តើគិតបែបណាដើម្បីឱ្យជីវិតប្រសើរឡើង?


១) គ្រោះថ្នាក់ដែលនៅជាមួយនឹងជោគជ័យ (The inherent dangers of success)

នៅពេលដែលអ្នកកំពុងស្ថិតនៅលើទូកក្តោងមួយកណ្តាលសមុទ្រ អ្នកនឹងដឹងថាឈើមួយដុំ និងក្តោងមួយដែលអ្នកកំពុងនៅជាមួយ វាតូចប៉ុណ្ណាបើធៀបទៅនឹងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ និងវាយោសមុទ្របោកបក់ដ៏មហិមា។

ក៏ប៉ុន្តែ វាមិនគ្រាន់តែជារឿងដែលអាចធ្វើបានទេ ថែមទាំងជារឿងធម្មតាទៀតផង ក្នុងការធ្វើដំណើរជាមួយទូកក្តោងទៅកណ្តាលសមុទ្រ ហើយត្រលប់មកវិញដោយសុវត្ថិភាព។ ហេតុអ្វីបានជាអាចធ្វើបាន? ចំលើយគឺងាយស្រួលៈ គឺនៅពេលដែលអ្នកកាន់ចង្កូតទូកដឹងច្បាស់ថាគាត់ទៅទីណា និងចេះពីរបៀបប្រើទូក ពេលនោះវាយោសមុទ្រដ៏គួរឲ្យព្រឺខ្លាចនឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់អ្នកកាន់ចង្កូតទូក ដើម្បីរុញគាត់ឲ្យដល់គោលដៅ។

២) ចូរគូររូបភាពដ៏ល្អប្រពៃរបស់អ្នក (Paint your perfect picture)

មនុស្សជាច្រើនមិនអាចឆ្លើយនឹងសំណួរងាយស្រួលមួយនេះបានទេៈ តើអនាគតដ៏ល្អប្រពៃរបស់អ្នកមានរូបរាងបែបណា? បើនិយាយបែបម្យ៉ាងទៀតមានន័យថា ពួកគេមិនដឹងថាត្រូវទៅណា នៅពេលដែលទូកក្តោងចាកចេញពីកំពង់ផែ?

តាមពិត ជីវិតគឺដូចជាវាយោសមុទ្រដ៏គួរឲ្យភ័យខ្លាចអញ្ចឹងៈ វាមានកម្លាំងខ្លាំង ពេលខ្លះគ្រោះថ្នាក់ និងមិនអាចទស្សន៍ទាយបាន។ បុគ្គលដែលមានផែនការជីវិតច្បាស់លាស់អាចទាញយកប្រយោជន៍ពីវាយោសមុទ្រដ៏មហិមា ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ អ្នកដែលគ្មានគោលដៅក្លាយជាអ្នករងគ្រោះនៃការបក់ទៅបក់មកនៃវាយោសមុទ្រ។

) ចូររៀបចំគោលដៅរបស់អ្នកជាយុទ្ធសាស្រ្ត (Plan your destination strategically)

វាត្រូវការច្រើនជាងក្តីប្រាថ្នាក្នុងការធ្វើដំណើរតាមទូកក្តោងនៅលើផ្ទៃសមុទ្រៈ អ្នកត្រូវការផែនទី ចំណេះដឹងអំពីទឹកសមុទ្រ ភាពស្ទាត់ជំនាញអំពីទូកក្តោង និង (បើអាចរកបាន) អ្នកកាន់ចង្កូតទូកដែលមានបទពិសោធន៍។

វាងាយស្រួលទេ ដែលទូកនឹងត្រូវលិចប្រសិនបើអ្នកខ្វះអ្វីមួយដែលបានរៀបរាប់ខាងលើ។ ស្តាប់ទៅហាក់មិនសូវជឿ ក៏ប៉ុន្តែបុគ្គលដែលធ្លាប់ភ្លក្សរសជាតិបរាជ័យទាំងឡាយតែងទទួលស្គាល់បទពិសោធន៍ទាំងនេះ។ គេមានគោលដៅល្អ តែគេបដិសេធក្នុងការប្រើប្រាស់ផែនទី និងរៀបចំផែនការមុនពេលចេញដំណើរ។ គេពុំមានចំណេះដឹង ឬបទពិសោធន៍ដែលគេអាចពឹងពាក់បាន ហើយជាពិសេសគេពុំព្រមស្វែងរកជំនួយពិគ្រោះយោបល់ពីអ្នកផ្សេងដែលមានបទពិសោធន៍ក្នុងរឿងទាំងនេះ។

ចូររៀនអំពីការរៀបយុទ្ធសាស្រ្តមុននឹងចាកចេញដំណើរទៅរកគោលដៅជីវិតរបស់អ្នក។ តើអ្នកបានត្រៀមខ្លួនសម្រាប់ចេញទូកក្តោងពីកំពង់ផែទៅរកផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយហើយឬនៅ? បើបានត្រៀមហើយ ចូរចេញដំណើរទៅ។

--- ^^^ ---

---
ប្រែសម្រួលដោយ សាម អ៊ីន -- វិច្ឆិកា ២០១៦
---

-- ដកស្រង់ពីអត្ថបទរបស់ Tony Jeary, in the Success Magazine, How to think your way to a better life

Comments

Unknown said…
it is a good article