កុំស្ថិតក្រោមយួន កុំធ្វើអាយ៉ងចិន - គ្រោះភ័យ និង ឱកាសរបស់កម្ពុជា

 



ហេតុអ្វីខ្មែរត្រូវយកចិត្តទុកដាក់ទៅលើទំនាក់ទំនងត្រីភាគី កម្ពុជា-វៀតណាម-ចិន? ពីព្រោះទំនាក់ទំនងនេះកំណត់ជោគវាសនាខ្មែរពេលបច្ចុប្បន្ននិងទៅអនាគត។ ដើម្បីឈ្វេងយល់អំពីស្ថានការណ៍ទំនាក់ទំនងត្រីភាគីបច្ចុប្បន្ន និងអាចកាត់បន្ថយគ្រោះភ័យព្រមទាំងចាប់យកឱកាសទៅអនាគតសម្រាប់កម្ពុជា យើងគួរងាកទៅមើលប្រវត្តិសាស្រ្តនៃទំនាក់ទំនងត្រីភាគីនេះ។

ប្រវត្តិទំនាក់ទំនង ចិន-យួន-ខ្មែរ

រាប់ពាន់ឆ្នាំមកហើយ ដែលវៀតណាមទទួលរងនិងមានក្តីបារម្ភអំពីការទន្រ្ទានលុកលុយពីប្រទេសចិន ដែលជាប្រទេសធំខ្លាំងជាងនិងមានព្រំដែនជាប់នឹងខ្លួន។ តាំងពីសតវត្សរ៍ទី1 មុន គ.ស រហូតដល់សតវត្សរ៍ទី15 វៀតណាមធ្លាប់ស្ថិតក្នុងការគ្រប់គ្រងរបស់ចិនដល់ទៅ4ដង។ ចាប់ពី ឆ្នាំ1365 ដល់ ឆ្នាំ1841 វៀតណាម ជាញឹកញាប់ ស្ថិតក្រោមឥទ្ធិពលនិងការយាយីរបស់ចិន។ ដោយពិបាកទប់ទល់ជាមួយនឹងចិនផង និងមានតម្រូវការពង្រីកទឹកដីបន្ថែមដើម្បីចិញ្ចឹមប្រជាជនដែលចេះតែកើនឡើងផង វៀតណាមវាតទីជាជំហានៗចេញពីតំបន់តុងកឹង មកទិសខាងត្បូង និងសម្លឹងមើលទៅទិសខាងលិច។ ជាដំបូង អ្នកដឹកនាំវៀតណាមចាប់ផ្តើមវាតទីយកនគរចម្ប៉ា ហើយក៏បញ្ជូនប្រជាជនខ្លួនឱ្យមកតាំងទីលំនៅជាបន្តបន្ទាប់នៅដែនដីកម្ពុជាក្រោម។ នៅពេល ហូ ជីមិញ បង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន នៅឆ្នាំ1930 គាត់មានក្តីស្រមៃចង់គ្រប់គ្រងឥណ្ឌូចិនទាំងមូល គឺទាំងឡាវនិងកម្ពុជា។ វៀតណាមមានការផ្លាស់ប្តូរអ្នកដឹកនាំជាបន្តបន្ទាប់ ក៏ប៉ុន្តែ វៀតណាមមិនផ្លាស់ប្តូរមហិច្ឆតាក្នុងការចង់គ្រប់គ្រងកម្ពុជាទេ ហើយបើអាច គឺលេបត្របាក់យកតែម្តង។

ដោយឡែកប្រទេសចិន តាំងពីសន្និសីទក្រុងហ្សុឺណែវ ឆ្នាំ1954 មក គឺតាំងពីជំនាន់ ម៉ៅ សេទុង រហូតមកដល់ ជំនាន់ លោកប្រធានាធិបតី សុី ជីងភីង បច្ចុប្បន្ន មាននយោបាយច្បាស់លាស់មួយចំពោះកម្ពុជា គឺជួយកម្ពុជាទប់ទល់កុំឱ្យវៀតណាមគ្រប់គ្រងបាន។ ហេតុអ្វី? ពីព្រោះចិនមិនទុកចិត្តវៀតណាម ដែលតែងមាននយោបាយប្រឆាំងនឹងខ្លួន ហើយធ្លាប់និងអាចសហការជាថ្មីជាមួយនឹងមហាអំណាចពិភពលោក ដូចជារុស្សុី ឬអាមេរិក បង្កការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសចិន។ ការដែលវៀតណាមយកឥណ្ឌូចិនទាំងមូលបាននឹងធ្វើឱ្យសន្តិសុខប្រទេសចិនកាន់តែងាយរងគ្រោះ។ បន្ថែមពីនេះ ចិននិងវៀតណាមកំពុងមានជម្លោះស្រួចស្រាវផងដែររឿងដណ្តើមកម្មសិទ្ធិលើដែនកោះប៉ារ៉ាសែលនិងស្រ្បាតលី ស្ថិតនៅសមុទ្រចិនខាងត្បូង។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 23 តុលា 1991 បានជួយពន្លត់សង្រ្គាមសុីវិលនៅកម្ពុជា ជួយការពារអធិបតេយ្យភាពជាតិខ្មែរ ជួយកសាងនិងអភិវឌ្ឍសង្គមកម្ពុជាឡើងវិញ និងជួយកម្ពុជាឱ្យចាប់យកនិងអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស។ ដោយមានការស្រុះស្រួលគ្នារវាងភាគីជម្លោះខ្មែរផង ជាពិសេសរវាងសម្តេច នរោត្ដម សីហនុ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សង្រ្គាមសុីវិលត្រូវបានពន្លត់ទាំងស្រុងនៅឆ្នាំ1998។ សេដ្ឋកិច្ចជាតិមានការរីកចម្រើនបង្គួរ ជាមួយកំណើនជាមធ្យមប្រមាណ 6% ក្នុង1ឆ្នាំ ដោយសារប្រទេសលោកខាងលិចបើកចំហទីផ្សារសម្រាប់ផលិតផលកាត់ដេរពីកម្ពុជា និងជំនួយនិងការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសជប៉ុន បស្ចិមប្រទេស និងជាពិសេស ពីប្រទេសចិន។

គ្រោះភ័យរបស់កម្ពុជា

ក៏ប៉ុន្តែ បញ្ហាអធិបតេយ្យភាពជាតិនិងការកសាងសង្គមប្រជាធិបតេយ្យនៅតែមានភាពមិនច្បាស់លាស់នៅឡើយ សម្រាប់កម្ពុជា។ កូនខ្មែរត្រូវដឹងថា វៀតណាមនៅបន្តមហិច្ឆតាចង់គ្រប់គ្រងកម្ពុជា ហើយចិននឹងបន្តនយោបាយទប់ទល់កុំឱ្យវៀតណាមយកកម្ពុជាបាន។ ការប្រកួតប្រជែងនេះបង្កគ្រោះភ័យផង និងឱកាសផងសម្រាប់កម្ពុជា។ គ្រោះភ័យទី1នៅត្រង់ថា នយោបាយកម្ពុជាអាចស្ថិតនៅក្រោមការគ្រប់គ្រងពីនយោបាយរបស់ទីក្រុងហាណូយ បើអ្នកដឹកនាំនយោបាយខ្មែរបន្តឈ្លោះគ្នាក្នុងភាពជាសត្រូវ រុញគ្នាឱ្យទៅពឹងបរទេសរៀងៗខ្លួន ដើម្បីការពារ ឬដណ្តើមអំណាច។ គ្រោះភ័យទី2 គឺតាមរយៈការជួយរបស់ចិន ជាជំនួយឥតសំណង កម្ចី ការវិនិយោគ កម្ពុជាក៏អាចក្លាយជាអាយ៉ងរបស់ចិន ប្រសិនបើយើងបណ្តោយខ្លួនជាស្រីកញ្ជើធ្លុះ ចាយវាយខ្ជះខ្ជាយ ខ្វះការពិចារណាឱ្យបានវែងឆ្ងាយ។ គ្រោះភ័យទី1និងទី2 នឹងធ្វើឱ្យកម្ពុជាជួបអស្ថិរភាពសង្គម ភាពវឹកវរ ចលាចល និងការកាប់សម្លាប់គ្នាជាថ្មី ពីព្រោះជោគវាសនាជាតិខ្មែរលែងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរហើយ តែស្ថិតក្រោមការប្រទាញប្រទង់របស់វៀតណាមនិងចិន ហើយអ្នកដឹកនាំនយោបាយខ្មែរក្លាយជាកូនអុករបស់គេ ប្រជាពលរដ្ឋខ្មែរក្លាយជាអ្នករងគ្រោះ ដូចដែលយើងធ្លាប់ជួបក្នុងកំលុងទសវត្សរ៍1970 និង1980។

ឱកាសល្អសម្រាប់ខ្មែរ

នៅក្នុងគ្រោះភ័យ ក៏មានឱកាសល្អផងដែរសម្រាប់ខ្មែរ។ ឱកាសល្អយ៉ាងម៉េច? ប្រសិនបើអ្នកនយោបាយខ្មែរនិងអ្នកគាំទ្រចេះអត់ឱនយោគយល់គ្នា ប្រកួតប្រជែងគ្នាតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនជេរ មិនចោទគ្នាថាក្បត់ជាតិ មិនយកគ្នាជាសត្រូវ និងមិនទៅពឹងបរទេស កម្ពុជានឹងក្លាយជាប្រទេសប្រជាធិបតេយ្យគំរូមួយនៅអាសុី ដែលបស្ចិមប្រទេសរាប់រក គោរពស្រឡាញ់ ឱ្យតម្លៃ និងជួយលើកស្ទួយសេដ្ឋកិច្ចនិងអភិបាលកិច្ចល្អបន្ថែមទៀត។ ការជួយរបស់ចិននឹងជួយរុញបន្ថែមលើការរីកលូតលាស់សេដ្ឋកិច្ចជាតិទៅរកភាពរុងរឿងសម្បូរសប្បាយនិងថ្លៃថ្នូរ។ កម្ពុជាមួយដែលមានប្រជាធិបតេយ្យចាស់ទុំ មិនមែនជាអាយ៉ងរបស់ចិន និងមិនបង្កការគំរាមកំហែងដល់សន្តិសុខជាតិវៀតណាម គឺជារបបនយោបាយមួយដែលវៀតណាមអាចទទួលយកបាន បើទោះបីខ្លួនមិនអាចគ្រប់គ្រងកម្ពុជាបានក៏ដោយ។ កម្ពុជាមួយដែលមាននិន្នាការសេរីនិយម និងគោរពសិទ្ធិមនុស្ស តែមិនស្ថិតនៅក្រោមចំណុះវៀតណាម គឺជាកម្ពុជាមួយដែលចិនទទួលយកបាននិងបន្តជួយទៅមុខទៀត។ នេះជាឱកាសល្អរបស់ខ្មែរ នេះជាជោគវាសនាល្អរបស់ខ្មែរទៅថ្ងៃមុខ ហើយអនាគតដ៏ស្រស់ត្រកាលនេះ គឺស្ថិតក្នុងកណ្តាប់ដៃកូនខ្មែរដែលអាចគ្រប់គ្រងចាត់ចែងបាន៕


=== ^^^ ===



---
រៀបរៀងដោយ សាម អុីន -- កុម្ភៈ ២០២១
---

-- អត្ថបទទាក់ទង

១. វៀតណាមមិនផ្លាស់ប្តូរមហិច្ឆតា

២. ខ្ញុំមិនភ័យខ្លាចយួនយកកម្ពុជាទេ

៣. តើខ្មែរសុខចិត្តចុះចាញ់ ឬត្រូវប្រយុទ្ធ?

៤. ស្អប់យួន ខឹងសៀម ឈាមខ្មែរមិនថ្លៃថ្នូរទេ

Comments