តើធ្វើយ៉ាងណាដើម្បីឱ្យមានរាជរដ្ឋាភិបាលល្អបម្រើប្រជាពលរដ្ឋ?


នៅក្នុងសង្គមប្រជាធិបតេយ្យ តួនាទី និង ភារកិច្ចចំបងរបស់រដ្ឋាភិបាល និង មន្រ្តីរដ្ឋការគឺសម្រាប់បម្រើប្រជាពលរដ្ឋ ដូចជាការធានាឲ្យមានផ្លូវ ភ្លើង ទឹក សាលារៀន មន្ទីរពេទ្យ ផ្តល់សេវាសាធារណៈ ធានាសុវត្ថិភាព សន្តិសុខ ការពារជាតិ។ល។ យើងតែងឆ្ងល់ថា ហេតុអ្វីនៅប្រទេសមួយចំនួនដូចជាសឹង្ហបុរី ស្វីស ឬ អាល្លឺម៉ង់ មន្រ្តីរដ្ឋាភិបាល និង មន្រ្តីរដ្ឋការ មានការទទួលខុសត្រូវខ្ពស់ មិនពុករលួយ ផ្តល់សេវាបម្រើប្រជាពលរដ្ឋបានល្អ។ ដោយឡែកប្រទេសមួយចំនួនទៀត មានដូចជាហ្សីមប៉ាវ៉េ ឡាវ និង កម្ពុជាជាដើម មន្រ្តីរដ្ឋាភិបាល និង មន្រ្តីរដ្ឋការ បែរជាពុករលួយ មិនសូវខ្វល់នឹងកិច្ចការបម្រើប្រជាពលរដ្ឋ ហើយបែរជាយកអំណាចរដ្ឋទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ភាពខុសគ្នានេះមិនមែនបណ្តាលមកពី ពណ៌សម្បុរនៃប្រជាជន ឬកត្តាអាកាសធាតុរបស់ប្រទេសនីមួយៗទេ ក៏ប៉ុន្តែ ជាសំខាន់គឺបណ្តាលមកពីការរៀបចំចាត់ចែង ស្ថាប័ន (institutions) ឬប្រព័ន្ធច្បាប់ ឬ ប្រព័ន្ធអភិបាលកិច្ច នៅក្នុងប្រទេសនីមួយៗ ដែលជាកត្តាកំណត់ចម្បង ធ្វើឲ្យជាតិមួយនៅក្រីក្រអន់ថយ ឬ រីកចម្រើនលូតលាស់។ ដោយប្រើប្រាស់ទ្រឹស្តីលោក Douglas North ម្ចាស់ពានរង្វាន់ណូប៊ែលផ្នែកសេដ្ឋកិច្ចឆ្នាំ១៩៩៣ យើងអាចស្វែងរកចម្លើយចំពោះចម្ងល់ខាងលើដូចតទៅនេះ ៖ ជាទូទៅ មនុស្សទាំងឡាយ(លើកលែងចំពោះបុគ្គលដែលមានស្មារតីកំរិតវីរជនមួយចំនួនតូច) តែងមានចេតនាគិតផលប្រយោជន៍ផ្ទាល់ខ្លួន(ក្រុមគ្រួសារខ្លួន បក្សពួកខ្លួន) ជាមុន ឬ ធំជាងផលប្រយោជន៍សាធារណៈ ផលប្រយោជន៍រួម ឬ ផលប្រយោជន៍ប្រទេសជាតិ។ មន្រ្តីរដ្ឋាភិបាល និង មន្រ្តីរដ្ឋការ ដែលមានបុគ្គលិកលក្ខណៈជាមនុស្សទូទៅ ក៏មានចេតនាគិតផលប្រយោជន៍ផ្ទាល់ខ្លួនជាធំផងដែរ ហើយថែមទាំងហ៊ានរំលោភបំពានផលប្រយោជន៍សាធារណៈទៀតផង ប្រសិនបើការរៀបចំប្រព័ន្ធអភិបាលកិច្ចមានការខ្វះចន្លោះ។ ហេតុដូច្នេះហើយ ទើបយើងឃើញមានមន្រ្តីរាជរដ្ឋាភិបាល ឬ មន្រ្តីរាជការនៅកម្ពុជា យកអំណាចរបស់ខ្លួនទៅទន្រ្ទានយកដីរាស្រ្ត ឬ ការពារអ្នកកាប់ព្រៃឈើ ឬ លុបបឹងធម្មជាតិលក់ ឬ លក់អាគាររដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេធ្វើដូច្នេះបានដោយសារប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជាមានការខ្វះចន្លោះច្រើន។ តើអ្វីទៅជា ប្រព័ន្ធអភិបាលកិច្ចប្រព័ន្ធច្បាប់ស្ថាប័ន? ប្រព័ន្ធអភិបាលកិច្ចមានសមាសធាតុសំខាន់បី គឺ ១) ច្បាប់ គោលការណ៍ នីតិវិធី ២) ការតាមដាន ការត្រួតពិនិត្យ ៣) ការដាក់ទោស។ សមាសធាតុទាំងបីនេះជាកត្តាកំណត់ឥរិយាបទរបស់មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការ ថាតើពួកគាត់យកអំណាចរបស់ប្រជាពលរដ្ឋទៅបម្រើរាស្រ្ត ឬ ទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់។

រូបភាព១៖ ប្រព័ន្ធអភិបាលកិច្ច

 ច្បាប់ គោលការណ៍ និង នីតិវិធី ជាទូទៅចែងអំពី តួនាទី និង សិទ្ធិអំណាចរួមទាំងទំហំទោសចំពោះកំហុសឆ្គងរបស់មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការ។ ក្នុងនេះរួមមានរដ្ឋធម្មនុញ្ញ ច្បាប់ផ្សេងៗ គោលការណ៍ក្រសួង មន្ទីរ និង នីតិវិធីការងារមន្រ្តីរាជការ។ ការតាមដានត្រួតពិនិត្យ មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការ ជាកិច្ចការរបស់ រដ្ឋសភា អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរសវនកម្មជាតិ និង អធិការកិច្ចក្នុងក្រសួងនីមួយៗ។ ក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន សង្គមស៊ីវិល និង ប្រជាពលរដ្ឋក៏មានតួនាទីតាមដានត្រួតពិនិត្យផងដែរ។ ការដាក់ទោស ជាតួនាទីរបស់តុលាការ នៅពេលដែលរកឃើញតឹកតាងគ្រប់គ្រាន់ថាមន្រ្តីរាជរដ្ឋាភិបាល ឬ មន្រ្តីរាជការបានរំលោភបំពានអំណាចដែលប្រជាពលរដ្ឋប្រគល់ឲ្យ។ ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋអាចដាក់ទោសមន្រ្តីរាជរដ្ឋាភិបាល និង អ្នកនយោបាយតាមរយៈសន្លឹកឆ្នោត ឬ ការធ្វើបាតុកម្មតវ៉ាផ្សេងៗ។ លោក Douglas North បានសន្និដ្ឋានថា មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការនឹងយកអំណាចរបស់ខ្លួនទៅប្រើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និង ធ្វើឲ្យខូចប្រយោជន៍សាធារណៈបើច្បាប់ចងក្រងមិនបានល្អ មានការខ្វះចន្លោះ។ ក៏ប៉ុន្តែបើទោះបីជាច្បាប់ចងក្រងបានល្អក៏ដោយ គ៏ពួកគាត់នៅប្រើអំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បើគាត់ដឹងថា ការតាមដានត្រួតពិនិត្យមិនអាចចាប់គាត់បាន។ បន្ថែមពីនេះ ពួកគាត់នៅតែបន្តរំលោភអំណាច បើទោះបីគាត់ដឹងថា ការតាមដានអាចចាប់គាត់បាន តែនឹងមិនមានការដាក់ទោស ឬមានការដាក់ទោសតិចតួចប៉ុណ្ណោះ ដោយសារតែគាត់មានខ្នងបង្អែកខាងលើនៅចាំការពារពួកគាត់។ សរុបមកវិញ មន្រ្តីរាជរដ្ឋាភិបាល និង មន្រ្តីរាជការនៅបន្តប្រព្រឹត្តអំពើពុករលួយ រំលោភអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បើសមាសធាតុណាមួយនៃប្រព័ន្ធអភិបាលកិច្ចរៀបចំមិនបានល្អ (ច្បាប់ខ្វះចន្លោះ ឬ ការតាមដានត្រួតពិនិត្យខ្សោយ ឬ ភាពគ្មានទោស)នៅបន្តគ្របដណ្តប់ក្នុងសង្គមកម្ពុជា។

បើយើងពិនិត្យមើលប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជា យើងសង្កេតឃើញមានការខ្វះចន្លោះយ៉ាងច្រើន ជាពិសេសសមាសធាតុ “ការតាមដានត្រួតពិនិត្យ” និង “ការដាក់ទោ”។ រដ្ឋសភា(នីតិបញ្ញត្តិ) មិនហ៊ានតាមដានត្រួតពិនិត្យកិច្ចការរបស់ រាជរដ្ឋាភិបាល(នីតិប្រតិបត្តិ) ដោយសារតែប្រព័ន្ធដឹកនាំគណបក្សនៅកម្ពុជាបង្ខំឲ្យសមាជិករដ្ឋសភាដែលជាសមាជិកគណបក្សខ្លាចមេបក្ស ដែលជាអ្នកកាន់តួនាទីកំពូលក្នុងស្ថាប័ននីតិប្រតិបត្តិ។ អង្គភាពប្រឆាំងអំពើពុករលួយ និង អាជ្ញាធរសវនកម្មជាតិ ស្ថិតក្រោមអំណាច ឬ ឥទ្ធិពលយ៉ាងខ្លាំងពី រាជរដ្ឋាភិបាល។ ដោយសារតែមានការរៀបចំរចនាសម្ព័ន្ធបក្សក្នុងស្ថាប័នតុលាការនិងមន្រ្តីរាជការ ធ្វើឲ្យ តុលាការ មិនមានភាពឯករាជ្យ ស្ថិតក្រោមឥទ្ធិពលយ៉ាងខ្លាំងពីគណបក្សកាន់អំណាច មិនហ៊ានដាក់ទោសអ្នកមានអំណាច មានខ្នង។ សារព័ត៌មាន នៅខ្វះក្រមសីលធម៌វីជ្ជាជីវៈ និង ភាគច្រើនមិនឯករាជ្យ។ ប្រជាពលរដ្ឋ មានការយល់ដឹងតិចតួច និងមានការភ័យខ្លាចច្រើន។

ប្រវត្តិនៅប្រទេសរីកចម្រើនជឿនលឿន តែងចាប់ផ្តើមដំបូងជាមួយការរៀបចំប្រព័ន្ធអភិបាលកិច្ចបានល្អ។ ការចាប់ផ្តើមនេះច្រើនកើតចេញពីក្រុមវីរជនមួយក្រុមដែលមានទឹកចិត្តស្មោះត្រង់នឹងប្រជាពលរដ្ឋ តម្តល់ផលប្រយោជន៍សាធារណៈខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងយល់ដឹងអំពីសារសំខាន់នៃការរៀបចំប្រព័ន្ធអភិបាលកិច្ចល្អ ទទួលបានអំណាចពីប្រជាពលរដ្ឋ ហើយចាប់ផ្តើមរៀបចំចាត់ចែងប្រព័ន្ធអភិបាលកិច្ចល្អ។ កត្តាជំរុញអភិបាលកិច្ចល្អ ក៏អាចកើតឡើងផងដែរពីប្រជាពលរដ្ឋដែលមានការយល់ដឹង និង សកម្មចូលរួមទាមទារដាក់សម្ពាធដល់អ្នកដឹកនាំនយោបាយត្រូវតែធ្វើកិច្ចការនេះ។ តើប្រទេសកម្ពុជានឹងមានវាសនាអាចមានក្រុមវីរជនធ្វើកិច្ចការនេះដែរឬទេ? តើប្រជាពលរដ្ឋខ្មែរខំប្រឹងស្វែងយល់ និងមានភាពស្វិតស្វាញទាមទារឲ្យមានការរៀបចំចាត់ចែងប្រព័ន្ធអភិបាលកិច្ចល្អដែរឬទេ?

រាជរដ្ឋាភិបាលល្អ និង មន្រ្តីរាជការបម្រើពលរដ្ឋមិនអាចកើតឡើងដោយឯកឯងទេ។ អ្នកត្រូវទាមទារ និង បង់ថ្លៃចំពោះរឿងនេះ។” 

 “បើយើងជាជាតិខ្មែរមិនអាចរៀបចំប្រព័ន្ធអភិបាលកិច្ចល្អបានទេ កម្ពុជានឹងត្រូវគ្រប់គ្រងដោយជាតិសាសន៍ដទៃ”៕

---^^^---

 ---
រៀបរៀងដោយ សាម អ៊ីន -- ធ្នូ ២០១៦

Comments