លក្ខណៈពិសេស ៧ប្រការរបស់បុគ្គលដែលមានភាពធន់


ភាពធន់គឺជាសមត្ថភាពនៃការត្រលប់ទៅភាពដើមវិញបន្ទាប់ពីគេពត់ សង្កត់ ឬដាក់សម្ពាធ។ វាជាសមត្ថភាពងើបឡើងវិញចេញពីជំងឺ ការធ្លាក់ទឹកចិត្ត ឬការរងគ្រោះកាច។ តើអ្នកនឹងដោះស្រាយយ៉ាងណា បន្ទាប់ពីអ្នកបាត់បង់អ្វីៗទាំងអស់នៅថ្ងៃនេះ? តើអ្នកគួរបោះជំហ៊ានបន្ទាប់យ៉ាងម៉េច? តើអ្នកអន់ចិត្ត បាក់ទឹកចិត្ត និង ខឹងសម្បារដល់ពេលណា? តើអ្នកក្រោកឈរឡើងវិញ និង ចាប់ផ្តើមម្តងទៀតដោយរបៀបណា? តើអ្នកមានភាពធន់កម្រិតណា? អ្នកអាចដោះស្រាយវិបត្តិបានដែរឬទេ? តើអ្នកអាចរៀនសូត្រចេញពីការខកចិត្តទាំងឡាយ និង ចាប់ផ្តើមឡើងវិញបានទេ? តើអ្នកត្រូវធ្វើអ្វីខ្លះ?

ចំណុចចាប់ផ្តើម គឺអ្នកត្រូវមានវិន័យខ្លួនឯងឲ្យបានច្រើន។ អ្នកត្រូវនិយាយអំពីភាពវិជ្ជមានទៅកាន់ខ្លួនឯងឲ្យបានច្រើន ដើម្បីបញ្ចូនថាមពលសម្រាប់ចាប់ផ្តើមឡើងវិញ។ អ្នកត្រូវប្រមូលផ្តុំអារម្មណ៍ដើម្បីបង្ការសំឡេងអវិជ្ជមានទាំងឡាយកុំឲ្យចូលក្នុងខ្លួនអ្នក។ វាត្រូវការបង្កើតវិន័យជាច្រើនដើម្បីស្តារតុល្យភាពចេញពីសេចក្តីភ័យខ្លាចនិងខកចិត្ត ដោយយកចិត្តទុកដាក់ថា​ អ្នកធ្លាប់ធ្វើរឿងនេះ និងជឿថាអ្នកអាចធ្វើឡើងវិញបាន។

មិនថាការបាត់បង់កន្លងមកទាក់ទងនឹងអ្នក ឬអត់ ប៉ុន្តែអនាគតជោគជ័យរបស់អ្នកគឺទាក់ទងនឹងខ្លួនអ្នកទាំងស្រុង។ វាទាមទារយ៉ាងខ្លាំងក្នុងការពឹងអាស្រ័យលើខ្លួនឯង ជំនួសឲ្យការស្តីបន្ទោសអ្នកដទៃ។ អ្វីដែលបានកើតឡើង វាកើតឡើងរួចទៅហើយ អ្វីដែលសំខាន់គឺថា អ្នកត្រូវបន្តជីវិតរបស់អ្នក ហើយចាប់ផ្តើមឡើងវិញ។ ប្រសិនបើអ្នកបរាជ័យម្តងទៀត អ្នកត្រូវមានសេចក្តីក្លាហានចាប់ផ្តើមឡើងវិញ។ វាទាមទារឲ្យមានការលើកទឹកចិត្តខ្លួនឯងខ្លាំងមែនទែន។ អ្នកត្រូវមានជំនឿក្នុងចិត្តអ្នកថា អ្នកមានជំនាញ ទេពកោសល្យ និងភាពខ្លាំងក្នុងការចាប់ផ្តើមឡើងវិញបាន។

បណ្តុះអត្តចរិតធន់នឹងរុញឧបសគ្គឲ្យក្លាយជាជោគជ័យ។ បុគ្គលដែលធន់មិនបោះបង់ចោលទេក្នុងការធ្វើអ្វីមួយ។ បុគ្គលដែលធន់នឹងបន្តដំណើរទៅមុខទៀតទោះបីជាមានឧបសគ្គ ឬបញ្ហាប្រឈមច្រើនយ៉ាងណាក៏ដោយ។

ខាងក្រោមនេះជាលក្ខណៈសម្បត្តិ៧យ៉ាងនៃភាពធន់ ៖

១) ភាពធន់ទាមទារការយល់ស៊ីជម្រៅ (Resilience requires insight)

អ្នកត្រូវពង្រឹងខ្លួនអ្នកដោយសួរសំណួរជីវិតលំបាកៗ និងឆ្លើយដោយស្មោះត្រង់ជាមួយខ្លួនឯង។ ប្រសិនបើអ្នកបាត់បង់អ្វីមួយក្នុងជីវិត(សេរីភាព ទ្រព្យសម្បត្តិ ឬ ឋានៈ) អ្នកត្រូវមានភាពស្មោះត្រង់ និង ហ៊ានទទួលយក។

២) ភាពធន់គឺពឹងអាស្រ័យលើខ្លួនឯង (Resilience is independent)

បុគ្គលដែលមានភាពធន់គឹអាចពឹងលើខ្លួនឯងបានក្នុងការក្រោកឈរឡើងវិញក្រោយពេលមានវិបត្តិ។

៣) បើទោះបីជាពឹងខ្លួនឯងបាន ក៏ត្រូវមានសម្ព័ន្ធភាពជាមួយអ្នកផ្សេង (Although resilience is independent, it's also tied to others)

នៅពេលដែលអ្នកមានការទទួលខុសត្រូវជាមួយមនុស្សកាន់តែច្រើន អ្នកនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការចាប់ផ្តើមម្តងទៀត - មានមូលហេតុកាន់តែធំ បង្កសកម្មភាពកាន់តែខ្លាំង។

៤) ភាពធន់ត្រូវការគំនិតផ្តួតផ្តើម (Resilience calls for initiative)

អ្នកត្រូវអភិវឌ្ឍសមត្ថភាពក្នុងការទទួលខុសត្រូវលើស្ថានការណ៍អ្វីមួយ ឬ បញ្ហាអ្វីមួយដែលកើតឡើង។ អ្នកត្រូវក្រោកឈរ ហើយធ្វើអ្វីៗទាំងឡាយចាំបាច់ដើម្បីផ្លាស់ប្តូរស្ថានការណ៍អាក្រក់។

៥) ភាពធន់តែងមានគំនិតច្នៃប្រឌិត (Resilience has an element of creativity)

ភាពធន់បញ្ជាក់ពីសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហាប្រឈមណាមួយជាមួយនឹងគំនិតច្នៃប្រឌិត និង ការបេ្តជ្ញាចិត្តស្វែងរកច្រកចេញ។ អ្នកស្វែងរកវិធីសាស្រ្តក្នុងការចាប់ផ្តើម ឬស្តារស្ថានការណ៍ឡើងវិញ។

៦) បុគ្គលដែលធន់ចូលចិត្តបង្កើតភាពរីករាយ (A resilient person has humor)

ការបង្កើតបរិយាកាសរីករាយមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរស្ថានការណ៍ និង ជីវិតអ្នក។ ប្រាកដហើយ អ្នកត្រូវមានភាពម៉ឹងម៉ាត់ចំពោះគោលដៅអ្នក និង ខ្លួនអ្នក។ ប៉ុន្តែនៅពេលបញ្ហាលំបាកមកដល់ អ្នកត្រូវចេះញញឹមទទួលយកស្ថានការណ៍នោះ។

៧) បុគ្គលដែលធន់មានសីលធម៌ខ្ពស់ (A resilient person has a strong sense of morality)

អ្វីៗដែលអ្នកធ្វើដើម្បីក្រោកឈរឡើងវិញ មិនត្រូវមានលក្ខណៈអសីលធម៌ទេ។ អ្នកត្រូវប្រាកដថា ជោគជ័យរបស់អ្នកគឺសម្រាប់បម្រើ មិនមែនទាញចំណេញពីអ្នកផ្សេងទេ។ ជោគជ័យមួយដែលចាត់ទុកថាប្រសើរ ទាល់តែជោគជ័យនោះមានអត្ថប្រយោជន៍សម្រាប់អ្នកដទៃផង។

នៅពេលដែលអ្នកជួបឧបសគ្គច្រើនឡើង ហើយអាចឆ្លងផុត ភាពធន់របស់អ្នកនឹងរីកលូតលាស់ជាស្វ័យប្រវត្តិ។ បើអ្នកមានភាពធន់កាន់តែខ្លាំង គ្មានអ្វីអាចបញ្ឈប់អ្នកបានទេក្នុងការធ្វើដំណើរសំដៅទៅគោលដៅជីវិតរបស់អ្នក៕

--- ^^^ ---

---
ប្រែសម្រួលដោយ សាម អ៊ីន -- ឧសភា 2016
---
-- ដកស្រង់ពីអត្ថបទរបស់ Jim Rohn, in the Success Magazine, “7 Traits of the Most Resilient People”

Comments

Unknown said…
ដើមឡើយខ្ញុំគិតថាខ្លួនឯងជាមនុស្សមានសុទិដ្ឋិនិយម និងជឿជាក់លើខ្លួនឯងខ្លាំងណាស់ និងជាពិសេស ខ្ញុំមិនដែលជឿសោះឡើយរឿងព្រេងសំណាង។ ក្រោយការបរាជ័យផ្ទួនៗ ដោយសារការឈឺឆ្អាលចំពោះសាច់ញាតិរួចមក ខ្ញុំបានក្លាយជាមនុស្សងាយបាក់ទឹកចិត្តមែនទេន គ្មានការតាំងចិត្ត និងគិតខ្លីជាងមុន។ ពេលខ្លះ ពេលគិតទៅដល់អនាគត ឬឱកាសខាងមុខ វាបានជួយឱ្យខ្ញុំញញឹមបានបន្តិចដែរ ប៉ុន្តែជារឿយៗ ឧបសគ្គនៅពេលបច្ចុប្បន្នតែងរាំងផ្ទប់ក្ដីសង្ឃឹម និងវិលទៅរកការធ្លាក់ទឹកចិត្តម្ដងហើយម្ដងទៀត។ ភាពបរាជ័យ បានធ្វើឱ្យខ្ញុំបាត់បង់តម្លៃ មិត្តភក្តិ ជំនឿចិត្ត ក្ដីសង្ឃឹម។ ពេលខ្លះ ខ្ញុំពិតជាត្រូវការជំនួយពីអ្នកនៅជុំវិញដែលធ្លាប់ស្គាល់ពីមុន ប៉ុន្តែខ្ញុំសម្លឹងមើលមិនឃើញទាល់តែសោះ។ តើនឹងត្រូវស្ដារស្ថានភាពយ៉ាងដូចម្ដេច? មិនមែនមិនដឹងពីដំណោះស្រាយទេ ប៉ុន្តែគ្មានជំនួយទាល់តែសោះ ហើយស្ថានភាពដដែលៗតែងសង្រ្គប់ពន្លកនៃក្ដីសង្ឃឹមមិនឱ្យលូតលាស់បាន។
សួស្តីវណ្ណៈ

អរគុណដែលបានអានអត្ថបទរបស់ខ្ញុំ និង មានយោបល់មួយចំនួន។ ខ្ញុំយល់ថាវណ្ណៈគួរព្យាយាមស្វែងរកប្រភេទ កីឡាណាមួយដែលវណ្ណៈចូលចិត្តដូចជា លេងប៉េងប៉ុង ជិះកង់ ឬ ហែលទឹក ហើយអនុវត្តជាប្រចាំ (រៀងរាល់ថ្ងៃ ឬ បីដងក្នុង១សប្តាហ៍) និង ព្យាយាមស្វែងយល់អំពីរបៀបធ្វើសមាធិ។ កីឡា និង សម្មាធីអាចជួយឲ្យកាយ និង ចិត្តយើងមានសុខភាពល្អ ហើយជាមួយគ្នានោះ នាំឲ្យយើងគិតបែបវិជ្ជមាន មានក្តីសង្ឃឹម និង បង្កើនជំនឿជាក់។ ជូនពរវណ្ណៈគ្រប់យ៉ាង។
Unknown said…
អរគុណនូវអត្ថបទអប់រំដ៏ល្អរបស់លោកគ្រូ