ចាកចេញពីភាពស្រ្តេសរបស់អ្នក

 



“ភាពស្រ្តេសគឺជាសំរាមកើតឡើងក្នុងជីវិតសម័យទំនើប។ យើងគ្រប់គ្នាសុទ្ធតែបង្កើតវាឡើង ប៉ុន្តែ បើយើងមិនបោះវាចោលឱ្យបានត្រឹមត្រូវទេ វានឹងគរជាពំនូកខ្ពស់ឡើង ហើយចាប់ផ្តើមគ្រប់គ្រងលើជីវិតយើង។” -- Terri Guillemets

ស្រ្តេស (ភាពធុញថប់) អាចបំផ្លាញជីវិតយើង។ ស្រ្តេសនឹងបំផ្លាញក្តីស្រមៃរបស់អ្នកដោយគ្មានក្តីមេត្តា ហើយនឹងលួចយកភាពរីករាយចេញពីខ្លួនរបស់អ្នក។ វាអាចបំផ្លាញសុខភាពរបស់អ្នកបន្តិចម្តងៗ ដោយបង្កឱ្យមានភាពតានតឹងធុញទ្រាន់នៅផ្ទះ ហើយថែមទាំងបំផ្លាញផែនការអាជីពការងាររបស់អ្នកទៀតផង។ វានឹងវាយលុកកាន់តែខ្លាំង នៅពេលដែលអ្នកមិនពេញចិត្តនឹងស្ថានភាពជីវិតរបស់អ្នក ហើយអ្វីៗគ្រប់យ៉ាងនឹងនាំមកជាមួយវា ដូចជា៖
  • សម្ពាធពីប្រធានរបស់អ្នកធ្វើឱ្យអ្នកទ្រាំលែងបាន។

  • ការចេញដំណើរទៅធ្វើការនិងត្រលប់ពីធ្វើការធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង។

  • ការទាមទារនិងការស្នើសុំពីដៃគូជីវិតរបស់អ្នកធ្វើឱ្យអ្នកអស់ថាមពល។

  • ការងារហួសម៉ោងនៅកន្លែងធ្វើការធ្វើឱ្យអ្នកសៅហ្មងក្នុងចិត្ត។

  • អ្នកពុំមានពេលគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើខ្លួនឯង។

  • អ្នកខ្វល់ខ្វាយខ្លាំងអំពីការសិក្សានិងសុខភាពកូនៗរបស់អ្នក។


ពេលខ្លះ អ្នកដឹងថា អ្វីខ្លះធ្វើឱ្យអ្នកតានតឹងនិងសៅហ្មងចិត្ត។ ពេលខ្លះ អ្នកមិនដឹងសោះឡើយ រហូតដល់អ្នកមានអារម្មណ៍ថា ស្រ្តេសកើតឡើងក្នុងខ្លួនអ្នក។ តាមពិត ស្រ្តេសកើតឡើងលើបុគ្គលម្នាក់ៗ ដោយមានហេតុផលផ្សេងៗ តែរោគសញ្ញារបស់វាមិនជាខុសគ្នាទេ។ តើអ្នកធ្លាប់់ជួបបទពិសោធន៍ដូចរៀបរាប់ខាងក្រោមនេះដែរទេ?
  • អស់កម្លាំង

  • ហូបអត់ឆ្ងាញ់

  • ឈឺខ្នង

  • ស្រវាំងភ្នែក

  • ហ្មងសៅ

  • ឆាប់មួម៉ៅ

  • ដេកអត់លក់

  • ឈឺក្បាល

  • ហត់នឿយ

  • ឆាប់ខឹង

  • មិនមានចិត្តចង់ធ្វើអ្វីមួយ។

ឪពុកខ្ញុំតែងនិយាយប្រាប់ខ្ញុំថា “ក្នុងរយៈពេល១ឆ្នាំ កូននឹងភ្លេចថា ហេតុអ្វីបានជាកូនស្រ្តេសនៅពេលណាមួយនោះ ហើយតើហេតុអ្វីក៏កូនស្រ្តេសអំពីវាទៀតហើយ?” គួរឱ្យសោកស្តាយ មនុស្សជាច្រើនកើតស្រ្តេសដោយមិនដឹងមូលហេតុច្បាស់លាស់។ សំណួរសំខាន់មួយកើតឡើងថា តើអ្នកអាចធ្វើអ្វីបានដើម្បីទប់ទល់នឹងវា?

 
ស្រ្តេសនឹងបំផ្លាញក្តីស្រមៃរបស់អ្នកដោយគ្មានក្តីមេត្តា ហើយនឹងលួចយកភាពរីករាយចេញពីខ្លួនរបស់អ្នក។


ធ្វើសកម្មភាពដើម្បីផ្លាស់ប្តូរ

  • គ្រប់គ្រងផលជះឱ្យទាន់ពេល កុំបណ្តោយវាឱ្យក្លាយជាជំងឺរុាំរ៉ៃ

  • ស្រ្តេសអាចបង្កផលប៉ះពាល់ទៅដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពនិងសុខភាពរបស់អ្នក៖
  • ជាធម្មតា វាតែងបង្ហាញខ្លួនតាមរយៈសុខភាពផ្លូវកាយរបស់អ្នក ជារោគសញ្ញាដែលងាយស្រួលសម្គាល់។ ជាទូទៅ កាយរបស់អ្នកជួយផ្តល់សញ្ញាថា អ្នកកំពុងប្រឈមនឹងស្រ្តេស តាមរយៈសញ្ញាបង្ហាញដូចជា តឹងសាច់ដុំ ឈឺខ្នង ស្រវាំងភ្នែក ហត់នឿយ និងខ្យល់ចាប់។
  • អ្នកអាចមានអារម្មណ៍ធុញថប់។ តើអ្នកមានអារម្មណ៍ឆាប់ខឹង ត្រជាក់ខ្លួន ឬមួម៉ៅជាមួយមនុស្សនៅក្បែរអ្នកដែរទេ?
  • អ្នកអាចមានចិត្តកំពុងស្រ្តេសខ្លាំង។ ចំពោះបញ្ហានេះ រោគសញ្ញាគ្រោះថ្នាក់មានដូចជា​ មានអារម្មណ៍ហត់នឿយ ទ្រាំលែងបាន អស់កម្លាំង ឬមិនអាចផ្ចង់អារម្មណ៍លើរឿងអ្វីមួយបាន។
  • អ្នកអាចមានស្មារតីកំពុងស្រ្តេសខ្លាំង។ ការនេះអាចរុញអ្នកឱ្យសួរខ្លួនឯង តើជីវិតមានន័យអ្វីទៅ? ហើយសួរថា តើជីវិតរស់នៅសំខាន់ដែរទេ?

នៅពេលអ្នកដឹងថា តើស្រ្តេសនឹងបង្កផលប៉ះពាល់ដល់អ្នកបែបណា វាជារឿងងាយស្រួលទេ ដើម្បីទប់ទល់នឹងវា។ សុភាសិតមួយនិយាយថា នៅទីណាមានឆន្ទៈមោះមុត នៅទីនោះតែងមានផ្លូវចេញ។ វាមានជម្រើសច្រើន ដោយអាស្រ័យថា តើស្រ្តេសបង្កផលអាក្រក់ដល់អ្នកបែបណាខ្លះ ហើយឥទ្ធិពលរបស់វាអាចត្រូវបានកាត់បន្ថយតាមវិធីងាយៗបាន ដូចជាគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ធ្វើចម្ការ ធ្វើម៉ាស្សា ធ្វើសមាធិ ធ្វើខ្លួននិងចិត្តឱ្យធូរស្បើយ ដើរលំហែ ហូបម្ហូបឆ្ងាញ់មានសុខភាព ឬឱ្យគេចាប់សរសៃសម្រាលសាច់ដុំ។ល។

យ៉ាងណាក៏ដោយ សកម្មភាពទាំងនេះតែមួយមុខ វាគ្រាន់តែជាវិធីសម្រាលក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ អ្នកត្រូវតែត្រៀមខ្លួនក្នុងការប្រឈមជាមួយនឹងមូលហេតុពិតប្រាកដនៃភាពស្រ្តេសរបស់អ្នក។     

  • ប្រឈមដោះស្រាយជាមួយឫសគល់នៃបញ្ហា

គោលដៅចម្បងរបស់អ្នកត្រូវតែជាជីវិតរស់នៅមួយដែលគ្មានស្រ្តេស។ ការនេះទាមទារការសម្រេចចិត្តដ៏សែនលំបាកមួយចំនួន ដូចជា ចៀសវាងចំណាយពេលនិងថាមពលនៅជាមួយមនុស្សមួយចំនួន ឬនៅជាមួយស្ថានភាពណាមួយ។ វាអាចជាការសម្រេចលាឈប់ពីការងារណាមួយ ឬបញ្ចប់សម្ព័ន្ធភាពណាមួយ ដែលអ្នកមិនអាចទ្រាំទ្របាន។ ដំបូន្មានទាំងឡាយក្នុងសៀវភៅនេះអាចជួយអ្នកឱ្យធ្វើការផ្លាស់ប្តូរ ដើម្បីឱ្យជីវិតអ្នករស់នៅដោយគ្មានស្រ្តេស៕

===^^^===   


-- ប្រែសម្រួលដោយ សាម អុីន -- មីនា ២០២២

-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Banish your stress”.

-- អត្ថបទទាក់ទង


Comments