ហេតុអ្វីកសិករនៅតែក្រ?


អ្នកវិភាគសង្គម​ម្នាក់កំពុង​ធ្វើការសិក្សា​វាយតម្លៃ​គម្រោង​នៅក្នុងភូមិដាច់​​​​​​​​ស្រ​​​​​យ៉ាលមួយ​ក្នុងប្រទេសកម្ពុជា។ ​​ ​ពេលចប់​ការងារសម្ភាសន៍របស់គាត់ គាត់ក៏អង្គុយជជែកលេង​ជាមួយកសិករម្នាក់ នៅក្រោមផ្ទះដ៏រយីករយាកមួយ។ ការសន្ទនាមួយបានចាប់ផ្តើមឡើង ៖
កសិករ ៖ លោកគ្រូ! ខ្ញុំឮគេអួតក្នុងទូរទស្សន៍ស្ទើររាល់ថ្ងៃថា កម្ពុជារីកចម្រើនគ្រប់​​​វិស័យ មានកំណើនសេដ្ឋកិច្ច ៧% រាល់ឆ្នាំ។ ចុះហេតុអ្វីកសិករភាគច្រើនដូចជារូបខ្ញុំនៅតែក្រ?
អ្នកវិភាគសង្គម ៖ ត្រូវហើយពូ! សេដ្ឋកិច្ចជាតិយើងមានកំណើន ៧% រាល់ឆ្នាំ ក៏ប៉ុន្តែមានមនុស្សតែ ៥ ទៅ ១០% ប៉ុណ្ណោះទទួលបានផលប្រយោជន៍ចេញពីនោះ។
កសិករ ៖ ម៉េចក៏មានមនុស្សតិចម្ល៉េះបានផល? លោកគ្រូ! ហើយពួកគាត់ទាំងនោះជានរណា ហើយរស់នៅឯណាទៅ?
អ្នកវិភាគសង្គម ៖ ពួកគាត់ទាំងនោះជាអ្នកមានសិទ្ធិចាត់ចែង​លើធនធានជាតិដូចជាព្រៃឈើ ដីធ្លី រ៉ែ ធ្វើផ្លូវ សង់ស្ពាន អនុញ្ញាតិឲ្យនាំចូលទំនិញផ្សេងៗ តំឡើងតួនាទីមន្រ្តីរាជការ។ល។ និងអ្នកដែលមានឥទ្ធិពលលើអ្នកដែលមានសិទ្ធចាត់ចែងទាំងនោះ មានដូចជាឈ្មួញធំៗ និងអ្នកមានអំណាច។ ពួកគាត់ភាគច្រើនលើសលប់រស់នៅទីក្រុងភ្នំពេញ។
កសិករ ៖ អ្ហូ! អញ្ចឹងបានជាខ្ញុំទៅភ្នំពេញថ្ងៃមុន ឃើញសុទ្ធតែឡានថ្មីៗ  ទំនើបៗច្រើនម្ល៉េះ លោកគ្រូ!។ ចុះពួកគាត់ទាំងនោះបានសិទ្ធិចាត់ចែងពីណាមក? លោកគ្រូ!
អ្នកវិភាគសង្គម ៖ ពួកគាត់បានទទួលសិទ្ធិចាត់ចែងទាំងនោះមកពីសន្លឹកឆ្នោតរបស់ពូ។ ក្រែងពូធ្លាប់បោះឆ្នោតឲ្យគេដែរតើហ្អី ពីមុនៗមក?
កសិករ ៖ ធ្លាប់ដែរ លោកគ្រូ ប៉ុន្តែមិនដែលដឹងថា បោះឆ្នោតឲ្យគេមានសិទ្ធិចាត់ចែង ដើម្បីប្រយោជន៍​​គេអញ្ចឹងសោះ។ ធ្លាប់តែ គេឲ្យប៊ីចេង និងសារុងមុនបោះឆ្នោត រួចក៏បោះឆ្នោតឲ្យគេទៅ មិនដែលបានគិតវែងឆ្ងាយស្អីទេ លោកគ្រូ!។
អ្នកវិភាគសង្គម ៖ អញ្ចឹងពូចង់បន្តបោះឆ្នោត ដូរយកសារុង ប៊ីចេងទៀតទេ?
កសិករ ៖ លែងចង់ហើយ លោកគ្រូ!។ យើងបានសារុង ប៊ីចេង គេបានឡានទំនើប ដូចជាមិន​យុត្តិធម៌ទេ លោកគ្រូ!។ តែបើមិនដូរយកសារុង ប៊ីចេង បោះឆ្នោតដូរយកអ្វីវិញទៅ? លោកគ្រូ!
អ្នកវិភាគសង្គម ៖ នៅស្រុកប្រជាធិបតេយ្យជឿនលឿន គេបោះឆ្នោតដូរយក “អ្នកដឹកនាំល្អ” ដូរយក “គោលនយោបាយអភិវឌ្ឍភូមិឃុំល្អ” ដូរយក “គោលនយោបាយអភិវឌ្ឍប្រទេសល្អ”។ មិនមែនដូរយកអំណោយបន្តិចបន្តួចទេ ពូ!។ អញ្ចឹងហើយបានជាប្រទេសគេជឿនលឿន ហើយកសិករ កម្មករគេមានជីវភាពធូរធារ។
កសិករអ្នកដឹកនាំល្អម៉េចទៅ? លោកគ្រូ!។ ឃើញអ្នកមកឃោសនាម្តងៗ អួតពីមេគេខ្លាំង សរសើរមេគេក្លាហាន ហើយឃើញគេកោតខ្លាចមេគេដូចបាវបម្រើ។ តើមេបែបនឹងជាអ្នកដឹកនាំល្អម្ហែន? លោកគ្រូ!
អ្នកវិភាគសង្គមអ្នកដឹកនាំល្អ ជាអ្នករៀបចំឲ្យកូនចៅគាត់ចេះធ្វើការបម្រើពូជាកសិករ ដូចជាដោះស្រាយបញ្ហាទឹក ទុន ទីផ្សារជាដើម។ មិនមែនរកលុយឲ្យគាត់ដើម្បីជិះឡានទំនើប និងទិញសារុង ប៊ីចេង ចែកពូទេ។
កសិករ ៖ អរគុណ លោកគ្រូ! ខ្ញុំភ្លឺភ្នែកខ្លះៗហើយ លោកគ្រូ។ ខ្ញុំក្រមកពីខ្ញុំខ្លួនឯង គិតខ្លី ចង់បានអំណោយ និងមិនយល់ដឹង៕
=== ^^^ ===
---
រៀបរៀងដោយ សាម អ៊ីន -- ឧសភា ២០១៧។
---
-- អត្ថបទទាក់ទង

     ១) សារសំខាន់នៃការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា

     ២) ស្អប់យួន ខឹងសៀម ឈាមខ្មែរមិនថ្លៃថ្នូរទេ 

     ៣) តើអ្នកកើតមកជាកូនខ្មែរដើម្បីអ្វី? 


Comments

សូមផ្តល់យោបល់របស់អ្នក។​ អរគុណ។
LIM Vannak said…
មានមនុស្សជាច្រើន ពិតជាចង់ដឹងថា ហេតុអ្វីបានជាពួកគេនៅតែក្រ ។ ខ្ញុំជឿថា ពិត​ជាមានមូលហេតុច្រើនណាស់ រៀបរាប់មិនអស់ទេ ។ តែខ្ញុំដឹងថា សម្រាប់មនុស្សផ្សេងគ្នា អាចមានបញ្ហាផ្សេងគ្នា ។ បើយើងសន្និដ្ឋានថា ភាពក្រីក្ររបស់មនុស្សទាំងអស់បណ្តាលមកពីបញ្ហាដូចគ្នា នឹងធ្វើឲ្យមនុស្សមួយចំនួនធំ​មិនទទួល​ស្គាល់កំហុសរបស់ខ្លួនទេ ។ ការសរសេរអត្ថបទផ្សាយ ក៏គួរសរសេរពីការពិត ប្រសើរជាងសរសេរបែបជាការនិពន្ធ ។ ដោយសេចក្តីគោរពពីខ្ញុំ វណ្ណៈ ​
អរគុណ លោក វណ្ណៈ ចំពោះមតិយោបល់។ ខ្ញុំមានចេតនាចង់កែលម្អរបៀបធ្វើ​នយោបាយដែលមិនសមស្របក្នុងការធ្វើឲ្យប្រជាពលរដ្ឋរស់នៅបែបពឹងពាក់លើអំណោយ និងចង់ឃើញប្រជាពលរដ្ឋខ្មែរកែប្រែឥរិយាបទឲ្យមានគំនិតរីកចម្រើនជឿនលឿន។