ក្លាយជាអ្នកទំនាក់ទំនងដ៏ចំណាន



       ជាអ្នកដឹកនាំ ដើម្បីសម្រេចកិច្ចធំមួយបាន អ្នកត្រូវមានសមត្ថភាពជំរុញចិត្ត លើកទឹកចិត្ត ណែនាំតម្រង់ទិស និងស្តាប់អ្នកដទៃ។ អ្នកត្រូវមានសមត្ថភាពទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព។ ខាងក្រោមនេះជាមូលដ្ឋានគ្រឹះសំខាន់ ៤ប្រការដែលជួយអ្នកឱ្យក្លាយជាអ្នកទំនាក់ទំនងដ៏ពូកែ៖

១. ធ្វើឱ្យសាររបស់អ្នកងាយស្រួលយល់

       ទំនាក់ទំនងមិនមែនគ្រាន់តែត្រឹមថា តើអ្នកនិយាយអំពីអ្វីទេ? ក៏ប៉ុន្តែ តើអ្នកនិយាយរឿងនោះ យ៉ាងម៉េចដើម្បីឱ្យគេងាយយល់។ ផ្ទុយពីគ្រូអប់រំមួយចំនួន ដែលចូលចិត្តប្រើពាក្យខ្ពស់ៗ លំបាកយល់ ដើម្បីបង្ហាញអំពីចំណេះដឹងរបស់ខ្លួន គន្លឹះនៃទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពគឺការប្រើពាក្យដែល ងាយយល់។ សូមបោះចោលនូវចេតនាដែលចង់បង្ហាញគេថា អ្នកចេះច្រើន ជាមួយការប្រើពាក្យ និង ឃ្លាដែលលំបាកនិងស្មុគស្មាញ។ ប្រសិនបើអ្នកចង់ទំនាក់ទំនងជាមួយមនុស្ស ចូរប្រើភាសាងាយៗ។ ណាប៉ូលេអុង ប៉ូណាប៉ាត តែងនិយាយទៅកាន់រដ្ឋមន្ត្រីគាត់ថា “សូមឱ្យច្បាស់ សូមឱ្យច្បាស់ សូមឱ្យច្បាស់”។

       មានរឿងមួយដំណាលអំពីប្រធានស្ថាប័នដ៏ក្មេងវ័យម្នាក់ ដែលចង់បានរូបមន្តសម្រាប់ទំនាក់ ទំនងប្រកបដោយប្រសិទ្ធិភាព។ ប្រធានវ័យក្មេងនេះ ត្រូវបានអញ្ជើញឱ្យឡើងនិយាយទៅកាន់ក្រុម មនុស្សក៏ច្រើនមួយជាលើកដំបូង ដូច្នេះហើយគាត់ក៏ទៅរកគ្រូជំនាញសម្រាប់ផ្តល់យោបល់អំពីការ ថ្លែងសារដ៏ល្អ។ គ្រូជំនាញ បានឱ្យយោបល់ថា “ចូរសរសេរអំពីការចាប់ផ្តើមដ៏គួរឱ្យទាក់ទាញមួយ ដែលនឹងទាញចំណាប់អារម្មណ៍គេគ្រប់គ្នាក្នុងចំណោមអ្នកស្តាប់”។ បន្ទាប់មក ចូរសរសេរសាច់រឿង​ដ៏រស់រវើកមួយ ហើយចូរបញ្ចប់ដោយជំរុញទឹកចិត្តមនុស្សទាំងឡាយឱ្យធ្វើសកម្មភាព។ រួចហើយ ចូរ តម្រៀបចំណុចទាំងបីនេះឱ្យនៅជាប់គ្នា។

២. សម្លឹងមើលមុខបុគ្គល

       អ្នកពូកែទំនាក់ទំនង ផ្តោតអារម្មណ៍ទៅលើមនុស្សដែលគេកំពុងទំនាក់ទំនងជាមួយ។ គេដឹង ថាដើម្បីឱ្យទំនាក់ទំនងគេមានប្រសិទ្ធិភាព គេត្រូវតែស្គាល់អំពីមហាជនដែលគេនិយាយជាមួយ។

       នៅពេលដែលអ្នកទំនាក់ទំនងជាមួយមនុស្សជាលក្ខណៈបុគ្គល ឬជាក្រុម អ្នកត្រូវសួរសំណួរ ទាំងនេះមកខ្លួនឯង៖ តើមហាជនដែលស្តាប់អ្នកជានរណា? តើគេចង់ដឹងអំពីអ្វីខ្លះ? តើយើងចង់ឱ្យ គេសម្រេចអ្វីខ្លះ? ហើយសំណួរចុងក្រោយ តើអ្នកមានពេលប៉ុន្មាន? ប្រសិនបើអ្នកចង់ក្លាយជា អ្នកទំនាក់ទំនងដ៏ពូកែ សូមយកចិត្តទុកដាក់ទៅលើមហាជនដែលអ្នកនិយាយជាមួយ។ មហាជននឹង មានជំនឿទៅលើអ្នកទំនាក់ទំនងដ៏ពូកែ ពីព្រោះអ្នកទំនាក់ទំនងក៏ពូកែស្គាល់ និងជឿជាក់លើ មហាជន។

៣. បង្ហាញអំពីការពិត

       ភាពជឿជាក់ស្ថិតនៅជាមួយអ្នកទំនាក់ទំនងដ៏ពូកែ។ មានផ្លូវពីរ ក្នុងការបង្កើតភាពជឿជាក់ ជាមួយមហាជន ដែលអ្នកទំនាក់ទំនងជាមួយ។​ ទី១ អ្នកត្រូវជឿជាក់ជាមុននូ​វអ្វីដែលអ្នកនិយាយ។ មនុស្សធម្មតា អាចក្លាយជាអ្នកទំនាក់ទំនងដ៏ពូកែអស្ចារ្យនៅពេលគេមានភាពជឿជាក់កាន់តែខ្លាំង។

       អគ្គបញ្ជាការ Ferdinance Foch បានសង្កេតឃើញថា “អាវុធដែលមានឥទ្ធិពលខ្លាំងបំផុត នៅលើលោកនេះ គឺស្មារតីរបស់មនុស្សដែលមានភាពជឿជាក់”។ ទី២ ប្រតិបត្តិនូវអ្វីដែលអ្នកបាន និយាយ។ គ្មានអ្វីដែលអាចបង្កើនភាពជឿជាក់ជាងសកម្មភាពដែលស្របជាមួយនិងសំដីទេ។

៤. ស្វែងរកការឆ្លើយតប

       នៅពេលដែលអ្នកធ្វើទំនាក់ទំនង សូមកុំភ្លេចឱ្យសោះថា រាល់គោលដៅនៃទំនាក់ទំនងគឺ ជំរុញសកម្មភាព។ នៅពេលអ្នកផ្ញើសារជាមួយព័ត៌មានច្រើនហួសហេតុ គឺអ្នកមិនអាចទំនាក់ទំនង បានល្អទេ។ គ្រប់ពេលដែលអ្នកនិយាយទៅកាន់មនុស្ស សូមផ្តល់អ្វីមួយដែលធ្វើឱ្យអ្នកស្តាប់មាន អារម្មណ៍អ្វីមួយ ដែលធ្វើឱ្យគេចងចាំ អ្វីមួយដែលជំរុញឱ្យគេធ្វើសកម្មភាព។ បើអ្នកមានជោគជ័យ ដោយប្រតិបត្តិប្រការទាំងនេះ នោះសមត្ថភាពរបស់អ្នកក្នុងការដឹកនាំអ្នកដទៃនឹងឈានដល់កម្រិត មួយថ្មី៕

===^^^===

---
ប្រែសម្រួលដោយ សាម អ៊ីន -- តុលា ២០១៨
---
-- ដកស្រង់ពីសៀវភៅរបស់ John Maxwell (2013) "The 21 Indispensable Qualities of a Leader"

-- អត្ថបទទាក់ទង 

១. វិធី ៥យ៉ាងក្នុងការបង្កើតភាពជឿជាក់

២. ៥ រឿងដែលបុគ្គលជោគជ័យប្តេជ្ញាអនុវត្

Comments