ទម្លាប់គិតខុស ៣យ៉ាងដែលធ្វើឲ្យអ្នកមិនជឿជាក់ខ្លួនឯង

   
       តើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនជឿជាក់ខ្លួនឯង? អ្នកអាចនឹងភ្ញាក់ផ្អើលពេលដឹងអំពីចម្លើយ គឺការគិតរបស់អ្នក។ បណ្ឌិត អេលិន ហិនរិកសិន អ្នកជំនាញចិត្តសាស្រ្ត បានរកឃើញថា ទម្លាប់គិតខុស ឬគិតបែបតុកសិច ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនទុកចិត្ត មិនជឿជាក់​លើខ្លួនឯង។ គាត់ផ្តល់គំនិតថា មានផ្លូវរំដោះខ្លួន៣យ៉ាង អាចជួយយើងឲ្យមានអារម្មណ៍ជឿជាក់ឡើងវិញបាន។

       សុភាសិតបុរាណមួយពោលថា “ចិត្តរបស់អ្នកជាអ្នកបម្រើដ៏ល្អប្រពៃ តែជាចៅហ្វាយនាយដ៏គួរឲ្យខ្លាចរអា។” នៅពេលអ្នកមានអារម្មណ៍មិនទុកចិត្តលើខ្លួនឯង ក្នុងទំនាក់ទំនងជាមួយដៃគូ ឬអំពីជីវិតអ្នក គឺមកពីទម្លាប់គិតទាំង៣យ៉ាងដូចរៀបរាប់ខាងក្រោមនេះហើយប្រហែលជាកំពុងគ្រប់គ្រងចិត្តរបស់អ្នក។

       អ្នកចិត្តវិទ្យាបានហៅទម្លាប់គិតខុសបែបតុកសិចនេះថា ជាការចាប់យករឿងរ៉ាវខាងក្រៅដោយភាន់ច្រឡំ ដែលក្នុងពាក្យបច្ចេកទេសចិត្តសាស្រ្ត គឺជាការនិយាយកុហកខ្លួនឯង។ ក៏ប៉ុន្តែ វាជារឿងដែលពិបាកសម្គាល់ ពីព្រោះនៅលើផ្ទៃសើៗ វាមើលទៅដូចជាត្រឹមត្រូវ ហើយជាពិសេសធ្វើឲ្យយើងមានអារម្មណ៍ថាមែនទែន។ នេះហើយជាបញ្ហា គឺការចាប់យករឿងភាន់ច្រឡំពីខាងក្រៅ ដែលធ្វើឲ្យចិត្តយើងគិតខុស មួម៉ៅ ធុញទ្រាន់ ខ្វះសុវត្ថិភាព បង្កឲ្យមានអារម្មណ៍មិនជឿជាក់លើខ្លួនឯង។

       វាជារឿងសំខាន់ណាស់ដែលយើងត្រូវចេះសម្គាល់ថា យើងគ្រប់គ្នាតែងគិតខុសបែបនេះម្តងហើយម្តងទៀត។ នេះជារឿងធម្មតារបស់មនុស្សទូទៅ។ ក៏ប៉ុន្តែ វានឹងក្លាយជាបញ្ហាធំ នៅពេលដែលយើងចាប់ផ្តើមជឿជាក់លើការគិតខុសទាំងនោះ។


ទម្លាប់គិតខុសទី១៖ ហេតុផលអារម្មណ៍មិនល្អ

     ការគិតបែបតុកសិកទី១នេះធ្វើឲ្យយើងគិតថា ការមើលឃើញរឿងរ៉ាវមិនត្រឹមត្រូវ ខុសឆ្គងផ្សេងៗ ហាក់ដូចជាពិតប្រាកដមែនទែន ដោយសារអារម្មណ៍យើងមិនល្អ បើទោះបីរឿងនោះមិនពិតដូចនេះក៏ដោយ។ ការគិតបែបនេះវាជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់អ្នក។ ជាឧទាហរណ៍ នៅពេលអ្នកមានអារម្មណ៍អស់សង្ឃឹមក្នុងការដោះស្រាយបញ្ហាអ្វីមួយ អ្នកមិនមើលឃើញច្រកចេញទេ។ នៅពេលអ្នកខឹងសម្បា រឿងអាក្រក់អ្វីមួយនឹងកើតឡើងចំពោះអ្នក។

       ផលនៃអារម្មណ៍មិនល្អនេះអាចបង្កើតទៅជាការសង្ស័យក្នុងរឿងទំនាក់ទំនង។ ជាឧទាហរណ៍ នៅពេលអ្នកប្រចណ្ឌ អ្នកកំពុងសម្លឹងឃើញដៃគូអ្នកក្បត់អ្នកហើយ។ នៅពេលអ្នកមានកំហឹង អ្នកកំពុងគិតថា ទំនាក់ទំនងស្នេហាអ្នករង្គោះរង្គើហើយ។ បន្ទាប់មក ការគិតបែបនេះក៏ចេះតែកើនឡើង ហើយអ្នកមើលឃើញរឿងអាក្រក់ មិនសមរម្យកាន់តែច្រើនឡើង ហើយទំនាក់ទំនងស្នេហាក៏ប្រេះឆាទៅ។ អារម្មណ៍មិនល្អនេះក៏បិទច្រកផងដែរ ក្នុងការស្ដាប់ការពន្យល់ផ្សេងៗ បើទោះបីការពន្យល់នោះសមហេតុសមផលក៏ដោយ។


ទម្លាប់គិតខុសទី២៖ ការស្មានចិត្ត

    ទម្លាប់គិតបែបតុកសិចនេះគឺចង់និយាយអំពីការសន្និដ្ឋាន ឬការស្មានរបស់អ្នកទៅលើការគិតរបស់អ្នកដទៃ។​ ភាពមិនទុកចិត្តខ្លួនឯងកើតចេញពីការគិតបែបស្មានៗរបស់អ្នកអំពីគំនិតអ្នកដទៃ ហើយអ្នកជឿថារឿងនឹងវាអញ្ចឹង។ ជាលទ្ធផលត្រលប់មកវិញធ្វើឲ្យអ្នកមានអារម្មណ៍មិនជឿជាក់ខ្លួនឯង ឬគ្មានសុវត្ថិភាព ហើយវាក៏ក្លាយជារង្វង់បិសាចមួយដែលរុញឲ្យអ្នកសន្និដ្ឋានកាន់តែខុសអំពីការគិតរបស់អ្នកដទៃ និងជាលទ្ធផល អ្នកមានអារម្មណ៍កាន់តែមិនទុកចិត្តខ្លួនឯង។

       ការស្មានចិត្តអ្នកដទៃនាំឲ្យអ្នកគិតថាគេបដិសេដអ្នក គេមើលងាយអ្នក។ល។ ជាឧទាហរណ៍ គេមិនឆ្លើយតបសាររបស់ខ្ញុំ គេច្បាស់ជាស្អប់ខ្ញុំ មើលមកខ្ញុំថាគ្មានតម្លៃ។ ប្រធានខ្ញុំចង់ជួបខ្ញុំ គាត់ប្រាកដជាខឹងខ្ញុំរឿងស្អីហើយ។ គេគ្រប់គ្នាឃើញខ្ញុំបែកញើស គេប្រាកដជាគិតថាខ្ញុំល្ងង់និងខ្លាច ហើយមិនមានសមត្ថភាពឆ្លើយសំណួររួចទេ។

       ការគិតខុសបែបតុកសិចទី២នេះគឺការគិតស្មានរបស់អ្នកទៅលើអ្នកដទៃថា គេប្រសើរលើសអ្នក គេនៅខ្ពស់ជាងអ្នក គេល្អលើសអ្នក។ល។ ជាឧទាហរណ៍ នាងដឹងអ្វីៗគ្រប់យ៉ាង ហេតុនេះហើយទើបនាងមានភាពជឿជាក់ខ្លាំងជាងខ្ញុំ។ គាត់ទទួលបានការឡើងតួនាទី ដោយសារគាត់ដឹងគ្រប់យ៉ាងអំពីកិច្ចការរបស់គាត់ ល្អប្រសើរជាងខ្ញុំ។

       ការគិតខុសទាំងនេះធ្វើឲ្យអ្នកមានអារម្មណ៍អន់ថយ តូចទាប ចេះតិច គ្មានតម្លៃ ហើយរុញអ្នកឲ្យមានអារម្មណ៍បន្តថាអ្នកគ្មានសុវត្ថិភាព មិនទុកចិត្តខ្លួនឯង និងអស់សង្ឃឹម។


ទម្លាប់គិតខុសទី៣៖ យកដាក់ខ្លួន

       ការគិតខុសទី៣បែបតុកសិចនេះសំដៅលើការមើលឃើញរឿងរ៉ាវខុសឆ្គងទាំងឡាយ ហើយចេះតែយកមកដាក់ខ្លួនថា ដោយសារខ្លួនមានកំហុសទើបរឿងនេះកើតឡើង។ ជាឧទាហរណ៍ ដៃគូជីវិតអ្នកមានទឹកមុខក្រៀមក្រំ អ្នកក៏ចាប់ផ្តើមគិតថា អ្នកបានធ្វើអ្វីខុសហើយបានជាគាត់ក្រៀមក្រំ។ មិត្តប្រុសអ្នកសម្លឹងមើលនារីផ្សេង អ្នកគិតថា អ្នកមិនល្អគ្រប់គ្រាន់សម្រាប់គាត់ហើយ។ ដៃគូអ្នកមិនរីករាយ អ្នកក៏គិតថា អ្នកបង្ករឿងឲ្យគាត់មិនសប្បាយចិត្ត។

       ទម្លាប់គិតខុសដោយយកដាក់ខ្លួននេះ ធ្វើឲ្យអ្នកចេះតែបន្ទោសខ្លួនឯង មើលមកខ្លួនឯងទាប ហើយក៏មានអារម្មណ៍លែងទុកចិត្តខ្លួនឯង។
       
       តើអាចបញ្ឈប់ទម្លាប់គិតខុសទាំង៣យ៉ាងណា?

       តើធ្វើដូចម្តេចដើម្បីបញ្ឈប់ការគិតខុសបែបតុកសិចទាំងនេះ? ដើម្បីបញ្ឈប់រឿងទាំងនេះបាន អ្នកត្រូវប្រយុទ្ធជាមួយខ្លួនឯង។ ចូរសាកល្បងរៀនសម្គាល់ខណៈដែលអារម្មណ៍របស់អ្នកមិនល្អ ធ្វើឲ្យអ្នកកគិតថា អ្នកកំពុងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ តើអ្នកធ្លាប់ប្រទះអារម្មណ៍បែបនេះដែរឬទេ? នៅពេលអ្នកមានអារម្មណ៍បែបនេះ ចូរសួរខ្លួនឯងថា តើមានអ្វីកំពុងកើតឡើងក្នុងក្បាលរបស់ខ្ញុំ?​ តើខ្ញុំកំពុងវាយតម្លៃយ៉ាងណាចំពោះខ្លួនឯង?​

       បើអ្នកកំពុងគិតខុស ឬគិតអវិជ្ជមានបែបតុកសិច ចូរសាកល្បងធ្វើរឿង៣យ៉ាងដូចរៀបរាប់ខាងក្រោមនេះ ៖


វិធីទី១ ៖ យកការគិតរបស់អ្នកមកផ្ទៀងផ្ទាត់

       ដើម្បីបញ្ឈប់ការគិតខុសបែបតុកសិច ឬមួយវាកើតឡើងដោយហេតុអារម្មណ៍មិនល្អ ការស្មានចិត្ត ឬការយកដាក់ខ្លួន ចូរយកការគិតនេះមកផ្ទៀងផ្ទាត់។ អ្នកត្រូវការភស្តុតាងពិតប្រាកដច្បាស់លាស់ចំពោះការគិតរបស់អ្នក។ សូមចងចាំថា កុំយកវិចារណញ្ញាណ អារម្មណ៍ចេញពីបេះដូង ឬញាណទី៦មកធ្វើជាភស្តុតាងក្នុងការផ្ទៀងផ្ទាត់។​ ការផ្ទៀងផ្ទាត់ត្រូវឈរលើតឹកតាងជាក់ស្តែង។ ជាឧទាហរណ៍ តើអ្វីជាតឹកតាងបញ្ជាក់ថាដៃគូអ្នកក្បត់ នៅពេលអ្នកប្រចណ្ឌ។ តើអ្វីជាតឹកតាងបញ្ជាក់ថា គាត់ស្អប់អ្នក ក្រៅពីការគិតរបស់អ្នកកន្លងមក។ តើអ្វីជាភស្តុតាងដែលបញ្ជាក់ថា អ្នកបានប្រព្រឹត្តកំហុស ឬរំលោភបំពានដៃគូជីវិតអ្នក ក្រៅពីការគិតថា អ្នកមានកំហុស? ក្រោយការផ្ទៀងផ្ទាត់ អ្នកនឹងឃើញថា ការគិតស្មានរបស់អ្នកមិនត្រឹមត្រូវទេ ហើយវានឹងជួយរុញអ្នកឲ្យបោះបង់ចោលការយល់ឃើញខុសនេះចេញ។

       កំណត់សម្គាល់ ៖ អ្នកពិបាកធ្វើការផ្ទៀងផ្ទាត់ណាស់ ពេលអារម្មណ៍របស់អ្នកឡើងកម្តៅខ្លាំង។​ ចូរទុកឲ្យអារម្មណ៍អ្នកស្ងប់ល្អ រួចហើយចាំស្វែងរកភស្តុតាងផ្ទៀងផ្ទាត់។


វិធីទី២ ៖ បង្ហាញថាអ្នកមានភាពជឿជាក់

       គ្រោះថ្នាក់៣យ៉ាងដែលកើតចេញពីអារម្មណ៍មិនល្អ ការស្មានចិត្ត និងការយកដាក់ខ្លួននឹងរុញអ្នកឲ្យធ្វើសកម្មភាពខុសឆ្គង ដែលនឹងបង្កការរំខានដល់ ឬឈានទៅបង្កើតភាពជាសត្រូវជាមួយអ្នកដទៃ។ វាអាចនឹងបង្ខំអ្នកឲ្យលួចមើលសារ ឬអ៊ីម៉េលអ្នកដទៃដោយគ្មានការអនុញ្ញាត។ វាអាចនឹងរុញអ្នកឲ្យប្រើសម្ដីប្រតិកម្មបែបមើលស្រាលទៅលើមិត្តរបស់អ្នក។ល។

       ជាមួយវិធីទប់ទល់នេះ បើទោះបីវាមិនអាចបញ្ឈប់ការគិតខុសដែលលេចឡើងនៅក្នុងខួរក្បាលអ្នក ក៏អ្នកអាចបញ្ឈប់សកម្មភាពមិនល្អ ដែលអាចនឹងកើតចេញពីនោះដែរ។ ជាឧទារហរណ៍ នៅពេលអ្នកឃើញទូរស័ព្ទដៃគូជីវិតអ្នកនៅលើតុ ដែលគេកំពុងមុជទឹកក្នុងបន្ទប់ អ្នកត្រូវសួរខ្លួនឯងថា តើបុគ្គលដែលជឿជាក់លើខ្លួនឯងគេនឹងធ្វើអ្វីនៅពេលនេះ? បុគ្គលដែលជឿជាក់លើខ្លួនឯងនឹងមិនប៉ះពាល់ទូរស័ព្ទអ្នកដទៃដោយគ្មានការអនុញ្ញាតទេ។ ចូរធ្វើនូវរឿងទាំងឡាយដែលបុគ្គលជឿជាក់លើខ្លួនឯងធ្វើ បើទោះបីអ្នកមានអារម្មណ៍មិនជឿជាក់ក៏ដោយ។ បែបនេះ វានឹងជួយលើកស្ទួយភាពជឿជាក់ និងអារម្មណ៍មានសុវត្ថិភាពរបស់អ្នក។

       អតិថិជនម្នាក់របស់ខ្ញុំបានរៀបរាប់បទពិសោធន៍របស់នាងថា នៅពេលមិត្តប្រុសរបស់នាងមានគម្រោងទៅជួបជុំជប់លៀងជាមួយមិត្តរួមជំនាន់នៅវិទ្យាល័យ នាងគិតថាគេច្បាស់ជាជួបមុខសង្សារចាស់របស់គេហើយ។ នាងត្រូវបានជំរុញចេញពីការគិតស្មាននេះឲ្យតាមដានលើបណ្តាញសង្គមរបស់មិត្តប្រុសនាង១សប្តាហ៍នេះ តើគេមានបញ្ចេញរូបថតនៃការជួបជុំនេះដែរឬទេ។ យើងបានពិគ្រោះយោបល់ថា តើនាងនឹងធ្វើដូចម្តេច បើនាងមានអារម្មណ៍ជឿជាក់លើខ្លួនឯង និងលើមិត្តប្រុសរបស់នាង។ នាងថា នាងនឹងជូនពរគេឲ្យមានការរីករាយជាមួយការជួបជុំមិត្តរួមជំនាន់ ផ្ញើសារទៅសួរសុខទុក្ខគេជាធម្មតា ហើយមិនតាមដានដោយសង្ស័យលើបណ្តាញសង្គមរបស់គេទេ។ រួចហើយ នាងក៏ធ្វើតាមបែបនេះ ចុងសប្តាហ៍បានកន្លងផុតទៅ នាងមានអារម្មណ៍ថា ភាពជឿជាក់លើខ្លួនឯងបានកើនឡើង ហើយការសង្ស័យនិងប្រចណ្ឌលើមិត្តប្រុសក៏ធ្លាក់ចុះ។

       ចូរចងចាំថា នៅពេលអ្នកធ្វើសកម្មភាពបែបជឿជាក់ ភាពជឿជាក់របស់អ្នកនឹងកើនឡើង។


វិធីទី៣ ៖ ពង្រឹងខ្លួនឯងប្រឆាំងនឹងភាពមិនជឿជាក់

       ភាពមិនជឿជាក់ នៅក្នុងទីជម្រៅ គឺការមន្ទិលសង្ស័យចំពោះខ្លួនឯង។ អ្នកកំពុងមានបញ្ហាសង្ស័យលើសមត្ថភាព តម្លៃ និងការប្រព្រឹត្តរបស់អ្នក។

       មនុស្សភាគច្រើនខិតខំប្រឆាំងនឹងភាពមិនជឿជាក់ដោយខំប្រឹងបិទបាំង។ គេខំប្រឹងធ្វើរឿងផ្សេងៗ ដើម្បីបន្លប់ខ្លួនឯង ខំប្រឹងធ្វើខ្លួនសម្របដើម្បីឲ្យអ្នកផ្សេងទាំងឡាយចូលចិត្ត ខំប្រឹងប្រព្រឹត្តឲ្យល្អ ដើម្បីកុំឲ្យគេទិតៀន។

       ក៏ប៉ុន្តែ វិធីដែលសមស្របគឺថា ជំនួសឲ្យការខំប្រឹងលប់បំបាត់ការមន្ទិលសង្ស័យទាំងឡាយលើខ្លួនឯង ចូរត្រៀមខ្លួនទទួលយកភាពខ្វះខាតផ្សេងៗ។ ចូរពង្រឹងខ្លួនអ្នកប្រឆាំងនឹងភាពមិនជឿជាក់ ដោយយកខ្លួនអ្នកប្រឈមនឹងភាពពិតជាក់ស្តែងទាំងឡាយនៃភាពខ្វះចន្លោះ។ ធ្វើដូចម្តេចទៅ? ចូរជ្រើសរើសឃ្លាប្រយោគដែលឆ្លុះបញ្ចាំងពីភាពមិនល្អឥតខ្ចោះ រួចហើយនិយាយទៅកាន់ខ្លួនឯង ម្តងហើយម្តងទៀត។ ឃ្លាទាំងនោះមានដូចជា ៖ បើទោះបីខ្ញុំខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សមិនចូលចិត្តខ្ញុំដែរ។ វាប្រាកដជាមានមនុស្សដែលទាក់ទាញជាងខ្ញុំ។ វាច្បាស់ជាមានអ្នកដែលឈ្លាសវៃជាងខ្ញុំ។ល។

       ចូរព្យាយាមកែប្រែការគិតរបស់អ្នក ដើម្បីប្រឈមនឹងអារម្មណ៍មិនជឿជាក់លើខ្លួនឯង។ ស្វែងរកប្រយោគសមស្រប ដើម្បីពង្រឹងខ្លួនឯងថា អ្នកមិនល្អឥតខ្ចោះទេ រួចហើយនិយាយឃ្លានោះចំពោះខ្លួនឯងម្តងហើយម្តងទៀត រហូតចិត្តអ្នកព្រមទទួលយកភាពខ្វះខាតផ្សេងៗ។ អ្នកត្រូវដឹងថា ជាដំបូងវាអាចធ្វើឲ្យអ្នកមានអារម្មណ៍អន់ចិត្ត ឬអស់សង្ឃឹម។ ក៏ប៉ុន្តែ បន្ទាប់ពីអ្នកនិយាយជាច្រើនដងចំពោះខ្លួនអ្នក អ្នកក៏ព្រមទទួលយកភាពខ្វះខាតមួយចំនួន រួចហើយបន្ទាប់មកវាលែងធ្វើឲ្យអ្នកមានអារម្មណ៍មិនទុកចិត្តចំពោះរឿងរ៉ាវទាំងនោះទៀតហើយ។ នៅពេលដែលអ្នកប្រឈមនឹងភាពមិនទុកចិត្ត ភាពមិនទុកចិត្តក៏រលាយបាត់ចេញពីគំនិតរបស់អ្នក។

       នៅពេលក្រោយទៀត បើអ្នកមានអារម្មណ៍មិនជឿជាក់ ឬមិនទុកចិត្តខ្លួនឯង ចូរសាកល្បងសួរខ្លួនឯងថា តើវាកើតចេញពីអារម្មណ៍មិនល្អពេលនេះ ការស្មានចិត្តខុស ឬការយកដាក់ខ្លួនដែលមិនត្រឹមត្រូវ។ ចូរសាកល្បងប្រើវិធីទាំង៣យ៉ាង ដើម្បីលុបបំបាត់ ឬប្រឈមនឹងភាពមិនទុកចិត្តលើខ្លួនឯងរបស់អ្នក។ អ្នកអាចធ្វើបាន បើអ្នកស្ម័គ្រចិត្តប្រតិបត្តិម្តងហើយម្តងទៀតដោយមិនបោះបង់។ អ្នកពិតជាអាចយកឈ្នះនូវអារម្មណ៍មិនជឿជាក់ បើអ្នកខំប្រឹងប្រតិបត្តិវិធីទាំង៣នេះ។

--- ^^^ --- 

---
ប្រែសម្រួលដោយ សាម អ៊ីន -- សីហា ២០១៨
---
-- ដកស្រង់ពីអត្ថបទរបស់ Ellen Hendriksen, May 2017 in the success magazine: www.success.com

Comments