ទឹកចិត្ត​ ៣ប្រភេទក្នុងវិស័យនយោបាយ

 


ជាទូទៅ យើងតែងស្តាប់ឮគេនិយាយជារឿយៗថា​ នយោបាយជារឿងអាក្រក់ ស្មោកគ្រោក​ ល្បិចកល បោកប្រាស់ និងជាទីកន្លែងគួរឱ្យខ្លាចរអារ។ តាមការពិត​ មិនដូច្នោះទាំងស្រុងទេ​ វាមានចំណុចមិនល្អ​ ចំណុចគួរឱ្យខ្លាច និងគួរឱ្យនៅឆ្ងាយ និងចំណុចល្អ ចំណុចគួរឱ្យចាប់អារម្មណ៍​ និងគួរឱ្យគោរព។ តាមរយៈនៃការចូលរួមក្នុងវិស័យនយោបាយ​និងការសង្កេតផ្ទាល់​ ក៏ដូចជាបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តមួយចំនួន​ ខ្ញុំយល់ឃើញថា​ មានទឹកចិត្ត ៣​ដួង ដែលជំរុញមនុស្សឱ្យមនុស្សចូលរួមក្នុងវិស័យនយោបាយ។​ 

១.​ ទឹកចិត្តចង់បម្រើ​ប្រទេសជាតិ ចង់ជួយអ្នកដទៃ

បើយើងរៀនសូត្រអំពីប្រវត្តិសាស្រ្ត​ យើងនឹងដឹងថា​ មានបុគ្គលមួយចំនួនស្ម័គ្រចូលរួមក្នុងវិស័យនយោបាយ​ ដោយសារតែគាត់មានទឹកចិត្តចង់បម្រើប្រទេសជាតិ​ ចង់ជួយអ្នកដទៃ។ មហាត្មៈ គន្ធី​ បានលះបង់ការងារជាមេធាវី ហើយមកតស៊ូនយោបាយនៅប្រទេសឥណ្ឌា​ ចាប់តាំងពីឆ្នាំ១៩១៥ ពីព្រោះគាត់ចង់ឱ្យប្រទេសរបស់គាត់បានរួចផុតពីអាណានិគមរបស់អង់គ្លេស ដែលដាក់នឹងត្រួតត្រា និងជិះជាន់ប្រជាជាតិឥណ្ឌាជិត ១០០ឆ្នាំមកហើយ។ លោក​ ណែលសិន​​ ម៉ាន់ដេឡា បានលាចាកពីជីវិតយុវវ័យ ដែលត្រូវការសប្បាយ ទៅចូលរួមចលនាតស៊ូជាមួយចលនា​​ ANC (African National Congress) ចាប់តាំងពីឆ្នាំ១៩៤៣ ដោយប្រឈមនឹងការលំបាកយ៉ាងច្រើន រួមទាំងការជាប់គុក ជាង២៧ឆ្នាំ​ផង ដើម្បីរំដោះប្រជាជាតិស្បែកខ្មៅនៅអាព្រិកខាងត្បូង ចេញពីការជិះជាក់សង្កត់សង្កិន​របស់របបប្រកាន់ពូជសាសន៍ស្បែកសអាប៉ាថេត។​ កាលសម័យអាណានិគមបារាំងត្រួតត្រាលើប្រទេសខ្មែរ​ (១៨៦៣-១៩៥៣)​ ក៏មានអ្នកប្រយុទ្ធតស៊ូខ្មែរមួយចំនួនបានស្ម័គ្រលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិជាតិមាតុភូមិចេញពីអាណានិគមបារាំង​ ដែលក្នុងនោះរួមមាន ឧកញ៉ា ក្រឡាហោមគង់ និងអាចារហែមចៀវ ជាដើម។​ កាលសម័យទសវត្សរិ៍១៩៨០ ក៏មានអ្នកស្នេហាជាតិខ្មែរមួយចំនួនបានស្ម័គ្រចូលរួមបម្រើចលនាតស៊ូរបស់សម្តេច​ នរោត្ដម សីហនុ ដើម្បីបណ្តេញកងទ័ពវៀតណាមចេញពីស្រុកខ្មែរ។

បច្ចុប្បន្នទៀតសោត ក៏នៅតែមានមនុស្សដែលមានទឹកចិត្តចង់បម្រើប្រទេសជាតិ​ ចង់បម្រើប្រជាជន​ ស្ម័គ្រចូលរួមក្នុងវិស័យនយោបាយ ដើម្បីបុព្វហេតុដ៏ថ្លាថ្លៃ ដូចជាលើកស្ទួយលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិកម្មករ ចង់ជួយកសិករ ទប់ស្កាត់ភាពវឹកវរចលាចលនយោបាយ​ លើកកម្ពស់សេរីភាពបញ្ចេញមតិ​ ការពារធនធានធម្មជាតិ។ល។​ ជាឧទារហរណ៍ បណ្ឌិត កែម​ ឡី បានបូជាជីវិត នៅឆ្នាំ២០១៦ ដើម្បីលើកស្ទួយសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកមានទឹកចិត្តចង់ជួយអ្នកដទៃ ចង់បម្រើប្រទេសជាតិទាំងឡាយអាចឈរនៅទៅតាំងផ្សេងគ្នា នៅគណបក្សផ្សេងគ្នា មានទស្សននយោបាយខុសគ្នា​ តែគេចូលរួមក្នុងវិស័យនយោបាយ​ ពីព្រោះតែគេមានទឹកចិត្តចង់បម្រើប្រទេសជាតិ ចង់ជួយអ្នកដទៃ។ ទឹកចិត្តទាំងនេះ ជាទឹកចិត្តប្រកបដោយកុសលចិត្ត បើនិយាយនៅក្នុងភាសាធម៌។ ​

២. ទឹកចិត្តលោភៈ

មានមនុស្សមិនតិចទេ​ ដែលសម្រេចចូលរួមក្នុងវិស័យនយោបាយ​ ដោយសារទឹកចិត្តលោភៈ​ លោភលន់ចង់បានយសស័ក្តិ​ លោភលន់ចង់បានលាភសក្ការៈ​ ចង់បានកេរិ៍្តឈ្មោះល្បីល្បាញ​ ឬចង់ឱ្យគេកើតសរសើរ​ តែមិនគិតខ្វល់អំពីរឿងវាសនាប្រទេស​ ឬចង់ជួយប្រជាពលរដ្ឋទេ។ បុគ្គលប្រភេទនេះមាននៅគ្រប់ទីកន្លែង​ មិនថា តែក្នុងស្ថាប័នរាជរដ្ឋាភិបាលទេ តែនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល​ ក៏មានមិនខ្វះដែរ​ រួមទាំងក្នុងក្រុមអ្នកវិភាគសង្គម​ និងនយោបាយ ផង។ ក្នុងករណី គេចង់បានកេរិ៍្តឈ្មោះល្បីល្បាញ គេធ្វើគ្រប់យ៉ាង ឱ្យតែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ដោយមិនខ្វល់អំពីផលប៉ះពាល់នៃសំដី​ ឬទង្វើរបស់គេទៅលើសង្គមជាតិឡើយ បើទោះបីទង្វើរបស់គេ ធ្វើឱ្យសង្គមបែកបាក់ ប្រេះឆា​ ក៏ដោយ។ បើអ្នកចង់បានលាភសក្ការៈវិញ គេមិនញញើតដៃនឹងប្រព្រឹត្តអំពើពុករលួយឡើយ​ នៅពេលគេទទួលបានសិទ្ធិអំណាច ឬប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ​នៅក្នុងវិស័យនយោបាយ។

៣. ទឹកចិត្តទោសៈ ចងកំហឹង    

មានមនុស្សមួយចំនួនធំដែរ ដែលចូលរួមសកម្មក្នុងវិស័យនយោបាយ ដោយសារតែគេចងកំហឹង គុំគួនជាមួយអ្នកមានអំណាច ជាពិសេស នៅក្នុងប្រទេសមួយ ដែលនៅមានអំពើអយុត្តិធម៌ច្រើន មានការរំលោភបំពានច្រើន។ ដោយសារទឹកចិត្តបែបនេះហើយ ទើបសកម្មភាពរបស់ក្រុមគាត់ មានលក្ខណៈហិង្សាច្រើន ជាពាក្យសំដី ឬសកម្មភាពនយោបាយផ្សេងៗ ហើយច្រើនបង្កឱ្យមានប្រតិកម្មតបពីអ្នកកាន់អំណាច ជាការចាប់ដាក់គុក ឬបង្ខំចិត្តរត់ចោលស្រុកទេស។​

ក្នុងចំណោមមនុស្សបីប្រភេទនេះ អ្នកមានដួងចិត្តទី១ កម្រទទួលបានជោគជ័យណាស់ ពីព្រោះគេមិនចេះនិយាយកុហកបោកប្រាស និងមិនសូវមានល្បិចកលច្រើនក្នុងវិស័យនយោបាយ។ បុគ្គលប្រភេទនេះ យូរម្តងៗ ទទួលបានជោគជ័យធំធេង ដូចជា មហាត្មៈ គន្ធី លោក ណែលសិន ម៉ាន់ដេឡា ជាដើម ដោយព្រោះតែ គាត់មានទឹកចិត្តអត់ធន់ខ្ពស់ មានស្មារតីប្រយុទ្ធស្វិតស្វាញខ្លាំង និងមានទឹកចិត្តអត់ឱនខ្ពស់ណាស់។​ អ្នកមានទឹកចិត្តចង់បម្រើប្រទេសជាតិ និងចង់ជួយប្រជាពលរដ្ឋ ពេលទទួលបានជោគជ័យ មានសិទ្ធិអំណាចដឹកនាំរដ្ឋ ជាទូទៅ ច្រើនធ្វើឱ្យប្រទេសជាតិបានសុខ រីកចម្រើន សម្បូរសប្បាយ។

អ្នកមានដួងចិត្តលោភៈ ធ្វើនយោបាយកម្រទទួលបានជោគជ័យណាស់ ដែលជោគជ័យក្នុងទីនេះ គឺសំដៅលើការទទួលបានអំណាចរដ្ឋមកដឹកនាំ ពីព្រោះប្រជាពលរដ្ឋងាយនឹងសម្គាល់ឃើញអំពីទឹកចិត្តលោភលន់របស់គាត់​ តាមរយៈទង្វើ​ ឬពាក្យសំដីរបស់គាត់។

ដោយឡែក អ្នកធ្វើនយោបាយជាមួយទឹកចិត្តទោសៈ ភាគច្រើនទទួលបានជោគជ័យនៅក្នុងសង្គមមួយ ដែលនៅមានបញ្ហា និងអំពើអយុត្តិធម៌ច្រើន ដោយសារសំដី និងទង្វើរបស់គាត់ត្រូវនឹងចិត្តមហាជន ដែលក្រលំបាក ឬទទួលរងអំពើអយុត្តិធម៌ផ្សេងៗ ហើយតែងជះកំហឹងទាំងនោះទៅលើអ្នកកាន់អំណាច។ ជាពិសេស នៅពេលប្រទេសជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ផលប៉ះពាល់ជះលើមនុស្សកាន់តែច្រើនក្នុងសង្គម ពាក្យសំដីដុតកំហឹងមហាជនរបស់អ្នកដឹកនាំនយោបាយប្រភេទនេះ កាន់តែពិរោះចូលត្រចៀកមហាជន ហើយអាចឈានឱ្យគេទទួលបានអំណាចរដ្ឋមកដឹកនាំ តាមរយៈការបង្កភាពវឹកវរក្នុងសង្គម។ ក៏ប៉ុន្តែ នៅពេលដែលអ្នកនយោបាយប្រភេទនេះទទួលបានអំណាចរដ្ឋមកដឹកនាំ ភាគច្រើន គឺប្រទេសជាតិ ជួបមហន្តរាយ ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ដោយសារតែគេយកកំហឹង គំនុំ និងសេចក្តីស្អប់ខ្ពើមទៅដឹកនាំប្រទេស ដូចដែលប្រវត្តិសាស្រ្តបានជួបប្រទះ នូវភាពព្រៃផ្សៃរបស់ពួក ប៉ុល ពត និងពួកផាស៊ីស ហ៊ីត្លែរិ៍ ជាដើម។

រឿងសំខាន់មួយទៀត ដែលគួរឱ្យកត់សម្គាល់ គឺថា មនុស្សល្អៗ មានសមត្ថភាព មានគុណធម៌ ច្រើនតែខ្លាចក្នុងការចូលរួមក្នុងវិស័យនយោបាយ ដោយសារតែគេគិតថា នយោបាយជារឿងស្មោកគ្រោក គួរឱ្យស្អប់ខ្ពើម គួរឱ្យខ្លាចរអារ។ ពិតប្រាកដ​ហើយ នយោបាយមានរឿងគួរឱ្យស្អប់ខ្ពើម និងខ្លាចរអារ ជាពិសេស នៅពេលអំណាចស្ថិតនៅក្នុងដៃមនុស្សប្រភេទទី២ និងទី៣។ ក៏ប៉ុន្តែ នយោបាយ ក៏មានចំណុចល្អប្រពៃរបស់វាដែរ ជាពិសេស​ នៅពេលអំណាចរដ្ឋស្ថិតក្នុងដៃបុគ្គលប្រភេទទី១ ដែលគេយកអំណាចទៅកសាងជាតិឲ្យរីកចម្រើន រុងរឿង ថ្លៃថ្នូរ។ អ្នកដឹងទេ ទីលាននយោបាយ ជាកន្លែងដែលអ្នកដឹកនាំទទួលបានសិទ្ធិអំណាចទៅចាត់ចែងធនធានរបស់ជាតិទាំងមូល រួមទាំងលុយបង់ពន្ធរបស់អ្នក និងតែងតាំងធនធានមនុស្សដឹកនាំស្ថាប័នមន្រ្តីរាជការផង។ បើអ្នកជាមនុស្សល្អ មានសមត្ថភាព មានទឹកចិត្តបម្រើ មិនចូលទៅលេងក្នុងទីលាននេះ តើអ្នកទុកឱ្យទីលាននេះសម្រាប់មនុស្សប្រភេទណាទៅវិញ?

​​=== ^^^ ===



– រៀបរៀងដោយ​ សាម​​ អ៊ីន​ – មករា ២០២៣

– អត្ថបទទាក់ទង៖

១. ដំណើរការកសាងប្រជាធិបតេយ្យ
២. កម្ពុជាដែលខ្ញុំចង់ឃើញ
៣. កុំស្ថិតក្រោមយួន កុំធ្វើអាយ៉ងចិន

Comments