តើសង្គមខ្មែរយើងពិតជាស្អប់ខ្ពើមអំពើពុករលួយមែនឬ?


តាមការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ(Transparency International) នៅឆ្នាំ ២០១៦ ស្តីអំពីអំពើពុករលួយ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខរៀងទី ១៥៦ ក្នុងចំណោម ១៧៦ ប្រទេស។ ចំណាត់ថ្នាក់នេះបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់ រីករាលដាល។ អំពើពុករលួយបង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតភាពអយុត្តិធម៌ក្នុងសង្គម និងធ្វើឲ្យសង្គមឈានទៅរកអស្ថិរភាព។

តើអ្វីទៅជាអំពើពុករលួយ?

          អំពើពុករលួយគឺការប្រើប្រាស់អំណាច ឋានៈ តួនាទី ភារកិច្ច ដែលប្រជាពលរដ្ឋ ឬស្ថាប័នប្រគល់ជូនក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍ស្ថាប័ន ផលប្រយោជន៍រួម សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ ឬបក្សពួក ហើយបង្កឲ្យខូចប្រយោជន៍សាធារណៈ ស្ថាប័ន ឬប្រយោជន៍រួម។ អំពើពុករលួយមានច្រើនប្រភេទ ច្រើនសណ្ឋាន និងច្រើនរូបភាព ហើយកើតឡើងនៅគ្រប់កម្រិត។ យើងអាចស្វែងយល់ខ្លះៗស្តីអំពីអំពើពុករលួយនៅស្រុកខ្មែរ ដែលយើងធ្លាប់ឃើញ ធ្លាប់ជួបផ្ទាល់ រហូតដល់រឿងយើងមើលមិនឃើញដែលកើតឡើងនៅក្រោយវាំងននខ្មៅ។ នៅពេលដែលយើងទៅធ្វើសំបុត្រកំណើតកូន ស្មៀនឃុំទាមទារឲ្យយើងបង់ប្រាក់៤ម៉ឺនរៀល នៅពេលច្បាប់តម្រូវឲ្យបង់ប្រាក់សេវាកម្មនេះតែ១ម៉ឺនរៀលប៉ុណ្ណោះ។ នៅពេលដែលប៉ូលីសចរាចរ ឃាត់យើងដោយយើងជិះម៉ូតូមិនពាក់ម៉ួកសុវត្ថិភាព ហើយបង្ខំឲ្យយើងបង់ប្រាក់៣ម៉ឺនរៀល ដោយមិនប្រគល់វិក្កយបត្រផាកពិន័យ។ នៅពេលដែលយើងត្រូវបង់លុយ ២ពាន់ដុល្លារ ដើម្បីឲ្យកូនយើងបានក្លាយជាមន្រ្តីរាជការ។ នៅពេលដែលយើងត្រូវបង់លុយ២ម៉ឺនដុល្លារ ដើម្បីឲ្យបានលើងឋានៈជាប្រធាននាយកដ្ឋាន។ នៅពេលដែលយើងឃើញកូនរដ្ឋមន្រ្តីណាម្នាក់ឡើងឋានៈជាអគ្គនាយក ឬពាក់ផ្កាយពីរដោយទើបនឹងបម្រើការងារបានត្រឹម២ ឬ៣ឆ្នាំប៉ុណ្ណោះ។ បឹងធម្មជាតិ ដូចជាបឹងកក់ជាដើម ដែលសមនឹងទុកសម្រាប់ការសម្រាកលំហែរបស់មហាជនត្រូវបានលុប និងលក់ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍។ ការលក់ ឬផ្ទេរដីរដ្ឋ ឬអគាររដ្ឋដែលជាសម្បត្តិជាតិ ដោយមិនឆ្លងកាត់ការដេញថ្លៃត្រឹមត្រូវ ក្នុងលក្ខណៈឃុបឃិតគ្នា។ ក្រុមហ៊ុនធំៗដែលមានភាគហ៊ុនរបស់បុគ្គលមានឥទ្ធិពលខ្លាំងបានរួចពន្ធនាំចូល ឬទទួលបានគម្រោងរាប់លានដល្លារពីរដ្ឋ ដោយពុំមានការដេញថ្លៃត្រឹមត្រូវប្រកបដោយតម្លាភាព។ ការទិញដូរតំណែងក្នុងស្ថាប័នសាធារណៈ ឬក្នុងគណបក្សនយោបាយ ដូចជាតំណែងបេក្ខជនសមាជិករដ្ឋសភា បេក្ខជនក្រុមប្រឹក្សាឃុំជាដើម។ អំពើពុករលួយក៏កើតមានផងដែរនៅក្នុងស្ថាប័នសាសនា អង្គការក្រៅរដ្ឋាភិបាល សហជីព និងសមាគម នៅពេលដែលតួនាទី ឋានៈ និងអំណាចត្រូវបានប្រើប្រាស់ខុស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយបង្កការខាតបង់ដល់ប្រយោជន៍រួម ប្រយោជន៍ស្ថាប័ន។
         

តើសង្គមខ្មែរយើងពិតជាស្អប់ខ្ពើមអំពើពុករលួយមែនឬ?

ប្រសិនបើយើងសួរសំណួរធម្មតាទៅមនុស្សទូទៅថា តើអ្នកស្អប់ខ្ពើមអំពើពុករលួយដែរឬទេ? យើងប្រាកដជាបានចម្លើយភាគច្រើនថា “ខ្ញុំស្អប់អំពើពុករលួយ។ ខ្ញុំមិនចង់ឃើញអំពើពុករលួយកើតមានក្នុងសង្គមយើងទេ។ អំពើពុករលួយជារឿងអាក្រក់សម្រាប់សង្គម។…។ល។” ក្រោយពីស្តាប់ចម្លើយវិជ្ជមានទាំងនេះហើយ យើងអាចនឹងឆ្ងល់ ហើយសួរបន្តថា បើមនុស្សភាគច្រើនក្នុងសង្គមស្អប់ខ្ពើមអំពើពុករលួយ ហេតុអ្វីក៏ក្នុងសង្គមយើងនៅមានអំពើពុករលួយច្រើនលើសលុបបែបនេះ? ដើម្បីស្វែងរកចម្លើយទៅនឹងសំណួរនេះ យើងគួរនាំគ្នាគិតពិចារណាទៅលើការជជែកនិយាយស្តីប្រចាំថ្ងៃក្នុងសង្គមយើង ដែលឆ្លុះបញ្ចាំងអំពីការគិត ការយល់ឃើញ និងឥរិយាបថជាក់ស្តែងទៅលើអំពើពុករលួយ។

តទៅនេះជាសម្រង់សំដីមួយចំនួនដែលយើងធ្លាប់ឮនឹងត្រចៀកពីមិត្តភ័ក្ភិ ឬអ្នកស្គាល់គ្នា ឬក្នុងចំណោមក្រុមគ្រួសារយើង ៖ សួស្តីសំឡាញ់ តើឯងផ្លាស់មកកន្លែងការងារថ្មីរកលុយបានច្រើនឬទេ? ឥឡូវខ្ញុំរកលុយលែងបានដូចមុនហើយ ព្រោះរដ្ឋមន្រ្តីថ្មីកែប្រែនីតិវិធីតឹងជាងមុន។ តើកន្លែងកូនឯងធ្វើការរកលុយក្រៅបានច្រើនឬទេ? ឪពុកគ្នាជាអភិបាលរងខេត្តតែគាត់មិនចេះរកក្រៅនឹងគេទេ គាត់ស្មោះត្រង់ជ្រុល។ ប្អូនខ្ញុំវានៅចំកន្លែងខ្លាញ់តែវាល្ងង់ណាស់ វាមិនចេះរកក្រៅនឹងគេទេ។ ពួកម៉ាកខ្ញុំគេមានលុយចាយហ៊ឺហារព្រោះឪពុកគេជាមន្រ្តីធំរកលុយបានស្រួល។ ក្មួយប្រុសខ្ញុំមានមុខមានមាត់ណាស់ព្រោះមានមិត្តភ័ក្ភិសុទ្ធតែជាកូនអ្នកធំមានលុយចាយរាប់មិនអស់។ ឪពុកមាវាជាមនុស្សល្អណាស់ដោយចេះជួយក្មួយឲ្យទៅនៅកន្លែងខ្លាញ់។ ឯងមើលគេជាមនុស្សមានមុខមានមាត់ណាស់ មានឋានៈខ្ពង់ខ្ពស់ក្នុងរដ្ឋាភិបាល មានវិឡាស្កឹមស្កៃ មានឡានជិះរាប់មិនអស់ …។ល។

បើយើងពិចារណាលើសំដីរៀបរាប់ខាងលើឲ្យស៊ីជម្រៅបន្តិច យើងឃើញថា ជាទូទៅមនុស្សភាគច្រើនក្នុងសង្គមយើងនៅមានទឹកចិត្តកោតសរសើរ និងឲ្យតម្លៃលើអំពើពុករលួយនៅឡើយ ហើយថែមទាំងម៉ាក់ងាយ មើលស្រាលលើមនុស្សដែលស្មោះត្រង់ និងសុចរិតទៀតផង។

សូមកុំយល់ច្រឡំថា នេះជាការបណ្តុះកំហឹងវណ្ណៈឲ្យស្អប់ខ្ពើមអ្នកមាន អ្នកធំ។ ប្រសិនបើនរណាម្នាក់មានឋានៈខ្ពង់ខ្ពស់ វាជារឿងគួរឲ្យគោរពបើគាត់មានស្នាដៃល្អបម្រើប្រទេសជាតិសក្តិសមនឹងឋានៈតួនាទីរបស់គាត់។ វាជារឿងល្អ បើគាត់មានទ្រព្យធនដោយសារចេះសន្សំសំចៃ និងធ្វើធុរកិច្ច ឬវិនិយោគដោយជោគជ័យ។ ក៏ប៉ុន្តែពុំមានអ្វីគួរឲ្យគោរពទេ បើឋានៈតួនាទី និងទ្រព្យធនទាំងនោះបានមកដោយសារអំពើពុករលួយ។ វាជារឿងគួរឲ្យស្អប់ខ្ពើម និងថ្កោលទោសបើឋានៈខ្ពង់ខ្ពស់ និងទ្រព្យធនហូរហៀរបានមកដោយសារអំពើពុករលួយ និងបង្កការឈឺចាប់ដល់អ្នកដទៃ។ ការយល់ឃើញ និងការផ្តល់តម្លៃរបស់សង្គមមានឥទ្ធិពលខ្លាំងដល់ការរីករាលដាល ឬការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ បើយើងឲ្យតម្លៃលើផ្លែផ្កានៃអំពើពុករលួយ យើងកំពុងផ្តល់ជី និងទឹកដល់ការរីកលូតលាស់របស់វាហើយ។

តើយើងអាចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដូចម្តេច?

លោក លី ក្វាន់យូ បិតាស្ថាបនិកសិង្ហបុរី ដែលបានកសាងប្រទេសសិង្ហបុរី ឲ្យរីកលូតលាស់ និងស្អាតស្អំ បានផ្តល់ដំបូន្មានថា “ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ វាជាការចំណាយពេល និងធនធានអត់ប្រយោជន៍ បើយើងរៀបសំណាញ់ចាប់បានតែត្រីចង្វា”។ ខ្ញុំគិតថា គតិបណ្ឌិតរបស់លោក លី ក្វាន់យូ មានសារសំខាន់ខ្លាំងណាស់សម្រាប់កិច្ចការរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា។

តួនាទីរបស់អ្នកដឹកនាំកំពូលៗមានឥទ្ធិពលធំធេងក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក្នុងការផ្តល់គំរូល្អ គំរូស្មោះត្រង់ គំរូសុចរិត។ ក្នុងនាមជាអ្នកដឹកនាំ អ្នកមិនអាចអំពាវនាវឲ្យអ្នកខាងក្រោមស្តាប់ ហើយឈប់ប្រព្រឹត្តអំពើពុករលួយបានទេ បើគេនៅមើលឃើញថាអ្នកកំពុងប្រព្រឹត្តអំពើនេះ។ អ្នកខាងក្រោមមិនស្តាប់នូវអ្វីដែលអ្នកនិយាយទេ គេមើលអ្វីដែលអ្នកធ្វើ ហើយគេនឹងដើរតាមទង្វើរបស់អ្នក។

ក្រៅពីការផ្តល់គំរូល្អរបស់អ្នកដឹកនាំ និងការផ្តល់តម្លៃត្រឹមត្រូវរបស់សង្គមទៅលើអំពើពុករលួយ កិច្ចការដ៏សំខាន់ចាំបាច់មួយទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺការរៀបចំប្រព័ន្ធមួយដ៏ល្អដែលមានប្រសិទ្ធភាព។ សូមអានអត្ថបទ “តើធ្វើយ៉ាងណាឲ្យមានរាជរដ្ឋាភិបាលល្អបម្រើពលរដ្ឋ?” ក្នុងការស្វែងយល់អំពីការរៀបចំប្រព័ន្ធអភិបាលកិច្ចល្អដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

"ការឲ្យតម្លៃរបស់សង្គមទៅលើអំពើពុករលួយប្រៀបដូចជាការថែទាំសួនដំណាំ។ បើយើងស្រោចទឹក និងដាក់ជីលើរុក្ខជាតិចង្រៃរុក្ខជាតិទាំងនោះនឹងរីកលូតលាស់។" -- សាម អ៊ីន


"ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អ្នកក្រោមបង្គាប់មិនស្តាប់សំដីរបស់អ្នកដឹកនាំទេ គេមើលទង្វើរបស់អ្នកដឹកនាំ។ បើអ្នកដឹកនាំធ្វើអ្វី ទង្វើនោះនឹងរីកសាយឡើង។" -- សាម អ៊ីន

Comments