បុព្វហេតុនៃការកកើតគេហទំព័រនេះ

នៅពាក់កណ្តាលឆ្នាំ ២០០៤ ខ្ញុំបានជូបគ្រូសម្របសម្រួលម្នាក់មកពីប្រទេសឥណ្ឌា។ គាត់បាន​ណែនាំខ្ញុំអំពីសៀវភៅពីរក្បាលដែលសរសេរដោយលោក John C. Maxwell អំពីភាពជាអ្នកដឹកនាំ ទីមួយ "បទបញ្ញត្តិ ២១ប្រការនៃភាពជាអ្នកដឹកនាំ" និងទីពីរ "បទបញ្ញត្តិទាំង ១៧ប្រការនៃការធ្វើការជាក្រុម"។ ខ្ញុំបានអានសៀវភៅទាំង ២ក្បាលនេះដោយជក់ចិត្ត និងយល់ដឹង​បានសុីជម្រៅអំពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍខ្លួន។ ក្រោយមកទៀត ខ្ញុំក៏ចូលចិត្តអាន​សៀវភៅច្រើនថែមទៀតអំពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍខ្លួន​ ដោយខ្ញុំពិសោធផ្ទាល់ខ្លួន​ឃើញថា គោលការណ៍ទាំងនោះយកទៅប្រើប្រាស់សម្រាប់ការងារនិងដឹកនាំជីវិតផ្តល់​ភាពជោគជ័យនិងរីករាយច្រើន។ សៀវភៅដែលខ្ញុំអានមានដូចជា "ទម្លាប់ ៧ប្រការរបស់បុគ្គលឆ្នើម - 7 habits of highly effective people" និពន្ធដោយលោក Steven Covey "បទបញ្ញត្តិស្មារតី ៧ប្រការសម្រាប់ភាពជោគជ័យ - 7 spiritual laws of success" របស់លោក Deepak Chopra "ព្រះសង្ឃដែលបានលក់ឡានហ្វែរ៉ារ៉ី - The monk who sold his ferrari" របស់លោក Robin Sharma ​"ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ - Rich Dad, Poor Dad" របស់លោក Robert Kiyosaki ជាដើម។ល។

ខ្ញុំបានយកគោលការណ៍នៃភាពជាអ្នកដឹកនាំដែលបានរៀនក្នុងសៀវភៅទៅអនុវត្ត ហើយ​សង្កេត​ឃើញថាផ្តល់ផលប្រយោជន៍និងជោគជ័យបានច្រើនសម្រាប់ជីវិតការងារនិងជីវិត​គ្រួសារ។ ខ្ញុំក៏បានរៀនសូត្រអំពីភាព​ជាអ្នកដឹកនាំល្អដែលអនុវត្តផ្ទាល់ផ្តល់ជាគំរូពីអ្នកដឹកនាំ​ក្នុងអង្គការ LWF ជាពិសេសពីលោក David H. Mueller ប្រធានអង្គការ LWF Cambodia។

ដោយបានយល់ដឹងអំពីសារៈសំខាន់នៃគោលការណ៍ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍខ្លួន ខ្ញុំមានគំនិតថា គោលការណ៍ទាំងនេះគួរត្រូវបានចែករំលែកដល់យុវជនខ្មែរ ដើម្បីឲ្យគាត់បាន​យល់ដឹងត្រូវក្នុងការកសាងខ្លួនឈានឆ្ពោះទៅរកជីវិតរីករាយនិងមានសេរីភាព។ ដូច្នេះហើយ​ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៥ មក ខ្ញុំក៏ចាប់ផ្តើមបង្កើតប្លក់នេះឡើងក្នុងគោលបំណង ចែកចាយចំណេះដឹងអំពីភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍខ្លួន។ ជាមួយនេះ ខ្ញុំក៏បញ្ចូល​ចំណេះដឹង​ខ្លះៗអំពីប្រជាធិបតេយ្យដើម្បីរួមចំណែកកសាងសង្គមប្រជាធិបតេយ្យឲ្យរស់រវើកនិងចាស់ទុំក្នុងវិស័យនយោបាយ​នៅកម្ពុជា។

"ជីវិតយើងខ្លីណាស់។ សូមរស់នៅជាមួយក្តីស្រឡាញ់ ការរៀនសូត្រ និងបន្សល់មរតកនៃភាពជាអ្នកដឹកនាំល្អ។"
 

Comments