នៅជានិស្សិតមួយជីវិត


“អនក្ខរជននៅក្នុងសតវត្សរិ៍ទី២១​ មិនមែនជាអ្នកមិនចេះអាននិងសរសេរទេ​ តែជាអ្នកមិនចេះស្វែងយល់​ មិនផ្លាស់ប្តូរគំនិត និងមិនរៀនបន្ត។” -- Alvin Toffler

"នៅពេលដែលអ្នកឈប់រៀន​ អ្នកចាប់ផ្តើមស្លាប់ហើយ។" ខ្ញុំបានស្តាប់ប្រយោគនេះរបស់លោក​ Albert Einstein កាលខ្ញុំនៅអាយុខ្ទង់២០ឆ្នាំ។​ ពេលនោះ​ ខ្ញុំគិតថាជាប្រយោគគ្មានន័យ។​ នោះជាការយល់ខុសធ្ងន់ណាស់។​ ការរៀនសូត្រនិងភាពជោគជ័យទាក់ទងគ្នាខ្លាំងណាស់។ ចូរកុំធ្វើកំហុសក្នុងការគិតថា ការរៀនសូត្រនឹងត្រូវបញ្ចប់ នៅពេលដែលអ្នកប្រលងយកសញ្ញាបត្ររួច។​ ខ្ញុំធ្លាប់បានគិតបែបនេះកាលពីមុន។ នៅពេលខ្ញុំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ​ ខ្ញុំបាននិយាយទាំងមោទកភាពទៅកាន់លោកយាយខ្ញុំថា ខ្ញុំបញ្ចប់ការរៀនសូត្រសព្វគ្រប់ហើយ។ លោកយាយខ្ញុំគាត់សើច រួចហើយនិយាយត្រលប់ប្រាប់មកខ្ញុំថា ចៅនឹងមិនឈប់រៀនសោះឡើយ ដរាបណាចៅនៅមានជីវិត ពីព្រោះជីវិតនឹងបន្តបង្រៀនចៅនូវរឿងថ្មីៗជានិច្ច។

ដោយការពិត ការរៀនសូត្រមិនមែនគ្រាន់តែជាកិច្ចការ ឬសកម្មភាពទេ តែជាផ្នត់គំនិត ផ្នត់គំនិតនៃការត្រងត្រាប់ស្តាប់ ការព្យាយាមស្វែងយល់ និងការបើកចំហចិត្តគំនិត។ វាក៏ភ្ជាប់មកជាមួយនូវចេតនាផងដែរ ចេតនាក្នុងការបោះបង់ចោលនូវអ្វីដែលអ្នកធ្លាប់គិតថា ត្រឹមត្រូវ ឬសំខាន់ណាស់ កាលពីពេលកន្លងមក។ ចូរពិចារណានិងឆ្លុះបញ្ចាំងថា តើនៅក្នុងផ្នែកណាមួយនៃជីវិតអ្នក ដែលអ្នកទទួលបានអត្ថប្រយោជន៍ចេញពីការមានផ្នត់គំនិតក្នុងការរៀនសូត្រ? តើវាទាក់ទងនឹងរឿងគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក ឬការចិញ្ចឹមបីបាច់កូនៗរបស់អ្នក ឬការថែរក្សាសុខភាពរបស់អ្នក ឬការកសាងឥទ្ធិពលលើអ្នកដទៃ?

ជារឿងល្អប្រពៃ ដែលយើងចាត់ទុកជីវិតដូចជាសាកលវិទ្យាល័យ។ អ្វីៗទាំងឡាយ ដែលអ្នកធ្វើ ហើយទទួលបានបទពិសោធន៍ នឹងបង្រៀនអ្នកបន្ត ជំរុញឱ្យអ្នកមានគំនិតថ្មី យល់ឃើញកាន់តែសុីជម្រៅ និងយល់ដឹងបន្ថែមទៀត។ វាអាចជួយអ្នកឱ្យបោះបង់ ឬបំភ្លេច ឬបដិសេធចំណេះដឹងកន្លងមក ដែលធ្វើឱ្យការងារអ្នកមានដំណើរការមិនល្អ។

ការរៀនសូត្រអំពីកំហុសឆ្គងរបស់អ្នក​ និងអំពីរឿងរ៉ាវទាំងឡាយ ដែលធ្វើឱ្យអ្នកឈឺចាប់ គឺជារឿងមិនអាចកាត់ថ្លៃបាន។ ការរៀនសូត្រដ៏សំខាន់ចម្បងបំផុតសម្រាប់ជីវិត ច្រើនកើតចេញពីគ្រាដ៏លំបាកបំផុតក្នុងជីវិតអ្នក។ ដូច្នេះ ចូរកុំតូចចិត្ត និងកុំសោកស្តាយនូវអ្វីដែលបានកើតឡើងក្នុងជីវិតអ្នក ហើយធ្វើឱ្យអ្នកឈឺចាប់ ចូរសម្លឹងរកការរៀនសូត្រចេញពីនោះ។

តាមពិត ការរៀនអ្វីដែលថ្មី​ វាជាទម្រង់នៃភាពជោគជ័យមួយបាត់ទៅហើយ ពីព្រោះវាជាដំណើរការពង្រីកនិងធ្វើឱ្យកាន់តែសុីជម្រៅនូវចំណេះដឹង និងគតិបណ្ឌិតរបស់អ្នក។ ចូរកុំបដិសេធការងារដែលលំបាក ឬការងារគួរឱ្យធុញទ្រាន់ ឬការងារមើលទៅដូចជាងាយៗ​ តែវាផ្តល់ឱកាសសម្រាប់អ្នក ក្នុងការរៀនសូត្ររឿងថ្មីៗ។ ចូរកុំបណ្តោយខ្លួនឱ្យបំពេញការងារដដែលៗ ដែលអ្នកមិនអាចរៀនសូត្រអ្វីសោះចេញពីការងារនោះ។

សូមចងចាំថា​ "នៅពេលដែលអ្នកឈប់រៀន អ្នកចាប់ផ្តើមស្លាប់ហើយ។"

ប្រតិបត្តិជាសកម្មភាពជាក់ស្តែង

ដើម្បីរុញឱ្យផ្នត់គំនិតរៀនសូត្រក្លាយជាសកម្មភាពជាក់ស្តែង អ្នកត្រូវចាប់ផ្តើមសួរខ្លួនឯងថា តើអ្វីខ្លះដែលអ្នកចាំបាច់រៀន ដើម្បីទទួលបានចំណេះដឹងថ្មី?​ អ្នកដឹងទេ អ្នកកំពុងរស់នៅក្នុងពិភពលោកមួយ ដែលវិវឌ្ឍផ្លាស់ប្តូរជានិច្ច ជាពិសេស ទាក់ទងនឹងចំណេះដឹងនិងព័ត៌មាន។ ចំណេះដឹងនិងព័ត៌មានខ្លះវាសំខាន់និងមានប្រយោជន៍នៅថ្ងៃនេះ តែក្លាយជាហួសសម័យនៅថ្ងៃបន្ទាប់។ សម័យបច្ចុប្បន្ន អ្នកមានតម្រូវការរៀនអ្វីដែលថ្មីជាប់ជានិច្ច ដើម្បីដើរឱ្យទាន់ភាពទំនើប រៀនរបៀបគិតថ្មី រៀនអំពីផលិតផលថ្មី។ តើអ្នកមានការប្តេជ្ញាចិត្ត ធ្វើឱ្យខ្លួនអ្នកដើរទាន់ការវិវឌ្ឍថ្មីៗដែរទេ?

អ្នកក៏ចាំបាច់ផងដែរ ក្នុងការត្រៀមខ្លួនរៀនបង្កើតគំនិត និងយោបល់ថ្មីៗ យោបល់អំពីអត្តចរិត សង្គម និងអំពីការផ្លាស់ប្តូរខ្លួនឯង។ អ្នកដឹងទេ វាងាយស្រួលទេ ក្នុងការអានសៀវភៅណែនាំអំពីរបៀបប្រើទូរស័ព្ទវៃឆ្លាត តែវាលំបាកជាង ក្នុងការស្វែងរកគំនិតយោបល់ថ្មី ដើម្បីជួយពង្រឹងសមត្ថភាពសហការីរបស់អ្នក។ ដោយការពិត អ្នកនឹងទទួលបានភាពរីករាយជាង ក្នុងការសំលៀងចិត្តគំនិតអ្នកឱ្យមុតស្រួច ឱ្យយល់ជ្រៅជាងមុន ជាជាងរក្សាទុកចិត្តគំនិតរបស់អ្នកឱ្យមានៈរឹងរូស ប្រកាន់ខ្ជាប់នូវផ្នត់គំនិតអតីតកាល ហើយមិនព្រមចាប់យកអ្វីថ្មី។

សំណួរបន្ត គឺត្រូវសួរថា តើអ្វីខ្លះដែលអ្នកបានរៀនថ្ងៃនេះ?

នៅពេលថ្ងៃនីមួយៗបញ្ចប់ទៅ​ ជាពិសេស មុនពេលចូលគេង ចូរសួរខ្លួនឯងថា "តើខ្ញុំបានរៀនអ្វីខ្លះ?" តើការរៀនសូត្រទាំងនេះអាចជួយឱ្យខ្ញុំជោគជ័យកាន់តែច្រើនជាងមុនដូចម្តេច? ពេលខ្លះ ចម្លើយលើសំណួរនេះមានភាពច្បាស់លាស់ ពេលខ្លះទៀត អ្នកមិនអាចរកចម្លើយឃើញទេ។ ពេលអ្នកធ្វើវាជាប្រចាំរាល់ថ្ងៃ ដោយលើកសំណួរនេះឡើង អ្នកនឹងចាប់ផ្តើមទទួលបានការយល់ដឹងកាន់តែជ្រៅ និងយល់ដឹងកាន់តែច្រើន។ ចូរសរសេរកត់ត្រាទុកនូវចម្លើយរបស់អ្នក។

អ្នកអាចនឹងមានថ្ងៃ​ ដែលអ្វីៗមិនដំណើរការល្អ ដូចការគ្រោងទុក។ ចូរចំណាយពេលបន្ថែមក្នុងការស្វែងរកនូវអ្វី ដែលអ្នករៀនសូត្របាន ចេញពីកាលវេលាមិនអំណោយផល និងព្រឹត្តិការណ៍កើតឡើងដោយមិនរំពឹងទុក។

សំណួរសំខាន់បន្តទៀត គឺថា​ តើអ្នកចាំបាច់ត្រូវរៀនអ្វីខ្លះ ជាមួយនឹងការរៀនក្នុងលក្ខណៈផ្លូវការ?

ដើម្បីជួយអ្នកឱ្យសម្រេចគោលដៅ​ តើប្រភេទនៃការរៀននិងវគ្គបណ្តុះបណ្តាលផ្លូវការណាខ្លះ ដែលអ្នកត្រូវការ?​ តើក្នុងរបរអាជីពរបស់អ្នក ការរៀនអំពីគណនី ឬគូរប្លង់ខាងក្នុង វាជួយដែរទេ? ការរៀនយកសញ្ញាបត្របន្ថែមអំពីគរុកោសល្យ ឬអាហារូបត្ថម្ភ វានឹងជួយអ្នកសម្រេចក្តីស្រមៃរបស់អ្នកដែរទេ? បើអ្នកចូលចិត្តដាំស្ល តើអ្នកគួរចូលរៀនសាលាជំនាញធ្វើម្ហូបដែរទេ? ឬមួយអ្នកមានតម្រូវការរៀនភាសាបារាំង ដើម្បីធ្វើឱ្យគម្រោងដំណើរលំហែកំសាន្តរបស់អ្នកទៅប្រទេសបារាំងកាន់តែរីករាយនិងមានន័យ?

សូមតាំងខ្លួនជានិស្សិតមួយជីវិត ដោយកុំគិតឈប់រៀនឱ្យសោះ បើទោះបីជាអ្នករៀនចប់សញ្ញាបត្រនៅសាកលវិទ្យាល័យក៏ដោយ។

===^^^===

-- ប្រែសម្រួលដោយ សាម អុីន -- មិថុនា ២០២២

-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Be a student of life”.

​​-- អត្ថបទទាក់ទង៖

១.​ ច្បាប់មាសនៃភាពជាអ្នកដឹកនាំ
២.​ តើត្រូវលើកទឹកចិត្តខ្លួនឯងបែបណា?


Comments