វិធីធ្វើឱ្យអ្នកមានតម្លៃខ្ពស់


ខ្ញុំធ្លាប់ជាអ្នកគំាទ្រដ៏ខ្លាំងម្នាក់ដល់គំនិតនៃភាពជោគជ័យ ដែលកើតចេញពីការធ្វើសកម្មភាព បំពេញការងារ​ និងមានវិន័យ។ ដោយការពិត ខ្លួនខ្ញុំធ្លាប់ប្រឹងប្រែងយ៉ាងខ្លាំងទៅលើរឿងមួយក្នុងចំណោមធាតុទាំង៥ប្រការនៃភាពជោគជ័យក្នុងជីវិតគឺៈ សកម្មភាព ឬ ការងារ។ ប៉ុន្តែពេលនេះ ខ្ញុំចង់បន្ថែមធាតុដ៏សំខាន់មួយទៀតទៅក្នុងរឿងការងារគឺ ជំនាញ - ការងារដែលមានជំនាញច្បាស់លាស់។

យើងត្រូវការជំនាញដើម្បីឲ្យក្តីសុបិនរបស់គ្រួសារយើងបានជោគជ័យ។ យើងត្រូវការជំនាញដើម្បីចាត់ចែងកិច្ចការក្រុមហ៊ុនឲ្យបានផលល្អ។ យើងត្រូវការជំនាញដើម្បីចាត់ចែងលុយកាក់យើងឲ្យរីកសាយសម្រាប់អនាគតដែលមានសេរីភាព(ហិរញ្ញវត្ថុ)។ យើងត្រូវការជំនាញសម្រាប់រឿងគ្រប់យ៉ាង។

ចុះចំណែករឿងទំនាក់ទំនង? ប្រសិនបើអ្នកចង់ឲ្យគ្រួសារមានភាពល្អូកល្អិន មានភាពសុខដុម តើអ្នកត្រូវការនិយាយទៅរកសមាជិកគ្រួសារអ្នកបែបណា? ប្រសិនបើអ្នកមានជំនាញនិយាយទៅកាន់កូនអ្នក អ្នកនឹងអាចជួយគេឲ្យចេះបង្កើតក្តីស្រមៃសម្រាប់អនាគតរបស់គេ។ បើអ្នកខ្ជិលច្រអូសក្នុងការបង្កើតទំនាក់ទំនងល្អក្នុងគ្រួសារ អ្នកនឹងត្រូវបង់ថ្លៃដ៏ខ្ពស់មួយនៅពេលក្រោយ។ តើអ្នកយល់យ៉ាងណាពីភាពខុសគ្នា នៅពេលអ្នកនិយាយថា “កូនមានរឿងអ្វីឲ្យប៉ាជួយ?” ឬ “ហេតុអ្វីបានឯងធ្វើខុសបែបនេះ?”។ ឃ្លាពីរនេះមានន័យស្រដៀងគ្នា តែអ្នកនឹងទទួលបានប្រតិកម្មតបផ្សេងគ្នាពីកូនរបស់អ្នកចំពោះការប្រើឃ្លាណាមួយ។ ប្រហែលជាអ្នកធ្លាប់បានប្រើភាសាបែបនេះតាំងពីជាង១០ឆ្នាំមកហើយ តែមិនបានចាប់ភ្លឹកពីភាពខុសគ្នា។ ចាប់ពីពេលនេះទៅ អ្នកត្រូវយល់ដឹងពីភាពខុសគ្នា។ អ្នកត្រូវតែកែសម្រួលភាសា និង របៀបទាក់ទងរបស់អ្នកជាប្រចាំ។

បើអ្នកមានជំនាញច្បាស់លាស់​ អ្នកនឹងធ្វើលេខគុណជាមួយការងារអ្នក ២ដង ៥ដង ១០ដង ៥០ដង ឬ ក៏អាចដល់ ១០០ដង ចំពោះលទ្ធផលដែលអ្នកទទួលបាន។ អ្នកអាចយកញញួរទៅកាប់ដើមឈើ ហើយវាអាចត្រូវការពេល ៣០ថ្ងៃ ទើបធ្វើឲ្យដើមឈើនោះដូលរលំបាន។ នេះហើយហៅថា ការងារ។ ក៏ប៉ុន្តែ បើអ្នកយកពូថៅ ទៅប្រើជំនួសញញួរ អ្នកនឹងត្រូវការពេលតែ ៣០នាទីប៉ុណ្ណោះ។ តើអ្វីដែលធ្វើឲ្យមានភាពខុសគ្នារវាងការចំណាយពេល ៣០ថ្ងៃ និង ៣០នាទី? ចម្លើយខ្លីគឺ ជំនាញ។ ជំនាញ នឹងបង្កើតភាពខុសគ្នាយ៉ាងខ្លាំងចំពោះលទ្ធផលដែលយើងទទួលបាន។

ចូរធ្វើនូវអ្វីដែលអ្នកចង់ធ្វើ និងអាចធ្វើបាន តែត្រូវធ្វើវាឲ្យបានល្អបំផុត គឺតាមរយៈការពង្រឹងជំនាញ។ ពេលនោះ អ្នកនឹងឃើញថា ការងារបូកនឹងជំនាញនឹងឈានទៅបង្កើតរឿងដ៏អស្ចារ្យ - អស្ចារ្យសម្រាប់ហិរញ្ញវត្ថុរបស់អ្នក, ភាពសុខដុមក្នុងគ្រួសារអ្នក និងរឿងផ្សេងទៀតក្នុងជីវិតរបស់អ្នក៕

---^^^---

---
ប្រែសម្រួលដោយ សាម អ៊ីន -- ធ្នូ ២០១៦
---       

-- ដកស្រង់ពីអត្ថបទរបស់ Jim Rohn, in the Success Magazine (April 2016), “How to make yourself more valuable”

Comments