កុំចង់ក្លាយជាមនុស្សល្អពេក

 


តើអ្នកធ្លាប់ជាក្មេងម្នាក់ ដែលធ្លាប់គេសរសើរថា ជាក្មេងល្អដែរទេ? តើអ្នកធ្លាប់ខំប្រឹងយ៉ាងខ្លាំង ដើម្បីសម្របខ្លួនជាមួយឪពុកម្តាយ លោកគ្រូអ្នកគ្រូ ឬក៏បងប្អូនដែលមានអាយុចាស់ជាងអ្នក ដែរទេ? បើទោះបីពេលខ្លះវាលំបាកខ្លាំង អ្នកក៏ខំប្រឹងអត់ទ្រាំ ហើយទទួលយកទាំងឈឺចាប់ ក្នុងភាពស្ងប់ស្ងាត់ មែនទេ? ហើយឥឡូវេនះ អ្នកធំដឹងក្តីហើយ តើអ្នកនៅបន្តគិតថា អ្នកត្រូវមានកាតព្វកិច្ចក្នុងការយកចិត្ត ឬតម្រូវចិត្តអ្នកដទៃ ដែរទេ? អ្នកនៅតែបន្តខំប្រឹងយ៉ាងខ្លាំង ដោយមិនរំខាន ឬក្លាយជាបន្ទុកដល់អ្នកដទៃ? បើទោះបីនរណាមួយបង្កការលំបាកដល់អ្នក អ្នកនៅបន្តខំប្រឹងមិនតបត ពីព្រោះវាជាធម្មជាតិរបស់អ្នក ដែលមិនចង់ធ្វើ ឬនិយាយអ្វី ដែលបង្កការឈឺចាប់ដល់អ្នកដទៃ ឬធ្វើឱ្យអ្នកដទៃមានការលំបាក មែនទេ?

ខ្ញុំធ្លាប់បានជួបមនុស្សល្អៗជាច្រើន ដែលទទួលរងជំងឺបាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្តដទៃទៀត ដោយសារតែមានបញ្ហាទំនាក់ទំនង។​ ពួកគាត់ធ្លាប់ជាមនុស្សសុភាពរាបសារ​ មានឥរិយាបថសមគួរ​ ចេះគិតគូរដល់អ្នកដទៃ។​ ពួកគាត់ជាប្រភេទមនុស្សដែលសុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួន​ ហើយមានទម្លាប់បំពេញបំណងអ្នកដទៃជាមុន។​ ខ្ញុំមានចម្ងល់ថា​ ហេតុអ្វីមនុស្សប្រភេទនេះបែរជាក្លាយជាអ្នករងគ្រោះ ទទួលរងការឈឺចាប់ផ្លូវចិត្តនិងផ្លូវអារម្មណ៍ទៅវិញ?

ខ្ញុំក៏ធ្លាប់ជាមនុស្សមិនសូវគិតពីខ្លួនឯង និងជាក្មេងញ៉បៗខ្លាចគេ​ ហើយត្រូវបានគេសរសើរជាញឹកញាប់ថាជា​ "ក្មេងល្អ"។ ជាកូនល្អ ដែលមិនបង្កការរំខានដល់ឪពុកម្តាយ ជាកូនសិស្សល្អ ដែលតែងស្តាប់ឱវាទរបស់គ្រូ ហើយអ្វីៗដែលគេបង្រៀនខ្ញុំគឺថា វាល្អគ្រប់គ្រាន់ហើយ នៅពេលដែលយើងក្លាយជាមនុស្សល្អ។ ក៏ប៉ុន្តែ នៅពេលដែលខ្ញុំចូលរៀននៅមធ្យមសិក្សា ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា វាដូចជាមានបញ្ហាជាមួយនឹងការខំក្លាយខ្លួនជាមនុស្សល្អ។ នៅក្នុងក្រុមការងារក្នុងចំណោមនិស្សិត មានអ្នកឆ្លាតជាងខ្ញុំ មានអ្នកមានបុគ្គលភាពខ្លាំងជាងខ្ញុំ ហើយខ្ញុំបានភ្ញាក់ខ្លួនថា រាល់ការងារទាំងឡាយដែលអ្នកផ្សេងមិនចង់ធ្វើ បានធ្លាក់មកលើខ្ញុំ។​ ខ្ញុំនៅបន្តប្រាប់ខ្លួនឯងថា​ វាជារឿងល្អហើយក្នុងការធ្វើអំពើល្អ​ ក៏ប៉ុន្តែ ពេលវេលាចេះតែរំកិលទៅមុខ ហើយភាពស្រ្តេសក៏ចេះតែកើនឡើងចំពោះខ្ញុំ។ នៅពេលដែលខ្ញុំបើកបេះដូង​ ហើយនិយាយទៅកាន់មិត្តចាស់ជាងម្នាក់ ដែលគាត់ស្ថិតនៅក្នុងកម្មវិធីសិក្សាជាមួយយើងដែរ គាត់បានផ្តល់ដំបូន្មានថា "ធ្វើល្អចំពោះខ្លួនឯងជាមុន រួចហើយចាំគិតដល់អ្នកដទៃ។"

ស្តាប់ដំបូន្មាននេះភ្លាម ខ្ញុំភ្ញាក់ខ្លួនព្រើត ដូចឮរន្ទះបាញ់ពេលកំពុងភ្លៀងខ្លាំង។​ រហូតមកដល់ពេលនេះ ខ្ញុំធ្លាប់តែបារម្ភថា តើអ្នកផ្សេងគិតបែបណាអំពីខ្ញុំ។ ខ្ញុំមិនដែលគិតគូរឱ្យបានដិតដល់អំពីខ្លួនឯង ឬអំពីការស្រឡាញ់ខ្លួនឯងសោះឡើយ។


នៅពេលដែលយើងនិយាយថា នរណាមួយជាមនុស្សល្អ​ ភាគច្រើន យើងចង់មានន័យថា មនុស្សនោះសម្របខ្លួនជាមួយការចង់បានរបស់អ្នកដទៃ​ និងមិនគិតអំពីការទាមទារសម្រាប់តម្រូវការខ្លួនឯង។ បើនិយាយម្យ៉ាងទៀត មនុស្សដែលចេះសង្កត់ក្តីប្រាថ្នាផ្ទាល់ខ្លួន ដើម្បីយកចិត្តអ្នកដទៃ ត្រូវបានគេហៅជាញឹកញាប់ថាជា "មនុស្សល្អ"។ នៅពេលដែលនរណាម្នាក់តែងស្តាប់យើង និងធ្វើតាមដំបូន្មានរបស់យើង ជាលក្ខណៈធម្មជាតិ យើងតែងចូលចិត្តបុគ្គលនោះ ហើយគិតថា គាត់ជាមនុស្សល្អ។ ពេលខ្លះ ពាក្យថា "មនុស្សល្អ" គឺចង់សំដៅលើមនុស្សដែលគិតយ៉ាងខ្លាំងដល់អ្នកផ្សេង ហើយមិនហ៊ាន​ ឬមិនចង់បង្ហាញក្តីប្រាថ្នារបស់ខ្លួន។

បើទោះបីជាមិនកើតឡើងគ្រប់ករណីក៏ដោយ ក៏វាហាក់មានគំរូទាក់ទងគ្នាច្រើន ដែលយើងមានឥរិយាបថបែបនេះ ដោយសារតែទំនាក់ទំនងរបស់យើងកាលនៅពីកុមារជាមួយឪពុកម្តាយ ឬអាណាព្យាបាលយើង។ មនុស្សមានឥរិយាបថបែបនេះច្រើនកើតឡើងធំធាត់នៅក្នុងគ្រួសារមួយ ដែលឪពុកប្រើអំណាចផ្តាច់ការនៅក្នុងគ្រួសារ ឬម្តាយមានចរិតមានៈរឹងរូស។ ឬមួយក៏ច្រើនជាកូននៅក្នុងគ្រួសារ ដែលទទួលបានការចាប់អារម្មណ៍តិចតួចពីឪពុកម្តាយ ហើយខំប្រឹងផ្គាប់ចិត្តឪពុកម្តាយ ដោយធ្វើអ្វីៗគ្រប់យ៉ាងឱ្យគាត់ពេញចិត្ត ដើម្បីទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ពីឪពុកម្តាយ។ ក្នុងករណីច្បាស់លាស់ជាច្រើន នៅពេលដែលគាត់ធ្លាប់មានទំនាក់ទំនងមិនសូវល្អជាមួយឪពុកម្តាយ ឬទំនាក់ទំនងក្នុងគ្រួសារមានភាពរកាំរកូស គាត់តែងខំប្រឹងធ្វើរឿងគ្រប់យ៉ាង ដើម្បីឱ្យឪពុកម្តាយសប្បាយចិត្ត បង្ហាញថា គាត់ជា "កូនល្អ"។

ប៉ុន្តែ បញ្ហានៅត្រង់ថា នៅពេលដែលយើងរស់នៅដើម្បីបំពេញចិត្តអ្នកដទៃ យើងបានបោះបង់ក្តីប្រាថ្នា និងតម្រូវការផ្ទាល់ខ្លួន ដោយមិនដឹងខ្លួន។ ប្រសិនបើនៅពីក្មេង អ្នកធ្វើមិនអើពើនឹងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ប្រឹងសង្កត់ក្តីប្រាថ្នា ឬមិនយកចិត្តទុកដាក់លើតម្រូវការរបស់អ្នក ពេលធំឡើង អ្នកនឹងមិនអាចប្រាប់គេឯងថា អ្នកចង់ធ្វើអ្វី ឬអ្នកជាបុគ្គលបែបណា។ ហើយនៅពេលអ្នកជួបប្រឈមនឹងនរណាម្នាក់ ដែលធ្វើអំពើមិនគប្បីមកលើអ្នក ឬបង្កការលំបាកមកដល់អ្នក ហើយដោយសារតែអ្នកមានការលំបាកក្នុងការសំដែងអារម្មណ៍ចេញមកក្រៅ កំហឹងដែលអ្នកមានចំពោះអ្នកបង្កអំពើនោះ បានផ្ទុកកាន់តែច្រើនក្នុងខ្លួនអ្នក រួចហើយនៅពេលណាមួយ វាក៏វាយលុកមកលើអ្នក។ អ្នកអាចនឹងពោលតែម្នាក់ឯងថា "ហេតុអ្វីក៏ខ្ញុំជាមនុស្សឆ្កួតៗបែបនេះ ដែលមិនអាចបង្ហាញអារម្មណ៍ឱ្យពិតប្រាកដចេញមកក្រៅ ដោយមិនអាចនិយាយចេញមកដោយស្មោះត្រង់បាន?"

យ៉ាងណាក៏ដោយ ចូរចងចាំថា អ្នកមានអារម្មណ៍បែបណា អ្នកមិនត្រូវបដិសេធវាទេ ប៉ុន្តែ ត្រូវទទួលថា វាមានសារៈសំខាន់ណាស់។ អារម្មណ៍កើតឡើងនៅក្នុងខ្លួនអ្នកវាមិនទៅបាត់ដោយងាយៗទេ ដោយសារតែអ្នកប្រឹងសង្កត់វា ឬបដិសេធវា។ បញ្ហាផ្លូវចិត្តជាច្រើនបានកើតឡើង ដោយសារតែយើងមានទម្លាប់ខំប្រឹងសង្កត់អារម្មណ៍ ហើយថាមពលនៃអារម្មណ៍ដែលបានសង្កត់នោះរកផ្លូវចេញពីក្នុងខ្លួនមិនឃើញ។ វាប្រៀបដូចជាទឹកដែលមិនហូរ វាក្លាយជាគគ្រិច និងពុល ហើយសម្រាប់អារម្មណ៍របស់យើងក៏ដូច្នេះដែរ។

ក៏ប៉ុន្តែ អ្វីៗវាមិនទាន់ហួសពេលទេ។ ចាប់ពីពេលនេះទៅ មុននឹងយល់ស្របធ្វើតាមការចង់បានរបស់នរណាម្នាក់ សូមស្តាប់សំឡេងខាងក្នុងខ្លួនរបស់អ្នក ដែលនឹងប្រាប់អ្នកថា តើអ្នកចង់ធ្វើអ្វីឱ្យពិតប្រាកដ។ ប្រសិនបើមានអារម្មណ៍ប៉ះទង្គិចពីការទាមទាររបស់អ្នកដទៃម្តងហើយម្តងទៀត ហើយអ្នកមិនចង់ធ្វើរឿងនេះ សូមកុំជំរុញបង្ខំខ្លួនឯងឱ្យធ្វើវា រហូតធ្វើឱ្យអ្នកអស់កម្លាំងរហូតដល់លែងទប់ទល់នឹងវាបាន។ ជំនួសឱ្យការខំប្រឹងបង្ខំខ្លួនឯង អ្នកត្រូវពន្យល់ប្រាប់អ្នកដទៃឱ្យយល់អំពីអារម្មណ៍របស់អ្នក ដោយហ៊ាននិយាយត្រង់ទៅត្រង់មក។ សូមកុំបារម្ភថា ការបង្ហាញអារម្មណ៍ពិតនេះ ធ្វើឱ្យអ្នកដទៃមិនចូលចិត្តអ្នក និងទំនាក់ទំនងក្លាយជាមិនល្អ។ ប្រសិនបើអ្នកដទៃយល់អំពីអារម្មណ៍របស់អ្នក គេប្រហែលជាលែងទាមទារពីអ្នកច្រើនទៀតហើយ។

បើទោះបីជាគេគ្រប់គ្នានិយាយថា "តោះ! យើងទាំងអស់គ្នាផឹកកាហ្វេ!" ប្រសិនបើអ្នកចង់ផឹកតែទឹកដោះគោ អ្នកត្រូវតែហ៊ាននិយាយឡើង និងប្រាប់ថា "ខ្មុំចង់បានតែទឹកដោះគោទេ!"។ យើងយល់ថា មិនជារឿងអាក្រក់ទេ ក្នុងការធ្វើអំពើល្អចំពោះអ្នកដទៃ ក៏ប៉ុន្តែ អ្នកមានការទទួលខុសត្រូវក្នុងការធ្វើអំពើល្អចំពោះខ្លួនឯងជាមុន។

ចូររៀនបង្ហាញអារម្មណ៍របស់អ្នក ដោយកុំមានការទើសទាល់ចំពោះរឿងនេះ។ វាជាជំនាញមួយសំខាន់សម្រាប់ជីវិតរស់នៅក្នុងសង្គម សំខាន់ប្រហែលនឹងរៀនឱ្យចេះអានអក្សរដែរ។ បើពុំមានជំនាញនេះ ភាពតឹងចិត្តនឹងកើនឡើងកាន់តែច្រើន អំណះអំណាងបែបឈ្លោះប្រកែកនឹងធ្លាយចេញមក ហើយទំនាក់ទំនងសំខាន់ក្នុងជីវិតទាំងឡាយអាចផ្ទុះបែកធ្លាយឡើង ដូចភ្នំភ្លើង។

⇲​ តើអ្នកមានអារម្មណ៍មិនសប្បាយចិត្តដែរទេ ដែលអ្នកខំធ្វើកិច្ចការតែឯង? បើដូច្នេះមែន ចូរកុំខំលេបថ្មលេបក្រួស។ ចូរនិយាយចេញមក ដោយប្រើភាសាសមរម្យ ដូចជា "វាលំបាកណាស់ ដែលខ្ញុំធ្វើកិច្ចការនេះតែម្នាក់ឯង។ តើអ្នកអាចជួយខ្ញុំបានទេ?" បន្តិចម្តងៗ ការបង្ហាញអារម្មណ៍របស់អ្នកនឹងក្លាយជារឿងងាយស្រួល។     

ប្រសិនបើនរណាម្នាក់ស្នើសុំអ្នកឱ្យបំពេញក្តីប្រាថ្នាអ្វីមួយ​ សូមកុំភ្លេចថា​ អ្នកមានជម្រើសក្នុងការនិយាយថា​ "សូមទោស ខ្ញុំមិនអាចធ្វើរឿងនេះបានទេ។"​ អ្នកពុំមានកាតព្វកិច្ចក្នុងការទទួលយកការងារ​ ដែលក្លាយជាបន្ទុកធ្ងន់សម្រាប់អ្នក។​ ហើយប្រសិនបើទំនាក់ទំនងនោះ​ ក្លាយជារកាំរកូស ដោយសារអ្នកមិនព្រមបំពេញក្តីបំណងនោះ នោះវាមិនមែនជាទំនាក់ទំនងដ៏ល្អ​ ដែលអ្នកត្រូវខំប្រឹងថែរក្សាទេ។

វាដូចជាការធ្វើដំណើរក្នុងយន្តហោះអញ្ចឹង អ្នកត្រូវបានគេណែនាំថា នៅពេលមានបញ្ហាកំឡុងពេលហោះហើរ អ្នកត្រូវបំពាក់បំពុងដកដង្ហើមសង្រ្គោះបន្ទាន់ឱ្យខ្លួនឯងជាមុន បន្ទាប់មកត្រូវបំពាក់ឱ្យកូនរបស់អ្នកជាក្រោយ។ វាមិនមែនជារឿងអាត្មានិយមទេ ដែលអ្នកត្រូវគិតអំពីខ្លួនឯងជាមុន។ វាទាល់តែអ្នកជាមនុស្សរីករាយសិន ទើបអ្នកអាចធ្វើឱ្យមនុស្សនៅជុំវិញអ្នករីករាយបាន។

នៅពេលដែលអ្នកយកចិត្តទុកដាក់ដល់ខ្លួនឯងជាបឋម ពិភពលោកនឹងផ្តល់តម្លៃដល់ការយកចិត្តទុកដាក់របស់អ្នកដល់អ្នកដទៃ។

ដូចគ្នាដែរ នៅពេលដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយអ្នកចង់តែចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់ ក៏ប៉ុន្តែ អ្នកត្រូវគិតពីការចំណាយពេល ដើម្បីខ្លួនឯងជាមុន។ អ្នកសាកសមនឹងការទទួលបានការយកចិត្តទុកដាក់ និងការថែទាំខ្លួនឯង ដោយគិតអំពីសុខភាព ចំណាយពេលអានសៀវភៅដែលអ្នកចូលចិត្ត ដើរលេងមើលទេសភាពស្អាតៗ ឬដើរហាត់ប្រាណដើម្បីសុខភាព។ នៅពេលដែលអ្នកគិតរឿងវិនិយោគពេលវេលាដល់មនុស្សដែលអ្នកស្រឡាញ់ អ្នកក៏ត្រូវគិតវិនិយោគពេលវេលាសម្រាប់ខ្លួនឯងផងដែរ។

ប្រិយមិត្តជាទីស្រឡាញ់! ដោយសារផ្នែកខ្លះនៃអ្នកវាមិនល្អគ្រប់ដប់ ឬវាខូតខាតខ្លះ វាអាចជាគ្រឿងជំរុញចិត្ត ឱ្យអ្នកធ្វើការកាន់តែខ្លាំង ដើម្បីជំនះវាឱ្យបាន ហើយចុងក្រោយ ការខំប្រឹងរបស់អ្នកនឹងរុញអ្នកឱ្យមានជោគជ័យក្នុងជីវិត។ វាក៏អាចជួយអ្នកផងដែរក្នុងការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងជួយបង្កើតទឹកចិត្តសណ្តោសប្រណីក្នុងខ្លួនអ្នក។ ចូរកុំអស់សង្ឃឹមចំពោះចំណុចខ្វះខាតទាំងឡាយនៅក្នុងខ្លួនអ្នក។ ជំនួសឱ្យការគិតបែបនេះ អ្នកត្រូវសម្លឹងមើលចំណុចខ្វះខាតទាំងនោះជាមួយសេចក្តីស្រឡាញ់។

វាមិនជាអ្វីទេ ដែលអ្នកមានចំណុចអន់ខ្សោយ។ អ្នកដឹងទេ ជីវិតរបស់យើងវាមិនអាចសស្អាតទាំងស្រុង ដូចក្រដាសសស្អាតមិនទាន់សរសេរមួយបានទេ។ ជាធម្មជាតិ ជីវិតតែងមកជាមួយនូវចំណុចខ្វះខាតខ្លះក្នុងរាងកាយយើង ចិត្តរបស់យើង និងទំនាក់ទំនងរបស់យើង។ ជាជាងជ្រើសរើសជីវិតមួយ ដែលអ្នកមិនធ្វើអ្វីសោះ ដោយសារតែខ្លាចធ្វើខុស អ្នកគួរជ្រើសរើសជីវិតមួយ ដែលរីកលូតលាស់ តាមរយៈកំហុសឆ្គង និងការឈឺចាប់។ ចូរនិយាយទៅខ្លួនឯង ដែលកំពុងប្រឈមនឹងបញ្ហាថា "ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់"។

នៅក្នុងបេះដូងរបស់យើង យើងតែងមានរឿងអាថ៌កំបាំង ដែលយើងមិនចង់ចែករំលែកដល់អ្នកដទៃ។ វាអាចជារឿងជំងឺ លុយកាក់ ផ្លូវភេទ ទំនាក់ទំនង ឬរឿងគ្រួសារ។ វាអាចបង្កជាអារម្មណ៍ធ្ងន់ធ្ងរនៃភាពអាប់ឱន ការខ្មាសអៀន ក្តីព្រួយបារម្ភ ឬការសោកស្តាយកំហុស។ ប៉ុន្តែ ដោយសារទម្ងន់នៃអាថ៌កំបាំងទាំងនេះ យើងមានភាពទន់ភ្លន់ និងការយោគយល់កាន់តែច្រើន។ ចូរកុំវិនិច្ឆ័យមនុស្សដោយមើលឃើញតែពីខាងក្រៅ ដោយសារគេអាចប្រឈមនឹងការលំបាកធំៗទាំងឡាយ ដែលអ្នកមើលមិនឃើញ។

នៅពែលដែលអ្នកមើលឃើញតាមបណ្តាញសង្គម មិត្តទាំងឡាយរបស់អ្នករីករាយណាស់ តើអ្នកមានអារម្មណ៍ច្រណែនដែរទេ? កំហុសឆ្គងភាគច្រើនមួយ គឺការប្រៀបធៀបអារម្មណ៍ខ្លួនឯងនៅខាងក្នុង ជាមួយអារម្មណ៍រីករាយរបស់មិត្តយើង ដែលបង្ហាញតាមបណ្តាញសង្គម។ យើងមិនដឹងសោះឡើយថា បញ្ហាអ្វីខ្លះ ដែលបង្កប់នៅខាងក្នុងចិត្តរបស់មិត្តយើង ប៉ុន្តែ យើងដឹងច្បាស់ថា ចិត្តរបស់យើងកំពុងតែទ្របញ្ហាណាខ្លះ។ មិត្តរបស់យើងអាចនឹងច្រណែនយើង នៅពេលដែលយើងចែករំលែកអារម្មណ៍រីករាយតាមបណ្តាញសង្គម ដោយមិនដឹងសោះថា យើងកំពុងមានទុក្ខព្រួយនៅក្នុងចិត្ត។

អ្នកមើលទៅដូចជាមិនទាក់ទាញ មិនមែនដោយសារអ្នកគ្មានគុណសម្បត្តិច្រើនទេ ប៉ុន្តែដោយសារអ្នកគិតដូច្នេះ ហើយក៏ធ្វើតាមការគិតនោះទៅ។ បើទោះបីអ្នកពុំមានគុណសម្បត្តិទាក់ទាញក៏ដោយ នៅពេលដែលអ្នកមានភាពជឿជាក់ ហើយពុំមានភាពតានតឹង ឬភ័យខ្លាច នោះអ្នកនឹងគ្មានបញ្ហាប្រឈមឡើយ។ ចូរចងចាំថា គុណសម្បត្តិទាក់ទាញដ៏ខ្លាំងបំផុត គឺភាពជឿជាក់លើខ្លួនឯងរបស់អ្នក។

វាមិនជាអ្វីទេ ដែលអ្នកគ្មានចំណាត់ថ្នាក់លេខ១ ឬលេខ២ ឬលេខ៣។ កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ប៉ុន្តែចូរប្រៀបធៀបនឹងខ្លួនឯងពីមុន។ សូមពេញចិត្តនឹងខ្លួនឯង ដែលអ្នកបានខំប្រឹងដោយស្មោះត្រង់ ហើយបន្តមានជំនឿជាក់លើខ្លួនឯង។

បើអ្នកបន្តអនុញ្ញាតិឱ្យការទិតៀនទាំងឡាយធ្វើឱ្យអ្នករកាំចិត្ត នោះកម្លាំងចិត្តអ្នកនឹងចុះខ្សោយ ហើយនៅទីបញ្ចប់អ្នកមិនអាចធ្វើអ្វីបានទេ។ ហើយនេះជាអ្វីៗ ដែលអ្នកទិតៀនអ្នកចង់ឱ្យអ្នកធ្លាក់ក្នុងស្ថានភាពបែបនេះ។ ចូរកុំអនុញ្ញាតិឱ្យអ្នកទិតៀនអ្នកជាអ្នកកំណត់ជោគវាសនារបស់អ្នក។ រាល់ពេលដែលអ្នកស្តាប់ឮពាក្យទិតៀនទាំងឡាយ ចូរស្រែកប្រាប់ខ្លួនឯងឱ្យឮថា "ទោះអ្នកឯងនិយាយអ្វីក៏ដោយ ខ្ញុំនឹងមិនបោះបង់សោះឡើយ។ សូមរង់ចាំមើល តើនរណាត្រូវនៅទីបញ្ចប់។"

ហេតុអ្វីក៏ជីវិតរបស់អ្នកត្រូវបំផ្លាញដោយ អ្នកទិតៀនអ្នក ដែលមិនស្គាល់អ្នកច្បាស់ ឬយកចិត្តទុកដាក់ចំពោះអ្នក? - - Seok-cheon Hong, Korea’s first openly Gay celebrity

ប្រសិនបើអ្នកចាប់ផ្តើមជឿទៅលើអ្វី ដែលអ្នកដទៃនិយាយអំពីអ្នក នោះគេនឹងចាប់ផ្តើមគ្រប់គ្រងលើអ្នក។ មិនមែនអ្វីៗគ្រប់យ៉ាងដែលកើតឡើងក្នុងចិត្តអ្នក ដោយសារតែពាក្យអ្នកដទៃ ជាការពិតទេ។ ចូរកុំអនុញ្ញាតិឱ្យយោបល់អ្នកដទៃគ្រប់គ្រងជីវិតអ្នក។

នៅពេលដែលអ្នកឮសំឡេងចេញពីក្នុងខ្លួនអ្នក ដែលនិយាយថា "កុំគូររូប" ចូររកគ្រប់មធ្យោបាយទាំងអស់ ធ្វើការគូររូប បន្ទាប់មក សំឡេងនោះនឹងស្ងប់ស្ងាត់វិញហើយ។ - - Vincent van Gogh

យើងមានតម្លៃទទួលបានសេចក្តីស្រឡាញ់ មិនមែនដោយសារយើងធ្វើអ្វីមួយបានល្អទេ ប៉ុន្តែ គឺដោយសារយើងកើតមកជាមនុស្ស គឺមានតម្លៃរួចទៅហើយ។ បើទោះបីជាអ្នកមិនអាចសម្រេចភាពអស្ចារ្យ ដែលពិភពលោកចង់បាន ក៏វត្តមានរបស់អ្នកលើលោកនេះ គឺវាគ្រប់គ្រាន់ណាស់ហើយ ដែលមានតម្លៃទទួលបានសេចក្តីស្រឡាញ់។

នៅប្រទេសឥណ្ឌា ពាក្យ "ណាម៉ាស្ទី" ជាពាក្យស្វាគមន៍ទូទៅ ដូចជាពាក្យ សួស្តី។ ប៉ុន្តែ វាមានអត្ថន័យដ៏ល្អប្រពៃមួយ គឺ "ណាម៉ាស្ទី" មានន័យថា "ទេវៈក្នុងខ្លួនខ្ញុំ សូមគោរពដល់ទេវៈក្នុងខ្លួនអ្នក។" តាមពិត ក្នុងខ្លួនយើងម្នាក់ៗមានលក្ខណៈជាព្រះ ឬទេវៈ ឬភាពល្អក្រៃ ច្រើនឆ្ងាយជាងអ្វីដែលយើងបានគិត។

ចូរកុំគិតថា អ្នកគួរឱ្យស្រឡាញ់ ដោយសារតែអ្នកបានសម្រេចនូវអ្វី ដែលពិភពជុំវិញខ្លួនត្រូវការ។ វត្តមានរបស់អ្នកវាមានតម្លៃរួចទៅហើយសម្រាប់ទទួលយកសេចក្តីស្រឡាញ់។

===^^^===   


-- ប្រែសម្រួលដោយ សាម អុីន -- សីហា ២០២២

-- ដកស្រង់ពីអត្ថបទដើម Haemin Sunim (2016): Love for imperfect things. Chapter “Self-care”. Sub-chapter “Don’t be too good”.

​--  អត្ថបទទាក់ទង៖

១.​ ជ្រើសយកជីវិតរីករាយ
២. ស្តាប់បេះដូងរបស់អ្នក

៣.​ ចាកចេញពីភាពស្រ្តេសរបស់អ្នក


Comments