៤ពាក្យសាមញ្ញធ្វើឲ្យជីវិតអ្នកមានតម្លៃ



យើងធ្លាប់ឮពាក្យថា “សាច់ដុំនឹងមិនរីកធំធាត់ទេ បើយើងមិនហាត់ពត់វា”។ បញ្ហាប្រឈមដ៏ធំបំផុតនៅក្នុងជីវិតយើងគឺការក្លាយខ្លួនទៅជាមនុស្សបែបណាដែលយើងអាចទៅរួច។ យើងត្រូវបង្វឹកខ្លួនយើងឲ្យឈានទៅដល់សក្តានុពលខ្ពស់បំផុតដែលយើងអាចទៅដល់។

លោក យីម រ៉ូន (Jim Rohn) បានផ្តល់ដំបូន្មានឲ្យយើងប្រតិបត្តិ៤ពាក្យសាមញ្ញដើម្បីធ្វើឲ្យជីវិតយើងមានតម្លៃ ៖

១) ជីវិតនឹងមានតម្លៃបើអ្នករៀន (Life is worthwhile if you LEARN)

អ្នកត្រូវរៀនរស់ បន្ទាប់មកទៀតរៀនដើម្បីជោគជ័យ។ អ្វីដែលអ្នកមិនដឹងនឹងបង្កការលំបាកដល់អ្នក។ អ្នកត្រូវតែរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក - វិជ្ជមាន ឬ អវិជ្ជមាន -។ យើងរៀនធ្វើអ្វីមួយបានត្រឹមត្រូវដោយសារយើងធ្លាប់ធ្វើកំហុសក្នុងរឿងនោះ។ ហើយយើងក៏រៀនពីបទពិសោធន៍អ្នកដទៃផងដែរ។ កំហុសឆ្គងរបស់អ្នកដទៃវាមានតម្លៃសម្រាប់យើង ដោយសារយើងដឹងនូវអ្វីដែលមិនគួរធ្វើ ដោយពុំចាំបាច់ឆ្លងកាត់ការឈឺចាប់ដោយសាកល្បងធ្វើរឿងនោះ។

យើងរៀននូវអ្វីដែលយើងមើលឃើញ ចូរមើលរឿងរាវទាំងឡាយដោយយកចិត្តទុកដាក់។ យើងរៀននូវអ្វីដែលយើងស្តាប់ឮ ចូរក្លាយជាអ្នកស្តាប់ដ៏ល្អ។ យើងរៀនចេញពីការអាន ចូរចំណាយពេលអានសៀវភៅ។ យើងអាចរៀនចេញពីការបង្រៀន ចម្រៀង ការទេសនា ឬ តាមរយៈការជជែកពិភាក្សាជាមួយអ្នកដទៃ។ ចូរយកចិត្តទុកដាក់ចំពោះការរៀនសូត្រ។

“ការរៀនគឺជាការចាប់ផ្តើមបង្កើនទ្រព្យធន, ការរៀនគឺជាការចាប់ផ្តើមបង្កើនសុខភាព, ការស្វែងរកនិងរៀនសូត្រគឺជាចំណុចផ្តើមនៃការកកើតរឿងល្អអស្ចារ្យទាំងឡាយក្នុងជីវិតនិងសង្គម។”

២) ជីវិតនឹងមានតម្លៃបើអ្នកសាកល្បង (Life is worthwhile if you TRY)

ជីវិតអ្នកមិនអាចមានតម្លៃដោយគ្រាន់តែរៀនទេ អ្នកត្រូវចាប់ផ្តើមធ្វើអ្វីមួយដែលអ្នកអាចធ្វើបាន។ សាកល្បងអ្វីមួយផ្សេងពីមុន សាកល្បងឲ្យវិវត្តទៅមុខជាបន្តបន្ទាប់។ វាមិនមានន័យថា អ្នកអាចធ្វើអ្វីគ្រប់យ៉ាងបានទេ ប៉ុន្តែអ្នកអាចធ្វើរឿងជាច្រើនបាន បើអ្នកសាកល្បង។ ចូរសាកល្បងធ្វើអ្វីមួយទៅ ហើយប្រឹងឲ្យអស់លទ្ធភាព។

៣) ជីវិតនឹងមានតម្លៃបើអ្នកស្វិតស្វាញ (Life is worthwhile if you STAY)

អ្នកត្រូវនៅស្វិតស្វាញចាប់តាំងពីរដូវដាំដុះរហូតដល់រដូវប្រមូលផល។ តើមានន័យថាម៉េច? នៅពេលអ្នកដាក់ចិត្តធ្វើអ្វីមួយ ចូរធ្វើវាឲ្យចប់ចុងចប់ដើម។ ពេលខ្លះគ្រោះកាចអាចមកដល់ ហើយបំផ្លាញអ្វីទាំងអស់ ពេលនោះយើងអាចបញ្ឈប់វាបាន តែកុំឈប់ពាក់កណ្តាលទីដោយគ្រាន់តែមានបញ្ហាប្រឈមតិច ឬ ច្រើន។ ចូរមានភាពស្វិតស្វាញធ្វើអ្វីមួយឲ្យដល់ទីបញ្ចប់ នៅពេលអ្នកសម្រេចចិត្តធ្វើអ្វីមួយ។

មនុស្សមួយចំនួនចាប់ផ្តើមពេលរដូវសាបព្រោះ ហើយបោះបង់មុនរដូវច្រូតកាត់មកដល់។ អ្នកមិនចាំបាច់ស្ថិតនៅជារៀងរហូតទេ ប៉ុន្តែត្រូវមានភាពស្វិតស្វាញសម្រាប់កាលកំណត់ល្អមួយ។

៤) ជីវិតនឹងមានតម្លៃបើអ្នកយកចិត្តទុកដាក់ (Life is worthwhile if you CARE)

ធ្វើអ្វីមួយដោយយកចិត្តទុកដាក់ អ្នកនឹងទទួលបានលទ្ធផល។ បើអ្នកយកចិត្តទុកដាក់ខ្ពស់ អ្នកនឹងទទួលផលជាទីគាប់ចិត្ត។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ដើម្បីបង្កើតការផ្លាស់ប្តូរ។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ដើម្បីបណ្តុះមនុស្សល្អៗ។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ដើម្បីចាប់ផ្តើមអាជីវកម្មជោគជ័យ។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកផលិតដ៏ពូកែ។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ដើម្បីបំបែកឯកគ្តកម្ម។ ចូរយកចិត្តទុកដាក់ឲ្យគ្រប់គ្រាន់ដើម្បីភាពជោគជ័យ។

“បើអ្នកយកចិត្តទុកដាក់កាន់តែច្រើន អ្នកនឹងកាន់តែខ្លាំង”

“ចូរយកពាក្យទាំងបួនទៅប្រតិបត្តិដើម្បីផ្លាស់ប្តូរជីវិតអ្នក”៕

---^^^---

---
ប្រែសម្រួលដោយ សាម អ៊ីន -- ធ្នូ ២០១៦
---
-- ដកស្រង់ពីអត្ថបទរបស់ Jim Rohn, in the Success Magazine, “4 Powerful Little Words That Make Life Worthwhile”

-- អត្ថបទទាក់ទង

Comments