ចិត្តគំនិត៥ប្រការរបស់បុគ្គលជោគជ័យធំធេង


      
តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបុគ្គលដូចជា ប៊ីល ហ្គេត (Bill Gates) រីឆាត ប្រាន់សុន (Richard Branson) ឬ ម៉ូហាម៉ាត់ អាលី (Muhammad Ali) ទទួលជោគជ័យធំធេងយ៉ាងនេះ? ខ្ញុំតែងតែចាប់អារម្មណ៍ចំពោះរឿងថា អ្វីដែលបណ្តាលឲ្យបុគ្គលទាំងឡាយជោគជ័យ។ ខ្ញុំបានព្យាយាមរៀនសូត្រពីប្រវត្តិបុគ្គលសំខាន់ៗ សៀវភៅអំពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍខ្លួន របស់លោក ស្តេវិន កូវីយ៍ (Stephen Covey) លោក តូនី រ៉ូប៊ីន (Tony Robin) ជាដើម បូកផ្សំនិងបទពិសោធន៍ផ្ទាល់ខ្លួន២៥ឆ្នាំ ធ្វើឲ្យខ្ញុំរកឃើញ និង​ចងក្រងជាឯកសារអំពីចិត្តគំនិតទាំង ៥ប្រការដែលបុគ្គលជោគជ័យធំធេងមានក្នុងខ្លួន ៖

១) បុគ្គលជោគជ័យដឹងនិងទទួលស្គាល់ខ្លួនឯង (Successful people know and accept themselves) 

បុគ្គលជោគជ័យដឹងអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន។ គាត់ទទួលស្គាល់ខ្លួនគាត់ជាមនុស្សបែបណា ហើយខំប្រឹងបំពេញកិច្ចការស្របនឹងទេពកោសល្យដែលធម្មជាតិផ្តល់ឲ្យគាត់។

មនុស្សដូចជា Bill Gates, Steve Jobs ឬ J.K Rowling គាត់បំពេញការងារតាមនិស្ស័យពីធម្មជាតិរបស់គាត់។ គាត់មិនខំប្រឹងប្រែងធ្វើអ្វីដែលគាត់មិនចូលចិត្ត ឬ ជាចំណុចខ្សោយរបស់គាត់ទេ។ ប្រសិនបើគាត់មិនប្រឹងប្រែងតស៊ូជម្នះក្នុងការធ្វើកិច្ចការដែលគាត់ចូលចិត្តទេ យើងប្រហែលជាមិនអាចទទួលបានអត្ថប្រយោជន៍ពីស្នាដៃដ៏អស្ចារ្យរបស់ពួកគាត់ទេ។

២) បុគ្គលជោគជ័យកំណត់គោលដៅស្របនឹងអត្តចរិក គុណតម្លៃ ចំណាប់អារម្មណ៍ ភាពខ្លាំង ទេពកោសល្យ បេសកកម្ម និងគោលដៅជីវិតរបស់គេ (Successful people set goals congruent with their personality, values, interests, strengths, skills, mission and purpose)

បុគ្គលជោគជ័យកំណត់គោលដៅជីវិតមិនអាស្រ័យលើភាពចាំបាច់បន្ទាន់ អារម្មណ៍ពុះកញ្ជ្រោល ឬ ស្ថានការណ៍ផ្សេងៗទេ។ ម៉ាទីន លូថឺ ឃីង (Martin Luther King Jr.), ដូនជី តេរ៉េសា (Mother Teresa), ស្ទីវ ហ្សបស៍ Steve Jobs, ណែលសិន ម៉ាន់ដេឡា Nelson Mandela និង អូស្កា សីនដ្លើរ Oskar Schindler បានដឹកនាំជីវិតតាមនិស្ស័យនិងគុណតម្លៃរបស់ពួកគាត់។ ពួកគាត់រស់នៅក្នុងឧត្តមគតិខ្ពង់ខ្ពស់ ដោយសារគាត់ដឹងអំពីបេសកកម្មជីវិត។ ពួកគាត់បានបង់តម្លៃយ៉ាងខ្ពស់ដើម្បីបំពេញកិច្ចការដែលគាត់យល់ថាត្រឹមត្រូវ។ ហ្វ្រីដ្រីស នីតស៍ (Friedrich Nietsche) បាននិយាយប្រកបដោយភាពឈ្លាសវៃថា “នរណាដែលដឹងថាគេរស់ដើម្បីអ្វី នឹងអាចស្វែងយល់ដឹងអំពីវិធីធ្វើដូចម្តេចឲ្យដល់គោលដៅ”។

៣) បុគ្គលជោគជ័យដឹងនិងអាចគ្រប់គ្រងផ្លូវជីវិតរបស់គេច្រើនជាងអ្នកដទៃគិត (Successful people know they have much more control over the trajectory of their lives than others realize) 

បើទោះបីជាគាត់អាចជាអ្នកកាច់ចង្កូតនាវាក៏ដោយ ក៏គាត់ដឹងថាមនុស្សតែម្នាក់គត់ក្នុងក្រុមដែលគាត់អាចគ្រប់គ្រងបានទាំងស្រុង នោះគឺខ្លួនគាត់។ គាត់យល់និងទទួលស្គាល់ថា គាត់មិនអាចគ្រប់គ្រងរឿងរាវទាំងឡាយដែលកើតមានឡើងមកលើគាត់ទេ តែគាត់អាចគ្រប់គ្រងការឆ្លើយតបរបស់គាត់ទៅលើរឿងទាំងនោះបាន។ គាត់ដឹងនិងត្រៀមរង់ចាំរឿងទាំងឡាយដែលអាចកើតឡើងចំពោះគាត់។ គាត់ដឹងដោយមុតមាំថា ប្រសិនបើគាត់ជម្នះធ្វើបន្តទៅទៀត ទោះបីមានឧបសគ្គក៏ដោយ គាត់នឹងទៅដល់គោលដៅដែលគាត់ចង់បាន។

៤) បុគ្គលជោគជ័យទទួលដឹងថាគេនឹងត្រូវឆ្លងកាត់ពេលវេលាលំបាកជាច្រើនលើក (Successful people accept that they will repeatedly go through tough times) 

ពេលវេលាលំបាកវាជាដៃគូនៃការធ្វើដំណើរជីវិតធំៗទាំងឡាយ។ បុគ្គលជោគជ័យយល់ដឹងអំពីដំណើរធម្មជាតិនៃរឿងរាវទាំងឡាយក្នុងសង្គម ហើយគេមិនប្រឆាំង ឬ ត្អូញត្អែរអំពីវាទេ។ ប្រសិនបើគ្មានការលំបាកនិងភាពបរាជ័យ ក៏គ្មានការរៀនសូត្រនិងការលូតលាស់ដែរ។ គេដឹងថារបស់ដែលមានតម្លៃវាមិនអាចបានមកដោយងាយៗទេ។ គេយល់ដឹងពីភាពខុសគ្នារវាងស្មារតីជាអ្នកប្រយុទ្ធនិងស្មារតីជាជនរងគ្រោះ។

សម្ដេចសង្ឃ ដាឡៃ ឡាម៉ា មានសង្ឃដីកាថា “ការឈឺចាប់ជារឿងចៀសមិនផុត តែភាពជាអ្នករងគ្រោះជាជម្រើសរបស់យើង”។ បុគ្គលជោគជ័យគេមានទឹកចិត្តប្រយុទ្ធ ទោះបីមានអារម្មណ៍ឈឺចាប់ តែគេមិនចុះចាញ់ក្នុងនាមជាអ្នករងគ្រោះទេ ពីព្រោះគេដឹងថានេះជាបេសកកម្មរបស់គេ គេតស៊ូចំពោះគុណតម្លៃនិងគោលដៅជីវិតរបស់គេ។ ចំពោះគេ រឿងលំបាកទាំងឡាយវាមានតម្លៃសម្រាប់ប្រយុទ្ធតស៊ូ។

៥) បុគ្គលជោគជ័យដឹងថានៅពេលគេទៅដល់គោលដៅហើយ គេនឹងបន្ដដំណើរទៅគោលដៅថ្មីទៀត (Successful people know that once they get to their destination, they will find another)

ដោយសារតែយល់បែបនេះ ទើបគេទទួលយក និងរីករាយជាមួយការតស៊ូព្យាយាម ព្រោះគេចាត់ទុកថាការធ្វើដំណើរនិងគោលដៅ គឺនៅជាមួយគ្នា។

       ដើម្បីសម្រេចការពង្រឹងចិត្តគំនិតទាំង ៥ប្រការដែលបុគ្គលជោគជ័យមាន អ្នកត្រូវចាប់ផ្តើមធ្វើរឿងទាំង ៥យ៉ាងដូចតទៅ ៖

· រៀនពីខ្លួនឯងឲ្យបានច្បាស់បំផុត ៖ ចូររៀនអំពីអត្តចរិត គុណតម្លៃ ចំណាប់អារម្មណ៍ ភាពខ្លាំង និង ​ជំនាញពិសេសរបស់អ្នក។

· ធ្វើការសម្រេចចិត្តដោយឈ្លាសវៃ ៖ ការសម្រេចចិត្តធំ ឬ ក៏តូចគួរតែធ្វើឡើងដោយយោងលើរឿងថា តើវាមានសារៈសំខាន់ឬទេសម្រាប់គោលដៅជីវិតរបស់អ្នក មិនមែនដោយសារស្ថានការណ៍រុញអ្នក ឬ ដោយសារអារម្មណ៍របស់អ្នកល្អទេ។

· ធ្វើអ្វីស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក ៖ ចូរគ្រប់គ្រងនូវអ្វីដែលអ្នកគ្រប់គ្រងបាន គឺខ្លួនអ្នក។ ចូរកុំក្លាយខ្លួនជាអ្នករងគ្រោះ។ ប្រឹងធ្វើតទៅទៀត កុំបណ្តោយឲ្យស្ថានការណ៍ជាអ្នកកំណត់ជីវិតអ្នក។

· កុំចុះចាញ់នឹងបញ្ហានិងភាពបរាជ័យ ៖ អ្វីៗវាអាស្រ័យនឹងការបកស្រាយរបស់អ្នក វាអាចបំផ្លាញអ្នក ឬ ធ្វើឲ្យអ្នកប្រសើរឡើង។ ចូរសម្លឹងមើលបញ្ហាជាឱកាសសម្រាប់ការលូតលាស់និងភាពប្រសើរឡើង។

· ចូរមានភាពកំណាញ់ចំពោះពេលវេលារបស់អ្នក ៖ ចូរយកចិត្តទុកដាក់ក្នុងការចំណាយពេលវេលារបស់អ្នកឲ្យមានប្រយោជន៍។ ត្រូវដឹងថា អ្នកមានជីវិតតែមួយទេ ហើយត្រូវប្រើវាឲ្យមានអត្ថប្រយោជន៍។

“​មនុស្សជាច្រើនសម្រេចចិត្តរស់នៅទាបជាងសក្តានុពលរបស់ខ្លួន។ សូមអ្នកកុំស្ថិតក្នុងចំណោមអ្នកទាំងនោះ”៕

===^^^===
---
ប្រែសម្រួលដោយ សាម អ៊ីន -- មិថុនា ២០១៦
---
-- ដកស្រង់ពីអត្ថបទរបស់ Chris Friesen, in the Success Magazine, “5 Learnable Mindsets of Highly Successful People”
-- អត្ថបទទាក់ទង 

១) អាថ៌កំបាំង៣យ៉ាងសម្រាប់ពង្រឹងចិត្តរបស់អ្នក

២) ឋានៈតួនាទីមិនធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំទេ ប៉ុន្តែគឺសកម្មភាពទាំង៧នេះទេ

Comments

Anonymous said…
អរគុណច្រើន  ចំពោះការស្រាវជ្រាវនិងផ្តល់ចំណេះដឹងដ៏មានតម្លៃនេះ
Unknown said…
អរគុណណាស់បងប្រុស
អរគុណចំពោះការលើកទឹកចិត្ត។
អរគុណដែលបានផ្តល់ការគាំទ្រ។