សត្រូវផ្លូវអារម្មណ៍ទាំង៦មុខនៅក្នុងចិត្តរបស់អ្នក



       តើអ្វីខ្លះដែលអាចបំផ្លាញមហិច្ឆតា អនាគតរុងរឿង ទំនាក់ទំនងស្នេហា ឬជីវិតយើង ?
       គឺសត្រូវដែលស្ថិតនៅក្នុងខ្លួនយើង គឺសត្រូវដែលយើងត្រូវប្រឈមខាងក្នុង គឺសត្រូវដែលយើងត្រូវយកឈ្នះមុននឹងបណ្តោយឱ្យវាបំផ្លាញយើងជាមុន ។ នៅក្នុងខ្លួនយើង មានសត្រូវ៦មុខដែលយើងត្រូវប្រឈមយកឈ្នះ៖

១. សេចក្តីភ័យខ្លាច (Fear)

       យើងមិនកើតមកជាមួយនឹងសេចក្តីក្លាហានទេ ហើយក៏មិនកើតមកជាមួយនឹងសេចក្តីភ័យខ្លាចដែរ ។ សេចក្តីភ័យខ្លាចរបស់យើងកើតឡើងដោយសារបទពិសោធន៍ដែលយើងធ្លាប់ជួបប្រទះផ្ទាល់ ឬនរណាម្នាក់បាននិយាយប្រាប់យើង ឬយើងធ្លាប់អាន ឬស្តាប់អំពីរឿងនេះរឿងនោះ ។ ជាឧទាហរណ៍ យើងធ្លាប់ឆ្កែដេញខាំពីក្មេង យើងក៏ខ្លាចឆ្កែ បើទោះបីឆ្កែនោះតូច ឬស្ថិតនៅឆ្ងាយពីយើងក៏ដោយ ។ មានគេនិយាយប្រាប់យើងថា តំបន់ទួលសង្កែគ្រោះថ្នាក់ពេលព្រលប់ យើងក៏ខ្លាចលែងហ៊ានទៅតំបន់នោះ ។ល។ មានការសិក្សាមួយបញ្ជាក់ថា សេចក្តីភ័យខ្លាចដែលយើងបានគិត មានតែ៥%ប៉ុណ្ណោះដែលកើតឡើងពិត រីឯ៩៥%ទៀតមិនមានភាពពិតទេ ។ សេចក្តីភ័យខ្លាចបានឃាត់ឃាំងយើងមិនហ៊ានឱ្យធ្វើអ្វីមួយដែលយើងចង់ធ្វើ ហើយបានរាំងខ្ទប់ឱកាសជាច្រើនក្នុងជីវិតយើង ។

២. ភាពព្រងើយកន្តើយ (Indifference)        

       ភាពព្រងើយកន្តើយគឺជាជំងឺដ៏សោកសៅមួយនៅក្នុងខ្លួនមនុស្ស ។ ភាពព្រងើយកន្តើយ ការធ្វើមិនដឹងមិនឮ នឹងមិននាំអ្នកទៅដល់ទៅណាឡើយ ។ ភាពព្រងើយកន្តើយធ្វើឱ្យជីវិតអ្នករសាត់គ្មានគោលដៅ ។ តើនរណាទៅដែលចង់ពឹងអាស្រ័យ ឬសហការជាមួយមនុស្សដែលព្រងើយកន្តើយ ។

៣. មិនហ៊ានសម្រេចចិត្ត (Indecision)        

       ការមិនហ៊ានសម្រេចចិត្តគឺជាការបោះបង់ឱកាសទាំងឡាយចោល រួមទាំងឱកាសធ្វើធុរកិច្ច វិនិយោគ ឬបង្កើតស្នេហា ។ វាប្រៀបបាននឹងការបិទច្រកខ្លួនឯងសម្រាប់អនាគតមួយដ៏ល្អប្រសើរ ។ បើអ្នកប្រឈមនឹងបញ្ហានេះ អ្នកត្រូវប្រើដាវដ៏មុតស្រួចដើម្បីកម្ចាត់វាចេញពីខ្លួនអ្នក ។ អ្នកត្រូវចាប់ផ្តើមហ៊ានសម្រេចចិត្ត ដោយហាត់រៀនពីរឿងតូចៗទៅ ។ អ្នកត្រូវដឹងថា រាល់រឿងជោគជ័យទាំងឡាយក្នុងជីវិតត្រូវការការហ៊ានសម្រេចចិត្ត ។

៤. ការសង្ស័យ (Doubt)

       ប្រាកដហើយ វាមានពេលនិងកន្លែងសម្រាប់ភាពសមហេតុផលក្នុងការសង្ស័យលើអ្វីមួយ ។ យើងមិនអាចជឿលើអ្វីៗគ្រប់រឿងបានទេ ។ ក៏ប៉ុន្តែ យើងមិនត្រូវបណ្តោយឱ្យការសង្ស័យគ្របដណ្តប់លើការគិត និងជាអ្នកដឹកនាំជីវិតយើងទេ ។ មនុស្សភាគច្រើនសង្ស័យអំពីអតីតកាល សង្ស័យអំពីអនាគតកាល សង្ស័យលើគ្នាទៅវិញទៅមក សង្ស័យលើឱកាសដែលផុសឡើង ហើយជាពិសេសគេសង្ស័យលើសមត្ថភាពខ្លួនឯង ។ ការសង្ស័យច្រើននឹងនាំទៅបំផ្លាញផែនការរបស់អ្នក ទំនាក់ទំនងគ្រួសារ ភាពជោគជ័យ និងជីវិតរបស់អ្នក ។ វាក៏ធ្វើឱ្យគណនីធនាគាររបស់អ្នកគ្មានប្រាក់ហូរចូល ហើយបេះដូងរបស់អ្នកទទេស្អាតផងដែរ ។

៥. ការព្រួយបារម្ភ (Worry)

       យើងគ្រប់គ្នាតែងមានការព្រួយបារម្ភខ្លះៗ ដែលជារឿងធម្មតានៅក្នុងជីវិត ។ ក៏ប៉ុន្តែ កុំបណ្តោយឱ្យការព្រួយបារម្ភជាអ្នកកំណត់ជោគវាសនាជីវិតរបស់យើង ។ សូមទុកឱ្យការព្រួយបារម្ភគ្រាន់ជាការក្រើនរំឭកយើងបានហើយ ។ ការព្រួយបារម្ភអាចមានប្រយោជន៍សម្រាប់យើង ។ នៅពេលយើងដើរលើផ្លូវថ្នល់យប់អធ្រាត្រ យើងបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ ។ វាជារឿងត្រឹមត្រូវហើយ ពីព្រោះពេលយប់មានអ្នកស្រវឹងបើកបរច្រើន ។ ក៏ប៉ុន្តែ កុំបណ្តោយឱ្យការបារម្ភឃាត់ឃាំងយើងមិនឱ្យហ៊ានធ្វើអ្វីសោះ មិនហ៊ានចេញទៅក្រៅផ្ទះ មិនហ៊ានធ្វើដំណើរ មិនហ៊ានបោះទុនរកស៊ី មិនហ៊ានមានក្តីសុបិនសម្រាប់អនាគតដ៏ប្រសើរ ។ សូមប្រើប្រាស់ការព្រួយបារម្ភជាការក្រើនរំឭកយើងឱ្យប្រយ័ត្នប្រយែង តែកុំបណ្តោយឱ្យការព្រួយបារម្ភឃាត់ឃាំងយើងមិនឱ្យមានក្តីស្រមៃធំ បន្លាចយើងមិនឱ្យហ៊ានសម្រេចចិត្តធ្វើសកម្មភាពដើម្បីសម្រេចគោលដៅ ។

៦. ការខ្មាសអៀន (Timidity)

       ខុសពីការឱនលំទោន ការខ្មាសអៀនមិនមែនជាគុណធម៌ទេ ។ តាមពិត ការខ្មាសអៀនគឺជាជំងឺនៅក្នុងខ្លួនយើង ។ ប្រសិនបើយើងបណ្តោយឱ្យវារស់នៅបន្តក្នុងខ្លួនយើង វានឹងបន្តបំផ្លាញអនាគតរបស់យើង ។ នៅកន្លែងធ្វើការ បើយើងខ្មាសអៀន យើងគ្មានឱកាសទទួលបានការទទួលខុសត្រូវខ្ពស់ទេ យើងមិនអាចលូតលាស់ យើងមិនអាចបង្កើនឥទ្ធិពលរបស់យើងទេ ។ នៅក្នុងរឿងស្នេហា បើយើងខ្មាសអៀន យើងនឹងមិនដឹងចិត្តមនុស្សដែលយើងស្រឡាញ់ទេ ។

       ដូច្នេះហើយ យើងត្រូវតែប្រឈមជាមួយនឹងសត្រូវនៅក្នុងខ្លួនយើង ប្រឈមនឹងការភ័យខ្លាច ​​​​​​បណ្តុះសេចក្តីក្លាហានក្នុងការប្រយុទ្ធនឹងអ្វីដែលឃាត់ឃាំងយើងមិនឱ្យទៅមុខ អ្វីដែលរារាំងយើងមិនឱ្យយើងសម្រេចសេចក្តីស្រមៃ និងគោលដៅជីវិតយើង ។ យើងត្រូវមានសេចក្តីក្លាហានដើម្បីធ្វើនូវអ្វីដែលយើងចង់បានក្នុងជីវិតយើង ឬក្លាយជាមនុស្សបែបណាដែលយើងប្រាថ្នា ។ យើងមិនត្រូវបណ្តោយឱ្យសត្រូវទាំង៦មុខរារាំងយើងទេ ។ យើងត្រូវតែយកឈ្នះសត្រូវទាំង៦មុខនេះ ដើម្បីឱ្យជីវិតយើងរីកលូតលាស់ដល់សក្តានុពលខ្ពស់បំផុត៕
=== ^^^ ===
---
ប្រែសម្រួលដោយ សាម អ៊ីន -- មេសា ២០១៩
---
-- ដកស្រង់ពីអត្ថបទនៅក្នុង website www.jimrohn.com, 21 February 2019
“The 6 emotional enemies inside your mind”. 


-- អត្ថបទទាក់ទង

១. ទម្លាប់គិតខុស៣យ៉ាងដែលធ្វើឱ្យអ្នកមិនជឿជាក់ខ្លួនឯង

២. វិធី៥យ៉ាងក្នុងការបង្កើតភាពជឿជាក់

៣. វិធី៥យ៉ាងក្នុងការងើបខ្ពស់ឡើងបន្ទាប់ពីខកចិត្តនិងឈឺចាប់

Comments