“ឋានៈតួនាទីមិនធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំទេ ប៉ុន្តែគឺសកម្មភាពទាំង៧នេះទេ”



 ព្រះបាទ នរោត្ដម (គ្រងរាជ្យ ១៨៦០-១៩០៤)

អ្វីដែលធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំ? មនុស្សជាច្រើនគិតថាគឺឋានៈធំៗដូចជា ប្រធាន អគ្គនាយក នាយកប្រតិបត្តិ។ ការពិតភាពជាអ្នកដឹកនាំមិនជាប់ទាក់ទងនឹងឋានៈតួនាទីទេ។ ភាពជាអ្នកដឹកនាំវាទាក់ទងនឹងអត្តចរិត និងសកម្មភាពរបស់អ្នក។ ភាពជាអ្នកដឹកនាំនិយាយអំពីទំនាក់ទំនងរបស់អ្នកជាមួយមនុស្សទាំងឡាយ ថាតើអ្នកជម្រុញចិត្តគេឲ្យបំពេញការងារដើម្បីសម្រេចគោលដៅរួមយ៉ាងម៉េច។
បើអ្នកជាជំនួយការរដ្ឋបាល ជាអ្នកជំនាញបច្ចេកទេស ឬជាសហការីថ្មីថ្មោងក៏ដោយ ក៏អ្នកអាចក្លាយជាអ្នកដឹកនាំបានដែរ។ ហើយបើអ្នកមានតួនាទីណាមួយ វាផ្តល់ឱកាសឲ្យអ្នកក្លាយជាអ្នកដឹកនាំបានកាន់តែងាយស្រួល។ ខាងក្រោមនេះជាអ្វីៗដែលអ្នកអាចធ្វើដើម្បីក្លាយខ្លួនជាអ្នកដឹកនាំពិតប្រាកដ។

១) ផ្តល់តម្លៃរាល់គ្រប់ទំនាក់ទំនង  (Value every relationship) 
បើទោះបីអ្នកនិយាយទៅរកអ្នកបោសសម្អាត ឬបុគ្គលិកក្មេងៗ អ្នកតែងគិតថារូបគេជាមនុស្សម្នាក់ដែលមានតម្លៃ និងសេចក្តីថ្លៃថ្នូរ និងជាសមាជិកក្នុងក្រុម។ អ្នកមានឱកាសបង្កើតឥទ្ធិពលលើគាត់ក្នុងនាមជាសមាជិកក្រុម តាមរយៈរបៀបដែលអ្នកមានទំនាក់ទំនងជាមួយគាត់។

២) គិតពីតម្រូវការរបស់ក្រុមមុនតម្រូវការផ្ទាល់ខ្លួន (Think about your team’s needs before your own) 

តើអ្នកខំប្រឹងបញ្ចប់របាយការណ៍មួយឲ្យទាន់ពេលដើម្បីឲ្យសមាជិកក្នុងក្រុមអាចទៅផ្ទះដោយមិនយឺតពេលឬទេ? នៅពេលដែលក្រុមការងារត្រូវធ្វើការហួសម៉ោង តើអ្នកសុខចិត្តចេញលុយពីហោប៉ៅខ្លួនឯងដើម្បីញាំអីជុំគ្នាដែរឬទេ? ការគិតពីតម្រូវការក្រុមអាចជាការនិយាយពាក្យអរគុណ ឬក៍ត្រូវចំណាយពេលទៅមន្ទីរពេទ្យមើលសមាជិកក្រុមណាម្នាក់ដែលកំពុងព្យាបាលជំងឺ។

៣) ជួយឲ្យក្រុមលូតលាស់ (Help your team grow) 

ផ្តល់វគ្គបណ្តុះបណ្តាល និងឱកាសសម្រាប់សមាជិកក្រុមការងារដើម្បីឲ្យគេរីកលូតលាស់ដល់សក្តានុពលរបស់គេ។ ជួយលើកទឹកចិត្ត និងគាំទ្រឲ្យសមាជិកក្រុមបន្តការសិក្សា។ ប្រគល់ការទទួលខុសត្រូវធំជាងមុនឲ្យទៅសមាជិកដែលមានសមត្ថភាព។ ចូរកុំទុកសមាជិកក្រុមឲ្យធ្វើការក្នុងភាពអន់ថយ ត្រូវរុញឲ្យគេប្រឈមនឹងការងារដើម្បីរីកលូតលាស់។

៤)  ចែករំលែកគុណសម្បត្តិ (Share the credit) 

អ្នកបានសម្រេចគោលដៅចំបងមួយ ក៏ប៉ុន្តែអ្នកមិនមែនធ្វើវាតែម្នាក់ឯងទេ។ សមាជិកក្រុមបានប្រឹងធ្វើការជាមួយអ្នកក្នុងការសម្រេចគោលដៅនេះ។ ចូរជំរាបទៅថ្នាក់ដឹកនាំថានរណាបានជួយអ្នក។ ចូរចែករំលែកការសរសើរជាមួយក្រុមទាំងមូល។ ចូរផ្តល់ការលើកទឹកចិត្ត និងពន្លឺដល់ក្រុមឲ្យរះចែងចាំងកាន់តែច្រើន។

៥) ចូលរួមទទួលយកកំហុសឆ្គង (Shoulder the blame) 

ប្រសិនបើក្រុមការងារមិនអាចសម្រេចគោលដៅ ឬគម្រោងមួយតាមការគ្រោងទុក ការស្តីបន្ទោសទាំងឡាយត្រូវបញ្ចប់នៅត្រឹមអ្នក។ ចូរការពារក្រុមការងារអ្នក ហើយកុំដាក់កំហុសដល់ពូកគេ ដោយសារតែភាពអាត្មានិយមរបស់អ្នក។ ប្រសិនបើអ្នកចង់ផ្តល់ព័ត៌មានបែបទូន្មានដល់សមាជិកណាម្នាក់ដើម្បីកែលម្អ ចូរកុំធ្វើរឿងនេះចំពោះមុខអ្នកដទៃ។

៦) មិនដែលបដិសេធថាទេចំពោះការស្នើសុំជំនួយ (Never say “That’s not my job.”)

ការជួយអ្នកដទៃនឹងលាងជម្រះភាពក្រអឺតក្រទម និងភាពខ្ជិលច្រអូសរបស់អ្នក។ ចូរត្រៀមជួយអ្នកផ្សេងនូវអ្វីដែលគួរជួយ បើទោះបីជាវាមិនមែនជាការទទួលខុសត្រូវរបស់អ្នកក៏ដោយ។ ការជួយអាចរាប់តាំងពីរឿងតូចតាចទៅដូចជា ការលាងកែវកាហ្វេ ការសម្អាតក្នុងទូរទឹកកក ការបិទទ្វារ ។ល។ ចូរផ្តល់ការជួយបើទោះបីគ្មាននរណាចាប់អារម្មណ៍ក៏ដោយ។

៧) ជាបុគ្គលដែលមានអត្តចរិកល្អ (Be a person of character) 

ភាពជាអ្នកដឹកនាំទាក់ទងតិចតួចនឹងសមត្ថភាពជំនាញ ប៉ុន្តែភាគច្រើនជាមួយការរស់នៅដែលមានគុណតម្លៃត្រឹមត្រូវ។ អ្នកពិតជាមិនចង់ឲ្យគេស្គាល់អ្នកជាអ្នកដឹកនាំប្រភេទ មិនប្រកាន់សច្ចះ មិនស្មោះត្រង់ និងអសីលធម៌។ ហើយក្រុមការងាររបស់អ្នកពិតជាមិនចង់ដើរតាមអ្នកដឹកនាំដែលពួកគេមិនអាចជឿជាក់បាន។ ការទទួលបានការគោរពទាមទាររយៈពេលវែង តែនឹងបាត់បង់ទៅវិញក្នុងរយៈពេលខ្លី។

ខ្ញុំធ្លាប់ឮគេនិយាយថា “តួនាទីរបស់អ្នកផ្តល់អ្នកនូវសិទ្ធិអំណាច ប៉ុន្តែសកម្មភាពរបស់អ្នកធ្វើឲ្យអ្នកទទួលបានការគោរព”។ អ្នកអាចនឹងមានឋានៈតួនាទីយ៉ាងខ្ពស់ព្យួរនៅមាត់ទ្វារបន្ទប់ធ្វើការរបស់អ្នក ប៉ន្តែអ្នកមិនអាចដឹកនាំនរណាម្នាក់ឡើយ។ អ្នកមានទំនាក់ទំនងជាមួយសហការីបែបណាវានឹងបញ្ជាក់ការពិតពីភាពជាអ្នកដឹកនាំរបស់អ្នក។ ចូរអនុវត្តសកម្មភាពទាំង៧ប្រការខាងលើដើម្បីបង្កើតឥទ្ធិពលដឹកនាំរបស់អ្នក។

“គ្មាននរណាម្នាក់អាចប្រគល់ភាពជាអ្នកដឹកនាំជូនអ្នកបានទេ មានតែអ្នកម្នាក់គត់ដែលអាចបង្កើតវាបាន។”

--- ^^^ ---
-- ដកស្រង់ពីអត្ថបទរបស់ Chris Hogen, in the Success Magazine, Titles Don’t Make Leaders—But These 7 Actions Do
-- ប្រែសម្រួលដោយ សាម អ៊ីន -- ខែកក្កដា ឆ្នាំ២០១៦ 

Comments