តើខ្មែរសុខចិត្តចុះចាញ់ ឬត្រូវប្រយុទ្ធ?


១) ជារឿងធម្មតាដែលប្រទេសធំ ហើយខ្លាំងមានចេតនាឈ្លានពានប្រទេសតូច ហើយខ្សោយ

បើយើងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត យើងនឹងដឹងថា នគរដែលខ្លាំងតែងព្យាយាមឈ្លានពាននិងចង់គ្រប់គ្រងនគរដែលខ្សោយជាងខ្លួន។ ព្រះបាទ សូរ្យវរ្ម័ន ទី២ (១១១៣ - ១១៤៥) ជាព្រះមហាក្សត្រខ្មែរដ៏ល្បីល្បាញមួយអង្គ ដែលបានសាងសង់ប្រាសាទអង្គរវត្ត ធ្លាប់បានឈ្លានពាននគរចម្ប៉ា និងនគរដៃវៀត (វៀតណាមបច្ចុប្បន្ន) ពេលដែលអាណាចក្រខ្មែរកំពុងមានអានុភាពខ្លាំងនិងរឹងមាំ។ ព្រះបាទ ជ័យវរ្ម័ន ទី៧ (១១៨១ - ១២១៨) ដែលបានរំដោះនគរខ្មែរពីការឈ្លានពាន​របស់នគរចម្ប៉ា ហើយចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មានដូចជាផ្លូវថ្នល់ និងមន្ទីរពេទ្យ ព្រមទាំងប្រាសាទជាច្រើនមានដូចជា បាយ័ន តាព្រហ្ម ព្រះខន្ធ ជាដើម បានចាប់ផ្តើមឈ្លានពាន និងត្រួតត្រានគរចម្ប៉ាវិញនៅឆ្នាំ ១១៩០[1]។ ក្រោយភាពរុងរឿងថ្កុំថ្កើនប្រមាណ ៦០០ឆ្នាំ អាណាចក្រខ្មែរបានធ្លាក់ចុះខ្សោយ ហើយសម័យ ព្រះបាទ បរមរាជា ទី​២ បានសម្រេចបោះបង់ចាកចោលក្រុងអង្គរជារាជធានីនៅឆ្នាំ ១៤៣១ មកកសាងរាជធានីថ្មីនៅឧត្ដុង្គនិងលង្វែក ព្រោះពិបាកទប់ទល់នឹងការឈ្លានពាន​របស់នគរសៀម។ ចាប់តាំងពីសតវត្សរ៍ទី ១៥ មកដល់សម័យស្ថិតក្រោមអាណានិគមបារាំង (១៨៦៣-១៩៥៣) ប្រទេសកម្ពុជារងការឈ្លានពាន និងត្រួតត្រាជាបន្តបន្ទាប់ពីប្រទេសសៀមនិងប្រទេសយួនដែលខ្លាំងនិងរឹងមាំជាងខ្មែរ។ ទោះជាយ៉ាងណា ក៏មានការតស៊ូប្រយុទ្ធប្រឆាំងនឹង​ការឈ្លានពានពីនគរសៀមនិងយួនរបស់អ្នកដឹកនាំនិងរាស្រ្តខ្មែរមួយចំនួន ដែលអាចរក្សាជាតិខ្មែរ ​និងប្រទេសកម្ពុជា​មកដល់បច្ចុប្បន្ន ដោយមិនបាត់បង់ទាំងស្រុងចេញ​ពីផែនទីពិភពលោកដូចនគរ​ចម្ប៉ា។

ប្រវត្តិសាស្រ្តថ្មីៗក៏បានបង្រៀនយើងផងដែរថា​ ប្រទេសដែលតូច មានប្រជាជនតិច តែខ្លាំង និងជឿនលឿនអាចការពារទឹកដី ​ជាតិសាសន៍ និងការត្រួតត្រាឈ្លានពានពី​ប្រទេសជិតខាងដែលធំ ហើយខ្លាំងបាន។ ឧទាហរណ៍មានដូចជាប្រទេសសិង្ហបុរី ដែលជាប្រទេសតូច និងមានប្រជាជនតិច (ចំនួនប្រជាជន ៥លាននាក់) តែអាចទប់ទល់​នឹងប្រទេសជិតខាងម៉ាឡេស៊ី (ចំនួនប្រជាជន​ ៣២លាននាក់) និងឥណ្ឌូនេស៊ី (ចំនួនប្រជាជន ២៥៨លាននាក់) ដែលធំ ហើយខ្លាំង និងមានចេតនាចង់ឈ្លានពាន និងគ្រប់គ្រងប្រទេសសិង្ហបុរី។ ប្រទេសអ៊ីស្រាអែល ដែលមានប្រជាជនសរុបតែប្រមាណ ៨លាននាក់ អាចទប់ទល់​ជាមួយប្រទេសអារ៉ាប់ចំនួន ២២ប្រទេស ដែលមានចំនួនប្រជាជនសរុបប្រមាណ ៣៤០​លាននាក់ ហើយមានចេតនាចង់កម្ទេចអ៊ីស្រាអែលចេញពីផែនទីពិភពលោក។

២) ហេតុអ្វីបានជាសិង្ហបុរី និងអ៊ីស្រាអែលធ្វើបាន?

មានកត្តាធំពីរដែលអាចឲ្យសិង្ហបុរីនិងអ៊ីស្រាអែលទប់ទល់នឹងការចង់ឈ្លានពាន​និងគ្រប់គ្រងពីប្រទេសជិតខាងបាន ទី១ គឺ “កត្តាអ្នកដឹកនាំ” និងទី២ គឺ “កត្តាប្រជាជន”។ សិង្ហបុរី ជាប្រទេសតូច មានប្រជាជនតិច ហើយជាប្រទេសក្រីក្រមួយនៅអាស៊ីអាគ្នេយ៍កាលពីសតវត្សរ៍ ១៩៥០ និង ១៩៦០។ ជាភ័ព្វសំណាងរបស់សិង្ហបុរី ដែលមានអ្នកដឹកនាំដ៏ខ្លាំងពូកែម្នាក់ គឺលោក លី ក្វាន់យ៉ូ ដែលមានទស្សនវិស័យវែងឆ្ងាយក្នុងការកសាងជាតិ បានបង្កើតក្រុមអ្នកដឹកនាំមួយ​ដែលខ្លាំងនិងឈ្លាសវៃ ធ្វើការអភិវឌ្ឃន៍សិង្ហបុរីជាមួយគតិបណ្ឌិត សេចក្តីក្លាហាន និងទឹកចិត្ត​ប្រយុទ្ធស្វិតស្វាញ[2]។ លោក លី ក្វាន់យ៉ូ បានអប់រំប្រជាពលរដ្ឋសិង្ហបុរីឲ្យគោរពវិន័យ ប្រឹងប្រែងរៀនសូត្រ មានទឹកចិត្តឧស្សាហ៍ព្យាយាម និងមានគំនិតច្នៃប្រឌិត។ ប្រជាពលរដ្ឋសិង្ហបុរី​មានជាតិសាសន៍ចម្រុះ (ម៉ាឡេ ចិន និងឥណ្ឌា) ប៉ុន្តែគេមានទឹកចិត្តជាពលរដ្ឋសិង្ហបុរី ខំប្រឹងរៀនសូត្រនិងធ្វើការដើម្បីសិង្ហបុរី ដោយមិនចាត់ទុកខ្លួនគេជាចិន ម៉ាឡេ ឬឥណ្ឌាទេ ហើយថែមទាំងមិនរើសអើងពូជសាសន៍ផ្សេងគ្នាផង ដែលជាហេតុធ្វើឲ្យសិង្ហបុរីជា​ប្រជាជាតិមួយចេះរួបរួមគ្នា មានវិន័យ ឧស្សាហ៍ព្យាយាម មានការសិក្សាខ្ពស់ និងមានគំនិតច្នៃប្រឌិត។ គេមានបុព្វហេតុរួមមួយគឺធ្វើឲ្យសិង្ហបុរីខ្លាំង និងរឹងមាំ។ គេមានមោទនភាពក្នុងនាមជាពលរដ្ឋសិង្ហបុរី និងមានកាតព្វកិច្ចក្នុងការអភិវឌ្ឍ និងការពារសិង្ហបុរី។ កត្តាទាំងពីរនេះហើយដែលធ្វើឲ្យសិង្ហបុរីអាចអភិវឌ្ឍសេដ្ឋកិច្ចបាន​រីកចម្រើនលូតលាស់ថ្កុំថ្កើន មានវិស័យយោធាខ្លាំង និងទំនើប និងមាននយោបាយការបរទេស​ឈ្លាសវៃ ដែលអាចការពារសិង្ហបុរីបានគង់វង្សរួចផុតពីការចង់ឈ្លានពានរបស់ប្រទេសជិតខាង។

អ៊ីស្រាអែល ជាប្រទេសមួយដែលធ្លាប់បាត់បង់ចេញពីផែនទីពិភពលោកប្រមាណ ២ពាន់ឆ្នាំមុន តែអាចកសាងរដ្ឋអ៊ីស្រាអែលឡើងវិញបាន ក្រោយសង្រ្គាមលោកលើកទី២។ បើទោះបីជាមានការជួយជ្រោមជ្រែង​ខ្លះពីលោកខាងលិច ក៏តក្តាចម្បងដែលអាចឲ្យអ៊ីស្រាអែល​អាចបង្កើតរដ្ឋ និងការពាររដ្ឋបានគឺបណ្តាលមកពី “កត្តាអ្នកដឹកនាំ” និង “កត្តាប្រជាជន”។ នៅដើមសតវត្សរ៍ទី២០ ដោយមានការធ្វើទុក្ខបុកម្នេញពីសំណាក់ជនជាតិម្ចាស់​ប្រទេសនៅអឺរ៉ុបកាន់តែខ្លាំងឡើង អ្នកដឹកនាំសហគមន៍ជនជាតិជ្វីស(ជនជាតិដើមអ៊ីស្រាអែល) ដែលរស់នៅប្រទេសរុស្ស៊ី រូម៉ានី ហុងគ្រី ប៉ូឡូញ អាល្លឺម៉ង់ និងផ្សេងទៀតចាប់ផ្តើម​មានទស្សនវិស័យកសាងរដ្ឋអ៊ីស្រាអែលឡើងវិញ។ ពួកគេចាប់ផ្តើមបង្កើតសមាគម និងអង្គការផ្សេងៗនៅក្នុងប្រទេសដែលគេកំពុងរស់នៅដើម្បីទំនាក់ទំនងគ្នា ចលនាធនធាន និងសម្របសម្រួលសហគមន៍ជនជាតិជ្វីស ក្នុងគោលបំណងសម្រេចក្តីស្រមៃដ៏ធំរបស់គេ គឺការកសាងឲ្យមានប្រទេសអ៊ីស្រាអែលឡើងវិញនៅក្នុងផែនទីពិភពលោក។ អំពើព្រៃផ្សៃ និងប្រល័យពូជសាសន៍របស់ពួកណាស៊ីហ៊ីត្លែរ៍នៅអឺរ៉ុបមកលើជនជាតិជ្វីសកំលុងសង្រ្គាមលោកលើកទី២ និងការឈ្នះសង្រ្គាមរបស់លោកខាងលិចលើរបបណាស៊ី ជាឱកាសដ៏ល្អប្រពៃសម្រាប់​ជនជាតិជ្វីសក្នុងការបង្កើតរដ្ឋអ៊ីស្រាអែលឡើងវិញនៅលើដែនដីប៉ាឡេស្ទីន។ ដោយមានការជួយជ្រោមជ្រែងពីលោកខាងលិចនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៤៨ រដ្ឋអ៊ីស្រាអែលត្រូវបានចាប់កំណើតជាផ្លូវការក្រោមការដឹកនាំរបស់លោក David Ben-Gurion [3]។ មួយថ្ងៃបន្ទាប់មក សង្គ្រាមរវាងអ៊ីស្រាអែល-អារ៉ាប់ចាប់ផ្ទុះឡើង ហើយជម្លោះរវាង​ប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់ក៏បន្តកើតមានរហូតដល់បច្ចុប្បន្ន។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺជនជាតិជ្វីសរស់នៅប្រទេសផ្សេងៗបានត្រលប់ទៅ​រស់នៅប្រទេសអ៊ីស្រាអែលវិញ បើទោះបីរដ្ឋអ៊ីស្រាអែលស្ថិតក្នុងស្ថានភាព​មានសង្រ្គាមជាប់ជាប្រចាំ។ សហគមន៍ជ្វីសដែលរស់នៅក្រៅប្រទេសបានបញ្ជូនធនធាន​ហិរញ្ញវត្ថុទៅជួយកសាងនិងការពាររដ្ឋអ៊ីស្រាអែលទើបបង្កើតថ្មី។ គ្រួសារខ្លះដែលរស់នៅក្រៅ​ប្រទេស​ក្នុងស្ថានភាពសុខដុម សុខចិត្តបញ្ជូនកូនពេញវ័យរបស់ខ្លួនឲ្យទៅធ្វើទាហាន​នៅអ៊ីស្រាអែល។ នេះហើយជាទឹកចិត្តពលរដ្ឋអ៊ីស្រាអែលដែលអាចការពារប្រទេស​ដ៏តូចនិងរដ្ឋថ្មីមួយបាន បើទោះបីត្រូវប្រឈមនឹងការចង់វាយកម្ទេចពីប្រទេសអារ៉ាប់ចំនួន ២២ប្រទេសរួមគ្នាក៏ដោយ។ ក្រៅពីទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ជនជាតិជ្វីស អ៊ីស្រាអែលក៏មានអ្នកដឹកនាំប្រទេសដែលមានទស្សនវិស័យភ្លឺស្វាង និងទឹកចិត្តប្រយុទ្ធ​ស្វិតស្វាញផងដែរ ដូចជា លោកស្រី Golda Meir លោក Levi Eshkol លោក Menachem Begin លោក Yitzhak Rabin ជាដើម។

៣) ស្វែងយល់អំពីអត្តចរិតអ្នកដឹកនាំ និងប្រជាពលរដ្ឋខ្មែរ

អ្នកជំនាញអំពីភាពជាអ្នកដឹកនាំបានផ្តល់ដំបូន្មានឲ្យយើងស្គាល់ពីខ្លួនឯងឲ្យច្បាស់ ជាពិសេសអំពីចំណុចខ្លាំងនិងខ្សោយ ដើម្បីយើងអាចអភិវឌ្ឍខ្លួនយើងបានខ្លាំងនិងរឹងមាំបាន។ ចូរយើងនាំគ្នាវិភាគ និងស្វែងយល់អំពីអត្តចរិតរបស់ជនជាតិខ្មែរយើង ពីអតីតកាលដល់បច្ចុប្បន្ន តើយើងអាចរៀនសូត្របានអ្វីខ្លះ និងត្រូវកែតម្រូវអ្វីខ្លះ ដើម្បីឲ្យជាតិយើងអាចបន្តរស់រាន និងរីកលូតលាស់ជាជាតិមួយដែលខ្លាំងនិងរឹងមាំ អាចស្ថិតស្ថេរគង់វង្សបាន ដោយមិនស្ថិតក្រោមចំណុះបរទេស និងមានអធិបតេយ្យភាពពេញលេញ។

៣.១) អត្តចរិតវិជ្ជមានៈ មានទស្សនវិស័យ ប្រយុទ្ធសិ្វតស្វាញ ឧស្សាហ៍ព្យាយាម និងច្នៃប្រឌិត

ក) អ្នកដឹកនាំ
ជាតិសាសន៍ខ្មែរធ្លាប់មានអ្នកដឹកនាំមួយចំនួនដែលមានអត្តចរិតផ្តល់គំរូល្អសម្រាប់ អ្នកជំនាន់ក្រោយ។ ព្រះបាទ ជ័យវរ្ម័ន ទី៧ ជាអង្គមហាក្សត្រដែលមានទឹកចិត្តប្រយុទ្ធមោះមុត ដើម្បីកសាង ការពារ និងពង្រីកអាណាចក្រខ្មែរ។ ព្រះអង្គមានទស្សនវិស័យក្នុងការកសាងនគរឲ្យថ្កុំថ្កើន ហើយយកចិត្តទុកដាក់ដល់ការកសាងធនធានមនុស្ស និងសុខុមាលភាពរបស់រាស្រ្ត ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាមន្ទីរពេទ្យ សាកលវិទ្យាល័យ និងស្ពានថ្នល់។ អ្នកតាឃ្លាំងមឿង ហ៊ានបូជាជីវិតដើម្បីរំដោះនគរ​ខ្មែរពីការឈ្លានពានរបស់សៀម។ ឧកញ៉ា សឺន គុយ ហ៊ានលះបង់ជីវិតដើម្បីថែរក្សាប្រពៃណី​វប្បធម៌ខ្មែរក្រោមឲ្យគង់វង្ស។ បណ្ឌិត កែម ឡី ហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុ​សេរីភាពបញ្ចេញមតិ និងការកសាងលទ្ធិប្រជាធិបតេយ្យ។ ក្នុងពេលស្ថិតក្រោមការ​គ្រប់គ្រងរបស់ប្រទេសវៀតណាម (១៩៧៩-១៩៨៩) មានចលនាតស៊ូនៅតាមជាយដែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់វៀតណាម ដែលដឹកនាំដោយសម្តេច នរោត្ដម សីហនុ និង លោក សឺន សាន។ បច្ចុប្បន្នមានអ្នកដឹកនាំនយោបាយ និងក្រុមបញ្ញវន្តមួយចំនួនចេញ​មុខប្រយុទ្ធប្រឈមនឹងគ្រោះថ្នាក់និងការលំបាក ដើម្បីសេរីភាព លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងអភិបាលកិច្ចល្អ។

ខ) ប្រជាពលរដ្ឋ           
បើយើងវិភាគលើស្នាដៃកសាងប្រាង្គប្រាសាទរាប់ពាន់ដែលមានក្បូរក្បាច់រចនាដ៏ល្អឥតខ្ចោះ និងបារាយណ៍ទឹកដ៏ធំមហិមាសម្រាប់ស្រោចស្រពនៅតំបន់អង្គរ ក្នុងរយៈពេល ៦០០ឆ្នាំ ដែលនគរខ្មែរមានភាពថ្កុំថ្កើន យើងអាចសន្និដ្ឋានបានថា ជនជាតិខ្មែរធ្លាប់ជាជនជាតិ​មួយដែល មានទឹកចិត្តអំណត់ខ្ពស់ មានការយល់ដឹងជ្រៅជ្រះ មានគំនិតច្នៃប្រឌិត ឧស្សាហ៍ព្យាយាម និងមានស្មារតីប្រយុទ្ធស្វិតស្វាញ។ ពេលបច្ចុប្បន្ន ក៏យើងមាន​សហគ្រិនចំណានៗ និងវ័យក្មេងមួយចំនួនដែលហ៊ានបោះទុនវិនិយោគក្នុងស្រុក មានគំនិតច្នៃប្រឌិត ប្រយុទ្ធសិ្វតស្វាញនឹងមុខរបរជំនួញរបស់ខ្លួន បើទោះបីជា​បរិយាកាសសម្រាប់ការរីកលូតលាស់ វិស័យឯកជនមិនសូវអំណោយផលក៏ដោយ។ តំណាងប្រជាពលរដ្ឋដែលរងគ្រោះនឹង រឿងរំលោភសិទ្ធិដីធ្លី និងសិទ្ធិមនុស្ស ហ៊ានចេញមុខប្រយុទ្ធ តស៊ូ ទាមទារសិទ្ធិស្របច្បាប់ របស់ខ្លួន។ បញ្ញវន្តមួយចំនួនហ៊ានចេញមុខវិភាគ និងនិយាយទិតៀនអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ច បើទោះបីត្រូវប្រឈម​នឹងការប្តឹងជាប់គុក ឬបាត់បង់ជីវិតក៏ដោយ។ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស​បានរួមគ្នាបរិច្ចាគធនធានជួយដល់ចលនា នយោបាយនិងសង្គម ដែលធ្វើការតស៊ូប្រយុទ្ធដើម្បី​សេរីភាព លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងការកសាងប្រព័ន្ធអភិបាលកិច្ចល្អ។

៣.២) អត្តចរិតអវិជ្ជមានៈ អាត្មានិយម គំរាម លាបពណ៌ រអ៊ូរទាំច្រើន ចុះចាញ់

ក) អ្នកដឹកនាំ
ប្រវត្តិសាស្រ្តខ្មែរពីអតីតកាល រហូតដល់បច្ចុប្បន្ន ក៏បានបង្កើតអ្នកដឹកនាំផ្តល់គំរូអាក្រក់​ដល់អ្នកជំនាន់ក្រោយផងដែរ។ អ្នកដឹកនាំមួយចំនួន ដោយមានចិត្តអាត្មានិយម ចង់ដណ្តើម​រាជបល្ល័ង្គ បានទៅពឹងនគរសៀម ឬនគរយួនឲ្យមកឈ្លានពាននគរខ្មែរខ្លួនឯង ព្រោះតែអំណាច និងលាភសក្ការៈ។ អ្នកដឹកនាំខ្លះ ដោយសារតែភាពល្ងង់ខ្លៅនឹងមនោគមវិជ្ជាជ្រុលនិយម បានដឹកនាំសម្លាប់ជាតិសាសន៍ឯងយ៉ាងរង្គាល និងបំផ្លាញវប្បធម៌ជាតិយ៉ាងធ្ងន់ធ្ងរ។ ដោយសារតែមានមោហៈ និងលោភៈខ្លាំង អ្នកដឹកនាំមួយចំនួនធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែអំណាច ដោយមិនខ្វល់ថា តើវាសនាប្រទេសជាតិរបស់ខ្លួនទៅអនាគតនឹងមានភាពផុយស្រួយបែបណា។ ពួកគាត់គំរាម និងលាបពណ៌គ្នា បង្កើតជាវប្បធម៌នយោបាយខុសឆ្គងមួយ ធ្វើឲ្យយុវជនមួយ​ចំនួនដែលគាំទ្រគាត់ គិតថាធ្វើបែបនេះជារឿងត្រឹមត្រូវ និងគួរយកគំរូតាម។ អ្នកដឹកនាំមួយ​ចំនួនឆ្លៀតឱកាសកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ បើទោះបីដឹងថា ទង្វើនេះអាចធ្វើឲ្យជាតិ​ត្រូវអន្តរាយក៏ដោយ។ 

ខ) ប្រជាពលរដ្ឋ 
ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរមួយចំនួនចូលចិត្តរអ៊ូរទាំច្រើន ខ្វល់ខ្វាយច្រើន អស់សង្ឃឹម និងឆាប់ជឿលើអ្នកនយោបាយបោកប្រាស់។ ពួកគាត់មិនជឿជាក់លើខ្លួនឯង ចូលចិត្តតែឲ្យ​គេអាណិត និងពឹងពាក់សុំជំនួយពីគេ។ ពលរដ្ឋមួយចំនួនមានលទ្ធភាពល្អ រកស៊ីមានបាននៅ​ស្រុកខ្មែរ មិនគិតអំពីការជួយជាតិវិញទេ បែរជាជ្រើសរើសផ្លូវចុះចាញ់ជាជាតិសាសន៍មួយ ដោយត្រៀមខ្លួនចាកចេញទៅរស់នៅបរទេសពេលស្រុកខ្មែរមានវិបត្តិ មានចលាចល ឬត្រូវបរទេសលេបត្របាក់នាពេលអនាគត។ ពលរដ្ឋ និងបញ្ញវន្តមួយចំនួនដឹងអំពីហានិភ័យ​នៃការបាត់បង់ជាតិរបស់ខ្លួនដែរ តែជ្រើសរើសផ្លូវសុខស្រួលដោយមិនខ្វល់អំពីបញ្ហាសង្គម និងនយោបាយ គិតត្រឹមតែរង្វង់ផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះ។ អត្តចរិតទាំងនេះ​ជាអត្តចរិតអន់ថយ និងចុះចាញ់នៃជាតិសាសន៍មួយ។

៤) ចំនួនជាកត្តាកំណត់ជោគវាសនាជាតិខ្មែរ

អត្តចរិតទាំងពីរប្រភេទ(វិជ្ជមាន និងអវិជ្ជមាន) របស់អ្នកដឹកនាំ និងប្រជាពលរដ្ឋខ្មែរជា​កត្តាកំណត់វាសនាជាតិខ្មែរទៅអនាគត។ ប្រសិនបើជាតិសាសន៍ខ្មែរមានចំនួនអ្នកដឹកនាំ​និងប្រជាពលរដ្ឋដែលមាន “អត្តចរិតវិជ្ជមាន” ច្រើនជាង ៥០% នៃចំនួនសរុបក្នុងប្រទេស វាសនារបស់ជាតិខ្មែរនឹងរុងរឿង ថ្កុំថ្កើន និងថ្លៃថ្នូរ។ ក៏ប៉ុន្តែ ប្រសិនបើជាតិសាសន៍យើងសម្បូរណ៍​អ្នកដឹកនាំនិងប្រជាពលរដ្ឋដែលមាន “អត្តចរិតអវិជ្ជមាន” ច្រើនលើសលប់ យើងមិនចាំបាច់មាន​គ្រូទាយដ៏ពូកែទេ យើងអាចទាយដឹងដោយខ្លួនឯងថា​ វាសនាជាតិខ្មែរបើមិនត្រូវគេឈ្លានពាន​ដូចកាលពីរាប់រយឆ្នាំមុន ក៏រស់នៅក្រោមចំណុះគេដែរ មិនថាជាចំណុះនយោបាយ ឬសេដ្ឋកិច្ចទេ។

ដូច្នេះ ការអប់រំដល់យុវជនខ្មែរឲ្យមានអត្តចរិតវិជ្ជមានមានសារៈសំខាន់ខ្លាំងសម្រាប់កំណត់ ជោគវាសនាប្រទេសជាតិទៅអនាគត។ ការផ្តល់តម្លៃខ្ពស់ដល់វីរជនគំរូ ដូចជា ព្រះបាទ ជ័យវរ្ម័ន ទី៧ អ្នកតាឃ្លាំងមឿង ឧកញ៉ា សឺន គុយ បណ្ឌិត កែម ឡី ។ល។ តាមរយៈការសាងសង់រូបសំណាក សម្រាប់គោរពបូជានៅទីសាធារណៈ ចងក្រងជីវប្រវត្តិនិងផ្សព្វផ្សាយឲ្យទូលំទូលាយ ដាក់ឈ្មោះវីរជន​លើវិថីនិងសំណង់អាគារសំខាន់ៗ កសាងសារមន្ទីរជាតិវីរជនខ្មែរ ជាកិច្ចការដែល​សង្គមខ្មែរត្រូវធ្វើចាំបាច់ ដើម្បីបណ្តុះ "អត្តចរិតវិជ្ជមាន" ដល់ជនជាតិខ្មែរ ជាពិសេសឲ្យយុវជន​ខ្មែរមានស្មារតីប្រយុទ្ធ កុំចុះចាញ់ មានចិត្តអំណត់ ឧស្សាហ៏ព្យាយាម និងមានគំនិតច្នៃប្រឌិត តាមរយៈការបណ្តុះមោទនភាពជាតិ និងដើរតាមគំរូល្អៗនៃវីរជនរបស់ជាតិខ្លួន។ ការនេះនឹងជួយ​ជំរុញ​ឲ្យជាតិសាសន៍ខ្មែរខ្លាំងនិងរឹងមាំ ដែលអាចការពារទឹកដី និងរក្សាអធិបតេយ្យភាពជាតិ​បានគង់វង្សនិងស្ថិតស្ថេរ។ ជាតិខ្មែរមិនអាចរស់រាន រុងរឿង និងមានឯករាជ្យភាព​ដោយសារការសុំក្តីអាណិតអាសូរ ពីប្រទេសជិតខាងយើងទេ។ យើងត្រូវប្រយុទ្ធ យើងត្រូវរឹងមាំ យើងត្រូវឈ្លាសវៃ យើងត្រូវចេះអត់ឱនឲ្យគ្នា យើងត្រូវចេះសហការគ្នា ទើបយើងអាចកសាង និងការពារជាតិយើងបាន៕

=== ^^^ ===
---
រៀបរៀងដោយ សាម អ៊ីន -- កក្កដា ២០១៧
---

-- ឯកសារយោង៖
   - [1]  Wikipedia – Khmer Empire
   - [3]  Wikipedia – History of Israel

-- អត្ថបទទាក់ទង

Comments

ឡៅ ម៉ុងហៃ said…
សឹង្ហបូរីនិងអ៊ីស្រាអែល ត្រូវបង្ខំខ្លួនឲ្យរស់រានមានជីវិត ជាជាតិនិងជាប្រទេសឯករាជ្យមួយ ហើយរស់ឲ្យសឿង ។ សឹង្ហបូរីត្រូវបានម៉សឡេស៊ីបណ្ដេញចេញពីសហព័ន្ធមាឡេស៊ី ដែលពឹងពាក់កំពង់ផែសឹង្ហបូរី ។ សឹង្ហបូរីមានតែកំពង់ផែនេះហើយរស់ដោយសារម៉ាឡេស៊ី ។
ជនជាតិអ៊ីស្រាអែល បានបែកខ្ចាត់ខ្ចាយពីប្រទេសដើមនិងរស់នៅរប៉ាត់រប៉ាយជាជាតិភាគតិចនៅប្រទេសនានា ត្រូវបានទទួលរងការរើសអើងរាប់ពាន់ឆ្នាំ ហើយចុងក្រោយត្រូវបានអាល្លឺម៉ង់សម្លាប់រង្គាលនៅសង្គ្រាមលោកលើកទី2 ។ មេដឹកនាំសហគមជនជាតិអ៊ីស្រាអែល បានសម្រេចចិត្តវិលទៅរស់នៅស្រុកកំណើតដូនតាដើម2000ឆ្នាំកន្លងទៅ ហើយធ្វីជាម្ចាស់ស្រុកនោះវិញ ។ ដោយមានការជួយឧបត្ថមពីប្រទេសអង្លេសនិងអាមេរីកជាអាទ៍ និងពលីកម្មរបស់ខ្លួនផ្ទាល់ ជនជាតិអ៊ីស្រាអែលក៏បានប្រែក្លាយប្រទេសដែលខ្លួនបាត់បង់2000ឆ្នាំឲ្យទៅជាប្រទេសឯករាជ្យមួយរបស់ខ្លួន ។ សេចក្តីមានះ មហិច្ចត្តា រស់ជាប្រជាជាតិឯករាជ្យ រស់សឿងដោយខ្លួនឯងជាកត្តាចម្បងមុនគេ ។ មានកត្តាសំខាន់ៗ ជាច្រើនទៀត ។ តើខ្មែរមានសេចក្តីមានះនិងមហិច្ចត្តាបែបនេះឬទេ ? គេមិនទាន់ជឿបានថាមាន ។ មេដឹកនាំគួរមាននិងបង្ហាញសេចក្តីមានះនិងមហិច្ច្តតានេះក្រោយអ៊ុនតាក់បានបញ្ចប់បេសម្មរបស់គេ ។ តែមិនហួសពេលទេ ។
អរគុណ លោក​ បណ្ឌិត ឡៅ ម៉ុងហៃ ចំពោះបតិយោបល់បន្ថែម។ ខ្ញុំក៏យល់ថា អ្វីៗមិនទាន់ហួសពេលទេ សម្រាប់ការកសាង និងកាពារខ្មែរ។
Unknown said…
សូមអរគុណចំពោះការចែករំលែករបស់រាមច្បងទាំងពីរ។ នេះជាគតិនិងមេរៀនល្អៗដែលខ្មែរគ្រប់រូបគួតែរៀនសូត្រ។
Unknown said…
ក្មួយសូមគាំទ្រទាំងស្រុងលោកពូ អរគុណលោកពូតែងតែចែករំលែកចំណេះដឹងដល់ក្មេងជំនាន់ក្រោយ។