“វីរបុរសទីមួយរបស់កម្ពុជានៅសតវត្សទី២១” បណ្ឌិត កែម ឡី​ ផ្តល់វីរភាពគំរូនៃសេចក្តីក្លាហានដល់កូនខ្មែរ



 ប្រជាពលរដ្ឋខ្មែរសុខចិត្តឈរតម្រង់ជួររង់ចាំរាប់ម៉ោងនៅក្នុងបរិវេណវត្តចាស់ស្ថិតនៅឯជាយខាងកើតនៃទីក្រុងភ្នំពេញដើម្បីបានចូលសម្តែងការគោរពប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ ពួកគេមានទឹកមុខស្រងូតស្រងាត់ ក្រៀមក្រំ និងសោកស្តាយក្រៃលែងចំពោះការ បាត់បង់ដ៏ធំមួយរបស់ជាតិខ្មែរ។ តំណាងជាន់ខ្ពស់របស់គណបក្សនយោបាយនានា តំណាង ជាន់ខ្ពស់របស់ស្ថានទូតទាំងឡាយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិល និងតំណាងព្រះមាតាជាតិខ្មែរ បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ទីកន្លែង។ សូម្បីតែអ្នកសូមទាន និងជនពិការក្រីក្រក៏បានចូលរួមបរិច្ខាក ដើម្បីសំដែងការសោកស្តាយជាមួយមហាជនទូទៅដែរ។ សារព័ត៌មាននានា វិទ្យុ បណ្តាញសង្គម Facebook បាននិយាយមិនដាច់អំពីរូបគាត់។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការ​ទាមទារយុត្តិធម៌ចំពោះរូបគាត់។ ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង សំដែងការដឹងគុណ​យ៉ាងជ្រាលជ្រៅ និងការគោរពដ៏ខ្ពង់ខ្ពស់ដល់បុគ្គលមួយរូបដែលគ្មានឋានៈតួនាទី​ផ្លូវការណាមួយសោះ។ នៅថ្ងៃដង្ហែរសព (២៤ កក្កដា ២០១៦) ប្រជាពលរដ្ឋខ្មែរប្រមាណ​ពីរលាននាក់​បានចូលរួមដង្ហែរ និងឈររង់ចាំគោរពតាមផ្លូវពីក្រុងភ្នំពេញឆ្ពោះទៅខេត្តតាកែវ ដោយពេញចិត្ត និងសុខចិត្តទ្រាំនឹងការលំបាកផ្សេងៗ។ នេះជាការចូលរួមគោរពរបស់ពលរដ្ឋដ៏​ច្រើនលើសលុបក្នុងពិធីដង្ហែរសពដែលពុំធ្លាប់មានកន្លងមកនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើគារវកិច្ចគោរពដល់កុលបុត្រដ៏ឆ្នើមរបស់ពួកគាត់គឺ លោក បណ្ឌិត កែម ឡី។

បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជីវិតចំនួនពីរគ្រាប់យ៉ាងសាហាវព្រៃផ្សៃ នៅថ្ងៃអាទិត្យទី១០​ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅកន្លែងហាងកាហ្វេស្តាម៉ាតកាល់តិច ក្បែរស្តុបបូកគោ កណ្តាលក្នុងភ្នំពេញ។ ព័ត៌មានអំពីការបាញ់សម្លាប់លោក ធ្វើឲ្យមហាជនខ្មែរ​ទូទាំងប្រទេស និងរស់នៅក្រៅស្រុក តក់ស្លុត សោកស្តាយ និងចូលរួមមរណៈទុក្ខ​យ៉ាងក្រៀមក្រំក្រៃលែង។ នៅក្នុងបណ្តាញសង្គម Facebook និងក្នុងវេទិកាពិភាក្សាតាមវិទ្យុ ប្រជាពលរដ្ឋបានចាត់ទុករូបលោក បណ្ឌិត កែម ឡី ជាវីរបុរសក្នុងបេះដូងខ្មែរ។

តើ បណ្ឌិត កែម​ ឡី ជានរណា? 

លោក កែម ឡី ជាកូនខ្មែរម្នាក់ដែលមានកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ លោកប្រសូត្រ​នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧០។​ លោកបានបញ្ចប់ការសិក្សាជាវេជ្ជបណ្ឌិតនៅឆ្នាំ ១៩៩២ នៅមហាវិទ្យាល័យវេជ្ជសាស្រ្តក្នុងក្រុងភ្នំពេញ និងទទួលបានសញ្ញាប័ត្របណ្ឌិត​ផ្នែកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសង្គមនៅឆ្នាំ ២០០៨ នៅសាកលវិទ្យាល័យម៉ាឡាយ៉ា ប្រទេសម៉ាឡេស៊ី។ ក្រោយការសិក្សាលោកបានបំពេញការងារក្នុងអង្គការអន្តរជាតិមួយចំនួន និងជាពិសេសធ្វើការជាអ្នកជំនាញឯករាជ្យសិក្សាស្រាវជ្រាវ និងវាយតម្លៃឲ្យគម្រោង​កម្មវិធី​របស់អង្គការជាតិ និងអន្តរជាតិជាច្រើន។ កិច្ចការស្រាវជ្រាវ និងវាយតម្លៃប្រមាណ ២០ ឆ្នាំ បានធ្វើឲ្យលោកទទួលបានចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅបែបវិទ្យាសាស្រ្តអំពី​បញ្ហា​សង្គម នយោបាយ និងសេដ្ឋកិច្ច។


ហេតុអ្វីបានជាពលរដ្ឋខ្មែរចាត់ទុក បណ្ឌិត កែម ឡី ជាវីរបុរសក្នុងបេះដូងខ្មែរ? តើលោកបានកសាងស្នាដៃអ្វីខ្លះ? 

លោក បណ្ឌិត កែម ឡី បានលះបង់ពេលវេលារបស់លោកយ៉ាងសកម្មដោយមិនគិតអំពីការ​នឿយហត់ និងគ្រោះថា្នក់ដល់ជីវិត ក្នុងការចែករំលែកការវិភាគរបស់លោកជូនមហាជនទូទៅ​តាមរយៈ​ប្រព័ន្ធសារព័ត៌មាន ជាពិសេសវិទ្យុ និងជាវាគ្មិនក្នុងសិក្ខាសាលាផ្សេងៗ។ ជាញឹកញាប់​ប្រជាពលរដ្ឋបានស្តាប់ការវិភាគរបស់លោក តាមរយៈវិទ្យុអាស៊ីសេរី សម្លេងសហរដ្ឋអាមេរិក សំបុកឃ្មុំ សារិកា បារាំងអន្តរជាតិ សម្លេងសង្គមស៊ីវិល សម្លេងសហគមន៍។ល។ អ្វីដែលធ្វើឲ្យការ​វិភាគរបស់លោកមានប្រជាប្រិយភាពបំផុតគឺទេព្យកោសល្យនៃការប្រើភាសាសាមញ្ញ ងាយយល់ ចំពោះបញ្ហាសង្គម និងនយោបាយដែលស្មុគស្មាញ។ លោកហ៊ាននិយាយតិទៀនរដ្ឋាភិបាល និងគណបក្សនយោបាយដោយត្រង់ៗ ចំៗ ទោះបីការតិទៀនទាំងនោះពេលខ្លះជារឿងរសើបខ្លាំង​ក៏ដោយ។ ការតិទៀនរបស់លោកគឺមានបំណងស្ថាបនា និងកែលម្អសម្រាប់ជាប្រយោជន៍ដល់​សង្គមជាតិ និងប្រជាជន។ បន្ថែមពីនេះ លោកក៏ចូលចិត្តធ្វើការតិទៀនបញ្ហានយោបាយ និងសង្គមតាមរយៈគេហទំព័រ Facebook ដ៏មានប្រជាប្រិយភាពរបស់លោកតាមបែបជារឿងនិទាន និងរឿងកំប្លែង។ ការហ៊ាននិយាយតិទៀនដោយចំហរ និងប្រកបដោយទេព្យកោសល្យខ្ពស់​បានជំរុញកម្លាំងចិត្ត មហាជន ជាពិសេសយុវជនឲ្យហ៊ានជជែកពិភាក្សាអំពីបញ្ហានយោបាយ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផ្សេងៗ។ ជាមួយនេះមហាជនក៏បានយល់ដឹង​កាន់តែច្រើនឡើងអំពីរឿងរ៉ាវរាក់ជ្រៅនៅពីក្រោយវាំងនននៃឈុតឆាកនយោបាយខ្មែរ តាមរយៈការវិភាគ និងការបកស្រាយរបស់លោកប្រកបដោយភាពទន់ភ្លន់ ស៊ីជម្រៅ និងក្លាហាន។ លោកតែងនិយាយថា លោកជាអ្នករូតវាំងននឲ្យមហាជនបានដឹងអំពីល្បិចកលទាំងឡាយ​របស់អ្នកនយោបាយខ្មែរ។ លោកបានបំពេញភារកិច្ចនេះរហូតដល់ថ្ងៃដែលគេបាញ់​ប្រហាររូបលោក។

លោក កែម ឡី ក៏ចូលចិត្តលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន​ក្នុងការធ្វើយុទ្ធនាការផ្សេងៗដូចជាយុទ្ធនាការបរិស្ថាន ការពារព្រៃឡង់ និងតំបន់អារ៉ែង។ ក្នុងគោលបំណងរៀបចំផែនការបន្តវេនពីរូបលោក លោកបានបណ្តុះក្រុមអ្នកវិភាគវ័យក្មេង និងចងក្រងក្រុមអ្នកវិភាគសង្គម ដើម្បីពង្រីកតួនាទីអ្នកវិភាគក្នុងការស្វែងរកការពិត និងផ្តល់ព័ត៌មាន​ជាក់លាក់បែបវិទ្យាសាស្រ្តជូនដល់សាធារណជន។ ៧ សប្តាហ៍មុនការ​បាញ់សម្លាប់រូបលោក គឺចាប់ពីថ្ងៃទី ២០ ឧសភា ២០១៦ បណ្ឌិត កែម ឡី បានបើកយុទ្ធនាការ “១០០ រាត្រី” ក្នុងគោលបំណងស្វែងរកការពិត និងចងក្រងជាឯកសារ អំពីស្ថានការណ៍​ជាក់ស្តែងរបស់ពលរដ្ឋរស់នៅមូលដ្ឋាន បញ្ហាជនអន្តោប្រវេសន៍ បញ្ហាព្រំដែន បញ្ហាព្រៃឈើ និងដីធ្លី។ ក្នុងយុទ្ធនាការនេះ លោកបានស្នាក់នៅតាមភូមិបានចំនួន ១៥ រាត្រី មុននឹងលោកលាចាកលោកនេះទៅ។ ឯកសារនៃយុទ្ធនាការ "១០០ រាត្រី" អាចនឹងក្លាយជា​ឯកសារដ៏សំខាន់សម្រាប់ជាមូលដ្ឋានក្នុងការចងក្រងគោលនយោបាយជាតិសម្រាប់ដោះស្រាយបញ្ហាជាតិធំៗដូចជា បញ្ហាដីធ្លី ជនអន្តោប្រវេសន៍ គ្រប់គ្រងធនធានធម្មជាតិ អភិបាលកិច្ចល្អ និងកាត់បន្ថយភាពក្រីក្រ។ លោកក៏មានផែនការធ្វើយុទ្ធនាការពីរផ្សេងទៀតផងដែរគឺ “យុទ្ធនាការដែនកោះខ្មែរទាំង ៦៤” និង “យុទ្ធនាការចរាចរណ៍ទំនិញតាមច្រកព្រំដែន”។ យុទ្ធនាការដែនកោះខ្មែរទាំង ៦៤ មាន​គោលបំណង​​ចងក្រងឯកសារអំពីដែនកោះខ្មែរទំាង ៦៤ ដើម្បីការពារបូរណភាព​ដែនដីនាពេលអនាគត ដោយសារលោកសំឡឹងឃើញអំពីហានិភ័យដ៏ខ្ពស់​នៃការបាត់បង់ដែនកោះខ្មែរ។

បេសកកម្មជីវិត​ដ៏ធំមួយរបស់លោក បណ្ឌិត​ កែម ឡី គឺការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាតាមរយៈការជំរុញឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងនៅក្នុងគណបក្សនយោបាយ។ លោកមានក្តីស្រមៃមួយចង់ឃើញប្រទេសកម្ពុជាមានសេរីភាពពេញលេញ មានយុត្តិធម៌ និងមានប្រជាធិបតេយ្យពិត ដែលប្រជាពលរដ្ឋរស់នៅថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យ​ពេញលេញ។ នៅក្នុងយុទ្ធនាការនេះលោកបានសហការជាមួយថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងបញ្ញវន្តជាច្រើនរូបទៀត មានដូចជា លោក យ៉េង វីរៈ បណ្ឌិត យ៉ង សាំងកុមារ បណ្ឌិត មាស នី បណ្ឌិត​ សាម អ៊ីន លោក ប៉ា ងួនទៀង លោក សស្រ្តាចារ្យ ហេង​ ស្រ៊ាង ជាដើម។ បេសកកម្មនេះ​ចាប់ផ្តើមមានសកម្មភាពក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដោយមានការជួបប្រជុំក្នុងក្រុមជាញឹកញាប់ និងផ្តល់មតិយោបល់ដល់គណបក្សសង្រ្គោះជាតិ​ឲ្យមានការកែទម្រង់ផ្ទៃក្នុង។ ក្រោយមកក្រុមការងារនេះដែលមាន បណ្ឌិត កែម​ ឡី ជាស្ថាបនិកដ៏សំខាន់មា្នក់ បានសម្រេចចិត្តបង្កើតជាចលនា “​បណ្តាញសង្គមខ្មែរដើម្បីខ្មែរ” ចាប់តាំងពីខែតុលា ឆ្នាំ២០១៤ ក្នុងគោលបំណងចងក្រង និងផ្សព្វផ្សាយអំពីគោលការណ៍​ប្រជាធិបតេយ្យដល់ពលរដ្ឋ និងជំរុញឲ្យគណបក្សនយោបាយមានប្រជាធិបតេយ្យផ្ទៃក្នុង។ ការបង្កើតបណ្តាញសង្គមខ្មែរដើម្បីខ្មែរបានធ្វើឲ្យឈ្មោះ បណ្ឌិត កែម ឡី កាន់តែមានចំណាប់​អារម្មណ៍កាន់តែខ្លាំងក្នុងស្រទាប់មហាជន តែក៏ទទួលរងនូវការរិះគន់ពីថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួន ដោយចោទ និងលាបពណ៌ថា លោក កែម ឡី ជាអាយ៉ង ជាបន្លាយួន ។ល។ ​

លោក បណ្ឌិត កែម ឡី ជាមនុស្សម្នាក់ដែលសាមញ្ញ ដាក់ខ្លួន ទន់ភ្លន់ រស់រាយរាក់ទាក់ និងមានទឹកចិត្តល្អ។ មនុស្សដែលបានជួប និងស្គាល់រូបលោកផ្ទាល់តែងចូលចិត្ត ស្រឡាញ់ និងគោរពរូបលោក។ លោកពុំមានជីវភាពធូរធារណាស់ណាទេ ដោយរស់នៅក្នុងផ្ទះជួលគេមួយ​នៅក្បែរផ្សារបឹងកេងកង ហើយថែមទាំងទទួលបន្ទុកជាឪពុករបស់កូនប្រុស ៤ នាក់ និង ១ នាក់ទៀតកំពុងពរពោះក្នុងផ្ទៃម្តាយ ៦ ខែ។ បើទោះបីជារស់នៅក្នុងស្ថានភាពលំបាកយ៉ាងនេះ​ក៏ដោយ ក៏លោកតែងសុខចិត្តលះបង់ទ្រព្យធនផ្ទាល់ខ្លូន និងពេលវេលាដ៏មានតម្លៃដើម្បីបម្រើ​សង្គមជាតិ និងប្រជាពលរដ្ឋដោយពុំខ្លាចនឿយហត់។ នៅក្នុងសង្គមមួយដែលនៅមានការ​គំរាមកំហែង និងគ្រោះថ្នាក់ចំពោះអ្នកបញ្ចេញមតិរិះគន់ លោកតែងមានសេចក្តីក្លាហាន​និយាយការពិត និយាយអ្វីដែលលោកយល់ថាត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់សង្គមជាតិ ប្រកបដោយសេចក្តីក្លាហាន។ ដោយសារការមើលឃើញពីវីរភាពលេចធ្លោមួយ​របស់លោកក្នុងការបញ្ចេញមតិដោយក្លាហាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន[១] បានចាត់ទុកលោក បណ្ឌិត កែម ឡី ជា “វីរជនសេរីភាពនៃការបញ្ចេញមតិ” នៅកម្ពុជា។ ដោយសារតែការគោរពស្រឡាញ់ និងដឹងគុណចំពោះការលះបង់ដើម្បីសង្គម ព្រមជាមួយ​នឹងភាពអង់អាចក្លាហាន ប្រជាពលរដ្ឋខ្មែរទូទៅបានចាត់ទុករូបលោក បណ្ឌិត កែម ឡី ជា “វីរបុរសក្នុងបេះដូងខ្មែរ”។

ការបាញ់សម្លាប់ ឧត្ដមបណ្ឌិត កែម ឡី ជាទីស្រឡាញ់របស់ពលរដ្ឋខែ្មរ អាចបន្លាចខ្មែរ​មួយពាន់នាក់​ឲ្យខ្លបខ្លាច ឬក៏អាចឲ្យកូនខ្មែរមួយពាន់នាក់ក្រោកឈរឡើងដើម្បីបន្ត​បេសកកម្មរបស់លោក។ ការប្រហារជីវិត ឧត្ដមបណ្ឌិត កែម ឡី អាចឲ្យជាតិខ្មែរបែកបាក់​កាន់តែខ្លាំង ឬអាចឲ្យជាតិខ្មែររួបរួម។ ចូរចងចាំថា យើងជាកូនខ្មែរគ្រប់គ្នាជាអ្នកសម្រេច​ដោយខ្លួនឯងថា យើងត្រូវខ្លបខ្លាច ឬយើងត្រូវបន្តវីរភាពដ៏ក្លាហានរបស់បណ្ឌិត កែម ឡី យើងបណ្តោយឲ្យជាតិខ្មែរបែកបាក់ ឬធ្វើឲ្យជាតិខ្មែររួបរួម។ អ្វីៗទាំងនេះគឺស្ថិតនៅក្នុង​ការសម្រេចចិត្តរបស់យើងជាកូនខ្មែរ។

គេអាចសម្លាប់រាងកាយ កែម ឡី តែគេមិនអាចសម្លាប់ឧត្តមគតិ កែម ឡី បានទេ។ គេអាចបំបិទមាត់ កែម ឡី តែគេមិនអាចហាមឃាត់យុវជនរាប់ពាន់នាក់មិនឲ្យបញ្ចេញ​មតិបានទេ។ គេអាចបញ្ចប់ដំណើរ កែម ឡី តែគេមិនអាចបញ្ឈប់បេសកកម្ម កែម ឡី បានទេ។

វីរភាពក្លាហានរបស់ កែម ឡី ត្រូវបានសាបព្រោះ និងកំពុងដុះលូតលាស់នៅលើទឹកដីកម្ពុជា។

“ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត” --  កែម ឡី

--- * ---
-- រៀបរៀងដោយ សាម អ៊ីន, ខែកក្កដា ឆ្នាំ២០១៦
រំលឹកអនុស្សាវរីយ៍ ៖ នៅពេលខ្ញុំសរសេរអត្ថបទខ្លីៗ អំពីប្រវត្តិវីរជនពិភពលោកល្បីៗដូចជា លោក ណែលសិន ម៉ាន់ដេឡា លោក លី ក្វាន់យ៉ូ បង កែម ឡី បានផ្តល់យោបល់ដោយលើកជាសំណួរមកខ្ញុំថា ហេតុអ្វីមិនសរសេរអំពីប្រវត្តិវីរបុរសខ្មែរ? ខ្ញុំនៅស្ងៀមដោយគិតក្នុងចិត្តថា តើខ្ញុំគួរសរសេរអំពីវីរជនខ្មែរមួយណាបើខ្ញុំមិនសូវស្គាល់ប្រវត្តិ និងពុំមានឯកសារគ្រប់គ្រាន់។ មិននឹកស្មានថាវីរជនខ្មែរទីមួយដែលខ្មុំត្រូវសរសេរគឺជារូបបងសោះ។
[១] គណបក្សប្រជាធិបតេយ្យមូលដ្ឋានកើតចេញពីចលនាបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដែលមានបណ្ឌិត កែម ឡី ជាអ្នកផ្តួចផ្តើមដ៏សំខាន់ម្នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាត់ទុក បណ្ឌិត កែម ឡី ជាបិតាស្ថាបនិក ក្រោយការស្លាប់របស់លោក។ 

-- អត្ថបទទាក់ទងៈ 

១) លី ក្វាន់យូ "ការដឹកនាំសឹង្ហបុរី ពីក្រ ទៅមាន" 

២) ណែនសិន ម៉ាន់ដេឡា វីរបុរសចុងក្រោយក្នុងសតវត្សទី២០

៣) នយោបាយនិងប្រជាធិបតេយ្យ

) សារសំខាន់នៃការបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជា 



Comments