បញ្ញាផ្លូវអារម្មណ៍


“ជោគវាសនានៃជីវិតអ្នកកំណត់ឡើង ១០% ដោយសាររឿងរ៉ាវទាំងឡាយដែលកើតឡើងចំពោះអ្នក ហើយ ៩០% ទៀត ដោយសារការប្រតិកម្មរបស់អ្នកទៅលើរឿងរ៉ាវទាំងនោះ។” -- Charles R. Schwindoll

តើអ្នកធ្លាប់បានស្តាយក្រោយចំពោះទង្វើបែបប្រតិកម្មរបស់អ្នកមិនបានគិតជាមុនដែរទេ ដោយសារអ្នកឆាប់ខឹងពេក ដោយសារការប្រចណ្ឌខុសទំនង ឬមួយដោយសារគេញោះអ្នក? បាត់បង់ការគ្រប់គ្រងលើអារម្មណ៍របស់អ្នកអាចបំផ្លាញឱកាសមាសរបស់អ្នកក្នុងការចាប់យកជីវិតរីករាយ និងជោគជ័យ។ វាអាចជាកត្តាដ៏សំខាន់បំផុតមួយក្នុងការបង្កនូវភាពខុសគ្នាដាច់ស្រឡះរវាងជោគជ័យ និងបរាជ័យនៅក្នុងជីវិត។

ឧទាហរណ៍នៃបញ្ញាផ្លូវអារម្មណ៍ដ៏ទន់ខ្សោយស្ថិតនៅជុំវិញខ្លួនយើង។ មនុស្សប្រកែកគ្នាយកឈ្នះចាញ់នៅក្នុងឡានក្រុង, ឪពុកស្រែកសម្លុតកូននៅតាមដងផ្លូវ, បុគ្គលិកនិយាយដោយកំហឹង នៅពេលប្រគល់លិខិតលាលែងពីការងារទៅប្រធានរបស់គេ។

បញ្ញាផ្លូវអារម្មណ៍គឺជាគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់ជីវិតដែលមានលំនឹងនិងប្រកបដោយភាពពេញចិត្ត។ វាជាមូលដ្ឋានគ្រឹះក្នុងការក្លាយជាដៃគូ ជាឪពុកម្តាយ ឬជាសហការីដ៏ជោគជ័យ។ ការងារដ៏ល្អ អាពាហ៍ពិពាហ៍ដ៏មានសុភមង្គល គ្រួសារកក់ក្តៅ ឬដៃគូរកសុីដែលមានបាន អាចនឹងត្រូវបានបំផ្លាញភ្លាមៗដោយសារតែអារម្មណ៍ឆ្កួតលីលាមួយភ្លែត។

វាងាយស្រួលទេ ក្នុងការសើចចំអកទៅលើនរណាម្នាក់។ ក៏ប៉ុន្តែ ដើម្បីធានាជីវិតប្រព្រឹត្តទៅដោយជោគជ័យ អ្នកត្រូវតែបញ្ចៀសកុំឱ្យអ្នកដទៃឈឺចាប់ ខកចិត្ត ឬភ័យខ្លាច។ ដើម្បីធ្វើរឿងនេះបាន អ្នកត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់អ្នក។ ប្រសិនបើអ្នកចាំបាច់បង្ហាញពីការមិនសប្បាយចិត្ត ឬខឹងនរណាម្នាក់ អ្នកត្រូវធ្វើវាជាមួយការដឹងជាមុន ដោយមិនបាត់បង់ការគ្រប់គ្រងលើអារម្មណ៍របស់អ្នក ឬក៏ប្រតិកម្មដោយមិនបានគិត។ អ្នកមិនអាចរស់នៅដោយចាំតែសូមទោស ឬស្តាយក្រោយមួយជីវិត ដោយសារតែបាត់បង់ការគ្រប់គ្រងលើអារម្មណ៍របស់អ្នកទេ។

ការមានសមត្ថភាពយល់ដឹងអំពីចិត្តអ្នកដទៃ និងអាចសម្លឹងមើលបញ្ហាតាមកែវភ្នែកអ្នកដទៃបាន គឺជាសញ្ញាមួយបញ្ជាក់ថា អ្នកមានបញ្ញាផ្លូវអារម្មណ៍ខ្ពស់ និងចេះយល់ចិត្តអ្នកដទៃខ្លាំង។ មនុស្សដែលចេះយល់ចិត្តអ្នកដទៃកម្រនឹងបាត់បង់ការគ្រប់គ្រងលើអារម្មណ៍ខ្លួនឯងណាស់ វាដូចជាគេបានបំពាក់ឧបករណ៍ការពារជាច្រើន សម្រាប់ទប់ទល់នឹងបញ្ហាទាំងឡាយ ដែលកើតឡើងចំពោះជីវិតគេ។

==បញ្ញាផ្លូវអារម្មណ៍គឺជាគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់ជីវិតដែលមានលំនឹងនិងប្រកបដោយភាពពេញចិត្ត។==

ប្រតិបត្តិជាសកម្មភាពជាក់ស្តែង

=> ឈប់បន្តិចសិនមុននឹងប្រតិកម្ម

ចូរបញ្ចៀសនូវដំណើរការជាស្វ័យប្រវត្តិ ដោយប្រតិកម្មភ្លាមៗ ដោយមិនបានគិតជាមុន ទៅលើរឿងរ៉ាវទាំងឡាយដែលមកប៉ះទង្គិចនឹងចិត្តរបស់អ្នក រួចហើយអ្នកអង្គុយសោកស្តាយជាក្រោយ។ ការនេះវាទាមទារឱ្យអ្នកស្មោះត្រង់នឹងខ្លួនឯង ថាតើអ្នកមានអារម្មណ៍យ៉ាងណាក្នុងពេលភ្លាមៗនោះ, វាជាការប្រចណ្ឌ ការឈឺចាប់ ឬកំហឹង។ ក្នុងពេលភ្លាមៗនោះ ចូរឈប់បន្តិចសិន ដោយកុំធ្វើសកម្មភាពជាសម្ដី ឬកាយវិការចេញមកក្រៅ។ ចូរកុំនិយាយ ២ ទៅ ៣ វិនាទី រួចហើយអង្គុយចុះ បើអ្នកកំពុងឈរ។ មនុស្សយើងតែងមានអារម្មណ៍ត្រជាក់និងនឹងនរជាងក្នុងស្ថានភាពអង្គុយ។ ប្រសិនបើអ្នកនៅជុំវិញទន្ទឹងរង់ចាំអ្នកឱ្យនិយាយប្រតិកម្មតប ចូរយកពេលសិន ដោយឆ្លើយថា “ទុកពេលឱ្យខ្ញុំមួយភ្លែតសិន ដើម្បីគិតរឿងនេះ។”

ភាពអស់កម្លាំង ការងារច្រើនពេក ឬស្រ្តេសអាចជំរុញអ្នកឱ្យប្រតិកម្មដោយអារម្មណ៍តានតឹង មួម៉ៅ ក្តៅក្រហាយ។ ខ្ញុំតែងផ្តល់ដំបូន្មាន ដល់អ្នកដែលខ្ញុំប្រឹក្សាបង្រៀន ឱ្យដេកមួយយប់សិន ចាំព្រឹកឡើងចាំឆ្លើយតប។ ប្រសិនបើអ្នកចាំបាច់ត្រូវសរសេរអុីម៉េលដ៏លំបាកមួយទៅនរណាម្នាក់ អ្នកត្រូវរង់ចាំ២៤ម៉ោងសិន បន្ទាប់ពីអ្នកព្រាងពាក្យពេចន៍ មុននឹងអ្នកផ្ញើទៅ ដើម្បីផ្តល់ពេលដល់អ្នកក្នុងការឆ្លុះបញ្ចាំង និងអានឡើងវិញ។

=> សូមយល់ចិត្តឱ្យសុីជម្រៅ

ការមានអារម្មណ៍ដឹងថា អ្នកដទៃមានអារម្មណ៍យ៉ាងម៉េច ហើយគេចង់ទំនាក់ទំនងអំពីអ្វី គឺជាជំនាញដ៏អស្ចារ្យមួយ។ អ្នកដឹកនាំដែលគួរឱ្យចងចាំតែងមានជំនាញនេះ ហើយរឿងនេះធ្វើមនុស្សចូលចិត្តគាត់។ តើអ្នកមានបុគ្គលគំរូណាមួយ ដើម្បីជំរុញចិត្តអ្នកដែរទេ?

ការយល់ចិត្តដ៏ពិតប្រាកដគឺមិនមែនជាការអង្គុយរង់ចាំឱ្យអ្វីៗសម្ដែងចេញឡើងដើម្បីសង្កេតមើលទេ ប៉ុន្តែជាការនាំមុខធ្វើរឿងនេះ។ វាទាមទារនូវការខំប្រឹងប្រែងក្នុងការផ្តល់ជូននរណាម្នាក់នូវពេលវេលាពេញលេញ និងការយកចិត្តទុកដាក់ស្តាប់ ដោយសួរគេថា តើគេមានអារម្មណ៍បែបណា តើគេអាចដោះស្រាយបញ្ហានោះបានល្អដែរទេ។ សូមកុំមើលរំលងអ្នកដែលនៅជិតអ្នកបំផុត។ សូមកុំធ្វើព្រងើយកន្តើយចំពោះមនុស្សដែលនៅជុំវិញអ្នក។ ចូរបញ្ចៀសនូវភាពរវល់ខ្លាំង ដោយមិនបានអង្គុយជជែកជាមួយកូន ដៃគូជីវិត ឬសហការីរបស់អ្នក៕

===^^^===
---
ប្រែសម្រួលដោយ សាម អុីន -- កញ្ញា ២០២១
---

-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Be emotionally intelligent”.


-- អត្ថបទទាក់ទង

១. ទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម
២. ស្តាប់បេះដូងរបស់អ្នក



Comments