លក្ខណសម្បត្តិអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យ



ការដឹកនាំជាកត្តាសំខាន់បំផុតមួយដែលកំណត់ជោគជ័យ ឬបរាជ័យរបស់សហគមន៏ ស្ថាប័នអង្គការ ឬប្រទេសជាតិ។ លោកយ៉ន ម៉ាក្សវែល (John Maxwell) អ្នកឯកទេសដ៏ល្បី​នៃភាពជាអ្នកដឹកនាំបាននិយាយថា “អ្វីៗទាំងអស់ងើបឡើង​ ឬធ្លាក់ចុះដោយសារតែ​ភាពជាអ្នកដឹកនាំ”។   ប្រវត្តិសាស្រ្តនៃជាតិនីមួយៗបានបញ្ជាក់ម្តងហើយម្តងទៀតថា នៅពេលដែលមានអ្នកដឹកនាំល្អមកដឹកនាំ ជាតិមួយនោះបានសុខ រុងរឿង និងថ្កុំថ្កើន។ ផ្ទុយទៅវិញ នៅពេលដែលមានអ្នកដឹកនាំមិនល្អមកកាន់ចង្កូតប្រទេសជាតិ ប្រទេសនោះ​តែងជួបការចលាចល ភាពវឹកវរ មហន្តរាយ អត់ឃ្លាន និងបង្កទុក្ខលំបាកជាច្រើនដល់ប្រជារាស្រ្ត។
          នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកដឹកនាំប្រទេសត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ​តាមរយៈការបោះឆ្នោត ហេតុដូច្នេះហើយ ជាការសំខាន់ណាស់ដែលប្រជាពលរដ្ឋត្រូវយល់ដឹង និងចេះកត់សំគាល់ពីលក្ខណសម្បត្តិរបស់អ្នកដឹកនាំល្អ ដើម្បីពួកគេអាចសម្រេចចិត្តជ្រើសរើស​បានត្រឹមត្រូវក្នុងពេលបោះឆ្នោតម្តងៗ។
នៅក្នុងប្រទេសកម្ពុជា ដែលបានកំពុងខិតខំប្រឹងប្រែងអនុវត្តលទ្ធិប្រជាធិបតេយ្យ​ចាប់តាំងពីឆ្នាំ​១៩៩៣មក ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីភាពជាអ្នកដឹកនាំល្អ​បែបប្រជាធិបតេយ្យមានសារៈប្រយោជន៏ខ្លាំងសំរាប់ការកសាងសង្គមប្រជាធិបតេយ្យមួយដ៏ត្រឹមត្រូវ។ នៅពេលដែលប្រជាពលរដ្ឋ យល់ដឹងច្បាស់ពីលក្ខណសម្បត្តិរបស់អ្នកដឹកនាំល្អ ចេះសង្កេត កត់សម្គាល់តាមរយៈពាក្យសំដី ទង្វើ និងការបង្ហាញពីរបៀបធ្វើការ ការព្យាយាមតស៊ូ​របស់អ្នកដឹកនាំ ពលរដ្ឋអាចវាយតម្លៃបានថា តើក្នុងចំណោមអ្នកនយោបាយខ្មែរ ដែលប្រកួត​ប្រជែងគ្នា មួយណា ឬក្រុមណាដែលពួកគាត់អាចទុកចិត្តបាន ដើម្បីផ្តល់ទំនុកចិត្ត និងសំឡេង​គាំទ្រ ដើម្បីមានសិទ្ធិទៅរៀបចំចាត់ចែងដឹកនាំប្រទេសជាតិតាមបែបប្រជាធិបតេយ្យ។ ខាងក្រោមនេះ​ជាលក្ខណៈវិនិច្ឆ័យសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋអាចស្វែងយល់ និង កត់សម្គាល់អំពីភាពជាអ្នកដឹកនាំល្អនៃអ្នកនយោបាយដែលកំពុងប្រកួតប្រជែងនៅក្នុងស្រុកខ្មែរ ៖

១. សុចរិតភាព

          យើងអាចកត់សម្គាល់បានទៅលើអ្នកនយោបាយណាមួយ ឬក្រុមនយោបាយណាមួយ​ថាមានសុចរិតភាពតាមរយៈនៃការស្តាប់ពាក្យសំដី និងសង្កេតពីទង្វើរបស់គាត់។ អ្នកដែលមាន​សុចរិតភាពខ្ពស់គឺមានភាពស៊ីសង្វាក់គ្នា​ខ្លាំងរវាងពាក្យសំដីនិងទង្វើរបស់គាត់។  អ្នកដឹកនាំ​បែបនេះ​​តែងគោរពពាក្យសន្យា និយាយយ៉ាងណាធ្វើយ៉ាងនោះ ចេះទទួលកំហុស មិននិយាយ​កុហកបោកប្រាស។ ភាសាចាស់បុរាណច្រើននិយាយថា “ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ”។ អ្នកនយោបាយដែលមានសុចរិតភាពខ្ពស់ តែងមានទឹកចិត្តស្មោះត្រង់​ជាមួយប្រជាពលរដ្ឋខ្លួន គាត់មិនយកសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋទៅដោះដូរដើម្បីអំណាច លាបសក្ការៈផ្ទាល់ខ្លួន​ឡើយ។ ពួកគាត់និយាយការពិតជាមួយប្រជាពលរដ្ឋនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាច​ធ្វើបាន។
អ្នកដឹកនាំដែលខ្វះសុចរិតភាព ឬមានសុចរិតភាពទាប ចូលចិត្តនិយាយអ្វីដែលទាក់ទាញ​តែប្រជាប្រិយភាព ទោះបីជាត្រូវកុហកបោកប្រាស់ប្រជាពលរដ្ឋក៏ដោយ។ ពួកគាត់ចូលចិត្តធ្វើ​សេចក្តី​សម្រេចចិត្តដើម្បីប្រយាជន៏ផ្ទាល់ខ្លួនជាធំ ហើយថែមទាំងព្យាយាមនិយាយពន្យល់ ភូតកុហកនូវទង្វើរបស់ខ្លួនទៀតផង។   

២. ជាអ្នកបម្រើផ្តល់គំរូនៃការលះបង់

           អ្នកដឹកនាំល្អតែងមានស្មារតីជាអ្នកបំរើសហការីដែលគាត់ធ្វើការជាមួយ មិនមានអត្តចរិត​បែបជាចៅហ្វាយនាយ ប្រើសហការីតាមអំពើចិត្ត។ គាត់តែងមានចិត្តចង់ជួយអ្នកដទៃ​ឲ្យសម្រេចគោលដៅល្អ។ ​ ជាពិសេសគាត់តែងផ្តល់គំរូនៃការលះបង់ ដូចជាហ៊ានលះបង់អំណាច​ ឬតួនាទីក្រោយការកាន់កាប់តួនាទីក្នុងរយៈពេលកំណត់មួយ (មិនធ្វើនាយករដ្ឋមន្រ្តី ឬមេបក្ស​មួយជីវិត)។ មានជាឧទាហរណ៏ដូចជា លោក ហ្សក វ៉ាស៊ីនតោន ប្រធានាធិបតីទី១របស់​សហរដ្ឋ​អាមេរិកបានបង្កើតប្រព័ន្ធដឹកនាំប្រទេសបែបប្រធានាធិបតី ដោយត្រូវបោះឆ្នោត ហើយ មានអណត្តិ។ លោកបានចាកចេញពីអំណាចបន្ទាប់ពីធ្វើប្រធានាធិបតីបាន ២អណត្តិ បើទោះបី​គាត់អាចធ្វើប្រធានាធិបតីមួយជីវិតក៏ដោយ។ ដូចគ្នាដែរ លោក ណែលសិន ម៉ាន់ដេឡា​ ប្រធានាធិបតីទី១បែបប្រជាធិបតេយ្យនៃអាព្រិកខាងត្បូង បានលាឈប់សំរាកបន្ទាប់​ពីកាន់តួនាទីបាន ១អណត្តិ។ មហាត្មៈ គន្ធី មិនទទួលយកតំណែងផ្លូវការណាមួយឡើយ​បន្ទាប់ពីរំដោះប្រទេសឥណ្ឌាចេញពីអាណានិគមអង់គ្លេស បើទោះបីគាត់ជាអ្នកដឹកនាំឈានមុខ​គេក៏ដោយ។ នេះហើយជាគំរូល្អៗ ដែលអ្នកនយោបាយខ្មែរត្រូវធ្វើសម្រាប់កូនខ្មែរជំនាន់នេះនិង ជំនាន់ក្រោយ។ អ្នកដឹកនាំដែលគិតតែប្រយោជន៏ផ្ទាល់ខ្លួននិងក្រុមគ្រួសារ មានភាពអត្មានិយម​ខ្លាំង បង្ហាញគំរូមិនល្អជាច្រើន ដូចជាការថែរក្សានិងពង្រឹងអំណាច ដណ្តើមអំណាច ដឹកនាំបែបគ្រួសារនិយមនិងបក្សពួកនិយម លក់ទ្រព្យសម្បត្តិជាតិ។         

៣. មានទស្សនវិស័យវែងឆ្ងាយ

          អ្នកដឹកនាំនយោបាយល្អតែងមានការសំឡឹងមើលបានវែងឆ្ងាយពីការអភិវឌ្ឍប្រទេសជាតិ ហើយធ្វើការសម្រេចចិត្តក្នុងទិសដៅវែងឆ្ងាយនោះ។ ពួកគាត់គិតពីការរៀបចំប្រព័ន្ធគ្រប់គ្រង​ប្រទេសនិងបក្សនយោបាយបែបប្រជាធិបតេយ្យសំរាប់អ្នកជំនាន់ក្រោយ មានគោលនយោបាយ​អភិវឌ្ឍ​ប្រទេសដែលផ្តោតលើការកសាងចីរភាព ដូចជាគោលនយោបាយគ្រប់គ្រងធនធាន​ធម្មជាតិ និងមានការត្រៀមរៀបចំសង្គមសំរាប់ អនាគតវែងឆ្ងាយ ដើម្បីកាត់បន្ថយហានិភ័យជាតិ​ធំៗ ដូចជាភាពវឹកវរ វិបត្តសង្គម ការបាត់បង់ឯករាជ្យភាពជាតិ ភាពអត់ឃ្លាន និងភាពខ្វះ​អ្នកបន្តវេនជាដើម។
អ្នកដឹកនាំដែលគ្មានទស្សនវិស័យវែងឆ្ងាយ យកចិត្តទុកដាក់តែលើការថែរក្សា និង ពង្រឹងអំណាច ​ឬត្រឹមតែទៅដណ្តើមអំណាចប៉ុណ្ណោះ។ ពួកគាត់ច្រើនធ្វើសេចក្តីសម្រេចចិត្ត រៀបចំប្រព័ន្ធដឹកនាំបក្ស និងរដ្ឋដើម្បីប្រយាជន៏ផ្ទាល់ខ្លួន ក្រុមគ្រួសារ និងបក្សពួក ហើយ​មិនយកចិត្ត​ទុកដាក់ដល់ការរៀបចំប្រព័ន្ធដើម្បីប្រយាជន៏ជាតិវែងឆ្ងាយទេ។   

៤. ចេះស្តាប់អ្នកដទៃ

អ្នកដឹកនាំនានាៗរួមទាំងអ្នកនយោបាយ កាលណាឈរនៅទីតាំងកាន់តែខ្ពស់កាន់តែ​ត្រូវការនូវគំនិតយោបល់ល្អៗពីអ្នកដទៃ។ អ្នកដឹកនាំល្អគឺជាអ្នកដែលចេះស្តាប់ និង ប្រមូលយកយោបល់ល្អៗពីពលរដ្ឋ បញ្ញវន្ត និងអ្នកនៅជុំវិញខ្លួន ដើម្បីធ្វើសេចក្តីសម្រេចចិត្តត្រូវ មិនមានអត្តចរិត គិតថាអញចេះជាងគេ ឬដឹងជាងគេ ហើយធ្វើសេចក្តីសម្រេចចិត្តបែប​អត្តនោម័តិ​នោះទេ។ ជាពិសេស ក្នុងការបំពេញការងារ គាត់ត្រូវចេះគោរពការធ្វើសេចក្តី សម្រេចចិត្តរួមជាក្រុម ដោយមិនធ្វើសេចក្តីសម្រេចចិត្តតែឯកឯងទេ។
អ្នកដឹកនាំមិនល្អមិនចូលចិត្តស្តាប់គំនិតយោបល់អ្នកដទៃទេ ជាពិសេស​ គំនិតយោបល់​ដែលខុសពីខ្លួនគិត ឬបែបទិតៀន។ ពួកគាត់ចូលចិត្តតែគំនិតយោបល់ បែបកោតសរសើរ បញ្ចើចបញ្ចើ ហើយចូលចិត្តធ្វើការសម្រេចចិត្តបែបអត្តនោម័តិ ដោយគិតថាគាត់ចេះដឹងជាងគេ។

៥. បណ្តុះអ្នកដឹកនាំឲ្យបានច្រើន

 អ្នកដឹកនាំនយោបាយល្អតែងមានស្មារតីអប់រំ និងបណ្តុះមនុស្សជាច្រើនទៀតឲ្យ​ក្លាយជា​អ្នកដឹកនាំល្អ ដើម្បីជួយបំពេញការងារដោយចេះយល់ដឹង ពិចារណា និង ធ្វើសេចក្តីសម្រេច​ចិត្តត្រូវដោយខ្លួនឯង។ ពួកគាត់យកចិត្តទុកដាក់ លើកទឹកចិត្ត និងអភិវឌ្ឍអ្នកនៅក្បែរខ្លួន​ឲ្យក្លាយជាអ្នកដឹកនាំល្អចេះគិតប្រយោជន៏ជាតិនិងប្រជាជនជាចំបង ដោយមិនភ័យខ្លាចពីការ ប្រណាំងប្រជែងដណ្តើមតួនាទី ឬកិត្តិនាមពីគាត់ឡើយ។ បន្តែមពីនេះ​ គាត់យកចិត្តទុកដាក់​បង្កើតយន្តការបណ្តុះអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ និងតាមវិស័យផ្សេងៗ ឲ្យក្លាយជាអ្នកដឹកនាំ​ដ៏ឈ្លាសវៃ មិនចាំបាច់រង់ចាំបញ្ជាពីថ្នាក់លើក្នុងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន​ឬតាមវិស័យផ្សេងៗឡើយ។ ជាពិសេសបណ្តុះយុវជនឲ្យក្លាយជាអ្នកដឹកនាំល្អ សំរាប់បន្តវេន​ជាទំពាំងស្នងឫស្សី។
អ្នកដឹកនាំនយោបាយមិនល្អចូលចិត្តនយោបាយប្រជាភិថុត បណ្តុះឲ្យមនុស្សដើរ​តែតាមគាត់ ចាំតែស្តាប់បញ្ជាពីគាត់ ហើយឲ្យគិតប្រយោជន៏ផ្ទាល់ខ្លួនជាធំ។  គាត់ខំប្រឹងតែ​ឲ្យអ្នកដទៃជួយឲ្យគាត់ល្បីឈ្មោះ ពង្រឹងពង្រីកអំណាចរបស់គាត់ប៉ុណ្ណោះ។         

៦. មានទំនុកចិត្តនិងលើកទឹកចិត្តដល់សហការី 

          អ្នកនយោបាយដែលមានភាពជាអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យតែងមានទំនុកចិត្តដល់​សហការីល្អៗនៅជុំវិញខ្លួន និងនៅខាងក្រោម (ឧទាហរណ៏ថ្នាក់ឃុំ ស្រុក ខេត្ត) ហើយប្រគល់​អំណាចនិងធនធានគ្រប់គ្រាន់ដល់ពួកគេឲ្យបំពេញការងារបំរើប្រជាពលរដ្ឋ។ គាត់តែងទុកចិត្ត និងលើកទឹកចិត្តដល់អ្នកដែលបំពេញការងារបានល្អប្រសើរ ហើយផ្តល់ឱកាសអោយ​សហការីអភិវឌ្ឍខ្លួនកាន់តែខ្លាំងថែមទៀត ដើម្បីឈានទៅកាន់ការងារកាន់តែធំនិងសំខាន់។
          អ្នកដឹកនាំមិនល្អចូលចិត្តប្រមូលផ្តុំអំណាចនិងធនធាននៅតែទីតាំង ឬតួនាទីរបស់ខ្លួន ព្រោះមិនទុកចិត្ត និងភ័យខ្លាចអ្នកដទៃរួមទាំងសហការីខ្លួនផងដណ្តើមអំណាចនិងកិត្តិនាម។

៧. ចេះជ្រើសរើសអ្នកមានសមត្ថភាពនិងគុណធម៌ 

          អ្នកដឹកនាំល្អបែបប្រជាធិបតេយ្យចេះបង្កើតយន្តការឲ្យមានការជ្រើសរើសអ្នកកាន់ការងារ​សំខាន់ៗ ប្រកបដោយយុត្តិធម៌និងតម្លាភាព ដើម្បីទទួលបានអ្នកដឹកនាំជាច្រើនទៀត ដែលមាន​សមត្ថភាពចំរុះ មានគុណធម៌ មានសុចរិតភាព ហើយចេះបង្កលក្ខណៈ​ឲ្យពួកគេធ្វើការ​ជាមួយគ្នាជាក្រុមការងារល្អ ចេះជួយគ្នា។ អ្នកដឹកនាំល្អលើកទឹកចិត្តសហការី​មានសមត្ថភាព​ទាំងនោះឲ្យហ៊ានទិតៀនថ្នាក់ដឹកនាំបែបស្ថាបនា​  ដើម្បីទទួលបានគំនិតល្អៗ​បន្ថែមទៀត ក៏ដូចជាការកែតម្រូវគំនិតខុសឆ្គងទាំងឡាយ។
អ្នកដឹកនាំដែលខ្វះចរិតលក្ខណៈបែបប្រជាធិបតេយ្យ នៅមានគំនិតអញជាធំបែបអភិជន ចូលចិត្តជ្រើសរើស​មនុស្សមកធ្វើការជាមួយច្រើនតែសាច់ញ្ញាតិបងប្អូន ឬបក្សពួក ឬអ្នកគ្រាន់តែ​ចេះអែបអបសរសើរខ្លួនប៉ុណ្ណោះ។ អ្នកដឹកនាំរបៀបនេះមិនចូលចិត្តការទិតៀនទេ បើទោះបី​បែបស្ថាបនា​ក៏ដោយ។                

៨. មានភាពក្លាហាន

អ្នកដឹកនាំល្អបែបប្រជាធិបតេយ្យតែងមានទឹកចិត្តស្នេហាជាតិនិងប្រជាជនខ្ពស់។ ​ ដោយ​សារតែទឹកចិត្តដ៏ល្អប្រពៃនេះហើយទើបគាត់មានការតស៊ូព្យាយាម ទឹកចិត្តអំណត់ និងហ៊ានជំនះ​ឧបសគ្គធំៗ ដើម្បីសម្រេច​គោលដៅដែលជាអត្ថប្រយោជន៍ធំចំបងរបស់ជាតិ។ ការប្តេជ្ញាចិត្តខ្ពស់​ដើម្បីជាតិមាតុភូមិបណ្តាលឲ្យ​ពួកគាត់ហ៊ានដើរឆ្លងសេចក្តីភ័យខ្លាចទាំងឡាយ ពង្រឹងភាពជឿជាក់​លើខ្លួន និងមានស្មារតីរឹងមាំ ​ទោះស្ថិតក្នុងស្ថានភាពជ្រួលច្របល់ ឬតានតឹងខ្លាំងក៏ដោយ។
អ្នកដឹកនាំដែលខ្វះទឹកចិត្តស្នេហាជាតិខ្ពស់ នៅមានភាពអត្មានិយមខ្លាំង ច្រើនចុះចាញ់​ឧបសគ្គធំៗចំពោះមុខ រត់យករួចខ្លួន ហើយទុកឲ្យប្រជាពលរដ្ឋរងទុក្ខនិងអស់សង្ឃឹម៕
=== ^^^ ===
--- 
រៀបរៀងដោយ សាម​ អ៊ីន -- ឧសភា ២០១៦
---

Comments