បង្កើតក្តីស្រឡាញ់ឱ្យបានច្រើន

 



“បើអ្នកបង្កើតក្តីស្រឡាញ់ឱ្យបានគ្រប់គ្រាន់​ អ្នកនឹងក្លាយជាបុគ្គលមានឥទ្ធិពលបំផុតក្នុងលោក។” -- Emmet Fox

ក្តីស្រឡាញ់អាចជារឿងដ៏ល្អផូរផង់​ ឬអាចជាជំងឺផ្លូវចិត្ត វាអាស្រ័យទៅនឹងការយល់ឃើញរបស់អ្នក។​​​​ ក៏ប៉ុន្តែ​ រឿងមួយគឺច្បាស់ណាស់​ រាល់បុគ្គលជោគជ័យទាំងឡាយតែងត្រូវបានជំរុញចិត្តដោយសេចក្តីស្រឡាញ់​ ដែលជាប្រភពនៃឋាមពលវិជ្ជមាន។​

នៅពេលខ្ញុំផ្តល់ប្រឹក្សាដល់មនុស្សទាំងឡាយ​ ខ្ញុំបានរកឃើញថា​ វាមានបទពិសោធន៍សំខាន់ៗ ២ប្រភេទទាក់ទងនឹងសេចក្តីស្រឡាញ់ គឺក្តីស្រឡាញ់ដែលកើតឡើងភ្លាមៗ ហើយបាត់ទៅវិញរយៈពេលខ្លី និងក្តីស្រឡាញ់ដែលនៅស្ថិតស្ថេរបានយូរ​​ ឬនៅជានិរន្ត។

ក្តីស្រឡាញ់ដែលកើតមានក្នុងរយៈពេលខ្លី អាចកើតមានក្នុងទម្រង់ផ្សេងៗ ដូចជាភាពស្រើបស្រាលផ្លូវភេទ អារម្មណ៍ពេញចិត្តពេលឃើញវត្ថុអ្វីមួយ តម្រូវការបានត្រូវបំពេញ ក្តីត្រេកត្រអាលពេលទិញរបស់អ្វីមួយបាន។ អ្នកធ្លាប់សើយអារម្មណ៍បែបនេះ ពេលអ្នកទិញរបស់អ្វីមួយ ឬក្លាយជាកម្មសិទ្ធិលើវត្ថុអ្វីមួយ ដូចជាបានឡានថ្មី ឬទទួលបានរបស់ក្មេងលេង កាលអ្នកនៅជាកុមារ។ ជាពិសេស នៅពេលអ្នកចង់បានរបស់អ្វីមួយ ហើយអ្នកក៏ទទួលបានដូចចិត្ត អារម្មណ៍នៃក្តីរំភើបស្រឡាញ់ក៏កើតឡើងភ្លាមៗនៅពេលនោះ តែវាមិនស្ថិតស្ថេរបានយូរទេ។ វាមិនស្ថិតនៅយូរសោះឡើយ។ អ្នកអាចនឹងសាកល្បងធ្វើឱ្យអារម្មណ៍នៃក្តីស្រឡាញ់ពេញចិត្តនៅស្ថិតស្ថេរយូរ ដោយបន្តទិញរបស់របរ ឬសម្ភារៈផ្សេងៗ។ ការតាមប្រមាញ់អារម្មណ៍នៃក្តីស្រឡាញ់បែបនេះ វាគ្រាន់តែជាផ្លូវមួយ ដើម្បីបំពេញចំណុចខ្វះខាតនៅក្នុងខ្លួនអ្នក វាអាចឆ្លុះបញ្ជាក់ថា អ្នកមើលមកខ្លួនឯងអន់ អ្នកខ្វះទំនុកចិត្តលើខ្លួនឯង ឬមួយអ្នកមានបញ្ហាខ្វះខាតអ្វីផ្សេងទៀតនៅក្នុងខ្លួនអ្នក។ ការតាមបំពេញក្តីស្រឡាញ់បែបនេះ អាចផ្តល់ជូនអ្នកនូវអារម្មណ៍ល្អមួយភ្លែតៗ ប៉ុន្តែ វាមិនផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតរីករាយនិងជោគជ័យយូរអង្វែងទេ។

សេចក្តីស្រឡាញ់ដែលស្ថិតនៅយូរអង្វែង មើលទៅ ហាក់មិនរំភើបញាប់ញ័រ ឬគួរឱ្យត្រេកត្រអាល ដូចក្តីស្រឡាញ់កើតមានក្នុងរយៈពេលខ្លីទេ ហើយវាក៏មិនបន្លំភ្នែក តាមរយៈរូបរាងខាងក្រៅដែរ។ នេះហើយជាអ្វីមួយ ដែលអ្នកចាំបាច់ត្រូវបង្កើតសម្រាប់ជីវិតជោគជ័យដ៏ពិតប្រាកដមួយ។ វាអាចជាទំនាក់ទនងប្រកបដោយអត្ថន័យទាំងឡាយ ដែលបង្កើតបទពិសោធន៍ជីវិតសម្រាប់ខ្លួនឯងនិងអ្នកដទៃ ដូចជាទំនាក់ទំនងនៃដៃគូរជីវិត ក្នុងក្រុមគ្រួសារ ជាមួយសហការី និងមិត្តភក្តិ។ ការកសាងទំនាក់ទំនងទាំងនេះឱ្យបានល្អអាចជារឿងលំបាក។ កម្លាំងទាញចេញពីទំនាក់ទំនងទាំងនេះអាចមានច្រើន ប៉ុន្តែ បើអ្នកថែរក្សាបានល្អ អ្នកនឹងទទួលបានផ្លែផ្កាច្រើនមកវិញ។​ វាក៏អាចជាសេចក្តីស្រឡាញ់លើបេសកកម្ម​ ឬបុព្វហេតុជីវិតណាមួយ។ តើទៅលើក្តីស្រឡាញ់ប្រភេទណា ដែលអ្នកចំណាយឋាមពលនិងពេលវេលារបស់អ្នក?

សូមកុំភ្លេច "រាល់បុគ្គលជោគជ័យទាំងឡាយ តែងត្រូវបានជំរុញចិត្តដោយក្តីស្រឡាញ់។" 

ប្រតិបត្តិជាសកម្មភាពជាក់ស្តែង

>> ស្រឡាញ់ខ្លួនឯង
អាថ៌កំបាំងនៃភាពជោគជ័យរបស់អ្នកស្ថិតនៅត្រង់ថា តើអ្នកបង្កើតក្តីស្រឡាញ់ជានិរន្តនៅជុំវិញខ្លួនអ្នកបានយ៉ាងណា ដោយចាប់ផ្តើម ជាមួយការស្រឡាញ់ខ្លួនឯង។ នេះជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់អ្នក។ តាមរយៈកិច្ចពិគ្រោះយោបល់រាប់រយម៉ោង ខ្ញុំបានសង្កេតឃើញបញ្ហារួម គឺថា វាងាយស្រួលជាងក្នុងការបង្ហាញក្តីស្រឡាញ់ទៅនរណាម្នាក់ ឬទៅរបស់អ្វីមួយ ប៉ុន្តែ វាលំបាកក្នុងការបង្ហាញក្តីស្រឡាញ់ចំពោះខ្លួនឯង។ អ្នកប្រហែលជាធ្លាប់ស្តាប់ឮពាក្យទាំងឡាយ ដែលនិយាយថា៖
  • ខ្ញុំស្អប់ខ្លួនឯង ដែលកំពុងជាប់ជំពាក់ក្នុងទំនាក់ទំនងមួយនេះ។
  • ខ្ញុំខឹងនឹងខ្លួនឯង ដែលមិនអាចរកការងារធ្វើ ដែលមានប្រាក់ខែខ្ពស់។
  • ខ្ញុំមិនពេញចិត្តនឹងខ្លួនឯង ដោយសារតែងតែពឹងអាស្រ័យលើឪពុកម្តាយខ្ញុំជានិច្ច ពេលមានបញ្ហាម្តងៗ។
  • ខ្ញុំតែងបន្ទាសខ្លួនឯង ដោយសារមិនមានមហិច្ឆតាធំជាងនេះ។

ក្នុងការស្រឡាញ់ខ្លួនឯង វាទាក់ទងខ្លាំងណាស់ទៅនឹងការស្គាល់ ការទទួលយក ការអត់ឱន និងភាពពេញចិត្តជាមួយនឹងខ្លួនឯង ថាតើយើងជាមនុស្សបែបណា។ ដើម្បីមានភាពរីករាយ និងមានសន្តិភាពជាមួយខ្លួនឯង អ្នកចាំបាច់ត្រូវតែ៖
  • យល់ថា ក្នុងលោកនេះ គ្មាននរណាមួយល្អឥតខ្ចោះទេ ហើយអ្នកមិនមែនជាបុគ្គលតែម្នាក់ដែលមានចំណុចខ្វះខាត មានចំណុចខ្សោយ និងមានបញ្ហាប្រឈមទេ។
  • ទទួលយកថា ខ្លួនឯងវាបែបនេះ ដោយមិនសំខាន់ថា តើខ្លួនឯងមានចំណុចខ្សោយបែបណាខ្លះ។
  • ចូរអត់ឱនឱ្យខ្លួនឯង ហើយសូមឈប់បន្ទោសខ្លួនឯង ចំពោះកំហុសឆ្គងដែលបានប្រព្រឹត្តកន្លងមក។
>> ចូរផ្តោតអារម្មណ៍លើការកសាងក្តីស្រឡាញ់ជានិរន្ត
ចាប់ពីថ្ងៃនេះទៅ សូមបន្ថយការពឹងទៅលើក្តីស្រឡាញ់ ដែលកើតឡើងមួយភ្លែតៗ ជាមួយអារម្មណ៍រំភើប ដែលផុសឡើងក្នុងរយៈពេលខ្លី។ ចូរយកចិត្តទុកដាក់វិនិយោគពេលវេលារបស់អ្នកទៅលើការកសាងក្តីស្រឡាញ់ដែលនៅស្ថិតស្ថេរបានយូរ។ តើអ្នកអាចធ្វើរឿងនេះបានទេ? ចូរស្មោះត្រង់នឹងខ្លួនឯង ដោយសម្លឹងមើលជីវិតរបស់អ្នក តើអ្នកកំពុងស្វែងរកបទពិសោធន៍បានមកពីក្តីស្រឡាញ់ ដែលរំភើបមួយភ្លែតៗ ឬយ៉ាងណា?

យកល្អ អ្នកត្រូវដកខ្លួនពីការស្វែងរកក្តីស្រឡាញ់រយៈពេលខ្លី ដោយបំពេញវាជាមួយក្តីស្រឡាញ់រយៈពេលវែង ដែលអ្នកអាចធ្វើបាន។ ចូរចំណាយពេលនិងការខំប្រឹងប្រែងទៅលើទំនាក់ទំនងដែលសំខាន់ខ្លាំងសម្រាប់ជីវិតអ្នក។ វាជារឿងងាយស្រួលទេក្នុងការធ្វើវា បើអ្នកមានឆន្ទៈ។ សូមចងចាំថា​ សមត្ថភាពរបស់អ្នកក្នុងការបង្កើតនិងពង្រឹងសេចក្តីស្រឡាញ់ជានិរន្ត​ គឺគ្មានព្រំដែនកំណត់ទេ៕

===^^^===   


-- ប្រែសម្រួលដោយ សាម អុីន -- កក្កដា ២០២២

-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Love more”.

-- អត្ថបទទាក់ទង

១.​​ ដើរតាមក្តីស្រមៃរបស់អ្នក



Comments