តើអ្នកកើតមកជាកូនខ្មែរដើម្បីអ្វី?


នៅក្នុងជីវិតមនុស្សយើងម្នាក់ៗ មានថ្ងៃពិសេសពីរ ទី១) គឺថ្ងៃដែលយើងកើតមកលើលោកនេះ និងទី២) គឺនៅពេលដែលយើងដឹងថាយើងកើតមកដើម្បីអ្វី។ បុគ្គលជោគជ័យទាំងឡាយនៅលើលោកយើងនេះតែងស្វែងរកថ្ងៃពិសេសទី ២ ​របស់គេឃើញ។ ហេតុដូច្នេះហើយទើបជីវិតរបស់បុគ្គលទាំងនោះមានភាពរីករាយ មានស្មារតីប្រយុទ្ធខ្ពស់ មានភាពស្វិតស្វាញក្រាញននាលនឹងការលំបាក ពេញចិត្តនឹងការងារ ហ៊ានលះបង់ជីវិត បានត្រួសត្រាយផ្លូវ កសាងសន្តិភាព សង្គ្រោះជីវិតមនុស្ស បង្កើតរបស់មានប្រយោជន៍សម្រាប់មនុស្សប្រើប្រាស់ កែប្រែរបៀបរស់នៅរបស់ពិភពលោក បង្កើតប្រវត្តិសាស្រ្តថ្មី ឬបន្សល់មរតកសីលធម៌សម្រាប់អ្នកជំនាន់ក្រោយ។ បុគ្គលអស្ចារ្យ ពិសេស និងជោគជ័យទាំងនោះបានស្វែងរកចម្លើយទៅលើសំណួរសំខាន់បំផុតក្នុងជីវិតថា តើវត្តមានរបស់គេនៅលើភពផែនដីនេះដើម្បីអ្វី? បុគ្គលគួរឲ្យគោរពទាំងនោះបានដឹងអំពីបេសកកម្មជីវិត អត្ថន័យជីវិត ឬគោលដៅជីវិត។ ដល់ពេលវេលាណាមួយក្នុងជីវិត បុគ្គលទាំងនោះដឹងថាជីវិតគាត់គឺរស់សម្រាប់បម្រើអ្នកដទៃ ហើយបើត្រូវស្លាប់ក៏ដើម្បីឲ្យសង្គម ឬប្រជាជាតិ ឬពិភពលោកផ្លាស់ប្តូរប្រសើរឡើង។ ក្រោយពីបានដឹងអំពីបេសកកម្មជីវិតហើយ គាត់ចាប់ផ្តើមក្លាយខ្លួនជាបុគ្គលដ៏ប្រពៃ រស់ជាមួយគុណតម្លៃ ចិត្តគំនិតគាត់នៅខ្ពស់ជាងរឿងផ្ទាល់ខ្លួន មានភាពមោះមុត ស្វិតស្វាញនឹងការលំបាក ពេញចិត្តនឹងបំពេញការងារដោយមិនខ្វល់ពីការនឿយហត់ និងហ៊ានប្រឈមគ្រោះថ្នាក់ បើទោះបីជាកិច្ចការនោះគ្មានកម្រៃផ្ទាល់ខ្លួនក៏ដោយ ព្រោះគាត់យល់ថាលទ្ធផលនៃការងាររបស់គាត់នឹងជួយសង្គម ជួយប្រទេសជាតិ ជួយមនុស្ស ជួយកសិករ ជួយកម្មករ ជួយយុវជន ជួយបរិស្ថាន ជួយបង្កើតការងារ ជួយជីវិតមនុស្ស ជួយអ្នករងគ្រោះ។ល។

តាមពិតពិភពលោកបានបង្កើតបុគ្គលល្អប្រពៃ អស្ចារ្យ គួរឲ្យគោរពទាំងនោះជាច្រើនរួចមកហើយដូចជា មហាត្មៈ គន្ធី (Mahatma Gandhi) - ណែនសិន ម៉ាន់ដេឡា (Nelson Mandela) - ម៉ាទីន លូថើខីង (Martin Luther King Jr.) - ដូនជី តេរេសា (Mother Teresa) - អាប់ប្រាហាម លីងកូន (Abraham Lincoln) - ស្ទីវ ហ្សប (Steve Jobs) - ប៊ីល ហ្គេត (Bill Gate)។ល។ ដែលយើងអាចរៀនសូត្រពីវីរភាពរបស់ពួកគាត់សម្រាប់ជាការជំរុញចិត្ត បង្កើតក្តីសង្ឃឹម និងបណ្តុះស្មារតីប្រយុទ្ធ។ ក្នុងអត្ថបទនេះ ខ្ញុំចង់លើកយកមកបរិយាយអំពីបុគ្គលល្បីៗក្នុងប្រទេសកម្ពុជាដែលខ្ញុំគិតថា ពួកគាត់បានឈានដល់កំរិតយល់ដឹងអំពីបេសកកម្មជីវិតរបស់ខ្លួន ហើយបំពេញការងារដើម្បីជាប្រយោជន៍ធំធេងសម្រាប់សង្គមកម្ពុជា។ បើទោះបីជាមានគំនិតជំទាស់ក្នុងចំណោមមហាជនចំពោះបុគ្គលមួយចំនួនដែលរៀបរាប់ខាងក្រោម ក៏ខ្ញុំគិតថាអត្ថបទនេះនឹងជំរុញយុវជនខ្មែរឲ្យចេះផ្តល់តម្លៃដល់វីរជនខ្មែរ មានមោទនភាពចំពោះជាតិខ្លួន ចេះសំឡឹងមើលចំណុចល្អវិជ្ជមានរបស់មនុស្ស និងបង្កើតឲ្យមានស្មារតីស្រឡាញ់ជាតិ និងរួបរួមជាតិ។

ខាងក្រោមនេះជាការរៀបរាប់ត្រួសៗអំពីបុគ្គលសំខាន់ៗមួយចំនួនក្នុងសង្គមខ្មែរពីអតីតកាលដល់បច្ចុប្បន្ន ដែលបានកសាងស្នាដៃសំខាន់ៗសម្រាប់ប្រជាជាតិ ក្នុងវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច ៖

បុគ្គលសំខាន់ៗ

បេសកកម្មជីវិត​ អត្ថន័យជីវិត ឬគោលដៅជីវិត

ü  ព្រះបាទ ជ័យវរ្ម័ន ទី៧
រំដោះនគរខ្មែរពីការឈ្លានពានរបស់នគរចម្ប៉ា។ កសាងអាណាចក្រខ្មែរឲ្យខ្លាំងខ្លា ថ្កុំថ្កើន និងថ្លៃថ្នូរ។
ü  អ្នកតាឃ្លាំងមឿង
ការពារបូរណភាពដែនដីខ្មែរពីការឈ្លានពានរបស់ទ័ពសៀម។
ü  ឧកញ៉ា សឺន គុយ
ការពារប្រពៃណីវប្បធម៌របស់ជនជាតិខ្មែរក្រោម។
ü  ឧកញ៉ា ក្រឡាហោម គង់ និងអាចារ្យ ហែម ចៀវ
តស៊ូរំដោះប្រទេសខ្មែរចេញពីការត្រួតត្រារបស់អាណានិគមបារាំង។
ü  សម្ដេចសង្ឃ ជួន ណាត
បង្កើតវចនានុក្រមខ្មែរ។ លើកស្ទួយព្រះពុទ្ធសាសនា។
ü  ព្រះអង្គម្ចាស់ ស៊ីសុវត្តិ យុត្តិវង្ស និង លោក អៀវ កើស
ពាំនាំលទ្ធិប្រជាធិបតេយ្យមកអនុវត្តនៅប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៤៧
ü  សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
ទប់ទល់ការវិលត្រលប់នៃរបបខ្មែរក្រហម។ បំបែករចនាសម្ព័ន្ធដឹកនាំរបស់ខ្មែរក្រហម។ ពន្លត់សង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា។
ü  ឯកឧត្ដម សម រង្ស៊ី និង 
     ឯកឧត្ដម កឹម សុខា
ត្រួសត្រាយផ្លូវប្រជាធិបតេយ្យនៅកម្ពុជា។ បង្វឹកប្រជាពលរដ្ឋខ្មែរឲ្យយល់ដឹង និងអនុវត្តសិទ្ធិជួបជុំប្រមូលផ្តុំ។
ü  លោក ជា វិជ្ជា
ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់កម្មករ។
ü  លោក ឈុត វុទ្ធី
ការពារព្រៃឈើខ្មែរ។
ü  បណ្ឌិត កែម ឡី
លើកស្ទួយសេរីភាពបញ្ចេញមតិដោយហ៊ាននិយាយការពិត បើទោះបីត្រូវលះបង់ជីវិតក៏ដោយ។​ ត្រួសត្រាយផ្លូវកសាងប្រជាធិបតេយ្យផ្ទៃក្នុងគណបក្សនយោបាយនៅកម្ពុជា។ផ្តល់គំរូនៃសេចក្តីក្លាហាន និងការលះបង់ខ្ពស់ដល់កូនខ្មែរ។
ü  បណ្ឌិត យ៉ង សាំងកុមារ
ជួយកសិករឲ្យក្លាយជាសេដ្ឋីស្រុកស្រែ។ សាបព្រោះកសិកម្មសរីរាង្គ។ កសាងគំរូប្រជាធិបតេយ្យផ្ទៃក្នុងគណបក្សនយោបាយ។
ü  ឧកញ៉ា ម៉ុង រិទ្ធី
អភិវឌ្ឍ និងវិនិយោគលើវិស័យកសិកម្ម។ ជួយអ្នកក្រីក្រឲ្យមានការងារ និងទីជម្រកសមរម្យ។
ü  ឧកញ៉ា គិត ម៉េង
វិនិយោគលើធុរកិច្ចឈានមុខ និងបង្កើតការងារជំនាញសម្រាប់ពលរដ្ឋខ្មែរ។
ü  លោក អ៊ិន ចាន់នី
កសាងស្ថាប័នមីក្រូហិរញ្ញវត្ថុគំរូ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាឥណទានមានប្រសិទ្ធិភាព។

    
សម្រាប់យុវជនខ្មែរទាំងឡាយ បើអ្នកចង់ទទួលបានភាពជោគជ័យធំធេង ភាពជោគជ័យអស្ចារ្យ អ្នកត្រូវចាប់ផ្តើមជាមួយការស្វែងរកអត្ថន័យជីវិតពិតរបស់អ្នក ថាតើអ្នកកើតមកក្នុងទឹកដីអង្គរដ៏បវរដើម្បីអ្វី? តើជីវិតរបស់អ្នកនឹងធ្វើឲ្យសង្គមខ្មែរប្រសើរឡើងបែបណា? តើអ្នកមានកាតព្វកិច្ចអ្វីខ្លះត្រូវសងដល់ទឹកដីកំណើតរបស់អ្នក?

ដើម្បីស្វែងរកបេសកកម្មជីវិតរបស់អ្នក អ្នកត្រូវរៀនសង្កេតអំពីឧបនិស្ស័យពីកំណើតរបស់អ្នក តើអ្នកមានភាពខ្លាំងលើអ្វី អ្នកចូលចិត្តធ្វើអ្វីខ្លាំងបំផុត ដែលមិនធ្វើឲ្យអ្នកធុញទ្រាន់បើទោះបីជួបការលំបាកក៏ដោយ កិច្ចការអ្វីមួយដែលផ្តល់ថាមពលដល់អ្នក។ សូមអានអត្ថបទ "គន្លឹះ ៤ យ៉ាងដើម្បីកំណត់គោលដៅជីវិត" ដើម្បីស្វែងយល់បន្ថែមអំពីវិធីស្វែងរកគោលដៅជីវិត។ បន្ទាប់ពីដឹងច្បាស់អំពីគោលដៅជីវិត អ្វីដែលអ្នកត្រូវធ្វើបន្ត គឺការអភិវឌ្ឍខ្លួនឲ្យមានលក្ខណសម្បត្តិជាអ្នកដឹកនាំ ឲ្យមានស្មារតីស្វិតស្វាញ មោះមត់ ស្វាហាប់ និងចេះអត់ធ្មត់នឹងការលំបាកទាំងឡាយ ដែលអ្នកត្រូវប្រឈមក្នុងការធ្វើដំណើរសំដៅទៅរកគោលដៅនោះ។ សូមអានអត្ថបទ ១). "បុគ្គលិកលក្ខណះទាំង ៧ប្រការរបស់អ្នកដឹកនាំដ៏ល្អប្រពៃ" ២). "៥ ជំហានដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលឆ្នើម" ៣). "ទម្លាប់ប្រចាំថ្ងៃ ៥ប្រការរបស់បុគ្គលជោគជ័យ"។ ក្រៅពីនេះអ្នកត្រូវអានសៀវភៅអំពីភាពជាអ្នកដឹកនាំ ដូចជាសៀវភៅ “បទបញ្ញត្តិ ២១ ប្រការនៃភាពជាអ្នកដឹកនាំ” របស់លោក John C. Maxwell, ទម្លាប់(ឧបនិស្ស័យ) ទាំង ៧ប្រការ របស់បុគ្គលឆ្នើម សរសេរដោយលោក Stephen Covey ជាដើម។

យុវជនខ្មែរទាំងឡាយត្រូវយល់ថា បើអ្នកព្រួយបារម្មណ៍អំពីការបាត់បង់ទឹកដីខ្មែរ ការបាត់បង់អធិបតេយ្យភាពជាតិ ការបាត់បង់ប្រទេសខ្មែរ ផ្លូវដែលអ្នកត្រូវជ្រើសរើស មិនមែន ភ័យខ្លាច ស្អប់ខ្ពើម ឬខឹងសម្បារ នឹងជនជាតិយួន ឬសៀមទេ ផ្លូវដែលត្រឹមត្រូវសម្រាប់អ្នកក្នុងការជួយជាតិ គឺការស្វែងរកបេសកកម្មជីវិតរបស់អ្នក អភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកដឹកនាំល្អ បំពេញកិច្ចការរបស់អ្នកដើម្បីជួយខ្លួនឯង ជួយគ្រួសារ ជួយសង្គម បង្កើតការងារ បង្កើតគំនិតច្នៃប្រឌិត បង្កើតធុរកិច្ច បង្កើតសហគ្រាស ពន្យល់ និងបង្រៀនពលរដ្ឋ ឲ្យចេះគិតត្រូវ ឲ្យឧស្សាហ៍ព្យាយាម ឲ្យមានវិន័យ ឲ្យគោរពពេលវេលា ឲ្យចេះចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ ឲ្យចេះមើល និងជ្រើសរើសអ្នកដឹកនាំល្អ ឲ្យចេះក្លាយខ្លួនជាអ្នកដឹកនាំគំរូនៅតាមមូលដ្ឋាន សហគ្រាស ស្ថាប័ន សមាគម ឬសហជីព។

បើអ្នកកើតមកជាខ្មែរ ហើយចេះត្រឹមខឹងយួន ស្អប់សៀម លាបពណ៌ខ្មែរគ្នាឯង ច្រណែនអ្នកដទៃ អ្នកមិនបានបំពេញកាតព្វកិច្ចជាកូនខ្មែរដ៏ល្អទេ។ វាសនារបស់ជាតិខ្មែរគឺស្ថិតនៅក្នុងកណ្តាប់ដៃយើងជាជនជាតិខ្មែរ មិនមែនជាតិសាសន៍ដទៃជាអ្នកកំណត់ទេ។ បើជាតិខ្មែរអាចអភិវឌ្ឍខ្លួនឲ្យខ្លាំងនិងរឹងមាំ និងចេះរួបរួមកសាងជាតិឲ្យរីកលូតលាស់រុងរឿងបាន គ្មានជាតិសាសន៍ណាអាចមករំលោភបំពានយើងបានទេ៕

=== ^^^ ===

---
រៀបរៀងដោយ សាម អ៊ីន -- មីនា ឆ្នាំ២០១៧
---

Comments

Unknown said…
ពិតជាអត្ថបទល្អមែន ខ្ញុំពេញចិត្តមែនទែន
សូមអរគុណ
អរគុណ ដែលបានអាន និងផ្តល់ការគាំទ្រ។
Anonymous said…
ជាអត្ថបទសមញ្ញបំផុត និងងាយយល់បំផុត តែបើកូនខ្មែរម្នាក់អនុវត្តវាបានគឺប្រាកដនឹងអាចក្លាយជាផ្នែកនាំអោយចម្រើនដល់ស្រុកនេះមិនខាន។ អរគុណលោកគ្រូសម្រាប់អត្ថបទនេះ។
Unknown said…
អរគុណពូ