអ្នកចង់ធ្វើដំណើរទៅមុខ អ្នកនឹងធ្វើកំហុសក្នុងពេលធ្វើដំណើរ។ ប្រសិនបើអ្នកចង់ទៅដល់សក្តានុពលជាអ្នកដឹកនាំម្នាក់ អ្នកត្រូវត្រៀមប្រឈមនឹងបរាជ័យ និងការប្រព្រឹត្តកំហុស។
  1. ខំប្រឹងរៀនសូត្រចេញពីកំហុសរបស់អ្នក

បុគ្គលដែលស្ថិតនៅទីតាំងជាអ្នកដឹកនាំ ចាំបាច់ត្រូវយល់អំពីដំណើរការរបស់អ្នកវិទ្យាសាស្ត្រ។ នៅក្នុងវិទ្យាសាស្រ្តកំហុសឆ្គងតែងនាំមុខនៃរបកគំហើញអំពីការពិត។
  1. សួរខ្លួនឯង និងអ្នកដទៃថា “យើងនៅខ្វះអ្វី?”

ការសម្លឹងរកមើលចំណុចខ្វះខាត វាមានសារសំខាន់ណាស់សម្រាប់អ្នកដឹកនាំ។ ជាញឹកញាប់ យើងតែងខំប្រឹងធ្វើនៅពេលមានសំណួរលើកឡើងថា “យើងនៅខ្វះអ្វីទៀត?”។ ការលើកសំណួរពិបាកៗ បង្កឱ្យមនុស្សមានការគិតខុសពីមុន។
  1. ផ្ដល់ការអនុញ្ញាតឱ្យមនុស្សនៅជុំវិញអ្នកធ្វើការទិតៀន

អ្នកដឹកនាំល្អប្រសើរអញ្ជើញមតិយោបល់កែលម្អពីសមាជិកក្រុម។ មនុស្សល្អជាច្រើន ចេះធ្វើការរួមគ្នាគឺ វាពិតជាប្រសើរជាងមនុស្សពូកែតែម្នាក់ធ្វើការតែឯង។


  • នៅបន្តរៀនគឺនៅបន្តដឹកនាំ

អាថ៌កំបាំងនៃភាពជោគជ័យអាចត្រូវបានរកឃើញក្នុងរបៀបវារៈប្រចាំថ្ងៃរបស់មនុស្ស។ ប្រសិនបើគេធ្វើអ្វីមួយដោយចេតនាជាប្រចាំថ្ងៃដើម្បីលូតលាស់ គេនឹងវិវឌ្ឍខិតទៅជិតសក្ដានុពលខ្ពស់បំផុតរបស់គេ។ ប្រសិនបើគេមិនធ្វើរឿងនេះទេ សក្តានុពលរបស់គេនឹងផុតរលត់បន្តិចម្ដងៗជាមួយនឹងដំណើរជីវិតរបស់គេ។

ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំល្អម្នាក់ អ្នកចាំបាច់ត្រូវតែជាអ្នករៀនសូត្រដ៏ល្អម្នាក់។ ប្រសិនបើអ្នកពុំមានផែនការសម្រាប់ការលូតលាស់ផ្ទាល់ខ្លួនទេ អ្នកនឹងមិនអាចលូតលាស់សោះឡើយ។

បើអ្នកស្វែងរកការរៀនសូត្រ និងភាពលូតលាស់ជាអ្នកដឹកនាំម្នាក់ តទៅនេះជាមាគ៌ាប្រតិបត្តិមួយចំនួន៖

  1. វិនិយោគសម្រាប់ខ្លួនឯងជាមុន

ដរាបណាមនុស្សនៅដើរតាមអ្នក គេអាចដើរបានឆ្ងាយបំផុតនៅត្រឹមចម្ងាយរបស់អ្នកប៉ុណ្ណោះ។ បើអ្នកមិនលូតលាស់បន្តទេ គេក៏មិនលូតលាស់ទៅមុខទៀតដែរ ឬមួយគេឈប់ត្រឹមនេះ ឬគេត្រូវចាកចេញទៅទីកន្លែងផ្សេងដែលគេអាចលូតលាស់បន្តទៀតបាន។ អ្នកដើរតាមអាចរីកលូតលាស់ប្រសើរបានទាល់តែអ្នកដឹកនាំអាចលូតលាស់ទៅមុខ។
  1. ក្លាយជាអ្នករៀនជាប់ជាប្រចាំ

បើអ្នកចង់ដឹកនាំ អ្នកចាំបាច់ត្រូវតែរៀន។ បើអ្នកចង់បន្តដឹកនាំ អ្នកត្រូវបន្តរៀនសូត្រ។ បុគ្គលជោគជ័យតែងភ្ជាប់ខ្លួនគេជាមួយការចង់ដឹង ភាពឆ្ងល់ និងមានអារម្មណ៍រីករាយជាមួយអ្វីដែលថ្មី។
  1. បង្កើតបរិយាកាសលូតលាស់សម្រាប់មនុស្សដែលអ្នកដឹកនាំ

ដើម្បីក្លាយជាមនុស្សរៀនមួយជីវិត អ្នកត្រូវចាកចេញពីបរិស្ថានដែលនៅនឹងថ្កល់ និងដកខ្លួនចេញពីមនុស្សដែលគ្មានចេតនាលូតលាស់បន្ត។ ជាអ្នកដឹកនាំម្នាក់ អ្នកចាំបាច់ត្រូវបង្កើតបរិស្ថានវិជ្ជមានសម្រាប់ភាពលូតលាស់ដល់មនុស្សដែលអ្នកដឹកនាំ។ ស្ថិតនៅជាមួយមនុស្សដែលពូកែជាងយើង យើងនឹងមាននិន្នាការខំប្រឹងលូតលាស់បន្ថែមទៅមុខ។


  • អ្នកដឹកនាំបង្ហាញពីភាពខុសប្លែកពីអ្នកដទៃក្នុងគ្រាលំបាក

រាល់អ្នកដឹកនាំតែងប្រឈមនឹងគ្រាលំបាក ហើយនេះជាពេលវេលាដែលអ្នកដឹកនាំបង្ហាញពីភាពខុសប្លែកពីអ្នកដទៃ និងបញ្ជាក់ថាគេជាបុគ្គលបែបណា។ ដឹកនាំអ្នកដទៃអាចជារឿងមួយដ៏លំបាក ហើយត្រូវការភាពក្លាហានច្រើន។ រាល់ការផ្លាស់ប្ដូរ រាល់បញ្ហាប្រឈម និងរាល់វិបត្តិ ទាមទារនូវការឆ្លើយតបដ៏ខ្លាំងក្លាមួយ ហើយផ្លូវដែលរឿងទាំងនោះត្រូវបានដោះស្រាយគឺវាញែកអ្នកដឹកនាំចេញពីអ្នកផ្សេង។

តើអ្នកដឹងដូចម្ដេច នៅពេលអ្នកប្រឈមនឹងការទាមទារដ៏ខ្លាំងក្លាមួយ ដែលត្រូវការការលះបង់និងការខំប្រឹងរបស់អ្នក ក្នុងនាមជាអ្នកដឹកនាំម្នាក់ ? អ្នកនឹងដឹងនៅពេលការសម្រេចចិត្តត្រូវបានឆ្លុះបញ្ចាំងតាមរយៈរឿងបីប្រការនេះ៖
  1. ការទាមទារដ៏លំបាកត្រូវការភាពប្រថុយប្រថាន

អ្នកដឹកនាំចាំបាច់ត្រូវហ៊ានប្រឈមធ្វើរឿងទាំងឡាយដែលអ្នកផ្សេងមិនហ៊ាន។ គេត្រូវដាក់ខ្លួនគេនៅជួរមុខ។ អ្នកមិនអាចស្ថិតនៅតំបន់មានសុវត្ថិភាព ហើយរង់ចាំអ្នកផ្សេងឱ្យប្រថុយដើរទៅមុខទេ។ ដំណើរលូតលាស់តែងទាមទារការប្រថុយប្រថាន។
  1. ការទាមទារដ៏លំបាកនាំមកជាមួយនូវការប្រយុទ្ធប្រឆាំងជាមួយនឹងខ្លួនឯង

ការទាមទារខ្លាំងក្លាដែលតម្រូវអោយអ្នកធ្វើតែងមានសំណួរកើតឡើងជាច្រើន។ ធ្វើរឿងដែលត្រឹមត្រូវមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាជារឿងចាំបាច់ ប្រសិនបើអ្នកមានសុចរិតភាព និងចង់បានប្រសិទ្ធភាព។
  1. ការទាមទារដ៏លំបាក និងបង្ហាញថាអ្នកខុសពីអ្នកដទៃ ជាអ្នកដឹកនាំម្នាក់

នៅពេលស្ថាប័ន ឬអង្គការមួយប្រឈមនឹងបញ្ហាធំ ហើយកំពុងធ្វើដំណើរលើផ្លូវខុស នោះហើយជាពេលវេលាដែលអ្នកដឹកនាំត្រូវធ្វើសកម្មភាព។ គឺនៅក្នុងគ្រាដែលលំបាកនោះហើយ ដែលអ្នកដឹកនាំត្រូវធ្វើសេចក្តីសម្រេចចិត្តសំខាន់ និងលំបាក ហើយធ្វើឱ្យគាត់ខុសពីអ្នកដទៃជាអ្នកដឹកនាំ។

មិនថាពេលវេលានោះវាលំបាកយ៉ាងណា អ្នកដឹកនាំពិតប្រាកដម្នាក់នឹងនៅបន្តដឹកនាំ ហើយមិនបោះបង់សោះឡើយ។ មិនថាខ្យល់ព្យុះនោះជាខ្យល់ព្យុះប្រភេទណាទេ គាត់នៅតែឈរនាំមុខជានិច្ច។


  • មនុស្សចាកចេញពីមនុស្ស មិនមែនចេញពីស្ថាប័ន ឬក្រុមហ៊ុនទេ

មានការសិក្សាមួយចំនួនបានវាយតម្លៃថា ប្រមាណ65%នៃបុគ្គលិកដែលចាកចេញពីក្រុមហ៊ុន គឺដោយសារតែអ្នកគ្រប់គ្រងរបស់គេ។ យើងច្រើននិយាយថាមនុស្សឈប់ពីការងារ ឬពីក្រុមហ៊ុន តែការពិតគឺគេឈប់ពីអ្នកដឹកនាំរបស់គេ។ ក្រុមហ៊ុនមិនបានធ្វើអាក្រក់ចំពោះគេទេ តែមនុស្សដែលដឹកនាំក្រុមហ៊ុនទេជាអ្នកធ្វើ។

អ្នកដឹកនាំជាច្រើនអាចបង្ហាញខ្លួនល្អ ពេលគេជួបបុគ្គលិកជាលើកដំបូង។ បន្ថែមពីនេះ មនុស្សមានសុទិដ្ឋិនិយមតែងគិតល្អពេលគេចាប់ផ្ដើមការងារ។ គេចង់ឱ្យការងារថ្មីមានដំណើរការល្អ។ ហើយនៅពេលកាលវេលាកន្លងទៅ អ្នកដឹកនាំត្រូវបានគេដឹងថា គាត់ជាមនុស្សបែបណា ហើយមិនមែនជាមនុស្សដែលគាត់ចង់បង្ហាញឱ្យគេដឹងនាគ្រាដំបូងទេ។ ប្រសិនបើប្រធានជាមនុស្សមិនល្អ វាជារឿងពេលវេលាទេ នៅយូរឬឆាប់បុគ្គលិកទាំងឡាយនឹងបានស្គាល់ពីគាត់។

ដូច្នេះ តើអ្នកដឹកនាំប្រភេទណា ដែលបុគ្គលិកចាកចេញ? ជាទូទៅមានបុគ្គលិកលក្ខណៈបួនប្រភេទ៖

  1. មនុស្សចាកចេញពីអ្នកដឹកនាំដែលមិនឱ្យតម្លៃគេ

នៅពេលអ្នកដឹកនាំឱ្យតម្លៃបុគ្គលិកទាប គេចាប់ផ្ដើមមើលស្រាលលើបុគ្គលិក។ គេចាត់ទុកបុគ្គលិកដូចជារបស់មិនមែនជាមនុស្សទេ។ អ្នកដឹកនាំល្អតែងសម្លឹងមើលតម្លៃរបស់មនុស្ស និងបង្ហាញការកោតសរសើរចំពោះតម្លៃទាំងនោះ។

  1. មនុស្សចាកចេញពីអ្នកដឹកនាំដែលគេមិនជឿជាក់

វាជារឿងលំបាកខ្លាំងណាស់ក្នុងការកសាងឡើងវិញនូវទំនុកចិត្តដែលបានបាត់បង់ក្នុងទំនាក់ទំនង។ ការបង្កើតនិងការថែរក្សាទំនុកចិត្តជាអ្នកដឹកនាំម្នាក់វាជារឿងសុចរិតភាព និងទំនាក់ទំនងល្អ។ ប្រសិនបើ អ្នកមិនចង់ឱ្យមនុស្សចាកចេញពីអ្នក អ្នកចាំបាច់ជាបុគ្គលមិនវៀចវេរ បើកចំហ និងអាចជឿជាក់បាន។
 
  1. មនុស្សចាកចេញពីអ្នកដឹកនាំដែលគ្មានសមត្ថភាព

នៅពេលដែលអ្នកដឹកនាំគ្មានសមត្ថភាព គេក្លាយជាបុគ្គលដែលក្រុមទាំងមូលធុញទ្រាន់។ ប្រសិទ្ធភាពការងារធ្លាក់ចុះ សីលធម៌ក្នុងក្រុមចុះខ្សោយ កាលវេលាល្អមិនងាយនឹងកើតឡើងក្នុងក្រុម។
  1. មនុស្សចាកចេញពីអ្នកដឹកនាំដែលមិនជឿជាក់ខ្លួនឯង

បុគ្គលិកចង់ធ្វើការជាមួយអ្នកដឹកនាំដែលជំរុញចិត្តគេ មិនមែនជាអ្នកដឹកនាំដែលដែលដុតឱ្យក្ដៅពីក្រោយទេ។ តទៅនេះជារឿងទាំងឡាយដែលជួយអ្នកឱ្យក្លាយជាអ្នកដឹកនាំ ដែលគេចង់ដើរតាម៖
  • ចាប់យកការទទួលខុសត្រូវក្នុងការធ្វើទំនាក់ទំនងជាមួយអ្នកដទៃ។
  • នៅពេលមានបុគ្គលិកចាកចេញ ចូរធ្វើសម្ភាសន៍អំពីការចាកចេញរបស់គាត់។
  • ផ្ដល់តម្លៃខ្ពស់ដល់អ្នកដែលខំប្រឹងធ្វើការសម្រាប់អ្នក។
  • ដាក់ការកសាងទំនុកចិត្តជាអាទិភាពខ្ពស់បំផុតក្នុងបញ្ជីនៃភាពជាអ្នកដឹកនាំរបស់អ្នក។
  • ចូរទទួលដឹងថា សុខភាពផ្លូវអារម្មណ៍បែបវិជ្ជមានរបស់អ្នក បង្កើតនូវបរិស្ថានដ៏កក់ក្ដៅសម្រាប់មនុស្សទាំងឡាយ។
  • ចូរថែរក្សាស្មារតីឱ្យគេបង្រៀនបាន និងយកចិត្តទុកដាក់បណ្ដុះចំណូលចិត្តក្នុងការលូតលាស់បន្ត។


  • អាថ៌កំបាំងសម្រាប់ការប្រជុំដ៏ល្អ គឺកិច្ចប្រជុំមុនការប្រជុំ

ដើម្បីក្លាយជាអ្នកដឹកនាំល្អមានប្រសិទ្ធភាព អ្នកត្រូវតែរៀនចាត់ចែងការប្រជុំឱ្យមានលទ្ធផលល្អ។ ការប្រជុំគឺអាចជួយឱ្យការងារប្រតិបត្តិទៅមុខបានល្អ។ ដើម្បីធ្វើរឿងនេះបាន ជាញឹកញាប់អ្នកត្រូវមានកិច្ចប្រជុំមុននឹងការប្រជុំដើម្បីត្រៀមសម្រាប់ពេលប្រជុំ។ ខាងក្រោមនេះ ជាហេតុផលដែលត្រូវធ្វើបែបនេះ៖
  • កិច្ចប្រជុំមុននឹងការប្រជុំជួយអ្នកឱ្យទទួលបានការគាំទ្រគំនិត

ប្រសិនបើអ្នកផ្ដល់ព័ត៌មានថ្មី ដែលភ្ញាក់ផ្អើលទៅដល់ក្រុមមនុស្ស នោះ បុគ្គលដែលចូលចិត្តតវ៉ានឹងមានឥទ្ធិពលនិងប្រតិកម្មជាអវិជ្ជមាន រួចហើយក្រុមទាំងមូលក៏មើលទៅអវិជ្ជមានដែរ។ ការណ៍នេះអាចជំរុញឱ្យកិច្ចប្រជុំវិវឌ្ឍខុសគោលបំណង ឬឱ្យខកដំណើរការទាំងស្រុង។ ហេតុនេះទើបអ្នកត្រូវរៀបចំកិច្ចប្រជុំដើម្បីឱ្យបុគ្គលមានឥទ្ធិពលហើយពូកែតវ៉ាយល់និងគាំទ្រគំនិតថ្មីជាមុន។
  • កិច្ចប្រជុំមុននឹងការប្រជុំជួយឱ្យអ្នកដើរតាមសម្លឹងមើលឆ្ងាយ

ជាអ្នកដឹកនាំម្នាក់ អ្នកត្រូវជួយអ្នកដើរតាមឱ្យចេះសម្លឹងមើលឆ្ងាយដូចអ្នកដែរ។ ការណ៍នេះទាមទារពេលវេលានិងចេតនាច្បាស់លាស់។ ផ្ដល់ជូនអ្នកមានឥទ្ធិពលឱ្យចេះសម្លឹងឆ្ងាយក្នុងភាពត្រឹមត្រូវ មុននឹងពេលប្រជុំមកដល់ ក្រុមគាត់នឹងជួយផ្សព្វផ្សាយគំនិតថ្មីដល់អ្នកផ្សេង។
  • កិច្ចប្រជុំមុនកាលប្រជុំនឹងជួយបង្កើនឥទ្ធិពលរបស់អ្នក

ភាពជាអ្នកដឹកនាំគឺការបង្កើតឥទ្ធិពល។ ដើម្បីកសាងឥទ្ធិពលជាមួយមនុស្ស អ្នកត្រូវតែវិនិយោគជាមួយគាត់។ ប្រសិនបើអ្នកចំណាយពេលជាមួយសហការីតែក្នុងពេលប្រជុំ ហើយក្នុងការប្រជុំនោះ អ្នកស្នើសុំឱ្យគេយកចិត្តទុកដាក់លើការងារតាមរបៀបវារៈរបស់អ្នក អ្នកនឹងមិនអាចបង្កើតទំនាក់ទំនងល្អជាវិជ្ជមានជាមួយពួកគេទេ។
  • កិច្ចប្រជុំមុនការប្រជុំជួយអ្នកកសាងភាពជឿជាក់

អ្នកអាចឆ្លើយសំណួរពិបាកៗជាងមុន។ អ្នកអាចចែករំលែកហេតុផលនៃរបៀបវារៈដោយងាយស្រួល។ អ្នកអាចនិយាយលម្អិតនូវរឿងដែលអ្នកមិនអាចនិយាយពេលប្រជុំធំ។ ហើយអ្នកអាចសម្រួលសារដែលអ្នកចង់និយាយទៅកាន់បុគ្គលមួយចំនួនដែលចាំបាច់។
  • កិច្ចប្រជុំមុនពេលប្រជុំជួយអ្នកកុំឱ្យភាន់ភាំងនូវរឿងមួយចំនួន 

បើទោះបីជាអ្នកដឹកនាំចងចាំល្អក៏ដោយ ក៏អាចភ្លេចនិងមានការភាន់ភាំងខ្លះដែរ។ ពេលខ្លះក្នុងកិច្ចប្រជុំមុនការប្រជុំ មនុស្សមួយចំនួនដែលនិយាយជាមួយ អាចផ្ដល់ជូនអ្នកនូវព័ត៌មាន ឬគំនិតជ្រៅណាមួយដែលជួយអ្នកកុំឱ្យភាន់ច្រឡំ និងសម្រេចចិត្តខុស។


  • មនុស្សទាំងឡាយនឹងសង្ខេបជីវិតរបស់អ្នកនៅក្នុងឃ្លាមួយ


មរតកគឺជាអ្វីមួយដែលយើងបានទុកសម្រាប់អ្នកជំនាន់ក្រោយ។ វាអាចជាទ្រព្យសម្បត្តិដែលយើងប្រគល់ឱ្យអ្នកផ្សេង។ វាអាចជាគោលការណ៍ដែលយើងឱ្យតម្លៃក្នុងជីវិត ហើយត្រូវបានគេប្រតិបត្តិបន្ត ក្រោយយើងស្លាប់ទៅ។ វាអាចជាមនុស្សដែលយើងមានឥទ្ធិពលលើគាត់ ហើយជីវិតរបស់គាត់មានភាពប្រសើរឡើង ដែលជាលទ្ធផលចេញពីការស្គាល់យើង។

ថ្ងៃណាមួយអ្នកនឹងស្លាប់ ហើយដំណើរជីវិតរបស់អ្នកត្រូវបានគេសង្ខេបនៅក្នុងឃ្លាមួយ។ តើអ្នកចង់ឱ្យសេចក្ដីនៃឃ្លាសង្ខេបនោះមានន័យបែបណា? លោកស្រី Clare Booth Luce បានហៅប្រកបដោយភាពឈ្លាសវៃថា គឺជា “ឃ្លានៃជីវិតអ្នក”។ ប្រសិនបើអ្នកមានចេតនាច្បាស់លាស់ ក្នុងការបង្កើតមរតករបស់អ្នក មនុស្សដែលមកចូលរួមពិធីបុណ្យសពរបស់អ្នកនឹងយល់ច្បាស់អំពីឃ្លានៃជីវិតរបស់អ្នក។

  • បង្កើតមរតកដែលមានតម្លៃ

យើងអាចជ្រើសរើសជីវិតមួយរស់នៅចាប់ពីពេលនេះតទៅ នៅក្នុងផ្លូវមួយដែលបង្កើតផលជះជាវិជ្ជមានដល់អ្នកដទៃ បើទោះបីក្រោយការស្លាប់របស់យើងក៏ដោយ។ យើងអាចបង្កើតមរតកដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ។ ដើម្បីធ្វើរឿងនេះបានយើងត្រូវប្រតិបត្តិដូចតទៅ៖
  1. ចាប់ពីថ្ងៃនេះ ចូរជ្រើសរើសមរតកដែលអ្នកចង់បន្សល់ទុក

ចូរមានចេតនាច្បាស់លាស់អំពីរឿងនេះ។ នៅក្នុងផ្លូវនេះ អ្នកអាចមានលទ្ធភាពក្នុងការបង្កើតឥទ្ធិពលធំធេងសម្រាប់អ្នកជំនាន់ក្រោយ។
  1. សូមរស់នៅថ្ងៃនេះជាមួយមរតកដែលអ្នកចង់បន្សល់ទុក

ការធានាដ៏ធំធេងចំពោះមរតកដែលអ្នកចង់បន្សល់ទុក គឺរបៀបរស់នៅរបស់អ្នកប្រចាំថ្ងៃ។ ចូរធ្វើសកម្មភាពជាប្រចាំទៅតាមតាមគន្លងដែលអ្នកប្រាថ្នាក្នុងរយៈពេលវែងមួយ អ្នកនឹងចាប់ផ្ដើមសម្លឹងឃើញមរតករបស់អ្នកកកើតជារូបរាងឡើង។
  1. ​ធ្វើការសរសើរឱ្យតម្លៃថ្ងៃនេះ នៅលើមរតកដ៏ល្អប្រពៃណាមួយ

វាជាភាពរីករាយក្រៃលែងមួយ នៅពេលអ្នកអាចនាំនរណាម្នាក់ទៅដល់កន្លែងដែលគេមិនធ្លាប់ទៅ ឬនាំនរណាម្នាក់ទៅទីខ្ពស់ដែលគេស្រមៃគិតថាមិនអាចទៅបាន។ ជាអ្នកដឹកនាំម្នាក់ អ្នកមានឱកាសធំណាស់ក្នុងការធ្វើរឿងទាំងនេះ៕

===^^^===

==

ប្រែសម្រួលដោយ សាម អុីន -- វិច្ឆិកា ២០២១ --- ក្នុងកិច្ចសហការជាមួយក្លឹបអ្នកអានគ្មានព្រំដែន

== 

-- អត្ថបទដើម Jonh C. Maxwell (2008) : Leadership Gold

-- អត្ថបទទាក់ទង

១. ភាពជាអ្នកដឹកនាំ ៥កម្រិត

២. គុណសម្បត្តិ ២១ប្រការរបស់អ្នកដឹកនាំ
៣. អ្នកដឹកនាំ ៣៦០ដឺក្រេ
៤. ទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម









Comments