ដំណើរការកសាងប្រជាធិបតេយ្យ​ ​-- មេរៀនសម្រាប់កម្ពុជា

 


១. ប្រជាធិបតេយ្យកើតឡើងជាដំណាក់កាល

ថ្មីៗនេះ​ នៅចុង ខែតុលា​ ឆ្នាំ២០២២ ខ្ញុំបានទស្សនាទូរទស្សន៍​ BBC​ ហើយបានឃើញព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍មួយ ដែលកើតក្នុងវិមាន​ Westminster​ ក្នុងប្រទេសអង់គ្លេស។ សមាជិករដ្ឋសភាអង់គ្លេសម្នាក់ដែលមានព័ណ៌សម្បុរដូចជាជនជាតិឥណ្ឌា​ កំពុងត្រូវបានគេចោទសួរសំណួរជាច្រើន​ ហើយគាត់បានឆ្លើយតបដោយភាពអង់អាចទៅលើសំណួរទាំងឡាយ។​ តាមពិត ព្រឹត្តិការណ៍នោះគឺការសួរដេញដោលទៅលើលោក​ Rishi Sunak ដែលទើបនឹងក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអង់គ្លេស ហើយសមាជិករដ្ឋសភាអង់គ្លេសបានសួរដេញដោលគាត់ទៅលើ គោលនយោបាយផ្សេងៗ ដែលគាត់ត្រៀមដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់អង់គ្លេស​ ដែលកំពុងដាំក្បាលចុះ។ ហើយគេសួរបន្តថា ហេតុអ្វីបានគាត់តែងតាំងបុគ្គលនេះ ឬបុគ្គលនោះជា​រដ្ឋមន្រ្តីក្រសួងនេះ ឬក្រសួងនោះ។ នេះជាភាពរស់រវើក ចាស់ទុំ និងស៊ីវិល័យនៃដំណើរការប្រជាធិបតេយ្យនៅប្រទេសអង់គ្លេស ដែលប្រមុខរាជរដ្ឋាភិបាលត្រូវបង្ហាញភាពទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ទៅលើទង្វើរបស់ខ្លួន តាមរយៈរដ្ឋសភាជាតិ។

រូបភាពទី១ ៖ លោក Rishi Sunak ឆ្លើយសំណួរក្នុងរដ្ឋសភាអង់គ្លេស​ ពេលទើបនឹងក្លាយជានាយករដ្ឋមន្រ្តី 


ក៏ប៉ុន្តែ ទម្រាំដល់ថ្ងៃនេះ ប្រជាធិបតេយ្យអង់គ្លេសបានឆ្លងកាត់ដំណាក់កាលវិវឌ្ឍប្រមាណ៣០០ឆ្នាំមកហើយ។​ ពីដំបូងឡើយ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយ ស្តេច (ព្រះមហាក្សត្រ) ដែលមានអំណាចផ្តាច់ការទាំងស្រុង។ ប៉ុន្តែ នៅឆ្នាំ ១៦៨៨-១៦៨៩ មានបដិវត្តន៍មួយកើតឡើង ដែលភាសាអង់គ្លេសគេឱ្យឈ្មោះថា Glorious Revolution 1688-1689។ ពេលនោះក្រុមម្ចាស់ដីធ្លីធំៗទាមទារការកំហិតអំណាចរបស់ស្តេច ដោយមិនអាចយកពន្ធស្រេចនឹងចិត្ត ដោយពុំមានការយល់ព្រមពីតំណាងរបស់ក្រុមគេ ដែលគេស្គាល់ខ្លឹមសារនៃការទាមទារនោះតាមរយៈឃ្លាថា “No taxation without​ representation” ដែលមានន័យថា “មិនអាចយកពន្ធបានទេ បើមិនមានការយល់ព្រមពីតំណាង”។ បដិវត្តន៍នេះបង្ខំឱ្យស្តេចអង់គ្លេសត្រូវគោរពច្បាប់ និងសិទ្ធិអំណាចរបស់រដ្ឋសភា ក្នុងកិច្ចការដឹកនាំប្រទេស ដោយមិនអាចសម្រេចអ្វីស្រេចនឹងចិត្តដូចមុន។

បដិវត្តន៍នេះក៏មានការគាំទ្រផ្នែកគំនិតពីទស្សនវិទូ John Locke (1631-1704) ដែលលោកបានលើកឡើងថា “សិទ្ធិអំណាចដឹកនាំប្រទេស មិនមែនបានមកពីព្រះប្រគល់ជូនទៅបុគ្គលនេះ​ ឬត្រកូលនោះទេ តែកើតចេញពីសមត្ថភាពនិងកាតព្វកិច្ចក្នុងការការពារសិទ្ធិសេរីភាពរបស់់ពលរដ្ឋ”។

រូបភាពទី២ ៖ បដិវត្តន៍រុងរឿងរបស់អង់គ្លេស ១៦៨៨​-១៦៨៩ (Glorious Revolution 1688-1689)


យ៉ាងណាក៏ដោយ ក្នុងដំណើរការកសាងប្រជាធិបតេយ្យ មានការកើតឡើងជាដំណាក់ៗ មុនដំបូង អ្នកមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតមានតែវណ្ណៈអភិជន​និងវណ្ណៈក្សត្រ និងអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងក្នុងរដ្ឋសភាអង់គ្លេស មានតែម្ចាស់ដីធំៗ ជាបុរស មានអាយុចាប់ពី២១ឆ្នាំ ដែលបង់ពន្ធជូនរដ្ឋ​ ដែលចំនួននេះមានប្រមាណតែ ៣%នៃប្រជាជនអង់គ្លេសប៉ុណ្ណោះ។ ក្រោយមក មានការកែទម្រង់នៅឆ្នាំ១៨៣២ បានផ្តល់សិទ្ធិបោះឆ្នោតដល់បុរសទាំងអស់ ដែលមានអាយុចាប់ពី២១ឆ្នាំ និងមានកម្មសិទ្ធិលើអចនទ្រព្យ។ រហូតមកដល់ពេលនោះ ស្រ្តីនៅពុំទាន់មានសិទ្ធិបោះឆ្នោតនៅឡើយទេ។ វណ្ណៈកម្មករជាបុរសត្រូវបានគេបើកសិទ្ធិឱ្យបោះឆ្នោតចាប់ពីឆ្នាំ១៨៦៧ ហើយស្រ្តីគ្រប់រូបទើបនឹងចាប់ផ្តើមមានសិទ្ធិបោះឆ្នោតចាប់ពីឆ្នាំ១៩២៨ ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ១៩៦៩ ទើបបុរសនិងស្រ្តីជាជនជាតិអង់គ្លេសទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។

ប្រវត្តិបិតាប្រជាធិបតេយ្យទី២ គឺសហរដ្ឋអាមរិក ក៏មិនខុសគ្នាណាស់ណាដែរឬ។ ក្រោយពីប្រកាសឯករាជ្យរំដោះខ្លួនពីអាណានិគមអង់គ្លេសនៅឆ្នាំ១៧៧៦ សហរដ្ឋអាមេរិកបានសម្រេចជ្រើសរើសរបបប្រជាធិបតេយ្យសេរីនិយមមកគ្រប់គ្រងប្រទេស ប៉ុន្តែការកសាងសង្គមប្រជាធិបតេយ្យក៏ត្រូវការឆ្លងកាត់ការលំបាកនិងដំណាក់កាលច្រើនដែរ។ ពីដំបូងឡើងសិទ្ធិបោះឆ្នោតមានតែចំពោះបុរសជនជាតិស្បែកស ដែលមានកម្មសិទ្ធិដីធ្លីប៉ុណ្ណោះ។ ស្រ្តីស្បែកសអាមេរិកទើបនឹងមានសិទ្ធិបោះឆ្នោតចាប់ពីឆ្នាំ១៩២០​ ប៉ុណ្ណោះ។ រីឯ ជនជាតិអាមរិកស្បែកខ្មៅទើបនឹងទទួលបានសិទ្ធិបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៦៥ ក្រោយចលនាទាមទារសិទ្ធិពលរដ្ឋ​ ដែលដឹកនាំដោយលោក Martin ​Luther King ដ៏ស្វិតស្វាញ រហូតដល់បាត់បង់ជីវិត។​

រូបភាពទី៣​ ៖ ចលនាទាមទារសិទ្ធិពលរដ្ឋ ក្នុងកំឡុងដើមទសវត្សរិ៍១៩៦០


បើពិនិត្យលើប្រវត្តិសាស្រ្តនៃការកកើតលទ្ធិប្រជាធិបតេយ្យ ដែលរស់រវើក ចាស់ទុំ និងស៊ីវិល័យ ដូចអង់គ្លេស ឬអាមេរិកបច្ចុប្បន្ន បានឆ្លងកាត់ដំណាក់កាលនិងការលំបាកជាច្រើនក្នុងរយៈពេលជាង២០០ ទៅ ៣០០ឆ្នាំ ទម្រាំបានដើរមកដល់ដូចសភាពបច្ចុប្បន្ន។​

ជាមួយនេះ យើងក៏បានសង្កេតឃើញមានការខំប្រឹងរៀបចំប្រព័ន្ធប្រជាធិបតេយ្យនៅប្រទេសអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន តាមរយៈនៃការនាំចូលមកពីខាងក្រៅដោយបង្ខំ។ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានប្រើកម្លាំងយោធាផ្តួលរំលំរបបផ្តាច់ការនៅអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន បានផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសទាំងពីរ រួមទាំងការអភិវឌ្ឍ និងដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ដោយជួយរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាល ដោយប្រជាពលរដ្ឋ។ រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ប៉ុន្តែ ប្រជាធិបតេយ្យទៅមុខមិនរួច ប្រទេសនៅតែមានអស្ថិរភាព អំពើពុករលួយរាលដាលខ្លាំង និងការរំលោភសិទ្ធិមនុស្សនៅតែធ្ងន់ធ្ងរ។ ហេតុអ្វី?
ពីព្រោះសម្រាប់ដំណើរការកសាងប្រជាធិបតេយ្យឱ្យជោគជ័យ វាត្រូវការកត្តាផ្សេងទៀត លើសពីការរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាល។ តើវាត្រូវការកត្តាអ្វីខ្លះទៀត?

២. គ្រឹះចម្បងបីសម្រាប់សង្គមប្រជាធិបតេយ្យ

បើយើងសង្កេតមើលប្រទេសដែលមានប្រជាធិបតេយ្យជឿនលឿន គឺមានស្ថាប័នធំចម្បងបី ដែលឈរជាគ្រឹះយ៉ាងរឹងមាំ គឺមានស្ថាប័នរដ្ឋអំណាចមួយដែលខ្លាំងរឹងមាំ មានច្បាប់ជាគោលក្នុងការគ្រប់គ្រងប្រទេស និងមានយន្តការធានាឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ។

២.១ ស្ថាប័នរដ្ឋដែលខ្លាំងរឹងមាំ

យើងងាកទៅមើលប្រទេសអុីរ៉ាក់ក្រោយអាមេរិកទម្លាក់លោក​ ​Saddam Hussain នៅឆ្នាំ២០០៣។ នៅតាមតំបន់ ឬខេត្ត ឬមូលដ្ឋានភូមិឃុំ មានការប្រយុទ្ធគ្នាដោយហិង្សាកើតឡើងជាញឹកញាប់ ដោយក្រុមប្រដាប់អាវុធមាននិន្នាការផ្សេងគ្នា។ អាជ្ញាធរខេត្ត-ស្រុក-ឃុំ ឬយើងហៅថា រដ្ឋអំណាច ឬស្ថាប័នរដ្ឋ ពុំមានសមត្ថភាពផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អ។ រដ្ឋាភិបាលកណ្តាលពុំមានឥទ្ធិពលលើអ្នកគ្រប់គ្រងនៅតាមតំបន់ ខេត្ត ឬមូលដ្ឋាន ឬនិយាយម្យ៉ាងទៀត អ្នកនៅខាងក្រោមមិនស្តាប់បង្គាប់អ្នកខាងលើ។ ទាំងនេះជាលក្ខណៈបង្ហាញថា ប្រទេសអុីរ៉ាក់មានរដ្ឋអំណាច ឬស្ថាប័នរដ្ឋមួយដែលមិនខ្លាំងរឹងមាំ​ បើទោះបីរដ្ឋាភិបាលកណ្តាលកើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យក៏ដោយ។ នៅអាហ្វហ្គានីស្ថាន ក្រោយការផ្តួលរំលំរបបតាលីប៉ង់ចាប់ពីឆ្នាំ២០០១ មានរដ្ឋាភិបាលកើតឡើងតាមរយៈការបោះឆ្នោត ដោយសេរី​ និងយុត្តិធម៌ តែរដ្ឋអំណាចគ្រប់ដណ្តប់ដោយអំពើពុករលួយរាលដាល អសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ រហូតធ្វើឱ្យមហាជនងាកទៅគាំទ្រចលនាតាលីប៉ង់ឡើងវិញ។

បើយើងពិនិត្យមើលស្ថាប័រដ្ឋនៅប្រទេសអន់ថយ គឺការរើសមនុស្សមកបម្រើការក្នុងស្ថាប័នប្រព្រឹត្តទៅ​ តាមរយៈគ្រួសារ ខ្សែស្រឡាយ បក្សពួក ឬការបង់លុយ ជាជាងយកសមត្ថភាពធិបតេយ្យ។ ការនេះហើយ ដែលធ្វើឱ្យស្ថាប័នរដ្ឋអសមត្ថភាព មិនខ្លាំង និងមិនរឹងមាំ​ និងមានអំពើពុករលួយរីករាលដាល។

បើយើងងាកទៅមើលប្រទេសអាល្លឺម៉ង់ ឬជប៉ុនវិញ ប្រទេសទាំងពីរមានស្ថាប័នរដ្ឋខ្លាំងតាំងពីមុនការកកើតប្រជាធិបតេយ្យមកម្ល៉េះ។ អ្នកសិក្សាបានចង្អុលបង្ហាញថា គឺការធ្វើសង្រ្គាមបានជំរុញឱ្យមានការកសាងស្ថាប័នរដ្ឋនៅប្រទេសទាំងពីរ មានភាពខ្លាំង ដោយយកគោលការណ៍សមត្ថភាពធិបតេយ្យ ពីព្រោះបើមិនដូច្នេះទេ ប្រទេសនឹងចាញ់សង្រ្គាម ហើយត្រូវគេឈ្លានពាន ឬដាក់អាណានិគម។ ពេលដែលស្ថាប័នរដ្ឋខ្លាំងរឹងមាំហើយ ការដាក់បញ្ចូលប្រព័ន្ធប្រជាធិបតេយ្យមកប្រើប្រាស់ អាចប្រព្រឹត្តទៅបានល្អនិងជោគជ័យ ដូចករណីអាល្លឺម៉ង់ និងជប៉ុន។

ក៏ប៉ុន្តែ ក៏មានប្រទេសមួយចំនួន ដូចជាសិង្ហបុរី បានកសាងស្ថាប័នរដ្ឋឱ្យខ្លាំងរឹងមាំ តាមរយៈការកែទម្រង់ដោយអ្នកដឹកនាំនយោបាយដែលមានគតិបណ្ឌិតដែរ។ យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការកសាងស្ថាប័នរដ្ឋឱ្យខ្លាំងរឹងមាំ ដោយសារសង្រ្គាមក្តី ឬការកែទម្រង់ក្តី ច្រើនកើតឡើងក្នុងដំណាក់កាលនៃការដឹកនាំបែបផ្តាច់ការ មិនថាអាល្លឺម៉ង់ ជប៉ុន ឬសិង្ហបុរី។

បទពិសោធន៍ទាំងនេះប្រាប់យើងថា បើយើងចង់កសាងសង្គមប្រជាធិបតេយ្យឱ្យបានជោគជ័យ យើងត្រូវយកចិត្តទុកដាក់កសាងស្ថាប័នរដ្ឋឱ្យខ្លាំងរឹងមាំ ជាមុនសិន។

ស្ថាប័នរដ្ឋមួយដែលខ្លាំងនិងរឹងមាំ គឺសំដៅលើរដ្ឋាភិបាលកណ្តាលមានសិទ្ធិអំណាចបញ្ជាឱ្យអ្នកខាងក្រោមស្តាប់បង្គាប់ ប្រើយន្តការសមត្ថភាពធិបតេយ្យក្នុងការជ្រើសរើសមនុស្សបម្រើការងារក្នុងស្ថាប័ន និងរដ្ឋអំណាចមានសមត្ថភាពផ្តល់សន្តិសុខនិងសេវាល្អជូនប្រជាពលរដ្ឋ ជាមួយកម្រិតពុករលួយទាបបំផុត។

២.២ រដ្ឋយកច្បាប់ជាគោល (នីតិរដ្ឋ)

បន្ទាប់ពីស្ថាប័នរដ្ឋត្រូវបានកសាងរឹងមាំហើយ គឺនឹងមានការកើតឡើងនូវហានិភ័យខ្ពស់ ដែលអ្នកដឹកនាំរដ្ឋាភិបាល និងអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋមានសិទ្ធិអំណាចខ្លាំង ហើយអាចប្រើប្រាស់អំណាចខុស ប្រើអំណាចតាមអំពើចិត្ត យកអំណាចមកបម្រើប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ និងបក្សពួក ធ្វើឱ្យខាតប្រយោជន៍សាធារណៈ ខាតប្រយោជន៍ប្រជាពលរដ្ឋទូទៅ ហើយឈានទៅប្រើអំណាចរំលោភបំពានដល់ប្រជាពលរដ្ឋស្លូតត្រង់ទៀតផង។

ដើម្បីកម្រិតសិទ្ធិអំណាចរដ្ឋាភិបាល​ និងស្ថាប័នរដ្ឋ គឺគេត្រូវបង្កើតច្បាប់ឡើង ដើម្បីកំណត់ថា តើរដ្ឋមានសិទ្ធិធ្វើអ្វីខ្លះ និងមិនមានសិទ្ធិធ្វើអ្វីខ្លះ ហើយច្បាប់ក៏ត្រូវធានាការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ចេញពីការរំលោភបំពានផ្សេងៗ ពីរដ្ឋអំណាច ដូចជាសិទ្ធិបញ្ចេញមតិ សិទ្ធិដីធ្លី សិទ្ធិជួបជុំប្រមូលផ្តុំ។ល។

ច្បាប់នោះទៀតសោតត្រូវជាច្បាប់ដែលធានាយុត្តិធម៌​ក្នុងសង្គម ធានាភាពស្មើគ្នាចំពោះមុខច្បាប់ ដោយមិនមានលក្ខណៈរើសអើង រវាងអ្នកមាន ឬអ្នកក្រ អ្នកធំ ឬអ្នកតូច។

ហើយដើម្បីធានាការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព និងយុត្តិធម៌ត្រូវមានតុលាការដែលមានវិជ្ជាជីវៈ និងមានឯករាជ្យភាពពីស្ថាប័នរដ្ឋអំណាច (នីតិប្រតិបត្តិ)។

បញ្ហាប្រឈមដ៏ធំមួយនៅប្រទេសអន់ថយ គឺថា មានការរៀបចំច្បាប់ដែរ តែជាច្បាប់ដែលលម្អៀងទៅបម្រើផលប្រយោជន៍អ្នកដឹកនាំ មិនបម្រើផលប្រយោជន៍រួម។ គេបង្កើតច្បាប់សម្រាប់ជាឧបករណ៍នយោបាយ ដើម្បីរក្សានិងពង្រឹងអំណាច ជាជាងសម្រាប់ការពារសិទ្ធិប្រជាពលរដ្ឋទន់ខ្សោយ។ គេរៀបចំតុលាការដែរ តែជាតុលាការ ដែលមកស្រាយច្បាប់តាមការចង់បានពីអ្នកដឹកនាំរដ្ឋាភិបាល ពុំមានឯករាជ្យក្នុងការកាត់ក្តី និងខ្វះវិជ្ជាជីវៈត្រឹមត្រូវ។ ការគ្រប់គ្រងរដ្ឋបែបនេះ​ គេមិនឱ្យឈ្មោះថា នីតិរដ្ឋ ឬរដ្ឋគ្រប់គ្រងយកច្បាប់ជាគោលទេ តែជារដ្ឋយកច្បាប់មកគ្រប់គ្រងតាមការចង់បានរបស់អ្នកដឹកនាំ។ 

២.៣ រដ្ឋាភិបាលមានការទទួលខុសត្រូវ

និយាយដល់រដ្ឋាភិបាលមានការទទួលខុសត្រូវ យើងងាកទៅតាមដានការជជែកដេញដោលនៅក្នុងវិមាន ​Westminster (រដ្ឋសភាអង់គ្លេស) ក្នុងពេលថ្មីៗនេះវិញ។ លោក Rishi Sunak ក្រោយពីចូលគាល់ព្រះអង្គ Charles ដែលជាព្រះមហាក្សត្រ និងក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីផ្លូវការមក គាត់មានកាតព្វកិច្ចត្រូវបកស្រាយពន្យល់ជូនសមាជិករដ្ឋសភា ជាពិសេស សមាជិកសភាមកពីគណបក្សប្រឆាំង នូវការសម្រេចចិត្តផ្សេងៗ រួមទាំងការជ្រើសរើសរដ្ឋមន្រ្តី និងគោលនយោបាយដោះស្រាយវិបត្តិសេដ្ឋកិច្ច និងឆ្លើយតបទៅលើសំណួរផ្សេងទៀតរបស់សមាជិករដ្ឋសភា ដូចជារឿងទាក់ទងនឹងការបង់ពន្ធរបស់ក្រុមគ្រួសារគាត់ ជាដើម។

រដ្ឋសភាគឺជាយន្តការដ៏សំខាន់សម្រាប់ធានាឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ នូវរាល់សេចក្តីសម្រេចនិងទង្វើរបស់ខ្លួន។ រដ្ឋសភាត្រូវមានសិទ្ធិអំណាចកោះហៅនាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីមកសាកសួរ ស្រាយបំភ្លឺទៅលើរឿងរ៉ាវទាំងឡាយ ដែលរដ្ឋសភាយល់ថា​មិនសមស្រប ឬប្រព្រឹត្តខុស ឬមានភាពមិនប្រក្រតី ឬមានការរំលោភបំពានសិទ្ធិពលរដ្ឋ ឬមានអំពើពុករលួយកើតឡើង។ បន្ថែមពីនោះ រដ្ឋសភាក៏មានសិទ្ធិអំណាចទម្លាក់នាយករដ្ឋមន្រ្តី ចេញពីអំណាច ក្នុងករណីរកឃើញថាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ យន្តការនេះធានាមុតមាំថា រដ្ឋាភិបាលត្រូវគោរពច្បាប់ ត្រូវសម្រេចចិត្ត និងធ្វើទង្វើដើម្បីជាប្រយោជន៍ដល់ពលរដ្ឋទូទៅ មិនអាចយកអំណាចទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ ឬបក្សពួកបានឡើយ។

នៅក្នុងប្រទេសប្រជាធិបតេយ្យជឿនលឿន សារព័ត៌មានក៏មានតួនាទីជួយតាមដានពិនិត្យ និងរាយការណ៍លើកំហុសឆ្គង និងភាពខ្វះខាតរបស់រដ្ឋាភិបាលនិងសា្ថប័នរដ្ឋផងដែរ ហើយការនេះក៏ជួយជាគំនាបដាក់លើរដ្ឋាភិបាល និងស្ថាប័នរដ្ឋឱ្យប្រយ័ត្នប្រយែងក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

នៅក្នុងប្រទេសអន់ថយ ផ្តាច់ការ ឬមានប្រជាធិបតេយ្យលំៗ រដ្ឋសភាមានដែរ តែពុំមានសិទ្ធិអំណាចពេញលេញក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលឱ្យគោរពច្បាប់ត្រឹមត្រូវ ស្តីបន្ទោស ឬទម្លាក់នាយករដ្ឋមន្រ្តីបានទេ។ ការនេះធ្វើឱ្យអ្នកដឹកនាំរដ្ឋាភិបាល និងអ្នកដឹកនាំស្ថាប័នរដ្ឋមានឱកាសច្រើន ក្នុងការប្រើប្រាស់អំណាចរដ្ឋមកបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

តើហេតុអ្វីបានជាមានប្រទេសខ្លះ មានស្ថាប័នរដ្ឋខ្លាំងរឹងមាំ មានរដ្ឋយកច្បាប់ជាគោល និងមានរដ្ឋាភិបាលដែលមានការទទួលខុសត្រូវ?

៣. ដំណើរការកសាងរដ្ឋ និងប្រជាធិបតេយ្យ

បើយើងងាកទៅមើលប្រវត្តិនៃការកកើតសង្គមមនុស្ស និងការគ្រប់គ្រងរដ្ឋ ក្រោយសម័យបុព្វកាល គឹចាប់ពីមានជារដ្ឋ ជានគរ ឬជាប្រទេសតាំងពីប្រមាណជា ៥០០០ឆ្នាំមកហើយ​ ការដឹកនាំរដ្ឋ គឺមានលក្ខណៈជាអំណាចផ្តាច់ការ ដែលអំណាចទាំងអស់ មានអំណាចរដ្ឋាភិបាល (នីតិប្រតិបត្តិ) អំណាចធ្វើច្បាប់ (នីតិបញ្ញត្តិ) និងអំណាចកាត់ក្តី (អំណាចតុលាការ) គឺស្ថិតនៅលើបុគ្គលតែម្នាក់ គឺព្រះមហាក្សត្រ (ស្តេច)។​ នៅក្នុងដំណាក់កាលនោះ ជោគវាសនារបស់ប្រទេស និងប្រជានុរាស្រ្ត គឺពឹងអាស្រ័យទាំងស្រុងទៅលើ ថាតើមានស្តេចប្រកបដោយទសពិតរាជធម៌ ឬមានស្តេចពាល។ បើមានស្តេចល្អ មានបញ្ញា មកគ្រងរាជ នោះប្រទេសបានរីកចម្រើន ប្រជានុរាស្រ្តរស់នៅបានសុខ។ បើស្តេចពាល ល្ងង់ខ្លៅ ឡើងគ្រងរាជ នោះប្រទេសនឹងជួបនូវភាពវឹកវរ​ ការកាប់សម្លាប់ និងភាពវិនាសហិចហោច។

ប្រជាធិបតេយ្យ និងការបែងចែកអំណាចច្បាស់លាស់ទើបនឹងកើតមានប្រមាណចាប់ពីជាង ២០០ឆ្នាំមុនប៉ុណ្ណោះ ហើយកើតមានតែក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។ ហេតុអ្វីក៏មានការកកើតប្រជាធិបតេយ្យនៅប្រទេសទាំងនោះ? ហើយចុះដំណើរការវាកើតឡើងយ៉ាងម៉េច?

អ្វីៗទាំងឡាយកើតឡើងដោយសារមានចំណុចផ្តើម និងហេតុជំរុញទាំងអស់។ តាមការសិក្សាស្រាវជ្រាវបង្ហាញថា ប្រទេសដែលមានការកសាងប្រជាធិបតេយ្យបានជោគជ័យ​ និងមានលក្ខណៈជឿនលឿន គឺចាប់ផ្តើមពីមានការកសាងរដ្ឋមួយរឹងមាំជាមុនសិន បន្ទាប់មកមានការបង្កើតច្បាប់ជាគោលក្នុងការដឹកនាំរដ្ឋ។​ រដ្ឋមួយរឹងមាំ គឺមានរដ្ឋាភិបាលកណ្តាលមួយដែលមានអំណាច និងឥទ្ធិពលបង្គាប់បញ្ជាឱ្យរដ្ឋអំណាចតំបន់និងមូលដ្ឋានស្តាប់បង្គាប់ ហើយអាចធានាសន្តិសុខសង្គមនិងសុវត្ថិភាពប្រជាពលរដ្ឋទូទៅ។ នីតិរដ្ឋ គឺការដឹកនាំគ្រប់គ្រងរដ្ឋដោយយកច្បាប់ជាគោល ដែលធានានូវសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងជាពិសេស ធានាកម្មសិទ្ធិឯកជន ដល់អ្នកបោះទុនរកស៊ី។ រដ្ឋមួយរឹងមាំ និងមានច្បាប់ជាគោល បើទោះបីពុំទាន់មានប្រជាធិបតេយ្យក៏ដោយ បានរុញឱ្យមានកំណើនសេដ្ឋកិច្ច ហើយការរីកចម្រើនសេដ្ឋកិច្ច បានបង្កឱ្យមានការផ្លាស់ប្តូរសង្គម គឺក្នុងសង្គម ដែលធ្លាប់មានតែវណ្ណៈកសិករក្រីក្រ និងពួកវណ្ណៈអភិជន ដែលគ្រប់គ្រងអំណាច និងពួកម្ចាស់ដីធំៗ ក៏កើតមានវណ្ណៈកណ្តាល និងវណ្ណៈកម្មករ។ វណ្ណៈកណ្តាលកកើតឡើងដោយសារការរីកចម្រើនសេដ្ឋកិច្ច មានដូចជាអ្នកធ្វើធុរកិច្ចធុនមធ្យមនិងស្រាល អ្នកប្រកបអាជីពជំនាញ ដូចជា គ្រូពេទ្យ មេធាវី អ្នកដឹកនាំសហជីព អ្នកដឹកនាំអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗ ដែលជាទូទៅ មានចំណូលល្អគួរសម មានចំណេះដឹង និងកាន់កម្មសិទ្ធិអចលនទ្រព្យមួយចំនួន។ ការរីកចម្រើនវិស័យឧស្សាហកម្ម បានបង្កើតនូវវណ្ណៈកម្មករ ដែលជាទូទៅ មានលក្ខណៈងាយស្រួលក្នុងការធ្វើការរួមគ្នានិងសហការគ្នាល្អ តាមរយៈសហជីព ដែលខុសពីវណ្ណៈកសិករ ដែលរស់នៅរបាត់របាយ និងមិនអាចធ្វើការសហការគ្នាជាក្រុម ដើម្បីបង្កើតឥទ្ធិពលក្នុងសង្គមនិងនយោបាយបាន។ គឺវណ្ណៈកណ្តាល នេះហើយដែលមានចំណាប់អារម្មណ៍ចង់បាន និងមានឥទ្ធិពលទាមទារឱ្យមានការកែទម្រង់ស្ថាប័នរដ្ឋកាន់តែប្រសើរ គឺឱ្យមានការប្រើប្រព័ន្ធសមត្ថភាពធិបតេយ្យក្នុងការជ្រើសរើសមន្រ្តីរាជការ ឱ្យប្រទេសមានច្បាប់កាន់តែល្អ បម្រើដល់ការរីកលូតលាស់សេដ្ឋកិច្ច និងគាំទ្រយ៉ាងខ្លាំងដល់ច្បាប់ដែលការពារកម្មសិទ្ធិឯកជន ការពារអ្នកបោះទុនរកស៊ី និងមានក្តីប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យ។ ចំណែកវណ្ណៈកម្មករមានចេតនាចង់បានការគោរពសិទ្ធិកម្មករ សិទ្ធិសហជីព និងគាំទ្រគោលនយោបាយបែងចែកធនធានជាតិឱ្យដល់ស្រទាប់ក្រោម ឬហៅម្យ៉ាងទៀតថា គោលនយោបាយកសាងយុត្តិធម៌សង្គម​ ជាពិសេស គាំទ្រដល់ការវិនិយោគរបស់រដ្ឋលើវិស័យអប់រំ និងសុខាភិបាលសាធារណៈ ការជួយទំនុកបម្រុងចាស់ជរានិងជនក្រីក្រ។ វណ្ណៈកណ្តាល និងវណ្ណៈកម្មករក៏ចង់បាន និងទាមទារផងដែរដល់ការចូលរួមក្នុងវិស័យនយោបាយ គឺទាមទារសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ រីឯ​ វណ្ណៈអភិជនវិញពុំមានចេតនាគាំទ្រប្រជាធិបតេយ្យទេ ពួកគេគាំទ្រការដឹកនាំបែបផ្តាច់ការ ដែលផ្តល់ផលប្រយោជន៍ច្រើនដល់គេ។ វណ្ណៈកសិករពុំមានក្តីប្រាថ្នាច្បាស់លាស់ទេ ហើយតែងសុខចិត្តរស់នៅជាមួយប្រពៃណីនិងរបៀបគ្រប់គ្រងបែបបុរាណ។

ដំណើរវិវឌ្ឍនេះក៏កើតឡើងជាមួយនឹងការផ្លាស់ប្តូរផ្នត់គំនិត ដែលពីមុន សង្គមទាំងមូលគិតថា កិច្ចការដឹកនាំនយោបាយ និងស្ថាប័នរដ្ឋសម្រាប់តែវណ្ណៈក្សត្រនិងអភិជន ប្តូរមកគិតថា វណ្ណៈណាក៏មានសិទ្ធិធ្វើកិច្ចការនេះបានដែរ ឱ្យតែគេមានសមត្ថភាពនិងភាពជាអ្នកដឹកនាំសមស្រប។

ការផ្លាស់ប្តូរសង្គម ជាពិសេស ការកកើតវណ្ណៈកណ្តាលនិងវណ្ណៈកម្មករ និងការផ្លាស់ប្តូរផ្នត់គំនិតបានជំរុញឱ្យមានការកកើតប្រជាធិបតេយ្យ គឺសិទ្ធិអំណាចដឹកនាំនយោបាយ ត្រូវកើតចេញពីការបោះឆ្នោត ដោយប្រជាពលរដ្ឋផ្ទាល់ និងដោយតំណាងប្រជាពលរដ្ឋ និងត្រូវមានអាណត្តិកំណត់ ហើយត្រូវមានការបែងចែកអំណាចឱ្យដាច់ពីគ្នា និងច្បាស់លាស់ គឺអំណាចនីតិប្រតិបត្តិ​(រដ្ឋាភិបាល) អំណាចនីតិបញ្ញត្តិ(រដ្ឋសភា) និងអំណាចតុលាការ ដើម្បីធានាកុំឱ្យរដ្ឋាភិបាលមានការរំលោភបំពានអំណាច ឬយកអំណាចទៅប្រើខុស រំលោភសិទ្ធិពលរដ្ឋ ឬយកអំណាច ដែលប្រជាពលរដ្ឋប្រគល់ជូន ទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

រូបភាពទី៤ ៖ ដំណើរការកសាងរដ្ឋ និងប្រជាធិបតេយ្យ

អ្នកអាចនឹងឆ្ងល់ថា ហេតុអ្វីក៏ដំណើរការកសាងរដ្ឋ និងប្រជាធិបតេយ្យមិនទៅដូចគ្នាសម្រាប់គ្រប់ប្រទេសទាំងអស់? នៅក្នុងភាពជាក់ស្តែង ដំណើរវិវឌ្ឍនយោបាយនៅក្នុងប្រទេសនីមួយៗមានលក្ខណៈខុសគ្នា អាស្រ័យលើកត្តាចម្បងបីសំខាន់ ទី១. ហេតុការណ៍ប្រវត្តិសាស្រ្ត ទី២. បុគ្គលិកលក្ខណៈអ្នកដឹកនាំ និងទី៣. គោលនយោបាយដែលកើតចេញពីព្រឹត្តិការណ៍ ឬអ្នកដឹកនាំជ្រើសរើស។ នៅប្រទេសអង់គ្លេស មានព្រឹត្តិការណ៍បដិវត្តន៍ដ៏រុងរឿងមួយ ដែលភាសាអង់គ្លេសហៅថា Glorious Revolution នៅឆ្នាំ១៦៨៨​-១៦៨៩ ដែលផ្តល់អំណាចដល់រដ្ឋសភា និងកាត់បន្ថយអំណាចស្តេច។ នៅអាមេរិក អ្នកដឹកនាំទាមទារឯករាជ្យ ដែលគេស្គាល់ថា ជាបិតាស្ថាបនិកសហរដ្ឋអាមេរិក មានបុគ្គលិកលក្ខណៈជាអ្នកប្រជាធិបតេយ្យ (មិននិយមអំណាចផ្តាច់ការ) បានចេញសេចក្តីប្រកាសឯករាជ្យនៅឆ្នាំ១៧៧៦ ដែលមានខ្លឹមសារនិងស្មារតីសេរីនិងប្រជាធិបតេយ្យនិយម ផ្តល់ជាគ្រឹះក្នុងការចងក្រងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៧៨៧ ដែលជារដ្ឋធមម្មនុញ្ញគោរពគោលការណ៍ប្រជាធិបតេយ្យ។ នៅកម្ពុជា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃរបបឃោរឃៅខ្មែរក្រហមក្នុងកំឡុងឆ្នាំ១៩៧៥​​-១៩៧៩ ការចូលឈ្លានពានរបស់វៀតណាម និងរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហមនៅថ្ងៃ ៧​ មករា ១៩៧៩ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដើម្បីពន្លត់សង្រ្គាមនៅកម្ពុជា ផ្តល់ជាហេតុនាំទៅកសាងរដ្ឋធម្មនុញ្ញមួយ ដែលមានខ្លឹមសារនិងស្មារតីប្រជាធិបតេយ្យ បើទោះបីការប្រតិបត្តិនៅមានបញ្ហាប្រឈមច្រើននៅឡើយ។

នៅក្នុងប្រវត្តិនៃការកសាងសង្គមប្រជាធិបតេយ្យនៅលើសកលលោក មានរលកធំបីដំណាក់ រលកទី១ គឺនៅចុងសតវត្សរិ៍ទី១៩ មានចក្រភពអង់គ្លេស និងសហរដ្ឋអាមរិក, រលកទី២ គឺចាប់ពីការបញ្ចប់សង្រ្គាមលោកលើកទី២ ដល់ទសវត្សរិ៍១៩៦០ ដែលមានប្រទេសកាន់ប្រជាធិបតេយ្យសេរីនិយមកើនដល់ប្រមាណជា ៣៥ប្រទេស មានដូចជាអាល្លឺម៉ង់ បារាំង និងប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត និងរលកទី៣ គឺចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០១០ ដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យកើនឡើងដល់ប្រមាណ ១២០ប្រទេស​ ដោយចាប់ផ្តើមពីប្រទេសអ៉េស្បាញ ព័រទុយហ្គាល ក្រិក និងឈានចូលប្រទេសមួយចំនួននៅអាស៊ីអគ្នេយ៍ ដូចជា ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលស្មើនឹង ៦០%នៃប្រទេសទាំងអស់ក្នុងពិភពលោកបច្ចុប្បន្ន។​​

នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរីនិយម មានប្រព័ន្ធសំខាន់២ប្រភេទ គឺ ទី១. សភានិយម និង ទី២. ប្រធានាធិបតីនិយម។ ប្រទេសអង់គ្លេស ក៏ដូចជាកម្ពុជាប្រើប្រព័ន្ធសភានិយម ដែលប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត បង្កើតរដ្ឋសភា រួចហើយរដ្ឋសភា បង្កើតរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សឈ្មោះឆ្នោត ឬសម្ពន្ធនៃគណបក្សឈ្នះឆ្នោត ដែលជាទូទៅ មានសំឡេងក្នុងរដ្ឋសភា លើសពី៥០%​។ ប្រទេសអាមេរិក ហ្វីលីពីន ឬបារាំង ប្រើប្រព័ន្ធប្រធានាធិបតីនិយម ដែលប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តផង និងដោយផ្ទាល់ ប្រធានាធិបតីផង ដែលប្រធានាធិបតី ជាប្រមុខរដ្ឋាភិបាល។

ក្រៅពីកំណើនសេដ្ឋកិច្ច ដែលជាចលកររុញឱ្យមានការកកើតវណ្ណៈកណ្តាលនិងវណ្ណៈកម្មករ ដែលមានចេតនាចង់បានលទ្ធិប្រជាធិបតេយ្យ ក៏មានតួអង្គ ឬស្ថាប័នមួយទៀត ដែលដើរតួនាទីសំខាន់ក្នុងដំណើរកសាងសង្គមប្រជាធិបតេយ្យឱ្យរស់រវើក និងរឹងមាំ។ តួអង្គនោះ គឺគណបក្សនយោបាយ។

៤. គណបក្សនយោបាយ

ក្នុងដំណើរការកសាងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយមានតួនាទីសំខាន់ណាស់។​​​​​​​​​ គណបក្សនយោបាយ ជាតំណាងឱ្យក្រុមមនុស្សក្នុងសង្គម ដែលមានចំណាប់អារម្មណ៍ ឬផលប្រយោជន៍លើរឿងអ្វីមួយ ដូចជារឿងអភិរក្សទំនៀមទម្លាប់ប្រពៃណី​បុរាណ បើកទូលាយសេរីភាពបុគ្គល និងគំនិតថ្មីៗ​ លើកកម្ពស់យុត្តិធម៌សង្គម ការពារបរិស្ថាន។ល។ នៅប្រទេសអង់គ្លេសមានគណបក្សអភិរក្សនិយម​ (Tory party) ឬគេនិយមហៅថា គណបក្សស្តាំនិយម ដែលមាននិន្នាការអភិរក្សសណ្តាប់ធ្នាប់ពីមុន ការពារផលប្រយោជន៍ពួកអភិជន​ និងគណបក្សពលករ​ (Labour party) ឬគេនិយមហៅថា គណបក្សឆ្វេងនិយម ដែលមាននិន្នាការការពារផលប្រយោជន៍វណ្ណៈកម្មករ គាំទ្រគោលនយោបាយលើកកម្ពស់យុត្តិធម៌សង្គម ហើយក៏មានគណបក្សសេរីនិយម​​ (Liberal party) ឬគេនិយមហៅថា កណ្តាលនិយម ដែលគាំទ្រគំនិតជឿនលឿន ការកែទម្រង់ និងគាំទ្រផលប្រយោជន៍វណ្ណៈកណ្តាល។​

គណបក្សនយោបាយ ជាយន្តការធ្វើឱ្យការសម្រេចនិងសកម្មភាពរបស់ក្រុមមនុស្សដែលមានចិត្តគំនិតស្រដៀងគ្នា ធ្វើការរួមគ្នាក្លាយជាស្ថាប័នមួយ មានសិទ្ធិប្រកួតប្រជែងនយោបាយទទួលយកសិទ្ធិអំណាចដឹកនាំនិងគ្រប់គ្រងរដ្ឋ។ គណបក្សនយោបាយអាចប្រមែប្រមូលសេចក្តីប្រាថ្នាផ្សេងៗរបស់ក្រុមមនុស្សក្នុងសង្គម​ ឱ្យស្ថិតនៅរួមគ្នាមានលក្ខណៈជាគោលនយោបាយ។ គណបក្សនយោបាយផ្តល់ព័ត៌មានដ៏មានតម្លៃដល់អ្នកបោះឆ្នោត អំពីគុណតម្លៃ ជំហរ និងគោលនយោបាយដឹកនាំប្រទេស សម្រាប់ធ្វើការសម្រេចចិត្តចូលរួមកំណត់ជោគវាសនាប្រទេស និងផ្ទាល់ខ្លួន។​ ហើយអ្វីដែលសំខាន់ចម្បង គណបក្សនយោបាយជាយន្តការប្រមូលនិងគ្រប់គ្រងមហាជនឱ្យចូលរួមសកម្មក្នុងសកម្មភាពនយោបាយ ដូចជាការឃោសនារកសំឡេងគាំទ្រ។

នៅក្នុងសង្គមប្រជាធិបតេយ្យជឿនលឿន រស់រវើក និងចាស់ទុំ ត្រូវមានគណបក្សនយោបាយដែលមានសមត្ថភាពប្រកួតប្រជែងគ្នា យ៉ាងតិចបំផុត ចាប់ពី២ឡើងទៅ។ នៅប្រទេសអាល្លឺម៉ង់ បារាំង ឬអង់គ្លេស មានគណបក្សនយោបាយលើសពី២ មានសមត្ថភាពប្រកួតប្រជែងយកតំណាងរបស់ខ្លួនទៅអង្គុយក្នុងរដ្ឋសភា ដើម្បីការពារគំនិតនិងផលប្រយោជន៍របស់ក្រុមខ្លួន។

៥. សេចក្តីសន្និដ្ឋាន

នៅក្នុងភាពជាក់ស្តែង ដំណើរការប្រជាធិបតេយ្យនៅតាមប្រទេសនីមួយៗប្រព្រឹត្តទៅតាមលំដាប់របស់វា វាផ្តើមឡើងដោយព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ការសម្រេចរបស់អ្នកដឹកនាំ អាស្រ័យនឹងបុគ្គលិកលក្ខណៈរបស់គាត់ និងគោលនយោបាយ កើតចេញពីព្រឹត្តិការណ៍ ឬការជ្រើសរើសបស់អ្នកដឹកនាំ ហើយបន្ទាប់មក ដំណើរវិវឌ្ឍទៅរកប្រជាធិបតេយ្យជឿនលឿន កើតចេញពីការផ្លាស់ប្តូរសង្គម ដែលជាផលនៃការរីកលូតលាស់សេដ្ឋកិច្ច ដែលបានមកពីការកសាងរដ្ឋរឹងមាំ និងកសាងនីតិរដ្ឋ។ ពិតហើយ ដំណើរការទាំងនេះត្រូវការពេលវេលារបស់វា។ ការដាក់បញ្ចូលប្រជាធិបតេយ្យទាំងបង្ខំ ដូចជាករណី អាហ្វហ្គានីស្ថាន ឬអុីរ៉ាក់ នឹងមិនទទួលបានជោគជ័យទេ ហើយការចង់បានប្រជាធិបតេយ្យបែបរស់រវើក ចាស់ទុំ និងស៊ីវិល័យ ដូចនៅអង់គ្លេសបច្ចុប្បន្ន ភ្លាមៗតាមចិត្តយើងចង់ ក៏មិនអាចទៅរួចដែរ។ យើងត្រូវយល់អំពីលក្ខណៈរបស់វា ដំណើរវិវឌ្ឍរបស់វា និងដឹងថាកត្តាណាសំខាន់ចម្បង ត្រូវយកចិត្តទុកដាក់កសាងមុន និងបន្តបន្ទាប់ ស្គាល់ថាតួអង្គណាក្នុងសង្គម ដែលមានទឹកចិត្តនិងផលប្រយោជន៍ចង់បានប្រជាធិបតេយ្យ។ បើពិនិត្យមើលព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងដំណើរវិវឌ្ឍសង្គម យើងមានសង្ឃឹមច្រើនថា ប្រជាធិបតេយ្យជឿនលឿន រស់រវើក និងចាស់ទុំអាចកសាងបាននៅកម្ពុជា បើយើងមានក្តីប្រាថ្នា និងខំប្រឹងទាំងអស់គ្នា ប៉ុន្តែ វាមិនកើតឡើងភ្លាមៗទេ។

​​=== ^^^ ===


រៀបរៀងដោយ​ សាម​​ អ៊ីន​ – វិច្ឆិកា ២០២២

– ឯកសារយោង៖

  1. Francis Fukuyama (2015): Political order and political decay.

  2. https://anglotopia.net/british-history/the-history-of-voting-rights-in-the-united-kingdom/

  3. https://www.britannica.com/event/American-civil-rights-movement


–  អត្ថបទទាក់ទង៖ 

១. នយោបាយ និង​ ប្រជាធិបតេយ្យ

២. ជ្រោងទង់ប្រជាធិបតេយ្យសេរីពហុបក្ស

៣. ដូរសិន ឬទៅសន្សឹមៗ

Comments