ស្តាប់បេះដូងរបស់អ្នក

 


កាលនៅជាយុវជន នាចុងទសវត្សរ៍១៩៨០ មុនប្រលងជាប់បាក់ឌុប ខ្ញុំមិនចាប់អារម្មណ៍និងមិនដឹងថា ខ្ញុំចូលចិត្តអ្វីទេ។ កាលនោះសង្គមយើងឱ្យតម្លៃលើវេជ្ជបណ្ឌិត មេព្រៃ គយ មន្រ្តីជលផល ពីព្រោះមុខជំនាញទាំងនេះធ្វើឱ្យរស់ស្រួល រកលុយបានច្រើន និងគេចង់លើកកូនឱ្យ។ ម្តាយជាទីគោរពរបស់ខ្ញុំចង់ឱ្យខ្ញុំរៀនពេទ្យក្លាយជាវេជ្ជបណ្ឌិត រីឯបងស្រីធំជាទីស្រឡាញ់របស់ខ្ញុំផ្តល់យោបល់ឱ្យខ្ញុំក្លាយជាមេព្រៃ។
នៅឆ្នាំ១៩៨៩ ខ្ញុំជាប់បាក់ឌុប ហើយដោយជាប់ជាសិស្សពូកែគណិតវិជ្ជាទូទាំងប្រទេសលេខ៦ផង ខ្ញុំមានអាទិភាពរើសមហាវិទ្យាល័យដែលខ្ញុំចង់រៀនបាន ឬក៏ទទួលយកអាហារូបករណ៍ទៅរៀនក្រៅប្រទេស។ ខ្ញុំមិនដឹងថា ខ្ញុំចង់រៀនអ្វី ឬចូលចិត្តអ្វីឱ្យពិតប្រាកដទេ តែខ្ញុំដឹងច្បាស់ថា ខ្ញុំមិនចង់ក្លាយជាវេជ្ជបណ្ឌិតទេ។ តាំងពីក្មេងមក ខ្ញុំតែងមានក្តីស្រមៃចង់ដឹង ចង់ស្គាល់អំពីអារ្យធម៌ប្រទេសអឺរ៉ុបជាខ្លាំង។ ដោយឱកាសល្អកម្ររកបានមកដល់ ខ្ញុំក៏ដាក់ពាក្យ ហើយទទួលយកអាហារូបករណ៍ទៅប្រទេសអាល្លឺម៉ង់ខាងកើត។ កាលនោះប្រទេសកម្ពុជា នៅជារដ្ឋកម្ពុជានៅឡើយ ហើយនិស្សិតខ្មែរមានឱកាសទៅសិក្សាតែនៅប្រទេសក្នុងប្លុកកុម្មុយនីស្តប៉ុណ្ណោះ។ ក្នុងពេលរៀនភាសាអាល្លឺម៉ង់១ឆ្នាំនៅសាកលវិទ្យាល័យភ្នំពេញ គ្រូបង្រៀនភាសាជនជាតិអាល្លឺម៉ង់បានប្រាប់សិស្សទាំងអស់ឱ្យជ្រើសរើសមុខវិជ្ជាដែលត្រូវចូលរៀននៅសាកលវិទ្យាល័យប្រទេសអាល្លឺម៉ង់។ ដោយទទួលរងឥទ្ធិពលពីការឱ្យតម្លៃរបស់សង្គម និងគ្រួសារ ខ្ញុំក៏សម្រេចរើសយកមុខជំនាញវិទ្យាសាស្រ្តព្រៃឈើ ដែលនឹងត្រូវក្លាយជាមេព្រៃក្រោយរៀនចប់ ដោយមិនដឹងថា តើមុខជំនាញនេះត្រូវរៀនអំពីអ្វី ជាមុខជំនាញស្ថិតក្នុងផ្នែកវិទ្យាសាស្រ្តសង្គម ឬវិទ្យាសាស្រ្តធម្មជាតិ។
នៅចុងខែកក្កដា ឆ្នាំ១៩៩០ ខ្ញុំនិងនិស្សិតខ្មែរដទៃទៀតបានទៅដល់ប្រទេសអាល្លឺម៉ង់។ ជាសំណាងល្អមួយ ប្រទេសអាល្លឺម៉ង់ខាងកើតនិងខាងលិច បានរួបរួមជាអាល្លឺម៉ង់តែមួយ ចាប់ពីថ្ងៃទី ៣ តុលា ឆ្នាំ១៩៩០។ ក្នុងពេលរៀនត្រៀម១ឆ្នាំមុនចូលសាកលវិទ្យាល័យ គ្រូគណិតវិជ្ជាបានផ្តល់យោបល់ឱ្យខ្ញុំផ្លាស់មុខជំនាញទៅរៀនខាងព័ត៌មានវិទ្យា (computer) ដោយសារឃើញខ្ញុំមានពិន្ទុគណិតវិជ្ជាខ្ពស់ដាច់គេក្នុងចំណោមនិស្សិតបរទេសទាំងអស់ ហើយមុខជំនាញនេះមានតម្រូវការខ្លាំងនៅក្នុងទីផ្សារការងារប្រទេសអាល្លឺម៉ង់។ ដោយនៅជាប់ជំពាក់នឹងការឱ្យតម្លៃពីសង្គមខ្មែរលើមេព្រៃ ខ្ញុំមិនបានធ្វើតាមយោបល់អ្នកគ្រូគណិតវិជ្ជាខ្ញុំទេ។

ខែកញ្ញា ឆ្នាំ១៩៩១ ខ្ញុំបានឈានជើងចូលសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាដ្រេសដិន (Dresden University of Technology) ក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្តរុក្ខកម្ម។ ពី១ឆ្នាំទៅ១ឆ្នាំ ខ្ញុំចាប់ផ្តើមដឹងថា មានមុខវិជ្ជាមួយចំនួនខ្ញុំមិនចូលចិត្តសោះ ជាពិសេស មុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្រ្តធម្មជាតិ ដូចជា ជីវវិជ្ជា រុក្ខវិជ្ជា សត្តវិជ្ជា ធរណីវិជ្ជា អាកាសធាតុវិជ្ជា។ល។ ខ្ញុំខំប្រឹងរៀនយ៉ាងខ្លាំងទាំងបង្ខំ ដើម្បីប្រលងយកពិន្ទុល្អ ពីព្រោះខ្ញុំមានបេសកកម្មត្រូវយកសញ្ញាបត្រឱ្យទាល់តែបាន។ ក៏ប៉ុន្តែ ចាប់ពីពាក់កណ្តាលឆ្នាំសិក្សាទី៣ទៅ មានមុខវិជ្ជាមួយចំនួនទាក់ទាញចំណាប់អារម្មណ៍ខ្ញុំខ្លះ។ មុខវិជ្ជាទាំងនោះមានដូចជា ការគ្រប់គ្រងរដ្ឋបាលព្រៃឈើ ច្បាប់និងនយោបាយព្រៃឈើ មូលដ្ឋានគ្រឹះសេដ្ឋកិច្ច ដែលជាមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្រ្តសង្គម។ ដោយការខំប្រឹងទាំងបង្ខំ និងមានអំណោយផលខួរក្បាលចងចាំល្អ ខ្ញុំទទួលបានពិន្ទុល្អ ដែលអាចបន្តការសិក្សាថ្នាក់បណ្ឌិតខាងនយោបាយព្រៃឈើ។
យ៉ាងណាក៏ដោយ ខ្ញុំនៅតែយល់ថា ខ្ញុំជ្រើសរើសមុខវិជ្ជាសិក្សាដើម្បីក្លាយជាមេព្រៃ តាមលំនាំនៃការឱ្យតម្លៃរបស់សង្គម មិនស្របនឹងចំណាប់អារម្មណ៍និងទេពកោសល្យពីធម្មជាតិរបស់ខ្ញុំទេ។ ខ្ញុំខំប្រឹងចំណាយថាមពលយ៉ាងច្រើន ខំជម្នះរៀននូវអ្វីដែលមិនចូលចិត្ត និងមិនអាចទទួលបានលទ្ធផលដ៏ល្អផូរផង់ទេ ហើយជាពិសេស ខ្ញុំពុំមានភាពរីករាយនិងពេញចិត្តជាមួយនឹងការសិក្សាខាងរុក្ខកម្មនេះទេ។


ក្រោយបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ខ្ញុំក៏ត្រលប់មកស្រុកខ្មែរវិញ ហើយចូលបម្រើការងារនៅអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ Lutheran World Federation (LWF) ចាប់ពីដើមឆ្នាំ២០០៤។ ខ្ញុំរីករាយនិងពេញចិត្តជាមួយនឹងការងារមនុស្សធម៌ ការងារជួយអ្នកក្រីក្រទន់ខ្សោយនៅតំបន់ជនបទដាច់ស្រយាល ហើយជាពិសេស ជាមួយក្រុមការងារមួយដែលចេះជួយគ្នា សហការគ្នាបានល្អ និងភាពជាអ្នកដឹកនាំដែលផ្តល់ការលើកទឹកចិត្ត ផ្តល់គំរូល្អរបស់លោក David H. Mueller ដែលជាប្រធានអង្គការ។ ដោយមានការណែនាំពីគ្រូឥណ្ឌាម្នាក់ ខ្ញុំបានចាប់ផ្តើមអានសៀវភៅអំពីភាពជាអ្នកដឹកនាំរបស់លោក John C. Maxwell គឺ “The 21 irrefutable laws of leadership” និងបន្តបន្ទាប់មកសៀវភៅដ៏ល្បីរបស់លោក Stephen Covey គឺ “7 habits of highly effective people” ដោយជក់ចិត្តដិតអារម្មណ៍។ ការចាប់យកគោលការណ៍ និងខ្លឹមសារចេញពីសៀវភៅអំពីភាពជាអ្នកដឹកនាំមកប្រតិបត្តិជាក់ស្តែងធ្វើឱ្យខ្ញុំទទួលបានការចូលចិត្តនិងគោរពកាន់តែច្រើនឡើងពីសហការីក្នុងអង្គការ ហើយទទួលតួនាទីកាន់តែធំនិងខ្ពស់ឡើងៗក្នុងស្ថាប័ន រហូតក្លាយជាអនុប្រធានអង្គការនៅឆ្នាំ២០០៨។ ពេលអង្គការ LWF ក្លាយជាអង្គការក្នុងស្រុកមានឈ្មោះថា អង្គការជីវិតថ្លៃថ្នូរ LWD ក្រុមប្រឹក្សាភិបាលបានជ្រើសរើសខ្ញុំជានាយកប្រតិបត្តិដំបូង ចាប់ពីខែមករា ឆ្នាំ២០១១។


នៅចុងឆ្នាំ២០០៨ ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក ជាពិសេស លើបេក្ខជនប្រធានាធិបតី Barack Obama ដែលមានវោហាសាស្រ្តនយោបាយដ៏គួរឱ្យទាក់ទាញ និងជំរុញទឹកចិត្ត។ ជាបណ្តើរៗ ខ្ញុំក៏ចាប់ផ្តើមអានសៀវភៅអំពីប្រវត្តិអ្នកដឹកនាំល្បីៗ ដូចជា លោក Nelson Mandela លោក John F. Kennedy លោក Lee Kuan Yew និង Mahatma Gandhi អំពីប្រវត្តិសាស្រ្តពិភពលោក នយោបាយ និងសេដ្ឋកិច្ច។ ការយល់ដឹងអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ចក៏ចេះតែកើនឡើង ហើយដល់ពេលមួយនៅឆ្នាំ២០១៣ ខ្ញុំក៏ចាប់ផ្តើមយល់ថា ប្រទេសមួយមិនអាចរុងរឿង និងរឹងមាំបានតាមរយៈការទទួលជំនួយពីគេទេ។ ជាតិមួយអាចខ្លាំងរឹងមាំបានទាល់តែប្រទេសនោះមានរដ្ឋាភិបាលល្អ មានសហគ្រិនមានគំនិតច្នៃប្រឌិតច្រើន ប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម មានវិន័យ និងមានស្មារតីពឹងលើខ្លួនឯងជាចម្បង។ ចាប់ពីនោះមក ការស្រឡាញ់ពេញចិត្តលើការងារមនុស្សធម៌និងអង្គការមិនមែនរដ្ឋាភិបាលក៏ចាប់ធ្លាក់ចុះ ហើយខ្ញុំក៏សម្រេចចាកចេញពីការងារជាមួយអង្គការមិនមែនរដ្ឋាភិបាលនៅចុងឆ្នាំ២០១៤ ក្រោយបញ្ចប់អាណត្តិ៤ឆ្នាំនៃការដឹកនាំអង្គការ LWD។ ចាប់ពីនេះមក ខ្ញុំបានចូលរួមក្នុងការងារនយោបាយ ដោយចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP និងចំណាយពេលសរសេរនិងបកប្រែអត្ថបទខ្លីៗអំពីការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំ អំពីនយោបាយនិងប្រជាធិបតេយ្យ ដែលត្រូវនឹងចំណាប់អារម្មណ៍របស់ខ្ញុំ ហើយខ្ញុំគិតថា វាផ្តល់អត្ថប្រយោជន៍ច្រើនជួយដល់សង្គមដែលខ្ញុំរស់នៅ។
ក៏ប៉ុន្តែ អាយុខ្ញុំរាងជ្រេបន្តិចហើយ ខ្ញុំត្រូវខំប្រឹងយ៉ាងច្រើនក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីធ្វើនូវអ្វីដែលខ្ញុំចូលចិត្ត។ អ្វីដែលខ្ញុំបានចំណាយពេលយ៉ាងច្រើននិងថាមពលយ៉ាងខ្លាំងទាំងបង្ខំក្នុងការសិក្សាមុខជំនាញរុក្ខកម្ម ដូចជាមិនសូវយកមកប្រើបានច្រើនទេ។

ការចែករំលែកបទពិសោធន៍ជីវិតនេះ គឺចង់ឱ្យប្អូនៗ ក្មួយៗជាយុវជនត្រូវចេះស្វែងយល់អំពីខ្លួនឯង ស្តាប់បេះដូងខ្លួនឯងឱ្យបានច្រើន ដើម្បីដឹងថា តើខ្លួនមានចំណូលចិត្តលើអ្វី មានទេពកោសល្យអ្វីពីធម្មជាតិ ជាជាងការជឿលើមតិយោបល់អ្នកដទៃ ការឱ្យតម្លៃរបស់សង្គម ដែលអាចខុសឆ្ងាយពីចំណូលចិត្តនិងទេពកោសល្យរបស់អ្នក។ បើប្អូនៗ ក្មួយៗ ស្គាល់អំពីខ្លួនឯងច្បាស់ហើយ សូមចាប់ផ្តើមរៀបចំដំណើរសំដៅទៅរកក្តីស្រមៃរបស់ខ្លួនទៅ។ ពិតហើយ ផ្លូវធ្វើដំណើរទៅរកក្តីស្រមៃមិនរាបស្មើទេ។ ចូររីករាយជាមួយនឹងដំណើរលើផ្លូវដែលមានជង្ហុកច្រើន មានទឹក មានភក់ ត្រូវឈប់សម្រាក ត្រូវវៀង តែកុំអស់សង្ឃឹម និងកុំបោះបង់ក្តីស្រមៃ។

ជីវិតយើងខ្លីណាស់ បើយើងអាចរស់ដល់អាយុដល់៨២ឆ្នាំ យើងមានពេលតែ​ប្រមាណ ៣មុឺនថ្ងៃប៉ុណ្ណោះ ហើយ១ថ្ងៃៗលឿនណាស់។ ដូច្នេះ ចូរកុំវាស់ភាពជោគជ័យរបស់អ្នកដោយប្រៀបធៀបនឹងអ្នកដទៃ ស្ថានភាពរបស់បុគ្គល២នាក់ មិនអាចដូចគ្នាសោះឡើយ តាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់។ អ្នកមិនអាចប្រៀបធៀបសត្វស្វាដែលមានទេពកោសល្យពីកំណើតពូកែឡើងដើមឈើជាមួយសត្វត្រីដែលពូកែហែលទឹកបានឡើយ។ សូមកុំវាស់ភាពជោគជ័យរបស់អ្នកជាមួយនឹងទំហំទឹកលុយ ឬទំហំផ្ទះរបស់អ្នក ពីព្រោះវានឹងធ្វើឱ្យអ្នករងទុក្ខរយៈពេលវែង ឬរីករាយតែក្នុងរយៈពេលខ្លីទេ។ អ្នកគួរវាស់ភាពជោគជ័យរបស់អ្នកជាមួយក្តីស្រឡាញ់ដែលអ្នកផ្តល់ឱ្យ ជាមួយភាពពេញចិត្តនិងភាពរីករាយដែលអ្នកមានក្នុងដំណើរជីវិតអ្នក ហើយរឿងទាំង៣ប្រការនេះស្ថិតក្នុងការចាត់ចែងនិងការសម្រេចរបស់អ្នកទាំងស្រុង។

=== ^^^ ===


---
រៀបរៀងដោយ សាម អុីន -- វិច្ឆិកា ២០២០

៣. កុំរស់រងទុក្ខ

៤. គន្លឹះ ៤យ៉ាងសម្រាប់កំណត់គោលដៅជីវិតអ្នក

Comments

ខ្ញុំបានអានសៀវភៅ ក៏ដូចជាការសរសេរបស់លោកជាច្រើន
សូមអរគុណច្រើនខ្លាំងណាស់ សង្ឃឹមថាលោកបានឃើញខ្ញុំបញ្ចេញមតិនេះផងចុះ
Sam Inn said…
អរគុណចំពោះការផ្តល់មតិលើកទឹកចិត្ត Samnaang ១ជីវិត។