តើត្រូវលើកទឹកចិត្តខ្លួនឯងបែបណា?

 

តទៅនេះ ជាសេណារីយ៉ូដែលកើតឡើងចំពោះអ្នកស្ទើរគ្រប់គ្នា។ អ្នកមានគោលដៅដ៏គួរឱ្យទាក់ទាញមួយក្នុងចិត្តរបស់អ្នក។ អ្នកបានធ្វើកិច្ចការជាច្រើន ត្រៀមទុកជាមុនបានយ៉ាងល្អ ហើយអ្នកគិតថា អ្នកបានត្រៀមរៀបចំល្អគ្រប់គ្រាន់ហើយ ក៏ប៉ុន្តែ អ្វីៗហាក់ប្រព្រឹត្តទៅមិនដូចការរំពឹងទុកសោះ។ អ្នកប្រហែលជាធ្លាប់ជួបរឿងបែបនេះ គឺអ្នកបានធ្វើនូវអ្វីៗដែលចាំបាច់ត្រូវធ្វើហើយ ប៉ុន្តែ វានៅតែមិនផ្តល់ផលល្អ។ អ្នកបានគិត និងរៀបចំផែនការតាមលំដាប់លំដោយហើយ ប៉ុន្តែរឿងរ៉ាវដូចជាមិនដំណើរការទៅមុខបានល្អ។ អ្នកធ្លាប់ខំប្រឹងធ្វើការទាំងយប់ រហូតដល់ព្រលប់វិញ ប៉ុន្តែ វាហាក់ដូចជាមិនជួយស្តារស្ថានការណ៍សោះ។ អ្នកមើលទៅដូចជាមិនអាចផ្លាស់ប្តូរលទ្ធផលជាដុំកំភួនបានទេ។ រឿងរ៉ាវទាំងអស់នេះសុទ្ធតែជាពេលវេលា ដែលអ្នកចាំបាច់ត្រូវក្លាយជាអ្នកលើកទឹកចិត្តខ្លួនឯង។ វាមានវិធាន២ប្រការក្នុងការលើកទឹកចិត្តខ្លួនឯង។

១. ចាប់យកការទទួលខុសត្រូវចំពោះឱកាសដែលបាត់បង់

ចូររៀនសូត្រពីរឿងរ៉ាវដែលធ្លាប់កើតឡើងចំពោះអ្នក ដូចជា អ្នកបានធ្វើបទបង្ហាញបានយ៉ាងល្អប្រសើរ ប៉ុន្តែ អតិថិជនរបស់អ្នកបែរជាចង់បានរបៀបផ្សេងទៅវិញ។ ចូរត្រៀមខ្លួនចំពោះបរាជ័យទាំងឡាយដែលអាចកើតឡើងជាញឹកញាប់ ដោយដឹងក្នុងចិត្តថា ឱកាសដែលបាត់បង់ទៅ វាគ្រាន់តែជាចន្ទល់សម្រាប់ជួយអ្នកឱ្យឈានទៅចាប់ឱកាសថ្មីទៀតបានល្អប្រសើរជាងមុន។ អ្នកក៏ត្រូវដឹងផងដែរថា អ្នកអាចធ្វើការកែសម្រួលចំណុចសំខាន់ចាំបាច់ទាំងឡាយ សម្រាប់ចាប់យកឱកាសលើកក្រោយទៀត។ ចូរធ្វើការកែលម្អ ដើម្បីឱ្យទទួលបានលទ្ធផលល្អលើសពីមុន។ សូមធ្វើការរៀនសូត្រពីកំហុសឆ្គងរបស់អ្នក ចូរគ្រាន់តែទទួលស្គាល់និងរៀនសូត្រពីវា។ ចូររំឭកខ្លួនឯងថា អ្នកឈ្លាសវៃច្រើនជាងអ្វី ដែលទំហំទឹកលុយស្តួចស្តើងក្នុងគណនីធនាគាររបស់អ្នកបង្ហាញមក។ សូមមានជំនឿជាក់លើខ្លួនឯង ដោយកុំបណ្តោយឱ្យភាពបរាជ័យបំបាក់ទឹកចិត្តរបស់អ្នក។

២. សូមរំឭកខ្លួនឯងថា​ អ្នកនឹងក្រោកឈរឡើងវិញដោយរឹងមាំជាងមុន

សូមកុំធ្លាក់ទឹកចិត្ត។ សូមកុំបំបាក់ទឹកចិត្តខ្លួនឯង។ អ្វីដែលសំខាន់ចំពោះអ្នក គឺឱកាសបន្តបន្ទាប់ទៀត មិនមែនជាឱកាសដែលកន្លងហួសទៅបាត់ទេ។ ឱកាសដែលកន្លងហួសវាមានសារៈសំខាន់ចំពោះអ្នកសម្រាប់តែការដកស្រង់បទពិសោធន៍រៀនសូត្រប៉ុណ្ណោះ ប៉ុន្តែ ឱកាសបន្ទាប់វានឹងផ្តល់ពេលសម្រាប់អ្នក ដើម្បីបង្ហាញថា តើអ្នកបានរៀនសូត្រអំពីកំហុសឆ្គងលើកមុនបានកម្រិតណា។ សូមនិយាយប្រាប់ខ្លួនឯងថា អ្នកអាចធ្វើបានប្រសើរជាងមុននៅពេលក្រោយ។ អ្នកគ្រាន់តែត្រៀមខ្លួនសម្រាប់ប្រតិបត្តិតទៀតប៉ុណ្ណោះ។ ចូរខំប្រឹងសាកល្បងបន្តទៀត រហូតទាល់តែភាពជោគជ័យរត់រកអ្នក។

នៅពេលដែលអ្នករកឃើញដឹងថា អ្វីដែលខុសឆ្គង អ្វីដែលខ្វះចន្លោះកាលលើកមុន អ្នកនឹងដឹងថា តើអ្វីត្រូវកែសម្រួលយ៉ាងម៉េច នៅពេលក្រោយ។ ប្រសិនបើអ្នករកឃើញថា អ្វីដែលមិនដំណើរការល្អនៅក្នុងបទបង្ហាញពេលមុន អ្នកនឹងមិននិយាយរឿងនោះឡើងវិញទេ សម្រាប់បទបង្ហាញពេលក្រោយ។ ប្រសិនបើអ្នករកឃើញថា ហេតុផលចម្បងដែលអ្នកមិនអាចលក់ផលិតផល ឬគំនិតនោះបាន ដោយសារអ្នកពុំមានព័ត៌មាន ឬទិន្នន័យច្បាស់លាស់សម្រាប់បង្ហាញឱ្យគេជឿជាក់ ចូរត្រៀមប្រមូលព័ត៌មាននិងទិន្នន័យសម្រាប់លើកក្រោយ។ ចូរកុំបំបាក់ទឹកចិត្តខ្លួនឯង ដោយធ្វើឱ្យចិត្តអ្នកច្របូកច្របល់។ ចូរអង្អែលស្មាខ្លួនឯងតិចៗ ហើយពិចារណាអំពីចំណុចខ្វះខាត។

អ្នកចាំបាច់ត្រូវចេះលើកទឹកចិត្តខ្លួនឯង។ អ្នកត្រូវចេះបញ្ចូលកម្លាំងថាមពលផ្លូវចិត្តឱ្យខ្លួនឯង។ អ្នកត្រូវក្លាយជាអ្នកដឹកនាំដែលចេះលើកទឹកចិត្តខ្លួនឯង។ ហេតុអ្វី? ពីព្រោះអ្នកមិនអាចសង្ឃឹមរង់ចាំឱ្យនរណាម្នាក់មកផ្តល់កម្លាំងចិត្តដល់អ្នកទេ។ អ្នកត្រូវតែពឹងអាស្រ័យលើខ្លួនឯង។ អ្នកត្រូវមានជំនឿលើខ្លួនឯង ព្រមទាំងលើសមត្ថភាពរបស់ខ្លួន ហើយចេះពិចារណាថា អ្វីដែលដំណើរការល្អ អ្វីដែលមិនដំណើរការល្អ ដែលទៅមុខមិនរួច។

អ្នកត្រូវលើកទឹកចិត្តខ្លួនឯងជាមួយនឹងការសម្លឹងមើលទៅរកភាពជោគជ័យនាពេលអនាគត។ នៅពេលអ្នកបាត់បង់ឱកាស ត្រៀមមិនបានល្អសម្រាប់ឱកាសណាមួយ ឬមួយជួបភាពបរាជ័យក្នុងពេលធ្វើដំណើរសំដៅទៅគោលដៅរបស់អ្នក អ្នកត្រូវលើកទឹកចិត្តខ្លួនឯង ដោយទាញចិត្តខ្លួនឯងមកលើគន្លងផ្លូវឡើងវិញ ដើម្បីបន្តដំណើរទៅមុខទៀត។

មានពាក្យសុភាសិតមួយឃ្លារបស់ពួកខូវប៊យដែលនិយាយថា “បើអ្នកមិនធ្លាប់ធ្លាក់ពីខ្នងសេះ៧ដងទេ អ្នកមិនមែនជាពួកខូវប៊យទេ”។ បើអ្នកធ្លាក់ពីខ្នងសេះ ចូរក្រោកឡើង ហើយលោតឡើងលើខ្នងសេះវិញ។ បើអ្នកធ្លាក់ចេញពីគន្លងនៃទម្លាប់ល្អ ចូរខំប្រឹងដើរចូលទៅក្នុងគន្លងនោះវិញ។

វាពិតជាលំបាក វាបង្កឱ្យបាត់ទំនុកចិត្ត វាជារឿគួរឱ្យភ័យខ្លាច ពេលអ្នកធ្លាក់ពីខ្នងសេះ ប៉ុន្តែ ចូរក្រោកឈរឡើង ហើយព្យាយាមឡើងជិះលើខ្នងសេះវិញ។ ចូរខំប្រឹងរក្សាការប្តេជ្ញាចិត្តរបស់អ្នកឱ្យរស់បន្ត ឱ្យរស់រវើកឡើងវិញ និងឱ្យធ្វើដំណើរទៅមុខទៀត ហើយលើកកម្លាំងចិត្តខ្លួនឯងជាមួយនឹងសេចក្តីសង្ឃឹមអំពីភាពជោគជ័យនៅពេលអនាគត៕

=== ^^^ ===   

---
ប្រែសម្រួលដោយ សាម អុីន -- កុម្ភះ ២០២១
---
-- អត្ថបទដើម Jim Rohn (Success Magazine, April 2019): How to keep yourself encouraged.

-- អត្ថបទទាក់ទង

១. តើត្រូវធ្វើយ៉ាងណាពេលជួបបរាជ័យ?

២. វិធី៥យ៉ាងក្នុងការងើបខ្ពស់ឡើងបន្ទាប់ពីខកចិត្តនិងឈឺចាប់

Comments