វិធី ៥ យ៉ាងក្នុងការងើបខ្ពស់ឡើងបន្ទាប់ពីខកចិត្តនិងឈឺចាប់


យើងស្ទើរគ្រប់គ្នាតែងជូបប្រទះនូវរឿងខកចិត្តនិងឈឺចាប់ មានដូចជាពាក្យសំដីដែលគេប្រមាថមើលងាយ បទពិសោធន៍ដែលធ្វើឲ្យយើងបាត់បង់ការគោរពខ្លួនឯង ឬជួបមនុស្សដែលមើលស្រាលយើង ឬធ្វើឲ្យយើងមានអារម្មណ៍ថា បរាជ័យ។ ដើម្បីប្រឈមនឹងការខកចិត្ត តូចចិត្ត ឬមានអារម្មណ៍ឈឺចាប់ ចូរចាប់យកវិធី៥យ៉ាងដូចរៀបរាប់ខាងក្រោមនេះ ៖

១. មានការអត់ឱនដល់អ្នកដទៃ

ពាក្យសំដីអាក្រក់ជូរជាតិ ឥរិយាបថថោកទាប និងសកម្មភាពបែបជម្លើយមានប្រភពចេញពីទឹកចិត្តរបស់មនុស្សដែលរងទុក្ខ ល្ងង់ខ្លៅ និងលីលា។ ចូរទទួលស្គាល់នូវរឿងនេះ ហើយយោគយល់និងអត់ឱនឲ្យគេទៅ ព្រោះគេកំពុងរស់នៅជាមួយភាពខ្មៅងងឹត។

២. អភ័យទោសឲ្យខ្លួនឯង

នៅពេលអ្នកជួបនឹងស្ថានការណ៍តុកស៊ិច ឬកំពុងមានទំនាក់ទំនងរង្គោះរង្គើជាមួយមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់ អ្នកចាប់ផ្តើមបាត់បង់ភាពជឿជាក់លើខ្លួនឯង រួចហើយអ្នកនឹងដាក់ទោសខ្លួនឯងដោយធ្វើឲ្យចិត្តអ្នកកាន់តែចុះខ្សោយ ។ ចូរព្យាយាមស្វែងយល់អំពីមូលហេតុនៃសកម្មភាពទាំងនេះ រួចហើយធ្វើការអត់ឱនដល់ខ្លួនឯងចំពោះកំហុសឆ្គងដែលយើងបានប្រព្រឹត្ត ដោយយល់ថាយើងក៏ជាមនុស្សដែលមិនអាចល្អឥតខ្ចោះនោះទេ។ អ្នកគ្រាន់តែរៀនសូត្រអំពីកំហុសឆ្គងនោះបានហើយ។

៣. កំណត់សេចក្តីភ័យខ្លាចដែលទាក់ទងនឹងការបាត់បង់ភាពជឿជាក់

នៅពេលដែលអ្នកកំណត់សេចក្តីភ័យខ្លាចបានហើយ ចូរចាប់ផ្តើមសកម្មភាពដើម្បីយកឈ្នះលើវា។ ជាឧទាហរណ៍ នៅពេលដែលនរណាម្នាក់និយាយពាក្យមិនគប្បីចំពោះរូបកាយរបស់អ្នក ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមានរូបរាងមិនស្រស់ស្អាតនិងមិនសមជាមួយការស្លៀកខោអាវមុជទឹក(បីគីនី) រូចដើរលើឆ្នេរសមុទ្រទេ។ ចូរទៅលេងឆ្នេរសមុទ្រដោយដើរលើឆ្នេរជាមួយសំលៀកបំពាក់មុជទឹកខ្លី ដើម្បីយកឈ្នះលើសេចក្តីភ័យខ្លាចនេះ។

៤. សូមគិតមើលថា តើពាក្យ ឬសកម្មភាពមើលងាយមានគុណសម្បត្តិអ្វីខ្លះ

ប្រសិនបើអ្នកត្រូវគេបញ្ឈប់ការងារដោយមូលហេតុអ្នកមានសមត្ថភាពទាប ចូរទទួលស្គាល់រឿងនេះដោយស្មោះត្រង់។ ប្រសិនបើការងារអ្នកខ្សោយមែន ចូរទទួលយក រួចហើយធ្វើសកម្មភាពកែលម្អ ឬសម្រេចផ្លាស់ប្តូរមុខជំនាញរបស់អ្នក។ អ្នកក៏អាចសន្និដ្ឋានដែរថា ការបញ្ឈប់ការងារអ្នកអាចមិនសមស្រប ដោយមូលហេតុមិនត្រឹមត្រូវ ដោយអ្នកអាចស្វែងកសាងបញ្ជីភាពជោគជ័យនៃការងារអាជីពរបស់អ្នកដូចជា ការវាយតម្លៃល្អរបស់សហការី ដៃគូការងារ អតិថិជន និងប្រធានរបស់អ្នក ដោយយកចិត្តទុកដាក់ក្នុងការពិគ្រោះយោបល់ជាមួយមនុស្សនៅជុំវិញអ្នកដែលពេញចិត្តជំនាញនិងសីលធម៌ការងាររបស់អ្នក។ អ្នកអាចយកចំណុចល្អទាំងនេះទៅតវ៉ាជាមួយការបញ្ឈប់ការងារអ្នក។

៥. ផ្តោតអារម្មណ៍លើមតិពីក្រុមកុលសម្ព័ន្ធរបស់អ្នក

មនុស្សដែលមានភាពជឿជាក់លើអ្នកអាចជាមិត្ត ឬជាសហការី ឬជាក្រុមគ្រួសាររបស់អ្នក ដែលតែងផ្តល់កម្លាំងចិត្តដល់អ្នក ពេលអ្នកជួបបញ្ហា។​ ចូរយកចិត្តទុកដាក់លើមតិរបស់ក្រុមគាត់ ហើយព្យាយាមស្វែងយល់ថា តើគាត់ពេញចិត្តអ្នកលើចំណុចខ្លាំង ឬល្អអ្វីខ្លះរបស់អ្នក។ ធ្វើបែបនេះវានឹងជួយបង្កើនទំនុកចិត្តរបស់អ្នកលើខ្លួនឯង។
អ្នកទទួលបានភាពខ្លាំង សេចក្តីក្លាហាន និងភាពជឿជាក់ តាមរយៈបទពិសោធន៍នៃការប្រឈមនឹងសេចក្តីភ័យខ្លាច។​ បន្ទាប់មក អ្នកអាចនិយាយទៅខ្លួនឯងថា ខ្ញុំធ្លាប់ឆ្លងកាត់រឿងបែបនេះហើយ ខ្ញុំអាចទទួលយករឿងលំបាកៗតទៀតបាន។” – Eleanor Roosevelt      
ខាងក្រោមនេះជាបទពិសោធន៍ដែលបុគ្គលជោគជ័យមួយចំនួនធ្លាប់ជូបប្រទះ៖   

Tanya Van Court
គាត់មានអាយុ ៤៤ឆ្នាំ ជាស្ថាបនិកនិងអ្នកគ្រប់គ្រង iSow ដែលជាវេទិកាហិរញ្ញវត្ថុសម្រាប់យុវជន នៅទីក្រុង New York។ គាត់បានចែករំលែកបទពិសោធន៍ថា៖
នៅពេលខ្ញុំចាប់ផ្តើមចលនាធនធានសម្រាប់បង្កើត iSow ខ្ញុំបានជួបជជែកជាមួយក្រុមអ្នកវិនិយោគចាស់ៗមួយក្រុមដែលមានធនធានវិនិយោគជាសាច់ប្រាក់ប្រមាណ ៥០លានដុល្លារ។ ក្រុមគាត់យល់ថាគំនិតធុរកិច្ចរបស់ខ្ញុំមិនល្អ ដោយមិនយល់ពីរឿងនេះច្បាស់លាស់។ ក្រុមគាត់និយាយថា បើគាត់ចង់ទិញកង់ឲ្យកូន គាត់និងទៅផ្សារទិញកង់ ហើយបើកូនគាត់ទៅសាលា គាត់នឹងបង់លុយជូនសាលានោះ។ ខ្ញុំមានអារម្មណ៍តូចចិត្តនិងអស់សង្ឃឹមមួយរយៈ​ ដោយសួរខ្លួនឯងថា តើគំនិតខ្ញុំទៅរួចទេ? តើនឹងមានអ្នកគាំទ្រវិនិយោគលើគំនិតនេះទេ? ក្រោយមក១សប្តាហ៍ ខ្ញុំបានជូបក្រុមសហគ្រិនស្រ្តី ដែលយល់ច្បាស់និងគាំទ្រគំនិតរបស់ខ្ញុំ ហើយក៏យកគំនិតនេះទៅសាកល្បងជាមួយក្រុមស្រ្តីជាម្តាយ ដោយទទួលបានការគាំទ្រពីស្រ្តីៗដែលមានតួនាទីជាម្តាយ។ ចុងក្រោយ ខ្ញុំចលនាបានធនធាន ៦សែន ដុល្លារ ហើយគំនិតរបស់ខ្ញុំត្រូវបានយកទៅបង្ហាញនៅកម្មវិធីទូរទស្សន៍ ‘Good Morning America’ ហើយខ្ញុំក៏មានធនធានគ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងនេះ។ ខ្ញុំបានរៀនសូត្រថា រាល់យោបល់ទាំងឡាយមកលើគម្រោងធុរកិច្ចរបស់អ្នក មានលក្ខណៈខុសៗគ្នា ខ្ញុំត្រូវស្វែងរកគំនិតទាំងឡាយដែលយល់និងគាំទ្រខ្ញុំក្នុងការចាប់ផ្តើម និងពង្រីកទៅមុខ។ ក្រោយមក ខ្ញុំត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាល្អដល់អតិថិជនរបស់ខ្ញុំ។  

 Janet Aizenstros
មានអាយុ ៣៧ឆ្នាំ ជាស្ថាបនិកនិងអ្នកគ្រប់គ្រង Ahava Media Group និងជាអ្នកនិពន្ធសៀវភៅ ភាគសម្រាប់កូនក្មេង ហេតុអ្វីម្តាយស្រឡាញ់កូន។ គាត់បានចែករំលែកបទពិសោធន៍ថា៖
នៅឆ្នាំ ២០១០ ខ្ញុំបានបែកគ្រួសារ និងបាត់បង់ការងារនៅក្រុមហ៊ុន ហើយក៏សម្រេចចិត្តទៅរស់នៅឯស្រុកកំណើត ដោយក្លាយជាម្តាយដែលនៅផ្ទះមើលថែកូន។ ភាពជឿជាក់លើខ្លួនឯងដែលធ្លាប់មានការងារអាជីពល្អត្រូវបានធ្លាក់ចុះ ហើយភាពបែកបាក់គ្រួសារធ្វើឲ្យខ្ញុំលែងមានជំនឿលើខ្លួនឯង។ ដោយរស់នៅពឹងអាស្រ័យលើប្រាក់ឧបត្ថម្ភរបស់អតីតស្វាមី ជាមួយភាពខ្វះមុខខ្វះក្រោយ និងជំពាក់បំណុល ៥ម៉ឺនដុល្លារ ធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំអាចចិញ្ចឹមខ្លួនឯងនិងកូន២នាក់យ៉ាងម៉េច។ ខ្ញុំបានចាប់ផ្តើមកសាងជីវិតថ្មីនៅក្រុង Toronto ជាទីដែលខ្ញុំបានជួបគូជីវិតមួយ ដែលលើកទឹកចិត្តនិងគាំទ្រខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមមានកម្លាំងជាថ្មី និងមានភាពជឿជាក់លើខ្លួនឯងឡើងវិញ ដោយយល់ដឹងអំពីច្បាប់នៃភាពទាក់ទាញ។ នៅឆ្នាំ ២០១៣ ខ្ញុំបានផ្តួចផ្តើមគំនិតថ្មីដំបូងសម្រាប់ក្រុមហ៊ុនដែលខ្ញុំធ្វើការ ហើយគំនិតនេះអាចរកប្រាក់ចំណូលបន្ថែមយ៉ាងច្រើនដល់ក្រុមហ៊ុន។ សព្វថ្ងៃ ខ្ញុំរស់នៅជាមួយក្តីស្រឡាញ់ ក្នុងនាមជាស្ថាបនិកនៃក្រុមហ៊ុនអ៊នឡាញដ៏ធំមួយ ជាមួយនឹងជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។

Jae Kim
មានអាយុ ៣៣ឆ្នាំ និងជាស្ថាបនិក Chi’Lantro BBQ ដែលត្រូវបានបង្ហាញក្នុងកម្មវិធីទូរទស្សន៍ ABC’s Shark Tank។ គាត់បានចែករំលែកបទពិសោធន៍ថា៖
ខ្ញុំបានផ្លាស់ពីកូរ៉េទៅរស់នៅសហរដ្ឋអាមេរិកនៅអាយុ ១២ឆ្នាំ។ ភាសាអង់គ្លេសនិងភាពខុសគ្នានៃវប្បធម៌បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអន់ខ្សោយជាងមិត្តភ័ក្តិផ្សេងទៀត ដែលតែងចំអន់អំពីកំហុសវេយ្យាករណ៍និងភាសាអង់គ្លេសមិនច្បាស់ ពេលខ្ញុំនិយាយម្តងៗ ដែលកាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយអំពីសមត្ថភាពខ្លួនឯង។ ខ្ញុំកាន់តែមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះអ្វីដែលខ្ញុំត្រូវនិយាយ និងនិយាយយ៉ាងម៉េច ដែលបង្កឲ្យមានភាពស្ទាក់ស្ទើរកាន់តែខ្លាំងពេលខ្ញុំចង់និយាយម្តងៗ ហើយធ្វើឲ្យខ្ញុំសម្រេចចិត្តទុកក្នុងខ្លួន ដោយមិនហ៊ានវាចាចេញមក។ ប៉ុន្តែ ជាបន្តបន្ទាប់ ខ្ញុំចាប់ផ្តើមយល់ដឹងនិងឲ្យតម្លៃលើភាពខុសគ្នានៃវប្បធម៌ផ្សេងៗ ហើយខ្ញុំចេះអត់ឱនដល់មនុស្សដែលមើលស្រាលដល់អ្នកដទៃ ដោយខ្ញុំយល់ថា តាមពិតពួកគេមិនទុកចិត្តលើខ្លួនឯង ដោយចង់បង្អាប់អ្នកដទៃឲ្យទាបជាងខ្លួន ដែលវាមិនគួរប៉ះពាល់ដល់តម្លៃរបស់ខ្ញុំទេ។ ខ្ញុំចាប់ផ្តើមយកឈ្នះលើខ្លួនឯងដោយខំប្រឹងនិយាយបញ្ចេញទស្សនៈ តាមរយៈការរុញខ្លួនឯងឲ្យចេញពីភាពភ័យខ្លាចនិងភាពស្ទាក់ស្ទើរ។ ខ្ញុំរៀនអំពីសារៈសំខាន់នៃការស្រឡាញ់និងឲ្យតម្លៃខ្លួនឯង ថាខ្ញុំមានលក្ខណល្អនិងពិសេសអ្វីខ្លះ។ នៅពេលប្រតិបត្តិបែបនេះ ជាបន្តបន្ទាប់ វាជួយឲ្យខ្ញុំមានអារម្មណ៍ជឿជាក់លើខ្លួនឯង ចេះលេងសើចនិងរីករាយ ហើយក៏បណ្តុះនូវទម្លាប់ក្នុងការសម្លឹងមើលចំណុចល្អៗរបស់ខ្លួន និងអ្នកដទៃ ដែលជួយឲ្យជីវិតខ្ញុំរីករាយ និងជោគជ័យ៕

===^^^===            

---
ប្រែសម្រួលដោយ សាម អ៊ីន -- តុលា ២០១៧
---
-- ដកស្រង់ពីអត្ថបទរបស់ Emma Johnson, in the Success Magazine (February 2017): “5 Ways to Pick Yourself Up After Someone Tears You Down”

-- អត្ថបទទាក់ទង ៖

១) ការពិត៧ប្រការអំពីជីវិតដែលខ្ញុំគួរដឹងយូរហើយ

២) ៥រឿងដែលបុគ្គលជោគជ័យប្ដេជ្ញាអនុវត្ត

៣) ៣សំណួរដើម្បីលើកស្ទួយជីវិតអ្នក

Comments